Dienogest
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
ប្រភេទឱសថ
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- អន្តរប្រតិកម្ម
- ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
- ការប្រុងប្រយ័ត្នជាពិសេស
- សកម្មភាពឱសថ
-
ប្រសិទ្ធិភាពព្យាបាល
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម៖
- ជំងឺភ្នាសក្នុងស្បូន (Endometriosis)
- អាការៈឈឺចាប់នៅក្នុងជំងឺដុះជាលិកាភ្នាសស្បូននៅក្នុងសាច់ដុំស្បូន (Adenomyosis)
- រោគសញ្ញាឈឺចាប់នៅពេលមករដូវ។
-
កម្រិតប្រើប្រាស់
ថ្នាំលេប:
・ករណីប្រើចំពោះជំងឺភ្នាសក្នុងស្បូន (Endometriosis) និង អាការៈឈឺចាប់នៅក្នុងជំងឺដុះជាលិកាភ្នាសស្បូននៅក្នុងសាច់ដុំស្បូន (Adenomyosis):
មនុស្សពេញវ័យ:លេប1ថ្ងៃ2mg បែងចែកជា2ដងក្នុង1ថ្ងៃ ដោយចាប់ផ្ដើមលេបពីថ្ងៃទី2~5នៃការមករដូវ។
・ករណីប្រើចំពោះរោគសញ្ញាឈឺចាប់នៅពេលមករដូវ:
មនុស្សពេញវ័យ:លេប1ថ្ងៃ1mg បែងចែកជា2ដងក្នុង1ថ្ងៃ ដោយចាប់ផ្ដើមលេបពីថ្ងៃទី2~5នៃការមករដូវ។
-
ហាមប្រើ
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។
・អ្នកដែលកំពុងមានអាការៈធ្លាក់ឈាមនៅប្រដាប់ភេទខុសប្រក្រតីដែលមិនទាន់ដឹងអំពីមូលហេតុពិតប្រាកដ។
・ស្ត្រីមានផ្ទៃពោះ ឬ ស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ។
・អ្នកដែលមានបញ្ហាស្បូនរីកធំលក្ខណៈធ្ងន់ធ្ងរ ឬ ជំងឺខ្វះឈាម(ជំងឺស្លេកស្លាំង)ធ្ងន់ធ្ងរ។
-
ផលរំខាន
ផលរំខានរួមមាន ធ្លាក់ឈាម អារម្មណ៍ក្ដៅច្រាល ឈឺក្បាល ចង់ក្អួត ឡើងកន្ទួលក្រហម អាការៈខ្វះឈាម អស់កម្លាំង។ល។
ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។
- ធ្លាក់ឈាមដូចមករដូវក្នុងបរិមាណច្រើននិងឥតដាច់ អស់កម្លាំង វិលមុខ (ធ្លាក់ឈាមខុសប្រក្រតីធ្ងន់ធ្ងរ ជំងឺខ្វះឈាមធ្ងន់ធ្ងរ)។
- ពិបាកដកដង្ហើម ឡើងកន្ទួលក្រហមនិងរមាស់លើស្បែក ហើមភ្នែកនិងជុំវិញមាត់ (រោគប្រតិកម្មធ្ងន់ធ្ងរ)។
-
អន្តរប្រតិកម្ម
ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។
・ឱសថដែលទប់ស្កាត់សកម្មភាពCYP3A4 (Erythromycin, Clarithromycin, ឱសថប្រឆាំងមេរោគផ្សិតប្រភេទAzole ជាដើម) - អាចធ្វើអោយកំហាប់ក្នុងឈាមនៃDienogestកើនឡើង។
・ឱសថដែលជម្រុញសកម្មភាពCYP3A4 (Rifampicin, Phenytoin, Phenobarbital, Carbamazepine ជាដើម) - អាចធ្វើអោយកំហាប់ក្នុងឈាមនៃDienogestថយចុះ។
・ឱសថប្រភេទអរម៉ូនស្ត្រីអេស្ត្រូជេន(Estradiol, Estriol, Conjugated estrogen ជាដើម) - អាចធ្វើអោយសកម្មភាពនៃDienogestថយចុះ។
・ឱសថប្រភេទអរម៉ូនស្ត្រីប្រូជេស្តេរ៉ូន(Progesterone, Medroxyprogesterone, Norethisterone, Dydrogesterone ជាដើម) - អាចធ្វើអោយសកម្មភាពនៃអរម៉ូនស្ត្រីប្រូជេស្តេរ៉ូនកើនឡើង។
-
ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ មិនត្រូវប្រើប្រាស់ឱសថនេះទេ ព្រោះអាចប៉ះពាល់ដល់ទារកក្នុងផ្ទៃ។
・ស្ត្រីបំបៅដោះកូន មិនគួរប្រើប្រាស់ឱសថនេះទេ ព្រោះសារធាតុឱសថអាចជ្រៀតចូលក្នុងទឹកដោះម្តាយ។ ប្រសិនបើចាំបាច់ត្រូវប្រើឱសថនេះ ស្ត្រីគួរផ្អាកការបំបៅបណ្តោះអាសន្នក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។
-
ការប្រុងប្រយ័ត្នជាពិសេស
・នៅក្នុងការប្រើប្រាស់ឱសថនេះ ត្រូវប្រុងប្រយ័ត្នជាពិសេសចំពោះផលរំខានធ្វើអោយកើតមានការធ្លាក់ឈាមធ្ងន់ធ្ងរ ព្រោះវាអាចបណ្ដាលអោយមានគ្រោះថ្នាក់ដល់អ្នកជំងឺ។
・មុននឹងចាប់ផ្ដើមប្រើប្រាស់ឱសថនេះ ស្ត្រីត្រូវពិនិត្យដើម្បីបញ្ជាក់ថាខ្លួនមិនកំពុងមានផ្ទៃពោះនោះទេ ម្យ៉ាងទៀត ត្រូវចាប់ផ្ដើមប្រើឱសថនេះនៅថ្ងៃទី2~ថ្ងៃទី5នៃការមករដូវ ដោយត្រូវប្រើវិធីពន្យារកំណើតក្រៅអំពីថ្នាំអរម៉ូន នៅក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។
-
សកម្មភាពឱសថ
ឱសថនេះមានសកម្មភាពភ្ជាប់ទៅនឹងនិងភ្ញោចគ្រឿងទទួល(Receptor)នៃអរម៉ូនប្រូជេស្តេរ៉ូន(Progesterone) ដោយបង្ហាញប្រសិទ្ធិភាពទប់ស្កាត់មុខងារបញ្ចេញស៊ុតនិងផលិតអរម៉ូនអេស្ត្រូជេន(Estrogen)របស់ក្រពេញអូវែរ ហើយនិង ទប់ស្កាត់ការកើនឡើងខុសប្រក្រតីនៃភ្នាសក្នុងស្បូន។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp