Abacavir sulfate
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
ប្រភេទឱសថ
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- អន្តរប្រតិកម្ម
- ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
- ការប្រុងប្រយ័ត្នជាពិសេស
- សកម្មភាពឱសថ
-
ប្រសិទ្ធិភាពព្យាបាល
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺឆ្លងវីរុសហ៊ីវ (HIV) ដោយប្រើរួមជាមួយឱសថប្រឆាំងវីរុសហ៊ីវផ្សេងទៀត។
-
កម្រិតប្រើប្រាស់
ថ្នាំលេប:
មនុស្សពេញវ័យ:លេប1ថ្ងៃ 600mg បែងចែកជា1~2ដងក្នុង1ថ្ងៃ ដោយប្រើរួមជាមួយឱសថប្រឆាំងHIVផ្សេងទៀត។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុ ទម្ងន់ និងរោគសញ្ញា។
-
ហាមប្រើ
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។
・អ្នកដែលមានជំងឺថ្លើមធ្ងន់ធ្ងរ - អាចធ្វើអោយផលរំខានឱសថកើតឡើងនិងធ្ងន់ធ្ងរ។
-
ផលរំខាន
ផលរំខានរួមមាន ការកើនខ្លាញ់នៅតាមទ្រូងនិងរាងកាយ ការថយចុះខ្លាញ់នៅតាមដៃជើងនិងមុខ ចង់ក្អួត ឡើងកន្ទួលក្រហម ។ល។
ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។
- ក្ដៅខ្លួន រាករូស ឡើងកន្ទួលក្រហម (រោគប្រតិកម្ម)
- ឈឺផ្នែកខាងលើនៃពោះខ្លាំង ឈឺបរិវេណចង្កេះនិងខ្នង ក្ដៅខ្លួន (រលាកលំពែង)
- ដកដង្ហើមញាប់ ញ័រនិងស្ពឹកដៃជើង ពិបាកដកដង្ហើម បាត់បង់ស្មារតី (រោគសញ្ញាអាស៊ីតឡាក់តិចក្នុងឈាមកើនឡើង(Lactic acidosis) ខ្លាញ់រុំថ្លើម)
- ក្ដៅខ្លួន ភ្នែកក្រហម ស្នាមក្រហមឬរលាត់ឬកើតពងទឹកលើស្បែក (ជំងឺនៃបណ្តុំរោគសញ្ញាលើស្បែកភ្នាសនិងភ្នែក(Muco-cutaneo-ocular syndrome) ជំងឺស្លាប់កោសិកាស្បែក(TEN)ជាដើម)។
-
អន្តរប្រតិកម្ម
ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។
・ឱសថMethadone - អាចធ្វើអោយការបញ្ចេញចោលនៃឱសថMethadoneកើនឡើង។
-
ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ គួរប្រើឱសថនេះក្នុងករណីចាំបាច់តែប៉ុណ្ណោះ។
・ស្ត្រីបំបៅដោះកូន មិនគួរប្រើប្រាស់ឱសថនេះទេ ព្រោះសារធាតុឱសថអាចជ្រៀតចូលក្នុងទឹកដោះម្តាយ។ ប្រសិនបើចាំបាច់ត្រូវប្រើឱសថនេះ ស្ត្រីគួរផ្អាកការបំបៅបណ្តោះអាសន្នក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។ ម្យ៉ាងទៀត វីរុសហ៊ីវអាចឆ្លងទៅទារកតាមទឹកដោះម្ដាយ ដូច្នេះ ស្ត្រីដែលមានផ្ទុកវីរុសហ៊ីវមិនគួរបំបៅទឹកដោះដល់ទារកនោះទេ។
-
ការប្រុងប្រយ័ត្នជាពិសេស
・ត្រូវប្រុងប្រយ័ត្នចំពោះរោគសញ្ញានៃរោគប្រតិកម្មធ្ងន់ធ្ងរ រួមមាន ឡើងកន្ទួលក្រហម ក្ដៅខ្លួន ក្អួតចង្អោរ រាករូស អស់កម្លាំង ពិបាកដកដង្ហើម ឈឺបំពង់ក រលាកសួត រលាកទងសួត ជាដើម ជាពិសេសក្នុងរយៈពេល6សប្ដាហ៍គិតចាប់ពីពេលចាប់ផ្តើមប្រើឱសថនេះ។ ប្រសិនបើសង្ស័យថាជារោគសញ្ញានៃរោគប្រតិកម្មទៅនឹងឱសថនេះ ត្រូវបញ្ឈប់ការប្រើងឱសថនេះភ្លាម។
・ឱសថនេះមានប្រសិទ្ធិភាពត្រឹមទប់ទល់នឹងការកើនឡើងនៃវីរុសហ៊ីវក្នុងរាងកាយ ប៉ុន្តែមិនអាចកម្ចាត់វីរុសហ៊ីវអស់ទាំងស្រុងនោះទេ។
-
សកម្មភាពឱសថ
ជាឱសថប្រឆាំងវីរុសហ៊ីវ(HIV)ប្រភេទNRTI ដោយមានប្រសិទ្ធិភាពបង្អាក់សកម្មភាពរបស់អង់ស៊ីម HIV-1 Reverse transcriptaseនិងសកម្មភាពផលិតDNAរបស់វីរុស ធ្វើអោយវីរុសមិនអាចកើនចំនួនបាន។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp