Cisplatin
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
ប្រភេទឱសថ
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- អន្តរប្រតិកម្ម
- ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
- ការប្រុងប្រយ័ត្នជាពិសេស
- សកម្មភាពឱសថ
-
ប្រសិទ្ធិភាពព្យាបាល
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺមហារីកជាច្រើនប្រភេទ ដូចជា មហារីកពងស្វាស មហារីកប្លោកនោម មហារីកក្នុងតម្រងនោមនិងបំពង់នោម មហារីកក្រពេញប្រូស្តាត មហារីកក្រពេញអូវែរ មហារីកនៅផ្នែកក្បាលនិងក មហារីកសួតប្រភេទNon-small-cell lung carcinomaនិងប្រភេទSmall-cell lung carcinoma មហារីកបំពង់អាហារ មហារីកកស្បូនឬតួស្បូន មហារីកNeuroblastoma មហារីកក្រពះ ដុំសាច់មហារីកនៅឆ្អឹង មហារីកកោសិកាអំប្រ៊ីយ៉ុង(Germ cell tumors) មហារីកស្រទាប់ទ្រូង(Malignant pleural mesothelioma) មហារីកផ្លូវទឹកប្រមាត់ មហារីកឆ្អឹង មហារីកនៅប្រព័ន្ធទឹករងៃ(Malignant Lymphoma)ដែលរើឡើងវិញឬពិបាកព្យាបាល ដុំសាច់មហារីកកើតនៅលើកុមារ មហារីកថ្លើម។ល។
-
កម្រិតប្រើប្រាស់
សូមពិនិត្យព័ត៌មានលម្អិតនៅក្នុងបរិយាយប័ណ្ណនៃឱសថនីមួយៗ។
-
ហាមប្រើ
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ ឬ ឱសថដែលមានផ្ទុកសារធាតុប្លាទីន(Pt)ផ្សេងទៀត។
・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ។
・អ្នកដែលមានជំងឺតម្រងនោមធ្ងន់ធ្ងរ។
ជាគោលការណ៍ អ្នកជំងឺដូចខាងក្រោមនេះមិនគួរប្រើឱសថនេះទេ។ ប្រសិនបើចាំបាច់ត្រូវប្រើ ត្រូវតាមដានផលរំខានឱសថអោយបានដិតដល់។
・<ករណីប្រើឱសថនេះនៅក្នុងការព្យាបាលជំងឺមហារីកថ្លើម> អ្នកដែលមានការខូចខាតថ្លើមដល់កម្រិតC (ត្រូវនឹងល័ក្ខខ័ណ្ឌខាងក្រោមចាប់ពី2ឡើងទៅ: ការព្យាបាលរោគសញ្ញាទឹកដក់ក្នុងពោះមិនសូវមានប្រសិទ្ធិភាព កម្រិតប៊ីលីរូប៊ីនក្នុងឈាមលើសពី3.0mg/dL កម្រិតអាល់ប៊ុយមីនក្នុងឈាមក្រោម3.0g/dL ICGR15 កម្រិតសកម្មភាពនៃPTក្រោម50%)។
-
ផលរំខាន
ផលរំខានរួមមាន ក្អួតចង្អោរ បាត់បង់ចំណង់អាហារ អស់កម្លាំង ជ្រុះរោមឬសក់ ក្ដៅច្រាល អាការៈខ្វះឈាម រាករូស ដំបៅក្នុងមាត់ ក្ដៅខ្លួន។ល។
ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។
- បរិមាណទឹកនោមថយចុះ ហើមមុខនិងដៃជើង ឈឺក្បាល (មុខងារតម្រងនោមថយចុះ)
- អាការៈខ្វះឈាម ក្ដៅខ្លួន ងាយហូរឈាម (ប៉ះពាល់មុខងារផលិតគ្រាប់ឈាមរបស់ខួរឆ្អឹង)
- ឡើងកន្ទួលក្រហម ទឹកមុខស្លេកស្លាំង ហើម ពិបាកដកដង្ហើម (រោគប្រតិកម្មធ្ងន់ធ្ងរ)
- ស្តាប់សម្លេងមិនសូវលឺ ហ៊ឹងត្រចៀក (ប៉ះពាល់សោតវិញាណ)
- ភ្នែកមើលមិនសូវច្បាស់ ផ្នែកដែលមើលឃើញរួមតូច (ប៉ះពាល់សរសៃចក្ខុវិញាណ)
- ស្មារតីដឹងខ្លួនធ្លាក់ចុះ ស្ពឹកដៃជើង (ស្ទះឬត្បៀតសរសៃឈាមក្នុងខួរក្បាល)
- ងាយចេញឈាម ពិបាកបញ្ចេញទឹកនោម មានស្នាមជាំពណ៌ស្វាយលើស្បែក (ជំងឺHemolytic uremic syndrome, HUS)
- បេះដូងលោតញាប់ ដង្ហក់ ឈឺទ្រូង ពិបាកដកដង្ហើម (ស្ទះឬត្បៀតសរសៃឈាមក្នុងបេះដូង មុខងារបេះដូងចុះខ្សោយ ចង្វាក់បេះដូងខុសប្រក្រតី)
- វិលមុខ ភ្នែកនិងស្បែកប្រែពណ៌លឿង (ជំងឺខ្វះឈាមប្រភេទHemolytic anemia)
- ក្ដៅខ្លួន ក្អកស្ងួត ពិបាកដកដង្ហើម (ជំងឺរលាកសួតប្រភេទInterstitial pneumonia)
- ភ្នែកនិងស្បែកប្រែពណ៌លឿង អស់កម្លាំង បាត់បង់ចំណង់អាហារ (រលាកថ្លើម មុខងារថ្លើមធ្លាក់ចុះ ខាន់លឿង)
- ឈឺពោះខ្លាំង បត់ជើងមានឈាម លាមកពណ៌ខ្មៅ (ជំងឺហូរឈាមនៅតាមបំពង់រំលាយអាហារ ជំងឺដំបៅក្រពះឬពោះវៀន)
- ឈឺផ្នែកខាងលើនៃពោះខ្លាំង (ជំងឺរលាកលំពែងស្រួចស្រាវ)
- ស្ងួតក ផឹកទឹកច្រើន នោមច្រើន ឆាប់ហត់ (ជាតិស្ករក្នុងឈាមកើនឡើង)
- ឈឺសាច់ដុំនៅដៃនិងជើង គ្មានកម្លាំងនៅសាច់ដុំ ទឹកនោមពណ៌ក្រហមត្នោត (ជំងឺរលាយសាច់ដុំ(Rhabdomyolysis))
- វិលមុខពេលដើរ រឹងអណ្ដាត សាច់ដុំកន្ត្រាក់ ភ្នែកមើលមិនសូវច្បាស់ (ជំងឺLeukoencephalopathy)
- ពិបាកនោម សាច់ដុំកន្ត្រាក់ បាត់បង់ស្មារតី (បណ្ដុំរោគសញ្ញានៃការបញ្ចេញអរម៉ូនទប់ស្កាត់ការបញ្ចេញទឹកនោមខុសប្រក្រតី(Syndrome of inappropriate secretion of antidiuretic hormone))
- អាការៈខ្វះឈាមកើតមាននៅរយៈពេល1ទៅ4ថ្ងៃបន្ទាប់ពីការចាក់បញ្ចូលឱសថ (រោគសញ្ញានៃចំនួនប្លាកែតថយចុះ)។
-
អន្តរប្រតិកម្ម
ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។
・ឱសថប្រឆាំងមហារីកផ្សេងទៀតឬការព្យាបាលដោយវិទ្យុសកម្ម - អាចធ្វើអោយផលរំខានទាក់ទងនឹងខួរឆ្អឹងងាយកើតឡើង។
・ឱសថPaclitaxel - អាចធ្វើអោយផលរំខានទាក់ទងនឹងខួរឆ្អឹងកើនឡើង។ ករណីប្រើរួមគ្នា គួរប្រើឱសថPaclitaxelមុនពេលប្រើឱសថCisplatin។ ម្យ៉ាងទៀត ការប្រើរួមគ្នាអាចប៉ះពាល់ដល់ប្រព័ន្ធសរសៃប្រសាទនៅដៃជើង។
・ឱសថប្រឆាំងបាក់តេរីប្រភេទAminoglycoside, ឱសថVancomycin, ឱសថAmphotericin B, ឱសថFurosemide - អាចផ្ដល់ផលប៉ះពាល់ដល់តម្រងនោមនិងត្រចៀក។
・ការប្រើវិទ្យុសកម្មទៅលើផ្នែកក្បាល - អាចផ្ដល់ផលប៉ះពាល់ដល់ត្រចៀក។
・ឱសថPiretanide - អាចផ្ដល់ផលប៉ះពាល់ដល់ត្រចៀក។
・ឱសថPhenytoin - អាចធ្វើអោយកំហាប់ក្នុងឈាមនៃPhenytoinធ្លាក់ចុះ។
-
ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ មិនត្រូវប្រើឱសថនេះទេ ព្រោះអាចប៉ះពាល់ដល់ទារកក្នុងផ្ទៃ។
・ស្ត្រីបំបៅដោះកូន មិនគួរប្រើប្រាស់ឱសថនេះទេ ព្រោះសារធាតុឱសថអាចជ្រៀតចូលក្នុងទឹកដោះម្តាយ។ ប្រសិនបើចាំបាច់ត្រូវប្រើឱសថនេះ ស្ត្រីគួរផ្អាកការបំបៅបណ្តោះអាសន្នក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។
-
ការប្រុងប្រយ័ត្នជាពិសេស
・ជាទូទៅ ដើម្បីការពារតម្រងនោមពីផលប៉ះពាល់ គួរធ្វើការព្យួរសេរ៉ូមបំពេញជាតិទឹកដល់អ្នកជំងឺមុននិងក្រោយពេលចាក់បញ្ចូលឱសថនេះ។ ម្យ៉ាងទៀត ក្នុងអំឡុងពេលបញ្ចូលឱសថនេះទៅក្នុងរាងកាយ គេអាចប្រើឱសថបញ្ចុះទឹកនោមដូចជាMannitolឬFurosemideជាដើម ដើម្បីរក្សាបរិមាណនៃការបញ្ចេញទឹកនោម។
・ដើម្បីបង្ការអាការៈចង់ក្អួត អ្នកជំងឺអាចប្រើថ្នាំបំបាត់ក្អួតមុននឹងទទួលឱសថនេះ។
・ប្រសិនបើសារធាតុថ្នាំប៉ះត្រូវស្បែក ត្រូវប្រញាប់លាងសម្អាតចេញដោយប្រើសាប៊ូនិងទឹកច្រើន។
・សារធាតុឱសថនេះអាចមានប្រតិកម្មជាមួយនឹងធាតុអាលុយមីញ៉ូម ដូច្នេះ គួរចៀសវាងប្រើប្រាស់ឧបករណ៍ពេទ្យដែលធ្វើអំពីអាលុយមីញ៉ូមជាមួយនឹងឱសថនេះ។ ម្យ៉ាងទៀត មិនត្រូវលាយឱសថនេះជាមួយឱសថប្រឆាំងមហារីកផ្សេងទៀតនោះទេ។
・ជាទូទៅ គេកំណត់កម្រិតប្រើប្រាស់នៃឱសថនេះទៅតាមផ្ទៃស្រទាប់ខាងក្រៅនៃរាងកាយ(Body surface area)របស់អ្នកជំងឺ។
-
សកម្មភាពឱសថ
ឱសថនេះមានសកម្មភាពភ្ជាប់ទៅនឹងDNAនៅក្នុងកោសិកាមហារីក ដើម្បីបង្អាក់ដំណើរការផលិតDNAដែលចាំបាច់សម្រាប់ការបំបែកខ្លួន(ការកើនចំនួន)នៃកោសិកាមហារីក។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp