Desogestrel + Ethinylestradiol
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
ប្រភេទឱសថ
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- អន្តរប្រតិកម្ម
- ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
- ការប្រុងប្រយ័ត្នជាពិសេស
- សកម្មភាពឱសថ
-
ប្រសិទ្ធិភាពព្យាបាល
ជាទូទៅ ឱសថនេះប្រើនៅក្នុងការពន្យារកំណើតសម្រាប់ស្ត្រី។
-
កម្រិតប្រើប្រាស់
ថ្នាំលេប:
ករណីឱសថមាន21គ្រាប់:
ក្នុង1គ្រាប់ មានផ្ទុកសារធាតុDesogestrel 0.15mg និង សារធាតុEthinylestradiol 0.030mg។
នៅវដ្ដទី1 លេប1ថ្ងៃ1គ្រាប់ នៅពេលវេលាដូចគ្នាជារៀងរាល់ថ្ងៃ តាមលំដាប់លំដោយដែលបានកំណត់នៅលើបន្ទះថ្នាំ រយៈពេល21ថ្ងៃ។ បន្ទាប់មក ផ្អាកការប្រើប្រាស់ឱសថរយៈពេល7ថ្ងៃ។ មានន័យថា 1វដ្ដមានរយៈពេល28ថ្ងៃ។ ចាប់ផ្ដើមលេបជាថ្មីម្ដងទៀតសម្រាប់វដ្ដទី2 នៅថ្ងៃទី29(គិតពីថ្ងៃដំបូងនៃវដ្ដទី1) ទោះជានៅមានឬគ្មានការហូរឈាមទៀតក៏ដោយ ដោយលេប1ថ្ងៃ1គ្រាប់ នៅពេលវេលាដូចគ្នាជារៀងរាល់ថ្ងៃ តាមលំដាប់លំដោយដែលបានកំណត់នៅលើបន្ទះថ្នាំ រយៈពេល21ថ្ងៃ។ បន្ទាប់មក ផ្អាកការប្រើប្រាស់ឱសថរយៈពេល7ថ្ងៃ។ បន្តលេបដូចគ្នាបែបនេះតទៅ។
ករណីឱសថមាន28គ្រាប់:
(1)21គ្រាប់ដំបូង ក្នុង1គ្រាប់ មានផ្ទុកសារធាតុDesogestrel 0.15mg និង សារធាតុEthinylestradiol 0.030mg, (2)7គ្រាប់ចុងក្រោយ មិនមានផ្ទុកសារធាតុណាមួយឡើយ (Placebo)។
នៅវដ្ដទី1 លេប1ថ្ងៃ1គ្រាប់ នៅពេលវេលាដូចគ្នាជារៀងរាល់ថ្ងៃ តាមលំដាប់លំដោយដែលបានកំណត់នៅលើបន្ទះថ្នាំ រយៈពេល28ថ្ងៃ ដោយមិនមានផ្អាកការប្រើប្រាស់ឱសថទេ។ មានន័យថា 1វដ្ដមានរយៈពេល28ថ្ងៃ។ ចាប់ផ្ដើមលេបជាថ្មីម្ដងទៀតសម្រាប់វដ្ដទី2 នៅថ្ងៃទី29(គិតពីថ្ងៃដំបូងនៃវដ្ដទី1) ទោះជានៅមានឬគ្មានការហូរឈាមទៀតក៏ដោយ ដោយលេប1ថ្ងៃ1គ្រាប់ នៅពេលវេលាដូចគ្នាជារៀងរាល់ថ្ងៃ តាមលំដាប់លំដោយដែលបានកំណត់នៅលើបន្ទះថ្នាំ រយៈពេល28ថ្ងៃ។ បន្តលេបដូចគ្នាបែបនេះតទៅ។
ចាប់ផ្ដើមលេបឱសថនេះពីថ្ងៃទី1នៃការមករដូវ។ ប្រសិនបើយឺតយ៉ាវមិនបានលេបពីថ្ងៃទី1ទេ ត្រូវអនុវត្តវិធីពន្យារកំណើតផ្សេងទៀតរយៈពេល1សប្ដាហ៍ដំបូងគិតពីពេលចាប់ផ្ដើមលេបឱសថនេះ។
-
ហាមប្រើ
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។
・អ្នកដែលកំពុងមានឬសង្ស័យថាមានជំងឺមហារីកទាក់ទងនឹងអរម៉ូនស្ត្រីអេស្ត្រូជេន(Estrogen) (ជំងឺមហារីកសុដន់ ជំងឺមហារីកភ្នាសក្នុងស្បូន(Endometrial carcinoma) ជាដើម)។
・អ្នកដែលកំពុងមានអាការៈធ្លាក់ឈាមនៅប្រដាប់ភេទខុសប្រក្រតីដែលមិនទាន់ដឹងអំពីមូលហេតុពិតប្រាកដ។
・អ្នកដែលកំពុងឬធ្លាប់មានជំងឺរលាកសរសៃវ៉ែនដោយសារកំណកឈាម(Thrombophlebitis) ឬ ជំងឺស្ទះសរសៃឈាមនៅក្នុងសួតដោយសារកំណកឈាម(Pulmonary embolism ) ឬ ជំងឺទាក់ទងនឹងសរសៃឈាមក្នុងខួរក្បាលឬបេះដូង។
・អ្នកដែលមានអាយុចាប់ពី35ឆ្នាំឡើងទៅនិងមានទម្លាប់ជក់បារីលើសពី15ដើម/ថ្ងៃ។
・អ្នកដែលមានជំងឺប្រកាំង(Migraine)ដែលតែងតែទទួលរោគសញ្ញាអោយដឹងមុនពេលចាប់ផ្ដើមឈឺក្បាល។
・អ្នកដែលមានជំងឺប្រឹសបេះដូង រួមជាមួយនឹងជំងឺលើសសម្ពាធឈាមនៅសរសៃអាកទែរក្នុងសួត(Pulmonary hypertension)ឬជំងឺញ័រថតខាងលើនៃបេះដូង(Atrial fibrillation)។
・អ្នកជំងឺទឹកនោមផ្អែមដែលប៉ះពាល់ដល់សរសៃឈាម (អ្នកដែលមានជំងឺភ្នែកឬតម្រងនោមដោយសារជំងឺទឹកនោមផ្អែម។ល។)។
・អ្នកដែលមានកត្តាហានិភ័យងាយនឹងកើតជំងឺកំណកឈាម។
・អ្នកដែលមានជំងឺកើតមានអង់ទីករប្រឆាំងសារធាតុផូស្វ័រលីពីតនៅក្នុងរាងកាយ(Antiphospholipid syndrome)។
・អ្នកដែលស្ថិតនៅក្នុងអំឡុងពេល4សប្ដាហ៍មុនពេលវះកាត់ ឬ ក្នុងអំឡុងពេល2សប្ដាហ៍ក្រោយការវះកាត់ ឬ ក្នុងអំឡុងពេល4សប្ដាហ៍ក្រោយការសម្រាលកូន ឬ អ្នកដែលត្រូវសម្រាកនៅស្ងៀមរយៈពេលយូរ។
・អ្នកដែលមានបញ្ហាថ្លើមធ្ងន់ធ្ងរ ឬ មានជំងឺមហារីកថ្លើម។
・អ្នកដែលមានប្រតិកម្មទាក់ទងនឹងសារធាតុខ្លាញ់នៅក្នុងរាងកាយខុសប្រក្រតី(ជំងឺលើសជាតិខ្លាញ់ក្នុងឈាម)។
・អ្នកដែលមានជំងឺលើសសម្ពាធឈាម (លើកលែងករណីលើសសម្ពាធឈាមកម្រិតស្រាល)
・អ្នកដែលមានជំងឺរឹងកូនឆ្អឹងត្រចៀកខាងក្នុង(Otosclerosis)។
・អ្នកដែលធ្លាប់មានជំងឺខាន់លឿងឬអាការរមាស់ឥតដាច់ឬជំងឺរើមនៅក្នុងអំឡុងពេលមានផ្ទៃពោះ។
・ស្ត្រីមានផ្ទៃពោះ ស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ ឬ ស្ត្រីបំបៅដោះកូន។
・អ្នកដែលអាចនឹងមិនទាន់ឈប់លូតលាស់ឆ្អឹង។
・អ្នកដែលកំពុងប្រើប្រាស់ឱសថOmbitasvir hydrate/Paritaprevir hydrate/Ritonavir។
-
ផលរំខាន
ផលរំខានរួមមាន ក្អួតចង្អោរ ឈឺដោះ ឈឺក្បាល ធ្លាក់ឈាម អស់កម្លាំង រាករូស ឈឺពោះ ឈាមរដូវច្រើន ឡើងកន្ទួលក្រហម ហើម ខាន់លឿង ភ្នែកមើលមិនសូវច្បាស់។ល។
ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។
- ហើម ឈឺនិងស្ពឹកជើង ដង្ហក់ ឈឺទ្រូង ឈឺក្បាល មើលមិនសូវច្បាស់ភ្លាមៗ អណ្ដាតរឹង (ជំងឺកំណកឈាម(Thrombosis))។
-
អន្តរប្រតិកម្ម
・ឱសថOmbitasvir hydrate/Paritaprevir hydrate/Ritonavir - អាចធ្វើអោយកម្រិតនៃALT(GPT)កើនឡើង។ ដូច្នេះ ហាមប្រើរួមគ្នា។
ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។
・ឱសថស្តេរ៉ូអ៊ីត(Prednisoloneជាដើម), ឱសថព្យាបាលជំងឺបាក់ទឹកចិត្តប្រភេទTricyclic antidepressants(Imipramineជាដើម), ឱសថSelegiline hydrochloride, ឱសថCiclosporin, ឱសថTheophylline, ឱសថOmeprazole - អាចធ្វើអោយសកម្មភាពនៃឱសថទាំងនេះកើនឡើង។
・ឱសថRifampicin, ឱសថប្រភេទBarbiturate(Phenobarbitalជាដើម), ឱសថPhenytoin, ឱសថCarbamazepine, ឱសថBosentan, ឱសថModafinil, ឱសថTopiramate, ឱសថប្រឆាំងបាក់តេរីប្រភេទTetracycline(Tetracyclineជាដើម), ឱសថប្រឆាំងបាក់តេរីប្រភេទPenicillin(Ampicillinជាដើម) - អាចធ្វើអោយសកម្មភាពនៃឱសថDesogestrel/Ethinylestradiolថយចុះនិងបង្កជាអាការៈធ្លាក់ឈាមនៅប្រដាប់ភេទ។
・ឱសថTerbinafine hydrochloride - អាចធ្វើអោយការមករដូវមានលក្ខណៈខុសប្រក្រតី។
・ឱសថប្រភេទGn-RH (Buserelin acetateជាដើម) - អាចធ្វើអោយសកម្មភាពនៃឱសថទាំងនេះថយចុះ។
・ឱសថបញ្ចុះជាតិស្ករក្នុងឈាម - អាចធ្វើអោយសកម្មភាពនៃឱសថទាំងនេះថយចុះ។
・ឱសថLamotrigine, ឱសថMorphine, ឱសថSalicylic acid - អាចធ្វើអោយកំហាប់ក្នុងឈាមនៃឱសថទាំងនេះថយចុះ។
・ឱសថប្រឆាំងHIVប្រភេទHIV protease inhibitors(Nelfinavir mesilate, Ritonavir, Darunavir, Fosamprenavir, Lopinavir/Ritonavir ជាដើម), ឱសថNevirapine,
ឱសថEfavirenz - អាចធ្វើអោយសកម្មភាពនៃឱសថDesogestrel/Ethinylestradiolថយចុះ។
・ឱសថEtravirine - អាចធ្វើអោយកំហាប់ក្នុងឈាមនៃឱសថDesogestrel/Ethinylestradiolកើនឡើង។
・ឱសថTelaprevir, ឱសថAsunaprevir - អាចធ្វើអោយសកម្មភាពនៃឱសថDesogestrel/Ethinylestradiolថយចុះ។
・ឱសថFluconazole, ឱសថItraconazole, ឱសថVoriconazole, ឱសថAcetaminophenឬParacetamol - អាចធ្វើអោយកំហាប់ក្នុងឈាមនៃឱសថDesogestrel/Ethinylestradiolកើនឡើង។
・អាហារបំប៉នដែលមានផ្ទុកសារធាតុSt. Johnʼs Wort - អាចធ្វើអោយសកម្មភាពនៃឱសថLevonorgestrel/Ethinylestradiolថយចុះនិងបង្កជាអាការៈធ្លាក់ឈាមនៅប្រដាប់ភេទ។
-
ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ មិនត្រូវប្រើប្រាស់ឱសថនេះទេ។ ម្យ៉ាងទៀត ប្រសិនបើពិនិត្យឃើញមានផ្ទៃពោះ ត្រូវបញ្ឈប់ការប្រើប្រាស់ឱសថនេះ។
・ស្ត្រីបំបៅដោះកូន មិនត្រូវប្រើប្រាស់ឱសថនេះទេ ព្រោះសារធាតុឱសថអាចជ្រៀតចូលក្នុងទឹកដោះម្តាយនិងអាចធ្វើអោយបរិមាណនិងគុណភាពទឹកដោះថយចុះ។
-
ការប្រុងប្រយ័ត្នជាពិសេស
・ឱសថពន្យារកំណើតនឹងមិនមានប្រសិទ្ធិភាពក្នុងការការពារជំងឺឆ្លងវីរុសហ៊ីវឬជំងឺកាមរោគផ្សេងៗទៀតនោះទេ។
・ជាទូទៅ ស្ត្រីគួរចាប់ផ្តើមប្រើប្រាស់ឱសថនេះនៅថ្ងៃទីមួយនៃការមករដូវ។ ប្រសិនបើយឺតជាងនេះ ស្ត្រីគួរប្រើវិធីពន្យារកំណើតផ្សេងទៀតជាបណ្ដោះអាសន្នក្នុងអំឡុងពេល1សប្ដាហ៍បន្ទាប់ពីចាប់ផ្ដើមប្រើប្រាស់ឱសថនេះ។ ម្យ៉ាងទៀត ក្រោយចាប់ផ្តើមប្រើ ស្ត្រីគួរប្រើប្រាស់ឱសថនេះនៅពេលវេលាដូចគ្នាជារៀងរាល់ថ្ងៃ ហើយប្រសិនបើភ្លេចលេបចាប់ពី2ថ្ងៃឡើងទៅ ស្ត្រីត្រូវរង់ចាំដល់ការមករដូវបន្ទាប់ដើម្បីចាប់ផ្ដើមប្រើប្រាស់ឱសថនេះសារជាថ្មីឡើងវិញ។
・ការជក់បារីអាចធ្វើអោយហានិភ័យនៃកើតមានជំងឺកំណកឈាម(ស្ទះសរសៃឈាមដោយសារកំណកឈាម)កើនឡើង ដូច្នេះ អ្នកជំងឺគួរចៀសវាងការជក់បារី នៅក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។
・ក្រោយចាប់ផ្ដើមប្រើប្រាស់ឱសថនេះ អាចនឹងមានអាការៈធ្លាក់ឈាមជាបណ្ដោះអាសន្ន ហើយវានឹងបាត់ទៅវិញដោយមិនចាំបាច់ផ្អាកការប្រើប្រាស់ឱសថនេះនោះទេ។ ប៉ុន្តែ ប្រសិនបើអាការៈនេះអូសបន្លាយយូរ ឬ បរិមាណឈាមធ្លាក់ច្រើន ស្ត្រីត្រូវទទួលការពិនិត្យអោយបានច្បាស់លាស់។
・នៅក្នុងអំឡូងពេលប្រើប្រាស់ឱសថនេះ ប្រសិនបើស្ត្រីកើតមានអាការៈរាករូសខ្លាំងឬក្អួតចង្អោរ វាអាចធ្វើអោយសារធាតុឱសថនេះមិនអាចស្រូបចូលក្នុងខ្លួនឬបង្ហាញប្រសិទ្ធិភាពបាន ហើយស្ត្រីអាចនឹងមានផ្ទៃពោះ។ ម្យ៉ាងទៀត ត្រូវប្រុងប្រយ័ត្ននៅពេលមិនឃើញមានការមករដូវជាប់គ្នា2ដង ព្រោះស្ត្រីអាចនឹងកំពុងមានផ្ទៃពោះ។ ករណីសង្ស័យថាកំពុងមានផ្ទៃពោះ គួរផ្អាកការប្រើឱសថនេះ។
・ឱសថនេះអាចផ្ដល់ផលរំខានធ្វើអោយកើតមានអាចម៍រុយនៅលើស្បែក ដូច្នេះ គួរចៀសវាងត្រូវពន្លឺព្រះអាទិត្យរយៈពេលយូរ។
-
សកម្មភាពឱសថ
ឱសថនេះផ្សំឡើងពីសារធាតុសកម្មចំនួន2ប្រភេទ គឺ Desogestrel និង Ethinylestradiol ដោយសារធាតុទាំងនេះមានទម្រង់ស្រដៀងទៅនឹងអរម៉ូនស្ត្រី ហើយមានសកម្មភាពដូចខាងក្រោម ៖
- ទប់ស្កាត់ការបញ្ចេញមេជីវិតញី
- ធ្វើអោយភ្នាសខាងក្នុងស្បូនមានលក្ខណៈប្រែប្រួលដើម្បីទប់ស្កាត់ការបង្កកំណើត
- ធ្វើអោយសារធាតុរំអិលនៅកស្បូលមានលក្ខណៈប្រែប្រួលដើម្បីទប់ស្កាត់ការឆ្លងកាត់នៃមេជីវិតឈ្មោល។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp