Beraprost sodium = PGI2

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ផលរំខាន
    • អន្តរប្រតិកម្ម
    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
    • ការប្រុងប្រយ័ត្នជាពិសេស
    • សកម្មភាពឱសថ
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម ៖

      - អាការៈឈឺចាប់ ត្រជាក់ ឬ កើតមានដំបៅ បណ្ដាលមកពីជំងឺស្ទះសរសៃឈាមអាកទែររ៉ាំរ៉ៃ(Chronic arterial occlusive disease)។

      - ជំងឺលើសសម្ពាធឈាមនៅក្នុងអាកទែរសួតដោយគ្មានជំងឺផ្សេងជាដើមហេតុ(Primay pulmonary hypertension, PPH)។

      - ជំងឺលើសសម្ពាធឈាមនៅសួតដោយសារបញ្ហាសរសៃអាកទែរសួត(Pulmonary arterial hypertension, PAH)។

    • កម្រិតប្រើប្រាស់

      ថ្នាំលេប:

      ・ករណីអាការៈឈឺចាប់ ត្រជាក់ ឬ កើតមានដំបៅ បណ្ដាលមកពីជំងឺស្ទះសរសៃឈាមអាកទែររ៉ាំរ៉ៃ(Chronic arterial occlusive disease):

      មនុស្សពេញវ័យ:លេប1ថ្ងៃ120μg បែងចែកជា3ដងក្នុង1ថ្ងៃ ក្រោយបរិភោគអាហារ។

      ・ករណីជំងឺលើសសម្ពាធឈាមនៅក្នុងអាកទែរសួតដោយគ្មានជំងឺផ្សេងជាដើមហេតុ(Primay pulmonary hypertension, PPH):

      មនុស្សពេញវ័យ:ចាប់ផ្ដើមលេបពីកម្រិត 1ថ្ងៃ60μg បែងចែកជា3ដងក្នុង1ថ្ងៃ ក្រោយបរិភោគអាហារ និង បង្កើនកម្រិតប្រើប្រាស់បន្តិចម្ដងៗដោយតាមដានទៅលើរោគសញ្ញានិងផលរំខាន។ ករណីបង្កើនកម្រិតប្រើប្រាស់ អាចកំណត់ចំនួនដងនៃការប្រើឱសក្នុង1ថ្ងៃដល់3~4ដង ដោយកម្រិតអតិបរមាប្រើក្នុងថ្ងៃគឺ 180μg។

      ・ករណីជំងឺលើសសម្ពាធឈាមនៅសួតដោយសារបញ្ហាសរសៃអាកទែរសួត(Pulmonary arterial hypertension, PAH):

      មនុស្សពេញវ័យ:ចាប់ផ្ដើមលេបពីកម្រិត 1ថ្ងៃ120μg បែងចែកជា2ដងក្នុង1ថ្ងៃ ក្រោយបរិភោគអាហារពេលព្រឹកនិងពេលល្ងាច។ អាចបង្កើនកម្រិតប្រើប្រាស់បន្តិចម្ដងៗដោយតាមដានទៅលើរោគសញ្ញានិងផលរំខាន។ កម្រិតអតិបរមាប្រើក្នុង1ថ្ងៃគឺ360μg បែងចែកជា2ដងក្នុង1ថ្ងៃ ក្រោយបរិភោគអាហារពេលព្រឹកនិងពេលល្ងាច។

    • ហាមប្រើ

      ・អ្នកដែលកំពុងមានអាការៈហូរឈាម (ជំងឺឈាមក្រកក(Hemophilia) ជំងឺដំបៅក្រពះឬពោះវៀន អាការៈហូរឈាមនៅតាមប្រព័ន្ធតម្រងនោម ក្អកឈាម អាការៈហូរឈាមនៅបាតភ្នែក ។ល។)

      ・ស្រ្តីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ។

    • ផលរំខាន

      ផលរំខានរួមមាន ឈឺក្បាល មុខក្រហម អារម្មណ៍ក្ដៅច្រាលឡើង រាករូស ចង់ក្អួត អស់កម្លាំង ងាយហូរឈាម ហូរឈាមនៅក្រោមស្បែក ឈាមច្រមុះ អាការៈខ្វះឈាម ឡើងកន្ទួលក្រហម រមាស់ស្បែក កន្ទាលត្រអាក ស្នាមក្រហមលើស្បែក។ល។

      ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។

      - ឈឺក្បាលខ្លាំងភ្លាមៗ ក្អួតចង្អោរ ស្ពឹកមួយចំហៀងខ្លួន (ហូរឈាមក្នុងក្បាល)

      - លាមកពណ៌ខ្មៅ លាមកលាយឈាម ក្អួតឈាម ភ្នែកមើលមិនសូវច្បាស់ ឈឺសន្លាក់ (ហូរឈាមនៅក្រពះពោះវៀន ហូរឈាមនៅបាតភ្នែក)

      - ទឹកមុខស្លេកស្លាំង បែកញើសទាំងត្រជាក់ ងងឹតមុខ បាត់បង់ស្មារតី (អាការៈប្រតិកម្មធ្ងន់ធ្ងរ(Shock))

      - ក្អក ពិបាកដកដង្ហើម ក្ដៅខ្លួន (ជំងឺរលាកសួតប្រភេទInterstitial pneumonia)

      - អស់កម្លាំង បាត់បង់ចំណង់អាហារ ភ្នែកនិងស្បែកប្រែពណ៌លឿង (មុខងារថ្លើមមានបញ្ហា ខាន់លឿង)

      - ថប់ទ្រូង ឈឺទ្រូងដូចត្រូវគេរឹតឬសង្កត់ (ជំងឺត្បៀតឬស្ទះសរសៃឈាមក្នុងបេះដូង)។

    • អន្តរប្រតិកម្ម

      ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។

      ・ឱសថប្រឆាំងកំណកឈាម(Heparin, Warfarin, Enoxaparin sodium, Fondaparinux sodium, Dabigatran etexilate methanesulfonate ជាដើម), ឱសថដែលទប់ស្កាត់ប្រតិកម្មនៃការផ្ដុំប្លាកែត(Aspirin, Dipyridamole, Ticlopidine, Clopidogrel ជាដើម), ឱសថរំលាយកំណកឈាម(Urokinase, t-PA ជាដើម) - អាចធ្វើអោយហានិភ័យនៃការហូរឈាមកើនឡើង។

      ・ឱសថប្រភេទប្រូស្តាក្លង់ឌីនI2 (Epoprostenol, Beraprost ជាដើម), ឱសថBosentan - អាចធ្វើអោយសម្ពាធឈាមធ្លាក់ចុះខ្លាំង។

    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន

      ・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ មិនត្រូវប្រើប្រាស់ឱសថនេះទេ។

      ・ស្ត្រីបំបៅដោះកូន មិនគួរប្រើប្រាស់ឱសថនេះទេ ព្រោះសារធាតុឱសថអាចជ្រៀតចូលក្នុងទឹកដោះម្តាយ។ ប្រសិនបើចាំបាច់ត្រូវប្រើឱសថនេះ ស្ត្រីគួរផ្អាកការបំបៅបណ្តោះអាសន្នក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។

    • ការប្រុងប្រយ័ត្នជាពិសេស

      ・ឱសថនេះអាចផ្ដល់ផលរំខានប៉ះពាល់ដល់ស្មារតីដឹងខ្លួន ដូច្នេះ ត្រូវប្រុងប្រយ័ត្ននៅពេលបើកបរឬបញ្ជាម៉ាស៊ីនដែលមានគ្រោះថ្នាក់។

    • សកម្មភាពឱសថ

      ឱសថនេះមានសកម្មភាពភ្ជាប់ទៅនឹងគ្រឿងទទួលប្រូស្តាសាយគ្លីន(Prostacyclin receptor)ដែលស្ថិតនៅលើប្លាកែតនិងកោសិកាសាច់ដុំនៃសរសៃឈាម ដើម្បីភ្ញោចសកម្មភាពនៃអង់ស៊ីមអាដេនីលេតសាយក្លេស(Adenylate cyclase) ធ្វើអោយបង្អាក់សកម្មភាពហូរចូលនៃអ៊ីយ៉ុងកាល់ស្យូមចូលមកក្នុងកោសិកានិងទប់ស្កាត់ការសំយោគសារធាតុត្រុំបុកសានA2 (Thromboxane A2)។ ជាលទ្ធផល ឱសថនេះមានប្រសិទ្ធិភាពទប់ស្កាត់សកម្មភាពបង្កើតកំណកឈាមរបស់ប្លាកែត និង មានប្រសិទ្ធិភាពពង្រីកសរសៃឈាមដើម្បីសម្រួលចរន្តឈាមផងដែរ។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp