Bosentan hydrate
- Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
- 
            Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)ប្រភេទឱសថ- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- អន្តរប្រតិកម្ម
- ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
- ការប្រុងប្រយ័ត្នជាពិសេស
- សកម្មភាពឱសថ
 - 
                    ប្រសិទ្ធិភាពព្យាបាលជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម៖ - ជំងឺលើសសម្ពាធឈាមនៅសួតដោយសារបញ្ហាសរសៃអាកទែរសួត(Pulmonary arterial hypertension, PAH)។ - ទប់ស្កាត់អាការៈដំបៅនៅម្រាមដៃដោយសារជំងឺស្បែកនិងសរីរាង្គនៃរាងកាយប្រែជារឹង(Systemic scleroderma) (សម្រាប់អ្នកដែលកំពុងឬធ្លាប់មានអាការៈនេះតែប៉ុណ្ណោះ)។ 
- 
                    កម្រិតប្រើប្រាស់ថ្នាំលេប: - មនុស្សពេញវ័យ: ចាប់ផ្ដើមលេបពីកម្រិត 1ដង62.5mg, 1ថ្ងៃ2ដង ក្រោយអាហារពេលព្រឹកនិងពេលល្ងាច រយៈពេល4សប្ដាហ៍។ ចាប់ពីសប្ដាហ៍ទី5ទៅ លេប1ដង125mg, 1ថ្ងៃ2ដង ក្រោយអាហារពេលព្រឹកនិងពេលល្ងាច។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមរោគសញ្ញានិងលទ្ធភាពទប់ទល់នឹងឱសថរបស់អ្នកជំងឺ ប៉ុន្តែ កម្រិតអតិបរមាប្រើក្នុង1ថ្ងៃគឺ250mg។ - ទារក និង កុមារ: ចំពោះជំងឺលើសសម្ពាធឈាមនៅសួតដោយសារបញ្ហាសរសៃអាកទែរសួត(Pulmonary arterial hypertension, PAH) លេប1ដង2mg/kg, 1ថ្ងៃ2ដង ពេលព្រឹកនិងពេលល្ងាច ដោយលាយជាមួយទឹកបន្តិច។ កម្រិតអតិបរមាគឺ 1ដង120mgឬ1ថ្ងៃ240mg។ 
- 
                    ហាមប្រើ・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ។ ・អ្នកដែលមានបញ្ហាថ្លើមកម្រិតមធ្យមឬកម្រិតធ្ងន់ធ្ងរ។ ・អ្នកដែលកំពុងប្រើប្រាស់ឱសថCiclosporinឬTacrolimus។ ・អ្នកដែលកំពុងប្រើប្រាស់ឱសថGlibenclamide។ ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។ 
- 
                    ផលរំខានផលរំខានរួមមាន ឈឺក្បាល អស់កម្លាំង ឈឺសាច់ដុំ អាការៈខ្វះឈាម ទល់លាមក ឈឺខ្នង វិលមុខ ឈាមច្រមុះ មុខក្រហម ឡើងច្រាលក្ដៅ ហើមដៃជើង ។ល។ ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។ - អស់កម្លាំង បាត់បង់ចំណង់អាហារ ក្អួតចង្អោរ (បញ្ហាថ្លើមធ្ងន់ធ្ងរ) - វិលមុខ ងាយហូរឈាម ឈឺបំពង់ក (រោគសញ្ញានៃការថយចុះគ្រាប់ឈាម ឬ ប្លាកែត) - កើនទម្ងន់ភ្លាមៗ ដង្ហក់ បេះដូងលោតញាប់ (ជំងឺខ្សោយបេះដូង)។ 
- 
                    អន្តរប្រតិកម្ម・ឱសថCiclosporin ឬ Tacrolimus - អាចធ្វើអោយកំហាប់ក្នុងឈាមនៃឱសថទាំងសងខាងកើនឡើង បង្កជាផលរំខានផ្សេងៗ។ ដូច្នេះ ហាមប្រើរួមគ្នា។ ・ឱសថGlibenclamide - អាចប៉ះពាល់ដល់មុខងារថ្លើម។ ដូច្នេះ ហាមប្រើរួមគ្នា។ ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។ ・ឱសថប្រឆាំងកំណកឈាមWarfarin - អាចធ្វើអោយកំហាប់ក្នុងឈាមនៃWarfarinថយចុះ។ ・ឱសថKetoconazole, ឱសថFluconazole - អាចធ្វើអោយកំហាប់ក្នុងឈាមនៃBosentanកើនឡើង បង្កជាផលរំខានផ្សេងៗ។ ・ឱសថប្រភេទHMG-CoA reductase inhibitors (Simvastatin ជាដើម) - អាចធ្វើអោយកំហាប់ក្នុងឈាមក៏ដូចជាប្រសិទ្ធិភាពនៃឱសថទាំងនេះថយចុះ។ ・ឱសថRifampicin - អាចធ្វើអោយកំហាប់ក្នុងឈាមក៏ដូចជាប្រសិទ្ធិភាពនៃBosentanថយចុះ។ ・ឱសថប្រភេទCalcium antagonists - អាចធ្វើអោយសម្ពាធឈាមចុះកាន់តែទាប និង អាចធ្វើអោយកំហាប់ក្នុងឈាមនៃឱសថប្រភេទCalcium antagonistsថយចុះ។ ・ឱសថពន្យារកំណើត- អាចធ្វើអោយកំហាប់ក្នុងឈាមក៏ដូចជាប្រសិទ្ធិភាពនៃឱសថពន្យារកំណើតថយចុះ។ ・ទឹកផ្លែក្រូចថ្លុង - អាចធ្វើអោយកំហាប់ក្នុងឈាមនៃBosentanកើនឡើង បង្កជាផលរំខានផ្សេងៗ។ ・អាហារបំប៉នដែលមានផ្ទុកសារធាតុSt.John's wort - អាចធ្វើអោយកំហាប់ក្នុងឈាមនៃBosentanថយចុះ។ ・ឱសថប្រភេទProstaglandin (Beraprost sodium, Epoprostenol sodium ជាដើម) - អាចធ្វើអោយសម្ពាធឈាមចុះកាន់តែទាប។ ・ឱសថប្រភេទPDE5 inhibitors (Sildenafil citrate, Vardenafil hydrochloride) - អាចធ្វើអោយសម្ពាធឈាមចុះកាន់តែទាបនិងអាចធ្វើអោយកំហាប់ក្នុងឈាមនៃBosentanថយចុះ។ ・ឱសថព្យាបាលជំងឺឆ្លងវីរុសហ៊ីវ (Ritonavir ជាដើម) - អាចធ្វើអោយកំហាប់ក្នុងឈាមនៃBosentanកើនឡើង បង្កជាផលរំខានផ្សេងៗ។ 
- 
                    ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ មិនត្រូវប្រើឱសថនេះទេ ព្រោះអាចប៉ះពាល់ដល់ទារកក្នុងផ្ទៃ។ ・ស្ត្រីបំបៅដោះកូន មិនគួរប្រើប្រាស់ឱសថនេះទេ។ ប្រសិនបើចាំបាច់ត្រូវប្រើឱសថនេះ ស្ត្រីគួរផ្អាកការបំបៅបណ្តោះអាសន្នក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។ 
- 
                    ការប្រុងប្រយ័ត្នជាពិសេស・ក្នុងការប្រើប្រាស់ឱសថនេះ ត្រូវប្រុងប្រយ័ត្នជាពិសេសចំពោះផលរំខានប៉ះពាល់ដល់មុខងារថ្លើម ដោយត្រូវធ្វើការពិនិត្យមុខងារថ្លើមអោយបានយ៉ាងហោចណាស់ម្ដងក្នុង1ខែ។ ប៉ុន្តែ សម្រាប់រយៈពេល3ខែដំបូងនៃការចាប់ផ្ដើមប្រើប្រាស់ឱសថនេះ គួរអនុវត្តការពិនិត្យមុខងារថ្លើមរយៈពេល2សប្ដាហ៍ម្ដង។ ・សម្រាប់អ្នកដែលកំពុងប្រើប្រាស់ថ្នាំគ្រាប់ពន្យារកំណើត ក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ ប្រសិទ្ធិភាពថ្នាំពន្យារកំណើតអាចនឹងថយចុះ ដូច្នេះ គួរចៀសវាងពន្យារកំណើតដោយប្រើតែថ្នាំគ្រាប់ គឺគួរប្រើវិធីពន្យារកំណើតផ្សេងទៀតផងដែរ។ ស្ត្រីដែលអាចនឹងមានផ្ទៃពោះត្រូវធ្វើការពិនិត្យផ្ទៃពោះនៅមុនពេលប្រើប្រាស់ឱសថនេះនិងជារៀងរាល់ខែផងដែរក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។ ・ឱសថនេះអាចធ្វើអោយកើតមានអាការៈខ្វះឈាមឬចំនួនប្លាកែតថយចុះ ដូច្នេះ នៅមុនពេលប្រើប្រាស់ឱសថនេះ អ្នកជំងឺគួរទទួលការពិនិត្យឈាមជាមុនសិន។ ម្យ៉ាងទៀត គួរទទួលការពិនិត្យជារៀងរាល់ខែម្ដងក្នុងរយៈពេល4ខែដំបូងបន្ទាប់ពីចាប់ផ្ដើមប្រើ បន្ទាប់ពីនោះ គួរទទួលការពិនិត្យឈាមរៀងរាល់3ខែម្ដង។ ・សារធាតុនៅក្នុងទឹកផ្លែក្រូចថ្លុង និង អាហារបំប៉នដែលមានផ្ទុកសារធាតុSt.John's wort អាចមានឥទ្ធិពលដល់ប្រសិទ្ធិភាពនៃឱសថនេះ ដូច្នេះ គួរចៀសវាងការបរិភោគអាហារទាំងនេះ ក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។ 
- 
                    សកម្មភាពឱសថឱសថនេះមានសកម្មភាពភ្ជាប់ទៅនឹងគ្រឿងទទួលETA និង ETB នៃសារធាតុអិនដូសេលីន(Endothelin) ដែលជាសារធាតុនៅក្នុងរាងកាយមានតួនាទីធ្វើអោយសរសៃអាកទែរកន្ត្រាក់និងរួមតូច។ ការភ្ជាប់ទៅនឹងគ្រឿងទទួលETA と ETB របស់ឱសថនេះនឹងបង្អាក់សកម្មភាពរបស់សារធាតុអិនដូសេលីន។ ជាលទ្ធផល ឱសថនេះមានប្រសិទ្ធិភាពបញ្ចុះសម្ពាធឈាមនៅក្នុងសរសៃអាកទែរសួត និង កែលម្អបញ្ហាទាក់ទងនឹងសរសៃឈាមនៅតាមម្រាមដៃ។ 
 
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp
