Bevacizumab
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
- ការប្រុងប្រយ័ត្នជាពិសេស
- សកម្មភាពឱសថ
-
ប្រសិទ្ធិភាពព្យាបាល
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺដូចខាងក្រោម៖
- ជំងឺមហារីកពោះវៀន(Colon, Rectum)ដែលកំពុងវិវត្តឬរើឡើងវិញ និងមិនអាចព្យាបាលជាសះស្បើយដោយការវះកាត់
- ជំងឺមហារីកសួតប្រភេទNon-small-cell lung carcinoma ដែលកំពុងវិវត្តឬរើឡើងវិញ និងមិនអាចព្យាបាលជាសះស្បើយដោយការវះកាត់ លើកលែងប្រភេទSquamous cell carcinoma
- ជំងឺមហារីកក្រពេញអូវែរ
- ជំងឺមហារីកកស្បូនដែលកំពុងវិវត្តឬរើឡើងវិញ
- ជំងឺមហារីកសុដន់ដែលមិនអាចវះកាត់បានឬដែលរើឡើងវិញ
- ជំងឺមហារីកGlioma។
-
កម្រិតប្រើប្រាស់
ថ្នាំចាក់:
・ករណីជំងឺមហារីកពោះវៀន(Colon, Rectum)ដែលកំពុងវិវត្តឬរើឡើងវិញ និងមិនអាចព្យាបាលជាសះស្បើយដោយការវះកាត់:
ប្រើរួមជាមួយឱសថព្យាបាលជំងឺមហារីកផ្សេងទៀត ដោយជាទូទៅ មនុស្សពេញវ័យ ប្រើក្នុងកម្រិត1ដង5mg/kg(ទម្ងន់រាងកាយ)ឬ10mg/kg(ទម្ងន់រាងកាយ) ដោយព្យួរសេរ៉ូមតាមសរសៃវ៉ែន។ គម្លាតនៃការប្រើប្រាស់ឱសថនេះគឺចាប់ពី2សប្ដាហ៍ឡើងទៅ។ ឬម្យ៉ាងទៀត ប្រើរួមជាមួយឱសថព្យាបាលជំងឺមហារីកផ្សេងទៀត ដោយជាទូទៅ មនុស្សពេញវ័យ ប្រើក្នុងកម្រិត1ដង7.5mg/kg(ទម្ងន់រាងកាយ) ដោយព្យួរសេរ៉ូមតាមសរសៃវ៉ែន។ គម្លាតនៃការប្រើប្រាស់ឱសថនេះគឺចាប់ពី3សប្ដាហ៍ឡើងទៅ។
・ករណីជំងឺមហារីកសួតប្រភេទNon-small-cell lung carcinoma ដែលកំពុងវិវត្តឬរើឡើងវិញ និងមិនអាចព្យាបាលជាសះស្បើយដោយការវះកាត់ លើកលែងប្រភេទSquamous cell carcinoma ជំងឺមហារីកក្រពេញអូវែរ និង ជំងឺមហារីកកស្បូនដែលកំពុងវិវត្តឬរើឡើងវិញ:
ប្រើរួមជាមួយឱសថព្យាបាលជំងឺមហារីកផ្សេងទៀត ដោយជាទូទៅ មនុស្សពេញវ័យ ប្រើក្នុងកម្រិត1ដង15mg/kg(ទម្ងន់រាងកាយ) ដោយព្យួរសេរ៉ូមតាមសរសៃវ៉ែន។ គម្លាតនៃការប្រើប្រាស់ឱសថនេះគឺចាប់ពី3សប្ដាហ៍ឡើងទៅ។
・ករណីជំងឺមហារីកសុដន់ដែលមិនអាចវះកាត់បានឬដែលរើឡើងវិញ:
ប្រើរួមជាមួយឱសថPaclitaxel ដោយជាទូទៅ មនុស្សពេញវ័យ ប្រើក្នុងកម្រិត1ដង10mg/kg(ទម្ងន់រាងកាយ) ដោយព្យួរសេរ៉ូមតាមសរសៃវ៉ែន។ គម្លាតនៃការប្រើប្រាស់ឱសថនេះគឺចាប់ពី2សប្ដាហ៍ឡើងទៅ។
・ករណីជំងឺមហារីកGlioma:
ជាទូទៅ មនុស្សពេញវ័យ ប្រើក្នុងកម្រិត1ដង10mg/kg(ទម្ងន់រាងកាយ)តាមការព្យួរសេរ៉ូមតាមសរសៃវ៉ែនដោយទុកគម្លាតរយៈពេល2សប្ដាហ៍រវាងការចាក់ម្ដងៗ ឬ ប្រើក្នុងកម្រិត1ដង15mg/kg(ទម្ងន់រាងកាយ)តាមការព្យួរសេរ៉ូមតាមសរសៃវ៉ែនដោយទុកគម្លាតរយៈពេល3សប្ដាហ៍រវាងការចាក់ម្ដងៗ។ អាចពន្យារគម្លាតនៃការចាក់ទៅតាមស្ថានភាពរបស់អ្នកជំងឺ។
-
ហាមប្រើ
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។
・អ្នកដែលធ្លាប់មានអាការៈក្អួតឈាម (ឈាមលើសពី2.5mL) - ព្រោះការប្រើឱសថនេះអាចធ្វើអោយមានការហូរឈាមនៅក្នុងសួតធ្ងន់ធ្ងរ។
-
ផលរំខាន
ផលរំខានរួមមាន ងាយហូរឈាម សម្ពាធឈាមកើនឡើង ប៉ះពាល់សរសៃប្រសាទ អស់កម្លាំង បាត់បង់ចំណង់អាហារ ចង់ក្អួត ដំបៅក្នុងមាត់ ជ្រុះរោមឬសក់ ការមានប្រូតេអ៊ីនទៅក្នុងទឹកនោម។ល។
ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។
- បែកញើសទាំងត្រជាក់ វិលមុខ ក្ដៅច្រាល រួយខ្លួន ស្មារតីដឹងខ្លួនធ្លាក់ចុះ ពិបាកផ្ដោតអារម្មណ៍ ទឹកមុខស្លេកស្លាំង បេះដូងលោតញាប់ ពិបាកដកដង្ហើម សម្លេងស្អក ហើមភ្នែកនិងបបូរមាត់ កន្ទាលត្រអាក (រោគប្រតិកម្មធ្ងន់ធ្ងរ)
- ឈឺពោះខ្លាំង ក្អួតចង្អោរ ក្ដៅខ្លួន ពិបាកដកដង្ហើម ក្អក ក្អួតឈាម មានពពុះក្នុងទឹកនោម ទឹកនោមល្អក់ មានរន្ធនៅជុំវិញទ្វារធំធ្វើអោយមានការហូរលាមកឬទឹកពោះវៀនចេញមកក្រៅ មានការហូរលាមកឬទឹកនោមឬឈាមពីទ្វារមាស ភ្នែកនិងស្បែកប្រែពណ៌លឿង ទឹកនោមមានពណ៌ត្នោត (ធ្លាយក្រពះឬពោះវៀន ការកកើតFistulaនៅតាមបំពង់រំលាយអាហារ សរីរាង្គតម្រងនោមនិងបន្តពូជ បំពង់ទឹកប្រមាត់។ល។)
- របួសក្រជាសះស្បើយ
- ក្អួតឈាម ក្អួតចង្អោរ ឈឺពោះ លាមកលាយឈាម លាមកពណ៌ខ្មៅ (ហូរឈាមតាមបំពង់រំលាយអាហារ)
- ស្លេស្មមានលាយឈាម ក្អួតឈាម (ហូរឈាមនៅក្នុងសួត)
- ក្អួតចង្អោរ ស្ពឹកមួយចំហៀងខ្លួន ស្មារតីដឹងខ្លួនធ្លាក់ចុះ ពិបាកផ្ដោតអារម្មណ៍ ឈឺក្បាល ពិបាកនិយាយ ស្ពឹកដៃជើង ពិបាកធ្វើចលនារាងកាយ បាត់បង់ស្មារតី (ហូរឈាមនៅក្នុងខួរក្បាល)
- ក្អួតឈាម ហូរឈាមតាមច្រមុះ អញ្ចាញធ្មេញ ទ្វារមាសជាដើម (ការហូរឈាមតាមភ្នាសផ្សេងៗនៅក្នុងរាងកាយ)
- ធ្ងន់ក្បាល ឈឺក្បាល ងងឹតមុខ បែកញើសទាំងត្រជាក់ ស្ពឹកមួយចំហៀងខ្លួន វិលមុខ ស្មារតីដឹងខ្លួនធ្លាក់ចុះ ពិបាកនិយាយ គំហើញនៃភ្នែកធ្លាក់ចុះ ស្ពឹក ថប់ទ្រូង ឈឺទ្រូង ពិបាកដកដង្ហើម ក្អក ស្បែក បបូរមាត់និងក្រចកដៃជើងប្រែពណ៌ខៀវស្វាយឬស្វាយចាស់ (ជំងឺស្ទះដោយសារកំណកឈាម រួមមាន ស្ទះសរសៃឈាមក្នុងខួរក្បាលឬបេះដូង ត្បៀតសរសៃឈាមក្នុងខួរក្បាលឬបេះដូង ជាដើម)
- ឈឺជើងខ្លាំង ហើមជើង បែកញើស ក្ដៅខ្លួន ក្អក ស្មារតីដឹងខ្លួនធ្លាក់ចុះ ឈឺទ្រូង ពិបាកដកដង្ហើម (ជំងឺស្ទះនៅសរសៃឈាមវ៉ែនដោយសារកំណកឈាម)
- វិលមុខ ឈឺក្បាលខ្លាំង ចង់ក្អួត ស្ពឹកដៃជើង (រោគសញ្ញានៃការប៉ះពាល់ដល់ខួរក្បាលដោយសារសម្ពាធឈាមកើនឡើងខ្ពស់)
- សាច់ដុំកន្ត្រាក់ឬប្រកាច់ គំហើញរបស់ភ្នែកមានបញ្ហា បាត់បង់ស្មារតី (ជំងឺPosterior reversible encephalopathy syndrome)
- ហើមពេញខ្លួន បរិមាណទឹកនោមថយចុះ (ជំងឺតម្រងនោមNephrotic syndrome)
- រួយខ្លួន ក្ដៅខ្លួន ឈាមក្រកក ងាយហូរឈាម ចេញឈាមតាមអញ្ចាញធ្មេញ ឈាមច្រមុះ ស្នាមជាំស្វាយលើស្បែក ដង្ហក់ (ផលប៉ះពាល់លើមុខងារផលិតគ្រាប់ឈាមរបស់ខួរឆ្អឹង)
- រងាញាក់ ក្ដៅខ្លួន ក្អក ស្លេស្ម ដង្ហក់ ឈឺសន្លាក់ ឈឺសាច់ដុំ ស្បែកហើមនិងមានពណ៌ក្រហមទៅក្រហមស្វាយ ពងទឹកនិងឈឺលើស្បែក ស្បែកប្រែពណ៌ខ្មៅ រលាត់ឬរបកស្បែកនិងសាច់ដុំ (ជំងឺឆ្លង ដូចជារលាកសួត មេរោគចូលក្នុងឈាម រលាកភ្នាសសាច់ដុំ ជាដើម)
- រួយខ្លួន ហើមពេញខ្លួន ចង់ក្អួត ពិបាកដកដង្ហើម ដង្ហក់ពេលធ្វើចលនា (ជំងឺមុខងារបេះដូងចុះខ្សោយ)
- ក្ដៅខ្លួន ក្អកស្ងួត ពិបាកដកដង្ហើម ដង្ហក់ (ជំងឺរលាកសួតInterstitial pneumonia)
- ងាយហូរឈាម ឈាមច្រមុះ ឈាមតាមអញ្ចាញធ្មេញ ហូរឈាមនៅក្នុងរាងកាយ នោមមានឈាម (ជំងឺThrombotic thrombocytopenic purpura(TTP), ជំងឺHemolytic uremic syndrome(HUS))។
-
ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ គួរប្រើឱសថនេះក្នុងករណីចាំបាច់តែប៉ុណ្ណោះ ព្រោះសារធាតុឱសថអាចប៉ះពាល់ដល់ទារកក្នុងផ្ទៃ។
・អ្នកជំងឺជាស្ត្រីដែលអាចមានផ្ទៃពោះ គួរប្រើប្រាស់វិធីពន្យារកំណើតក្នុងអំឡុងពេលប្រើឱសថនេះនិងក្រោយពេលឈប់ប្រើប្រាស់យ៉ាងហោចណាស់រយៈពេល6ខែ។
・ស្ត្រីបំបៅដោះកូន គួរចៀសវាងការបំបៅដោះក្នុងអំឡុងពេលប្រើឱសថនេះនិងក្រោយពេលឈប់ប្រើប្រាស់យ៉ាងហោចណាស់រយៈពេល6ខែផងដែរ។
-
ការប្រុងប្រយ័ត្នជាពិសេស
・នៅក្នុងការប្រើឱសថនេះ ត្រូវប្រុងប្រយ័ត្នជាពិសេសចំពោះផលប៉ះពាល់ដែលបង្កអោយមានជំងឺធ្លាយក្រពះឬពោះវៀន ជំងឺហូរឈាមក្នុងខួរក្បាលឬក្នុងសួត ជំងឺស្ទះឬត្បៀតសរសៃឈាមនៅខួរក្បាលឬបេះដូង ជំងឺសម្ពាធឈាមកើនឡើងហួសហេតុ ព្រោះវាអាចបណ្ដាលអោយមានគ្រោះថ្នាក់ដល់ជីវិតរបស់អ្នកជំងឺ។
・ការប្រើប្រាស់ឱសថនេះអាចធ្វើអោយរបួសក្រជាសះស្បើយ ដូច្នេះ ត្រូវប្រុងប្រយ័ត្ននៅពេលអ្នកជំងឺត្រូវទទួលការវះកាត់ឬការដកធ្មេញជាដើម។
・អ្នកជំងឺជាស្ត្រីដែលអាចមានផ្ទៃពោះ គួរប្រើប្រាស់វិធីពន្យារកំណើតក្នុងអំឡុងពេលប្រើឱសថនេះនិងក្រោយពេលឈប់ប្រើប្រាស់យ៉ាងហោចណាស់រយៈពេល6ខែ។ ម្យ៉ាងទៀត សម្រាប់ស្ត្រីបំបៅដោះកូន គួរចៀសវាងការបំបៅដោះក្នុងអំឡុងពេលប្រើឱសថនេះនិងក្រោយពេលឈប់ប្រើប្រាស់យ៉ាងហោចណាស់រយៈពេល6ខែផងដែរ។
・ជាទូទៅ គេកំណត់កម្រិតប្រើប្រាស់នៃឱសថនេះទៅតាមទម្ងន់របស់អ្នកជំងឺ។
-
សកម្មភាពឱសថ
ឱសថនេះធ្វើសកម្មភាពដោយភ្ជាប់ទៅនឹងសារធាតុVEGFនៅក្នុងរាងកាយ ដើម្បីទប់ស្កាត់សកម្មភាពភ្ជាប់រវាងVEGFនិងគ្រឿងទទួលរបស់វា។ ប្រសិនបើមិនមានសកម្មភាពរបស់VEGFនោះទេ ជាលិកាមហារីកនឹងមិនអាចបង្កើតសរសៃឈាមថ្មីៗដើម្បីពង្រីកទំហំនៃមហារីកបន្ថែមទៀតនោះទេ។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp