Clonazepam
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
ប្រភេទឱសថ
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- អន្តរប្រតិកម្ម
- ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
- ការប្រុងប្រយ័ត្នជាពិសេស
- សកម្មភាពឱសថ
-
ប្រសិទ្ធិភាពព្យាបាល
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម៖
- អាការៈកន្ត្រាក់នៃសាច់ដុំប្រភេទចលនាលក្ខណៈតូច (រួមមាន Myoclonic seizure, Absence seizure, Epileptic spasms)
- អាការៈចង់ក្អួតជាដើមបណ្ដាលមកពីការប៉ះពាល់ប្រព័ន្ធសរសៃប្រសាទអូតូណូមិច(Autonomic seizure)
- ជំងឺឆ្កួតជ្រូកដែលបណ្ដាលមកពីការប៉ះពាល់សរសៃប្រសាទ(Psychomotor seizure)។
-
កម្រិតប្រើប្រាស់
ថ្នាំលេប:
- មនុស្សពេញវ័យ និង កុមារ:នៅដំណាក់កាលដំបូង លេបក្នុងកម្រិត1ថ្ងៃ0.5~1mg បែងចែកជា1~3ដងក្នុង1ថ្ងៃ។ បន្ទាប់ពីនោះ អាចបង្កើនកម្រិតប្រើប្រាស់បន្ដិចម្ដងៗទៅតាមរោគសញ្ញា រហូតដល់កម្រិតដែលបង្ហាញប្រសិទ្ធិភាពព្យាបាលល្អបំផុត។ ជាទូទៅ កម្រិតប្រើជាប្រចាំគឺ 1ថ្ងៃ2~6mg បែងចែកជា1~3ដងក្នុង1ថ្ងៃ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។
- កុមារតូច និង ទារក:នៅដំណាក់កាលដំបូង លេបក្នុងកម្រិត1ថ្ងៃ0.025mg/kg បែងចែកជា1~3ដងក្នុង1ថ្ងៃ។ បន្ទាប់ពីនោះ អាចបង្កើនកម្រិតប្រើប្រាស់បន្ដិចម្ដងៗទៅតាមរោគសញ្ញា រហូតដល់កម្រិតដែលបង្ហាញប្រសិទ្ធិភាពព្យាបាលល្អបំផុត។ ជាទូទៅ កម្រិតប្រើជាប្រចាំគឺ 1ថ្ងៃ0.1mg/kg បែងចែកជា1~3ដងក្នុង1ថ្ងៃ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។
-
ហាមប្រើ
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។
・អ្នកដែលមានជំងឺខ្សោយការបញ្ជាលើសាច់ដុំធ្ងន់ធ្ងរ(Myasthenia gravis។
・អ្នកដែលមានជំងឺក្លូកូមប្រភេទបិទជិទ(Angle-closure glaucoma)លក្ខណៈស្រួចស្រាវ។
-
ផលរំខាន
ផលរំខានរួមមាន ល្វីងក្នុងមាត់ វិលមុខ ងងុយគេង ស្ងួតក អស់កម្លាំង ឈឺក្បាល ធ្ងន់ក្បាល ចង់ក្អួត ឡើងកន្ទួលក្រហម រមាស់ស្បែក។ល។
ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។
- ក្រោយពេលបន្ថយបរិមាណឬឈប់ប្រើប្រាស់ឱសថ មានអារម្មណ៍មិនស្ងប់ឬគេងមិនលក់ ញ័រដៃជើង រវើរវាយ សាច់ដុំកន្ត្រាក់ (អាការៈញៀន)
- ពិបាកដកដង្ហើម ដកដង្ហើមរាក់ៗ ដកដង្ហើមលឿនពេលកំពុងគេងលក់ (ផលប៉ះពាល់លើប្រព័ន្ធគ្រប់គ្រងដំណកដង្ហើម)
- រវើរវាយ ស្មារតីដឹងខ្លួនថយចុះ មិនអាចគិតដូចប្រក្រតី (វង្វេងវង្វាន់)
- អស់កម្លាំង បាត់បង់ចំណង់អាហារ ភ្នែកនិងស្បេកប្រែពណ៌លឿង (មុខងារថ្លើមមានបញ្ហា ខាន់លឿង)។
-
អន្តរប្រតិកម្ម
ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។
・ឱសថព្យាបាលជំងឺប្រកាច់ប្រភេទHydantoin - អាចធ្វើអោយកំហាប់ក្នុងឈាមនៃឱសថទាំងនេះប្រែប្រួល។
・ឱសថដែលទប់ស្កាត់ប្រព័ន្ធប្រសាទកណ្ដាល (ឱសថប្រភេទPhenothiazine, ឱសថប្រភេទBarbiturate, គ្រឿងស្រវឹង) - អាចធ្វើអោយសកម្មភាពនៃឱសថទាំងសងខាងកើនឡើង។
・ឱសថប្រភេទMonoamine oxidase inhibitors - អាចធ្វើអោយកើតមានជំងឺChorea។
・ឱសថSodium valproate - អាចធ្វើអោយកើតមានអាការៈកន្ត្រាក់សាច់ដុំអូសបន្លាយរយៈពេលវែង។
-
ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ គួរប្រើឱសថនេះក្នុងករណីចាំបាច់តែប៉ុណ្ណោះ។
・ស្ត្រីបំបៅដោះកូន មិនគួរប្រើប្រាស់ឱសថនេះទេ ព្រោះសារធាតុឱសថអាចជ្រៀតចូលក្នុងទឹកដោះម្តាយ។ ប្រសិនបើចាំបាច់ត្រូវប្រើឱសថនេះ ស្ត្រីគួរផ្អាកការបំបៅបណ្តោះអាសន្នក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។
-
ការប្រុងប្រយ័ត្នជាពិសេស
・នៅក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ អាចធ្វើអោយកើតមានអាការៈដូចជា ងងុយគេង ពិបាកផ្ដុំអារម្មណ៍ ងាយធ្វេសប្រហែស ជាដើម ដូច្នេះ គួរចៀសវាងការបើកបររថយន្តឬបញ្ជាម៉ាស៊ីនដែលមានគ្រោះថ្នាក់។
・គ្រឿងស្រវឹងអាចធ្វើអោយសកម្មភាពឬផលរំខានរបស់ឱសថកើនឡើង ដូច្នេះ គួរចៀសវាងការពិសាគ្រឿងស្រវឹងនៅក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។
-
សកម្មភាពឱសថ
ឱសថនេះមានសកម្មភាពភ្ញោចគ្រឿងទទួលបិនហ្ស៉ូដ្យាហ្សេភីន(Benzodiazepine or BZD receptor) ដែលស្ថិតនៅភ្ជាប់ជាមួយនឹងគ្រឿងទទួលហ្កាបាA(GABA A receptor) ដោយការភ្ញោចគ្រឿងទទួលបិនហ្ស៉ូដ្យាហ្សេភីននឹងភ្ញោចទៅដល់គ្រឿងទទួលហ្កាបាផងដែរ ធ្វើអោយប្រព័ន្ធសរសៃប្រសាទដែលបញ្ជូនសញ្ញាដោយសារធាតុហ្កាបាមានសកម្មភាពឡើង។ ជាលទ្ធផល សកម្មភាពក្នុងខួរក្បាលត្រូវបានកាត់បន្ថយ ហើយអាការៈនៃអារម្មណ៍មិនស្ងប់ គេងមិនលក់ ឬ សាច់ដុំកន្ត្រាក់ក៏អាចធូរស្បើយ។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp