Budesonide
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
ប្រភេទឱសថ
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- អន្តរប្រតិកម្ម
- ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
- ការប្រុងប្រយ័ត្នជាពិសេស
- សកម្មភាពឱសថ
-
ប្រសិទ្ធិភាពព្យាបាល
ករណីថ្នាំស្រូបតាមមាត់:
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺហឺត(Bronchial asthma)។
ករណីថ្នាំលេប:
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលរោគសញ្ញានៅដំណាក់កាលសកម្មនៃជំងឺក្រូន(Crohn's disease)កម្រិតស្រាល~មធ្យម។
-
កម្រិតប្រើប្រាស់
ករណីថ្នាំស្រូបតាមមាត់:
・ទម្រង់ថ្នាំទឹកប្រើជាមួយឧបករណ៍ណេប៊ុឡាយហ្សឺ(Nebulizer):
- មនុស្សពេញវ័យ:ប្រើ1ដង0.5mg 1ថ្ងៃ2ដង ឬ ប្រើ1ថ្ងៃ1ដង1mg ជាមួយឧបករណ៍ណេប៊ុឡាយហ្សឺ(Nebulizer)។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមរោគសញ្ញា ប៉ុន្តែ កម្រិតអតិបរមាប្រើក្នុង1ថ្ងៃគឺ 2mg។
- កុមារ:ប្រើ1ដង0.25mg 1ថ្ងៃ2ដង ឬ ប្រើ1ថ្ងៃ1ដង0.5mg ជាមួយឧបករណ៍ណេប៊ុឡាយហ្សឺ(Nebulizer)។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមរោគសញ្ញា ប៉ុន្តែ កម្រិតអតិបរមាប្រើក្នុង1ថ្ងៃគឺ 1mg។
・ទម្រង់ជាឧបករណ៍បាញ់ស្រូបតាមមាត់:
- មនុស្សពេញវ័យ:ប្រើ1ដង100~400μg 1ថ្ងៃ2ដង។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមរោគសញ្ញា ប៉ុន្តែ កម្រិតអតិបរមាប្រើក្នុង1ថ្ងៃគឺ 1600μg។
- កុមារ:ប្រើ1ដង100~200μg 1ថ្ងៃ2ដង។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមរោគសញ្ញា ប៉ុន្តែ កម្រិតអតិបរមាប្រើក្នុង1ថ្ងៃគឺ 800μg។ ប្រសិនបើរោគសញ្ញាបានធូរស្បើយហើយ អាចបន្ថយកម្រិតប្រើមកត្រឹម1ថ្ងៃ1ដង100μg។
ករណីថ្នាំលេប:
មនុស្សពេញវ័យ:លេប1ថ្ងៃ1ដង 9mg នៅពេលព្រឹក។ បន្ទាប់ពីប្រើឱសថនេះរយៈពេលប្រហែល8សប្ដាហ៍ ត្រូវវាយតម្លៃលើប្រសិទ្ធិភាពនិងភាពចាំបាច់នៃការបន្តប្រើឱសថនេះ គឺមិនត្រូវប្រើឱសថនេះជាលក្ខណៈរ៉ាំរ៉ៃនោះទេ។
-
ហាមប្រើ
ករណីថ្នាំស្រូបតាមមាត់:
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។
・អ្នកដែលមានជំងឺឆ្លងមេរោគដែលគ្មានឱសថព្យាបាលដែលមានប្រសិទ្ធិភាព ឬ អ្នកដែលមានជំងឺឆ្លងមេរោគផ្សិតនៅស្រទាប់ជ្រៅ។
ជាគោលការណ៍ អ្នកជំងឺដូចខាងក្រោមនេះមិនគួរប្រើឱសថនេះទេ។ ប្រសិនបើចាំបាច់ត្រូវប្រើ ត្រូវតាមដានផលរំខានឱសថអោយបានដិតដល់។
・អ្នកដែលមានជំងឺបង្កដោយមេរោគរបេង។
ករណីថ្នាំលេប:
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។
・អ្នកដែលមានជំងឺឆ្លងមេរោគដែលគ្មានឱសថព្យាបាលដែលមានប្រសិទ្ធិភាព ឬ អ្នកដែលមានជំងឺឆ្លងមេរោគផ្សិតនៅស្រទាប់ជ្រៅ។
-
ផលរំខាន
ផលរំខានរួមមាន សម្លេងស្អក ឈឺបំពង់ក មិនស្រួលក្នុងបំពង់ក ក្អក ឆ្លងមេរោគផ្សិតនៅក្នុងមាត់(Candidiasis) ឡើងកន្ទួលក្រហម រលាកទងសួត ។ល។
-
អន្តរប្រតិកម្ម
ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។
・ឱសថដែលទប់ស្កាត់សកម្មភាពអង់ស៊ីមCYP3A4 (Itraconazole ជាដើម) - អាចធ្វើអោយកើតមានផលរំខានដូចក្នុងករណីប្រើប្រាស់ឱសថស្តេរ៉ូអ៊ីតពេញក្នុងខ្លួនផងដែរ។
-
ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ គួរប្រើឱសថនេះក្នុងករណីចាំបាច់តែប៉ុណ្ណោះ។
-
ការប្រុងប្រយ័ត្នជាពិសេស
・ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺហឺតបន្តិចម្ដងៗក្នុងរយៈពេលវែង ដោយវានឹងបំបាត់អាការៈរលាកនៅផ្លូវដង្ហើម ប៉ុន្តែ វានឹងមិនបំបាត់អាការៈហឺតដែលកើតឡើងភ្លាមៗនោះទេ ដូច្នេះ ការប្រើឱសថនេះនៅពេលរោគសញ្ញាហឺតរើឡើងនឹងមិនបង្ហាញប្រសិទ្ធិភាពកាត់បន្ថយអាការៈទាំងនោះទេ។
-
សកម្មភាពឱសថ
ឱសថនេះជាប្រភេទស្តេរ៉ូអ៊ីត(Glucocorticosteroid) ដោយវានឹងទៅភ្ជាប់ជាមួយនឹងគ្រឿងទទួលគ្លុយកូកូទីកូអ៊ីត(Glucocorticoid receptor)នៅតាមទងសួតនិងសួត។ ជាលទ្ធផល វាមានប្រសិទ្ធិភាពបំបាត់អាការៈរលាករ៉ាំរ៉ៃនៃផ្លូវដង្ហើម។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp