Anagrelide hydrochloride hydrate
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- អន្តរប្រតិកម្ម
- ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
- ការប្រុងប្រយ័ត្នជាពិសេស
- សកម្មភាពឱសថ
-
ប្រសិទ្ធិភាពព្យាបាល
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺកើនឡើងខុសប្រក្រតីនៃប្លាកែតក្នុងឈាមដែលគ្មានជំងឹផ្សេងជាដើមហេតុ (Essential thrombocythemiaឬEssential thrombocytosis)។
-
កម្រិតប្រើប្រាស់
ថ្នាំលេប:
មនុស្សពេញវ័យ:ចាប់ផ្ដើមលេបពីកម្រិត1ដង0.5mg 1ថ្ងៃ2ដង។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមស្ថានភាពរបស់អ្នកជំងឺ ដោយត្រូវទុកគម្លាតរយៈពេលយ៉ាងហោចណាស់1សប្ដាហ៍រវាងការបង្កើនកម្រិតម្ដងៗនិងបង្កើនម្ដង0.5mg/ថ្ងៃ ហើយមិនត្រូវប្រើលើសពី4ដងក្នុង1ថ្ងៃនោះទេ។ កម្រិតអតិបរមាប្រើគឺ2.5mg/1ដង ឬ 10mg/1ថ្ងៃ។
-
ហាមប្រើ
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។
・អ្នកដែលមានបញ្ហាថ្លើមធ្ងន់ធ្ងរ។
-
ផលរំខាន
ផលរំខានរួមមាន រោគសញ្ញាខ្វះឈាម ឈឺក្បាល បេះដូងលោតញាប់ រាករូស ហើម។ល។
ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។
- បេះដូងលោតញាប់ រួយខ្លួន ពិបាកដកដង្ហើម (បញ្ហាថ្លើម)
- បេះដូងលោតញាប់ បាត់បង់ស្មារតី ឈឺទ្រួង (QTអូសបន្លាយ ជំងឺចង្វាក់បេះដូងខុសប្រក្រតីទាក់ទងនឹងថតក្រោមនៃបេះដូង)
- ក្ដៅខ្លួន ក្អកស្ងួត (រលាកសួតប្រភេទInterstitial pneumonia)
- ឈាមច្រមុះ ឈាមអញ្ចាញធ្មេញ ស្នាមជាំស្វាយដោយសារហូរឈាមក្រោមស្បែក (រោគសញ្ញាហូរឈាម)។
-
អន្តរប្រតិកម្ម
ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។
・ឱសថដែលមានសកម្មភាពទប់ស្កាត់ការប្រមូលផ្ដុំនៃប្លាកែត(ឱសថAspirin ឱសថClopidogrel ជាដើម) ឱសថប្រឆាំងកំណកឈាម(Warfarinជាដើម) ឱសថរំលាយកំណកឈាម(ឱសថUrokinase ឱសថAlteplase ជាដើម) - អាចធ្វើអោយហានិភ័យនៃការហូរឈាមកើនឡើង។
・ឱសថដែលមានសកម្មភាពទប់ស្កាត់cAMP PDE Ⅲ (ឱសថMilrinone ឱសថOlprinone ឱសថCilostazol ឱសថIbudilast ជាដើម) - អាចធ្វើអោយមានឥទ្ធិពលទៅលើប្រសិទ្ធភាពឬរយៈពេលធ្វើសកម្មភាពនៃឱសថAnagrelide។
・ឱសថដែលមានសកម្មភាពពន្យាររយៈពេលQTនៃចង្វាក់បេះដូង (ឱសថImipramine ឱសថPimozide ជាដើម) ឱសថព្យាបាលជំងឺចង្វាក់បេះដូងខុសប្រក្រតី(ឱសថQuinidine ឱសថProcainamide ឱសថDisopyramide ជាដើម) - អាចធ្វើអោយQTនៃចង្វាក់បេះដូងកាន់តែអូសបន្លាយ។
-
ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ គួរប្រើឱសថនេះ ក្នុងករណីចាំបាច់ប៉ុណ្ណោះ។
・ស្ត្រីបំបៅដោះកូន មិនគួរប្រើប្រាស់ឱសថនេះទេ ព្រោះសារធាតុឱសថអាចជ្រៀតចូលក្នុងទឹកដោះម្តាយ។ ប្រសិនបើចាំបាច់ត្រូវប្រើឱសថនេះ ស្ត្រីគួរផ្អាកការបំបៅបណ្តោះអាសន្នក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។
・អ្នកជំងឺជាស្ត្រីដែលអាចមានផ្ទៃពោះ គួរប្រើប្រាស់វិធីពន្យារកំណើតក្នុងអំឡុងពេលប្រើឱសថនេះ។
-
ការប្រុងប្រយ័ត្នជាពិសេស
・ការប្រើឱសថនេះត្រូវស្ថិតក្រោមការគ្រប់គ្រងម៉ត់ចត់ពីវេជ្ជបណ្ឌិតដែលមានបទពិសោធន៍ច្រើនក្នុងការព្យាបាលជំងឺមហារីកសរីរាង្គផលិតគ្រាប់ឈាម។
・ដើម្បីដឹងអំពីប្រសិទ្ធភាពនៃឱសថនេះ អ្នកជំងឺត្រូវទទួលការពិនិត្យឈាមជាប្រចាំ។
・អ្នកដែលមានអាការៈងាយហូរឈាម ត្រូវប្រុងប្រយ័ត្នចំពោះរបួសដែលអាចកើតឡើង ហើយមុននឹងដកធ្មេញឬទទួលការវះកាត់ណាមួយ ត្រូវប្រាប់ទៅវេជ្ជបណ្ឌិតអំពីការប្រើឱសថនេះជាមុនសិន។
-
សកម្មភាពឱសថ
គេមិនច្បាស់អំពីគោលដៅសកម្មភាពនៃឱសថនេះទេ ប៉ុន្តែ គេសន្មតថាឱសថនេះមានសកម្មភាពទប់ស្កាត់ដំណើរការកកើតនិងដំណើរការវិវត្តទៅជាទម្រង់សកម្មនៃកោសិកាMegakaryocyte ដែលកោសិកានេះមានតួនាទីផលិតប្លាកែត។ ជាលទ្ធផល ចំនួនប្លាកែតក្នុងរាងកាយមានកម្រិតថយចុះ។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp