Capecitabine

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ផលរំខាន
    • អន្តរប្រតិកម្ម
    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
    • ការប្រុងប្រយ័ត្នជាពិសេស
    • សកម្មភាពឱសថ
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺដូចខាងក្រោម៖

      ・ជំងឺមហារីកសុដន់ដែលមិនអាចវះកាត់បាន ឬ ជំងឺមហារីកសុដន់ដែលរើឡើងវិញ។

      ・ជំងឺមហារីកពោះវៀន(Colon, Rectum)

      ・ជំងឺមហារីកក្រពះ។

    • កម្រិតប្រើប្រាស់

      សូមពិនិត្យព័ត៌មានលម្អិតនៅក្នុងបរិយាយប័ណ្ណនៃឱសថនីមួយៗ។

    • ហាមប្រើ

      ・អ្នកដែលធ្លាប់មានរោគប្រតិកម្មធ្ងន់ធ្ងរជាមួយនឹងសារធាតុនៅក្នុងឱសថនេះឬឱសថFluorouracil។

      ・អ្នកដែលកំពុងប្រើប្រាស់ឱសថTegafur/Gimeracil/Oteracil potassium ឬ ស្ថិតក្នុងអំឡុងពេល7ថ្ងៃបន្ទាប់ពីឈប់ប្រើឱសថTegafur/Gimeracil/Oteracil potassium។

      ・អ្នកដែលមានជំងឺតម្រងនោមធ្ងន់ធ្ងរ។

      ・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ ។

    • ផលរំខាន

      ផលរំខានរួមមាន ក្អួតចង្អោរ បាត់បង់ចំណង់អាហារ រាករូស ដំបៅក្នុងមាត់ អស់កម្លាំង ប៉ះពាល់សរសៃប្រសាទសាច់ដុំឬញាណ ។ល។

      ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។

      - រោយខ្លួន ស្ងួតក ដកដង្ហើមធំៗ ញ័រដៃ បរិមាណទឹកនោមថយចុះ ស្មារតីដឹងខ្លួនធ្លាក់ចុះ ពិបាកផ្ដោតអារម្មណ៍ (អាការៈខ្វះជាតិទឹក)

      - មិនសូវដឹងញាណនៅបាតដៃនិងបាតជើង ឡើងក្រហមនិងប៉ោងឡើង ឈឺ របកស្បែក ពងទឹកលើស្បែក រលាត់ស្បែក (ជំងឺHand-foot syndrome)

      - អស់កម្លាំង ហើមពេញខ្លួន បែកញើសទាំងត្រជាក់ វិលមុខ ពិបាកដកដង្ហើមពេលគេង ដង្ហក់ ញ័រទ្រូង ឈឺក្នុងទ្រូង ថប់ទ្រូង បាត់បង់ស្មារតី (ប៉ះពាល់មុខងារបេះដូង)

      - អស់កម្លាំង បាត់បង់ចំណីអាហារ ភ្នែកនិងស្បែកឡើងពណ៌លឿង រមាស់ ទឹកនោមមានពណ៌ត្នោត ក្អួតចង្អោរ (ប៉ះពាល់មុខងារថ្លើម ខាន់លឿង)

      - ឈឺក្បាល ហើមមុខ ហើមភ្នែក បរិមាណទឹកនោមថយចុះ (ប៉ះពាល់មុខងារតម្រងនោម)

      - អស់កម្លាំង ក្ដៅខ្លួន ឈាមច្រមុះ ចេញឈាមតាមអញ្ចាញធ្មេញ ដង្ហក់ ស្នាមជាំ ឈាមក្រកក ងាយចេញឈាម (ប៉ះពាល់មុខងារខួរឆ្អឹង)

      - រលាត់ស្បែកក្នុងមាត់និងឈឺ (ដំបៅក្នុងមាត់ធ្ងន់ធ្ងរ)

      - ក្ដៅខ្លួន ក្អកស្ងួត ពិបាកដកដង្ហើម (ជំងឺរលាកសួតប្រភេទInterstitial pneumonia)

      - ឈឺពោះខ្លាំង រាករូស ឈាមក្នុងលាមក ក្ដៅខ្លួន ក្អួតចង្អោរ ហើមពោះ (រលាកពោះវៀនធ្ងន់ធ្ងរ)

      - ភ្លេចភ្លាំង វិលមុខ វង្វេងវង្វាន់ ពិបាកនិយាយ សាច់ដុំកន្ត្រាក់ បាត់បង់ស្មារតី (ប៉ះពាល់ប្រព័ន្ធខួរក្បាល(Leukoencephalopathy ជាដើម)

      - ស្ពឹកដៃជើង ពិបាកនិយាយ ឈឺក្នុងទ្រូង ពិបាកដកដង្ហើម ឈឺចាប់ខ្លាំងនិងហើមនៅជើងម្ខាង ឈឺខ្នង (ជំងឺស្ទះដោយសារកំណកឈាម)

      - អស់កម្លាំង បាត់បង់ចំណង់អាហារ ក្តៅខ្លួនខ្លាំ ស្នាមក្រហមនិងប៉ោងលើស្បែក កន្ទួលក្រហម ភ្នែកនិងត្របកភ្នែកឡើងក្រហម ដំបៅក្នុងមាត់ខ្លាំងក្លា រលាត់នៅបបូរមាត់ឬក្នុងមាត់ (ជំងឺនៃបណ្តុំរោគសញ្ញាលើស្បែកភ្នាសនិងភ្នែក(Muco-cutaneo-ocular syndrome ឬ Stevens-Johnson Syndrome))។

    • អន្តរប្រតិកម្ម

      ・ឱសថTegafur/Gimeracil/Oteracil potassium (TS-1) - អាចបង្កជាផលរំខានធ្ងន់ធ្ងរទាក់ទងនឹងប្រព័ន្ធឈាមនិងប្រព័ន្ធរំលាយអាហារ ដូច្នេះ ហាមប្រើរួមគ្នា។ ម្យ៉ាងទៀត ក្នុងអំឡុងពេល7ថ្ងៃបន្ទាប់ពីឈប់ប្រើឱសថTegafur/Gimeracil/Oteracil potassium ក៏មិនត្រូវប្រើឱសថCapecitabineនេះដែរ។

      ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។

      ・ឱសថPhenytoin, Warfarin, Trifluridine/Tipiracil hydrochloride - អាចធ្វើអោយសកម្មភាពឱសថទាំងនេះកើនឡើង បង្កជាផលរំខានផ្សេងៗ។ អាចប្រើរួមគ្នាបាន ប៉ុន្តែត្រូវតាមដានផលរំខានអោយបានដិតដល់។ ជាពិសេសនៅពេលប្រើរួមជាមួយWarfarin ផលរំខានធ្ងន់ធ្ងរដោយសារការហូរឈាម អាចកើតឡើងចាប់ពីពេលចាប់ផ្ដើមប្រើឱសថរួមគ្នារហូតដល់1ខែក្រោយពេលឈប់ប្រើឱសថCapecitabine ដូច្នេះ គេត្រូវពិនិត្យតាមដានអោយបានដិតដល់។

    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន

      ・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ មិនត្រូវប្រើឱសថនេះទេ ព្រោះអាចប៉ះពាល់ដល់ទារកក្នុងផ្ទៃ។

      ・ស្ត្រីបំបៅដោះកូន មិនគួរប្រើប្រាស់ឱសថនេះទេ ព្រោះសារធាតុឱសថអាចជ្រៀតចូលក្នុងទឹកដោះម្តាយ។ ប្រសិនបើចាំបាច់ត្រូវប្រើឱសថនេះ ស្ត្រីគួរផ្អាកការបំបៅបណ្តោះអាសន្នក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។

    • ការប្រុងប្រយ័ត្នជាពិសេស

      ・ជាទូទៅ គេកំណត់កម្រិតប្រើប្រាស់នៃឱសថនេះទៅតាមផ្ទៃស្រទាប់ខាងក្រៅនៃរាងកាយ(Body surface area)របស់អ្នកជំងឺ។

      ・ក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ អ្នកជំងឺងាយនឹងកើតជំងឺផ្ដាសាយឬជំងឺឆ្លងផ្សេងៗ ដោយសារប្រព័ន្ធភាពស៊ាំមានការធ្លាក់ចុះ។ ដូច្នេះ អ្នកជំងឺគួរចៀសវាងកន្លែងដែលមានមនុស្សច្រើន ហើយពេលត្រឡប់មកពីខាងក្រៅ ត្រូវលាងដៃឬខ្ពុរមាត់ ដើម្បីទប់ស្កាត់ជំងឺឆ្លងផ្សេងៗ។

    • សកម្មភាពឱសថ

      ឱសថនេះនឹងទទួលរងប្រតិកម្មដោយអង់ស៊ីមជាច្រើននៅក្នុងខ្លួន ដោយបំលែងទៅជា5-FU និង មានប្រសិទ្ធិភាពបង្អាក់ដំណើរការនៃការបង្កើតDNAនិងRNAរីបូសូមនៅក្នុងកោសិកាមហារីក ធ្វើអោយកោសិកាមហារីកមិនអាចកើនចំនួនបាន។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp