Betaxolol hydrochloride
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
ប្រភេទឱសថ
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- អន្តរប្រតិកម្ម
- ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
- ការប្រុងប្រយ័ត្នជាពិសេស
- សកម្មភាពឱសថ
-
ប្រសិទ្ធិភាពព្យាបាល
ករណីថ្នាំលេប:
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម ៖
- ជំងឺលើសសម្ពាធឈាមដែលគ្មានជំងឺផ្សេងជាដើមហេតុ (កម្រិតស្រាល~កម្រិតមធ្យម)
- ជំងឺលើសសម្ពាធឈាមដោយសារបញ្ហាតម្រងនោម
- ជំងឺត្បៀតសរសៃឈាមក្នុងបេះដូង(Angina pectoris)។
ករណីថ្នាំបន្តក់ភ្នែក:
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺក្លូកូម(Glaucoma) ឬ រោគសញ្ញានៃការកើនឡើងសម្ពាធភ្នែក។
-
កម្រិតប្រើប្រាស់
ករណីថ្នាំលេប:
・ជំងឺលើសសម្ពាធឈាមដែលគ្មានជំងឺផ្សេងជាដើមហេតុ (កម្រិតស្រាល~មធ្យម):
មនុស្សពេញវ័យ:លេប1ថ្ងៃ1ដង5~10mg។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា ប៉ុន្តែ កម្រិតអតិបរមាគឺ1ថ្ងៃ1ដង20mg។
・ជំងឺលើសសម្ពាធឈាមដោយសារតម្រងនោម:
មនុស្សពេញវ័យ:លេប1ថ្ងៃ1ដង5mg។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា ប៉ុន្តែ កម្រិតអតិបរមាគឺ1ថ្ងៃ1ដង10mg។
・ជំងឺត្បៀតសរសៃឈាមបេះដូង:
មនុស្សពេញវ័យ:លេប1ថ្ងៃ1ដង10mg។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា ប៉ុន្តែ កម្រិតអតិបរមាគឺ1ថ្ងៃ1ដង20mg។
ករណីថ្នាំបន្តក់ភ្នែក (0.5%):
បន្តក់ក្នុងភ្នែ 1ដង1តំណក់ 1ថ្ងៃ2ដង។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមរោគសញ្ញា។
-
ហាមប្រើ
ករណីថ្នាំលេប:
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។
・អ្នកដែលកំពុងមានរោគសញ្ញានៃជីពចរចុះខ្សោយធ្ងន់ធ្ងរឬមានបញ្ហាទាក់ទងនឹងការបញ្ជូនសញ្ញាក្នុងបេះដូង។
・អ្នកដែលកំពុងមានរោគសញ្ញានៃការកើនឡើងសារធាតុកេតូននៅក្នុងរាងកាយ(Ketosis)ដោយសារជំងឺទឹកនោមផ្អែម ឬ រោគសញ្ញានៃការកើនឡើងកម្រិតអាស៊ីតនៅក្នុងឈាមដោយសារមេតាបូលីស(Metabolic acidosis)។
・អ្នកដែលកំពុងមានអាការៈប្រតិកម្មធ្ងន់ធ្ងរដោយសារបញ្ហាបេះដូង(Cardiogenic shock)។
・អ្នកដែលមានជំងឺខ្សោយមុខងារថតខាងស្ដាំនៃបេះដូងដោយសារជំងឺលើសសម្ពាធឈាមក្នុងអាកទែរសួត។
・អ្នកដែលមានជំងឺខ្សោយបេះដូងប៉ះពាល់ដល់ចរន្តឈាមក្នុងរាងកាយ(Congestive heart failure)។
・អ្នកជំងឺមហារីកPheochromocytomaដែលមិនទាន់ទទួលការព្យាបាល។
・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ។
ករណីថ្នាំបន្តក់ភ្នែក:
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។
・អ្នកមានជំងឺខ្សោយបេះដូង(Heart failure) ដែលមិនទាន់គ្រប់គ្រងស្ថានភាពជំងឺបានគ្រប់គ្រាន់។
・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ។
-
ផលរំខាន
ករណីថ្នាំលេប:
ផលរំខានរួមមាន ជីពចរដើរយឺត វិលមុខ ឈឺក្បាល អស់កម្លាំង ឡើងកន្ទួលក្រហម កន្ទាលត្រអាក រមាស់ស្បែក។ល។
ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។
- អស់កម្លាំង ពិបាកដកដង្ហើម ហើមពេញខ្លួន (ជំងឺខ្សោយបេះដូង ជំងឺទាក់ទងនឹងការបញ្ជូនសញ្ញាក្នុងបេះដូង ជាដើម)។
ករណីថ្នាំបន្តក់ភ្នែក:
ផលរំខានរួមមាន ក្រហាយភ្នែក ប៉ះពាល់កញ្ចក់ភ្នែក(ឈឺភ្នែក មើលមិនច្បាស់ ទើសក្នុងភ្នែក) ចេញទឹកភ្នែក ។ល។
-
អន្តរប្រតិកម្ម
ករណីថ្នាំលេប:
ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។
・ឱសថដែលមានសកម្មភាពទប់ស្កាត់ប្រព័ន្ធភ្ញោចសរសៃប្រសាទ(The sympathetic nervous system) (ឱសថReserpine ជាដើម) - អាចបង្កើនសកម្មភាពទប់ស្កាត់ប្រព័ន្ធភ្ញោចសរសៃប្រសាទ ធ្វើអោយប៉ះពាល់ដល់មុខងារបេះដូង។
・ឱសថបញ្ចុះជាតិស្ករក្នុងឈាម - អាចបង្កើនសកម្មភាពបញ្ចុះជាតិស្ករក្នុងឈាម។
・ឱសថប្រភេទCalcium antagonists (Verapamil, Diltiazem, Nifedipine ជាដើម) - អាចធ្វើអោយប៉ះពាល់ដល់មុខងារបេះដូង។
・ឱសថDigoxin, ឱសថMetildigoxin - អាចធ្វើអោយប៉ះពាល់ដល់មុខងារបេះដូង។
・ឱសថClonidine - អាចកើតមានអាការៈដូចជាសម្ពាធឈាមកើនឡើង ឈឹក្បាលបន្ទាប់ពីឈប់ប្រើឱសថClonidine។
・ឱសថព្យាបាលជំងឺទាក់ទងនឹងចង្វាក់បេះដូង(Disopyramide, Procainamide, Ajmaline, Amiodarone ជាដើម) - អាចធ្វើអោយមុខងារបេះដូងចុះខ្សោយខ្លាំង។
・ប្រភេទថ្នាំស្ពឹក(Ether ជាដើម) - អាចបង្កើនសកម្មភាពទប់ស្កាត់ប្រព័ន្ធភ្ញោចសរសៃប្រសាទ បង្កជាផលរំខានផ្សេងៗ។
・ឱសថបញ្ចុះកម្ដៅនិងបំបាត់ការឈឺចាប់ប្រភេទNSAIDs(Indometacin ជាដើម) - អាចធ្វើអោយប្រសិទ្ធិភាពបញ្ចុះសម្ពាធឈាមថយចុះ។
・ឱសថដែលមានសកម្មភាពបញ្ចុះសម្ពាធឈាម - អាចធ្វើអោយសម្ពាធឈាមធ្លាក់ចុះខ្លាំង។
・ឱសថRemifentanil hydrochloride - អាចធ្វើអោយជីពចរកាន់តែខ្សោយ ឬសម្ពាធឈាមធ្លាក់ចុះទាប។
・ឱសថFingolimod - អាចធ្វើអោយប៉ះពាល់ដល់មុខងារបេះដូង។
ករណីថ្នាំបន្តក់ភ្នែក:
ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។
・ឱសថដែលមានសកម្មភាពទប់ស្កាត់ប្រព័ន្ធភ្ញោចសរសៃប្រសាទ(The sympathetic nervous system) (ឱសថReserpine ជាដើម) - អាចបង្កើនសកម្មភាពទប់ស្កាត់ប្រព័ន្ធភ្ញោចសរសៃប្រសាទ ធ្វើអោយប៉ះពាល់ដល់មុខងារបេះដូង សម្ពាធឈាម ជាដើម។
・ឱសថប្រភេទβ blockers (Propranolol hydrochloride ជាដើម) - អាចធ្វើអោយសកម្មភាពនៃឱសថទាំងនេះកើនឡើង ហើយសម្ពាធភ្នែកក៏ថយចុះជាងមុន។
・ឱសថប្រភេទCalcium antagonists (Verapamil, Diltiazem) - អាចធ្វើអោយប៉ះពាល់ដល់មុខងារបេះដូង និង សម្ពាធឈាម។
-
ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
ករណីថ្នាំលេប និង ថ្នាំបន្តក់ភ្នែក:
・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ មិនត្រូវប្រើប្រាស់ឱសថនេះទេ ព្រោះអាចមានគ្រោះថ្នាក់ដល់ទារកក្នុងផ្ទៃ។
・ស្ត្រីបំបៅដោះកូន មិនគួរប្រើប្រាស់ឱសថនេះទេ ព្រោះសារធាតុឱសថអាចជ្រៀតចូលក្នុងទឹកដោះម្តាយ។ ប្រសិនបើចាំបាច់ត្រូវប្រើឱសថនេះ ស្ត្រីគួរផ្អាកការបំបៅបណ្តោះអាសន្នក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។
-
ការប្រុងប្រយ័ត្នជាពិសេស
ករណីថ្នាំលេប:
・ឱសថនេះអាចធ្វើអោយសម្ពាធឈាមធ្លាក់ចុះបង្កជាអាការៈវិលមុខជាដើម ដូច្នេះ ត្រូវប្រុងប្រយ័ត្ននៅពេលបើកបរឬបញ្ជាម៉ាស៊ីនដែលមានគ្រោះថ្នាក់។
ករណីថ្នាំបន្តក់ភ្នែក:
・ឱសថទប់ស្កាត់គ្រឿងទទួលបេតា (β receptor inhibitors)ជាឱសថក្នុងជម្រើសទី1សម្រាប់ការព្យាបាលជំងឺក្លូកូម ដោយឱសថនេះមិនមានឥទ្ធិពលទៅលើទំហំនៃកូនក្រមុំភ្នែកឬប៉ះពាល់ដល់សមត្ថភាពគំហើញរបស់ភ្នែកនោះទេ។
-
សកម្មភាពឱសថ
ករណីថ្នាំលេប:
ឱសថនេះមានប្រសិទ្ធិភាពភ្ជាប់ទៅនឹងគ្រឿងទទួលបេតា1(Beta 1 receptor)ដើម្បីទប់ស្កាត់ការភ្ញោចពីសារធាតុCatecholamineនៅក្នុងបេះដូងធ្វើអោយបរិមាណឈាមនិងចំនួនដងនៃការច្របាច់បេះដូងថយចុះ និងនៅក្នុងសរសៃឈាមដើម្បីបន្ធូរការកន្ត្រាក់នៃសរសៃឈាម ជាលទ្ធផល ឱសថនេះមានប្រសិទ្ធិភាពបញ្ចុះសម្ពាធឈាមនិងបន្ថយបន្ទុកទៅលើបេះដូង។
ករណីថ្នាំបន្តក់ភ្នែក:
ឱសថនេះមានប្រសិទ្ធិភាពទប់ស្កាត់សកម្មភាពនៃគ្រឿងទទួលបេតា (β receptor) ដើម្បីកាត់បន្ថយការផលិតទឹកក្នុងភ្នែក(Aqueous humour) ធ្វើអោយសម្ពាធក្នុងភ្នែកថយចុះ។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp