Osteoporosis (ជំងឺពុកឆ្អឹង)

    • លក្ខណៈទូទៅ
    • បំណែងចែកប្រភេទ
    • រោគសញ្ញា
    • រោគវិនិច្ឆ័យ
    • ការព្យាបាល
  • លក្ខណៈទូទៅ

    ជំងឺពុកឆ្អឹង (Osteoporosis) ជាស្ថានភាពដែលកំហាប់ឆ្អឹង(Bone density)ថយចុះ ធ្វើអោយឆ្អឹងមានលក្ខណៈផុយស្រួយ និង ងាយបាក់បែកឬប្រេះ។

    ・បរិមាណនៃសារធាតុដែលរក្សាកំហាប់ឆ្អឹងនិងភាពរឹងមាំនៃឆ្អឹងអាចថយចុះដោយសារ វ័យ កង្វះអរម៉ូនស្ត្រីអេស្ត្រូជេន កង្វះវីតាមីនDឬកាល់ស្យូម(Ca) ឬ ដោយសារតែជំងឺមួយចំនួន។

    ・នៅពេលមានជំងឺពុកឆ្អឹង ការបាក់ឆ្អឹងជាពិសេសនៅឆ្អឹងខ្នង ឆ្អឹងត្រគាកនិងកដៃ អាចកើតឡើងដោយមិនបានទទួលកម្លាំងសម្ពាធពីខាងក្រៅ។

    ・មនុស្សដែលមានជំងឺពុកឆ្អឹងអាចនឹងមិនបង្ហាញជារោគសញ្ញាអ្វីនោះទេ ប៉ុន្តែ ក៏មានអ្នកដែលកើតមានអាការៈឈឺចាប់ភ្លាមៗឬដោយបន្តិចម្ដងៗនិងឆ្អឹងអាចប្រែប្រួលខុសទម្រង់។

    ・វេជ្ជបណ្ឌិតនឹងធ្វើរោគវិនិច្ឆ័យដោយផ្អែកលើលទ្ធផលនៃការពិនិត្យកំហាប់ឆ្អឹង(Bone density)ចំពោះអ្នកដែលមានហានិភ័យនៃការកើតជំងឺពុកឆ្អឹង។

    ・ជំងឺពុកឆ្អឹងអាចបង្ការឬព្យាបាលតាមរយៈការគ្រប់គ្រងកត្តាបង្កគ្រោះថ្នាក់ អ្នកជំងឺបរិភោគជាតិកាល់ស្យូមនិងវីតាមីនDបានគ្រប់គ្រាន់ ធ្វើលំហាត់ប្រាណដែលទទួលបន្ទុកពីទម្ងន់ និង ការប្រើប្រាស់ឱសថប្រភេទBisphosphonate។

    នៅក្នុងឆ្អឹងមានផ្ទុកសារធាតុរ៉ែដូចជា កាល់ស្យូម(Ca) ផូស្វ័រ(P) ជដើម ដោយសារធាតុទាំងនេះមានតួនាទីធ្វើអោយឆ្អឹងរឹងនិងណែន។ ដើម្បីរក្សាកំហាប់ឆ្អឹង គេចាំបាច់ត្រូវផ្គត់ផ្គង់សារធាតុរ៉ែដូចជាកាល់ស្យូមជាដើមអោយបានគ្រប់គ្រាន់ទៅក្នុងរាងកាយ ហើយរាងកាយត្រូវមានលទ្ធភាពផលិតអរម៉ូនមួយចំនួនអោយបានគ្រប់គ្រាន់មានដូចជា អរម៉ូនលូតលាស់(Growth hormone) អរម៉ូនកាល់ស៊ីតូនីន(Calcitonin) អរម៉ូនអេស្ត្រូជេន(Estrogen) អរម៉ូនតេស្តូស្តេរ៉ូន(Testosterone)។ល។ ដើម្បីអាចអោយរាងកាយស្រូបយកជាតិកាល់ស្យូមពីអាហារបាន រាងកាយត្រូវការវីតាមីនDក្នុងបរិមាណគ្រប់គ្រាន់។ វីតាមីនD ជាវីតាមីនដែលអាចទទួលបានពីអាហារ ឬ អាចត្រូវបានផលិតនៅស្បែកដោយពន្លឺព្រះអាទិត្យ។

    ជាទូទៅ កោសិកាឆ្អឹងចាស់ត្រូវបានបំបែកហើយកោសិកាឆ្អឹងថ្មីត្រូវបានបង្កើតឡើងជានិច្ច ដោយដំណើរការនេះហៅថាRemodeling ដើម្បីអាចអោយឆ្អឹងអាចឆ្លើយតបទៅនឹងការប្រែប្រូលនៃបន្ទុកផ្សេងៗពីក្រៅរាងកាយ។ នៅក្នុងដំណើរការនេះ ជាលិកាឆ្អឹងមួយផ្នែកត្រូវបានកម្ចាត់ចេញ ហើយវាត្រូវបានបំពេញដោយជាលិកាឆ្អឹងថ្មី ដោយដំណើរការនេះប្រព្រឹត្តទៅជាប់ជានិច្ចគ្មានពេលសម្រាក។ Remodeling មានឥទ្ធិពលទៅលើទម្រង់នៃឆ្អឹងនិងកំហាប់ឆ្អឹង។ នៅពេលមនុស្សមានវ័យក្មេង ឆ្អឹងនឹងលូតលាស់ទៅតាមភាពធំធាត់នៃរាងកាយ ដោយវាអាចរីកទៅតាមទិសដេកក៏ដូចជាទិសឈរ។ ក្រោយមក ឆ្អឹងអាចបង្កើនទំហំនិងកម្រាស់ទៅតាមទិសដេក ប៉ុន្តែ វាមិនអាចបន្តលូតវែងបាននោះទេ។

    កំហាប់ឆ្អឹងឬម៉ាសឆ្អឹងរបស់ស្ត្រីនឹងបន្តកើនឡើងរហូតដល់កម្រិតអតិបរមានៅអាយុប្រហែល30ឆ្នាំ។ បន្ទាប់ពីនោះ កំហាប់ឆ្អឹងនឹងចាប់ផ្ដើមថយចុះបន្តិចម្ដងៗ។ ល្បឿនថយចុះនៃម៉ាសឆ្អឹងនឹងកាន់តែលឿនក្រោយស្ត្រីអស់រដូវ ដែលជាមធ្យមនៅពេលស្ត្រីមានអាយុប្រហែល51ឆ្នាំ។

    ចំពោះមនុស្សពេញវ័យ នៅពេលមានវ័យក្មេង ការផលិតកោសិកាឆ្អឹងថ្មីមានលក្ខណៈច្រើនជាងការបំបែកកោសិកាឆ្អឹង ដូច្នេះ កំហាប់ឆ្អឹងនឹងចេះតែកើនឡើងបន្តិចម្ដងៗរហូតដល់កម្រិតអតិបរមានៃភាពរឹងមាំរបស់ឆ្អឹងនៅអាយុប្រហែល30ឆ្នាំ។ បន្ទាប់ពីនោះ បរិមាណឆ្អឹងដែលត្រូវបំបែកមានលក្ខណៈច្រើនជាងបរិមាណឆ្អឹងដែលត្រូវផលិតថ្មី ធ្វើអោយកំហាប់ឆ្អឹងចាប់ផ្ដើមថយចុះបន្តិចម្ដងៗ។ ប្រសិនបើរាងកាយមិនអាចបន្តផលិតកោសិកាឆ្អឹងថ្មីក្នុងបរិមាណគ្រប់គ្រាន់ទេនោះ កំហាប់ឆ្អឹងនឹងបន្តថយចុះ រហូតដល់ដំណាក់កាលដែលឆ្អឹងចាប់ផ្ដើមមានលក្ខណៈផុយស្រួយ ហើយចុះក្រោយនឹងវិវត្តទៅជាជំងឺពុកឆ្អឹង។

    អានបន្ថែម
  • បំណែងចែកប្រភេទ

    នៅសហរដ្ឋអាមេរិច ស្ត្រីប្រមាណ 8 លាននាក់និងបុរសប្រមាណ 2​ លាននាក់កំពុងកើតមានជំងឺពុកឆ្អឹង។ ជំងឺពុកឆ្អឹងត្រូវបានបែងចែកជាពីរប្រភេទធំៗគឺ ជំងឺពុកឆ្អឹងដែលកើតឡើងដោយសារការវិវត្តនៃរាងកាយទៅតាមធម្មជាតិ(Primary) និង ជំងឺពុកឆ្អឹងដែលកើតឡើងដោយសារជំងឺផ្សេងទៀតឬការប្រើប្រាស់ឱសថមួយចំនួន(Secondary)។

    ជំងឺពុកឆ្អឹងដែលកើតឡើងដោយធម្មជាតិ

    អ្នកជំងឺពុកឆ្អឹងជាស្ត្រីលើសពី95%និងអ្នកជំងឺពុកឆ្អឹងជាបុរសប្រមាណ80%ស្ថិតក្នុងជំពូកនេះ ដោយស្ទើរគ្រប់ករណីកើតឡើងចំពោះស្ត្រីអស់រដូវនិងបុរសមានវ័យចាស់។

    មូលហេតុចម្បងមួយនៃជំងឺពុកឆ្អឹងគឺការខ្វះអរម៉ូនអេស្ត្រូជេន(Estrogen) ជាពិសេស ស្ថានភាពនេះកើតឡើងនៅពេលដែលអរម៉ូនអេស្ត្រូជេនថយចុះយ៉ាងគំហុកនៅក្រោយពេលស្ត្រីអស់រដូវ។ បុរសអាយុចាប់ពី50ឆ្នាំឡើងទៅស្ទើរគ្រប់គ្នាមានកម្រិតអរម៉ូនអេស្ត្រូជេនខ្ពស់ជាងស្ត្រីអស់រដូវ ប៉ុន្តែ កម្រិតនឹងថយចុះទៅតាមវ័យ ដូច្នេះ ការមានកម្រិតអរម៉ូនអេស្ត្រូជេនទាបមានទំនាក់ទំនងទៅនឹងជំងឺពុកឆ្អឹងមិនថាបុរសឬស្ត្រីនោះទេ។ នៅពេលខ្វះអរម៉ូនអេស្ត្រូជេននៅក្នុងរាងកាយ ដំណើរការបំបែកជាលិកាឆ្អឹងនឹងកើនឡើង ធ្វើអោយម៉ាសឆ្អឹងថយចុះយ៉ាងឆាប់រហ័ស។ ដូចគ្នាដែរ ចំពោះបុរស ការមានកម្រិតអរម៉ូនបុរសទាបក៏ជាមូលហេតុមួយនៃការកើតមានជំងឺពុកឆ្អឹងឆងដែរ។ ហើយនៅពេលដែលការបរិភោគជាតិកាល់ស្យូមឬកម្រិតវីតាមីននៅក្នុងរាងកាយមានលក្ខណៈទាប ម៉ាសឆ្អឹងនឹងថយចុះយ៉ាងឆាប់រហ័សបំផុត។ នៅពេលដែលខ្វះវីតាមីនD បរិមាណកាល់ស្យូមនៅក្នុងរាងកាយក៏មានលក្ខណៈមិនគ្រប់គ្រាន់ ហើយសកម្មភាពបញ្ចេញអរម៉ូនប៉ារ៉ាទីរ៉ូអ៊ីតនៃក្រពេញប៉ារ៉ាទីរ៉ូអ៊ីត(Parathyroid gland)នឹងកើនឡើង ដែលអរម៉ូននេះនឹងជម្រុញដំណើរការនៃការបំបែកជាលិកាឆ្អឹង។ ម្យ៉ាងទៀត បរិមាណផលិតថ្មីនៃកោសិកាឆ្អឹងក៏ថយចុះផងដែរ។

    មានកត្តាមូលហេតុផ្សេងទៀតដែលបង្កើនហានិភ័យនៃការថយចុះម៉ាសឆ្អឹងនិងការកើតជំងឺពុកឆ្អឹង ទាំងបុរសនិងស្ត្រី។ ប្រសិនបើអ្នកជំងឺធ្លាប់បាក់ឬប្រេះឆ្អឹងដោយសារជំងឺពុកឆ្អឹង នោះហានិភ័យនៃការកើតឡើងម្ដងទៀតគឺខ្ពស់ខ្លាំង។

    ជំងឺពុកឆ្អឹងដែលកើតឡើងដោយមានមូលហេតុបង្កច្បាស់លាស់

    ជំងឺមួយចំនួនដែលអាចជាមូលហេតុនៃការកើតជំងឺពុកឆ្អឹង រួមមាន ជំងឺតម្រងនោមរ៉ាំរ៉ៃ និង ជំងឺទាក់ទងនឹងក្រពេញបញ្ចេញក្នុង ជាពិសេស ជំងឺគូស៊ីង(Cushing‘s disease) ជំងឺមុខងារក្រពេញប៉ារ៉ាទីរ៉ូអ៊ីតកើនឡើង(Hyperparathyroidism) ជំងឺមុខងារក្រពេញភេទថយចុះ(Hypogonadism) ស្ថានភាពកើនឡើងនៃកម្រិតអរម៉ូនប្រូឡាក់ទីន(Prolactin) ជំងឺទឹកនោមផ្អែម។ ម្យ៉ាងទៀត ឱសថដែលអាចជាមូលហេតុនៃការកើតជំងឺពុកឆ្អឹង រួមមាន ឱសថប្រភេទស្តេរ៉ូអ៊ីត(Corticosteroid) ឱសថប្រភេទអរម៉ូនក្រពេញទីរ៉ូអ៊ីត ឱសថប្រឆាំងជំងឺមហារីកប្រភេទមួយចំនួន ឱសថព្យាបាលជំងឺប្រកាច់ ។ល។ កត្តាដូចជា ការពិសាគ្រឿងស្រវឹងឬជាតិកាហ្វេអ៊ីនច្រើនហួសហេតុនិងការជក់បារី អាចធ្វើអោយជំងឺពុកឆ្អឹងវិវត្តទៅកាន់តែមិនល្អ ប៉ុន្តែ កត្តាទាំងនេះមិនសូវជាមូលហេតុដែលបង្កអោយកើតមានជំងឺពុកឆ្អឹងឡើយ។

    ជំងឺពុកឆ្អឹងដែលកើតឡើងដោយគ្មានមូលហេតុច្បាស់លាស់

    វាជាករណីកម្រនៃជំងឺពុកឆ្អឹង ដោយជំងឺនេះអាចកើតឡើងចំពោះ ស្ត្រីមុនអស់រដូវ បុរសដែលមានអាយុក្រោម50ឆ្នាំ កុមារមនុស្សវ័យជំទង់ ហើយកម្រិតអរម៉ូនឬវីតាមីនDមានលក្ខណធម្មតានិងមិនមានមូលហេតុច្បាស់លាស់ដែលធ្វើអោយឆ្អឹងប្រែជាទន់ខ្សោយនោះទេ។

    ・មានសមាជិកគ្រួសារដែលមានជំងឺពុកឆ្អឹង

    ・របបអាហារដែលមិនសូវសម្បូរជាតិកាល់ស្យូមឬវីតាមីនD

    ・ទម្លាប់រស់នៅដែលមិនសូវកម្រើករាងកាយ

    ・ជាជនជាតិស្បែកស ឬ ជាជនជាតិអាស៊ី

    ・មានរាងកាយស្គម

    ・ឆាប់អស់រដូវ

    ・ជក់បារី

    ・ពិសាគ្រឿងស្រវឹងឬជាតិកាហ្វេអ៊ីនច្រើនហួសកម្រិត។

    អានបន្ថែម
  • រោគសញ្ញា

    ជាទូទៅ ការថយចុះនៃកំហាប់ឆ្អឹងកើតឡើងដោយយឺតៗបំផុត ដូច្នេះ នៅដំណាក់កាលដំបូងនៃជំងឺពុកឆ្អឹង ជំងឺនេះមិនបង្ហាញជារោគសញ្ញាអ្វីនោះទេ។ ប៉ុន្តែ បន្ទាប់ពីនោះ កំហាប់ឆ្អឹងអាចថយចុះដល់កម្រិតមួយដែលងាយប្រេះឬបាក់ ធ្វើអោយអ្នកជំងឺមានអាការៈឈឺចាប់ខ្លាំងភ្លាមៗឬកើតឡើងដោយយឺតៗនៅឆ្អឹង ហើយឆ្អឹងចាប់ផ្ដើមប្រែប្រួលខុសទ្រង់ទ្រាយ។ ជាទូទៅ ចំពោះឆ្អឹងវែងដូចជាឆ្អឹងដៃឬជើង ផ្នែកចុងឆ្អឹងនឹងងាយបាក់ជាងផ្នែកកណ្ដាលឆ្អឹង។ ឆ្អឹងកងខ្នងជាឆ្អឹងដែលមានហានិភ័យខ្ពស់ក្នុងការបាក់ ជាពិសេសនៅពេលមានជំងឺពុកឆ្អឹង។ ជាទូទៅ ឆ្អឹងខ្នងអាចងាយបាក់ចាប់ពីផ្នែកកណ្កាលខ្នងទៅដល់ផ្នែកចង្កេះ។

    ការប្រេះបាក់ឆ្អឹងខ្នងអាចកើតឡើងចំពោះអ្នកជំងឺពុកឆ្អឹងប្រភេទណាក៏ដោយ ដោយនៅពេលឆ្អឹងខ្នងមានលក្ខណៈផុយស្រួយ វានឹងងាយប្រេះឬបាក់ដោយសារការបាក់ទង្គិចតែបន្តិចបន្តួលប៉ុណ្ណោះ។ ការប្រេះបាក់ឆ្អឹងខ្នងពីការរងសម្ពាធបែបនេះ ស្ទើរគ្រប់ករណី អ្នកជំងឺមិនមានអារម្មណ៍ឈឺចាប់នោះទេ ប៉ុន្តែ ក៏មានករណីដែលអ្នកជំងឺមានអាការៈឈឺចាប់កើតឡើងភ្លាមៗនៅផ្នែកច្បាស់លាស់ណាមួយនៃខ្នង ហើយអ្នកជំងឺពិបាកនឹងឈរឬដើរ។ ការឈឺចាប់នៅកន្លែងនោះអាចកើតឡើងនៅពេលសង្កត់តែប៉ុណ្ណោះ។ ជាទូទៅ អាការៈឈឺចាប់បែបនោះនឹងបាត់ទៅវិញបន្តិចម្ដងៗក្នុងរយៈពេល1សប្ដាហ៍។ ប៉ុន្តែ ករណីអូសបន្លាយ អាការៈឈឺចាប់អាចបន្តកើតមានរហូតដល់ប៉ុន្មានខែ ឬក៏បន្តកើតមានជារៀងរហូត។ ករណីមានកាប្រេះបាក់ឆ្អឹងខ្នងច្រើនកន្លែង នោះឆ្អឹងខ្នងរបស់អ្នកជំងឺនឹងមានទម្រង់ខុសប្រក្រតី ហើយអាចប៉ះពាល់ដល់សាច់ដុំនិងធ្វើអោយមានអាការៈឈឺចាប់ទៀតផង។

    ការប្រេះឬបាក់ឆ្អឹងអាចកើតឡើងនៅផ្នែកផ្សេងទៀតនៃរាងកាយផងដែរ ដោយវាអាចកើតឡើងដោយសារការទទួលរងបន្ទុកស្រាលឬដោយសារការដួលធ្លាក់។ ការបាក់ឆ្អឹងត្រគាក គឺជាករណីធ្ងន់ធ្ងរមួយ ដោយវាអាចបង្កជាពិការភាពដល់មនុស្សចាស់ ធ្វើអោយពួកគាត់បាត់បង់ឯករាជ្យភាពក្នុងការរស់នៅ។ ការប្រេះឬបាក់ឆ្អឹងកដៃក៏ជាករណីដែលកើតឡើងញឹកញាប់ផងដែរ ជាពិសេសចំពោះអ្នកជំងឺដែលជាស្ត្រីអស់រដូវ។ ម្យ៉ាងទៀត អ្នកជំងឺពុកឆ្អឹងមិនងាយនឹងជាសះស្បើយពីការប្រេះឬបាក់ឆ្អឹងឆាប់រហ័សនោះទេ។

    អានបន្ថែម
  • រោគវិនិច្ឆ័យ

    អ្នកដែលស្ថិតក្រោមល័ក្ខខ័ណ្ឌដូចខាងក្រោមអាចនឹងត្រូវបានសង្ស័យថាកំពុងកើតមានជំងឺពុកឆ្អឹង៖

    ・ស្ត្រីទាំងអស់ដែលមានអាយុចាប់ពី65ឆ្នាំឡើងទៅ

    ・ស្ត្រីដែលអស់រដូវរហូតដល់អាយុ65ឆ្នាំ និង មានកត្តាហានិភ័យនៃការកើតជំងឺពុកឆ្អឹង

    ・អ្នកដែលធ្លាប់ប្រេះឬបាក់ឆ្អឹងដែលមិនមែនកើតឡើងដោយសារការប៉ះទង្គិចឬការប៉ះទង្គិចតិចតួចបំផុត មិនថាជាបុរសឬស្ត្រី ចាស់ឬក្មេង

    ・មនុស្សពេញវ័យអាយុចាប់ពី65ឆ្នាំឡើងទៅ និង មានអាការៈឈឺចាប់នៅខ្នង ឬ កម្ពស់ថយចុះប្រវែងចាប់ពីប្រហែល3.81សង់ទីម៉ែត្រទៅដោយមិនដឹងមូលហេតុច្បាស់លាស់

    ・អ្នកដែលទទួលការពិនិត្យកាំរស្មីអ៊ិច ដោយបង្ហាញរូបភាពឆ្អឹងមានលក្ខណៈស្ដើងជាងធម្មតា។

    ការពិនិត្យកំហាប់ឆ្អឹង អាចអោយគេរកឃើញនូវអ្នកដែលអាចកើតមានជំងឺពុកឆ្អឹងមុនពេលឧបទ្ទវហេតុប្រេះឬបាក់ឆ្អឹងកើតឡើង ហើយការពិនិត្យនេះក៏គ្រប់គ្រាន់ក្នុងការធ្វើរោគវិនិច្ឆ័យថាជាជំងឺពុកឆ្អឹងផងដែរ។ មានវិធីពិនិត្យកំហាប់ឆ្អឹងនៅកដៃឬកែងជើងដែលអាចអនុវត្តបានយ៉ាងឆាប់រហ័ស ប៉ុន្តែ វិធីពិនិត្យដែលគួរអោយទុកចិត្តជាងគេនោះគឺ Dual-energy X-ray absorptiometry (DXA) ដែលអាចវាស់កំហាប់ឆ្អឹងនៅផ្នែកដែលងាយនឹងកើតមានការបាក់ឆ្អឹងធ្ងន់ធ្ងរ ដូចជាឆ្អឹងខ្នងនិងឆ្អឹងត្រគាកជាដើម។ ការពិនិត្យនេះមិនបង្កជាអាការៈឈឺចាប់នោះទេ ហើយប្រើប្រាស់វិទ្យុសកម្មតិចតួចបំផុត និង អាចបញ្ចប់ទៅវិញត្រឹមរយៈពេល5~15នាទីប៉ុណ្ណោះ។ ការពិនិត្យនេះមិនត្រឹមតែមានប្រយោជន៍សម្រាប់ការធ្វើរោគវិនិច្ឆ័យប៉ុណ្ណោះនោះទេ ប៉ុន្តែ វាក៏ត្រូវបានប្រើប្រាស់នៅក្នុងការតាមដានជាប្រចាំទៅលើប្រសិទ្ធិភាពនៃការព្យាបាលជំងឺពុកឆ្អឹងផងដែរ។

    គេក៏អាចធ្វើការពិនិត្យឈាមដើម្បីដឹងអំពីកម្រិតនៃជាតិកាល់ស្យូមនិងវីតាមីនDផងដែរ។ ម្យ៉ាងទៀត គេអាចនឹងធ្វើការពិនិត្យផ្សេងទៀត ដើម្បីស្វែងរកមូលហេតុច្បាស់លាស់ណាមួយដែលបង្កជាជំងឺពុកឆ្អឹងនិងធ្វើការដោះស្រាយបញ្ហានោះប្រសិនបើរកឃើញមូលហេតុដើមនៃជំងឺ។ ករណីនេះ គេចាត់ចូលជាប្រភេទជំងឺពុកឆ្អឹងដែលកើតឡើងដោយមានមូលហេតុបង្កច្បាស់លាស់។

    អានបន្ថែម
  • ការព្យាបាល

    ការបង្ការជំងឺពុកឆ្អឹង

    ការទប់ស្កាត់កុំអោយមានការថយចុះនៃកំហាប់ឆ្អឹងងាយស្រួលអនុវត្តជាងការព្យាយាមបង្កើនកំហាប់ឆ្អឹងដែលបាត់បង់ទៅមកវិញ ដូច្នេះ ចំពោះដើម្បីកុំអោយកើតមានជំងឺពុកឆ្អឹង ការបង្ការជំងឺនេះអាចទទួលបានជោគជ័យច្រើនជាងការព្យាបាល។ វិធីបង្ការជំងឺពុកឆ្អឹង រួមមាន ការគ្រប់គ្រងកត្តាហានិភ័យ(ឧទាហរណ៍ ឈប់ជក់បារី កាត់បន្ថយការពិសាគ្រឿងស្រវឹងឬកាហ្វេអ៊ីន ជា

    ដើម) ការបរិភោគចូលនូវជាតិកាល់ស្យូមនិងវីតាមីនDបានគ្រប់គ្រាន់ អនុវត្តលំហាត់ប្រាណដែលផ្ដល់បន្ទុកពីទម្ងន់ ។ល។ អ្នកជំងឺមួយចំនួនអាចរក្សាឬបង្កើនកំហាប់ឆ្អឹងតាមរយៈការប្រើឱសថ។ ទោះក្នុងអំឡុងពេលនៃការព្យាបាលក៏ដោយ ក៏អ្នកជំងឺត្រូវអនុវត្តទម្លាប់នៃការរស់នៅនិងរបបអាហារដូចរៀបរាប់ខាងលើផងដែរ។ អ្នកជំងឺទាំងអស់ដែលកំពុងទទួលការព្យាបាល ចាំបាច់ត្រូវប្រើប្រាស់ឱសថ។

    គេអាចចាត់វិធានការដើម្បីកុំអោយអ្នកជំងឺជួបឧបទ្ទវហេតុប្រេះឬបាក់ឆ្អឹងបាន។ មនុស្សចាស់ភាគច្រើន ប្រសិនបើពួកគាត់មានបញ្ហាក្នុងការធ្វើចលនារាងកាយ មើលមិនសូវច្បាស់ មានស្មារតីវង្វេងវង្វាន់ ឬ កំពុងប្រើប្រាស់ឱសថដែលអាចបង្កជាអាការៈងងឹតមុខពេលក្រោយឈរឬបង្កជាអាការៈវង្វេងវង្វាន់ នោះពួកគាត់មានហានិភ័យខ្ពស់នៅក្នុងការជួបឧបទ្ទវហេតុដួលធ្លាក់។ ដើម្បីរក្សាសុវត្ថិភាព គេគួរធ្វើការកែលម្អបរិស្ថាននៅក្នុងគេហដ្ឋានរបស់អ្នកជំងឺ និង ទទួលការណែនាំអំពីរបៀបនៃការធ្វើលំហាត់ប្រាណដែលមានប្រសិទ្ធិភាព។ លំហាត់ប្រាណដែលបង្កើនកម្លាំងសាច់ដុំក៏មានប្រយោជន៍នៅក្នុងការរក្សាតុល្យភាពនៃចលនារាងកាយផងដែរ។

    របបអាហារនិងការធ្វើលំហាត់ប្រាណ

    ការទទួលបានសារធាតុចិញ្ចឹមពីអាហារគ្រប់គ្រាន់ រួមមានជាតិកាល់ស្យូមនិងវីតាមីនD មានប្រយោជន៍ជាពិសេសនៅមុនអាយុប្រហែល30ឆ្នាំដែលកំហាប់ឆ្អឹងកើនឡើងដល់អតិបរមា ប៉ុន្តែ ការអនុវត្តរបបអាហារបែបនេះក៏មានប្រយោជន៍នៅក្រោយវ័យនោះផងដែរ។ បរិមាណជាតិកាល់ស្យូមដែលត្រូវបានណែនាំអោយទទួលទានចូលក្នុងរាងកាយជាប្រចាំថ្ងៃគឺ 1200~1500mg និង វិតាមីនD 600~800ខ្នាត ប៉ុន្តែ ចំពោះមនុស្សវ័យក្មេង មានអ្នកដែលកម្រិតទាបជាងនេះបន្តិចក៏អាចគ្រប់គ្រាប់សម្រាប់រាងកាយ ហើយក៏មានអ្នកដែលត្រូវការបរិមាណច្រើនជាងនេះ។ ពេលខ្លះ វេជ្ជបណ្ឌិតធ្វើការពិនិត្យកម្រិតវីតាមីនDក្នុងឈាម ដើម្បីកំណត់បរិមាណនៃឱសថវីតាមីនDដែលអ្នកជំងឺគួរប្រើប្រាស់។ វីតាមីនDអាចទទួលបានពីការបរិភោគទឹកដោះគោដែលមានបន្ថែមវីតាមីនD និងការប្រើប្រាស់ឱសថវីតាមីនD ប៉ុន្តែ ស្ត្រីភាគច្រើនចាំបាច់ត្រូវប្រើប្រាស់ឱសថកាល់ស្យូមស្របពេលជាមួយគ្នាផងដែរ។ នៅក្នុងឱសថកាល់ស្យូមជាច្រើនមានផ្ទុកវីតាមីនDរួចជាស្រេចនៅក្នុងនោះ។ ចំពោះអ្នកជំងឺដែលកំពុងប្រើប្រាស់ឱសថកាត់បន្ថយការបញ្ចេញអាស៊ីតក្រពះប្រភេទទប់ស្កាត់គ្រឿងចម្លងប្រូតុង(Proton pump inhibitor)ដូចជាឱសថOmeprazole ជាដើម ឬ ធ្លាប់ទទួលការវះកាត់លក្ខណៈតភ្ជាប់ក្រពះ(Gastric bypass surgery) អ្នកជំងឺគួរជ្រើសរើសប្រើឱសថCalcium citrate ដើម្បីបំពេញកម្រិតកាល់ស្យូមក្នុងរាងកាយ។ ស្ត្រីចំណាស់ស្ទើរគ្រប់រូបចាំបាច់ត្រូវទទួលឱសថវីតាមីនDអោយបាន800ខ្នាតក្នុង1ថ្ងៃ ដោយក្នុងនោះ មនុស្សមួយចំនួនអាចនឹងត្រូវបង្កើនបរិមាណបន្តិចម្ដងៗ។

    លំហាត់ប្រាណដែលដាក់បន្ទុកពីទម្ងន់ទៅលើឆ្អឹង មានដូចជា ការដើរ ការឡើងជណ្ដើរ ជាដើម មានប្រសិទ្ធិភាពបង្កើនកំហាប់ឆ្អឹង។ ផ្ទុយទៅវិញ ការហែលទឹកដែលជាលំហាត់ប្រាណមិនដាក់ទម្ងន់ទៅលើឆ្អឹងនឹងមិនជួយបង្កើនកំហាប់ឆ្អឹងនោះទេ។ អ្នកជំងឺជាច្រើនបានណែនាំថា គួរធ្វើលំហាត់ប្រាណប្រភេទដាក់ទម្ងន់លើឆ្អឹងរយៈពេលប្រមាណ30នាទីជារៀងរាល់ថ្ងៃ។ នៅពេលដែលរាងកាយអាចរក្សាតុល្យភាពនៅក្នុងការធ្វើចលនា នោះអ្នកជំងឺអាចចៀសវាងពីការប្រេះឬបាក់ឆ្អឹងដោយសារឧបទ្ទវហេតុដួលធ្លាក់ ដូច្នេះ ការធ្វើលំហាត់ប្រាណមានសារៈសំខាន់ណាស់។ មានការបង្ហាញថា ចំពោះស្ត្រីមុនអស់រដូវដែលធ្វើលំហាត់ប្រាណខ្លាំងក្លាស្មើទៅនឹងកីឡាករនឹងធ្វើអោយរារាំងដល់ការបញ្ចេញអរម៉ូនអេស្ត្រូជេនពីក្រពេញអូវែរ ដូច្នេះ កំហាប់ឆ្អឹងក៏ថយចុះមួយកម្រិតផងដែរ។

    ការប្រើប្រាស់ឱសថ

    ជាទូទៅ ទាំងការបង្ការនិងទាំងការព្យាបាល អ្នកជំងឺប្រើឱសថស្ទើរដូចគ្នាទាំងអស់។

    ឱសថប្រភេទBisphosphonate រួមមានដូចជា ឱសថAlendronate ឱសថRisedronate ឱសថIbandronate ឱសថZoledronate ជាឱសថដែលអាចនៅក្នុងការបង្ការផងនិងការព្យាបាលជំងឺពុកឆ្អឹងគ្រប់ប្រភេទផង ដោយជាទូទៅវាត្រូវបានជ្រើសរើសប្រើប្រាស់មុនគេបង្អស់។ ឱសថប្រភេទBisphosphonate នឹងបង្កើនកំហាប់ឆ្អឹងនៅឆ្អឹងខ្នងនិងឆ្អឹងត្រគាក ក៏ដូចជាកាត់បន្ថយហានិភ័យនៃការប្រេះឬបាក់ឆ្អឹង។ ឱសថAlendronateនិងឱសថRisedronateអាចប្រើប្រាស់ក្នុងទម្រង់ជាថ្នាំលេប រីឯឱសថZoledronateត្រូវបានប្រើប្រាស់ក្នុងទម្រង់ជាថ្នាំចាក់ចូលក្នុងសរសៃវ៉ែន។ ឱសថIbandronate អាចមានទម្រង់ជាថ្នាំលេបផងជាថ្នាំចាក់តាមសរសៃវ៉ែនផង។

    ការលេបឱសថប្រភេទBisphosphonate ត្រូវធ្វើឡើងនៅពេលក្រោកពីគេងភ្លាម ដោយពិសាជាមួយទឹកចំណុះ1កែវពេញ(240mL)។ ប្រសិនបើលេបឱសថទាំនេះនៅពេលមានអាហារស្ថិតនៅក្នុងក្រពះ ការស្រូបសារធាតុឱសថអាចនឹងថយចុះ ដូច្នេះ ក្រោយលេបឱសថ អ្នកជំងឺត្រូវចៀសវាងពិសាអាហារឬផឹកភេសជ្ជៈផ្សេងៗឬឱសថផ្សេងទៀតរយៈពេល30នាទី។ ឱសថប្រភេទBisphosphonate អាចធ្វើអោយប៉ះពាល់ដល់ភ្នាសនៃបំពង់អាហារ ដូច្នេះ ក្រោយពេលលេបឱសថនេះ អ្នកជំងឺមិនត្រូវទម្រេតខ្លួនទេរយៈពេលយ៉ាងហោចណាស់30នាទី (រយៈពេល60នាទីសម្រាប់ឱសថIbandronate)។ មនុស្សមួយចំនួនមិនអាចប្រើឱសថប្រភេទBisphosphonateនោះទេ ដោយអ្នកទាំងនោះរួមមាន អ្នកដែលមានអាការៈមិនស្រួលក្នុងក្រពះពោះវៀន(ក្រហាយទ្រូង ចង់ក្អួតជាដើម) អ្នកដែលមានជំងឺណាមួយនៅបំពង់អាហារឬក្រពះ ។ល។ អ្នកជំងឺបែបនេះគួរប្រើឱសថIbandronateឬឱសថZoledronateទម្រង់ជាថ្នាំចាក់តាមសរសៃវ៉ែន។ ម្យ៉ាងទៀត អ្នកជំងឹដេលស្ថិតក្រោមល័ក្ខខ័ណ្ឌដូចខាងក្រោមក៏មិនត្រូវពិសាឱសថប្រភេទBisphosphonateផងដែរ៖

      ・ស្ត្រីកំពុងមានផ្ទៃពោះឬកំពុងបំបៅដោះកូន

      ・អ្នកដែលមានកម្រិតកាល់ស្យូមក្នុងឈាមទាប

      ・អ្នកដែលមានជំងឺតម្រងនោមកម្រិតធ្ងន់ធ្ងរ

    គេនៅមិនដឹងថាអ្នកជំងឺគួរបន្តប្រើប្រាស់ឱសថប្រភេទBisphosphonateរយៈពេលប៉ុន្មាននោះទេ។ អ្នកជំងឺស្ទើរគ្រប់គ្នាចាំបាច់ត្រូវប្រើឱសថនេះរយៈពេល3~5ឆ្នាំ ហើយក៏មានអ្នកជំងឺមួយចំនួនត្រូវប្រើរហូតដល់10ឆ្នាំក៏មាន។ វេជ្ជបណ្ឌិតនឹងកំណត់រយៈពេលនៃការប្រើប្រាស់ឱសថនេះសម្រាប់អ្នកជំងឺដោយផ្អែកទៅលើស្ថានភាពជំងឺនិងកត្តាហានិភ័យនៃការបាក់ឆ្អឹងរបស់អ្នកជំងឺ។ ជាទូទៅ នៅក្រោយពេលឈប់ប្រើប្រាស់ឱសថនេះ អ្នកជំងឺត្រូវមកទទួលការពិនិត្យកំហាប់ឆ្អឹងជាប្រចាំដើម្បីដឹងថាម៉ាសឆ្អឹងកំពុងថយចុះទៅវិញដែរឬទេ។ ប្រសិនបើរកឃើញថាម៉ាសឆ្អឹងកំពុងថយចុះ អ្នកជំងឺអាចនឹងត្រូវចាប់ដ្ដើមការព្យាបាលសាឡើងវិញដោយប្រើប្រាស់ឱសថប្រភេទBisphosphonateឬឱសថប្រភេទផ្សេងទៀត។

    អ្នកជំងឺមួយចំនួនដែលកំពុងប្រើប្រាស់ឱសថប្រភេទBisphosphonate អាចកើតមានផលរំខានខូចឆ្អឹងចង្កា(Osteonecrosis of the jaw)។ ស្ថានភាពនេះបង្កការខូចខាតដល់ចង្កា ហើយអាចកើតមានជំងឺឆ្លងបាតក់តេរី។ អ្នកជំងឺដែលបានទទួលការវះកាត់ធ្មេញទ្រង់ទ្រាយធំ ឬ បានទទួលផលប៉ះពាល់នៅជុំវិញធ្មេញទំហំធំ ឬ កំពុងប្រើប្រាស់ឱសថប្រភេទBisphosphonateទម្រង់ជាថ្នាំចាក់ ឬ កំពុងមានជំងឺមហារីក មានហានិភ័យខ្ពស់នៃការកើតមានផលរំខាននេះ។ ប៉ុន្តែ គេក៏នៅតែមិនច្បាស់លាស់ពេញលេញថាតើឱសថប្រភេទBisphosphonate ពិតជាបង្កការខូចឆ្អឹងចង្កាឬថាតើឱសថប្រភេទBisphosphonate មួយណាដែលងាយបង្កបញ្ហានេះជាងគេនៅឡើយទេ។ ម្យ៉ាងទៀត ក៏មិនមានភ័ស្តុតាងណាដែលបង្ហាញថាគួរបញ្ឈប់ការប្រើប្រាស់ឱសថប្រភេទBisphosphonate មុនទទួលការវះកាត់ធ្មេញនោះទេ។

    ករណីកម្រ ការប្រើប្រាស់ឱសថប្រភេទBisphosphonate រយៈពេលវែង អាចបង្កើនហានិភ័យនៃការបាក់ឆ្អឹងភ្លៅ។ ប៉ុន្តែ ប្រសិនបើអ្នកជំងឺប្រើប្រាស់ឱសថនេះអោយបានត្រឹមត្រូវទៅតាមវេជ្ជបញ្ជា ឱសថអាចបង្ការគ្រោះថ្នាក់បាក់ឆ្អឹងច្រើនជាងករណីបង្កើនហានិភ័យនៃការបាក់ឆ្អឹង។

    ឱសថCalcitonin ជាឱសថដែលត្រូវបានប្រើប្រាស់នៅក្នុងការព្យាបាលជំងឹពុកឆ្អឹង ដោយវាមានប្រសិទ្ធិភាពទប់ស្កាត់ដំណើរការបំបែកជាលិកាឆ្អឹង ប៉ុន្តែ វាមិនមែនជាឱសថដែលត្រូវបានប្រើជាញឹកញាប់នោះទេ។ ប្រសិទ្ធិភាពកាត់បន្ថយហានិភ័យនៃគ្រោះថ្នាក់បាក់ឆ្អឹងរបស់ឱសថនេះមានលក្ខណៈទាបជាងឱសថផ្សេងទៀត ប៉ុន្តែ ឱសថនេះមានប្រយោជន៍នៅក្នុងការបន្ធូរអាការៈឈឺចាប់ដោយសារការប្រេះឬបាក់ឆ្អឹងខ្នង។ ជាទូទៅ ឱសថCalcitoninត្រូវបានប្រើប្រាស់ក្នុងទម្រង់ជាថ្នាំបាញ់តាមច្រមុះ។ នៅពេលប្រើឱសថនេះ កម្រិតកាល់ស្យូមក្នុងឈាមអាចនឹងធ្លាក់ចុះ ដូច្នេះ គេត្រូវតាមដានកម្រិតកាល់ស្យូមក្នុងឈាមជាប្រចាំ។

    ការព្យាបាលដោយឱសថអរម៉ូន(ឧទាហរណ៍អរម៉ូនអេស្ត្រូជេន) មានប្រយោជន៍នៅក្នុងការរក្សាកំហាប់ឆ្អឹងសម្រាប់ស្ត្រី ដែលគេអាចប្រើប្រាស់នៅក្នុងការបង្ការនិងការព្យាបាលជំងឺពុកឆ្អឹងបាន។ វិធីព្យាបាលនេះមានប្រសិទ្ធិភាពល្អបំផុតនៅពេលចាប់ផ្ដើមអនុវត្តក្នុងអំឡុងពេល 6ឆ្នាំបន្ទាប់ពីស្ត្រីអស់រដូវ ប៉ុន្តែ ទោះចាប់ផ្ដើមក្រោយពេលនោះក៏ដោយ ក៏វាមានប្រសិទ្ធិភាពពន្យាល្បឿននាការថយចុះម៉ាសឆ្អឹងនិងកាត់បន្ថយហានិភ័យនៃការបាក់ឆ្អឹងផងដែរ។ ប៉ុន្តែ ចំពោះស្ត្រីស្ទើរតែទាំងអស់ ការព្យាបាលដោយអរម៉ូនបែបនេះផ្ដល់ហានិភ័យច្រើនជាងភាពអត្ថប្រយោជន៍ ដូច្នេះ ជាទូទៅ វាមិនមែនជាជម្រើសសម្រាប់ការព្យាបាលជំងឺពុកឆ្អឹងនោះទេ។

    ឱសថRaloxifene ជាឱសថដែលស្រដៀងនឹងអរម៉ូនអេស្ត្រូជេន ដោយប្រសិទ្ធិភាពបង្ការនិងព្យាបាលការថយចុះនៃម៉ាសឆ្អឹងមានកម្រិតមិនសូវខ្ពស់ដូចឱសថអរម៉ូនអេស្ត្រូជេននោះទេ ប៉ុន្តែ ផលរំខានពីឱសថអរម៉ូនអេស្ត្រូជេនមួយចំនួនអាចនឹងមិនមានកើតឡើងនៅពេលគេប្រើប្រាស់ឱសថRaloxifene។ ឱសថនេះត្រូវបានប្រើចំពោះអ្នកដែលមិនអាចឬមិនចង់ប្រើឱសថប្រភេទBisphosphonate។ ឱសថRaloxifene អាចកាត់បន្ថយហានិភ័យនៃគ្រោះថ្នាក់ប្រេះឬបាក់ឆ្អឹងខ្នង ហើយក៏អាចកាត់បន្ថយហានិភ័យនៃការកើតជំងឺមហារីកសុដន់ផងដែរ។

    ចំពោះអ្នកជំងឺពុកឆ្អឹងជាបុរស ការព្យាបាលដោយប្រើអរម៉ូនអេស្ត្រូជេនមិនមានអត្ថប្រយោជន៍នោះទេ។ ចំពោះអ្នកដែលមានកម្រិតអរម៉ូនតេស្តូស្តេរ៉ូនទាប អាចនឹងប្រើប្រាស់ការព្យាបាលដោយបំពេញបន្ថែមអរម៉ូនតេស្តូស្តេរ៉ូនក្នុងរាងកាយ។

    មានឱសថដែលជាប្រភេទអរម៉ូនប៉ារ៉ាទីរ៉ូអ៊ីតលក្ខណៈសំយោគ មានឈ្មោះថា ឱសថTeriparatide ដោយគេប្រើឱសថនេះដោយចាក់ក្នុងបរិមាណតិចជារៀងរាល់ថ្ងៃ។ ឱសថTeriparatide មានប្រសិទ្ធិភាពជម្រុញដំណើរការផលិតកោសិកាឆ្អឹងថ្មី ដើម្បីបង្កើនកំហាប់ឆ្នាំ និង កាត់បន្ថយគ្រោះថ្នាក់បាក់ឆ្អឹង។ វិធីព្យាបាលនេះត្រូវបានអនុវត្តចំពោះអ្នកជំងឺដែលស្ថិតក្នុងស្ថានភាពដូចខាងក្រោម៖

     ・អ្នកដែលពិនិត្យឃើញម៉ាសឆ្អឹងថយចុះខ្លាំងឬដែលបានប្រេះឬបាក់ឆ្អឹង ក្នុងអំឡុងពេលនៃការព្យាបាលដោយប្រើឱសថប្រភេទBisphosphonate

     ・អ្នកដែលមិនអាចប្រើប្រាស់ឱសថប្រភេទBisphosphonateបាន

     ・អ្នកដែលមានជំងឺពុកឆ្អឹងកម្រិតធ្ងន់ធ្ងរខ្លាំង ឬ អ្នកដែលមានការប្រេះឬបាក់ឆ្អឹងច្រើនកន្លែង(ជាពិសេសនៅឆ្អឹងខ្នង)

    ការព្យាបាលស្ថានភាពប្រេះឬបាក់ឆ្អឹង

    ការប្រេះឬបាក់ឆ្អឹងដោយសារជំងឺពុកឆ្អឹងចាំបាច់ត្រូវការការព្យាបាល។ ករណីបាក់នៅសន្លាក់ត្រគាក ជាទូទៅ គេអនុវត្តការវះកាត់ផ្លាស់ប្ដូរទៅជាសន្លាក់សិប្បនិម្មិតនៅផ្នែកមួយឬផ្នែកទាំងមូលនៃសន្លាក់ត្រគាកនោះ។ ករណីបាក់នៅកដៃ គេអាចធ្វើការវះកាត់ឬអបកន្លែងបាក់នោះអោយនៅនឹង។ ចំពោះអ្នកដែលកើតមានអាការៈឈឺចាប់ដោយសារការប្រេះឬបាក់ឆ្អឹងនៅឆ្អឹងខ្នងពីការប៉ះទង្គិច គេអាចប្រើឧបករណ៍ព័ទ្ធដងខ្លួនដើម្បីទ្រទ្រង់រាងកាយជាបណ្ដោះអាសន្នសិន។ ម្យ៉ាងទៀត គេអាចប្រើឱសថCalcitonin ដើម្បីកាត់បន្ថយអាការៈឈឺចាប់។

    ចំពោះករណីបាក់ឆ្អឹងដោយការប៉ះទង្គិច គេអាចជួសជុលតាមរយៈការវះកាត់ម្យ៉ាងហៅថា Vertebroplasty។ នៅក្នុងការវះកាត់នេះ គេនឹងចាក់សារធាតុMethyl methacrylateទៅក្នុងឆ្អឹងខ្នងដែលបែកខ្ទេច ដើម្បីកាត់បន្ថយអាការៈឈឺចាប់និងកាត់បន្ថយការប្រែប្រួលខុសទម្រង់នៃឆ្អឹង។ វិធីព្យាបាលដោយKyphoplastyក៏មានលក្ខណៈស្រដៀងនោះដែរ ប៉ុន្តែ ក្នុងKyphoplasty គេនឹងបញ្ចូលBalloonទៅក្នុងឆ្អឹងខ្នងមុននឹងចាក់សារធាតុMethyl methacrylate។ តាមវិធីខាងលើនេះ ផ្នែកនៃឆ្អឹងខ្នងដែលទទួលការចាក់សារធាតុMethyl methacrylateនឹងអាចកាត់បន្ថយការខូចទ្រង់ទ្រាយឆ្អឹង ប៉ុន្តែ វាមិនអាចកាត់បន្ថយហានិភ័យនៃការបាក់ឆ្អឹងរបស់ឆ្អឹងខ្នងដែលនៅជិតនោះឬឆ្អឹងជំនីរនោះទេ ហើយអាចមានករណីដេលវាធ្វើអោយហានិភ័យនៃការបាក់ឆ្អឹងនៅទីនោះកើនឡើងទៅវិញ។ ហានិភ័យពីការព្យាបាលដូចខាងលើ រួមមាន ការប្រេះឬបាក់ឆ្អឹងជំនីរ ការជ្រាបចេញនៃសារធាតុMethyl methacrylate ផលប៉ះពាល់ទៅលើបេះដូងឬសួត ជាដើម។ គេមិនអាចកំណត់ថាតើពេលណាឬស្ថានភាពណាដែលអ្នកជំងឺគួរទទួលការវះកាត់ទាំងនេះនោះទេ។

    អានបន្ថែម