Hypertension (ជំងឺលើសសម្ពាធឈាម)

    • លក្ខណៈទូទៅ
    • មូលហេតុ
    • បំណែងចែកប្រភេទ
    • រោគសញ្ញា
    • រោគវិនិច្ឆ័យ
    • ការវិវត្តនៃជំងឺ
    • ការព្យាបាល
  • លក្ខណៈទូទៅ

    ជំងឺលើសសម្ពាធឈាម(Hypertension) ជាស្ថានភាពដែលសម្ពាធនៅក្នុងសរសៃឈាមនៃរាងកាយកើនឡើងខ្ពស់។

    ・ភាគច្រើន ជំងឺលើសសម្ពាធឈាមមិនមានមូលហេតុច្បាស់លាស់នោះទេ ប៉ុន្តែ ក៏មានករណីដែលវាកើតឡើងដោយសារជំងឺផ្សេងទៀតដូចជាជំងឺទាក់ទងនឹងតម្រងនោមឬទាក់ទងនឹងក្រពេញបញ្ចេញក្នុង។

    ・ការធាត់លើសទម្ងន់ ទម្លាប់រស់នៅដែលមិនសូវធ្វើចលនារាងកាយ ភាពតានតឹងក្នុងអារម្មណ៍(ស្ត្រេស) ការជក់បារី ការពិសាគ្រឿងស្រវឹងច្រើនហួសហេតុ ការបរិភោគជាតិអំបិលច្រើនពេក ជាដើម ជាកត្តាដែលគេចាត់ទុកថាមានទំនាក់ទំនងទៅនឹងការកើតជំងឺលើសសម្ពាធឈាមនៃអ្នកដែលមានសែនងាយកើតជំងឺលើសសម្ពាធឈាម(តំណពូជ)។

    ・ករណីភាគច្រើន ជំងឺលើសសម្ពាធឈាមមិនបង្ហាញជារោគសញ្ញានោះទេ។

    ・ការធ្វើរោគវិនិច្ឆ័យច្រើនធ្វើឡើងក្រោយការវាស់សម្ពាធឈាមចាប់ពី2ដងឡើងទៅ។

    ・អ្នកជំងឺលើសសម្ពាធឈាមគួរខិតខំបញ្ចុះទម្ងន់ ឈប់ជក់បារី កាត់បន្ថយការបរិភោគសារធាតុសូដ្យូម(មានក្នុងអំបិល)និងខ្លាញ់។

    ・អ្នកជំងឺអាចប្រើឱសថដើម្បីគ្រប់គ្រងសម្ពាធឈាម។

    ដោយសារពាក្យជាភាសាអង់គ្លេសនៃជំងឺលើសសម្ពាធឈាមគឺHypertension ផ្សំឡើងពីពាក្យថា Hyper=ខ្ពស់ និង tension=អារម្មណ៍តានតឹង មានមនុស្សមួយចំនួនដែលយល់ច្រឡំថាជំងឺលើសសម្ពាធឈាមកើតឡើងដោយសារអារម្មណ៍តានតឹង ក្ដីថប់បារម្ភ ជាដើម ប៉ុន្តែ តាមពិតទៅពាក្យថា Hypertension ក្នុងវេជ្ជសាស្ត្រ គឺសំដៅលើស្ថានភាពកើនឡើងខ្ពស់នៃសម្ពាធឈាម ទោះជាដោយមូលហេតុណាក៏ដោយ ដែលគេហៅថាជំងឺលើសសម្ពាធឈាម។ អ្នកដែលមានជំងឺលើសសម្ពាធឈាម ភាគច្រើននឹងមិនបង្ហាញរោគសញ្ញាអ្វីទាំងអស់រយៈពេលជាច្រើនឆ្នាំ មុននឹងជំងឺនេះចាប់ផ្ដើមបង្កផលប៉ះពាល់ដល់សរីរាង្គផ្សេងៗក្នុងរាងកាយ ដោយជំងឺត្រូវបានគេហៅថាឃាតករលាក់មុខ (Silent killer)។ ប្រសិនបើគេមិនគ្រប់គ្រងសម្ពាធឈាមមកត្រឹមកម្រិតប្រក្រតីទេ អ្នកជំងឺអាចនឹងប្រឈមមុខនឹងការកើតជំងឺស្ទះឬដាច់សរសៃឈាមក្នុងខួរក្បាល(Stroke) ជំងឺប៉ោងសរសៃអាកទែ(Aneurysm) ជំងឺខ្សោយមុខងារបេះដូង (Heart failure) ជំងឺគាំងបេះដូង ជំងឺតម្រងនោម ជាដើម។

    អ្នកជំនាញមួយចំនួនបានផ្សារភ្ជាប់ទំនាក់ទំនងរវាងវ័យចាស់ទៅនឹងជំងឺលើសសម្ពាធឈាម ដោយបញ្ជាក់ទ្រឹស្ដីថា នៅពេលមនុស្សកាន់តែចាស់ សរសៃឈាមអាកទែធំៗនឹងកាន់តែរឹងបន្តិចម្ដងៗ ហើយនឹងកើតមានការស្ទះនៅតាមសរសៃអាកទែតូចៗមួយចំនួន ហើយកត្តាទាំងនេះហើយដែលធ្វើអោយសម្ពាធឈាមចាប់ផ្ដើមកើនឡើងខ្ពស់។

    នៅពេលវាស់សម្ពាធឈាម គេនឹងឃើញមានតួលេខចំនួន2។ តួលេខដែលខ្ពស់បង្ហាញអំពីស្ថានភាពនៃសម្ពាធឈាមអតិបរមានៅក្នុងសរសៃឈាមអាកទែ ដោយសម្ពាធឈាមនេះកើតឡើងនៅក្នុងដំណាក់កាលកន្ត្រាក់របស់បេះដូង។ តួលេខដែលទាបបង្ហាញអំពីស្ថានភាពនៃសម្ពាធឈាមអប្បបរមានៅក្នុងសរសៃឈាមអាកទែ ដោយវាកើតឡើងនៅក្នុងដំណាក់កាលបន្ធូរការកន្ត្រាក់របស់បេះដូង។ លទ្ធផលនៃការវាស់សម្ពាធឈាមនឹងបង្ហាញជា [សម្ពាធឈាមដំណាក់កាលកន្ត្រាក់/សម្ពាធឈាមដំណាក់កាលបន្ធូរការកន្ត្រាក់]។

    ជំងឺលើសសម្ពាធឈាមត្រូវបានអោយនិយមន័យថាជាស្ថានភាពដែលលទ្ធផលវាស់សម្ពាធឈាមនៅពេលអ្នកជំងឺនៅស្ងៀមបង្ហាញថាសម្ពាធឈាមពេលបេះដូងកន្ត្រាក់មានកម្រិតចាប់ពី140mmHgឡើងទៅ ឬ សម្ពាធឈាមពេលបេះដូងបន្ធូរការកន្ត្រាក់មានកម្រិតចាប់ពី90mmHgឡើងទៅ ឬ អ្នកជំងឺមានល័ក្ខខ័ណ្ឌទាំង2នេះ។ ប៉ុន្តែ ទោះជាលទ្ធផលវាស់ត្រូវបានចាត់ចូលក្នុងកម្រិតប្រក្រតីក៏ដោយ ការដែលមានសម្ពាធឈាមខ្ពស់ អាចបង្កើនហានិភ័យនៃការកើតជំងឺផ្សេងៗបាន ដូច្នេះ តួលេខកំណត់ខាងលើគ្រាន់តែជាតួលេខប្រហែលប៉ុណ្ណោះ។ មនុស្សវ័យក្មេងដែលមានជំងឺលើសសម្ពាធឈាម ភាគច្រើនទាំងសម្ពាធឈាមពេលបេះដូងកន្ត្រាក់ទាំងសម្ពាធឈាមពេលបេះដូងបន្ធូរការកន្ត្រាក់គឺមានកម្រិតខ្ពស់ទាំងអស់។ ផ្ទុយទៅវិញ មនុស្សចាស់ភាគច្រើន សម្ពាធឈាមពេលបេះដូងបន្ធូរការកន្ត្រាក់អាចស្ថិតក្នុងកម្រិតប្រក្រតី(ក្រោម90mmHg)ឬទាប ប៉ុន្តែ សម្ពាធឈាមពេលបេះដូងកន្ត្រាក់ឡើងខ្ពស់ចាប់ពី140mmHgឡើងទៅ ដោយគេហៅជំងឺលើសសម្ពាធឈាមបែបនេះថា Isolated systolic hypertension។

    ជំងឺលើសសម្ពាធឈាមប្រភេទHypertensive urgency គឺជាស្ថានភាពដែលសម្ពាធឈាមមានកម្រិតលើសពី180/120mg ប៉ុន្តែ អ្នកជំងឺមិនមានរោគសញ្ញាអ្វីទាំងអស់ ហើយវេជ្ជបណ្ឌិតក៏មិនពិនិត្យឃើញមានការខូតខាតនៅសរីរាង្គនៅក្នុងរាងកាយនោះដែរ។

    ជំងឺលើសសម្ពាធឈាមប្រភេទHypertensive emergency គឺជាជំងឺលើសសម្ពាធឈាមកម្រិតធ្ងន់ធ្ងរខ្លាំង ដោយសម្ពាធឈាមមានកម្រិតលើសពី180/120mg ហើយសរីរាង្គមួយចំនួនដូចជាខួរក្បាល បេះដូង តម្រងនោមជាដើមបាននិងកំពុងទទួលផលប៉ះពាល់និងបង្ហាញរោគសញ្ញាផ្សេងៗ។ ជំងឺលើសសម្ពាធឈាមប្រភេទនេះកម្រកើតមាន ដោយគេសង្កេតឃើញអ្នកជំងឺភាគច្រើនជាជនជាតិស្បែកខ្មៅជាជាងជនជាតិស្បែកស និងជាបុរសច្រើនជាងស្ត្រី។ ប្រសិនបើគេមិនព្យាបាលHypertensive emergency អោយទាន់ពេលវេលាទេ នោះអ្នកជំងឺនឹងអាចមានគ្រោះថ្នាក់ដល់ជីវិត។

    ប្រព័ន្ធគ្រប់គ្រងសម្ពាធឈាមនៃរាងកាយ

    នៅក្នុងរាងកាយមានដំណើរការជាច្រើនដែលគ្រប់គ្រងភាពប្រក្រតីនៃសម្ពាធឈាម ដោយរាងកាយមានលទ្ធភាពអាចសម្រួលនូវស្ថានភាពមួយចំនួនដូចខាងក្រោម៖

    - បរិមាណឈាមដែលបញ្ជូនចេញពីបេះដូង

    - មុខកាត់(ទំហំ)របស់សរសៃឈាមអាកទែ

    - បរិមាណឈាមដែលកំពុងរត់ជាចរន្តនៅក្នុងរាងកាយ។

    ដើម្បីបង្កើនសម្ពាធឈាម បេះដូងចាប់ផ្ដើមកន្ត្រាក់កាន់តែខ្លាំងនិងកាន់តែញាប់ ដើម្បីច្របាច់ចេញនូវឈាមក្នុងបរិមាណកាន់តែច្រើន។ នៅពេលដែលសរសៃឈាមអាកទែតូចៗកាន់តែរួមតូច ឈាមដែលបញ្ជូនចេញពីបេះដូងត្រូវឆ្លងកាត់សរសៃឈាមទាំងនោះដែលមានទំហំចង្អៀតជាងមុន។ ដោយសារមុខកាត់សរសៃឈាមរួមតូច ទោះជាបរិមាណឈាមឆ្លងកាត់មានកម្រិតដូចធម្មតា ប៉ុន្តែ សម្ពាធឈាមនៅទីនោះនឹងកើនឡើង។ ម្យ៉ាងទៀត នៅពេលសរសៃឈាមវ៉ែនកន្ត្រាក់ធ្វើអោយបរិមាណឈាមឆ្លងកាត់សរសៃឈាមថយចុះ ដោយរុញទៅផ្ដុំគ្នានៅក្នុងសរសៃអាកទែវិញ។ ជាលទ្ធផល សម្ពាធឈាមក្នុងរាងកាយទាំងមូលនឹងកើនឡើង។ លើសពីនេះទៅទៀត នៅពេលសារធាតុរាវផ្សេងៗក្នុងរាងកាយហូរចូលក្នុងសរសៃឈាម នោះបរិមាណឈាមនឹងកើនឡើង ហើយសម្ពាធឈាមក៏កើនឡើងទៅតាមនោះដែរ។

    ផ្ទុយទៅវិញ នៅពេលដែលបេះដូងកន្ត្រាក់ខ្សោយឬយឺតជាងមុន ឬក៏ សរសៃឈាមអាកទែឬសរសៃវ៉ែនរីកធំជាងធម្មតា ឬ សារធាតុរាវជ្រាបចេញពីចរន្តឈាម វាធ្វើអោយសម្ពាធឈាមនៃរាងកាយថយចុះ។

    ផ្នែកនៃរាងកាយដែលមានតួនាទីសម្រួលការឡើងចុះនៃសម្ពាធឈាមក្នុងរាងកាយទាំងមូលបែបនេះ គឺប្រព័ន្ធស៊ីមប៉ាទិច(Sympathetic nervous system)និងតម្រងនោម។ នៅពេលដែលរាងកាយស្ថិតក្នុងស្ថានភាពត្រូវប្រុងប្រៀបតតាំងឬរត់(Fight-or-flight) ប្រព័ន្ធស៊ីមប៉ាទិច(Sympathetic nervous system)នឹងដំណើរការធ្វើអោយសម្ពាធឈាមកើនឡើងបណ្ដោះអាសន្ន។ សរសៃប្រសាទស៊ីមប៉ាទិចនឹងទៅភ្ញោចក្រពេញអាដ្រេណាល់ (Adrenal gland) ដើម្បីបញ្ចេញអរម៉ូនអាដ្រេណាលីន(Adrenaline) និង ន័រអាដ្រេណាលីន(Noradrenaline)។ អរម៉ូនទាំងនេះនឹងទៅភ្ញោចបេះដូងដើម្បីបង្កើនការកន្ត្រាក់នៃបេះដូងអោយកាន់តែខ្លាំងនិងញាប់ ព្រមទាំងធ្វើអោយសរសៃឈាមអាកទែស្ទើរគ្រប់ផ្នែកកន្ត្រាក់រួមតូច ប៉ុន្តែ ធ្វើអោយសរសៃអាកទែមួយចំនួនរីកធំ។ សរសៃអាកទែដែលរីកធំ ជាសរសៃឈាមដែលស្ថិតនៅផ្នែកដែលត្រូវផ្គត់ផ្គង់ឈាមច្រើនដល់សាច់ដុំដើម្បីកម្រើកធ្វើចលនាទៅតាមបំណង។ ម្យ៉ាងទៀត សរសៃប្រសាទស៊ីមប៉ាទិចនឹងភ្ញោចតម្រងនោមដើម្បីកាត់បន្ថយការបញ្ចេញចោលនូវសារធាតុសូដ្យូម(Na)និងទឹក ធ្វើអោយបរិមាណឈាមក្នុងរាងកាយកើនឡើង។

    តម្រងនោមក៏មានលទ្ធភាពប្រតិកម្មដោយផ្ទាល់ទៅនឹងបម្រែបម្រួលនៃសម្ពាធឈាមផងដែរ។ នៅពេលសម្ពាធឈាមកើនឡើង តម្រងនោមនឹងបង្កើនការបញ្ចេញចោលនូវសារធាតុសូដ្យូម(Na)និងទឹក ដើម្បីកាត់បន្ថយបរិមាណឈាមក្នុងរាងកាយ ធ្វើអោយសម្ពាធឈាមត្រឡប់មកធម្មតាវិញ។ ផ្ទុយទៅវិញ នៅពេលសម្ពាធឈាមចុះទាប ការបញ្ចេញចោលនូវសារធាតុសូដ្យូម(Na)និងទឹកនៅក្នុងតម្រងនោមនឹងថយចុះ ហើយបរិមាណឈាមក្នុងរាងកាយកើនឡើង ក៏ដូចជាសម្ពាធឈាមកើនឡើងមកធម្មតាវិញផងដែរ។ បន្ថែមពីនេះ តម្រងនោមអាចបញ្ចេញនូវអង់ស៊ីមរេនីន(Renin) ដែលនឹងធ្វើអោយអរម៉ូនម្យ៉ាងឈ្មោះថា អាន់ជីអូថេនស៊ីនII (Angiotensin II)កើនឡើង ដោយអរម៉ូននេះមានសកម្មភាពបង្កើនកម្រិតនៃសម្ពាធឈាមក្នុងរាងកាយ។ សកម្មភាពនៃ Angiotensin II គឺ វានឹងទៅភ្ញោចស៊ីមប៉ាទិច ធ្វើអោយសរសៃឈាមអាកទែតូចៗរួមតូច ហើយវានឹងភ្ញោចការបញ្ចេញអរម៉ូន2ប្រភេទផ្សេងទៀតគឺអាល់ដូស្តេរ៉ូន(Aldosterone)និងវ៉ាសូប្រេស៊ីន(Vasopressin)ដែលសុទ្ធសឹងមានសកម្មភាពបង្កើនសម្ពាធឈាមក្នុងរាងកាយ។ ជាទូទៅ តម្រងនោមក៏បញ្ចេញនូវសារធាតុដែលមានតួនាទីពង្រីកសរសៃអាកទែតូចៗក្នុងតម្រងនោមផ្ទាល់ផងដែរ។ សារធាតុទាំងនេះនឹងចូលរួមនៅក្នុងការគ្រប់គ្រងសម្ពាធឈាមដោយសម្រួលមុខងាររបស់អរម៉ូនដែលធ្វើអោយសរសៃអាកទែកន្ត្រាក់រួមតូច។

    ជាធម្មតា នៅពេលរាងកាយមានការប្រែប្រួលអ្វីមួយ (ឧទាហរណ៍ នៅពេលធ្វើលំហាត់ប្រាណខ្លាំងក្លាឬរំជួលអារម្មណ៍ជាដើម) សម្ពាធឈាមនឹងកើនឡើងជាបណ្ដោះអាសន្ន ហើយប្រព័ន្ធដែលបញ្ចុះសម្ពាធឈាមណាមួយក៏នឹងចាប់ផ្ដើមដំណើរការផងដែរ។ ឧទាហរណ៍ នៅពេលដែលបរិមាណឈាមដែលច្របាច់ចេញពីបេះដូងកើនឡើងធ្វើអោយសម្ពាធឈាមឡើងខ្ពស់ នោះសរសៃឈាមចាប់ផ្ដើមរីកធំ ហើយតម្រងនោមនឹងបង្កើនការបញ្ចេញចោលនូវសារធាតុសូដ្យូមនិងទឹកទៅតាមទឹកនោម ជាលទ្ធផល សម្ពាធឈាមក៏ចុះទាបមកវិញ។

    ការគ្រប់គ្រងសម្ពាធឈាដោយប្រព័ន្ធរេនីន-អាន់ជីអូថេនស៊ីន-អាល់ដូស្តេរ៉ូន

    (សូមមើលក្នុងរូបភាព)

    ① ប្រសិនបើសម្ពាធឈាមពេលបេះដូងកន្ត្រាក់(Systolic blood pressure)ធ្លាក់ចុះទាបជាង100mmHg តម្រងនោមនឹងបញ្ចេញអង់ស៊ីមម្យ៉ាងឈ្មោះថារេនីន(Renin) ទៅក្នុងចរន្តឈាម។

    ② រេនីននឹងទៅបំលែងសារធាតុម្យ៉ាងហៅថាAngiotensinogenដែលស្ថិតក្នុងឈាមទៅជាសារធាតុAngiotensin I វិញ។

    ③ សារធាតុAngiotensin I នឹងត្រូវបំលែងបន្តទៀតដោយអង់ស៊ីមACE ទៅជាសារធាតុAngiotensin II។

    ④ Angiotensin II ចូលទៅក្នុងសាច់ដុំដើម្បីធ្វើអោយសរសៃឈាមអាកទែតូចៗនៅទីនោះកន្ត្រាក់រួមតួច និង សម្ពាធឈាមកើនឡើង។ ម្យ៉ាងទៀត Angiotensin II ចូលទៅក្នុងក្រពេញអាដ្រេណាល់(Adrenal gland) ដើម្បីភ្ញោចក្រពេញនេះអោយបញ្ចេញអរម៉ូនអាល់ដូស្តេរ៉ូន(Aldosterone) ហើយចូលទៅភ្ញោចក្រពេញPituitary glandនៃខួរក្បាលដើម្បីបញ្ចេញអរម៉ូនវ៉ាសូប្រេស៊ីន(Vasopressin)។

    ⑤ ដោយសារសកម្មភាពនៃអរម៉ូនអាល់ដូស្តេរ៉ូន(Aldosterone) និងអរម៉ូនវ៉ាសូប្រេស៊ីន(Vasopressin) តម្រងនោមចាប់ផ្ដើមបង្កើនការរក្សាទុកសារធាតុសូដ្យូម(អំបិល)នៅក្នុងរាងកាយកាន់តែច្រើន។ ការកើនឡើងនៃសូដ្យូមនៅក្នុងរាងកាយធ្វើអោយការស្តុកជាតិទឹកក្នុងខ្លួនកើនឡើង ក៏ដូចជាបរិមាណឈាមកើនឡើង ដូច្នេះ សម្ពាធឈាមក៏កើនឡើងទៅតាមនោះផងដែរ។

    បម្រែបម្រួលឡើងចុះនៃសម្ពាធឈាម

    សម្ពាធឈាមតែងតែប្រែប្រួលនៅក្នុងជីវិតរស់នៅរបស់មនុស្ស។ សម្ពាធឈាមធម្មតារបស់ទារកនិងកុមារតែងតែទាបជាងសម្ពាធឈាមរបស់មនុស្សពេញវ័យច្រើន។ ប្រជាជនដែលរស់នៅប្រទេសអភិវឌ្ឍដូចជាសហរដ្ឋអាមេរិចជាដើម នៅពេលវ័យកាន់តែចាស់ សម្ពាធឈាមក៏កាន់តែខ្ពស់ឡើង។ សម្ពាធឈាមពេលបេះដូងកន្ត្រាក់ (Systolic blood pressure) នឹងបន្តកើនឡើងរហូតដល់អាយុយ៉ាងហោចណាស់80ឆ្នាំ ហើយសម្ពាធឈាមពេលបេះដូងបន្ធូរការកន្ត្រាក់ (Diastolic blood pressure)នឹងបន្តកើនឡើងរហូតដល់អាយុ55~60ឆ្នាំ ហើយបន្ទាប់ពីនោះ សម្ពាធឈាមនឹងមានលក្ខណៈថេរឬអាចធ្លាក់ចុះមកវិញ។ ប៉ុន្តែ ប្រជាជនដែលរស់នៅក្នុងប្រទេសកំពុងអភិវឌ្ឍមួយចំនួន គេមិនសង្កេតឃើញមានការកើនឡើងសម្ពាធឈាមទៅតាមអាយុនោះទេ ហើយអត្រាអ្នកកើតជំងឺលើសសម្ពាធឈាមក៏ទាបជាង ដោយនេះប្រហែលមកពីការបរិភោគសារធាតុសូដ្យូម(អំបិល)តិចនិងការធ្វើចលនារាងកាយរបស់ប្រជាជនទាំងនោះមានច្រើន។

    សម្ពាធឈាមប្រែប្រួលជាបណ្ដោះអាសន្នទៅតាមការធ្វើលំហាត់ប្រាណ។ នៅពេលកំពុងធ្វើលំហាត់ប្រាណ សម្ពាធឈាមកើនឡើង ហើយនៅពេលរាងកាយសម្រាក សម្ពាធឈាមនឹងធ្លាក់ចុះមកវិញ។ ម្យ៉ាងទៀត សម្ពាធឈាមក៏ប្រែប្រួលផងដែរទៅតាមពេលវេលាក្នុង1ថ្ងៃ ដោយសម្ពាធឈាមនៅពេលព្រឹកមានកម្រិតខ្ពស់ជាងគេ ហើយសម្ពាធឈាមនៅពេលកំពុងគេងមានកម្រិតទាបជាងគេ។ នេះជាបម្រែបម្រួលជាប្រក្រតី។

    អានបន្ថែម
  • មូលហេតុ

    ជំងឺលើសសម្ពាធឈាមបែងចែកជា ជំងឺលើសសម្ពាធឈាមដែលគ្មានជំងឺផ្សេងជាដើមហេតុ (Primary hypertension) និង ជំងឺលើសសម្ពាធឈាមដែលបណ្ដាលមកពីជំងឺផ្សេងទៀត (Secondary hypertension)។

    ជំងឺលើសសម្ពាធឈាមដែលគ្មានជំងឺផ្សេងជាដើមហេតុ (Primary hypertension)

    ជាជំងឺលើសសម្ពាធឈាមដែលគ្មានមូលហេតុច្បាស់លាស់ (អាចហៅម្យ៉ាងទៀតថា Essential hypertension)។ ជំងឺលើសសម្ពាធឈាម85~95%ស្ថិតនៅក្នុងប្រភេទនេះ ដោយការលើសសម្ពាធឈាមមិនមានមូលហេតុច្បាស់លាស់នោះទេ ប៉ុន្តែ គេប៉ាន់ស្មានថាវាកើតឡើងដោយសារការបញ្ចូលគ្នានៃបម្រែបម្រួលដែលកើតឡើងចំពោះសរីរាង្គបេះដូងនិងសរសៃឈាម។ ឧទាហរណ៍ វាអាចកើតឡើងដោយសារបរិមាណឈាមដែលបេះដូងច្របាច់ចេញក្នុង1នាទីកើនឡើង ឬ អាចដោយសារសរសៃឈាមកន្ត្រាក់រួមតូច ឬ ដោយសារបរិមាណឈាមក្នុងរាងកាយទាំងមូលកើនឡើង ជាដើម។ មូលហេតុដែលបង្កអោយមានការប្រែប្រួលបែបនេះនៅមិនទាន់ដឹងច្បាស់នៅឡើយទេ ប៉ុន្តែ ក៏មានទ្រឹស្ដីដែលបញ្ជាក់ថាសែន(តំណពូជ)អាចជាកត្តាដែលមានឥទ្ធិពលទៅលើសរសៃឈាមអាកទែតូចៗដែលគ្រប់គ្រងការឡើងចុះនៃសម្ពាធឈាម។ ក្រៅពីនេះ ការកើនឡើងនៃសម្ពាធឈាមអាចបណ្ដាលមកពីការប្រមូលផ្ដុំនៃសារធាតុសូដ្យូម(Na)ច្រើនក្នុងរាងកាយ ឬ ការថយចុះនៃការផលិតសារធាតុដែលមានសកម្មភាពបន្ធូរការកន្ត្រាក់រួមតួចរបស់សរសៃអាកទែតូចៗ។

    ជំងឺលើសសម្ពាធឈាមដែលបណ្ដាលមកពីជំងឺផ្សេងទៀត (Secondary hypertension)

    ជាជំងឺលើសសម្ពាធឈាមដែលកើតឡើងដោយសារមូលហេតុច្បាស់លាស់។ ប្រភេទនេះមាន5~15%ក្នុងចំណោមជំងឺលើសសម្ពាធឈាមទាំងអស់។ មូលហេតុភាគច្រើនគឺបណ្ដាលមកពីបញ្ហាតម្រងនោម។ តម្រងនោមជាសរីរាង្គដ៏សំខាន់មួយក្នុងការសម្រួលការប្រែប្រួលនៃសម្ពាធឈាម ដូច្នេះ ការដែលមានជំងឺតម្រងនោម ភាគច្រើននឹងបង្កទៅជាសម្ពាធឈាមកើនឡើងខ្ពស់។ ឧទាហរណ៍ ប្រសិនបើតម្រងនោមទទួលរងការខូចខាតដោយការរលាកឬជំងឺផ្សេងៗទៀត វានឹងបាត់បង់សមត្ថភាពបញ្ចេញចោលនូវសារធាតុសូដ្យូម(Na)និងទឹកដែលលើសចេញពីក្នុងរាងកាយ ហើយបរិមាណឈាមក៏ដូចជាសម្ពាធឈាមនឹងកើនឡើង។ មូលហេតុផ្សេងក្រៅពីជំងឺតម្រងនោមដែលបង្កអោយលើសសម្ពាធឈាម រួមមាន ជំងឺរឹងសរសៃឈាមអាកទែ(Arteriosclerosis) របួសប៉ះពាល់ដល់តម្រងនោម បញ្ហាស្ទះសរសៃឈាមអាកទែក្នុងតម្រងនោមដោយសារជំងឺផ្សេងទៀត ជាដើម។

    ម្យ៉ាងទៀត មានករណីដែលជំងឺទាក់ទងនឹងក្រពេញបញ្ចេញក្នុងឬការប្រើប្រាស់ឱសថមួយចំនួនដូចជាឱសថពន្យារកំណើតជាដើម អាចក្លាយជាមូលហេតុនៃជំងឺលើសសម្ពាធឈាមផងដែរ។ ជំងឺទាក់ទងនឹងក្រពេញបញ្ចេញក្នុងទាំងនោះរួមមាន ជំងឺអាល់ដូស្តេរ៉ូន(Aldosteronism)(ដែលជាស្ថានភាពនៃការបញ្ចេញអរម៉ូនអាល់ដូស្តេរ៉ូនច្រើនហួសហេតុដោយភាគច្រើនបណ្ដាលមកពីការដុះដុំសាច់ប្រភេទស្លូតនៅក្រពេញអាដ្រេណាល់) បណ្ដុំរោគសញ្ញាឃូសស៊ីង(Cushing's syndrome)(ជាស្ថានភាពនៃការកើនឡើងកម្រិតអរម៉ូនគ័រទីហ្សូល(Cortisol)ក្នុងឈាមច្រើន) ជំងឺកើនឡើងមុខងារក្រពេញទីរ៉ូអ៊ីត ជំងឺមហារីកPheochromocytoma(មហារីកដែលកើតមាននៅក្រពេញអាដ្រេណាល់ដោយបង្កើនការបញ្ចេញអរម៉ូនអាដ្រេណាលីននិងន័រអាដ្រេណាលីន) ជាដើម។

    ជំងឺរឹងសរសៃឈាមអាកទែ(Arteriosclerosis) បង្កការលំបាកនៅក្នុងការគ្រប់គ្រងសម្ពាធឈាមនៃរាងកាយ ដោយសារ សរសៃឈាមអាកទែដែលប្រែទៅជារឹងពិបាកនឹងរីកធំដើម្បីបញ្ចុះសម្ពាធឈាម នៅពេលសម្ពាធឈាមចាប់ផ្ដើមកើនឡើងខុសប្រក្រតី។

    កត្តាធ្វើអោយសម្ពាធឈាមកាន់តែពិបាកគ្រប់គ្រង

    ភាពធាត់លើសទម្ងន់ ទម្លាប់រស់នៅដែលមិនសូវធ្វើចលនារាងកាយ អារម្មណ៍តានតឹង ការជក់បារី ការពិសាគ្រឿងស្រវឹងច្រើនហួសហេតុ ការបរិភោគអាហារដែលមានជាតិអំបិលច្រើន ជាដើម សុទ្ធសឹងជាកត្តាដែលធ្វើអោយអ្នកដែលងាយកើតជំងឺលើសសម្ពាធឈាមដោយសារតំណពូជកើតជំងឺនេះយ៉ាងឆាប់រហ័ស។ ម្យ៉ាងទៀត ជំងឺគេងមិនដកដង្ហើមម្ដងៗ(Sleep apnea syndrome)ក៏អាចជាមូលហេតុធ្វើអោយកើតឬធ្វើអោយជំងឺលើសសម្ពាធឈាមកាន់តែអាក្រក់ផងដែរ។

    អារម្មណ៍តានតឹង(Stress)ធ្វើអោយសម្ពាធឈាមកើនឡើងជាបណ្ដោះអាសន្ន ប៉ុន្តែ នៅពេលបាត់អារម្មណ៍តានតឹង សម្ពាធឈាមក៏វិលត្រឡប់មកធម្មតាវិញ។ ឧទាហរណ៍ ជំងឺលើសសម្ពាធឈាមដែលគនិយមហៅថាWhite-coat hypertension គឺជាស្ថានភាពដែលអ្នកជំងឺមានសម្ពាធឈាមប្រក្រតីនៅពេលធម្មតា ប៉ុន្តែ ដោយសារអារម្មណ៍តានតឹងនៅពេលមកដល់មន្ទីរពេទ្យ សម្ពាធឈាមរបស់គាត់មានការកើនឡើងដល់កម្រិតដែលវិនិច្ឆ័យថាជាជំងឺលើសសម្ពាធឈាម។

    សង្ខេបមូលហេតុសំខាន់ៗនៃជំងឺលើសសម្ពាធឈាមដែលបណ្ដាលមកពីជំងឺផ្សេងទៀត (Secondary hypertension)

    ជំងឺតម្រងនោម

    ・ជំងឺត្បៀតសរសៃឈាមអាកទែក្នុងតម្រងនោម (Renal artery stenosis)

    ・ជំងឺរលាកតម្រងនោមប្រភេទPyelonephritis

    ・ជំងឺរលាកតម្រងនោមប្រភេទGlomerulonephritis

    ・ជំងឺមហារីកក្នុងតម្រងនោម

    ・ជំងឺកើតពងខ្ទុះច្រើនក្នុងតម្រងនោម (Polycystic kidney disease, PKD) (ជាទូទៅជាជំងឺតំណពូជ)

    ・ការប៉ះទង្គិចប៉ះពាល់ដល់តម្រងនោម

    ・ការព្យាបាលដោយប្រើវិទ្យុសកម្មដែលប៉ះពាល់ដល់តម្រងនោម

    ជំងឺទាក់ទងនឹងក្រពេញបញ្ចេញក្នុង

    ・ជំងឺកើនឡើងមុខងារក្រពេញទីរ៉ូអ៊ីត (Hyperthyroidism)

    ・រោគសញ្ញាអាល់ដូស្តេរ៉ូន (Aldosteronism)

    ・បណ្ដុំរោគសញ្ញាឃូសស៊ីង(Cushing's syndrome)

    ・ជំងឺមហារីកPheochromocytoma

    ・ជំងឺរាងកាយរីកលូតលាស់ធំខុសប្រក្រតី (Acromegaly)

    ជំងឺផ្សេងៗទៀត

    ・ជំងឺសរសៃឈាមអាកទែធំរួមតូចចង្អៀត (Coarctation of the aorta, CoA)

    ・ជំងឺរឹងសរសៃឈាមអាកទែ(Arteriosclerosis)

    ・បញ្ហាតម្រងនោមដោយសារការកើនឡើងសម្ពាធឈាមក្នុងអំឡុងពេលមានផ្ទៃពោះ (Preeclampsia)

    ・ជំងឺព័រហ្វីរៀ (Acute intermittent porphyria)

    ・ការពុលសារធាតុសំណលក្ខណៈស្រួចស្រាវ (Acute lead poisoning)

    ឱសថ

    ・ឱសថបំបាត់អាការៈរលាកប្រភេទស្តេរ៉ូអ៊ីត (NSAIDs)

    ・ឱសថលេបពន្យារកំណើត

    ・ឱសថប្រភេទស្តេរ៉ូអ៊ីត (Steroids)

    ・ឱសថCiclospolin

    ・ឱសថErythropoietin

    ・ឱសថCocaine

    ・គ្រឿងស្រវឹង (បរិមាណច្រើនហួសហេតុ)

    ・ឱសថរុក្ខជាតិ Licorice root (បរិមាណច្រើនហួសហេតុ)។

    អានបន្ថែម
  • បំណែងចែកប្រភេទ

    ប្រភេទនៃជំងឺលើសសម្ពាធឈាមត្រូវបានបែងចែកទៅតាមកម្រិត ហើយការព្យាបាលត្រូវផ្អែកទៅលើកម្រិតទាំងនោះ។ ប្រសិនបើសម្ពាធឈាមពេលបេះដូងកន្ត្រាក់(Systolic blood pressure) និង សម្ពាធឈាមពេលបេះដូងបន្ធូរការកន្ត្រាក់ (Diastolic blood pressure) ស្ថិតក្នុងក្រុមខុសគ្នា គេកំណត់យកកម្រិតដែលធ្ងន់ជាង។ ឧទាហរណ៍ សម្ពាធឈាម 150/88mmHg ជាជំងឺលើសសម្ពាធឈាមកម្រិតទី1 ហើយសម្ពាធឈាម150/105mmHg ជាជំងឺលើសសម្ពាធឈាមកម្រិតទី2។

    កម្រិតសម្ពាធឈាមល្អបំផុតដែលត្រូវរក្សាដើម្បីកាត់បន្ថយហានិភ័យនៃការកើតជំងឺគាំងបេះដូងឬជំងឺខ្សោយមុខងារបេះដូងឬជំងឺស្ទះឬដាច់សរសៃឈាមក្នុងខួរក្បាលជាដើមអោយស្ថិតនៅអប្បបរមាគឺ ក្រោម115/75mg។

    អានបន្ថែម
  • រោគសញ្ញា

    អ្នកដែលមានជំងឺលើសសម្ពាធឈាមស្ទើរតែទាំងអស់មិនមានបង្ហាញជារោគសញ្ញាអ្វីនោះទេ។ មានការប៉ាន់ស្មានថានៅពេលមានរោគសញ្ញាផ្សេងៗរួមគ្នាដូចជា ឈឺក្បាល ហូរឈាមច្រមុះ វិលមុខ មុខក្រហម អស់កម្លាំងជាដើម ទាំងនោះជារោគសញ្ញានៃជំងឺលើសសម្ពាធឈាម ប៉ុន្តែ ការសន្មតបែបនេះគឺមិនពិតនោះទេ។ អ្នកជំងឺលើសសម្ពាធឈាមអាចមានរោគសញ្ញាទាំងនេះ ប៉ុន្តែ មនុស្សធម្មតាដែលមិនមានជំងឺលើសសម្ពាធឈាមក៏អាចមានរោគសញ្ញានេះញឹកញាប់ផងដែរ។

    ប្រសិនបើគេទុកជំងឺលើសសម្ពាធឈាមកម្រិតធ្ងន់ធ្ងរឬរ៉ាំរ៉ៃចោលមិនព្យាបាល នោះជំងឺនេះនឹងផ្ដល់ផលប៉ះពាល់ដល់ខួរក្បាល ភ្នែក បេះដូង តម្រងនោម ដោយផ្ដល់ជារោគសញ្ញាផ្សេងៗនៅពេលនោះ មានដូចជា ឈឺក្បាល អស់កម្លាំង ចង់ក្អួត ក្អួត ដង្ហក់ មិនអាចនៅស្ងៀម ។ល។ ពេលខ្លះ ជំងឺលើសសម្ពាធឈាមកម្រិតធ្ងន់អាចបង្កជាអាការៈហើមនៅក្នុងខួរក្បាល ធ្វើអោយមានរោគសញ្ញា ចង់ក្អួត ក្អួត ឈឺក្បាលខ្លាំង ងងុយគេង ស្មារតីវង្វេងវង្វាន់ សាច់ដុំកន្ត្រាក់ ជាដើម ហើយអាចឈានដល់សន្លប់ក៏មាន។ ស្ថានភាពបែបនេះ គេហៅថា រោគសញ្ញានៃការប៉ះពាល់ខួរក្បាលដោយសារជំងឺលើសសម្ពាធឈាម (Hypertensive encephalopathy)។

    ការលើសសម្ពាធឈាមកម្រិតធ្ងន់ធ្ងរជាការថែមបន្ទុកទៅលើបេះដូង ដូច្នេះ វាអាចបង្កជាអាការៈឈឺទ្រូងឬដង្ហក់។ ម្យ៉ាងទៀត ប្រសិនបើសម្ពាធឈាមឡើងខ្ពស់ខ្លាំង សរសៃអាកទែធំ (សរសៃអាកទែសំខាន់ដែលបញ្ជូនឈាមចេញពីបេះដូង)អាចនឹងដាច់រហែក ធ្វើអោយអ្នកជំងឺមានអាការៈឈឺទ្រូងឬឈឺពោះ ដែលគេហៅថាជាជំងឺលើសសម្ពាធឈាមប្រភេទHypertensive emergency ហើយត្រូវការការព្យាបាលជាបន្ទាន់។

    ជំងឺលើសសម្ពាធឈាមដែលបណ្ដាលមកពីជំងឺមហារីកPheochromocytoma អាចបង្កជារោគសញ្ញាដូចជា ឈឺក្បាលខ្លាំង អារម្មណ៍មិនស្ងប់ ជីពចរដើរលឿន បេះដូងលោតញាប់ឬមិនទៀងទាត់ បែកញើសខុសប្រក្រតី ញ័រដៃជើង ទឹកមុខស្លេកស្លាំង ជាដើម។ រោគសញ្ញាទាំងនេះបណ្ដាលមកពីការបញ្ចេញអរម៉ូនអាដ្រេណាលីន(Adrenaline)និងន័រអាដ្រេណាលីន(Noradrenaline)ពីកោសិកាមហារីកPheochromocytoma។

    ជំងឺផ្សេងៗទៀតដែលអាចកើតឡើងដោយសារស្ថានភាពលើសសម្ពាធឈាមមានលក្ខណៈរ៉ាំរ៉ៃ ៖ ជំងឺគាំងបេះដូង(Heart attack) ជំងឺខ្សោយមុខងារបេះដូង(Heart failure) ជំងឺស្ទះឬដាច់សរសៃឈាមក្នុងខួរក្បាល(Stroke) ជំងឺខ្សោយតម្រងនោម(Kidney failure)។

    ប្រសិនបើសម្ពាធនៅក្នុងសរសៃឈាមអាកទែមានកម្រិតលើសពី140/90mmHg នោះបេះដូងត្រូវការកម្លាំងកាន់តែច្រើនក្នុងការច្របាច់ឈាមចេញពីបេះដូង ដូចនេះ វាធ្វើអោយបេះដូងរីកធំជាងមុន ហើយជញ្ជាំងនៃបេះដូងក៏ឡើងក្រាស់និងរឹង។ នៅពេលដែលជញ្ជាំងនៃបេះដូងឡើងក្រាស់ បេះដូងពិបាកនឹងបន្ធូរការកន្ត្រាក់ ធ្វើអោយវាមិនអាចប្រមូលផ្ដុំឈាមបានពេញលេញ ហើយបន្ទុកទៅលើបេះដូងចេះតែកើនឡើង។ ការប្រែប្រួលនៃបេះដូងបែបនេះ អាចក្លាយជាមូលហេតុធ្វើអោយកើតមានជំងឺចង្វាក់បេះដូងខុសប្រក្រតី (Arrhythmia) ឬ ជំងឺខ្សោយមុខងារបេះដូង។

    ម្យ៉ាងទៀត ជំងឺលើសសម្ពាធឈាមអាចធ្វើអោយជញ្ជាំងនៃសរសៃឈាមឡើងក្រាស់ផងដែរ ដែលគេហៅថា ជំងឺរឹងសរសៃឈាមអាកទែ (Arteriosclerosis)។ ការប្រែជារឹងនៃសរសៃឈាមបែបនេះ ធ្វើអោយហានិភ័យនៃការកើតមានអាការៈស្ទះឬដាច់សរសៃឈាមក្នុងខួរក្បាល ជំងឺគាំងបេះដូង ឬ ជំងឺខ្សោយតម្រងនោមកើនឡើង។

    ការវាស់សម្ពាធឈាម

    គេធ្វើការវាស់សម្ពាធឈាមដោយសុំអោយអ្នកជំងឺអង្គុយឬទម្រេតខ្លួនដេក ហើយចាប់ផ្ដើមវាស់បន្ទាប់ពីអ្នកជំងឺស្ថិតនៅស្ងៀមរយៈពេល5នាទី។ ក្រោយពីវាស់លើកទីមួយ គេនឹងវាស់លើកទីពីរម្ដងទៀត បន្ទាប់ពី2ទៅ3នាទី (ជាពិសេសអ្នកជំងឺដែលជាមនុស្សចាស់ឬអ្នកដែលមានជំងឺទឹកនោមផ្អែម)។ ប្រសិនបើលទ្ធផលវាស់បង្ហាញសម្ពាធឈាមចាប់ពី140/90mmHgឡើងទៅ វេជ្ជបណ្ឌិតវិនិច្ឆ័យថាជាសម្ពាធឈាមដែលខ្ពស់ ប៉ុន្តែ ប្រសិនបើលទ្ធផលវាស់ដែលបង្ហាញតួលេខខ្ពស់មានតែម្ដងទេ គេមិនចាត់ទុកថាជាការលើសសម្ពាធឈាមនោះទេ។ នៅពេលគេវាស់ច្រើនដង ហើយតួលេខនៃលទ្ធផលវាស់សម្ពាធឈាមប្រែប្រួលខុសគ្នាច្រើន គេក៏មិនអាចវិនិច្ឆ័យថាជាជំងឺលើសសម្ពាធឈាមបានដែរ ទោះជាលទ្ធផលវាស់បង្ហាញតួលេខខ្ពស់កើតឡើងប៉ុន្មានដងក៏ដោយ។ ករណីការវាស់លើកដំបូងបង្ហាញលទ្ធផលខ្ពស់ គេត្រូវទុកគម្លាតបន្តិចមុននឹងវាស់ម្ដងទៀត ហើយត្រូវវាស់សារឡើងវិញចំនួន2ថ្ងៃផ្សេងៗពីគ្នាទៀត ដើម្បីតាមដានថាតើសម្ពាធឈាមនៅតែបន្តស្ថិតក្នុងកម្រិតខ្ពស់ជាប្រចាំឬយ៉ាងណា។

    នៅពេលវាស់សម្ពាធឈាម អ្នកជំងឺមិនត្រូវអង្គុយគងទាក់ខ្លា ដោយអាចផ្អែកខ្នងទៅលើបង្អែករបស់កៅអី។ ដាក់ដៃមកមុខនៅលើតុ ដោយបត់នៅកែងដៃបន្តិច ក្នុងកម្ពស់ប្រហាក់ប្រហែលនឹងបេះដូង។ ករណីមូរដៃអាវឡើង មិនត្រូវអោយដៃអាវតឹងសង្កត់លើដើមដៃនោះទេ។ បន្ទាប់មក ត្រូវរុំសន្ទះរុំនៃឧបករណ៍វាស់សម្ពាធឈាម ដោយគួរប្រើសន្ទះរុំដែលមានទំហំសាកសមនឹងទំហំដើរដា។ ប្រសិនបើសន្ទះរុំមានទំហំតូចពេក នោះការវាស់សម្ពាធឈាមនឹងបង្ហាញតួលេខខ្ពស់ជាងជាក់ស្ដែង។ ផ្ទុយទៅវិញ ប្រសិនបើស្ទះរុំមានទំហំធំជាងដើមដៃពេក លទ្ធផលវាស់នឹងបង្ហាញតួលេខទាប។

    ករណីប្រើឧបករណ៍វាស់សម្ពាធឈាមប្រភេទច្របាច់ វេជ្ជបណ្ឌិតនឹងដាក់ឧបករណ៍ស្ដាប់ចង្វាក់នៅផ្នែកខាងក្រោមពីសន្ទះរុំនៅលើសរសៃអាកទែ ដើម្បីស្ដាប់សម្លេងចង្វាក់។ គេនឹងច្របាច់ប្រដាប់ស្នប់ដើម្បីបំប៉ោងសន្ទះរុំរហូតដល់ចំណុចដែលគេលែងលឺសម្លេងចង្វាក់ ដោយទ្រនិចនាឡិកានៅពេលនោះនឹងបង្ហាញកម្រិតនៃសម្ពាធឈាមពេលបេះដូងកន្ត្រាក់ឬសម្ពាធឈាមលើ (Systolic blood pressure)បូក30mmHg។ បន្ទាប់ពីនោះ គេចាប់ផ្ដើមព្រលែងប្រដាប់ស្នប់ដើម្បីបន្ធូរខ្យល់ពីសន្ទះរុំ រហូតដល់ចំណុចដែលគេចាប់ផ្ដើមលឺសម្លេងចង្វាក់ឡើងវិញ ដោយចំណុចនោះហើយគឺជាកម្រិតនៃសម្ពាធឈាមពេលបេះដូងកន្ត្រាក់ឬសម្ពាធឈាមលើ (Systolic blood pressure)។ គេបន្តព្រលែងប្រដាប់ស្នប់ដើម្បីបន្ធូរខ្យល់ពីសន្ទះរុំបន្ថែមទៀត រហូតដល់ចំណុចដែលគេលែងស្ដាប់លឺសម្លេងចង្វាក់ម្ដងទៀត ដោយចំណុចនោះគឺជាកម្រិតនៃសម្ពាធឈាមពេលបេះដូងបន្ធូរការកន្ត្រាក់ឬសម្ពាធឈាមក្រោម (Diastolic blood pressure)។

    ក្រៅពីឧបករណ៍ខាងលើ គេអាចវាស់សម្ពាធឈាមដោយប្រើឧបករណ៍វាស់ស្វ័យប្រវត្តិ ដោយអាចវាស់នៅដើមដៃ ម្រាមដៃ ឬ កដៃ។ ចំពោះអ្នកដែលមានអាយុចាប់ពី50ឆ្នាំឡើងទៅ គួរវាស់នៅដើមដៃ។ ចំពោះអ្នកជំងឺដែលកំពុងស្នាក់នៅក្នុងបន្ទប់ប្រពោធនកម្ម(ICU) មានករណីដែលគេត្រូវតាមដានសម្ពាធឈាមយ៉ាងម៉ត់ចត់ ដោយគេអាចនឹងស៊កសរសៃដែក(Catheter)ចូលក្នុងសរសៃឈាមអាកទែនិងវាស់សម្ពាធឈាមនៅទីនោះដោយផ្ទាល់តែម្ដង។

    ករណីពិបាកវិនិច្ឆ័យ គេអាចប្រើឧបករណ៍វាស់សម្ពាធឈាម24ម៉ោង ដោយឧបករណ៍នេះមានទំហំតូច ប្រើថ្ម និងត្រូវពាក់នៅចង្កេះ ហើយភ្ជាប់ទៅសន្ទះរុំដែលរុំនៅដៃ។ ឧបករណ៍នេះបន្តវាស់សម្ពាធឈាមរយៈពេល24ម៉ោងឬ48ម៉ោងទាំងថ្ងៃទាំងយប់។ តាមរយៈលទ្ធផលនៃការវាស់នោះ គេអាចវិនិច្ឆ័យថាជាជំងឺលើសសម្ពាធឈាមនិងដឹងអំពីកម្រិតនៃជំងឺនេះ។

    ចំពោះអ្នកដែលមានសរសៃឈាមអាកទែរឹងខ្លាំង (ភាគច្រើនជាមនុស្សចាស់) ការវាស់សម្ពាធឈាមអាចបង្ហាញលទ្ធផលខ្ពស់ខុសពីសម្ពាធឈាមពិតប្រាកដ ដោយគេហៅស្ថានភាពនេះថា Pseudohypertension (ជំងឺលើសសម្ពាធឈាមលក្ខណៈក្លែងក្លាយ)។ វាកើតឡើងដោយសារសរសៃឈាមអាកទែនៅដៃប្រែជារឹង ធ្វើអោយសន្ទះរុំនៃឧបករណ៍វាស់សម្ពាធឈាមមិនអាចសង្កត់ទៅលើសរសៃឈាមដើម្បីវាស់សម្ពាធឈាមត្រឹមត្រូវបាន។

    ម្យ៉ាងទៀត ក៏មានករណីដែលសម្ពាធឈាមពិតប្រាកដខ្ពស់ ប៉ុន្តែ លទ្ធផលវាស់បង្ហាញសម្ពាធឈាមទាប។ ស្ថានភាពនេះហៅថា Masked hypertension (ជំងឺលើសសម្ពាធឈាមលក្ខណៈបិទបាំង)។ ជំងឺលើសសម្ពាធឈាមប្រភេទនេះមានប្រហែល10%នៃអ្នកជំងឺលើសសម្ពាធឈាមទាំងអស់។ ជំងឺលើសសម្ពាធឈាមប្រភេទនេះនឹងមិនអាចដឹងបានឡើយប្រសិនបើអ្នកជំងឺមិនធ្វើការវាស់សម្ពាធឈាមដោយខ្លួនឯងនៅផ្ទះ ឬ វេជ្ជបណ្ឌិតមិនសង្ស័យថាការលើសសម្ពាធឈាមអាចជាមូលហេតុនៃជំងឺដែលកំពុងទទួលការព្យាបាល (ជំងឺខ្សោយមុខងារបេះដូងជាដើម)។

    ក្រោយពេលវិនិច្ឆ័យថាជាជំងឺលើសសម្ពាធឈាម គេនឹងបន្តធ្វើការវាយតម្លៃទៅលើឥទ្ធិពលនៃជំងឺនេះចំពោះសរីរាង្គផ្សេងៗដូចជា សរសៃឈាម បេះដូង ខួរក្បាល ភ្នែក តម្រងនោម។ល។ ហើយគេនឹងស្វែងរកមូលហេតុនៃការកើតជំងឺលើសសម្ពាធឈាម។ ចំនួននិងប្រភេទនៃការពិនិត្យដែលអនុវត្តនៅក្នុងការតាមដានរកសរីរាង្គដែលទទួលផលប៉ះពាល់និងមូលហេតុនៃជំងឺលើសសម្ពាធឈាមប្រែប្រួលទៅតាមអ្នកជំងឺ។ ជាទូទៅ ចំពោះអ្នកជំងឺលើសសម្ពាធឈាមទាំងអស់ គេអនុវត្តការពិនិត្យដោយមើលទៅលើប្រវត្តិជំងឺ ការពិនិត្យរាងកាយ ការពិនិត្យចង្វាក់បេះដូង(ECG) ការពិនិត្យឈាម(កម្រិតហេម៉ាតូគ្រីត (Hematocrit)) កម្រិតប៉ូតាស្យូម(K)និងសូដ្យូម(Na)ក្នុងឈាម ការពិនិត្យមុខងារតម្រងនោម) និង ការពិនិត្យទឹកនោម ជាដើម។

    ការពិនិត្យរាងកាយ រួមមាន ការពិនិត្យថាតើមានអាការៈឈឺចាប់នៅពេលសង្កត់ទៅលើពោះបរិវេណតម្រងនោមដែរឬទេ ការពិនិត្យដោយប្រើឧបករណ៍ស្ថាប់ចង្វាក់ដាក់នៅលើពោះដើម្បីស្ដាប់សម្លេងចរន្តឈាមចូលក្នុងតម្រងនោមតាមសរសៃអាកទែថាតើមានសម្លេងខុសប្រក្រតីដែលកើតឡើងដោយសារសរសៃអាកទែរួមតូចចង្អៀតដែរឬទេ។

    គេធ្វើការពិនិត្យផ្នែករេទីននៃភ្នែកទាំងសងខាងដោយប្រើឧបករណ៍Ophthalmoscope។ រេទីន(Retina) ជាផ្នែកតែមួយគត់ដែលគេអាចប្រើនៅក្នុងការពិនិត្យដឹងអំពីឥទ្ធិពលនៃការលើសសម្ពាធឈាមទៅលើសសៃឈាមអាកទែតូចៗដោយផ្ទាល់។ បម្រែបម្រួលដែលគេសង្កេតឃើញកើតមាននៅលើសរសៃឈាមអាកទែតូចៗនៅក្នុងរេទីនមានលក្ខណៈស្រដៀងនឹងបម្រែបម្រួលនៃសរសៃឈាមនៅផ្នែកផ្សេងៗទៀតនៃរាងកាយផងដែរ។ ម្យ៉ាងទៀត គេអាចកំណត់កម្រិតធ្ងន់ធ្ងរនៃជំងឺលើសសម្ពាធឈាម ដោយផ្អែកទៅលើកម្រិតខូចខាតដែលកើតមានចំពោះរេទីន។

    គេប្រើឧបករណ៍ស្ដាប់ចង្វាក់ដើម្បីស្ដាប់សម្លេងបេះដូង។ សម្លេងបេះដូងខុសប្រក្រតីដែលហៅថា សម្លេងIV គឺជារោគសញ្ញានៅដំណាក់កាលដំបូងបង្ហាញអំពីផលប៉ះពាល់នៃជំងឺលើសសម្ពាធឈាមទៅលើបេះដូង។ សម្លេងបែបនេះកើតឡើងនៅពេលដែលថតក្រោមខាងឆ្វេងនៃបេះដូងដែលច្របាច់បញ្ជូនឈាមទៅសព្វរាងកាយលើកលែងសួតមានលក្ខណៈរីកធំនិងរឹងជាងមុន ធ្វើអោយថតលើខាងឆ្វេងនៃបេះដូងត្រូវកន្ត្រាក់ខ្លាំងដើម្បីខំជម្រុញឈាមបំពេញក្នុងថតក្រោមខាងឆ្វេងអោយបានពេញលេញនិងគ្រប់គ្រាន់។

    ដើម្បីដឹងអំពីបម្រែបម្រួលនៃបេះដូង ជាពិសេសស្ថានភាពឡើងក្រាស់នៃសាច់ដុំបេះដូង (បេះដូងរីកធំ Cardiomegaly)ឬស្ថានភាពរីកធំនៃទំហំបេះដូងទាំងមូល(Cardiac dilatation) គេអនុវត្តការពិនិត្យចង្វាក់បេះដូង(ECG)។ ករណីគេសង្ស័យថាជាស្ថានភាពរីកធំនៃទំហំបេះដូងទាំងមូល គេអាចធ្វើការពិនិត្យដោយអេកូសាស្ត្រ(Echocardiography)។

    គេដឹងអំពីផលប៉ះពាល់ទៅលើតម្រងនោមតាមរយៈការពិនិត្យទឹកនោមនិងការពិនិត្យឈាម។ ការពិនិត្យទឹកនោមអាចបង្ហាញអំពីរោគសញ្ញានៅដំណាក់កាលដំបូងនៃបញ្ហាតម្រងនោម ដោយគេសង្ស័យនៅពេលពិនិត្យឃើញមានវត្តមាននៃគ្រាប់ឈាមនិងសារធាតុអាល់ប៊ុយមីន(Albumin, Alb)នៅក្នុងទឹកនោម។ រោគសញ្ញាដូចជាបាត់បង់ស្មារតី បាត់បង់ចំណង់អាហារ អស់កម្លាំង ជាដើម កើតឡើងនៅពេលដែលមុខងារតម្រងនោមទទួលផលប៉ះពាល់រហូតដល់70~80%។

    ការស្វែងរកមូលហេតុនៃជំងឺលើសសម្ពាធឈាម

    ដើម្បីស្វែងរកមូលហេតុនៃការកើតជំងឺលើសសម្ពាធឈាមរបស់មនុស្សវ័យក្មេង គេត្រូវអនុវត្តការពិនិត្យផ្សេងៗជាច្រើន ប៉ុន្តែ ភាគរយនៃការដែលអាចរកឃើញមូលហេតុច្បាស់លាស់គឺមានតិចជាង10%។ ការពិនិត្យទាំងនោះរួមមាន ការពិនិត្យដោយកាំរស្មីអ៊ិច ការពិនិត្យអេកូ ការពិនិត្យដោយRIទៅលើតម្រងនោមនិងស្ថានភាពផ្គត់ផ្គង់ឈាមទៅតម្រងនោម ព្រមទាំងរួមមានការពិនិត្យដោយកាំរស្មីអ៊ិចទៅលើផ្នែកទ្រូងផងដែរ។ ម្យ៉ាងទៀត ក៏មានការពិនិត្យឈាមដើម្បីសង្កេតទៅលើអរម៉ូនមួយចំនួនដូចជាអាដ្រេណាលីន(Adrenaline) អាល់ដូស្តេរ៉ូន(Aldosterone) គ័រទីហ្សូល(Cortisol) ជាដើម និង ការពិនិត្យទឹកនោមផងដែរ។

    វេជ្ជបណ្ឌិតនឹងធ្វើការប៉ាន់ស្មានអំពីមូលហេតុដោយផ្អែកលើភាពប្រក្រតីដែលរកឃើញនៅពេលធ្វើការពិនិត្យរាងកាយឬរោគសញ្ញាផ្សេងៗទៀត។ ឧទាហរណ៍ សម្លេងខុសប្រក្រតីនៃសរសៃឈាមអាកទែដែលបញ្ជូនឈាមចូលតម្រងនោមបង្ហាញអំពីការរួមតូចចង្អៀតនៃសរសៃអាកទែតម្រងនោម។ ប្រសិនបើគេសង្កេតឃើញមានរោគសញ្ញាផ្សេងៗជាច្រើនកើតឡើងស្របពេលគ្នា គេអាចសង្ស័យថាជាឥទ្ធិពលនៃការកើនឡើងអរម៉ូនអាដ្រេណាលីននិងន័រអាដ្រេណាលីនដោយសារជំងឺមហារីកPheochromocytoma។ ជំងឺមហារីកPheochromocytoma អាចពិនិត្យដឹងតាមរយៈការសង្កេតឃើញសារធាតុបន្សល់ពីប្រតិកម្មបំបែកនៃអរម៉ូនទាំងនេះនៅក្នុងទឹកនោម។ ការបន្តធ្វើការពិនិត្យមួយចំនួនជាប្រចាំ អាចអោយគេដឹងអំពីមូលហេតុកម្រផ្សេងទៀតនៃការកើតជំងឺលើសសម្ពាធឈាម។ ឧទាហរណ៍ ការពិនិត្យបម្រែបម្រួលនៃកម្រិតប៉ូតាស្យូម(K)ក្នុងឈាម អាចអោយគេដឹងអំពីវត្តមាននៃជំងឺអាល់ដូស្តេរ៉ូន(Aldosteronism)។

    អានបន្ថែម
  • រោគវិនិច្ឆ័យ

    ការវាស់សម្ពាធឈាម

    គេធ្វើការវាស់សម្ពាធឈាមដោយសុំអោយអ្នកជំងឺអង្គុយឬទម្រេតខ្លួនដេក ហើយចាប់ផ្ដើមវាស់បន្ទាប់ពីអ្នកជំងឺស្ថិតនៅស្ងៀមរយៈពេល5នាទី។ ក្រោយពីវាស់លើកទីមួយ គេនឹងវាស់លើកទីពីរម្ដងទៀត បន្ទាប់ពី2ទៅ3នាទី (ជាពិសេសអ្នកជំងឺដែលជាមនុស្សចាស់ឬអ្នកដែលមានជំងឺទឹកនោមផ្អែម)។ ប្រសិនបើលទ្ធផលវាស់បង្ហាញសម្ពាធឈាមចាប់ពី140/90mmHgឡើងទៅ វេជ្ជបណ្ឌិតវិនិច្ឆ័យថាជាសម្ពាធឈាមដែលខ្ពស់ ប៉ុន្តែ ប្រសិនបើលទ្ធផលវាស់ដែលបង្ហាញតួលេខខ្ពស់មានតែម្ដងទេ គេមិនចាត់ទុកថាជាការលើសសម្ពាធឈាមនោះទេ។ នៅពេលគេវាស់ច្រើនដង ហើយតួលេខនៃលទ្ធផលវាស់សម្ពាធឈាមប្រែប្រួលខុសគ្នាច្រើន គេក៏មិនអាចវិនិច្ឆ័យថាជាជំងឺលើសសម្ពាធឈាមបានដែរ ទោះជាលទ្ធផលវាស់បង្ហាញតួលេខខ្ពស់កើតឡើងប៉ុន្មានដងក៏ដោយ។ ករណីការវាស់លើកដំបូងបង្ហាញលទ្ធផលខ្ពស់ គេត្រូវទុកគម្លាតបន្តិចមុននឹងវាស់ម្ដងទៀត ហើយត្រូវវាស់សារឡើងវិញចំនួន2ថ្ងៃផ្សេងៗពីគ្នាទៀត ដើម្បីតាមដានថាតើសម្ពាធឈាមនៅតែបន្តស្ថិតក្នុងកម្រិតខ្ពស់ជាប្រចាំឬយ៉ាងណា។

    នៅពេលវាស់សម្ពាធឈាម អ្នកជំងឺមិនត្រូវអង្គុយគងទាក់ខ្លា ដោយអាចផ្អែកខ្នងទៅលើបង្អែករបស់កៅអី។ ដាក់ដៃមកមុខនៅលើតុ ដោយបត់នៅកែងដៃបន្តិច ក្នុងកម្ពស់ប្រហាក់ប្រហែលនឹងបេះដូង។ ករណីមូរដៃអាវឡើង មិនត្រូវអោយដៃអាវតឹងសង្កត់លើដើមដៃនោះទេ។ បន្ទាប់មក ត្រូវរុំសន្ទះរុំនៃឧបករណ៍វាស់សម្ពាធឈាម ដោយគួរប្រើសន្ទះរុំដែលមានទំហំសាកសមនឹងទំហំដើមដៃ។ ប្រសិនបើសន្ទះរុំមានទំហំតូចពេក នោះការវាស់សម្ពាធឈាមនឹងបង្ហាញតួលេខខ្ពស់ជាងជាក់ស្ដែង។ ផ្ទុយទៅវិញ ប្រសិនបើស្ទះរុំមានទំហំធំជាងដើមដៃពេក លទ្ធផលវាស់នឹងបង្ហាញតួលេខទាប។ ករណីប្រើឧបករណ៍វាស់សម្ពាធឈាមប្រភេទច្របាច់ វេជ្ជបណ្ឌិតនឹងដាក់ឧបករណ៍ស្ដាប់ចង្វាក់នៅផ្នែកខាងក្រោមពីសន្ទះរុំនៅលើសរសៃអាកទែ ដើម្បីស្ដាប់សម្លេងចង្វាក់។ គេនឹងច្របាច់ប្រដាប់ស្នប់ដើម្បីបំប៉ោងសន្ទះរុំរហូតដល់ចំណុចដែលគេលែងលឺសម្លេងចង្វាក់ ដោយទ្រនិចនាឡិកានៅពេលនោះនឹងបង្ហាញកម្រិតនៃសម្ពាធឈាមពេលបេះដូងកន្ត្រាក់ឬសម្ពាធឈាមលើ (Systolic blood pressure)បូក30mmHg។ បន្ទាប់ពីនោះ គេចាប់ផ្ដើមព្រលែងប្រដាប់ស្នប់ដើម្បីបន្ធូរខ្យល់ពីសន្ទះរុំ រហូតដល់ចំណុចដែលគេចាប់ផ្ដើមលឺសម្លេងចង្វាក់ឡើងវិញ ដោយចំណុចនោះហើយគឺជាកម្រិតនៃសម្ពាធឈាមពេលបេះដូងកន្ត្រាក់ឬសម្ពាធឈាមលើ (Systolic blood pressure)។ គេបន្តព្រលែងប្រដាប់ស្នប់ដើម្បីបន្ធូរខ្យល់ពីសន្ទះរុំបន្ថែមទៀត រហូតដល់ចំណុចដែលគេលែងស្ដាប់លឺសម្លេងចង្វាក់ម្ដងទៀត ដោយចំណុចនោះគឺជាកម្រិតនៃសម្ពាធឈាមពេលបេះដូងបន្ធូរការកន្ត្រាក់ឬសម្ពាធឈាមក្រោម (Diastolic blood pressure)។

    ក្រៅពីឧបករណ៍ខាងលើ គេអាចវាស់សម្ពាធឈាមដោយប្រើឧបករណ៍វាស់ស្វ័យប្រវត្តិ ដោយអាចវាស់នៅដើមដៃ ម្រាមដៃ ឬ កដៃ។ ចំពោះអ្នកដែលមានអាយុចាប់ពី50ឆ្នាំឡើងទៅ គួរវាស់នៅដើមដៃ។ ចំពោះអ្នកជំងឺដែលកំពុងស្នាក់នៅក្នុងបន្ទប់ប្រពោធនកម្ម(ICU) មានករណីដែលគេត្រូវតាមដានសម្ពាធឈាមយ៉ាងម៉ត់ចត់ ដោយគេអាចនឹងស៊កសរសៃដែក(Catheter)ចូលក្នុងសរសៃឈាមអាកទែនិងវាស់សម្ពាធឈាមនៅទីនោះដោយផ្ទាល់តែម្ដង។

    ករណីពិបាកវិនិច្ឆ័យ គេអាចប្រើឧបករណ៍វាស់សម្ពាធឈាម24ម៉ោង ដោយឧបករណ៍នេះមានទំហំតូច ប្រើថ្ម និងត្រូវពាក់នៅចង្កេះ ហើយភ្ជាប់ទៅសន្ទះរុំដែលរុំនៅដៃ។ ឧបករណ៍នេះបន្តវាស់សម្ពាធឈាមរយៈពេល24ម៉ោងឬ48ម៉ោងទាំងថ្ងៃទាំងយប់។ តាមរយៈលទ្ធផលនៃការវាស់នោះ គេអាចវិនិច្ឆ័យថាជាជំងឺលើសសម្ពាធឈាមនិងដឹងអំពីកម្រិតនៃជំងឺនេះ។

    ចំពោះអ្នកដែលមានសរសៃឈាមអាកទែរឹងខ្លាំង (ភាគច្រើនជាមនុស្សចាស់) ការវាស់សម្ពាធឈាមអាចបង្ហាញលទ្ធផលខ្ពស់ខុសពីសម្ពាធឈាមពិតប្រាកដ ដោយគេហៅស្ថានភាពនេះថា Pseudohypertension (ជំងឺលើសសម្ពាធឈាមលក្ខណៈក្លែងក្លាយ)។ វាកើតឡើងដោយសារសរសៃឈាមអាកទែនៅដៃប្រែជារឹង ធ្វើអោយសន្ទះរុំនៃឧបករណ៍វាស់សម្ពាធឈាមមិនអាចសង្កត់ទៅលើសរសៃឈាមដើម្បីវាស់សម្ពាធឈាមត្រឹមត្រូវបាន។

    ម្យ៉ាងទៀត ក៏មានករណីដែលសម្ពាធឈាមពិតប្រាកដខ្ពស់ ប៉ុន្តែ លទ្ធផលវាស់បង្ហាញសម្ពាធឈាមទាប។ ស្ថានភាពនេះហៅថា Masked hypertension (ជំងឺលើសសម្ពាធឈាមលក្ខណៈបិទបាំង)។ ជំងឺលើសសម្ពាធឈាមប្រភេទនេះមានប្រហែល10%នៃអ្នកជំងឺលើសសម្ពាធឈាមទាំងអស់។ ជំងឺលើសសម្ពាធឈាមប្រភេទនេះនឹងមិនអាចដឹងបានឡើយប្រសិនបើអ្នកជំងឺមិនធ្វើការវាស់សម្ពាធឈាមដោយខ្លួនឯងនៅផ្ទះ ឬ វេជ្ជបណ្ឌិតមិនសង្ស័យថាការលើសសម្ពាធឈាមអាចជាមូលហេតុនៃជំងឺដែលកំពុងទទួលការព្យាបាល (ជំងឺខ្សោយមុខងារបេះដូងជាដើម)។

    ក្រោយពេលវិនិច្ឆ័យថាជាជំងឺលើសសម្ពាធឈាម គេនឹងបន្តធ្វើការវាយតម្លៃទៅលើឥទ្ធិពលនៃជំងឺនេះចំពោះសរីរាង្គផ្សេងៗដូចជា សរសៃឈាម បេះដូង ខួរក្បាល ភ្នែក តម្រងនោម។ល។ ហើយគេនឹងស្វែងរកមូលហេតុនៃការកើតជំងឺលើសសម្ពាធឈាម។ ចំនួននិងប្រភេទនៃការពិនិត្យដែលអនុវត្តនៅក្នុងការតាមដានរកសរីរាង្គដែលទទួលផលប៉ះពាល់និងមូលហេតុនៃជំងឺលើសសម្ពាធឈាមប្រែប្រួលទៅតាមអ្នកជំងឺ។ ជាទូទៅ ចំពោះអ្នកជំងឺលើសសម្ពាធឈាមទាំងអស់ គេអនុវត្តការពិនិត្យដោយ

    មើលទៅលើប្រវត្តិជំងឺ ការពិនិត្យរាងកាយ ការពិនិត្យចង្វាក់បេះដូង(ECG) ការពិនិត្យឈាម(កម្រិតហេម៉ាតូគ្រីត (Hematocrit)) កម្រិតប៉ូតាស្យូម(K)និងសូដ្យូម(Na)ក្នុងឈាម ការពិនិត្យមុខងារតម្រងនោម) និង ការពិនិត្យទឹកនោម ជាដើម។

    ការពិនិត្យរាងកាយ រួមមាន ការពិនិត្យថាតើមានអាការៈឈឺចាប់នៅពេលសង្កត់ទៅលើពោះបរិវេណតម្រងនោមដែរឬទេ ការពិនិត្យដោយប្រើឧបករណ៍ស្ថាប់ចង្វាក់ដាក់នៅលើពោះដើម្បីស្ដាប់សម្លេងចរន្តឈាមចូលក្នុងតម្រងនោមតាមសរសៃអាកទែថាតើមានសម្លេងខុសប្រក្រតីដែលកើតឡើងដោយសារសរសៃអាកទែរួមតូចចង្អៀតដែរឬទេ។

    គេធ្វើការពិនិត្យផ្នែករេទីននៃភ្នែកទាំងសងខាងដោយប្រើឧបករណ៍Ophthalmoscope។ រេទីន(Retina) ជាផ្នែកតែមួយគត់ដែលគេអាចប្រើនៅក្នុងការពិនិត្យដឹងអំពីឥទ្ធិពលនៃការលើសសម្ពាធឈាមទៅលើសសៃឈាមអាកទែតូចៗដោយផ្ទាល់។ បម្រែបម្រួលដែលគេសង្កេតឃើញកើតមាននៅលើសរសៃឈាមអាកទែតូចៗនៅក្នុងរេទីនមានលក្ខណៈស្រដៀងនឹងបម្រែបម្រួលនៃសរសៃឈាមនៅផ្នែកផ្សេងៗទៀតនៃរាងកាយផងដែរ។ ម្យ៉ាងទៀត គេអាចកំណត់កម្រិតធ្ងន់ធ្ងរនៃជំងឺលើសសម្ពាធឈាម ដោយផ្អែកទៅលើកម្រិតខូចខាតដែលកើតមានចំពោះរេទីន។

    គេប្រើឧបករណ៍ស្ដាប់ចង្វាក់ដើម្បីស្ដាប់សម្លេងបេះដូង។ សម្លេងបេះដូងខុសប្រក្រតីដែលហៅថា សម្លេងIV គឺជារោគសញ្ញានៅដំណាក់កាលដំបូងបង្ហាញអំពីផលប៉ះពាល់នៃជំងឺលើសសម្ពាធឈាមទៅលើបេះដូង។ សម្លេងបែបនេះកើតឡើងនៅពេលដែលថតក្រោមខាងឆ្វេងនៃបេះដូងដែលច្របាច់បញ្ជូនឈាមទៅសព្វរាងកាយលើកលែងសួតមានលក្ខណៈរីកធំនិងរឹងជាងមុន ធ្វើអោយថតលើខាងឆ្វេងនៃបេះដូងត្រូវកន្ត្រាក់ខ្លាំងដើម្បីខំជម្រុញឈាមបំពេញក្នុងថតក្រោមខាងឆ្វេងអោយបានពេញលេញនិងគ្រប់គ្រាន់។

    ដើម្បីដឹងអំពីបម្រែបម្រួលនៃបេះដូង ជាពិសេសស្ថានភាពឡើងក្រាស់នៃសាច់ដុំបេះដូង (បេះដូងរីកធំ Cardiomegaly)ឬស្ថានភាពរីកធំនៃទំហំបេះដូងទាំងមូល(Cardiac dilatation) គេអនុវត្តការពិនិត្យចង្វាក់បេះដូង(ECG)។ ករណីគេសង្ស័យថាជាស្ថានភាពរីកធំនៃទំហំបេះដូងទាំងមូល គេអាចធ្វើការពិនិត្យដោយអេកូសាស្ត្រ(Echocardiography)។

    គេដឹងអំពីផលប៉ះពាល់ទៅលើតម្រងនោមតាមរយៈការពិនិត្យទឹកនោមនិងការពិនិត្យឈាម។ ការពិនិត្យទឹកនោមអាចបង្ហាញអំពីរោគសញ្ញានៅដំណាក់កាលដំបូងនៃបញ្ហាតម្រងនោម ដោយគេសង្ស័យនៅពេលពិនិត្យឃើញមានវត្តមាននៃគ្រាប់ឈាមនិងសារធាតុអាល់ប៊ុយមីន(Albumin, Alb)នៅក្នុងទឹកនោម។ រោគសញ្ញាដូចជាបាត់បង់ស្មារតី បាត់បង់ចំណង់អាហារ អស់កម្លាំង ជាដើម កើតឡើងនៅពេលដែលមុខងារតម្រងនោមទទួលផលប៉ះពាល់រហូតដល់70~80%។

    ការស្វែងរកមូលហេតុនៃជំងឺលើសសម្ពាធឈាម

    ដើម្បីស្វែងរកមូលហេតុនៃការកើតជំងឺលើសសម្ពាធឈាមរបស់មនុស្សវ័យក្មេង គេត្រូវអនុវត្តការពិនិត្យផ្សេងៗជាច្រើន ប៉ុន្តែ ភាគរយនៃការដែលអាចរកឃើញមូលហេតុច្បាស់លាស់គឺមានតិចជាង10%។ ការពិនិត្យទាំងនោះរួមមាន ការពិនិត្យដោយកាំរស្មីអ៊ិច ការពិនិត្យអេកូ ការពិនិត្យដោយRIទៅលើតម្រងនោមនិងស្ថានភាពផ្គត់ផ្គង់ឈាមទៅតម្រងនោម ព្រមទាំងរួមមានការពិនិត្យដោយកាំរស្មីអ៊ិចទៅលើផ្នែកទ្រូងផងដែរ។ ម្យ៉ាងទៀត ក៏មានការពិនិត្យឈាមដើម្បីសង្កេតទៅលើអរម៉ូនមួយចំនួនដូចជាអាដ្រេណាលីន(Adrenaline) អាល់ដូស្តេរ៉ូន(Aldosterone) គ័រទីហ្សូល(Cortisol) ជាដើម និង ការពិនិត្យទឹកនោមផងដែរ។

    វេជ្ជបណ្ឌិតនឹងធ្វើការប៉ាន់ស្មានអំពីមូលហេតុដោយផ្អែកលើភាពប្រក្រតីដែលរកឃើញនៅពេលធ្វើការពិនិត្យរាងកាយឬរោគសញ្ញាផ្សេងៗទៀត។ ឧទាហរណ៍ សម្លេងខុសប្រក្រតីនៃសរសៃឈាមអាកទែដែលបញ្ជូនឈាមចូលតម្រងនោមបង្ហាញអំពីការរួមតូចចង្អៀតនៃសរសៃអាកទែតម្រងនោម។ ប្រសិនបើគេសង្កេតឃើញមានរោគសញ្ញាផ្សេងៗជាច្រើនកើតឡើងស្របពេលគ្នា គេអាចសង្ស័យថាជាឥទ្ធិពលនៃការកើនឡើងអរម៉ូនអាដ្រេណាលីននិងន័រអាដ្រេណាលីនដោយសារជំងឺមហារីកPheochromocytoma។ ជំងឺមហារីកPheochromocytoma អាចពិនិត្យដឹងតាមរយៈការសង្កេតឃើញសារធាតុបន្សល់ពីប្រតិកម្មបំបែកនៃអរម៉ូនទាំងនេះនៅក្នុងទឹកនោម។ ការបន្តធ្វើការពិនិត្យមួយចំនួនជាប្រចាំ អាចអោយគេដឹងអំពីមូលហេតុកម្រផ្សេងទៀតនៃការកើតជំងឺលើសសម្ពាធឈាម។ ឧទាហរណ៍ ការពិនិត្យបម្រែបម្រួលនៃកម្រិតប៉ូតាស្យូម(K)ក្នុងឈាម អាចអោយគេដឹងអំពីវត្តមាននៃជំងឺអាល់ដូស្តេរ៉ូន(Aldosteronism)។

    អានបន្ថែម
  • ការវិវត្តនៃជំងឺ

    ប្រសិនបើគេទុកជំងឺលើសសម្ពាធឈាមចោលមិនព្យាបាល នោះហានិភ័យនៃការកើតជំងឺខ្សោយមុខងារបេះដូង ជំងឺគាំងបេះដូង ជំងឺស្លាប់បេះដូងភ្លាមៗ ជំងឺខ្សោយតម្រងនោម និង ជំងឺស្ទះឬដាច់សរសៃឈាមក្នុងខួរក្បាល នៅវ័យក្មេងនឹងកើនឡើងខ្ពស់។ ជំងឺលើសសម្ពាធឈាមជាកត្តាហានិភ័យធំបំផុតនៃការកើតជំងឺស្ទះឬដាច់សរសៃឈាមក្នុងខួរក្បាល។ ម្យ៉ាងទៀត វាក៏ជាកត្តាហានិភ័យមួយក្នុងចំណោមកត្តាហានិភ័យធំជាងគេទាំង3នៃជំងឺគាំងបេះដូងដែលអាចគ្រប់គ្រងបាន (កត្តា2ទៀតនោះគឺការជក់បារីនិងការមានកម្រិតកូឡេស្តេរ៉ូលក្នុងឈាមខ្ពស់)។ ដូច្នេះ ការព្យាបាលជំងឺលើសសម្ពាធឈាមនឹងជួយកាត់បន្ថយហានិភ័យនៃការកើតជំងឺស្ទះឬដាច់សរសៃឈាមក្នុងខួរក្បាល និង ជំងឺខ្សោយមុខងារបេះដូងបានច្រើន ហើយក៏កាត់បន្ថយហានិភ័យនៃការកើតមានអាការៈគាំងបេះដូងផងដែរ។

    អានបន្ថែម
  • ការព្យាបាល

    ការព្យាបាលជំងឹលើសសម្ពាធឈាម រួមមាន ការកែប្រែរបបអាហារនិងបង្កើនទម្លាប់ហាត់ប្រាណ និង ការប្រើឱសថព្យាបាល។

    គេមិនអាចព្យាបាលជំងឺលើសសម្ពាធឈាមដែលមិនមានមូលហេតុច្បាស់លាស់នោះទេ ប៉ុន្តែ គេអាចធ្វើការព្យាបាលដើម្បីទប់ស្កាត់ការកើតឡើងនៃជំងឺផ្សេងៗទៀតបណ្ដាលមកពីជំងឺលើសសម្ពាធឈាមនេះ។ ដោយសារជំងឺលើសសម្ពាធឈាមមិនបង្ហាញជារោគសញ្ញានោះទេ ដូច្នេះ វេជ្ជបណ្ឌិតចៀសវាងវិធីព្យាបាលណាដែលផ្ដល់ជាផលរំខានឬឥទ្ធិពលមិនល្អដល់ការរស់នៅរបស់អ្នកជំងឺ ដើម្បីការពារកុំអោយអ្នកជំងឺបោះបង់ការព្យាបាល។ ជាទូទៅ គេនឹងសាកល្បងព្យាបាលជំងឺនេះដោយវិធីផ្សេងមុននឹងប្រើឱសថ។ ប៉ុន្តែ ចំពោះអ្នកជំងឺដែលមានសម្ពាធឈាម160/100mmHgឡើងទៅ និង អ្នកដែលមានកត្តាហានិភ័យដូចជាជំងឺទឹកនោមផ្អែម ជំងឺតម្រងនោម ជំងឺទាក់ទងនឹងសរសៃអាកទែបេះដូងជាដើមហើយមានសម្ពាធឈាម140/90mmHgឡើងទៅ ជាទូទៅ ត្រូវចាប់ផ្ដើមប្រើឱសថព្យាបាលស្របពេលនឹងការអនុវត្តវិធីព្យាបាលក្រៅពីឱសថ។

    ស្ទើរគ្រប់ករណីទាំងអស់ គោលដៅនៃការព្យាបាលជំងឺលើសសម្ពាធឈាមគឺត្រូវបញ្ចុះសម្ពាធឈាមរបស់អ្នកជំងឺអោយស្ថិតនៅក្រោម140/90mmHg។ ប៉ុន្តែ ចំពោះអ្នកជំងឺដែលមានអាយុ60ឆ្នាំឡើងទៅ ប្រសិនបើគេបញ្ចុះសម្ពាធឈាមអោយតិចជាង140/90mmHg អាចធ្វើអោយអ្នកជំងឺមានអាការៈវិលមុខ ភាំងស្មារតី ភ្លេចភ្លាំង ជាដើម ដូច្នេះ ក្នុងករណីអ្នកជំងឺមានអាការៈបែបនេះ ត្រូវកំណត់គោលដៅនៃការបញ្ចុះសម្ពាធឈាមត្រឹមក្រោម150/90mmHg។ បញ្ហាទាំងនេះច្រើនកើតឡើងចំពោះអ្នកជំងឺដែលមានសម្ពាធឈាមក្រោម(Diastolic blood pressure) កម្រិតតិចជាង70mmHg។ ចំពោះមនុស្សមួយចំនួនដែលមានហានិភ័យខ្ពស់នៃការកើតជំងឺបេះដូងជាដើម គួរកំណត់គោលដៅនៃការបញ្ចុះសម្ពាធឈាមលើ(Systolic blood pressure)អោយកាន់តែទាបគឺ125~130mmHg។

    អ្នកជំងឺលើសសម្ពាធឈាមដែលធាត់លើសទម្ងន់ គួរព្យាយាមបញ្ចុះទម្ងន់។ នៅពេលទម្ងន់ចុះប្រហែល4.5គីឡូក្រាម សម្ពាធឈាមនឹងថយចុះផងដែរ។ ចំពោះអ្នកដែលធាត់លើសទម្ងន់ អ្នកដែលមានជំងឺទឹកនោមផ្អែម និង អ្នកដែលមានកម្រិតកូឡេស្តេរ៉ូលខ្ពស់ ដើម្បីកាត់បន្ថយហានិភ័យនៃការកើតជំងឺទាក់ទងនឹងសរសៃឈាម អ្នកជំងឺត្រូវកែប្រែរបបអាហារដែលមិនល្អជាចាំបាច់ ដោយបង្កើនការបរិភោគបន្លែផ្លែឈើ ផលិតផលទឹកដោះគោដែលមានខ្លាញ់ទាប ហើយកាត់បន្ថយអាហារដែលមានខ្លាញ់ច្រើនឬខ្លាញ់ប្រភេទSaturated fat។ ម្យ៉ាងទៀត ត្រូវបរិភោគជាតិកាល់ស្យូម(Ca) ម៉ាញ៉េស្យូម(Mg) និង ប៉ូតាស្យូម(K)អោយបានគ្រប់គ្រាន់ ដោយកាត់បន្ថយការពិសាគ្រឿងស្រវឹងនិងអំបិល(សូដ្យូមឬNa)។ ការប្រកាន់យករបបអាហារបែបនេះអាចអោយអ្នកជំងឺចៀសវាងការប្រើឱសថបាន។ កម្រិតសូដ្យូម(Na)គួរកំណត់ត្រឹមតិចជាង2.5ក្រាមក្នុង1ថ្ងៃ ឬ កម្រិតអំបិល(NaCl)ត្រឹមតិចជាង6ក្រាមក្នុង1ថ្ងៃ។

    ការធ្វើលំហាត់ប្រាណប្រភេទប្រើប្រាស់អុកស៊ីសែន (Aerobic exercise)ក៏មានប្រសិទ្ធិភាពផងដែរ។ ការហាត់ប្រាណជាប្រចាំនឹងជួយបញ្ចុះសម្ពាធឈាមដែលកើនឡើងខ្ពស់ ជួយបន្ថយទម្ងន់ ជួយបង្កើនសុខភាពបេះដូងនិងរាងកាយទាំងមូល។

    អ្នកដែលមានជំងឺលើសសម្ពាធឈាមគួរអនុវត្តការវាស់សម្ពាធឈាមដោយខ្លួនឯងនៅផ្ទះ ដើម្បីបង្កើនស្មារតីនៅក្នុងការព្យាបាលជំងឺនេះអោយបានខ្ជាប់ខ្ជួន។

    ការព្យាបាលជំងឺលើសសម្ពាធឈាមដោយប្រើឱសថ

    ឱសថដែលប្រើនៅក្នុងការព្យាបាលជំងឺលើសសម្ពាធឈាមមានច្រើនប្រភេទ ដោយឱសថទាំងនេះអាចគ្រប់គ្រងជំងឺលើសសម្ពាធឈាមស្ទើរគ្រប់ករណី ប៉ុន្តែ គេត្រូវជ្រើសរើសប្រភេទឱសថដែលត្រូវនឹងអ្នកជំងឺនីមួយៗ។ ការទំនាក់ទំនងរវាងអ្នកជំងឺនិងវេជ្ជបណ្ឌិតមានសារៈសំខាន់ណាស់នៅក្នុងការអនុវត្តកម្មវិធីព្យាបាលជំងឺលើសសម្ពាធឈាមអោយកាន់តែមានប្រសិទ្ធិភាព។

    ឱសថផ្សេងៗគ្នាមានសកម្មភាពបញ្ចុះសម្ពាធឈាមខុសគ្នា ហើយការព្យាបាលត្រូវមានដំណាក់កាលសម្រាប់អ្នកជំងឺម្នាក់ៗ។ មានន័យថា ដំបូងត្រូវចាប់ផ្ដើមដោយប្រើឱសថតែមួយប្រភេទ ហើយអាចបន្ថែមឬផ្លាស់ប្ដូរទៅឱសថប្រភេទផ្សេងទៀតទៅតាមស្ថានភាពចាំបាច់។ ចំពោះអ្នកជំងឺដែលមានសម្ពាធឈាមចាប់ពី160/100mmHgឡើងទៅ ជាទូទៅ អ្នកជំងឺត្រូវប្រើឱសថ2ប្រភេទស្របពេលតែមួយ។ នៅពេលជ្រើសរើសឱសថព្យាបាល វេជ្ជបណ្ឌិតពិចារណាលើចំណុចដូចខាងក្រោម៖

    - អាយុ ភេទ ពូជសាសន៍ របស់អ្នកជំងឺ

    - កម្រិតនៃជំងឺលើសសម្ពាធឈាម

    - វត្តមាននៃជំងឺផ្សេងទៀត ដូចជា ជំងឺទឹកនោមផ្អែម ជំងឺលើសកូឡេស្តេរ៉ូលក្នុងឈាម ជាដើម

    - ផលរំខាននៃឱសថដែលអាចកើតមានឡើង

    - តម្លៃឱសថនិងការចំណាយដែលត្រូវប្រើនៅក្នុងការពិនិត្យរកផលរំខាននៃឱសថមួយចំនួន។

    អ្នកជំងឺមួយចំនួនធំ (74%ឡើងទៅ) ចាំបាច់ត្រូវប្រើឱសថបញ្ចុះសម្ពាធឈាមចាប់ពី2ប្រភេទឡើងទៅ ដើម្បីគ្រប់គ្រងសម្ពាធឈាមមកត្រឹមកម្រិតជាគោលដៅ។ អ្នកជំងឺភាគច្រើនអាចបន្តប្រើប្រាស់ឱសថទាំងនេះដោយមិនមានបញ្ហាអ្វីនោះទេ។ ប៉ុន្តែ ឱសថបញ្ចុះសម្ពាធឈាមប្រភេទណាក៏ដោយ តែងតែអាចបង្កជាផលរំខាន។ ប្រសិនបើកើតមានផលរំខាន អ្នកជំងឺត្រូវប្រាប់ទៅដល់វេជ្ជបណ្ឌិត ដើម្បីបន្ថយបរិមាណប្រើប្រាស់ឬផ្លាស់ប្ដូរប្រភេទឱសថជាដើម។ ជាទូទៅ អ្នកជំងឺត្រូវប្រើប្រាស់ឱសថដើម្បីគ្រប់គ្រងសម្ពាធឈាមជារៀងរហូត។

    ជាទូទៅ ឱសថបញ្ចុះទឹកនោមប្រភេទសាយអឺហ្ស៉ាយ (Thiazide diuretics) ដូចជា ឱសថ Chlorthalidone ឬ Indapamide ជាដើម ជាឱសថដែលត្រូវបានប្រើដំបូងនៅក្នុងការព្យាបាលជំងឺលើសសម្ពាធឈាម។ ឱសថបញ្ចុះទឹកនោមមានប្រសិទ្ធិភាពពង្រីកសរសៃឈាម និង ជម្រុញការបញ្ចេញចោលនូវសូដ្យូមនិងជាតិទឹកពីតម្រងនោម ធ្វើអោយជាតិទឹកក្នុងរាងកាយថយចុះ ហើយសម្ពាធឈាមក៏ចុះទាប។ ដោយសារឱសថបញ្ចុះទឹកនោមប្រភេទសាយអឺហ្ស៉ាយ (Thiazide diuretics) មានសកម្មភាពបញ្ចេញចោលនូវសារធាតុប៉ូតាស្យូមផងដែរនោះ មានករណីខ្លះដែលអ្នកជំងឺត្រូវប្រើប្រាស់ឱសថបំពេញសារធាតុប៉ូតាស្យូម ឬ ឱសថបញ្ចុះទឹកនោមប្រភេទមិនមានសកម្មភាពបញ្ចេញចោលនូវសារធាតុប៉ូតាស្យូម ឬ ឱសថបញ្ចុះទឹកនោមប្រភេទរក្សាកម្រិតប៉ូតាស្យូមជាដើម។ ឱសថបញ្ចុះទឹកនោមប្រភេទរក្សាកម្រិតប៉ូតាស្យូមមានប្រសិទ្ធិភាពបញ្ចុះសម្ពាធឈាមខ្សោយជាងឱសថបញ្ចុះទឹកនោមប្រភេទសាយអឺហ្ស៉ាយ (Thiazide diuretics) ដូច្នេះ គេមិនដែលប្រើប្រាស់ឱសថនេះតែឯងនោះទេ ប៉ុន្តែ ចំពោះឱសថបញ្ចុះទឹកនោមប្រភេទរក្សាកម្រិតប៉ូតាស្យូមSpironolactone មានពេលខ្លះដែលគេអាចប្រើឱសថនេះតែឯង។ ឱសថបញ្ចុះទឹកនោមមានប្រយោជន៍ជាពិសេសចំពោះអ្នកជំងឺជាមនុស្សសម្បុរខ្មៅ មនុស្សចាស់ មនុស្សធាត់លើសទម្ងន់ អ្នកដែលមានជំងឺខ្សោយមុខងារតម្រងនោម អ្នកដែលមានជំងឺតម្រងនោមរ៉ាំរ៉ៃ។

    ឱសថប្រភេទទប់ស្កាត់គ្រឿងទទួលរបស់សារធាតុអាដ្រេណាលីន រួមមាន ឱសថទប់ស្កាត់គ្រឿងទទួលអាល់ហ្វា(α-Receptor blockers) ឱសថទប់ស្កាត់គ្រឿងទទួលបេតា(β-Receptor blockers) ឱសថទប់ស្កាត់គ្រឿងទទួលអាល់ហ្វា- បេតា(αβ-Receptor blockers) និង ឱសថទប់ស្កាត់អាដ្រេណាលីននៅតាមអវៈយវៈ។ ឱសថទាំងនេះមានប្រសិទ្ធិភាពរារាំងសកម្មភាពរបស់ប្រព័ន្ធស៊ីមប៉ាទិច (Sympathetic nervous system)ក្នុងការបង្កើនសម្ពាធឈាម។ ប្រភេទដែលត្រូវបានប្រើញឹកញាប់ជាងគេគឺឱសថទប់ស្កាត់គ្រឿងទទួលបេតា(β-Receptor blockers) ហើយមានប្រសិទ្ធិភាពខ្ពស់ចំពោះអ្នកជំងឺដែលជាមនុស្សសម្បុរស មនុស្សវ័យក្មេង និង អ្នកដែលធ្លាប់កើតមានអាការៈគាំងបេះដូង ក៏ដូចជា អ្នកដែលមានចង្វាក់បេះដូងលោតញាប់ អ្នកដែលមានជំងឺត្បៀតសរសៃឈាមបេះដូង(Angina pectoris) និង អ្នកដែលមានជំងឺប្រកាំង(Migraine)។ ផលរំខាននៃឱសថនេះងាយកើតឡើងចំពោះមនុស្សចាស់។ ចំពោះឱសថទប់ស្កាត់គ្រឿងទទួលអាល់ហ្វា(α-Receptor blockers) ដោយសារឱសថនេះមិនជួយកាត់បន្ថយហានិភ័យនៃមរណភាព ដូច្នេះ ឱសថនេះមិនត្រូវបានប្រើប្រាស់ជាសំខាន់នោះទេ។ ឱសថទប់ស្កាត់អាដ្រេណាលីននៅតាមអវៈយវៈ ជាទូទៅ ត្រូវបានគេប្រើនៅពេលត្រូវបន្ថែមឱសថទី3ឬទី4សម្រាប់ការគ្រប់គ្រងសម្ពាធឈាម។

    ឱសថភ្ញោចគ្រឿងទទួលអាល់ហ្វានៅក្នុងប្រព័ន្ធប្រសាទកណ្ដាលមានសកម្មភាពភ្ញោចគ្រឿងទទួលដែលស្ថិតនៅក្នុងផ្នែក‎Brain stemនៃខួក្បាល ដើម្បីទប់ស្កាត់សកម្មភាពរបស់ប្រព័ន្ធស៊ីមប៉ាទិច (Sympathetic nervous system)។ ប៉ុន្តែ ឱសថប្រភេទនេះមិនសូវទទួលបានការប្រើប្រាស់នោះទេ។

    ឱសថទប់ស្កាត់អង់ស៊ីមACE (ACE inhibitors) មានសកម្មភាពបញ្ចុះសម្ពាធឈាមតាមរយៈការពង្រីកសរសៃអាកទែតូចៗ។ ឱសថនេះនឹងទៅទប់ស្កាត់ដំណើរការសំយោគសារធាតុAngiotensin II ដែលជាសារធាតុបង្កការកន្ត្រាក់រួមតូចនៃសរសៃឈាមអាកទែតូចៗ ដោយរារាំងសកម្មភាពនៃអង់ស៊ីមAngiotensin‐converting enzyme (ACE)នៅក្នុងដំណាក់កាលបំលែងសារធាតុ Angiotensin I ទៅជាសារធាតុ Angiotensin II។ ឱសថនេះមានប្រយោជន៍ជាពិសេសសម្រាប់អ្នកដែលមានជំងឺទាក់ទងនឹងសរសៃអាកទែបេះដូងឬជំងឺខ្សោយមុខងារបេះដូង មនុស្សសម្បុរស មនុស្សវ័យក្មេង អ្នកដែលកើតមានប្រូតេអ៊ីនក្នុងទឹកនោមដោយសារជំងឺតម្រងនោមរ៉ាំរ៉ៃឬជំងឺតម្រងនោមបង្កដោយជំងឺទឹកនោមផ្អែម និង ចំពោះអ្នកជំងឺជាមនុស្សប្រុសដែលមានបញ្ហាមុខងារផ្លូវភេទដោយសារផលរំខានពីឱសថបញ្ចុះសម្ពាធឈាមប្រភេទផ្សេងទៀត។

    ឱសថប្រភេទទប់ស្កាត់គ្រឿងទទួលអេនជីអូថិនស៊ីន II (Angiotensin II receptor blocker or ARB) មានសកម្មភាពបញ្ចុះសម្ពាធឈាមតាមរយៈការពង្រីកសរសៃអាកទែតូចៗ ដូចឱសថទប់ស្កាត់អង់ស៊ីមACEដែរ ប៉ុន្តែ ឱសថនេះរារាំងសកម្មភាពរបស់សារធាតុAngiotensin II ដោយផ្ទាល់ ធ្វើអោយឱសថនេះមានផលរំខានតិចជាង។

    ឱសថទប់ស្កាត់គ្រឿងចម្លងកាល់ស្យូម (Calcium channel blockers) មានប្រសិទ្ធិភាពពង្រីកសរសៃឈាមអាកទែតូចៗតាមរយៈសកម្មភាពខុសគ្នាទាំងស្រុងពីឱសថខាងលើ។ ឱសថនេះមានប្រយោជន៍ចំពោះមនុស្សសម្បុរខ្មៅ មនុស្សចាស់ អ្នកដែលមានជំងឺត្បៀតសរសៃឈាមបេះដូង(Angina pectoris) អ្នកដែលមានអាការៈជីពចរលោតញាប់ប្រភេទមួយចំនួន និង អ្នកដែលមានជំងឺប្រកាំង(Migraine)។ ឱសថទប់ស្កាត់គ្រឿងចម្លងកាល់ស្យូម (Calcium channel blockers) មានជាប្រភេទរយៈពេលខ្លីនិងប្រភេទរយៈពេលវែង។ គេមិនប្រើឱសថទប់ស្កាត់គ្រឿងចម្លងកាល់ស្យូម (Calcium channel blockers) ប្រភេទរយៈពេលខ្លីនៅក្នុងការព្យាបាលជំងឺលើសសម្ពាធឈាមនោះទេ។ មានរបាយការណ៍ស្រាវជ្រាវបង្ហាញថាការប្រើឱសថទប់ស្កាត់គ្រឿងចម្លងកាល់ស្យូម (Calcium channel blockers) ប្រភេទរយៈពេលខ្លី អាចធ្វើអោយហានិភ័យនៃមរណភាពដោយសារជំងឺគាំងបេះដូងកើនឡើង។

    ឱសថពង្រីកសរសៃឈាម (Vasodilators) មានប្រសិទ្ធិភាពពង្រីកសរសៃឈាមតាមរយៈសកម្មភាពផ្សេងពីឱសថខាងលើ។ ឱសថប្រភេទនេះ ភាគច្រើនកម្រត្រូវបានប្រើប្រាស់តែឯងណាស់ ដោយគេប្រើឱសថនេះជាលក្ខណៈបន្ថែមនៅពេលការប្រើឱសថផ្សេងទៀតមិនមានប្រសិទ្ធិភាពគ្រប់គ្រាន់ក្នុងការបញ្ចុះសម្ពាធឈាម។

    ការព្យាបាលជំងឺលើសសម្ពាធឈាមដែលបណ្ដាលមកពីជំងឺផ្សេងទៀត (Secondary hypertension)

    គេត្រូវព្យាបាលជំងឺដែលជាមូលហេតុនៃការកើនឡើងសម្ពាធឈាម។ នៅពេលគេព្យាបាលជំងឺតម្រងនោម សម្ពាធឈាមអាចត្រឡប់មកប្រក្រតីវិញ ឬ ថយចុះ ធ្វើអោយការប្រើឱសថព្យាបាលកាន់តែមានប្រសិទ្ធិភាព។ ប្រសិនបើសរសៃអាកទែដែលតភ្ជាប់ទៅតម្រងនោមមានលក្ខណៈរួមតូចចង្អៀត គេអាចប្រើវិធីព្យាបាលដោយប្រើសរសៃលួស(Catheter)ដែលមានប្រដាប់បំប៉ោងនៅខាងចុង (ការព្យាបាលដោយAngioplasty) ឬក៏អាចវះកាត់បង្កើតផ្លូវឆ្លងកាត់វៀងពីផ្នែកនៃសរសៃអាកទែដែលរួមតូចចង្អៀត។ មានករណីច្រើនដែលជំងឺលើសសម្ពាធឈាមជាសះស្បើយវិញ ក្រោយពេលអ្នកជំងឺទទួលការព្យាបាលទាំងនេះ។ ចំពោះជំងឺមហារីកដែលបង្កការកើនឡើងនៃសម្ពាធឈាមដូចជា ជំងឺPheochromocytoma ជាដើម គេអាចព្យាបាលដោយវះកាត់យកផ្នែកមហារីកចេញ។

    ករណីដែលសម្ពាធឈាមនៅតែមានកម្រិតខ្ពស់ទោះជាអ្នកជំងឺប្រើប្រាស់ឱសថ3ប្រភេទខុសគ្នាហើយក៏ដោយ នៅសហភាពអឺរ៉ុប គេអាចសាកល្បងព្យាបាលដោយស៊កសរសៃលួស (Catheter)ទៅក្នុងសរសៃឈាមអាកទែដែលភ្ជាប់ទៅតម្រងនោមទាំងសងខាង រួចបង្កើនតង់ស្យុងខ្ពស់តាមរយៈសរសៃលួសនោះ ដើម្បីបំផ្លាញចោលនូវសរសៃប្រសាទនៃប្រព័ន្ធស៊ីមប៉ាទិច។ ការស្រាវជ្រាវអំពីវិធីសាស្ត្រនេះដំបូង បានបង្ហាញថាវិធីនេះមានប្រសិទ្ធិភាពបញ្ចុះសម្ពាធឈាម ប៉ុន្តែ នៅក្នុងការស្រាវជ្រាវខ្នាតធំពេញលេញ បែរជាបង្ហាញថាបច្ចេកទេសនេះមិនបង្ហាញប្រសិទ្ធិភាពព្យាបាលនោះទេ។ ហើយនៅសហរដ្ឋអាមេរិចវិធីសាស្ត្រព្យាបាលនេះមិនត្រូវបានទទួលស្គាល់នោះទេ។

    វិធីព្យាបាលជំងឺលើសសម្ពាធឈាមផ្សេងទៀត រួមមាន ការព្យាបាលដោយប្រើឧបករណ៍Pacemaker។ គេបង្កប់ឧបករណ៍នេះនៅផ្នែកក ដោយភ្ញោចផ្នែកខាងចុងនៃសរសៃប្រសាទមួយចំនួន ដើម្បីជាជំនួយដល់ការគ្រប់គ្រងសម្ពាធឈាម។ វិធីព្យាបាលនេះត្រូវបានប្រើប្រាស់នៅសហភាពអឺរ៉ុបនិងប្រទេសកាណាដា ប៉ុន្តែ មិនត្រូវបានទទួលស្គាល់នៅសហរដ្ឋអាមេរិចនោះទេ។

    ការព្យាបាលជំងឺលើសសម្ពាធឈាមប្រភេទបន្ទាន់ (Hypertensive emergency)

    ចំពោះជំងឺលើសសម្ពាធឈាមប្រភេទបន្ទាន់ (Hypertensive emergency) ត្រូវការបញ្ចុះសម្ពាធឈាមជាប្រញាប់ ហើយជាទូទៅគេព្យាបាលនៅក្នុងបន្ទប់ប្រពោធនកម្ម(ICU) ដោយគេប្រើឱសថដូចជា Fenoldopam, Nitroprusside, Nicardipine, Labetalol ជាដើម ចាក់តាមសរសៃឈាម ដើម្បីបញ្ចុះសម្ពាធឈាមអោយបានឆាប់រហ័ស។

    ឱសថបញ្ចុះទឹកនោម

    ឱសថបញ្ចុះទឹកនោមប្រភេទលូព (Loop diuretic) (Bumetanide, Ethacrynic acid, Furosemide, Torasemide)

    មានផលរំខានដូចជា៖ កម្រិតប៉ូតាស្យូមនិងម៉ាញ៉េស្យូមក្នុងឈាមថយចុះ កម្រិតជាតិស្ករនិងកូឡេស្តេរ៉ូលក្នុងឈាមកើនឡើងបណ្ដោះអាសន្ន កម្រិតអាស៊ីតអ៊ុយរិចកើនឡើង មុខងារផ្លូវភេទបុរសចុះខ្សោយ ពិបាករំលាយអាហារ។

    ឱសថបញ្ចុះទឹកនោមប្រភេទរក្សាកម្រិតប៉ូតាស្យូម (Potassium-sparing diuretic) (Amiloride, Eplerenone, Spironolactone, Triamterene) មានផលរំខានដូចជា៖ កម្រិតប៉ូតាស្យូមក្នុងឈាមកើនឡើង ពិបាករំលាយអាហារ។ ឱសថSpironolactone អាចមានផលរំខានបន្ថែមគឺ ការឡើងដោះចំពោះបុរស និង រដូវមិនទៀងចំពោះស្ត្រី។

    ឱសថបញ្ចុះទឹកនោមប្រភេទសាយអឺហ្ស៉ាយ (Thiazide diuretics) និង ស្រដៀងនោះ (Bendroflumethiazide, Chlorothiazide, Chlorthalidone, Hydrochlorothiazide, Hydroflumethiazide, Indapamide, Methyclothiazide, Metolazone) មានផលរំខានដូចជា៖ កម្រិតប៉ូតាស្យូមនិងម៉ាញ៉េស្យូមក្នុងឈាមថយចុះ កម្រិតកាល់ស្យូមនិងអាស៊ីតអ៊ុយរិចកើនឡើង មុខងារផ្លូវភេទបុរសចុះខ្សោយ ពិបាករំលាយអាហារ

    ឱសថប្រភេទទប់ស្កាត់គ្រឿងទទួលរបស់សារធាតុអាដ្រេណាលីន

    ឱសថទប់ស្កាត់គ្រឿងទទួលអាល់ហ្វា(α-Receptor blockers) (Doxazosin, Prazosin, Terazosin) មានផលរំខានដូចជា៖ ភាំងស្មារតី(នៅពេលប្រើឱសថដំបូង) បេះដូងលោតញាប់ វិលមុខ សម្ពាធឈាមចុះទាបនៅពេលក្រោកឈរ ហើម

    ឱសថទប់ស្កាត់គ្រឿងទទួលបេតា(β-Receptor blockers) (Acebutolol, Atenolol, Betaxolol, Bisoprolol, Carteolol, Metoprolol, Nadolol, Nebivolol, Penbutolol, Pindolol, Propranolol, Timolol) មានផលរំខានដូចជា៖ ទងសួតកន្ត្រាក់ ចង្វាក់បេះដូងលោតយឺត ខ្សោយមុខងារបេះដូង ប៉ះពាល់ចរន្តឈាមនៅតាមអវៈយវៈ គេងមិនលក់ អស់កម្លាំង ដង្ហក់ អាការៈបាក់ទឹកចិត្ត សុបិន្ត រវើរវាយ មុខងារផ្លូវភេទមានបញ្ហា បណ្ដុំរោគសញ្ញារេណូ(Raynaud syndrome) មិនអាចសម្គាល់រោគសញ្ញាកម្រិតជាតិស្ករចុះទាបខ្លាំងក្រោយចាក់អាំងស៊ុយលីន កម្រិតខ្លាញ់ទ្រីគ្លីសេរីតកើនឡើង(ឱសថមួយចំនួនប៉ុណ្ណោះ)។

    ឱសថទប់ស្កាត់គ្រឿងទទួលអាល់ហ្វា- បេតា(αβ-Receptor blockers) (Carvedilol, Labetalol) មានផលរំខានដូចជា៖ សម្ពាធឈាមចុះទាបនៅពេលក្រោកឈរ ទងសួតកន្ត្រាក់។

    ឱសថភ្ញោចគ្រឿងទទួលអាល់ហ្វានៅក្នុងប្រព័ន្ធប្រសាទកណ្ដាល (Clonidine, Guanabenz, Guanfacine, Methyldopa) មានផលរំខានដូចជា៖ ងងុយគេង ស្ងួតមាត់ អស់កម្លាំង ចង្វាក់បេះដូងលោតយឺត បញ្ហាមុខងារផ្លូវភេទ សម្ពាធឈាមកើនឡើងខ្ពស់វិញ(ឱសថក្រៅពីMethyldopa)។ ឱសថMethyldopa អាចផ្ដល់ផលរំខាន ដូចជា អារម្មណ៍ធ្លាក់ទឹកចិត្ត សម្ពាធឈាមចុះទាបនៅពេលក្រោកឈរ ជំងឺថ្លើម ជំងឺទាក់ទងនឹងប្រព័ន្ធភាពស៊ាំប្រឆាំងខ្លួនឯង។

    ឱសថទប់ស្កាត់អង់ស៊ីមACE (ACE inhibitors) (Benazepril, Captopril, Enalapril, Fosinopril, Lisinopril, Perindopril, Quinapril, Ramipril, ‎Trandolapril) មានផលរំខានដូចជា៖ ក្អក សម្ពាធឈាមចុះទាប កម្រិតប៉ូតាស្យូមក្នុងឈាមកើនឡើង កន្ទួលក្រហម អាការៈAngioedema(ហើមនៅមុខ បបូរមាត់ បំពង់ខ្យល់ជាដើម) ប៉ះពាលធ្ងន់ធ្ងរដល់ទារកក្នុងផ្ទៃ។

    ឱសថប្រភេទទប់ស្កាត់គ្រឿងទទួលអេនជីអូថិនស៊ីន II (Angiotensin II receptor blocker or ARB) (Azilsartan, Candesartan, Eprosartan, Irbesartan, Losartan, Olmesartan, Telmisartan, Valsartan) មានផលរំខានដូចជា៖ វិលមុខ កម្រិតប៉ូតាស្យូមក្នុងឈាមកើនឡើង អាការៈAngioedema(ហើមនៅមុខ បបូរមាត់ បំពង់ខ្យល់ជាដើម) ប៉ះពាលធ្ងន់ធ្ងរដល់ទារកក្នុងផ្ទៃ។

    ឱសថទប់ស្កាត់គ្រឿងចម្លងកាល់ស្យូម (Calcium channel blockers)

    ឱសថទប់ស្កាត់គ្រឿងចម្លងកាល់ស្យូម ប្រភេទឌីហ៊ីដ្រូពីរីឌីន (Dihydropyridine calcium channel blockers) (Amlodipine, Felodipine, Isradipine, Nicardipine, Nifedipine, Nisoldipine) មានផលរំខានដូចជា៖ វិលមុខ ហើមកជើង មុខក្រហម ឈឺក្បាល ក្រហាយទ្រូង ហើមអញ្ចាញធ្មេញ ចង្វាក់បេះដូងលោតញាប់

    ឱសថទប់ស្កាត់គ្រឿងចម្លងកាល់ស្យូម ប្រភេទមិនមែនឌីហ៊ីដ្រូពីរីឌីន (Non-dihydropyridine calcium channel blockers) (Diltiazem, Verapamil) មានផលរំខានដូចជា៖ ឈឺក្បាល វិលមុខ មុខក្រហម ហើម ប៉ះពាលមុខងារបញ្ជូនសញ្ញាភ្ញោចក្នុងបេះដូង ចង្វាក់បេះដូងលោតយឺត មុខងារបេះដូងចុះខ្សោយ ហើមអញ្ចាញធ្មេញ ទល់លាមក(ឱសថVerapamil)

    ឱសថពង្រីកសរសៃឈាម (Vasodilators) (Hydralazine, Minoxidil

    ) ឈឺក្បាល ចង្វាក់បេះដូងលោតញាប់ ហើម

    អានបន្ថែម