Carboplatin

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ផលរំខាន
    • អន្តរប្រតិកម្ម
    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
    • ការប្រុងប្រយ័ត្នជាពិសេស
    • សកម្មភាពឱសថ
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺមហារីកជាច្រើនប្រភេទ ដូចជា មហារីកនៅផ្នែកក្បាលនិងក មហារីកសួតប្រភេទNon-small-cell lung carcinomaនិងប្រភេទSmall-cell lung carcinoma មហារីកពងស្វាស មហារីកក្រពេញអូវែរ មហារីកកស្បូន មហារីកនៅប្រព័ន្ធទឹករងៃ(Malignant Lymphoma) មហារីកសុដន់ ដុំសាច់មហារីកកើតនៅលើកុមារ។ល។

    • កម្រិតប្រើប្រាស់

      សូមពិនិត្យព័ត៌មានលម្អិតនៅក្នុងបរិយាយប័ណ្ណនៃឱសថនីមួយៗ។

    • ហាមប្រើ

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ ឬ ឱសថដែលមានផ្ទុកសារធាតុប្លាទីន(Pt)ផ្សេងទៀត។

      ・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ។

      ・អ្នកដែលកំពុងមានមុខងារផលិតគ្រាប់ឈាមនៃខួរឆ្អឹងធ្លាក់ចុះធ្ងន់ធ្ងរ។

    • ផលរំខាន

      ផលរំខានរួមមាន ក្អួតចង្អោរ បាត់បង់ចំណង់អាហារ អស់កម្លាំង ជ្រុះរោមឬសក់ កន្ទាលត្រអាក ក្ដៅខ្លយន រាករូស ដំបៅក្នុងមាត់ ឈឺពោះ ទល់លាមក ឡើងកន្ទួលក្រហម នោមមានឈាម ហើម រងាញាក់ ខ្សោះជាតិទឹក ថយទម្ងន់ ពិបាកដកដង្ហើម ប៉ះពាល់ប្រព័ន្ធសរសៃប្រសាទនៅដៃជើង ឈឺក្បាល។ល។

      ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។

      - ក្ដៅខ្លួន រងាញាក់ ក្អក ឈាមច្រមុះ វិលមុខ ងាយហូរឈាម ឈាមក្រកក មានស្នាមជាំពណ៌ស្វាយ អស់កម្លាំង ដង្ហក់ ឈឺបំពង់ក (ប៉ះពាល់មុខងារផលិតគ្រាប់ឈាមរបស់ខួរឆ្អឹង)

      - បបូរមាត់និងក្រចកប្រែពណ៌ខៀវស្វាយ ពិបាកដកដង្ហើម វិលមុខ (រោគប្រតិកម្មធ្ងន់ធ្ងរ)

      - ក្ដៅខ្លួន ក្អកស្ងួត ពិបាកដកដង្ហើម (ជំងឺរលាកសួតប្រភេទInterstitial pneumonia)

      - បរិមាណទឹកនោមថយចុះ ពិបាកនោម ហើមមុខនិងដៃជើង (មុខងារតម្រងនោមថយចុះ)

      - ភ្នែកនិងស្បែកប្រែពណ៌លឿង អស់កម្លាំង បាត់បង់ចំណង់អាហារ (មុខងារថ្លើមធ្លាក់ចុះ ខាន់លឿង)

      - ឈឺពោះខ្លាំង បត់ជើងមានឈាម លាមកពណ៌ខ្មៅ (ជំងឺហូរឈាមនៅតាមបំពង់រំលាយអាហារ ជំងឺដំបៅក្រពះឬពោះវៀន)

      - ឈឺពោះខ្លាំង រាករូស (ជំងឺរលាកពោះវៀន)

      - បាត់បង់ចំណង់អាហារ ក្អួតចង្អោរ ទល់លាមកខ្លាំង ឈឺពោះ ហើមពោះ (ជំងឺស្ទះពោះវៀន(Ileus))

      - ស្មារតីដឹងខ្លួនធ្លាក់ចុះ ស្ពឹកដៃជើង ពិបាកដកដង្ហើម (ស្ទះសរសៃឈាមក្នុងខួរក្បាលឬសួត)

      - ស្ពឹកដៃជើង ពិបាកដកដង្ហើម (ជំងឺស្ទះដោយសារកំណកឈាម)

      - បេះដូងលោតញាប់ ដង្ហក់ ឈឺទ្រូង ពិបាកដកដង្ហើម (ជំងឺស្ទះសរសៃឈាមក្នុងបេះដូង ជំងឺមុខងារបេះដូងចុះខ្សោយ)

      - ងាយហូរឈាម ឈាមក្រកក ពិបាកបញ្ចេញទឹកនោម មានស្នាមជាំពណ៌ស្វាយលើស្បែក ភ្នែកនិងស្បែកប្រែពណ៌លឿង វិលមុខ (ជំងឺHemolytic uremic syndrome, HUS)

      - មានអាការៈពិបាកដកដង្ហើមភ្លាមៗ (ជំងឺAcute respiratory distress syndrome)

      - ងាយហូរឈាម ឈាមក្រកក (ជំងឺDisseminated intravascular coagulation syndrome, DIC)

      - ឈឺផ្នែកខាងលើនៃពោះខ្លាំង (ជំងឺរលាកលំពែងស្រួចស្រាវ)

      - ស្តាប់សម្លេងមិនសូវលឺ (ប៉ះពាល់សោតវិញាណ)

      - វិលមុខពេលដើរ រឹងអណ្ដាត ភ្លេចភ្លាំង កាយវិការយឺតៗ (ជំងឺLeukoencephalopathy)

      - បរិមាណទឹកនោមថយចុះ (បណ្ដុំរោគសញ្ញាដោយសារការងាប់កោសិកាមហារីកច្រើនក្នុងរយៈពេលខ្លី(Tumor lysis syndrome))។

    • អន្តរប្រតិកម្ម

      ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។

      ・ឱសថប្រឆាំងមហារីកផ្សេងទៀតឬការព្យាបាលដោយវិទ្យុសកម្ម - អាចធ្វើអោយផលរំខានទាក់ទងនឹងខួរឆ្អឹងងាយកើតឡើង។

      ・ឱសថដែលអាចប៉ះពាល់ដល់តម្រងនោមឬត្រចៀក (ឱសថប្រឆាំងបាក់តេរីប្រភេទAminoglycoside ជាដើម) - អាចធ្វើអោយផលប៉ះពាល់ដល់តម្រងនោមឬត្រចៀកកើនឡើង។

    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន

      ・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ មិនត្រូវប្រើឱសថនេះទេ ព្រោះអាចប៉ះពាល់ដល់ទារកក្នុងផ្ទៃ។

      ・ស្ត្រីបំបៅដោះកូន មិនគួរប្រើប្រាស់ឱសថនេះទេ ព្រោះសារធាតុឱសថអាចជ្រៀតចូលក្នុងទឹកដោះម្តាយ។ ប្រសិនបើចាំបាច់ត្រូវប្រើឱសថនេះ ស្ត្រីគួរផ្អាកការបំបៅបណ្តោះអាសន្នក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។

      ・អ្នកជំងឺជាស្ត្រីដែលអាចមានផ្ទៃពោះឬជាបុរសដែលដៃគូរបស់គាត់អាចមានផ្ទៃពោះ គួរប្រើប្រាស់វិធីពន្យារកំណើតក្នុងអំឡុងពេលប្រើនិងក្រោយឈប់ប្រើឱសថនេះមួយរយៈ។

    • ការប្រុងប្រយ័ត្នជាពិសេស

      ・អ្នកជំងឺជាស្ត្រីដែលអាចមានផ្ទៃពោះឬជាបុរសដែលដៃគូរបស់គាត់អាចមានផ្ទៃពោះ គួរប្រើប្រាស់វិធីពន្យារកំណើតក្នុងអំឡុងពេលប្រើនិងក្រោយឈប់ប្រើឱសថនេះមួយរយៈ។

      ・ជាទូទៅ គេកំណត់កម្រិតប្រើប្រាស់នៃឱសថនេះទៅតាមផ្ទៃស្រទាប់ខាងក្រៅនៃរាងកាយ(Body surface area)របស់អ្នកជំងឺ។

      ・ប្រសិនបើសារធាតុថ្នាំប៉ះត្រូវស្បែក ត្រូវប្រញាប់លាងសម្អាតចេញដោយប្រើសាប៊ូនិងទឹកច្រើន។

      ・សារធាតុឱសថនេះអាចមានប្រតិកម្មជាមួយនឹងធាតុអាលុយមីញ៉ូម ដូច្នេះ គួរចៀសវាងប្រើប្រាស់ឧបករណ៍ពេទ្យដែលធ្វើអំពីអាលុយមីញ៉ូមជាមួយនឹងឱសថនេះ។ ម្យ៉ាងទៀត មិនត្រូវលាយឱសថនេះជាមួយឱសថប្រឆាំងមហារីកផ្សេងទៀតនោះទេ។

    • សកម្មភាពឱសថ

      ឱសថនេះមានសកម្មភាពភ្ជាប់ទៅនឹងDNAនៅក្នុងកោសិកាមហារីក ដើម្បីបង្អាក់ដំណើរការផលិតDNAដែលចាំបាច់សម្រាប់ការបំបែកខ្លួន(ការកើនចំនួន)នៃកោសិកាមហារីក។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp