Colchicine
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
ប្រភេទឱសថ
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- អន្តរប្រតិកម្ម
- ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
- ការប្រុងប្រយ័ត្នជាពិសេស
- សកម្មភាពឱសថ
-
ប្រសិទ្ធិភាពព្យាបាល
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម ៖
- បំបាត់អាការៈឈឺសន្លាក់ដោយសារការកើនឡើងនៃអាស៊ីតអ៊ុយរិច(Gout) និង បង្ការកុំអោយកើតមានអាការៈនេះ
- ព្យាបាលជំងឺFamilial Mediterranean fever (FMF)។
-
កម្រិតប្រើប្រាស់
ថ្នាំលេប:
・បំបាត់អាការៈឈឺសន្លាក់ដោយសារការកើនឡើងនៃអាស៊ីតអ៊ុយរិច(Gout) និង បង្ការកុំអោយកើតមានអាការៈនេះ:
មនុស្សពេញវ័យ:លេប1ថ្ងៃ3~4mg បែងចែកជា6~8ដងក្នុង1ថ្ងៃ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។ ជាទូទៅ ករណីបង្ការការកើតមានអាការៈ លេប1ថ្ងៃ0.5~1mg ហើយនៅពេលមានអារម្មណ៍ដឹងមុនថានឹងកើតមានអាការៈ លេប1ដង 0.5mg។
・ព្យាបាលជំងឺFamilial Mediterranean fever (FMF):
- មនុស្សពេញវ័យ:លេប1ថ្ងៃ0.5mg បែងចែកជា1~2ដងក្នុង1ថ្ងៃ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមស្ថានភាពរបស់អ្នកជំងឺ ប៉ុន្តែ កម្រិតអតិបរមាប្រើក្នុង1ថ្ងៃគឺ1.5mg។
- កុមារ:លេប1ថ្ងៃ0.01~0.02mg/kg បែងចែកជា1~2ដងក្នុង1ថ្ងៃ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមស្ថានភាពរបស់អ្នកជំងឺ ប៉ុន្តែ កម្រិតអតិបរមាប្រើក្នុង1ថ្ងៃគឺ0.03mg/kg ហើយមិនត្រូវប្រើលើសពីកម្រិត1ថ្ងៃ1.5mgនោះទេ។
-
ហាមប្រើ
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។
・អ្នកដែលមានបញ្ហាថ្លើមឬតម្រងនោម និង កំពុងប្រើប្រាស់ឱសថដែលមានឥទ្ធិពលទប់ស្កាត់សកម្មភាពអង់ស៊ីមCYP3A4ខ្លាំងក្លា ឬ ឱសថដែលមានឥទ្ធិពលទប់ស្កាត់សកម្មភាពគ្រឿងចម្លងP-glycoprotein។
・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ (លើកលែងករណីព្យាបាលជំងឺFamilial Mediterranean fever (FMF))។
-
ផលរំខាន
ផលរំខានរួមមាន រាករូស ក្អួតចង្អោរ ឈឺពោះ ឡើងកន្ទួលក្រហម រមាស់ពេញខ្លួន ក្ដៅខ្លួន ជ្រុះរោមឬសក់ ទឹកនោមលាយឈាម ខ្សត់ទឹកនោម។ល។
ប្រសិនបមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។
- ឈាមច្រមុះ ឈាមតាមអញ្ចាញធ្មេញ ចេញឈាមនៅក្រោមស្បែក ឈឺបំពង់ក ក្ដៅខ្លួន (ជំងឺខ្វះឈាមប្រភេទAplastic anemia, រោគសញ្ញានៃការថយចុះគ្រាប់ឈាមសឬប្លាកែត)
- ឈឺសាច់ដុំ គ្មានកម្លាំង ទឹកនោមមានពណ៌ក្រហមត្នោត (ជំងឺរលាយសាច់ដុំ(Rhabdomyolysis) ជំងឺទាក់ទងនឹងសាច់ដុំ(Myopathy))
- ស្ពឹក ឈឺ និង មិនសូវដឹងញាណនៅតាមដៃជើង (ប៉ះពាល់ប្រព័ន្ធសរសៃប្រសាទនៅតាមអវៈយវៈ)។
-
អន្តរប្រតិកម្ម
ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។
・ឱសថដែលមានឥទ្ធិពលទប់ស្កាត់សកម្មភាពអង់ស៊ីមCYP3A4ខ្លាំងក្លា(Atazanavir, Clarithromycin, Indinavir, Itraconazole, Nelfinavir, Ritonavir, Saquinavir, Darunavir, Telaprevir, Cobicistat ជាដើម) - អាចធ្វើអោយសកម្មភាពនៃColchicineកើនឡើង បង្កជាផលរំខានផ្សេងៗ។ ម្យ៉ាងទៀត អ្នកជំងឺដែលមានបញ្ហាថ្លើមឬតម្រងនោម មិនត្រូវប្រើឱសថទាំងនេះរួមជាមួយឱសថColchicineនោះទេ។
・ឱសថដែលមានឥទ្ធិពលទប់ស្កាត់សកម្មភាពអង់ស៊ីមCYP3A4មធ្យម(Amprenavir, Aprepitant, Diltiazem, Erythromycin, Fluconazole, Fosamprenavir, Verapamil ជាដើម), ក្រូចថ្លុង - អាចធ្វើអោយសកម្មភាពនៃColchicineកើនឡើង បង្កជាផលរំខានផ្សេងៗ។
・ឱសថដែលមានឥទ្ធិពលទប់ស្កាត់សកម្មភាពគ្រឿងចម្លងP-glycoprotein (ឱសថCiclosporin) - អាចធ្វើអោយសកម្មភាពនៃColchicineកើនឡើង បង្កជាផលរំខានផ្សេងៗ។ ម្យ៉ាងទៀត អ្នកជំងឺដែលមានបញ្ហាថ្លើមឬតម្រងនោម មិនត្រូវប្រើឱសថទាំងពីរនេះរួមគ្នានោះទេ។
-
ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
・ជាទូទៅ ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ មិនត្រូវប្រើប្រាស់ឱសថនេះទេ។ ប៉ុន្តែ ចំពោះស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះដែលមានជំងឺFamilial Mediterranean fever (FMF) អាចប្រើឱសថនេះបាន ប៉ុន្តែគួរប្រើនៅក្នុងករណីចាំបាច់តែប៉ុណ្ណោះ។
・ស្ត្រីបំបៅដោះកូន មិនគួរប្រើប្រាស់ឱសថនេះទេ ព្រោះសារធាតុឱសថអាចជ្រៀតចូលក្នុងទឹកដោះម្តាយ។ ប្រសិនបើចាំបាច់ត្រូវប្រើឱសថនេះ ស្ត្រីគួរផ្អាកការបំបៅបណ្តោះអាសន្នក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។
-
ការប្រុងប្រយ័ត្នជាពិសេស
・ករណីប្រើឱសថនេះនៅក្នុងការបំបាត់អាការៈឈឺសន្លាក់ដោយសារបណ្ដុំនៃអាស៊ីតអ៊ុយរិច អ្នកជំងឺគួរប្រើឱសថនេះនៅមុនឬក្រោយពេលចាប់ផ្ដើមមានអាការៈឈឺចាប់កាន់តែឆាប់កាន់តែមានប្រសិទ្ធិភាព។ ម្យ៉ាងទៀត ដោយសារឱសថនេះអាចផ្ដល់ផលរំខានផ្សេងៗទាក់ទងនឹងប្រព័ន្ធឈាម សរីរាង្គបន្តពូជ ថ្លើមនិងតម្រងនោមជាដើម អ្នកជំងឺមិនគួរប្រើប្រាស់ឱសថនេះក្នុងរយៈពេលយូរអង្វែងដើម្បីបង្ការអាការៈឈឺចាប់នោះទេ ប៉ុន្តែ គួរព្យាយាមបន្ថយកម្រិតអាស៊ីតអ៊ុយរិចក្នុងឈាមតាមវិធីដែលមានប្រសិទ្ធិភាព។
・សារធាតុនៅក្នុងក្រូចថ្លុងអាចធ្វើអោយកំហាប់ក្នុងឈាមនៃឱសថនេះកើនឡើងបង្កជាផលរំខានផ្សេងៗ ដូច្នេះ គួរចៀសវាងពិសាក្រូចថ្លុងក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។
・ដើម្បីចៀសវាងផលរំខានប៉ះពាល់ក្រពះពោះវៀន មិនគួរប្រើឱសថនេះក្នុងកម្រិតខ្ពស់នោះទេ។
-
សកម្មភាពឱសថ
ឱសថនេះមានប្រសិទ្ធិភាពទប់ស្កាត់សកម្មភាពរបស់គ្រាប់ឈាមសដែលប្រឆាំងទៅនឹងអាស៊ីតអ៊ុយរិចដែលផ្ដុំគ្នានៅក្នុងសន្លាក់។ ម្យ៉ាងទៀត នៅក្នុងការព្យាបាលជំងឺFamilial Mediterranean fever (FMF) ឱសថនេះទប់ស្កាត់ការផលិតសារធាតុCytokineដែលបង្កជាអាការៈរលាកផ្សេងៗ។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp