Clopidogrel sulfate + Aspirin
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- អន្តរប្រតិកម្ម
- ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
- ការប្រុងប្រយ័ត្នជាពិសេស
- សកម្មភាពឱសថ
-
ប្រសិទ្ធិភាពព្យាបាល
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺត្បៀតសរសៃឈាមក្នុងបេះដូងដែលត្រូវអនុវត្តការព្យាបាលដោយPCI (ជំងឺត្បៀតសរសៃឈាមបេះដូងប្រភេទមិននឹងនរ(Unstable angina) ជំងឺស្ទះសរសៃឈាមបេះដូងដែលមានឬមិនមានការកើនឡើងនៃST), ជំងឺត្បៀតសរសៃឈាមបេះដូងប្រភេទនឹងនរ, ជំងឺស្ទះសរសៃឈាមបេះដូងដែលធ្លាប់កើតឡើងយូរមកហើយ(Old myocardial infarction, OMI))។
-
កម្រិតប្រើប្រាស់
ថ្នាំលេប:
ក្នុងឱសថ1គ្រាប់រួមមាន:Clopidogrel 75mg និង Aspirin 100mg។
មនុស្សពេញវ័យ:លេប1ថ្ងៃ1ដង1គ្រាប់។
-
ហាមប្រើ
・អ្នកដែលកំពុងមានអាការៈហូរឈាម (ជំងឺឈាមក្រកក(Hemophilia) អាការៈហូរឈាមក្នុងក្បាល ហូរឈាមក្នុងក្រពះឬពោះវៀន ហូរឈាមតាមប្រព័ន្ធតម្រងនោម ក្អកឈាម ហូរឈាមក្នុងភ្នែក ជាដើម)។
・អ្នកដែលងាយកើតមានអាការៈហូរឈាម។
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ ឬ ឱសថប្រភេទSalicylic acidផ្សេងទៀត។
・អ្នកដែលមានជំងឺដំបៅក្រពះឬពោះវៀន។
・អ្នកដែលធ្លាប់កើតមានអាការៈហឺតដោយសារឱសថបំបាត់ការឈឺចាប់និងបញ្ចុះកម្ដៅប្រភេទNSAIDs (Aspirin-induced asthma)
・ស្ត្រីមានផ្ទៃពោះស្ថិតក្នុងរយៈពេល12សប្ដាហ៍មុនដល់ពេលសម្រាល។
-
ផលរំខាន
ផលរំខានរួមមាន ងាយហូរឈាម ក្អួតចង្អោរ បាត់បង់ចំណង់អាហារ អាការៈខ្វះឈាម ឡើងកន្ទួលក្រហម រាករូសឬទល់លាមក ដំបៅក្នុងមាត់ ជ្រុះរោមឬសក់។ល។
ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។
- ឈឺក្បាលខ្លាំងភ្លាមៗ ក្អួតចង្អោរ ស្ពឹកមួយចំហៀងខ្លួន (ហូរឈាមក្នុងក្បាល)
- លាមកពណ៌ខ្មៅ លាមកលាយឈាម ក្អួតឈាម ភ្នែកមើលមិនសូវច្បាស់ ឈឺសន្លាក់ (ហូរឈាមនៅក្រពះពោះវៀន ហូរឈាមនៅបាតភ្នែក ដុំឈាមនៅក្នុងសន្លាក់)
- អស់កម្លាំង បាត់បង់ចំណង់អាហារ ភ្នែកនិងស្បែកប្រែពណ៌លឿង (មុខងារថ្លើមមានបញ្ហា ខាន់លឿង)
- ក្អក ពិបាកដកដង្ហើម ក្ដៅខ្លួន (ជំងឺរលាកសួតប្រភេទInterstitial pneumonia)
- អស់កម្លាំង បាត់បង់ចំណង់អាហារ ស្នាមជាំស្វាយលើស្បែក បាត់បង់ស្មារតី (ជំងឺស្នាមជាំស្វាយលើស្បែកដោយសារការកកើតកំណកឈាមនិងចំនួនប្លាកែតថយចុះ(ជំងឺThrombotic thrombocytopenic purpura, TTP))
- ឈឺបំពង់ក ឈឺក្បាល ធ្ងន់ក្បាល ហ៊ឹងត្រចៀក (រោគសញ្ញានៃការថយចុះចំនួនគ្រាប់ឈាម)
- ឈាមច្រមុះ ឈាមតាមអញ្ចាញធ្មេញ ស្នាមជាំស្វាយលើស្បែក ឈាមក្រកក (រោគសញ្ញានៃការថយចុះចំនួនប្លាកែត)
- ក្តៅខ្លួន ឡើងកន្ទួលក្រហមនិងពងទឹកលើស្បែកនិងភ្នាសផ្សេងៗ ភ្នែកក្រហម (ជំងឺនៃបណ្តុំរោគសញ្ញាលើស្បែកភ្នាសនិងភ្នែក(Muco-cutaneo-ocular syndromeឬStevens-Johnson syndrome) ជំងឺស្លាប់កោសិកាស្បែក(TEN))
- កន្ទាលត្រអាក ហើមត្របកភ្នែក បបូរមាត់និងអណ្ដាត ពិបាកដកដង្ហើម (រោគប្រតិកម្មទៅនឹងឱសថ)
- ឈឺសាច់ដុំ អស់កម្លាំង ទឹកនោមប្រែពណ៌ក្រហមត្នោត (ជំងឺរលាយសាច់ដុំ(Rhabdomyolysis)
- ទឹកមុខស្លេកស្លាំង បែកញើសទាំងត្រជាក់ វិលមុខ ពិបាកដកដង្ហើម កន្ទាលត្រអាក (រោគប្រតិកម្មធ្ងន់ធ្ងរ)
- ពិបាកដកដង្ហើម ដកដង្ហើមលឺៗនិងខ្លីៗ (អាការៈហឺត)។
-
អន្តរប្រតិកម្ម
ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។
・ឱសថប្រភេទNSAIDs (Naproxen, Indomethacin, Diclofenac ជាដើម) - អាចបង្កអោយមានអាការៈហូរឈាមឬមុខងារតម្រងនោមថយចុះ។
・ឱសថប្រឆាំងកំណកឈាម(Cilostazol, Ozagrel, Heparin, Danaparoid sodium, Rivaroxaban, Dabigatran, Thrombomodulin alpha, Warfarin, Beraprost, Sarpogrelate, Ethyl icosapentate, Urokinase, t-PA, Ticlopidine ជាដើម) - អាចធ្វើអោយហានិភ័យនៃការហូរឈាមកើនឡើង។
・ឱសថOmeprazole - អាចធ្វើអោយសកម្មភាពនៃClopidogrelថយចុះ។
・ឱសថព្យាបាលជំងឺទឹកនោមផ្អែម ថ្នាំចាក់អាំងស៊ុយលីន - អាចធ្វើអោយសកម្មភាពឱសថទាំងនេះកើនឡើង ធ្វើអោយជាតិស្ករក្នុងឈាមចុះទាបខ្លាំង។
・ឱសថMethotrexate - អាចធ្វើអោយផលរំខាននៃMethotrexateងាយកើតឡើង។
・ឱសថSodium valproate - អាចធ្វើអោយសកម្មភាពនៃSodium valproateកើនឡើង បង្កជាផលរំខានផ្សេងៗ។
・ឱសថPhenytoin - អាចធ្វើអោយកំហាប់ក្នុងឈាមនៃPhenytoinថយចុះ។
・ឱសថស្តេរ៉ូអ៊ីត(Betamethasone, Prednisolone, Methylprednisolone ជាដើម) - អាចធ្វើអោយផលរំខាននៃAspirinងាយកើតឡើង។
・ឱសថLithium - អាចធ្វើអោយផលរំខាននៃLithiumងាយកើតឡើង។
・ឱសថបញ្ចុះទឹកនោម(Hydrochlorothiazide, Furosemide ជាដើម), ឱសថប្រភេទBeta-blockers(Propranolol, Pindolol ជាដើម), ឱសថប្រភេទACE inhibitors(Enalapril maleateជាដើម), ឱសថNitroglycerin, ឱសថជម្រុញការបញ្ចេញអាស៊ីតអ៊ុយរិច(Probenecid, Benzbromarone) - អាចធ្វើអោយសកម្មភាពនៃឱសថទាំងនេះថយចុះ។
・ឱសថIbuprofen, ឱសថNaproxen, ឱសថPiroxicam - អាចធ្វើអោយសកម្មភាពប្រឆាំងកំណកឈាមរបស់Aspirinថយចុះ។
・ឱសថAcetazolamide - អាចធ្វើអោយកើតមានផលរំខាននៃAcetazolamide។
・ឱសថDonepezil - អាចធ្វើអោយកើតមានដំបៅក្រពះឬពោះវៀន។
・ឱសថTacrolimus, Ciclosporin - អាចធ្វើអោយប៉ះពាល់មុខងារតម្រងនោម។
・ឱសថZafirlukast - អាចធ្វើអោយកំហាប់ក្នុងឈាមនៃZafirlukastកើនឡើង។
・ឱសថRamatroban, Seratrodast - អាចធ្វើអោយកំហាប់ក្នុងឈាមនៃឱសថទាំងនេះកើនឡើង។
・ឱសថប្រភេទSSRI (Fluvoxamine maleate, Sertraline ជាដើម) - អាចធ្វើអោយកើតមានអាការៈហូរឈាមនៅតាមស្បែកឬសរីរាង្គក្នុងរាងកាយ។
・គ្រឿងស្រវឹង - អាចធ្វើអោយកើតមានអាការៈហូរឈាមនៅក្រពះឬពោះវៀន។
・ឱសថRepaglinide - អាចធ្វើអោយកំហាប់ក្នុងឈាមនៃRepaglinideកើនឡើង។
-
ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ គួរប្រើឱសថនេះក្នុងករណីចាំបាច់តែប៉ុណ្ណោះ។ ជាពិសេស ស្ត្រីមានផ្ទៃពោះស្ថិតក្នុងរយៈពេល12សប្ដាហ៍មុនដល់ពេលសម្រាល មិនត្រូវប្រើប្រាស់ឱសថនេះទេ ព្រោះអាចប៉ះពាល់ដល់សុវត្ថិភាពទាំងម្ដាយទាំងទារក។
・ស្ត្រីបំបៅដោះកូន មិនគួរប្រើប្រាស់ឱសថនេះទេ ព្រោះសារធាតុឱសថអាចជ្រៀតចូលក្នុងទឹកដោះម្តាយ។ ប្រសិនបើចាំបាច់ត្រូវប្រើឱសថនេះ ស្ត្រីគួរផ្អាកការបំបៅបណ្តោះអាសន្នក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។
-
ការប្រុងប្រយ័ត្នជាពិសេស
・គ្រឿងស្រវឹងអាចធ្វើអោយផលរំខាននៃឱសថនេះងាយកើតឡើង ដូច្នេះ គួរចៀសវាងពិសាគ្រឿងស្រវឹងក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។
・គួរចៀសវាងប្រើឱសថនេះទាំងពោះទទេ ហើយគួរពិសាទឹកអោយបានច្រើន។
・ឱសថនេះនឹងធ្វើអោយឈាមក្រកក ដូច្នេះ ត្រូវប្រុងប្រយ័ត្ននៅពេលអ្នកជំងឺត្រូវទទួលការវះកាត់ឬការព្យាបាលធ្មេញជាដើម។ ម្យ៉ាងទៀត ត្រូវសង្កេតមើលរោគសញ្ញានៃការហូរឈាមខុសប្រក្រតីផ្សេងៗជាប្រចាំ។
・គួរធ្វើការពិនិត្យឈាមអោយបានម្ដងរៀងរាល់2សប្ដាហ៍ ក្នុងអំឡុងពេល2ខែ បន្ទាប់ពីចាប់ផ្ដើមប្រើប្រាស់ឱសថនេះ។
-
សកម្មភាពឱសថ
ឱសថនេះផ្សំឡើងពីសារធាតុសកម្មចំនួន2ប្រភេទ៖
- Aspirin:ទប់ស្កាត់សកម្មភាពនៃអង់ស៊ីមCyclooxygenase I (COX I)មិនអោយធ្វើប្រតិកម្មសំយោគសារធាតុThromboxaneA2(TXA2)ដែលជាសារធាតុមានតួនាទីប្រមូលផ្ថុំប្លាកែតបង្កជាកំណកឈាម។
- Clopidogrel salfate:ទប់ស្កាត់ការភ្ជាប់នៃម៉ូលេគុលADPទៅនឹងគ្រឿងទទួល(Receptor)របស់វានៅលើប្លាកែត ដើម្បីបង្អាក់ប្រតិកម្មភ្ញោចអោយមានការផ្ដុំប្លាកែតបង្កជាកំណកឈាម។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp