Ampicillin hydrate + Cloxacillin sodium hydrate
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
ប្រភេទឱសថ
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- អន្តរប្រតិកម្ម
- ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
- សកម្មភាពឱសថ
-
ប្រសិទ្ធិភាពព្យាបាល
ករណីថ្នាំលេប:
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺឆ្លងបន្តបន្ទាប់បណ្តាលមកពីជំងឺឆ្លងផ្សេងទៀត ទាក់ទងនឹងផ្លូវដង្ហើម រួមមានជំងឺរលាកសួត ជំងឺខ្ទុះក្នុងសួត ជំងឺឆ្លងមេរោគដោយសារជំងឺផ្លូវដង្ហើមរ៉ាំរ៉ៃ។
ករណីថ្នាំចាក់:
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោមៈ
- បង្ការការឆ្លងបាក់តេរីចំពោះទារកទើបកើត
- ព្យាបាលជំងឺឆ្លងបណ្ដាលមកពីបាក់តេរី រួមមាន ជំងឺខ្ទុះនៅស្បែករ៉ាំរ៉ៃ ជំងឺរលាកបំពង់កនិងបំពង់សម្លេង ជំងឺរលាកទងសួតស្រួចស្រាវ ជំងឺរលាកសួត ជំងឺឆ្លងបាក់តេរីដោយសារជំងឺផ្លូវដង្ហើមរ៉ាំរ៉ៃ ជំងឺរលាកផ្នែកខាងក្រៅនៃត្រចៀក។
- ព្យាបាលរោគសញ្ញាប្រតិកម្មធ្ងន់ធ្ងរទៅនឹងការជ្រាតចូលនៃមេរោគក្នុងឈាម(Sepsis) ជំងឺរលាកសួត ជំងឺខ្ទុះក្នុងសួត ជំងឺឆ្លងមេរោគដោយសារជំងឺទាក់ទងនឹងផ្លូវដង្ហើមរ៉ាំរ៉ៃ ជំងឺរលាកប្លោកនោម ជំងឺរលាកតម្រងនោមប្រភេទPyelonephritis។
-
កម្រិតប្រើប្រាស់
ករណីថ្នាំលេប:
-មនុស្សពេញវ័យ:លេប1ដង250mg~500mg(កម្រិតសរុបនៃសារធាតុឱសថទាំងពីរ) រៀងរាល់6ម៉ោង។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។
ករណីថ្នាំចាក់:
-ទារក ទារកទើបកើតនិងទារកកើតមិនគ្រប់ខែ:ប្រើ1ថ្ងៃ100mg/kg ដោយបែងចែកជាច្រើនដងនិងប្រើរៀងរាល់6~8ម៉ោង ចាក់ក្នុងសាច់ដុំ។
- ចំពោះប្រើនៅក្នុងការព្យាបាលរោគសញ្ញាប្រតិកម្មធ្ងន់ធ្ងរទៅនឹងការជ្រាតចូលនៃមេរោគក្នុងឈាម(Sepsis) ជំងឺរលាកសួត ជំងឺខ្ទុះក្នុងសួត ជំងឺឆ្លងមេរោគដោយសារជំងឺទាក់ទងនឹងផ្លូវដង្ហើមរ៉ាំរ៉ៃ ជំងឺរលាកប្លោកនោម ជំងឺរលាកតម្រងនោមប្រភេទPyelonephritis:
・ករណីចាក់ក្នុងសាច់ដុំ: មនុស្សពេញវ័យ ប្រើក្នុងកម្រិត 1ថ្ងៃ 1.5~3g ដោយបែងចែកជា3~4ដងក្នុង1ថ្ងៃ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។ ចំពោះកុមារ ប្រើក្នុងកម្រិត 1ថ្ងៃ 50~100mg/kg ដោយបែងចែកជា3~4ដងក្នុង1ថ្ងៃ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។
・ករណីព្យួរសេរ៉ូមតាមសរសៃវ៉ែន: មនុស្សពេញវ័យ ប្រើក្នុងកម្រិត 1ដង 1~2g លាយនៅក្នុងសេរ៉ូមបរិមាណ 250~500mL រួចព្យួរសេរ៉ូមនោះតាមសរសៃវ៉ែន ដោយប្រើរយៈពេល1~2ម៉ោង។ ប្រើឱសថនេះ1ថ្ងៃ2ដង។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។ -
ហាមប្រើ
・អ្នកដែលធ្លាប់កើតមានអាការៈប្រតិកម្មធ្ងន់ធ្ងរ(Shock)ជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។
・អ្នកដែលកំពុងមានជំងឺ Infectious mononucleosis ។
ជាគោលការណ៍ អ្នកជំងឺដូចខាងក្រោមនេះមិនគួរប្រើឱសថនេះទេ។ ប្រសិនបើចាំបាច់ត្រូវប្រើ ត្រូវតាមដានផលរំខានឱសថអោយបានដិតដល់។
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះឬឱសថប្រឆាំងបាក់តេរីប្រភេទពេនីស៊ីលីន។ -
ផលរំខាន
ផលរំខានរួមមាន រាករូស ចង់ក្អួត បាត់បង់ចំណង់អាហារ កន្ទួលក្រហមលើស្បែក រមាស់ ខ្វះឈាម។ល។
ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។
- វិលមុខ មានអារម្មណ៍ខុសប្រក្រតីក្នុងមាត់ (រោគប្រតិកម្មធ្ងន់ធ្ងរ)
- ក្តៅខ្លួន ឡើងប៉ោងស្នាមក្រហមលើស្បែក ភ្នែកក្រហម (ជំងឺនៃបណ្តុំរោគសញ្ញាលើស្បែកភ្នាសនិងភ្នែក(Muco-cutaneo-ocular syndrome) ជំងឺស្លាប់កោសិកាស្បែក(TEN))
- ឈឺបំពង់ក ឈឺសាច់ដុំ ខ្វះឈាម (ជំងឺខ្វះឈាមប្រភេទHemolytic anemia ជំងឺថយចុះគ្រាប់ឈាមសប្រភេទAgranulocytosis)
- បរិមាណទឹកនោមថយចុះ ហើម ឈឺក្បាល (ជំងឺតម្រងនោមធ្ងន់ធ្ងរ)
- សាច់ដុំកន្ត្រាក់ (ជំងឺប្រកាច់)
- ឈឺពោះ រាករូស ក្តៅខ្លួន (ជំងឺរលាកពោះវៀនធំធ្ងន់ធ្ងរ)
-
អន្តរប្រតិកម្ម
ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។
・ថ្នាំពន្យារកំណើត - អាចធ្វើអោយប្រសិទ្ធិភាពថ្នាំពន្យារកំណើតថយចុះ
-
ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
・ស្ត្រីមានផ្ទៃពោះ គួរប្រើឱសថនេះក្នុងករណីចាំបាច់តែប៉ុណ្ណោះ។
・ស្ត្រីបំបៅដោះកូន មិនគួរប្រើប្រាស់ឱសថនេះទេ ព្រោះសារធាតុឱសថអាចជ្រៀតចូលក្នុងទឹកដោះម្តាយ។ ប្រសិនបើចាំបាច់ត្រូវប្រើឱសថនេះ ស្ត្រីគួរផ្អាកការបំបៅបណ្តោះអាសន្នក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។
-
សកម្មភាពឱសថ
ជាឱសថប្រឆាំងបាក់តេរីប្រភេទពេនីស៊ីលីនពីរប្រភេទបញ្ចូលគ្នា ដោយមានប្រសិទ្ធិភាពបង្អាក់សកម្មភាពបង្កើតភ្នាសកោសិការបស់បាក់តេរី ធ្វើអោយបាក់តេរីមិនអាចកើនចំនួនបាន។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp