Clobazam
- Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
- 
            Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)ប្រភេទឱសថ- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- អន្តរប្រតិកម្ម
- ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
- ការប្រុងប្រយ័ត្នជាពិសេស
- សកម្មភាពឱសថ
 - 
                    ប្រសិទ្ធិភាពព្យាបាលជាទូទៅ ឱសថនេះប្រើក្នុងការព្យាបាលអាការៈប្រកាច់ដូចខាងក្រោម ករណីការប្រើឱសថផ្សេងទៀតមិនមានប្រសិទ្ធិភាពគ្រប់គ្រាន់ ដោយត្រូវប្រើឱសថនេះរួមជាមួយឱសថព្យាបាលប្រភេទផ្សេងទៀត៖ ・អាការៈប្រកាច់ដោយផ្នែក:Simple partial seizure, Complex partial seizure, Secondarily generalized tonic‐clonic seizure។ ・អាការៈប្រកាច់ពេញរាងកាយ: Tonic‐clonic seizure, Tonic seizure, Atypical absence seizure, Myoclonic seizure, Cataplexy។ 
- 
                    កម្រិតប្រើប្រាស់ថ្នាំលេប: - មនុស្សពេញវ័យ:ចាប់ផ្ដើមលេបពីកម្រិត1ថ្ងៃ10mg រួចបង្កើនកម្រិតបន្តិចម្ដងៗទៅតាមរោគសញ្ញា។ កម្រិតប្រើជាប្រចាំគឺ1ថ្ងៃ 10~30mg បែងចែកជា1~3ដងក្នុង1ថ្ងៃ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា ប៉ុន្តែ កម្រិតអតិបរមាប្រើក្នុង1ថ្ងៃគឺ40mg។ - កុមារ:ចាប់ផ្ដើមលេបពីកម្រិត1ថ្ងៃ0.2mg/kg រួចបង្កើនកម្រិតបន្តិចម្ដងៗទៅតាមរោគសញ្ញា។ កម្រិតប្រើជាប្រចាំគឺ1ថ្ងៃ 0.2~0.8mg បែងចែកជា1~3ដងក្នុង1ថ្ងៃ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា ប៉ុន្តែ កម្រិតអតិបរមាប្រើក្នុង1ថ្ងៃគឺ1mg/kg។ 
- 
                    ហាមប្រើ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។ ・អ្នកដែលមានជំងឺខ្សោយការបញ្ជាលើសាច់ដុំធ្ងន់ធ្ងរ(Myasthenia gravis។ ・អ្នកដែលមានជំងឺក្លូកូមប្រភេទបិទជិទ(Angle-closure glaucoma)លក្ខណៈស្រួចស្រាវ។ 
- 
                    ផលរំខានផលរំខានរួមមាន ងងុយគេង វិលមុខ ទឹកមាត់ច្រើន ភ្នែកស្រវាំង បាត់បង់ចំណង់អាហារ ឡើងកន្ទួលក្រហម រមាស់ស្បែក ។ល។ ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។ - ក្រោយពេលបន្ថយបរិមាណឬឈប់ប្រើប្រាស់ឱសថ មានអារម្មណ៍មិនស្ងប់ឬគេងមិនលក់ ញ័រដៃជើង រវើរវាយ សាច់ដុំកន្ត្រាក់ (អាការៈញៀន) - ពិបាកដកដង្ហើម ដកដង្ហើមរាក់ៗ ដកដង្ហើមលឿនពេលកំពុងគេងលក់ (ផលប៉ះពាល់លើប្រព័ន្ធគ្រប់គ្រងដំណកដង្ហើម) - ក្តៅខ្លួន ស្នាមក្រហមឬពងទឹកលើស្បែក ភ្នែកក្រហម (ជំងឺនៃបណ្តុំរោគសញ្ញាលើស្បែកភ្នាសនិងភ្នែក(Muco-cutaneo-ocular syndrome ឬ StevensJohnson syndrome) ជំងឺស្លាប់កោសិកាស្បែក(TEN))។ 
- 
                    អន្តរប្រតិកម្មឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។ ・ឱសថដែលទប់ស្កាត់ប្រព័ន្ធប្រសាទកណ្ដាល (ឱសថប្រភេទPhenothiazine, ឱសថប្រភេទBarbiturate, ឱសថប្រភេទMonoamine oxidase inhibitors, គ្រឿងស្រវឹង) - អាចធ្វើអោយសកម្មភាពនៃឱសថទាំងសងខាងកើនឡើង។ ・ឱសថPhenytoin, ឱសថPhenobarbital, ឱសថCarbamazepine, ឱសថSodium valproate - អាចធ្វើអោយកំហាប់ក្នុងឈាមនៃឱសថទាំងនេះកើនឡើង និង កំហាប់ក្នុងឈាមនៃឱសថClobazamថយចុះ។ ・ឱសថStiripentol - អាចធ្វើអោយកំហាប់ក្នុងឈាមនៃឱសថClobazamកើនឡើង។ ・ឱសថCimetidine - អាចធ្វើអោយកំហាប់ក្នុងឈាមនៃឱសថClobazamកើនឡើង។ ・ឱសថដែលទប់ស្កាត់សកម្មភាពអង់ស៊ីមCYP3A4 (ឱសថRitonavir ជាដើម) - អាចធ្វើអោយកំហាប់ក្នុងឈាមនៃឱសថClobazamកើនឡើង។ ・ឱសថដែលទទួលប្រតិកម្មពីអង់ស៊ីមCYP3A4ជាចម្បង - អាចធ្វើអោយកំហាប់ក្នុងឈាមនៃឱសថទាំងសងខាងកើនឡើង។ ・ឱសថដែលទប់ស្កាត់សកម្មភាពអង់ស៊ីមCYP2C19 (ឱសថOmeprazole ជាដើម) - អាចធ្វើអោយកំហាប់ក្នុងឈាមនៃឱសថClobazamកើនឡើង។ ・ឱសថដែលទទួលប្រតិកម្មពីអង់ស៊ីមCYP2D6ជាចម្បង (Dextromethorphan ជាដើម)- អាចធ្វើអោយកំហាប់ក្នុងឈាមនៃឱសថDextromethorphanកើនឡើង។ 
- 
                    ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ គួរប្រើឱសថនេះក្នុងករណីចាំបាច់តែប៉ុណ្ណោះ។ ・ស្ត្រីបំបៅដោះកូន មិនគួរប្រើប្រាស់ឱសថនេះទេ ព្រោះសារធាតុឱសថអាចជ្រៀតចូលក្នុងទឹកដោះម្តាយ។ ប្រសិនបើចាំបាច់ត្រូវប្រើឱសថនេះ ស្ត្រីគួរផ្អាកការបំបៅបណ្តោះអាសន្នក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។ 
- 
                    ការប្រុងប្រយ័ត្នជាពិសេស・នៅក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ អាចធ្វើអោយកើតមានអាការៈដូចជា ងងុយគេង ពិបាកផ្ដុំអារម្មណ៍ ងាយធ្វេសប្រហែស ជាដើម ដូច្នេះ គួរចៀសវាងការបើកបររថយន្តឬបញ្ជាម៉ាស៊ីនដែលមានគ្រោះថ្នាក់។ ・គ្រឿងស្រវឹងអាចធ្វើអោយសកម្មភាពឬផលរំខានរបស់ឱសថកើនឡើង ដូច្នេះ គួរចៀសវាងការពិសាគ្រឿងស្រវឹងនៅក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។ 
- 
                    សកម្មភាពឱសថឱសថនេះមានសកម្មភាពភ្ញោចគ្រឿងទទួលបិនហ្ស៉ូដ្យាហ្សេភីន(Benzodiazepine or BZD receptor) ដែលស្ថិតនៅភ្ជាប់ជាមួយនឹងគ្រឿងទទួលហ្កាបាA(GABA A receptor) ដោយការភ្ញោចគ្រឿងទទួលបិនហ្ស៉ូដ្យាហ្សេភីននឹងភ្ញោចទៅដល់គ្រឿងទទួលហ្កាបាផងដែរ ធ្វើអោយប្រព័ន្ធសរសៃប្រសាទដែលបញ្ជូនសញ្ញាដោយសារធាតុហ្កាបាមានសកម្មភាពឡើង។ ជាលទ្ធផល សកម្មភាពក្នុងខួរក្បាលត្រូវបានកាត់បន្ថយ ហើយអាការៈនៃអារម្មណ៍មិនស្ងប់ គេងមិនលក់ ឬ សាច់ដុំកន្ត្រាក់ក៏អាចធូរស្បើយ។ 
 
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp
