Carteolol hydrochloride

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ផលរំខាន
    • អន្តរប្រតិកម្ម
    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
    • ការប្រុងប្រយ័ត្នជាពិសេស
    • សកម្មភាពឱសថ
    • ប្រសិទ្ធិភាពព្យាបាល

      ករណីថ្នាំលេប:

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម ៖

      - ជំងឺលើសសម្ពាធឈាមដែលគ្មានជំងឺផ្សេងជាដើមហេតុ (កម្រិតស្រាល~កម្រិតមធ្យម)

      - ជំងឺដែលមានរោគសញ្ញាដូចជំងឺបេះដូងប៉ុន្តែពិនិត្យមិនឃើញភាពខុសប្រក្រតីនៃបេះដូង(Cardiac neurosis)

      - ជំងឺចង្វាក់បេះដូងខុសប្រក្រតី(Arrhythmia) (ជំងឺចង្វាក់បេះដូងកើនឡើងដោយសារបញ្ហាបញ្ជូនសញ្ញា ជំងឺចង្វាក់បេះដូងខុសប្រក្រតីប្រភេទចង្វាក់បេះដូងកើនឡើង ជំងឺបេះដូងកន្ត្រាក់ខុសចង្វាក់កើតឡើងនៅផ្នែកខាងលើនៃថតក្រោមឬនៅថតក្រោមនៃបេះដូង)

      - ជំងឺត្បៀតសរសៃឈាមក្នុងបេះដូង(Angina pectoris)

      - អាការៈខៀវស្វាយ(Cyanosis)ចំពោះកុមារដែលមានជំងឺខូចទ្រង់ទ្រាយបេះដូងពីកំណើតម្យ៉ាងហៅថាជំងឺTetralogy of Fallot (TOF)។

      ករណីថ្នាំបន្តក់ភ្នែក:

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺក្លូកូម(Glaucoma) និង អាការៈសម្ពាធភ្នែកកើនឡើង។

    • កម្រិតប្រើប្រាស់

      ករណីថ្នាំលេប:

      <ប្រភេទរយៈពេលសកម្មភាពធម្មតា>

      មនុស្សពេញវ័យ:ចាប់ផ្ដើមលេបពីកម្រិត1ថ្ងៃ10~15mg បែងចែកជា2~3ដងក្នុង1ថ្ងៃ។ ករណីប្រសិទ្ធិភាពមិនគ្រប់គ្រាន់ អាចបង្កើនកម្រិតដល់1ថ្ងៃ30mg។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។ ករណីអាការៈខៀវស្វាយ(Cyanosis)ចំពោះកុមារដែលមានជំងឺខូចទ្រង់ទ្រាយបេះដូងពីកំណើតម្យ៉ាងហៅថាជំងឺTetralogy of Fallot (TOF) លេប1ថ្ងៃ0.2~0.3mg/kg (ថ្នាំម្សៅ0.2%ត្រូវនឹង0.1~0.15g/kg) បែងចែកជា2ដងក្នុង1ថ្ងៃ ពេលព្រឹកនិងពេលល្ងាច។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។

      <ប្រភេទរយៈពេលសកម្មភាពវែង(LA)>

      ករណីជំងឺលើសសម្ពាធឈាមដែលគ្មានជំងឺផ្សេងជាដើមហេតុ (កម្រិតស្រាល~កម្រិតមធ្យម):មនុស្សពេញវ័យ លេប1ថ្ងៃ1ដង15mg ក្រោយអាហារពេលព្រឹក។ ករណីប្រសិទ្ធិភាពមិនគ្រប់គ្រាន់ អាចបង្កើនកម្រិតដល់1ថ្ងៃ30mg។

      ករណីថ្នាំបន្តក់ភ្នែក (1%, 2%):

      <ប្រភេទធម្មតា>

      បន្តក់1ដង1តំណក់ 1ថ្ងៃ2ដង។

      <ប្រភេទLA>

      បន្តក់1ដង1តំណក់ 1ថ្ងៃ1ដង។

    • ហាមប្រើ

      ករណីថ្នាំលេប:

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។

      ・អ្នកដែលមានជំងឺហឺត ឬ អ្នកដែលអាចនឹងកើតមានអាការៈកន្ត្រាក់ទងសួត។

      ・អ្នកដែលកំពុងមានរោគសញ្ញានៃការកើនឡើងសារធាតុកេតូននៅក្នុងរាងកាយ(Ketosis)ដោយសារជំងឺទឹកនោមផ្អែម ឬ រោគសញ្ញានៃការកើនឡើងកម្រិតអាស៊ីតនៅក្នុងឈាមដោយសារមេតាបូលីស(Metabolic acidosis)។

      ・អ្នកដែលកំពុងមានរោគសញ្ញានៃជីពចរចុះខ្សោយធ្ងន់ធ្ងរឬមានបញ្ហាទាក់ទងនឹងការបញ្ជូនសញ្ញាក្នុងបេះដូង។

      ・អ្នកដែលកំពុងមានអាការៈប្រតិកម្មធ្ងន់ធ្ងរដោយសារបញ្ហាបេះដូង(Cardiogenic shock)។

      ・អ្នកដែលមានជំងឺខ្សោយមុខងារថតខាងស្ដាំនៃបេះដូងដោយសារជំងឺលើសសម្ពាធឈាមក្នុងអាកទែរសួត។

      ・អ្នកដែលមានជំងឺខ្សោយបេះដូងប៉ះពាល់ដល់ចរន្តឈាមក្នុងរាងកាយ(Congestive heart failure)​។

      ・អ្នកដែលមានជំងឺសម្ពាធឈាមទាប។

      ・អ្នកជំងឺមហារីកPheochromocytomaដែលមិនទាន់ទទួលការព្យាបាល។

      ・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ។

      ករណីថ្នាំបន្តក់ភ្នែក:

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។

      ・អ្នកដែលមានជំងឺខ្សោយបេះដូងមិនទាន់គ្រប់គ្រងបានល្អ ឬ ជំងឺជីពចរខ្សោយ(Sinus bradycardia) ឬ មានបញ្ហាទាក់ទងនឹងការបញ្ជូនសញ្ញាក្នុងបេះដូង ឬ កំពុងមានអាការៈប្រតិកម្មធ្ងន់ធ្ងរដោយសារបញ្ហាបេះដូង(Cardiogenic shock)។

      ・អ្នកដែលកំពុងឬធ្លាប់មានជំងឺហឺត ឬ អាការៈកន្ត្រាក់ទងសួត។

      ・អ្នកដែលមានជំងឺសួតលក្ខណៈស្ទះប្រភេទរ៉ាំរ៉ៃ(COPD)កម្រិតធ្ងន់ធ្ងរ។

    • ផលរំខាន

      ករណីថ្នាំលេប:

      ផលរំខានរួមមាន វិលមុខ ងងឹតមុខ អស់កម្លាំង ឈឺក្បាល ធ្ងន់ក្បាល ឡើងកន្ទួលក្រហម រមាស់ស្បែក ឈឺសាច់ដុំ មិនសូវមានទឹកភ្នែក រមួលក្រពើ។ល។

      ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។

      - វិលមុខ ជីពចរដើរយឺត បាត់បង់ស្មារតី (ជំងឺទាក់ទងនឹងចង្វាក់បេះដូងថយចុះខុសប្រក្រតី)

      - ពិបាកដកដង្ហើម ហើមពេញខ្លួន (ជំងឺខ្សោយបេះដូងប៉ះពាល់ដល់ចរន្តឈាមក្នុងរាងកាយ(Congestive heart failure)​)

      - ឈឺទ្រូង ថប់ទ្រូង បែកញើសទាំងត្រជាក់ (ជំងឺត្បៀតសរសៃឈាមក្នុងបេះដូងដោយសារការកន្ត្រាក់នៃសរសៃឈាមបេះដូង)

      - រងាញាក់ ទឹកមុខស្លេកស្លាំង បែកញើសច្រើន ម៉ួរម៉ៅ ស្មារតីដឹងខ្លួនធ្លាក់ចុះ (ជាតិស្ករក្នុងឈាមធ្លាក់ចុះទាប)។

      ករណីថ្នាំបន្តក់ភ្នែក:

      ផលរំខានរួមមាន រលាកភ្នែក ស្រវាំងភ្នែក រមាស់ភ្នែក ស្ងួតភ្នែក ក្រហមភ្នែក ផ្សាភ្នែក រលាកត្របកភ្នែក វិលមុខ ជីវ្ហាវិញាណខុសប្រក្រតី ឈឺក្បាល ចង់ក្អួត រលាកស្បែក ជីពចរដើរយឺត ដង្ហក់។ល។

      ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។

      - ពិបាកដកដង្ហើម សម្លេងដង្ហើមខុសប្រក្រតី (អាការៈហឺត)

      - ជីពចរដើរយឺត វិលមុខ លែងដឺងខ្លួន (បាត់បង់ស្មារតី)

      - វិលមុខ ជីពចរដើរយឺត បាត់បង់ស្មារតី (ជំងឺទាក់ទងនឹងចង្វាក់បេះដូងថយចុះខុសប្រក្រតី)

      - ពិបាកដកដង្ហើម ហើមពេញខ្លួន (ជំងឺខ្សោយបេះដូងប៉ះពាល់ដល់ចរន្តឈាមក្នុងរាងកាយ(Congestive heart failure)​)

      - ឈឺទ្រូង ថប់ទ្រូង បែកញើសទាំងត្រជាក់ (ជំងឺត្បៀតសរសៃឈាមក្នុងបេះដូងដោយសារការកន្ត្រាក់នៃសរសៃឈាមបេះដូង)។

    • អន្តរប្រតិកម្ម

      ករណីថ្នាំលេប:

      ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។

      ・ឱសថដែលមានសកម្មភាពទប់ស្កាត់ប្រព័ន្ធភ្ញោចសរសៃប្រសាទ(The sympathetic nervous system) (ឱសថReserpine ជាដើម) - អាចបង្កើនសកម្មភាពទប់ស្កាត់ប្រព័ន្ធភ្ញោចសរសៃប្រសាទ ធ្វើអោយប៉ះពាល់ដល់មុខងារបេះដូង។

      ・ឱសថបញ្ចុះជាតិស្ករក្នុងឈាម - អាចបង្កើនសកម្មភាពបញ្ចុះជាតិស្ករក្នុងឈាម។

      ・ឱសថប្រភេទCalcium antagonists (Verapamil, Diltiazem, Nifedipine ជាដើម) - អាចធ្វើអោយប៉ះពាល់ដល់មុខងារបេះដូង។

      ・ឱសថClonidine, ឱសថGuanabenz acetate - អាចកើតមានអាការៈដូចជាសម្ពាធឈាមកើនឡើង ឈឹក្បាលបន្ទាប់ពីឈប់ប្រើឱសថClonidine ឬ ឱសថGuanabenz acetate។

      ・ឱសថព្យាបាលជំងឺទាក់ទងនឹងចង្វាក់បេះដូង(Disopyramide, Procainamide, Ajmaline ជាដើម) - អាចធ្វើអោយប៉ះពាល់ដល់មុខងារបេះដូង។

      ・ឱសថDigoxin, ឱសថDigitoxin - អាចធ្វើអោយប៉ះពាល់ដល់មុខងារបេះដូង។

      ・ឱសថបញ្ចុះកម្ដៅនិងបំបាត់ការឈឺចាប់ប្រភេទNSAIDs(Indometacin ជាដើម) - អាចធ្វើអោយប្រសិទ្ធិភាពបញ្ចុះសម្ពាធឈាមថយចុះ។

      ・ឱសថដែលមានសកម្មភាពបញ្ចុះសម្ពាធឈាម - អាចធ្វើអោយសម្ពាធឈាមធ្លាក់ចុះខ្លាំង។

      ករណីថ្នាំបន្តក់ភ្នែក:

      ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។

      ・ឱសថប្រភេទBeta blockers - អាចធ្វើអោយសកម្មភាពនៃឱសថប្រភេទBeta blockersកើនឡើង។

      ・ឱសថដែលមានសកម្មភាពទប់ស្កាត់ប្រព័ន្ធភ្ញោចសរសៃប្រសាទ(The sympathetic nervous system) (ឱសថReserpine ជាដើម) - អាចបង្កើនសកម្មភាពទប់ស្កាត់ប្រព័ន្ធភ្ញោចសរសៃប្រសាទ ធ្វើអោយប៉ះពាល់ដល់មុខងារបេះដូង។

      ・ឱសថប្រភេទCalcium antagonists (Verapamil, Diltiazem, Nifedipine ជាដើម) - អាចធ្វើអោយប៉ះពាល់ដល់មុខងារបេះដូង។

      ・ឱសថAdrenalin - អាចធ្វើអោយសកម្មភាពពង្រីកកូនក្រមុំភ្នែកនៃឱសថAdrenalinកើនឡើង។

    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន

      ករណីថ្នាំលេប:

      ・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ មិនត្រូវប្រើប្រាស់ឱសថនេះទេ។

      ・ស្ត្រីបំបៅដោះកូន មិនគួរប្រើប្រាស់ឱសថនេះទេ ព្រោះសារធាតុឱសថអាចជ្រៀតចូលក្នុងទឹកដោះម្តាយ។ ប្រសិនបើចាំបាច់ត្រូវប្រើឱសថនេះ ស្ត្រីគួរផ្អាកការបំបៅបណ្តោះអាសន្នក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។

      ករណីថ្នាំបន្តក់ភ្នែក:

      ・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ គួរប្រើឱសថនេះក្នុងករណីចាំបាច់តែប៉ុណ្ណោះ។

      ・ស្ត្រីបំបៅដោះកូន មិនគួរប្រើប្រាស់ឱសថនេះទេ ព្រោះសារធាតុឱសថអាចជ្រៀតចូលក្នុងទឹកដោះម្តាយ។ ប្រសិនបើចាំបាច់ត្រូវប្រើឱសថនេះ ស្ត្រីគួរផ្អាកការបំបៅបណ្តោះអាសន្នក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។

    • ការប្រុងប្រយ័ត្នជាពិសេស

      ករណីថ្នាំលេប:

      ・ឱសថនេះអាចធ្វើអោយសម្ពាធឈាមធ្លាក់ចុះបង្កជាអាការៈវិលមុខជាដើម ដូច្នេះ ត្រូវប្រុងប្រយ័ត្ននៅពេលបើកបរឬបញ្ជាម៉ាស៊ីនដែលមានគ្រោះថ្នាក់។

      ករណីថ្នាំបន្តក់ភ្នែក:

      ・ករណីត្រូវប្រើថ្នាំបន្តក់ភ្នែកច្រើនប្រភេទ គួរប្រើឱសថនេះនៅចុងក្រោយគេ ដោយត្រូវទុកគម្លាតពីថ្នាំបន្តក់ភ្នែកមុនរយៈពេលចាប់ពី10នាទីឡើងទៅ។ ករណីចាំបាច់ត្រូវប្រើឱសថផ្សេងបន្ទាប់ពីប្រើឱសថនេះ ត្រូវទុកគម្លាតពីគ្នាអោយបានឆ្ងាយ។

      ・ឱសថទប់ស្កាត់គ្រឿងទទួលបេតា (β receptor inhibitors)ជាឱសថក្នុងជម្រើសទី1សម្រាប់ការព្យាបាលជំងឺក្លូកូម ដោយឱសថនេះមិនមានឥទ្ធិពលទៅលើទំហំនៃកូនក្រមុំភ្នែកឬប៉ះពាល់ដល់សមត្ថភាពគំហើញរបស់ភ្នែកនោះទេ។

    • សកម្មភាពឱសថ

      ករណីថ្នាំលេប:

      ឱសថនេះមានប្រសិទ្ធិភាពភ្ជាប់ទៅនឹងគ្រឿងទទួលបេតា(Beta receptor)ដើម្បីទប់ស្កាត់ការភ្ញោចពីសារធាតុCatecholamineនៅក្នុងបេះដូងធ្វើអោយបរិមាណឈាមនិងចំនួនដងនៃការច្របាច់បេះដូងថយចុះ និងនៅក្នុងសរសៃឈាមដើម្បីបន្ធូរការកន្ត្រាក់នៃសរសៃឈាម។ ម្យ៉ាងទៀត ឱសថនេះក៏មានប្រសិទ្ធិភាពទប់ស្កាត់សកម្មភាពនៃសារធាតុរេនីន(Renin)ដែលជាសារធាតុមានតួនាទីបង្កើនសម្ពាធឈាមក្នុងរាងកាយ។ ជាលទ្ធផល ឱសថនេះមានប្រសិទ្ធិភាពបញ្ចុះសម្ពាធឈាមនិងបន្ថយបន្ទុកទៅលើបេះដូង។

      ករណីថ្នាំបន្តក់ភ្នែក:

      ឱសថនេះមានប្រសិទ្ធិភាពភ្ជាប់ទៅនឹងគ្រឿងទទួលបេតា(Beta receptor)នៅក្នុងភ្នែកដើម្បីទប់ស្កាត់ដំណើរការផលិតទឹកសម្ពាធភ្នែក(Aqueous humour) ធ្វើអោយសម្ពាធភ្នែកមានកម្រិតថយចុះ។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp