Allopurinol
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
ប្រភេទឱសថ
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- អន្តរប្រតិកម្ម
- ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
- ការប្រុងប្រយ័ត្នជាពិសេស
- សកម្មភាពឱសថ
-
ប្រសិទ្ធិភាពព្យាបាល
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម ៖
- ជំងឺរលាកសន្លាក់ដោយសារការកើនឡើងនៃអាស៊ីតអ៊ុយរិច(Gout)។
- ជំងឺលើសសម្ពាធឈាមដែលរួមមានរោគសញ្ញានៃការកើនឡើងអាស៊ីតអ៊ុយរិចក្នុងឈាម
-
កម្រិតប្រើប្រាស់
ថ្នាំលេប:
មនុស្សពេញវ័យ:លេប1ថ្ងៃ200~300mg បែងចែកជា2~3ដងក្នុង1ថ្ងៃ ក្រោយបរិភោគអាហារ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។
-
ហាមប្រើ
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។
-
ផលរំខាន
ផលរំខានរួមមាន ឡើងកន្ទួលក្រហម រមាស់ ឈឺសន្លាក់ អាការៈខ្វះឈាម ស្នាមជាំស្វាយនៅលើស្បែក មិនស្រួលនៅក្នុងក្រពះ រាករូស លាមកជ្រាយ អស់កម្លាំង ជ្រុះរោមឬសក់ បាត់បង់ចំណង់អាហារ តម្រងនោមចុះខ្សោយ។ល។
ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។
- ក្តៅខ្លួន ស្នាមក្រហមលើស្បែក ភ្នែកក្រហម អស់កម្លាំង (ជំងឺនៃបណ្តុំរោគសញ្ញាលើស្បែកភ្នាសនិងភ្នែក(Muco-cutaneo-ocular syndrome ឬ StevensJohnson syndrome) ជំងឺស្លាប់កោសិកាស្បែក(TEN) ជាដើម)
- ឡើងកន្ទួលក្រហម ក្ដៅខ្លួន ហើមកូនកណ្ដុរ (រោគប្រតិកម្មប្រឆាំងនឹងឱសថ)
- វិលមុខ ពិបាកដកដង្ហើម បាត់បង់ស្មារតី (រោគប្រតិកម្មធ្ងន់ធ្ងរ)
- ឈឺបំពង់ក ក្ដៅខ្លួន អាការៈខ្វះឈាម ងាយហូរឈាមតាមច្រមុះឬតាមអញ្ចាញធ្មេញ (ជំងឺខ្វះឈាមប្រភេទAplastic anemia ជំងឺថយចុះគ្រាប់ឈាមសប្រភេទAgranulocytosis ជាដើម)
- បរិមាណទឹកនោមថយចុះ ហើម ឈឺក្បាល (មុខងារតម្រងនោមចុះខ្សោយ រលាកតម្រងនោម)
- អស់កម្លាំង ក្អួតចង្អោរ ភ្នែកនិងស្បែកប្រែពណ៌លឿង (រលាកថ្លើម ខាន់លឿង ជាដើម)
- ក្តៅខ្លួន ក្អកស្ងួត ពិបាកដកដង្ហើម (រលាកសួតប្រភេទInterstitial pneumonia )
- ឈឺសាច់ដុំ គ្មានកម្លាំង ទឹកនោមមានពណ៌ក្រហមត្នោត (ជំងឺរលាយសាច់ដុំ(Rhabdomyolysis))។
-
អន្តរប្រតិកម្ម
ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។
・ឱសថMercaptopurine(6-MP), ឱសថAzathioprine - អាចធ្វើអោយផលប៉ះពាល់ទៅលើខួរឆ្អឹងកើនឡើង។
・ឱសថVidarabine - អាចធ្វើអោយសកម្មភាពនៃVidarabineកើនឡើង បង្កជាផលរំខានផ្សេងៗ។
・ឱសថប្រឆាំងកំណកឈាមWarfarin - អាចធ្វើអោយសកម្មភាពនៃWarfarinកើនឡើង បង្កជាផលរំខានផ្សេងៗ។
・ឱសថChlorpropamide - អាចធ្វើអោយសកម្មភាពនៃChlorpropamideកើនឡើង។
・ឱសថCyclophosphamide - អាចធ្វើអោយប៉ះពាល់ដល់ខួរឆ្អឹង។
・ឱសថCiclosporin - អាចធ្វើអោយកំហាប់ក្នុងឈាមនៃCiclosporinកើនឡើង។
・ឱសថPhenytoin - អាចធ្វើអោយកំហាប់ក្នុងឈាមនៃPhenytoinកើនឡើង។
・ឱសថប្រភេទXanthine(Theophylline ជាដើម) - អាចធ្វើអោយកំហាប់ក្នុងឈាមនៃឱសថទាំងនេះកើនឡើង។
・ឱសថDidanosine - អាចធ្វើអោយកំហាប់ក្នុងឈាមនៃDidanosineកើនឡើង។
・ឱសថPentostatin, ឱសថCaptopril, ឱសថHydrochlorothiazide, ឱសថAmpicillin - អាចធ្វើអោយកើតមានរោគប្រតិកម្មធ្ងន់ធ្ងរ។ ត្រូវបញ្ឈប់ការប្រើប្រាស់ឱសថទាំងអស់នៅពេលមានអាការៈដូចជាឡើងកន្ទួលក្រហមឬក្ដៅខ្លួន។
-
ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ គួរប្រើឱសថនេះក្នុងករណីចាំបាច់តែប៉ុណ្ណោះ។
・ស្ត្រីបំបៅដោះកូន មិនគួរប្រើប្រាស់ឱសថនេះទេ ព្រោះសារធាតុឱសថអាចជ្រៀតចូលក្នុងទឹកដោះម្តាយ។ ប្រសិនបើចាំបាច់ត្រូវប្រើឱសថនេះ ស្ត្រីគួរផ្អាកការបំបៅបណ្តោះអាសន្នក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។
-
ការប្រុងប្រយ័ត្នជាពិសេស
・នៅក្នុងការប្រើប្រាស់ឱសថនេះនៅរយៈពេលដំបូង អាចឃើញមានការកើតឡើងនូវអាការៈឈឺសន្លាក់ដោយសារបណ្ដុំនៃអាស៊ីតអ៊ុយរិចជាបណ្ដោះអាសន្ន។ ដូច្នេះ គួរពិនិត្យមើលព័ត៌មានបន្ថែមទាក់ទងនឹងកម្រិតនៃការប្រើប្រាស់ឱសថនៅដំណាក់កាលដំបូងអោយបានសមស្រប។
・ករណីកើតមានអាការៈឈឺចាប់ក្នុងអំឡុងពេលនៃការប្រើប្រាស់ឱសថនេះ គួរប្រើប្រាស់ឱសថColchicine ឬ ឱសថប្រភេទNSAIDs ឬ ឱសថស្តេរ៉ូអ៊ីត ជាដើម ដើម្បីបំបាត់អាការៈឈឺចាប់។
・អ្នកជំងឺគួរបរិភោគទឹកអោយបានច្រើន ដើម្បីបង្ការកុំអោយកើតមានក្រួសក្នុងតម្រងនោមដោយសារបណ្ដុំនៃអាស៊ីតអ៊ុយរិច។
・ករណីប្រើឱសថAllopurinolរួមជាមួយឱសថខាងក្រោម ត្រូវបន្ថយកម្រិតប្រើប្រាស់នៃឱសថខាងក្រោមនេះ:
Mercaptopurine hydrate, Azathioprine, Chlorpropamide, ឱសថប្រឆាំងកំណកឈាម។
-
សកម្មភាពឱសថ
ឱសថនេះមានប្រសិទ្ធិភាពបង្អាក់សកម្មភាពរបស់អង់ស៊ីមXanthine oxidaseដែលមានតួនាទីនៅក្នុងការសំយោគអាស៊ីតអ៊ុយរិចនៅក្នុងរាងកាយ។ ជាលទ្ធផល ធ្វើអោយកម្រិតនៃអាស៊ីតអ៊ុយរិចនៅក្នុងឈាមមានការថយចុះ។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp