Chloramphenicol

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ផលរំខាន
    • អន្តរប្រតិកម្ម
    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
    • ការប្រុងប្រយ័ត្នជាពិសេស
    • សកម្មភាពឱសថ
    • ប្រសិទ្ធិភាពព្យាបាល

      ករណីថ្នាំលេប:

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺបណ្តាលមកពីបាក់តេរី រួមមានដូចជា ជំងឺឆ្លងនៅស្រទាប់លើនៃស្បែក ជំងឺឆ្លងនៅស្រទាប់ជ្រៅនៃស្បែក ជំងឺរលាកកូនកណ្ដុរនិងសរសៃទឹករងៃ ជំងឺខ្ទុះលើស្បែករ៉ាំរ៉ៃ ជំងឺឆ្លងមេរោគបណ្ដាលមកពីរបួសក្រៅឬការរលាកភ្លើងឬការវះកាត់ ជំងឺរលាកក្រពេញទឹកដោះ ជំងឺរលាកខួរឆ្អឹង ជំងឺរលាកបំពង់កនិងបំពង់សម្លេង ជំងឺរលាកក្រពេញអាមីដាល់ ជំងឺរលាកទងសួតស្រួចស្រាវ ជំងឺរលាកសួត ជំងឺខ្ទុះក្នុងសួត(Pulmonary abscess) ជំងឺខ្ទុះក្នុងទ្រូង ជំងឺឆ្លងមេរោគបណ្ដាលមកពីជំងឺផ្លូវដង្ហើមរ៉ាំរ៉ៃ ជំងឺរលាកប្លោកនោម ជំងឺរលាកតម្រងនោមប្រភេទPyelonephritis ជំងឺរលាកបង្ហួរនោម ជំងឺប្រម៉េះ(Gonorrhea) ជំងឺChancroid ជំងឺVenereal lymphogranuloma(ជំងឺLymphogranulomatosis inguinalis) ជំងឺរលាកស្រោមពោះ ជំងឺរលាកពោះវៀនដោយសារឆ្លងមេរោគ ជំងឺគ្រុនពោះវៀន(Typhoid fever) ជំងឺParatyphoid fever ជំងឺឆ្លងមេរោគក្នុងស្បូន ជំងឺរលាកដៃស្បូននិងក្រពេញអូវែរ(Adnexitis) ជំងឺរលាកថង់ទឹកភ្នែក ជំងឺរលាកកញ្ចក់ភ្នែក(Keratitis) ជំងឺរលាកផ្នែកកណ្ដាលនៃត្រចៀក(Otitis media) ជំងឺរលាកឆ្អឹងសងខាងច្រមុះ(Sinusitis) ជំងឺរលាកជាលិកាជុំវិញធ្មេញ ជំងឹអុតក្ដាម(Scarlet fever) ជំងឺក្អកមាន់(Whooping cough ឬ Pertussis) ជំងឺទន្សាយព្រៃ(Rabbit feverឬTularemia) ជំងឺGas gangrene ជំងឺEpidemic typhus ជំងឺMurine typhus ជំងឺTsutsugamushi diseaseឬScrub typhus។

      ករណីថ្នាំប្រភេទជាសូលុយស្យុងប្រើនៅក្រៅរាងកាយ:

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺបណ្តាលមកពីបាក់តេរី ដូចជា ជំងឺឆ្លងបាក់តេរីនៅលើស្រទាប់លើនៃស្បែក ជំងឺឆ្លងបាក់តេរីនៅលើស្រទាប់ជ្រៅនៃស្បែក ជំងឺខ្ទុះលើស្បែករ៉ាំរ៉ៃ ជំងឺឆ្លងបាក់តេរីដោយសាររបួស ការរលាក ការវះកាត់ឬដំបៅ ជំងឺរលាកផ្នែកខាងក្រៅឬផ្នែកកណ្តាលនៃត្រចៀក ជំងឺរលាកផ្នែកខាងក្នុងច្រមុះ(Sinusitis) ជំងឺឆ្លងបាក់តេរីដោយសារការដកធ្មេញឬការវះកាត់ក្នុងមាត់ ។ល។

      ករណីថ្នាំលាបលើស្បែក:

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺបណ្តាលមកពីបាក់តេរី ដូចជា ជំងឺឆ្លងបាក់តេរីនៅលើស្រទាប់លើនៃស្បែក ជំងឺឆ្លងបាក់តេរីនៅលើស្រទាប់ជ្រៅនៃស្បែក ជំងឺខ្ទុះលើស្បែករ៉ាំរ៉ៃ ជំងឺឆ្លងបាក់តេរីដោយសាររបួស ការរលាក ការវះកាត់ឬដំបៅ។ល។

      ករណីថ្នាំសុលតាមទ្វារមាស:

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺរលាកទ្វារមាសបណ្តាលមកពីបាក់តេរី

      ករណីថ្នាំបន្តក់ភ្នែក:

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺបណ្តាលមកពីបាក់តេរី ដូចជា រលាកត្របកភ្នែក រលាកថង់ទឹកភ្នែក រលាកក្រពេញខ្លាញ់នៅត្របកភ្នែក(Stye) រលាកផ្នែកសនៃភ្នែក(Conjunctivitis) រលាកកញ្ចក់ភ្នែក(Keratitis)(រួមទាំងជំងឺដំបៅកញ្ចក់ភ្នែក)។

      ករណីថ្នាំប្រើនៅត្រចៀក:

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺរលាកផ្នែកខាងក្រៅនិងផ្នែកកណ្តាលនៃត្រចៀក។

    • កម្រិតប្រើប្រាស់

      ករណីថ្នាំលេប:

      - មនុស្សពេញវ័យ:លេប 1ថ្ងៃ 1.5~2g បែងចែកជា3~4ដងក្នុង1ថ្ងៃ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។

      - កុមារ:លេប1ថ្ងៃ30~50mg/kg បែងចែកជា3~4ដងក្នុង1ថ្ងៃ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។

      ករណីថ្នាំប្រភេទជាសូលុយស្យុងប្រើនៅក្រៅរាងកាយ:

      ចំពោះការប្រើនៅលើស្បែកនិងការវះកាត់ ត្រូវប្រើនៅលើផ្នែកដែលមានរបួសដោយផ្ទាល់ឬជ្រលក់នឹងស្បៃឬសំឡី។ ចំពោះការប្រើនៅក្នុងត្រចៀកឬច្រមុះ ប្រើក្នុងកំហាប់0.5~1% បន្តក់នៅផ្នែកដែលមានបញ្ហា1ថ្ងៃ1~ច្រើនដង។ ចំពោះការប្រើនៅក្នុងមាត់ ចាក់បញ្ចូលទៅក្នុងផ្នែកដែលមានបញ្ហាដោយផ្ទាល់ឬដោយប្រើស្បៃឬសំឡី។

      ករណីថ្នាំលាបលើស្បែក:

      លាបលើរបួស 1ថ្ងៃ 1ដងឬច្រើនជាងនេះ។ លាបដោយផ្ទាល់ឬលាបលើស្បៃរួចគ្របលើរបួស។

      ករណីថ្នាំសុលតាមទ្វារមាស:

      ប្រើ 1ថ្ងៃ 1ដង 100mg។

      ករណីថ្នាំបន្តក់ភ្នែក(0.5%):

      ប្រើ 1ថ្ងៃ 1~ច្រើនដង បន្តក់ក្នុងភ្នែក។

      ករណីថ្នាំប្រើនៅត្រចៀក(0.5%):

      ប្រើនៅផ្នែករលាកនៃត្រចៀក (ផ្នែកក្រៅនិងផ្នែកកណ្ដាល) 1ថ្ងៃ1ដងឬច្រើនជាងនេះ ទៅតាមស្ថានភាពជំងឺ។

    • ហាមប្រើ

      ករណីថ្នាំលេប:

      ・អ្នកដែលមានជំងឺទាក់ទងនឹងប្រព័ន្ធផលិតគ្រាប់ឈាមក្នុងរាងកាយ (ផលរំខានរបស់ឱសថអាចធ្វើអោយមានគ្រោះថ្នាក់ដល់ជីវិតរបស់អ្នកជំងឺ)

      ・ទារកដែលកើតមិនគ្រប់ទម្ងន់និងទារកទើបកើត (អាចបង្កអោយកើតមានបណ្តុំរោគសញ្ញាGray Syndromeធ្ងន់ធ្ងរ)

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។

      ・អ្នកជំងឺដែលកំពុងប្រើប្រាស់ឱសថដែលអាចបង្កផលប៉ះពាល់ដល់មុខងាររបស់ខួរឆ្អឹង(ឱសថប្រឆាំងមហារីក ជាដើម)។

      ករណីថ្នាំប្រភេទជាសូលុយស្យុង ថ្នាំលាប និង ថ្នាំសុលតាមទ្វារមាស

      អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។

      ករណីថ្នាំបន្តក់ភ្នែក និង ថ្នាំប្រើនៅត្រចៀក:

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។

    • ផលរំខាន

      ករណីថ្នាំលេប:

      ផលរំខានរួមមានរោគប្រតិកម្មដូចជាឡើងកន្ទួលក្រហម រមាស់។ល។

      ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។

      - ឈាមច្រមុះ ចេញឈាមតាមអញ្ចាញធ្មេញ ស្នាមជាំលើស្បែក (ជំងឺខ្វះឈាមប្រភេទAplastic anemia)

      - ហើមពោះ ក្អួត រាករូស (Gray Syndrome)

      - ស្រវាំងភ្នែក គំហើញធ្លាក់ចុះ ស្ពឹកដៃជើង (រលាកសរសៃចក្ខុវិញាណ រលាកសរសៃវិញាណតាមអវៈយវៈ)

      ករណីថ្នាំប្រភេទជាសូលុយស្យុងនិងថ្នាំលាប:

      ផលរំខានរួមមាន ឡើងកន្ទួលក្រហម រលាកស្បែក ។ល។

      ករណីថ្នាំសុលតាមទ្វារមាស:

      ផលរំខានរួមមាន ឡើងកន្ទួលក្រហម រមាស់ ស្បែកក្រហមដោយកន្លែង ដំបៅ ។ល។

      ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។

      ・ពិបាកដកដង្ហើម ឡើងកន្ទួលក្រហម សម្ពាធឈាមធ្លាក់ចុះ (រោគប្រតិកម្មធ្ងន់ធ្ងរ)

      ករណីថ្នាំបន្តក់ភ្នែក:

      ផលរំខានរួមមាន រលាកស្បែក(រមាស់ស្បែក ពងទឹកលើស្បែក) ល្វីងក្នុងមាត់ ។ល។

      ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។

      - រោគសញ្ញាខ្វះឈាម ក្ដៅខ្លួន ងាយហូរឈាម (មុខងារផលិតខួរឆ្អឹង)។

      ករណីថ្នាំប្រើក្នុងត្រចៀក:

      ផលរំខានរួមមាន រលាកស្បែក អាការៈប្រតិកម្ម ។ល។

    • អន្តរប្រតិកម្ម

      ករណីថ្នាំលេប:

      ・ឱសថដែលអាចបង្កផលប៉ះពាល់ដល់មុខងាររបស់ខួរឆ្អឹង(ឱសថប្រឆាំងមហារីក ជាដើម) - ផលប៉ះពាល់កាន់តែធ្ងន់ធ្ងរ ដូច្នេះហាមប្រើរួមគ្នា។

      ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។

      ・ថ្នាំប្រឆាំងកំណកឈាមWarfarin - សកម្មភាពWarfarinកើនឡើង

      ・ថ្នាំបញ្ចុះជាតិស្ករក្នុងឈាមប្រភេទSulfonylurea (Tolbutamide, Chlorpropamide ជាដើម) ប្រភេទSulfonamide(Glybuzoleជាដើម) ប្រភេទអាំងស៊ុយលីន - អាចធ្វើអោយជាតិស្ករក្នុងឈាមធ្លាក់ចុះខ្លាំង

      ・ឱសថRifampicin - អាចធ្វើអោយកម្រិតឱសថChloramphenicolក្នុងឈាមថយចុះ

      ・ឱសថCyclophosphamide hydrate - អាចធ្វើអោយប្រសិទ្ធិភាពឱសថCyclophosphamide hydrateថយចុះ

      ・ឱសថMethotrexate - អាចធ្វើអោយសកម្មភាពរបស់Methotrexateកើនឡើង

      ・ឱសថប្រភេទBarbiturate(Phenobarbitalជាដើម) - អាចធ្វើអោយប្រសិទ្ធិភាពឱសថCyclophosphamideថយចុះ

      ・ឱសថCyclosporine - អាចធ្វើអោយកម្រិតឱសថCyclosporineក្នុងឈាមកើនឡើង

    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន

      លើកលែងករណីថ្នាំបន្តក់ភ្នែក និង ថ្នាំប្រើនៅត្រចៀក:

      ・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ គួរប្រើឱសថនេះក្នុងករណីចាំបាច់តែប៉ុណ្ណោះ។

      ・ស្ត្រីបំបៅដោះកូន មិនគួរប្រើប្រាស់ឱសថនេះទេ ព្រោះសារធាតុឱសថអាចជ្រៀតចូលក្នុងទឹកដោះម្តាយ។ ប្រសិនបើចាំបាច់ត្រូវប្រើឱសថនេះ ស្ត្រីគួរផ្អាកការបំបៅបណ្តោះអាសន្នក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។

    • ការប្រុងប្រយ័ត្នជាពិសេស

      ・មិនត្រូវប្រើប្រាស់ឱសថនេះជាប្រចាំយូរអង្វែងនោះទេ។

    • សកម្មភាពឱសថ

      ជាឱសថប្រឆាំងបាក់តេរីប្រភេទក្លរ៉ាមហ្វេនីកូល(Chloramphenicol antibiotics) ដោយមានប្រសិទ្ធិភាពបង្អាក់សកម្មភាពបង្កើតប្រូតេអ៊ីនរបស់បាក់តេរី ដើម្បីបន្ថយសកម្មភាពបង្កជំងឺរបស់បាក់តេរី។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp