Alfacalcidol

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ផលរំខាន
    • អន្តរប្រតិកម្ម
    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
    • ការប្រុងប្រយ័ត្នជាពិសេស
    • សកម្មភាពឱសថ
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម ៖

      - រោគសញ្ញាផ្សេងៗដែលបណ្ដាលមកពីភាពខុសប្រក្រតីនៃមេតាបូលីសនៃវីតាមីនដេ(Vitamin D)នៅក្នុងរាងកាយ រួមមាន កម្រិតកាល់ស្យូមក្នុងឈាមចុះទាប ការកន្ត្រាក់សាច់ដុំTetany អាការៈឈឺចាប់នៅតាមឆ្អឹង បញ្ហាឆ្អឹងជាដើម ដែលកើតមាននៅក្នុងជំងឺខ្សោយតម្រងនោមរ៉ាំរ៉ៃ ជំងឺខ្សោយមុខងារក្រពេញប៉ារ៉ាទីរ៉ូអ៊ីត ជំងឺឆ្អឹងទន់ដែលមានលក្ខណៈប្រឆាំងនឹងវីតាមីនដេ(ជំងឺVitamin D resistant ricketsនិងជំងឺVitamin D resistant osteomalacia)

      - ជំងឺពុកឆ្អឹង(Osteoporosis)

      - រោគសញ្ញាផ្សេងៗដែលបណ្ដាលមកពីភាពខុសប្រក្រតីនៃមេតាបូលីសនៃវីតាមីនដេ(Vitamin D)ក្នុងរាងកាយ ចំពោះទារកកើតមិនគ្រប់ខែ។

    • កម្រិតប្រើប្រាស់

      ថ្នាំលេប:

      ・ករណីជំងឺខ្សោយតម្រងនោមរ៉ាំរ៉ៃ:

      - មនុស្សពេញវ័យ:លេប1ថ្ងៃ1ដង 0.5~1.0μg។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។

      - កុមារ:លេប1ថ្ងៃ1ដង 0.05~0.1μg/kg។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមរោគសញ្ញា។

      ・ករណីជំងឺពុកឆ្អឹង:

      - មនុស្សពេញវ័យ:លេប1ថ្ងៃ1ដង 0.5~1.0μg។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។

      - កុមារ:លេប1ថ្ងៃ1ដង 0.01~0.03μg/kg។

      ・ករណីជំងឺខ្សោយមុខងារក្រពេញប៉ារ៉ាទីរ៉ូអ៊ីត និង ជំងឺទាក់ទងនឹងនឹងភាពខុសប្រក្រតីនៃមេតាបូលីសវីតាមីនDក្នុងរាងកាយផ្សេងៗទៀត:

      - មនុស្សពេញវ័យ:លេប1ថ្ងៃ1ដង 1.0~4.0μg។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាម ជំងឺ អាយុ រោគសញ្ញា និង ប្រភេទជំងឺ។

      - កុមារ:លេប1ថ្ងៃ1ដង 0.05~0.1μg/kg។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមរោគសញ្ញា។

      ・ករណីរោគសញ្ញាផ្សេងៗដែលបណ្ដាលមកពីភាពខុសប្រក្រតីនៃមេតាបូលីសនៃវីតាមីនដេ(Vitamin D)ក្នុងរាងកាយ ចំពោះទារកកើតមិនគ្រប់ខែ:

      - ទារកកើតមិនគ្រប់ខែ:លេប1ថ្ងៃ1ដង 0.008~0.1μg/kg។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមជំងឺនិងរោគសញ្ញា។

    • ផលរំខាន

      ផលរំខានរួមមាន ឡើងកន្ទួលក្រហម រមាស់ស្បែក ចង់ក្អួត បាត់បង់ចំណង់អាហារ រាករូសឬទល់លាមក ឈឺក្រពះ ភ្នែកក្រហម ។ល។

      ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។

      - បរិមាណទឹកនោមថយចុះ ហើម អស់កម្លាំង (មុខងារតម្រងនោមចុះខ្សោយ)

      - ក្អួតចង្អោរ បាត់បង់ចំណង់អាហារ ភ្នែកនិងស្បែកប្រែពណ៌លឿង (មុខងារថ្លើមមានបញ្ហា ខាន់លឿង)

      - ទល់លាមក បាត់បង់ចំណង់អាហារ ក្អួតចង្អោរ ឈឺពោះ ខ្សោយសាច់ដុំ ស្ងួតក នោមច្រើន ផឹកទឹកច្រើន រមាស់ ឆាប់ម៉ូរម៉ៅ (រោគសញ្ញានៃការលើសជាតិកាល់ស្យូមក្នុងឈាម)

    • អន្តរប្រតិកម្ម

      ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។

      ・ឱសថដែលមានផ្ទុកសារធាតុម៉ាញ៉េស្យូម(Mg) - អាចធ្វើអោយកម្រិតម៉ាញ៉េស្យូមនៅក្នុងឈាមកើនឡើងខ្ពស់។

      ・ឱសថDigoxin, ឱសថDigitoxin ជាដើម - អាចធ្វើអោយចង្វាក់បេះដូងមានលក្ខណៈខុសប្រក្រតី។

      ・ឱសថដែលមានផ្ទុកសារធាតុកាល់ស្យូម(Ca) - អាចធ្វើអោយកម្រិតកាល់ស្យូមនៅក្នុងឈាមកើនឡើងខ្ពស់។

      ・ឱសថប្រភេទវីតាមីនដេ(Calcitriol ជាដើម) - អាចធ្វើអោយកម្រិតកាល់ស្យូមនៅក្នុងឈាមកើនឡើងខ្ពស់។

      ・ឱសថTeriparatide - អាចធ្វើអោយកម្រិតកាល់ស្យូមនៅក្នុងឈាមកើនឡើងខ្ពស់។

    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន

      ・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ គួរប្រើឱសថនេះក្នុងករណីចាំបាច់តែប៉ុណ្ណោះ។

      ・ស្ត្រីបំបៅដោះកូន មិនគួរប្រើប្រាស់ឱសថនេះទេ។ ប្រសិនបើចាំបាច់ត្រូវប្រើឱសថនេះ ស្ត្រីគួរផ្អាកការបំបៅបណ្តោះអាសន្នក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។

    • ការប្រុងប្រយ័ត្នជាពិសេស

      ・ឱសថនេះមានសកម្មភាពដូចទៅនឹងវីតាមីនដេ ដូច្នេះ ការប្រើប្រាស់ឱសថផ្សេងទៀតដែលមានផ្ទុកសារធាតុវីតាមីនដេឬកាល់ស្យូមរួមជាមួយឱសថនេះ អាចធ្វើអោយលើសសារធាតុទាំងនេះនៅក្នុងរាងកាយ និង បង្កជាផលរំខានផ្សេងៗ។

    • សកម្មភាពឱសថ

      ក្រោយស្រូបចូលក្នុងឈាមតាមរយៈពោះវៀន ឱសថនេះធ្វើដំណើរទៅក្នុងថ្លើមតាមចរន្តឈាម ដើម្បីទទួលប្រតិកម្មបំលែងទៅជាទម្រង់សកម្ម រួចធ្វើដំណើរមកភ្ជាប់ទៅនឹងគ្រឿងទទួល(Receptor)នៅតាមពោះវៀនវិញ ដើម្បីជម្រុញការស្រូបសារធាតុកាល់ស្យូមពីអាហារនៅក្នុងពោះវៀន ក៏ដូចជាជម្រុញការផលិតឆ្អឹងនៅក្នុងរាងកាយផងដែរ។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp