Digoxin

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ផលរំខាន
    • ការប្រុងប្រយ័ត្នជាពិសេស
    • សកម្មភាពឱសថ
    • ប្រសិទ្ធិភាពព្យាបាល

      ករណីថ្នាំលេប និង ថ្នាំចាក់:

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម៖

      ・រោគសញ្ញាខ្សោយមុខងារបេះដូងប៉ះពាល់ដល់ចរន្តឈាមក្នុងរាងកាយ (Congestive heart failure)(អាការៈទឹកដក់ក្នុងសួត(Pulmonary edema) អាការៈហឺតបេះដូង(Cardiac asthma)ជាដើម) ដែលបណ្ដាលមកពីជំងឺដូចខាងក្រោម៖

      ជំងឺបេះដូងពីកំណើត ជំងឺប្រើសបេះដូង ជំងឺលើសសម្ពាធឈាម ជំងឺត្បៀតឬស្ទះសរសៃឈាមក្នុងបេះដូង ជំងឺបេះដូងដោយសារបញ្ហាសួត(ជំងឺស្ទះកំណកឈាមនៅសួត ជំងឺខ្យល់ដក់ក្នុងសួត ជំងឺក្រិនសួតជាដើម) និង ជំងឺបេះដូងផ្សេងទៀត(ជំងឺរលាកភ្នាសបេះដូង ជំងឺទាក់ទងនឹងសាច់ដុំបេះដូងជាដើម) ជំងឺតម្រងនោម ជំងឺមុខងារក្រពេញទីរ៉ូអ៊ីតកើនឡើងឬថយចុះ។ល។

      ・អាការៈជីពចរញាប់ដោយសារជំងឺញ័រថតលើនៃបេះដូង (Atrial fibrillation និង Atrial flutter)

      ・អាការៈកន្ត្រាក់ញាប់នៃបេះដូងដោយសារបញ្ហាផ្នែកខាងលើថតក្រោមនៃបេះដូងដែលកើតឡើងម្ដងៗ

      ・បង្កានិងព្យាបាលរោគសញ្ញាខ្សោយមុខងារបេះដូងនិងរោគសញ្ញាជីពចរលោតញាប់គ្រប់ប្រភេទ នៅក្នុងស្ថានភាពដូចខាងក្រោម: ការវះកាត់ ជំងឺដែលមានអាការៈក្ដៅខ្លួនលក្ខណៈស្រួចស្រាវ ការសម្រាលកូន អាការៈប្រតិកម្មធ្ងន់ធ្ងរ(Shock) អាការៈពុលលក្ខណៈស្រួចស្រាវ។

    • កម្រិតប្រើប្រាស់

      ករណីថ្នាំលេប:

      ・ចំពោះមនុស្សពេញវ័យ:

      1. វិធីធ្វើអោយដល់កំហាប់ឆ្អែតឆាប់រហ័ស (កម្រិតឆ្អែតគឺ1.0~4.0mg): លើកដំបូងលេបក្នុងកម្រិត0.5~1.0mg បន្ទាប់មក លេបក្នុងកម្រិត0.5mgរៀងរាល់6~8ម៉ោង និងបន្តប្រើក្នុងកម្រិតនេះរហូតដល់បង្ហាញប្រសិទ្ធិភាពគ្រប់គ្រាន់។

      2. អាចអនុវត្តវិធីធ្វើអោយដល់កំហាប់ឆ្អែតឆាប់រហ័សគួរសម។

      3. អាចអនុវត្តវិធីធ្វើអោយដល់កំហាប់ឆ្អែតដោយយឺតៗ។

      4. វិធីប្រើជាប្រចាំ: លេបក្នុងកម្រិត1ថ្ងៃ 0.25~0.5mg។

      ・ចំពោះកុមារ:

      1. វិធីធ្វើអោយដល់កំហាប់ឆ្អែតឆាប់រហ័ស:

      - អាយុ2ឆ្នាំចុះក្រោម: លេបក្នុងកម្រិត 0.06~0.08mg/kg ដោយបែងចែកជា3~4ដងក្នុង1ថ្ងៃ។

      - អាយុ2ឆ្នាំឡើងទៅ: លេបក្នុងកម្រិត 0.04~0.06mg/kg ដោយបែងចែកជា3~4ដងក្នុង1ថ្ងៃ។

      2. វិធីប្រើជាប្រចាំ: លេបក្នុងកម្រិត 1/5~1/3 នៃកម្រិតឆ្អែត។

      ករណីថ្នាំចាក់:

      ・ចំពោះមនុស្សពេញវ័យ:

      1. វិធីធ្វើអោយដល់កំហាប់ឆ្អែតឆាប់រហ័ស (កម្រិតឆ្អែតគឺ1.0~2.0mg): ប្រើក្នុងកម្រិត1ដង 0.25~0.5mg ដោយចាក់តាមសរសៃវ៉ែន រៀងរាល់2~4ម៉ោង និងបន្តប្រើក្នុងកម្រិតនេះរហូតដល់បង្ហាញប្រសិទ្ធិភាពគ្រប់គ្រាន់។

      2. អាចអនុវត្តវិធីធ្វើអោយដល់កំហាប់ឆ្អែតឆាប់រហ័សគួរសម។

      3. អាចអនុវត្តវិធីធ្វើអោយដល់កំហាប់ឆ្អែតដោយយឺតៗ។

      4. វិធីប្រើជាប្រចាំ: ប្រើក្នុងកម្រិត1ថ្ងៃ 0.25mg ដោយចាក់តាមសរសៃវ៉ែន។

      ・ចំពោះកុមារ:

      1. វិធីធ្វើអោយដល់កំហាប់ឆ្អែតឆាប់រហ័ស:

      - ទារកទើបកើត និង ទារកកើតមិនគ្រប់ខែ: ប្រើក្នុងកម្រិត 0.03~0.05mg/kg ដោយបែងចែកជា3~4ដងក្នុង1ថ្ងៃ ចាក់តាមសរសៃវ៉ែនឬក្នុងសាច់ដុំ។

      - អាយុ2ឆ្នាំចុះក្រោម: ប្រើក្នុងកម្រិត 0.04~0.06mg/kg ដោយបែងចែកជា3~4ដងក្នុង1ថ្ងៃ ចាក់តាមសរសៃវ៉ែនឬក្នុងសាច់ដុំ។

      - អាយុ2ឆ្នាំឡើងទៅ: ប្រើក្នុងកម្រិត 0.02~0.04mg/kg ដោយបែងចែកជា3~4ដងក្នុង1ថ្ងៃ ចាក់តាមសរសៃវ៉ែនឬក្នុងសាច់ដុំ។

      2. វិធីប្រើជាប្រចាំ: ប្រើក្នុងកម្រិត 1/10~1/5 នៃកម្រិតឆ្អែត ចាក់តាមសរសៃវ៉ែនឬក្នុងសាច់ដុំ។

    • ហាមប្រើ

      ករណីថ្នាំលេប:

      ・អ្នកដែលមានបញ្ហានៃការបញ្ជូនសញ្ញានៅក្នុងបេះដូងកម្រិតធ្ងន់ធ្ងរ (ជំងឺA-V block ឬ ជំងឺSinoatrial block)។

      ・អ្នកដែលកំពុងមានអាការៈពុលដោយសារឱសថប្រភេទDigitalis។

      ・អ្នកដែលមានជំងឺទាក់ទងនឹងសាច់ដុំបេះដូងលក្ខណៈស្ទះ(Obstructive cardiomyopathy) (ជំងឺIdiopathic hypertrophic subaortic stenosis ជាដើម)។

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មធ្ងន់ធ្ងរជាមួយនឹងសារធាតុនៅក្នុងឱសថនេះ និង ឱសថប្រភេទDigitalis។

      ・អ្នកដែលកំពុងប្រើឱសថDisulfiram ឬ ឱសថCyanamide (ករណីប្រើជាប្រភេទថ្នាំទឹកដែលមានផ្ទុកជាតិអាល់កុលប៉ុណ្ណោះ)។

      ជាគោលការណ៍ អ្នកជំងឺដូចខាងក្រោមនេះមិនគួរប្រើឱសថនេះទេ។ ប្រសិនបើចាំបាច់ត្រូវប្រើ ត្រូវតាមដានផលរំខានឱសថអោយបានដិតដល់។

      ・ការប្រើរួមជាមួយឱសថកាល់ស្យូមប្រភេទចាក់។

      ・ការប្រើរួមជាមួយឱសថSuxamethonium chloride hydrate។

      ករណីថ្នាំចាក់:

      ・អ្នកដែលមានបញ្ហានៃការបញ្ជូនសញ្ញានៅក្នុងបេះដូងកម្រិតធ្ងន់ធ្ងរ (ជំងឺA-V block ឬ ជំងឺSinoatrial block។

      ・អ្នកដែលកំពុងមានអាការៈពុលដោយសារឱសថប្រភេទDigitalis។

      ・អ្នកដែលមានជំងឺទាក់ទងនឹងសាច់ដុំបេះដូងលក្ខណៈស្ទះ(Obstructive cardiomyopathy) (ជំងឺIdiopathic hypertrophic subaortic stenosis ជាដើម)។

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មធ្ងន់ធ្ងរជាមួយនឹងសារធាតុនៅក្នុងឱសថនេះ និង ឱសថប្រភេទDigitalis។

      ・អ្នកដែលកំពុងប្រើឱសថDisulfiram ឬ ឱសថCyanamide។

      ជាគោលការណ៍ អ្នកជំងឺដូចខាងក្រោមនេះមិនគួរប្រើឱសថនេះទេ។ ប្រសិនបើចាំបាច់ត្រូវប្រើ ត្រូវតាមដានផលរំខានឱសថអោយបានដិតដល់។

      ・ការប្រើរួមជាមួយឱសថកាល់ស្យូមប្រភេទចាក់។

      ・ការប្រើរួមជាមួយឱសថSuxamethonium chloride hydrate។

    • ផលរំខាន

      ជីពចរយឺត កន្ទួលក្រហមលើស្បែក រោគសញ្ញាក្រពះពោះវៀន ចង្វាក់បេះដូងខុសប្រក្រតីទាក់ទងនឹងថតក្រោមនៃបេះដូង(Ventricular arrhythmia)។ នៅពេលកំហាប់ក្នុងឈាមនៃឱសថកើនឡើងខ្ពស់ អាចផ្ដល់ផលរំខាន ដូចជា ចង្វាក់បេះដូងខុសប្រក្រតី រោគសញ្ញានៃក្រពះពោះវៀន(បាត់បង់ចំណង់អាហារ ចង់ក្អួត ។ល។)។ ក្រៅពីនេះ នៅមានផលរំខានដូចជា ឈឺក្បាល គេងមិនលក់ វិលមុខ ឈឺសរសៃប្រសាទ ប៉ះពាល់គំហើញនៃភ្នែក ។ល។

    • ការប្រុងប្រយ័ត្នជាពិសេស

      ・ប្រើចំពោះអាការៈញ័រថតលើនៃបេះដូងទាំងAtrial fibrillationនិង Atrial flutter។

      ・គួរវាស់កំហាប់ក្នុងឈាមនៃឱសថបណ្ដើរក្នុងពេលបញ្ចូលឱសថ។

      ・នៅពេលរាងកាយស្ថិតនៅក្នុងស្ថានភាព កម្រិតប៉ូតាស្យូម(K)ក្នុងឈាមទាប ឬ កម្រិតកាល់ស្យូម(Ca)ក្នុងឈាមខ្ពស់ ឬ កម្រិតម៉ាញ៉េស្យូម(Mg)ទាប វាអាចធ្វើអោយកើតមានអាការៈពុលឱសថឌីជីតាលីស ដូច្នេះ គួរធ្វើការពិនិត្យកម្រិតនៃសារធាតុខាងលើជាទៀងទាត់។ ម្យ៉ាងទៀត ដើម្បីសុវត្ថិភាព គួរធ្វើការវាស់កំហាប់ក្នុងឈាមនៃឱសថជាប្រចាំ ក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។ ករណីប្រើចំពោះអ្នកជំងឺដែលមានមុខងារតម្រងនោមចុះខ្សោយ គួរបន្ថយកម្រិតប្រើប្រាស់នៃឱសថ។

    • សកម្មភាពឱសថ

      ・មានសកម្មភាពទៅលើSinus nodeនិងAV node ដោយពន្យារពេលនៃការបញ្ជូនសញ្ញាភ្ញោច និង អូសបន្លាយរយៈពេលមិនចម្លងប៉ូតង់ស្បែល(Refractory period)នៃAV nodeនិងHis bundle។

      ・មានសកម្មភាពទៅលើភ្នាសកោសិកានៃសាច់ដុំបេះដូង ដើម្បីបង្កើនកម្លាំងកន្ត្រាក់របស់សាច់ដុំបេះដូង និងមានសកម្មភាពទៅលើប្រព័ន្ធអូតូណូមិចដើម្បីកាត់បន្ថយចំនួនជីពចរនៃបេះដូង។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp