Prostatomegaly (ជំងឺរីកក្រពេញប្រូស្តាត)

    • លក្ខណៈទូទៅ
    • រោគសញ្ញា
    • រោគវិនិច្ឆ័យ
    • ការព្យាបាល
  • លក្ខណៈទូទៅ

    ជំងឺរីកក្រពេញប្រូស្តាត (Prostatomegaly) ជាជំងឺដែលក្រពេញប្រូស្តាតរបស់បុរសមានលក្ខណៈរីកធំ មិនមែនជាជំងឺគ្រោះថ្នាក់ទេ ប៉ុន្តែ អាចបង្កជាអាការៈពិបាកនោម។

    ・ក្រពេញប្រូស្តាតអាចរីកធំ ស្របទៅតាមវ័យរបស់បុរស

    ・នៅក្នុងជំងឺនេះ អ្នកជំងឺមានការពិបាកក្នុងការបញ្ចេញទឹកនោម ឆាប់មានអារម្មណ៍ចង់នោម ហើយមានអារម្មណ៍ពិបាកទប់ទឹកនោម

    ・ជាទូទៅ រោគវិនិច្ឆ័យធ្វើឡើងដោយផ្អែកលើលទ្ធផលនៃការស្ទាបពិនិត្យនៅចុងពោះវៀនធំ(Rectal examination) ប៉ុន្តែ ដើម្បីបញ្ជាក់ថាមិនមែនជាជំងឺមហារីកក្រពេញប្រូស្តាត គេត្រូវធ្វើការពិនិត្យឈាម

    ・ទៅតាមការចាំបាច់ គេអាចព្យាបាលជំងឺនេះដោយប្រើឱសថដែលមានសកម្មភាពបន្ធូរការកន្ត្រាក់នៃសាច់ដុំនៅក្រពេញប្រូស្តាតនិងប្លោកនោម(ឱសថTerazosinជាដើម) ឬ ប្រើឱសថដែលមានប្រសិទ្ធិភាពធ្វើអោយក្រពេញប្រូស្តាតតូចមកវិញ(ឱសថFinasterideជាដើម) ប៉ុន្តែ ករណីខ្លះ អ្នកជំងឺត្រូវការការព្យាបាលដោយវះកាត់។

    ហានិភ័យនៃការកើតជំងឺរីកក្រពេញប្រូស្តាតកើនឡើងស្របទៅតាមវ័យរបស់បុរស ជាពិសេស ជំងឺនេះកើតភាគច្រើនចំពោះបុរសអាយុចាប់ពី50ឆ្នាំឡើងទៅ។ មូលហេតុនៃជំងឺនេះមិនត្រូវបានគេបញ្ជាក់ច្បាស់លាស់នោះទេ ប៉ុន្តែ គេសន្មតថាជំងឺនេះមានទំនាក់ទំនងទៅនឹងបម្រែបម្រួលនៃអរម៉ូន រួមមាន អរម៉ូនបុរសតេស្តូស្តេរ៉ូន(Testosterone) ជាពិសេសអរម៉ូនឌីហាយដ្រូតេស្តូស្តេរ៉ូន(Dihydrotestosterone)។

    នៅពេលដែលក្រពេញប្រូស្តាតរីកកាន់តែធំ វានឹងសង្កត់ទៅលើបង្ហួរនោមបន្តិចម្ដងៗ ធ្វើអោយរំខានដល់លំហូរនៃទឹកនោម។ អ្នកជំងឺអាចនឹងមិនអាចបញ្ចេញទឹកនោមអស់ពីប្លោកនោម ធ្វើអោយនៅសល់ទឹកនោមដក់ក្នុងប្លោកនោមរយៈពេលយូរ ដោយវាជាដើមហេតុធ្វើអោយអ្នកជំងឺងាយកើតជំងឺឆ្លងនៅផ្លូវនោមឬកើតក្រួសក្នុងប្លោកនោម។ ប្រសិនបើការស្ទះបែបនេះបន្តរយៈពេលវែង មុខងាររបស់ប្លោកនោមនឹងចុះខ្សោយ រហូតដល់ធ្វើអោយប៉ះពាល់ដល់តម្រងនោម។

    ឱសថប្រភេទមួយចំនួនដូចជាឱសថប្រឆាំងហ៊ីស្តាមីន(Antihistamine)និងឱសថបំបាត់អាការៈតឹងច្រមុះជាដើម មានឥទ្ធិពលបង្កការលំបាកដល់លំហូរនៃទឹកនោមនិងធ្វើអោយសមត្ថភាពកន្ត្រាក់នៃប្លោកនោមចុះខ្សោយ ដូច្នេះ វាអាចធ្វើអោយបុរសដែលមានជំងឺរីកក្រពេញប្រូស្តាតកាន់តែពិបាកបញ្ចេញទឹកនោម។

    អានបន្ថែម
  • រោគសញ្ញា

    រោគសញ្ញាដំបូងនៃជំងឺរីកក្រពេញប្រូស្តាតគឺការរំខានដល់លំហូរនៃទឹកនោមដោយសារការសង្កត់ពីក្រពេញប្រូស្តាតដែលរីកធំ។ ពាក្យថារោគសញ្ញាទាក់ទងនឹងផ្លូវនោមផ្នែកខាងក្រោម(Lower urinary tract symptoms, LUTS)ត្រូវបានប្រើសម្រាប់សម្គាល់រោគសញ្ញាផ្សេងៗនៃជំងឺរីកក្រពេញប្រូស្តាត។ មុនដំបូង អ្នកជំងឺអាចសម្គាល់ឃើញការពិបាកក្នុងការបញ្ចេញទឹកនោមដំបូង និង មានអារម្មណ៍ថានៅសល់ទឹកនោមមិនទាន់បញ្ចេញអស់។ ដោយសារទឹកនោមនៅក្នុងប្លោកនោមមិនអាចបញ្ចេញអស់ អ្នកជំងឺមានរោគសញ្ញានោមញឹក ហើយមានទម្លាប់ក្រោកបត់ជើងនៅពេលយប់។ ពេលខ្លះ អ្នកជំងឺមានអារម្មណ៍ឈឺបត់ជើងតូចខ្លាំងស្ទើរទ្រាំមិនបាន។ បរិមាណទឹកនោមនិងល្បឿននៃការបញ្ចេញទឹកនោមថយចុះ ហើយទឹកនោមនៅតែបន្តចេញតិចៗមិនងាយដាច់។

    រោគសញ្ញានៃបញ្ហាផ្សេងៗទៀតបង្កដោយជំងឺរីកក្រពេញប្រូស្តាត

    ជំងឺរីកក្រពេញប្រូស្តាតអាចបង្កបញ្ហានៅផ្នែកផ្សេងៗទៀតនៃរាងកាយ ប៉ុន្តែចំពោះតែអ្នកជំងឺភាគតិចប៉ុណ្ណោះ។ នៅពេលដែលលំហូរនៃទឹកនោមត្រូវបានរំខាន ទឹកនោមនឹងដក់នៅក្នុងប្លោកនោម ធ្វើអោយសម្ពាធនៅក្នុងប្លោកនោមកើនឡើង ហើយការហូរនៃទឹកនោមពីតម្រងនោមជួបការលំបាក ដូច្នេះ តម្រងនោមក៏ទទួលផលប៉ះពាល់ផងដែរ។ ការកើនឡើងសម្ពាធពីប្លោកនោមអាចធ្វើអោយមុខងារតម្រងនោមចុះខ្សោយដែរ ប៉ុន្តែ បើការស្ទះនេះត្រូវបានដោះស្រាយឆាប់រហ័ស ជាទូទៅមុខងារតម្រងនោមនឹងល្អប្រសើរឡើងវិញ។ ប្រសិនបើការស្ទះលំហូរទឹកនោមបែបនេះបន្តរយៈពេលវែងធ្វើអោយប្លោកនោមរីកនិងយារ អ្នកជំងឺអាចនឹងមានរោគសញ្ញាOverflow incontinence (អ្នកជំងឺមិនអាចបញ្ចេញទឹកនោមនៅពេលខ្លួនចង់ ប៉ុន្តែ បែរជាលេចនោមបន្តិចៗដោយមិនអាចគ្រប់គ្រងបាន)។ នៅពេលដែលប្លោកនោមចាប់ផ្ដើមរីកយារ សរសៃឈាមវែនតូចៗនៅក្នុងប្លោកនោមនិងបង្ហួរនោមក៏មានលក្ខណៈយារផងដែរ ហើយប្រសិនបើអ្នកជំងឺប្រើកម្លាំងដើម្បីខំប្រឹងបញ្ចេញទឹកនោម សរសៃឈាមវ៉ែនទាំងនោះអាចនឹងដាច់ ធ្វើអោយមានឈាមលាយឡំនៅក្នុងទឹកនោម។

    អ្នកជំងឺអាចកើតមានរោគសញ្ញានោមមិនចេញ(Urinary retention)នៅពេលដែលមានការស្ទះលំហូរទឹកនោមពីប្លោកនោមទាំងស្រុង ធ្វើអោយអ្នកជំងឺមានអាការៈតឹងនៅពោះផ្នែកខាងក្រោមនិងមានអាការៈឈឺចាប់ខ្លាំង។ ប៉ុន្តែ រោគសញ្ញានេះកើតឡើងនៅពេលការស្ទះមានកម្រិតធ្ងន់ធ្ងរតែប៉ុណ្ណោះ។ រោគសញ្ញានោមមិនចេញ ងាយកើតឡើងនៅពេលអ្នកជំងឺស្ថិតក្រោមល័ក្ខខ័ណ្ឌដូចខាងក្រោម៖

     ・នៅស្ងៀម មិនកម្រើករាងកាយ (ឧទាហរណ៍ ករណីអ្នកជំងឺគេងសម្រាកនៅលើគ្រែ)

     ・នៅពេលអ្នកជំងឺត្រូវអាកាសធាតុត្រជាក់

     ・នៅពេលអ្នកជំងឺទ្រាំមិនបញ្ចេញទឹកនោមរយៈពេលយូរ

     ・នៅពេលអ្នកជំងឺប្រើឱសថសណ្ដំប្រភេទមួយចំនួន គ្រឿងស្រវឹង ឱសថប្រភេទAmphetamine ឱសថCocaine ឱសថOpioid

    ឱសថប្រឆាំងហ៊ីស្តាមីន(Antihistamine) ឱសថបំបាត់អាការៈតឹងច្រមុះ ឱសថប្រភេទប្រឆាំងអាសេទីលកូលីនដូចជាឱសថព្យាបាលជំងឺបាក់ទឹកចិត្តមួយចំនួន ។ល។

    អានបន្ថែម
  • រោគវិនិច្ឆ័យ

    ជាទូទៅ វេជ្ជបណ្ឌិតនឹងធ្វើការស្ទាបរកក្រពេញប្រូស្តាតនៅក្នុងចុងពោះវៀនធំ(Rectal examination) ពេលនោះគេនឹងដឹងថាក្រពេញប្រូស្តាតកំពុងរីកធំឬយ៉ាងណា។ មុននឹងស្ទាបចូលទៅក្នុងចុងពោះវៀនធំ វេជ្ជបណ្ឌិតត្រូវពាក់ស្រោមដៃដោយមានលាបថ្នាំរលោងនៅម្រាម។ នៅផ្នែកខាងមុខនៃចុងពោះវៀនធំជាកន្លែងដែលគេអាចស្ទាបប៉ះក្រពេញប្រូស្តាត។ គេដឹងថាក្រពេញប្រូស្តាតដែលរីកធំនៅពេលស្ទាបទៅដឹងថាមានទំហំធំ មានលក្ខណៈស៊ីមេទ្រីគ្នា(ខាងឆ្វេងនិងខាងស្ដាំប៉ុនគ្នា)និងរលោង ប៉ុន្តែ អ្នកជំងឺមិនមានអារម្មណ៍ឈឺចាប់នោះទេ។

    ដើម្បីបញ្ជាក់ថាគ្មានការឆ្លងបាក់តេរីឬហូរឈាម គេនឹងធ្វើការពិនិត្យទឹកនោមរបស់អ្នកជំងឺ។ នៅពេលដែលពិនិត្យឃើញថាក្រពេញប្រូស្តាតកំពុងរីកធំឬអ្នកជំងឺមានរោគសញ្ញាស្ទះនៅផ្លូវនោម ជាទូទៅ វេជ្ជបណ្ឌិតនឹងបន្តធ្វើការពិនិត្យកម្រិតអង់ទីសែនសម្គាល់ក្រពេញប្រូស្តាត(Prostate‐specific antigen, PSA)នៅក្នុងឈាម។ នៅក្នុងជំងឺរីកក្រពេញប្រូស្តាតនិងជំងឺមហារីកក្រពេញប្រូស្តាត កម្រិតPSAក្នុងឈាមនឹងកើនឡើងខ្ពស់។ ប្រសិនបើពិនិត្យឃើញកម្រិតPSAកើនឡើងឬវេជ្ជបណ្ឌិតស្ទាបទៅប៉ះដុំរឹងនៅក្រពេញប្រូស្តាតរបស់អ្នកជំងឺ គេនឹងបន្តធ្វើការពិនិត្យផ្សេងបន្ថែមទៀតដើម្បីធ្វើរោគវិនិច្ឆ័យថាជាជំងឺមហារីកដែរឬទេ?

    ប្រសិនបើអ្នកជំងឺមានរោគសញ្ញាស្ទះនៅផ្លូវនោម គេអាចប្រើឧបករណ៍ពិនិត្យដើម្បីវាស់បរិមាណទឹកនោមនិងកម្លាំងបញ្ចេញទឹកនោមរបស់អ្នកជំងឺ ហៅថា ការវាស់លំហូរទឹកនោម (Uroflowmetry)។ បន្ទាប់ពីវាស់លំហូរទឹកនោមរួចភ្លាម គេនឹងអនុវត្តការពិនិត្យអេកូទៅលើប្លោកនោម ដើម្បីដឹងថាតើប្លោកនោមបានបញ្ចេញទឹកនោមអស់ដល់កម្រិតណា។ ការពិនិត្យទាំងនេះមានប្រយោជន៍សម្រាប់ការវាយតម្លៃទៅលើវត្តមាននៃការស្ទះនៅផ្លូវនោមនិងកម្រិតធ្ងន់ធ្ងរនៃការស្ទះនោះ។

    អានបន្ថែម
  • ការព្យាបាល

    ជំងឺរីកក្រពេញប្រូស្តាតមិនត្រូវការការព្យាបាលនោះទេ ប្រសិនបើគ្មានរោគសញ្ញារំខានឬបញ្ហាផ្សេងៗទៀត ដូចជា ជំងឹឆ្លងមេរោគនៅផ្លូវនោម មុខងារតម្រងនោមចុះខ្សោយ នោមលាយឈាម ក្រួសក្នុងប្រព័ន្ធតម្រងនោម នោមមិនចេញ។ល។ ឱសថOpioidនិងឱសថដែលមានសកម្មភាពប្រឆាំងអាសេទីលកូលីន(ឧទាហរណ៍ ឱសថប្រឆាំងហ៊ីស្តាមីនភាគច្រើន ឱសថព្យាបាលជំងឺបាក់ទឹកចិត្តមួយចំនួន) ជាដើម អាចធ្វើអោយរោគសញ្ញានៃជំងឺរីកក្រពេញប្រូស្តាតកាន់តែធ្ងន់ធ្ងរ ដូច្នេះ អ្នកជំងឺគួរចៀសវាងការប្រើឱសថទាំងនេះ។

    ការព្យាបាលដោយឱសថ

    ជាទូទៅ វេជ្ជបណ្ឌិតនឹងចាប់ផ្ដើមព្យាបាលជំងឺរីកក្រពេញប្រូស្តាតដោយប្រើឱសថ។ ឱសថប្រភេទទប់ស្កាត់គ្រឿងទទួលអាល់ហ្វា (α-receptor blockers) ដូចជា ឱសថTerazosin ឱសថDoxazosin ឱសថTamsulosin ឱសថAlfuzosin ឱសថSilodosin ជាដើម មានប្រសិទ្ធិភាពបន្ធូរការកន្ត្រាក់នៃសាច់ដុំនៅក្រពេញប្រូស្តាតនិងច្រកចេញពីប្លោកនោម ដើម្បីសម្រួលដល់លំហូរនៃទឹកនោម។ ឱសថមួយចំនួន ដូចជា ឱសថFinasteride ឱសថDutasteride ជាដើម អាចទប់ស្កាត់សកម្មភាពរបស់អរម៉ូនបុរសដែលធ្វើអោយក្រពេញប្រូស្តាតរីកធំ ដូច្នេះ ឱសថមានប្រសិទ្ធិភាពធ្វើអោយក្រពេញប្រូស្តាតរួមតូចមកវិញនិងអាចអោយអ្នកជំងឺមិនចាំបាច់ឬពន្យាការទទួលការវះកាត់ឬប្រើប្រាស់វិធីព្យាបាលផ្សេងទៀត។ ប៉ុន្តែ ឱសថFinasterideនិងឱសថDutasteride ត្រូវការអោយអ្នកជំងឺបន្តប្រើប្រាស់រយៈពេលយ៉ាងហោចណាស់3ខែ មុននឹងបង្ហាញប្រសិទ្ធិភាពកែលម្អរោគសញ្ញានៃជំងឺរីកក្រពេញប្រូស្តាត។ ផ្ទុយទៅវិញ អ្នកជំងឺមួយចំនួនមិនអាចទទួលបានប្រសិទ្ធិភាពពីឱសថFinasterideនិងឱសថDutasterideទេ ហើយមានអ្នកជំងឺមួយចំនួនទៀតដែលត្រូវប្រើឱសថប្រភេទទប់ស្កាត់គ្រឿងទទួលអាល់ហ្វា (α-receptor blockers) រួមជាមួយឱសថFinasterideឬឱសថDutasteride។

    ករណីអ្នកជំងឺមានរោគសញ្ញាអសមត្ថភាពផ្លូវភេទ(Erectile dysfunction, ED) អ្នកជំងឺអាចនឹងត្រូវប្រើប្រាស់ឱសថTadalafilជាប្រចាំ។

    ការព្យាបាលដោយការវះកាត់

    ប្រសិនបើអ្នកជំងឺមិនទទួលបានប្រសិទ្ធិភាពពីការប្រើប្រាស់ឱសថទេនោះ គេអាចនឹងអនុវត្តការព្យាបាលជំងឺរីកក្រពេញប្រូស្តាតដោយការវះកាត់។ ការវះកាត់នឹងកាត់បន្ថយរោគសញ្ញាបានច្រើន ប៉ុន្តែ វាក៏បង្កជាបញ្ហាផ្សេងៗទៀតផងដែរ។ ការវះកាត់ដែលត្រូវបានអនុវត្តញឹកញាប់ជាងគេនោះគឺ Trans-urethral resection of the prostate (TURP) ដោយគេនឹងស៊កបញ្ចូលឧបករណ៍អង់ដូស្កុបឆ្លងកាត់បង្ហួរនោម។ នៅឧបករណ៍អង់ដូស្កុបមានបំពាក់ឧបករណ៍ដែលត្រូវប្រើសម្រាប់ការវះកាត់ ដោយគេនឹងធ្វើការកាត់យកមួយផ្នែកនៃក្រពេញប្រូស្តាត។ នៅពេលអនុវត្តTURP គេអាចប្រើកាំរស្មីឡាស៊ែរ។ TURPមិនតម្រូវអោយមានការកាត់វះស្បែករបស់អ្នកជំងឺនោះទេ។

    ការអនុវត្តTURPអាចបង្កជាជំងឺឆ្លងឬអាការៈហូរឈាមជាដើមដល់អ្នកជំងឺ។ ម្យ៉ាងទៀត អ្នកជំងឺប្រមាណ1~3%នឹងកើតអាការៈលេចនោមដោយមិនអាចគ្រប់គ្រងបានឬរោគសញ្ញាអសមត្ថភាពផ្លូវភេទ(Erectile dysfunction, ED)ជារៀងរហូត។ បន្ទាប់ពីទទួលការព្យាបាលដោយTURP អ្នកជំងឺមួយចំនួននឹងមានរោគសញ្ញាRetrograde ejaculation ដោយទឹកកាមមិនអាចបញ្ចេញតាមបង្ហួរនោម ប៉ុន្តែ បែរជាបញ្ច្រាសចូលទៅក្នុងប្លោកនោម។ ទោះជាបានទទួលការព្យាបាលដោយTURPហើយក៏ដោយក្រពេញប្រូស្តាតរបស់អ្នកជំងឺប្រមាណ10%នឹងនៅតែបន្តរីកធំ ហើយពួកគេអាចនឹងចាំបាច់ត្រូវទទួលការការវះកាត់ជាថ្មីម្ដងទៀតក្នុងអំឡុងពេល10ឆ្នាំ។ ប្រសិនបើក្រពេញប្រូស្តាតរីកធំខ្លាំងពេក គេមិនអាចអនុវត្តការព្យាបាលដោយTURPបានទេ ដោយអ្នកជំងឺអាចនឹងត្រូវទទួលការវះកាត់ដោយបើកពោះដើម្បីព្យាបាលជំងឺនេះ។

    ក្រៅពីនេះ មានវិធីព្យាបាលផ្សេងៗទៀតដែលមានហានិភ័យទាបក្នុងការបង្កបញ្ហាផ្សេងៗ ប៉ុន្តែ វិធីព្យាបាលទាំងនោះមិនអាចកាត់បន្ថយរោគសញ្ញាបានលឿនដូចការព្យាបាលដោយTURPនោះទេ។ ស្ទើរគ្រប់វិធីព្យាបាលទាំងអស់ត្រូវប្រើឧបករណ៍ប្រភេទណាមួយដើម្បីស៊កបញ្ចូលតាមបង្ហួរនោម។ វិធីព្យាបាលទាំងនោះនឹងប្រើប្រាស់ កម្ដៅនៃរលកមីក្រូ(Transurethral microwave thermotherapy(TUMT)ឬThermotherapy) ម្ជុល(Transurethral needle ablation, TUNA) ប្រេកង់ខ្ពស់(Radiofrequency ablation, RFA) រលកសម្លេងឬអេកូ(High-intensity focused ultrasound therapy) អគ្គិសនី(Transurethral electrovaporization of the prostate, TUVP) កាំរស្មីឡាស៊ែរ(Photoselective vaporization of the prostate, PVP) ដើម្បីបំផ្លាញជាលិកានៃក្រពេញប្រូស្តាតដែលរីកធំ។

    មុននឹងចាប់ផ្ដើមព្យាបាលជំងឺរីកក្រពេញប្រូស្តាត វេជ្ជបណ្ឌិតចាំបាច់ត្រូវធ្វើការព្យាបាលបញ្ហាដែលជាមូលហេតុនៃការស្ទះនៅផ្លូវនោមរបស់អ្នកជំងឺ។ គេអាចព្យាបាលរោគសញ្ញានោមមិនចេញដោយប្រើសរសៃលួស(Catheter)ស៊កតាមបង្ហួរនោមទៅដល់ប្លោកនោម ដើម្បីអាចអោយអ្នកជំងឺបញ្ចេញទឹកនោមបាន។ ប្រសិនបើអ្នកជំងឺកើតមានជំងឺឆ្លង គេអាចព្យាបាលដោយប្រើឱសថប្រឆាំងបាក់តេរី។

    អានបន្ថែម