Chlorpropamide
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- អន្តរប្រតិកម្ម
- ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
- ការប្រុងប្រយ័ត្នជាពិសេស
- សកម្មភាពឱសថ
-
ប្រសិទ្ធិភាពព្យាបាល
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺទឹកនោមផ្អែមប្រភេទមិនពឹងផ្អែកលើអាំងស៊ុយលីន។
-
កម្រិតប្រើប្រាស់
ថ្នាំលេប:
លេប1ថ្ងៃ1ដង100~125mg ពេលព្រឹក(មុនឬក្រោយពេលបរិភោគអាហារ)។ អាចបង្កើនកម្រិតប្រើប្រាស់ទៅតាមការចាំបាច់ ដោយកម្រិតអតិបរមាប្រើក្នុង1ថ្ងៃគឺ500mg។
-
ហាមប្រើ
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ ឬ ឱសថប្រភេទSulfonamide។
・អ្នកដែលកំពុងមានរោគសញ្ញានៃការកើនឡើងសារធាតុកេតូននៅក្នុងរាងកាយ(Ketosis)ធ្ងន់ធ្ងរ ឬ ស្ថិតក្នុងស្ថានភាពបាត់បង់ស្មារតីដោយសារជំងឺទឹកនោមផ្អែម ឬ អ្នកដែលមានជំងឺទឹកនោមផ្អែមប្រភេទពឹងផ្អែកលើអាំងស៊ុយលីន(ជំងឺទឹកនោមផ្អែមប្រភេទទី1ជាដើម)។
・អ្នកដែលមានជំងឺថ្លើមឬតម្រងនោមធ្ងន់ធ្ងរ។
・អ្នកដែលកំពុងមានជំងឺឆ្លងធ្ងន់ធ្ងរ ឬ ស្ថិតនៅមុននិងក្រោយពេលវះកាត់ ឬ កំពុងមានរបួសធ្ងន់ធ្ងរ។
・អ្នកដែលកំពុងមានបញ្ហាក្រពះឬពោះវៀន ដូចជា រាករូស ក្អួតចង្អោរ ជាដើម។
・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ។
-
ផលរំខាន
ផលរំខានរួម ឡើងកន្ទួលក្រហម អារម្មណ៍មិនស្រួលក្នុងពោះ ស្បែកងាយប្រតិកម្មទៅនឹងពន្លឺព្រះអាទិត្យ សីតុណ្ហភាពក្នុងខ្លួនធ្លាក់ចុះ អស់កម្លាំង បាត់បង់ចំណង់អាហារ។ល។
ប្រសិនបមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។
- អស់កម្លាំង អារម្មណ៍ឃ្លានខ្លាំង បែកញើស (កម្រិតជាតិស្ករក្នុងឈាមចុះទាបខ្លាំង)
- ឈឺបំពង់ក ពិបាកដកដង្ហើម ដំបៅក្នុងមាត់ (ជំងឺខ្វះឈាមប្រភេទAplastic anemia, ជំងឺAgranulocytosis)។
-
អន្តរប្រតិកម្ម
ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។
・ឱសថព្យាបាលជំងឺទឹកនោមផ្អែមផ្សេងទៀត - អាចធ្វើអោយកម្រិតជាតិស្ករក្នុងឈាមចុះទាបខ្លាំង។
・ឱសថប្រភេទSalicylic acid (Aspirin, Sasapyrineជាដើម) - អាចធ្វើអោយកម្រិតជាតិស្ករក្នុងឈាមចុះទាបខ្លាំង។
・ឱសថProbenecid, ឱសថWarfarin, ឱសថNaproxen, ឱសថPhenylbutazone, ឱសថប្រភេទBeta blockers(Propranolol, Atenolol, Pindololជាដើម), ឱសថទប់ស្កាត់សកម្មភាពអង់ស៊ីមMAO (Selegiline ជាដើម), ឱសថប្រភេទSulfonamides, ឱសថChloramphenicol, ឱសថប្រឆាំងបាក់តេរីប្រភេទTetracycline, ឱសថបញ្ចុះខ្លាញ់ប្រភេទFibrates(Bezafibrate, Clofibrateជាដើម), ឱសថប្រឆាំងមេរោគផ្សិតប្រភេទAzole(Fluconazoleជាដើម), ឱសថAllopurinol - អាចធ្វើអោយកម្រិតជាតិស្ករក្នុងឈាមចុះទាបខ្លាំង។
・ឱសថAdrenalin, ឱសថស្តេរ៉ូអ៊ីត(Prednisolone, Triamcinolone, Hydrocortisoneជាដើម), ឱសថនៃក្រពេញទីរ៉ូអ៊ីត(Levothyroxineជាដើម), ឱសថប្រភេទអរម៉ូនEstradiol, ឱសថបញ្ចុះទឹកនោម, ឱសថPyrazinamide, ឱសថIsoniazid, ឱសថNicotinic acid, ឱសថប្រភេទPhenothiazines - អាចធ្វើអោយប្រសិទ្ធិភាពបញ្ចុះកម្រិតជាតិស្ករក្នុងឈាមថយចុះ។
-
ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ មិនត្រូវប្រើប្រាស់ឱសថនេះទេ ព្រោះអាចប៉ះពាល់ដល់ទារកក្នុងផ្ទៃ។
・ស្ត្រីបំបៅដោះកូន មិនគួរប្រើប្រាស់ឱសថនេះទេ ព្រោះសារធាតុឱសថអាចជ្រៀតចូលក្នុងទឹកដោះម្តាយ។ ប្រសិនបើចាំបាច់ត្រូវប្រើឱសថនេះ ស្ត្រីគួរផ្អាកការបំបៅបណ្តោះអាសន្នក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។
-
ការប្រុងប្រយ័ត្នជាពិសេស
・ការប្រើប្រាស់ឱសថនេះគឺសម្រាប់អ្នកដែលបានអនុវត្តការគ្រប់គ្រងរបបអាហារនិងលំហាត់ប្រាណសមស្របហើយប៉ុន្តែនៅមិនអាចទទួលបានប្រសិទ្ធិភាពគ្រប់គ្រាន់ក្នុងការគ្រប់គ្រងជាតិស្ករក្នុងឈាមតែប៉ុណ្ណោះ។ ម្យ៉ាងទៀត អ្នកជំងឺគួរបន្តអនុវត្តការគ្រប់គ្រងរបបអាហារនិងលំហាត់ប្រាណអោយបានសមស្រប ក្នុងអំឡុងពេលនៃការប្រើប្រាស់ឱសថនេះ។
・អ្នកដែលងាយទទួលរងនូវផលរំខាននៃឱសថ ធ្វើអោយកម្រិតជាតិស្ករក្នុងឈាមចុះទាបខ្លាំង ៖
(1) អ្នកដែលមានជំងឺថ្លើមឬតម្រងនោម
(2) អ្នកដែលមានមុខងារក្រពេញPituitary glandឬក្រពញAdrenal glandចុះខ្សោយ
(3) អ្នកដែលមិនបរិភោគអាហារឬបរិភោគអាហារមិនទៀងពេលវេលាឬមិនមានតុល្យភាពក្នុងរបបអាហារ
(4) អ្នកដែលធ្វើលំហាត់ប្រាណខ្លាំងក្លា
(5) អ្នកដែលពិសារគ្រឿងស្រវឹងច្រើន
(6) មនុស្សចាស់
(7) អ្នកដែលកំពុងប្រើប្រាស់ឱសថដែលមានឥទ្ធិពលបញ្ចុះជាតិស្ករក្នុងឈាមផ្សេងទៀត។
・នៅពេលកើតមានអាការៈផ្សេងៗដោយសារកម្រិតជាតិស្ករចុះទាបខ្លាំង គួរបរិភោគស្ករឬទឹកផ្លែឈើក្នុងបរិមាណសមស្របដើម្បីបង្កើនជាតិស្ករក្នុងឈាមឡើងវិញ។ ម្យ៉ាងទៀត អ្នកជំងឺគួរប្រុងប្រយ័ត្ននៅពេលបើកបរឬបញ្ជាម៉ាស៊ីនដែលមានគ្រោះថ្នាក់។
・នៅពេលប្រើរួមជាមួយនឹងឱសថបញ្ចុះទឹកនោម ប្រភេទសាយអឺហ្ស៉ាយ (Thiazide diuretics) ត្រូវប្រុងប្រយ័ត្នចំពោះផលរំខានធ្វើអោយកម្រិតសូដ្យូម(Na)ក្នុងឈាមចុះទាប។
-
សកម្មភាពឱសថ
ឱសថនេះមានប្រសិទ្ធិភាពភ្ជាប់ទៅនឹងគ្រឿងទទួលSulfonylurea receptorនៅក្នុងកោសិកាβរបស់ក្រពេញលំពែងដើម្បីភ្ញោចកោសិកានេះអោយបញ្ចេញអរម៉ូនអាំងស៊ុយលីន ដែលជាអរម៉ូនមានតួនាទីបញ្ចុះជាតិស្ករក្នុងឈាម។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp