Gout (ជំងឺរលាកសន្លាក់ដោយសារលើសអាស៊ីតអ៊ុយរិចក្នុងឈាម)

    • លក្ខណៈទូទៅ
    • មូលហេតុ
    • រោគសញ្ញា
    • រោគវិនិច្ឆ័យ
    • ការព្យាបាល
  • លក្ខណៈទូទៅ

    ជំងឺរលាកសន្លាក់ដោយសារលើសអាស៊ីតអ៊ុយរិចក្នុងឈាម (Gout) ជាជំងឺដែលផ្ដើមពីការកើនឡើងខ្ពស់នៃអាស៊ីតអ៊ុយរិចនៅក្នុងឈាម(Hyperuricemia) ហើយអាស៊ីតអ៊ុយរិចទាំងនោះផ្ដុំគ្នាទៅជាគ្រីស្តាល់(Crystal)និងប្រមូលផ្ដុំច្រើននៅតាមសន្លាក់ បង្កជាអាការៈរលាកនិងឈឺចាប់នៅសន្លាក់និងផ្នែកជុំវិញសន្លាក់ទាំងនោះ។

    ・នៅពេលដែលគ្រីស្តាល់នៃអាស៊ីតអ៊ុយរិចប្រមូលផ្ដុំច្រើននៅតាមសន្លាក់និងជាលិកា វានឹងបង្កជាស្ថានភាពរលាកនិងអាការៈឈឺចាប់នៅទីនោះ។

    ・វេជ្ជបណ្ឌិតនឹងទាញយកសារធាតុរាវពីសន្លាក់ ដើម្បីពិនិត្យថាមានវត្តមាននៃគ្រីស្តាល់កើតពីអាស៊ីតអ៊ុយរិចដែរឬទេ

    ・ការព្យាបាលធ្វើឡើងដោយប្រើឱសថដើម្បីកាត់បន្ថយអាការៈរលាកនិងឈឺចាប់ ព្រមទាំងបង្ការការកើតមានអាការៈម្ដងហើយម្ដងទៀត ហើយគេក៏អាចប្រើប្រាស់ឱសថដែលមានប្រសិទ្ធិភាពបញ្ចុះកម្រិតអាស៊ីតអ៊ុយរិចក្នុងឈាមដើម្បីកាត់បន្ថយការប្រមូលផ្ដុំនៃអាស៊ីតអ៊ុយរិចនៅតាមសន្លាក់ផងដែរ។

    ជំងឺរលាកសន្លាក់ដោយសារលើសអាស៊ីតអ៊ុយរិចក្នុងឈាមច្រើនកើតមានចំពោះបុរសជាជាងស្ត្រី។ ជាទូទៅ ជំងឺនេះកើតឡើងចំពោះបុរសវ័យកណ្ដាលនិងស្ត្រីក្រោយអស់រដូវ។ ជំងឺនេះកម្រកើតចំពោះមនុស្សវ័យក្មេងណាស់ ប៉ុន្តែ ករណីកើតចំពោះមនុស្សដែលមានអាយុតិចជាង30ឆ្នាំ ភាគច្រើនវាមានលក្ខណៈធ្ងន់ធ្ងរ។

    ជំងឺនេះកើតឡើងដោយសារអាស៊ីតអ៊ុយរិចកើតឡើងខ្ពស់នៅក្នុងឈាម(Hyperuricemia) ប៉ុន្តែក៏មានករណីដែលជំងឺនេះកើតឡើងដោយសារតំណពូជផងដែរ។

    អ្នកដែលមានជំងឺទាក់ទងនឹងទម្លាប់រស់នៅ(Metabolic syndrome) ងាយនឹងមានការកើនឡើងនៃអាស៊ីតអ៊ុយរិចនៅក្នុងឈាម។ លក្ខណៈពិសេសនៃជំងឺទាក់ទងនឹងទម្លាប់រស់នៅ(Metabolic syndrome) រួមមាន ទំហំចង្កេះធំ(ដោយសារមានជាតិខ្លាញ់ច្រើនស្តុកនៅផ្នែកពោះ) សម្ពាធឈាមឡើងខ្ពស់ ប្រសិទ្ធិភាពនៃដំណើរការអរម៉ូនអាំងស៊ុយលីនថយចុះ(ការស៊ាំនឹងអរម៉ូនអាំងស៊ុយលីន)ឬកម្រិតជាតិស្ករក្នុងឈាមឡើងខ្ពស់ និង កម្រិតកូឡេស្តេរ៉ូលឬជាតិខ្លាញ់ផ្សេងទៀតឡើងខ្ពស់ក្នុងឈាម។

    អ្នកដែលមានជំងឺរលាកសន្លាក់ដោយសារលើសអាស៊ីតអ៊ុយរិចក្នុងឈាមច្រើនកើតមានជំងឺទាក់ទងនឹងសរសៃឈាមបេះដូងថែមទៀត។

    អានបន្ថែម
  • មូលហេតុ

    អាស៊ីតអ៊ុយរិច (Uric acid) ជាសារធាតុដែលកើតពីប្រតិកម្មបំបែកអាស៊ីតនុយក្លេអិច (រួមមាន អាស៊ីតរីបូនុយក្លេអិច(RNA)និងអាស៊ីតដេអុកស៊ីនុយក្លេអិច(DNA))នៅក្នុងកោសិកា។ ជាធម្មតា រាងកាយនឹងបន្តដំណើរការបំបែកកោសិកាចាស់និងផលិតកោសិកាថ្មីជានិច្ច ដូច្នេះ នៅក្នុងឈាមតែងតែមានវត្តមាននៃអាស៊ីតអ៊ុយរិចក្នុងបរិមាណតិចតួច។ ម្យ៉ាងទៀត សារធាតុពួរីន(Purine)ដែលស្ថិតនៅក្នុងអាហារអាចបំលែងទៅជាអាស៊ីតអ៊ុយរិចយ៉ាងងាយស្រួលក្រោយបរិភោគចូលក្នុងរាងកាយ។ ពួរីនជាសារធាតុផ្សំនៃRNAនិងDNA។

    កំហាប់ក្នុងឈាមនៃអាស៊ីតអ៊ុយរិចកើនឡើងខ្ពស់ខុសប្រក្រតី ដោយសារមូលហេតុមួយចំនួនដូចខាងក្រោម៖

     ・ដំណើរការបញ្ចេញចោលអាស៊ីតអ៊ុយរិចនៅក្នុងតម្រងនោមថយចុះ (ជាមូលហេតុញឹកញាប់ជាងគេ)

     ・បរិភោគអាហារដែលមានផ្ទុកសារធាតុពួរីន(Purine)ឬគ្រឿងស្រវឹងច្រើនហួសហេតុ

     ・ដំណើរការសំយោគអាស៊ីតអ៊ុយរិចក្នុងរាងកាយកើនឡើងហួសហេតុ។

    មូលហេតុញឹកញាប់ជាងគេនោះគឺ តម្រងនោមមិនអាចបញ្ចេញអាស៊ីតអ៊ុយរិចទៅក្នុងទឹកនោមបានគ្រប់គ្រាន់ ធ្វើអោយបរិមាណអាស៊ីតអ៊ុយរិចក្នុងឈាមកើនឡើងខ្ពស់ខុសប្រក្រតី។ ស្ថានភាពនេះអាចពាក់ព័ន្ធនឹងបញ្ហាតំណពូជ។ នៅពេលដែលអាស៊ីតអ៊ុយរិចកើនឡើងច្រើនហួសហេតុនៅក្នុងឈាម វានឹងផ្ដុំគ្នាកកើតទៅជាដុំគ្រីស្តាល់តូចៗ ហើយធ្វើដំណើរទៅប្រមូលផ្ដុំនៅតាមសន្លាក់ឬជាលិកាជុំវិញនោះ។ ការបាត់បង់សមត្ថភាពបញ្ចេញចោលនូវអាស៊ីតអ៊ុយរិចរបស់តម្រងនោមអាចកើតឡើងដោយសារ ជំងឺតម្រងនោមមួយចំនួន ការប្រើប្រាស់ឱសថប្រភេទខ្លះ និង ស្ថានភាពពុលសារធាតុសំណ(Lead poisoning)។

    ការបរិភោគអាហារដែលសម្បូរសារធាតុពួរីន ដូចជា Anchovy អាស្ប៉ារ៉ាហ្គឹស(Asparagus) គ្រឿងបង់ក្នុងសម្ល(Consomme) ត្រីHerring ទឹកជ្រលក់ធ្វើពីសាច់(Gravy source) ប្រភេទផ្សិត ត្រីSardine ក្រពេញThymusឬលំពែងរបស់កូនគោឬកូនចៀម ជាដើមច្រើនហួសហេតុ អាចធ្វើអោយកម្រិតអាស៊ីតអ៊ុយរិចក្នុងឈាមកើនឡើង។ ប៉ុន្តែ ទោះជាព្យាយាមប្រកាន់យករបបអាហារដែលមានសារធាតុពួរីនទាបយ៉ាងខ្ជាប់ខ្ជួនក៏ដោយ ក៏កម្រិតអាស៊ីតអ៊ុយរិចក្នុងឈាមថយចុះតែបន្តិចបន្តួចប៉ុណ្ណោះ។ នៅក្នុងសម័យដែលមិនសូវសម្បូរសាច់សត្វឬសាច់ត្រី ជំងឺរលាកសន្លាក់ដោយសារអាស៊ីតអ៊ុយរិចនេះត្រូវបានចាត់ទុកថាជាជំងឺដែលកើតចំពោះអ្នកមានទ្រព្យសម្បត្តិតែប៉ុណ្ណោះ។

    នៅពេលដែលបរិភោគអាហារដែលសម្បូរសារធាតុពួរីន រួមជាមួយនឹងគ្រឿងស្រវឹង នោះគ្រឿងស្រវឹងមិនត្រឹមតែជម្រុញប្រតិកម្មសំយោគអាស៊ីតអ៊ុយរិចក្នុងរាងកាយប៉ុណ្ណោះទេ វាថែមទាំងរារាំងសកម្មភាពរបស់តម្រងនោមក្នុងការបញ្ចេញចោលអាស៊ីតអ៊ុយរិចពីរាងកាយទៀតផង។

    អ្នកដែលមានកម្រិតអាស៊ីតអ៊ុយរិចកើនឡើងខ្ពស់ក្នុងឈាមមិនប្រាកដថានឹងកើតមានអាការៈរលាកសន្លាក់ទាំងអស់គ្នានោះទេ។

    កត្តាហានិភ័យដែលបង្កអោយមានជំងឺរលាកសន្លាក់ដោយសារលើសអាស៊ីតអ៊ុយរិចក្នុងឈាម

    ・គ្រឿងស្រវឹង (រួមទាំង ស្រាបៀរដែលគ្មានជាតិអាល់កុលផងដែរ)

    ・ការបរិភោគអាហារធ្វើពីទឹកដោះតិច

    ・អាហារឬភេសជ្ជៈដែលមានផ្ទុកទីកសេរ៉ូផ្សំពីស្ករហ្រ្វុកតូសច្រើន

    ・ជំងឺមហារីកឬជំងឺទាក់ទងនឹងឈាមមួយចំនួន (ជំងឺមហារីកកោសិកាទឹករងៃ(Lymphoma) ជំងឺមហារីកគ្រាប់ឈាមស(Leukemia) ជំងឺស្លេកស្លាំងដោយសារខូចគ្រាប់ឈាមក្រហម(Hemolytic anemia))

    ・ការប្រើប្រាស់ឱសថមួយចំនួន (ឱសថបញ្ចុះទឹកនោមប្រភេទThiazide ឱសថCiclosporin ឱសថPyrazinamide ឱសថEthambutol ឱសថNicotinic acid ជាដើម)

    ・អាហារមួយចំនួន (Anchovy អាស្ប៉ារ៉ាហ្គឹស(Asparagus) គ្រឿងបង់ក្នុងសម្ល(Consomme) ត្រីHerring ទឹកជ្រលក់ធ្វើពីសាច់(Gravy source) ប្រភេទផ្សិត ត្រីSardine ក្រពេញThymusឬលំពែងរបស់កូនគោឬកូនចៀម ជាដើម)

    ・ជំងឺមុខងារក្រពេញលំពែងថយចុះ (Hypothyroidism)

    ・ការពុលសារធាតុសំណ (Lead poisoning)

    ・ការធាត់លើសទម្ងន់

    ・ជំងឺPsoriasis

    ・ការព្យាបាលដោយប្រើវិទ្យុសកម្ម

    ・ការប្រើប្រាស់ឱសថប្រឆាំងជំងឺមហារីក

    ・ជំងឺតម្រងនោមរ៉ាំរ៉ៃ

    ・ភាពខុសប្រក្រតីនៃអង់ស៊ីមមួយចំនួន ដែលកើតឡើងដោយកម្រ

    ・ស្ថានភាពខ្វះចំណីអាហារ

    មូលហេតុដែលមិនសូវញឹកញាប់នោះគឺ ជំងឺមួយចំនួនអាចបណ្ដាលអោយដំណើរការផលិតអាស៊ីតអ៊ុយរិចក្នុងរាងកាយកើនឡើងហួសហេតុ ដែលគេហៅស្ថានភាពនេះថា Secondary gout។ ជំងឺដែលជាមូលហេតុរួមមានជំងឺដូចខាងក្រោម៖

     ・ជំងឺអង់ស៊ីមខុសប្រក្រតីលក្ខណៈតំណពូជ

     ・ជំងឺដែលបង្កអោយមានដំណើរការផលិតឬខូចកោសិកាច្រើនភ្លាមៗ (ជំងឺមហារីកកោសិកាទឹករងៃ(Lymphoma) ជំងឺមហារីកគ្រាប់ឈាមស(Leukemia) ជំងឺស្លេកស្លាំងដោយសារខូចគ្រាប់ឈាមក្រហម(Hemolytic anemia))

     ・ឱសថដែលបង្កអោយមានដំណើរការផលិតឬខូចកោសិកាច្រើនភ្លាមៗ (ឱសថប្រឆាំងជំងឺមហារីកមួយចំនួន) ឬ ការព្យាបាលដោយប្រើវិទ្យុសកម្ម។

    នៅពេលដែលកម្រិតអាស៊ីតអ៊ុយរិចកើនឡើងខ្ពស់ក្នុងឈាម វាធ្វើអោយកម្រិតអាស៊ីតអ៊ុយរិចដែលស្ថិតនៅក្នុងសន្លាក់ក៏កើនឡើងផងដែរ។ ពេលនោះ អាស៊ីតអ៊ុយរិចនឹងប្រមូលផ្ដុំទៅជាដុំគ្រីស្តាល់តូចៗដោយស្ថិតនៅក្នុងជាលិកាសន្លាក់ឬក្នុងសារធាតុរាវនៃសន្លាក់។

    ជំងឺGout ច្រើនកើតនៅសន្លាក់នៃជើង ជាពិសេសនៅសន្លាក់គល់ម្រាមជើងមេ។ គេហៅអាការៈហើម ឈឺចាប់ និងឡើងក្រហមនៃម្រាមជើងមេថា Podagra។ ប៉ុន្តែ ជំងឺGoutក៏ងាយបង្ហាញរោគសញ្ញានៅកន្លែងផ្សេងទៀត ដូចជា កជើង ផ្នែកខ្នងនៃប្រអប់ជើង ជង្គង់ កដៃ កែងដៃផងដែរ។ ដុំគ្រីស្តាល់នៃអាស៊ីតអ៊ុយរិចងាយកកើតឡើងនៅផ្នែកដែលមានកម្ដៅជាជាងនៅផ្នែកដែលត្រជាក់ ដូច្នេះ គេច្រើនឃើញអាការៈនៃជំងឺនេះកើតឡើងនៅផ្នែកនៃរាងកាយដែលត្រជាក់។ ជាកម្រ វាក៏អាចកើតនៅផ្នែកនៃរាងកាយដែលមានកម្ដៅផងដែរ ដូចជា សន្លាក់នៃឆ្អឹងខ្នង សន្លាក់ត្រគាក សន្លាក់ស្មា ជាដើម។

    អាការៈរលាកសន្លាក់អាចកើតឡើងភ្លាមៗ ដោយគ្មានសញ្ញាប្រាប់មុន។ ករណីខ្លះ អាការៈរលាកសន្លាក់អាចកើតឡើងដោយសារស្ថានភាពដូចខាងក្រោម៖

    ・របួស

    ・ជំងឺ (ជំងឺរលាកសួត ឬ ជំងឺឆ្លងផ្សេងទៀត)

    ・ការវះកាត់

    ・ឱសថបញ្ចុះទឹកនោមប្រភេទThiazide

    ・ការចាប់ផ្ដើមព្យាបាលជំងឺដោយប្រើឱសថដែលអាចធ្វើអោយកម្រិតអាស៊ីតអ៊ុយរិចក្នុងឈាមប្រែប្រួលច្រើននិងភ្លាមៗ (ឧទាហរណ៍ ឱសថAllopurinol ឱសថNitroglycerin ជាពិសេសករណីប្រើឱសថNitroglycerinដែលផ្ទុកជាតិអាល់កុលចាក់ចូលតាមសរសៃវ៉ែន)

    ・ការពិសាគ្រឿងស្រវឹងឬអាហារដែលផ្ទុកសារធាតុពួរីនច្រើន។

    អានបន្ថែម
  • រោគសញ្ញា

    រោគសញ្ញាទូទៅនៃជំងឺGout គឺអាការៈឈឺចាប់ភ្លាមៗនៅសន្លាក់1កន្លែងឬច្រើនកន្លែង ដោយវាងាយកើតឡើងនៅពេលយប់។ មូលហេតុដែលអាការៈនេះកើតឡើងនៅពេលយប់ប្រហែលមកពីនៅពេលអ្នកជំងឺទម្រេតខ្លួន សារធាតុរាវដែលប្រមូលផ្ដុំនៅក្នុងសន្លាក់អំឡុងពេលថ្ងៃធ្វើចលនាចាកចេញពីសន្លាក់លឿនជាងអាស៊ីតអ៊ុយរិច ធ្វើអោយកំហាប់អាស៊ីតអ៊ុយរិចនៅក្នុងសន្លាក់កើនឡើង ដែលជាស្ថានភាពងាយកកើតជាដុំគ្រីស្តាល់តូចៗ។ អាការៈឈឺចាប់នោះនឹងចេះតែខ្លាំងឡើងៗ រហូតដល់កម្រិតស្ទើរទ្រាំមិនបាន ជាពិសេសនៅពេលអ្នកជំងឺធ្វើចលនាសន្លាក់ឬនៅពេលប៉ះពាល់សន្លាក់។

    សន្លាក់ដែលរលាកនឹងហើមហើយក្ដៅ ដោយគេឃើញស្បែកនៅផ្នែកសន្លាក់នោះប្រែពណ៌ក្រហមឬស្វាយ ហើយសន្លាក់មានលក្ខណៈរឹងនិងភ្លឺ។ ក្រៅពីនោះ អ្នកជំងឺអាចមានរោគសញ្ញាដូចជា ក្ដៅខ្លួន(អាចឡើងដល់38.9℃) ជីពចរកើនឡើង អស់កម្លាំងពេញខ្លួន រងាញាក់(កម្រ)។

    នៅដំណាក់កាលដំបូង អាការៈរលាកសន្លាក់ ជាទូទៅ កើតឡើងនៅសន្លាក់តែ1កន្លែងប៉ុណ្ណោះ ហើយវាបន្តបែបនេះរយៈពេលប្រហែល 2 ទៅ 3ថ្ងៃ។

    រោគសញ្ញានឹងបាត់ទៅវិញបន្តិចម្ដងៗ ហើយមុខងារសន្លាក់ក៏ត្រឡប់មកធម្មតាវិញ ដោយអ្នកជំងឺនឹងមិនមានរោគសញ្ញាអ្វីទាំងអស់រហូតដល់ពេលអាការៈរលាកសន្លាក់កើតឡើងវិញម្ដងទៀត។ ប៉ុន្តែ នៅពេលដែលជំងឺនេះវិវត្តទៅមុខ ហើយអ្នកជំងឺមិនធ្វើការព្យាបាលនោះទេ អាការៈរលាកដែលកើតឡើងម្ដងៗនឹងមានរយៈពេលកាន់តែយូរទៅៗ ហើយញឹកញាប់ជាងមុន ដោយវាអាចកើតឡើងនៅសន្លាក់ជាច្រើនកន្លែង។ ប្រសិនបើមិនព្យាបាល អាការៈរលាកអាចបន្តរហូតដល់ទៅ3សប្ដាហ៍។

    នៅពេលដែលការរលាកសន្លាក់កើតឡើងម្ដងហើយម្ដងទៀត ជំងឺនេះនឹងវិវត្តទៅកាន់តែធ្ងន់ធ្ងរលក្ខណៈរ៉ាំរ៉ៃ ហើយសន្លាក់របស់អ្នកជំងឺនឹងចាប់ផ្ដើមខូចទ្រង់ទ្រាយ។

    ដុំគ្រីស្តាល់តូចៗពីអាស៊ីតអ៊ុយរិចដែលប្រមូលផ្ដុំនៅសន្លាក់និងសរសៃសាច់ដុំនឹងបង្កការខូចខាតដល់សន្លាក់ យូរៗទៅ ចលនានៃសន្លាក់នឹងអាចជួបបញ្ហា។

    ដុំរឹងដែលកើតពីគ្រីស្តាល់តូចៗនៃអាស៊ីតអ៊ុយរិច(Tophus) ដំបូងកកើតឡើងហើយប្រមូលផ្ដុំនៅស្រទាប់ខាងក្នុងនៃសន្លាក់ ឆ្អឹងខ្ចី និង ឆ្អឹងជុំវិញសន្លាក់ បន្ទាប់មកវានឹងប្រមូលផ្ដុំនៅក្រោមស្បែកជុំវិញសន្លាក់។ Tophusក៏អាចកើតនៅតម្រងនោម សរីរាង្គផ្សេងទៀត និង ក្រោមស្បែកត្រចៀកផងដែរ។ ផ្នែកដែលងាយកកើតTophus រួមមាន ម្រាម ដៃ ជើង សរសៃសាច់ដុំពីកំភួនជើងដល់កែងជើង និង ជុំវិញសន្លាក់កែងដៃឬកែងជើង។ ជាទូទៅ Tophusមិនបង្កជាអាការៈឈឺចាប់ទេ ប៉ុន្តែ ក៏មានករណីដែលវាបង្កអាការៈរលាកនិងឈឺចាប់ផងដែរ។ ប្រសិនបើមិនព្យាបាល Tophusនឹងបែក ហើយកម្ទេចរបស់វាដែលមានរាងស្រួចនឹងចាក់ទម្លុះស្បែកចេញមកក្រៅ។ ម្យ៉ាងទៀត Tophusក៏ជាមូលហេតុនៃការប្រែខូចទ្រង់ទ្រាយរបស់សន្លាក់ផងដែរ។

    ប្រមាណ20%នៃអ្នកជំងឺGout នឹងកើតមានគ្រីស្តាល់ក្នុងតម្រងនោមពីអាស៊ីតអ៊ុយរិច។ គ្រីស្តាល់ទាំងនេះអាចនឹងទៅស្ទះផ្លូវនោម បង្កជាអាការៈឈឺចាប់ខ្លាំងក្លា ហើយប្រសិនបើមិនព្យាបាល វាអាចបង្កអោយអ្នកជំងឺកើតមានជំងឺឆ្លង និងតម្រងនោមទទួលការខូតខាត។

    អ្នកជំងឺGout ប្រសិនបើមានជំងឺផ្សេងទៀតដែលបង្កផលប៉ះពាល់ដល់តម្រងនោមដូចជាជំងឺទឹកនោមផ្អែមឬជំងឺលើសសម្ពាធឈាមជាដើម នោះមុខងារតម្រងនោមនឹងចុះខ្សោយឆាប់រហ័ស ធ្វើអោយដំណើរការបញ្ចេញចោលអាស៊ីតអ៊ុយរិចកាន់តែធ្លាក់ចុះ ជាលទ្ធផល អាការៈនៃជំងឺGoutនិងការខូចខាតសន្លាក់កាន់តែធ្ងន់ធ្ងរ។

    អានបន្ថែម
  • រោគវិនិច្ឆ័យ

    ・ការពិនិត្យសារធាតុរាវក្នុងសន្លាក់ដោយមីក្រូទស្សន៍

    ・ការពិនិត្យដោយកាំរស្មីអ៊ិចឬអេកូ (ករណីខ្លះ)

    វេជ្ជបណ្ឌិតនឹងសង្ស័យថាជាជំងឺGout យោងទៅតាមរោគសញ្ញាច្បាស់លាស់របស់ជំងឺនេះ មានដូចខាងក្រោម៖

       + រោគសញ្ញាPodagraនៅជើង (អាការៈហើម ឈឺចាប់ ឡើងក្រហមនៅម្រាមមេជើង)

       + អាការៈរលាកនៅផ្នែកខ្នងនៃប្រអប់ជើងដែលកើតឡើងម្ដងហើយម្ដងទៀត

       + អាការៈដែលកើតឡើងភ្លាមៗនិងបាត់ទៅវិញដោយឯកឯងកន្លងមក

    កម្រិតអាស៊ីតអ៊ុយរិចក្នុងឈាមរបស់អ្នកជំងឺ Gout ភាគច្រើននឹងកើនឡើង។ ប៉ុន្តែ ក៏មានករណីមិនតិចដែរដែលកម្រិតអាស៊ីតអ៊ុយរិចស្ថិតក្នុងកម្រិតធម្មតាផងដែរ ជាពិសេស ក្នុងចន្លោះពេលនៃការកើតមានអាការៈម្ដងៗ គឺអ្នកជំងឺមិនមានរោគសញ្ញានៃជំងឺនេះទេ។ មនុស្សជាច្រើនដែលមានកម្រិតអាស៊ីតអ៊ុយរិចកើនឡើងខ្ពស់ក្នុងឈាម ប៉ុន្តែ មិនមានអាការៈរលាកកើតឡើងនោះទេ។

    ជាទូទៅ គេធ្វើរោគវិនិច្ឆ័យដោយផ្អែកលើលទ្ធផលនៃការពិនិត្យក្រោមមីក្រូទស្សន៍ទៅលើសំណាកនៃTophusឬសារធាតុរាវក្នុងសន្លាក់។ ប្រសិនបើគេសង្កេតឃើញមានដុំគ្រីស្តាល់តូចៗនៃអាស៊ីតអ៊ុយរិចដែលមានរាងជាម្ជុលតូចៗ នោះគេសន្មតថាជាជំងឺរលាកសន្លាក់ដោយសារលើសអាស៊ីតអ៊ុយរិចក្នុងឈាម(Gout)។

    ការពិនិត្យដោយកាំរស្មីអ៊ិចនឹងបង្ហាញអំពីស្ថានភាពខូចខាតនៃសន្លាក់និងវត្តមាននៃTophus ដោយគេអាចឃើញមានការប្ដូរទីតាំងនៃឆ្អឺងឬមានការកកើតជាថង់ខ្ទុះនៅទីនោះ។ ដើម្បីដឹងថាមានការប្រមូលផ្ដុំនៃអាស៊ីតអ៊ុយរិចដែរឬទេ គេក៏អាចអនុវត្តការពិនិត្យដោយអេកូផងដែរ។

    ជំងឺGoutអាចត្រូវវិនិច្ឆ័យខុស ដោយច្រឡំទៅនឹងជំងឺរលាកសន្លាក់ប្រភេទផ្សេង។

    ប្រសិនបើគេអាចរកឃើញនិងព្យាបាលជំងឺGoutក្នុងដំណាក់កាលដំបូង អ្នកជំងឺអាចជាសះស្បើយនឹងត្រឡប់ទៅជីវភាពរស់នៅប្រចាំថ្ងៃវិញបាន។ ចំពោះអ្នកជំងឺដែលបានវិវត្តទៅមុខមួយកម្រិត គេអាចព្យាបាលធ្វើអោយTophusបាត់ទៅវិញនិងមុខងារសន្លាក់ល្អប្រសើរឡើង តាមរយៈការបញ្ចុះកម្រិតអាស៊ីតអ៊ុយរិចក្នុងឈាមអោយចុះទាបច្រើន។

    ជាទូទៅ ជំងឺGoutដែលកើតឡើងចំពោះមនុស្សក្រោយអាយុ30ឆ្នាំ ច្រើនមានលក្ខណៈធ្ងន់ធ្ងរ។ ជំងឺទាក់ទងនឹងទម្លាប់រស់នៅ(Metabolic syndrome)និងជំងឺសរសៃឈាមបេះដូង អាចជាមូលហេតុបណ្ដាលអោយអ្នកជំងឺGoutបាត់បង់ជីវិតក្នុងវ័យក្មេង។

    អ្នកជំងឺមួយចំនួន ទោះជាទទួលការព្យាបាលក៏ដោយ ក៏សុខភាពមិនអាចត្រឡប់មកដូចដើមវិញនោះទេ។ មូលហេតុនោះគឺដោយសារការមិនប្រើប្រាស់ឱសថទៅតាមវេជ្ជបញ្ជា ឱសថប្រើប្រាស់មានកម្រិតទាបពេក ញៀនស្រា ។ល។

    អានបន្ថែម
  • ការព្យាបាល

    ・ការសម្រាកស្ងៀម ប្រើឈើអបសន្លាក់ដែលកំពុងឈឺ ស្អំអោយត្រជាក់

    ・ការផ្លាស់ប្ដូររបបអាហារនិងការសម្រកទម្ងន់ ដើម្បីបញ្ចុះកម្រិតអាស៊ីតអ៊ុយរិចក្នុងឈាមនិងបង្ការការកើតមានអាការៈម្ដងទៀត

    ・ការប្រើប្រាស់ឱសថទប់ស្កាត់ការរលាកដោយសារគ្រីស្តាល់នៃបណ្ដុំអាស៊ីតអ៊ុយរិច ដើម្បីបង្ការការកើតមានអាការៈ

    ・ការប្រើប្រាស់ឱសថបញ្ចុះអាស៊ីតអ៊ុយរិចក្នុងឈាម និង រំលាយគ្រីស្តាល់នៃបណ្ដុំអាស៊ីតអ៊ុយរិច

    គោលដៅ3នៅក្នុងការព្យាបាលជំងឺGout

      +កាត់បន្ថយអាការៈរលាកដែលកើតឡើងភ្លាមៗ

      +បង្ការការកើតមានអាការៈសាជាថ្មី

      +បញ្ចុះកម្រិតអាស៊ីតអ៊ុយរិចក្នុងឈាម ដើម្បីបង្ការកុំអោយមានការប្រមូលផ្ដុំនៃអាស៊ីតអ៊ុយរិចនៅតាមជាលិកាផ្សេងៗបន្តទៀត

    ការកាត់បន្ថយអាការៈដែលកើតឡើងភ្លាមៗ

    ឱសថបំបាត់ការរលាកប្រភេទមិនមែនស្តេរ៉ូអ៊ីត (NSAID) មានប្រសិទ្ធិភាពកាត់បន្ថយអាការៈឈឺចាប់និងហើមនៅសន្លាក់បាន។ ករណីខ្លះ ដើម្បីបំបាត់អាការៈឈឺចាប់ គេចាំបាច់ត្រូវប្រើឱសថបំបាត់ការឈឺចាប់ប្រភេទអូភីអូយ(ឱសថOxycodoneជាដើម)បន្ថែមទៀត។

    ទោះជាអាការៈឈឺចាប់និងរលាកបានជាសះស្បើយក្រោយប្រើឱសថប្រភេទNSAIDហើយក៏ដោយ ក៏អ្នកជំងឺគួរបន្តប្រើឱសថនេះរយៈពេលប៉ុន្មានថ្ងៃបន្ថែមទៀត ដើម្បីបង្ការការកើតមានអាការៈឈឺចាប់សាឡើងវិញ។

    ឱសថColchicine ធ្លាប់ជាឱសថដែលគេប្រើញឹកញាប់ជាងគេនៅក្នុងការព្យាបាលជំងឺGout ប៉ុន្តែ បច្ចុប្បន្ននេះការប្រើឱសថនេះបានថយចុះ។ ជាទូទៅ ក្រោយពេលប្រើឱសថColchicine អាការៈឈឺចាប់នៅសន្លាក់នឹងចាប់ផ្ដើមធូរស្បើយបន្ទាប់ពីរយៈពេល12~24ម៉ោង ហើយអាការៈឈឺចាប់អាចនឹងបាត់ទៅវិញក្នុងរយៈពេល3~7ថ្ងៃ។ ឱសថColchicine មានទម្រង់ជាថ្នាំគ្រាប់ ដោយករណីភាគច្រើន គេត្រូវលេបចំនួន2គ្រាប់ដោយទុកគម្លាតរវាងគ្នារយៈពេល1ម៉ោង។ អ្នកជំងឺគួរលេបគ្រាប់ទីមួយអោយបានឆាប់រហ័សបន្ទាប់ពីកើតមានអាការៈ។ អាចមានករណីដែលវេជ្ជបណ្ឌិតតម្រូវអោយអ្នកជំងឺលេបគ្រាប់ទីបីបន្ថែមទៀត។

    ឱសថCorticosteroid (ឱសថPrednisoneឬPrednisolone ជាដើម) មានប្រយោជន៍ទប់ស្កាត់ការរលាកនិងហើមនៅសន្លាក់ចំពោះអ្នកជំងឺដែលមិនអាចប្រើប្រាស់ឱសថផ្សេងទៀតបាន។

    ប្រសិនបើសន្លាក់ដែលកើតមានអាការៈមានតែ1ឬ2កន្លែង គេអាចប្រើឱសថចាក់ប្រភេទស្តេរ៉ូអ៊ីត(ឱសថPrednisolone tebutate ជាដើម) ដើម្បីចាក់ចូលទៅក្នុងសន្លាក់ដោយប្រើម្ជុលដូចគ្នាទៅនឹងពេលបូមយកសារធាតុរាវក្នុងសន្លាក់ចេញ។

    ដូចគ្នាទៅនឹងការប្រើឱសថប្រភេទNSAIDដែរ ដើម្បីបង្ការការកើតមានអាការៈឡើងវិញ អ្នកជំងឺគួរបន្តលេបឱសថប្រភេទស្តេរ៉ូអ៊ីតរហូតដល់ពេលដែលអាការៈបាត់ទៅវិញទាំងស្រុង។

    បន្ថែមពីលើការប្រើឱសថប្រភេទNSAIDឬឱសថប្រភេទស្តេរ៉ូអ៊ីត គេអាចកាត់បន្ថយអាការៈឈឺចាប់បន្ថែមទៀតដោយប្រើឱសថបំបាត់ការឈឺចាប់ប្រភេទផ្សេងទៀត ការអោយអ្នកជំងឺសម្រាកនៅស្ងៀមដោយមានការអបនៅសន្លាក់ដែលមានបញ្ហា និង ធ្វើការស្អំកន្លែងនោះអោយត្រជាក់។ ករណីអ្នកជំងឺមិនអាចទ្រាំទ្រនឹងផលរំខានពីឱសថប្រភេទស្តេរ៉ូអ៊ីត ឬ ឱសថColchicine ឬឱសថប្រភេទNSAIDបាន គេអាចប្រើប្រាស់ឱសថប្រភេទទប់ស្កាត់សកម្មភាពប្រព័ន្ធភាពស៊ាំនិងអាការៈរលាកដូចជាឱសថAnakinraជាដើម ប៉ុន្តែ ឱសថប្រភេទនេះមានតម្លៃថ្លៃ។ ករណីជំងឺGoutកើតឡើងដោយសារមូលហេតុច្បាស់លាស់ដូចជាជំងឺតម្រងនោមរ៉ាំរ៉ៃឬជំងឺដំបៅក្រពះពោះវៀនជាដើម ឬ ករណីអ្នកជំងឺកំពុងប្រើប្រាស់ឱសថមួយចំនួន(ឱសថប្រឆាំងកំណកឈាមជាដើម) គេអាចនឹងមិនអនុវត្តឬកែសម្រួលទៅលើវិធីព្យាបាលទូទៅសម្រាប់ជំងឺGout។

    ការបង្ការការកើតមានអាការៈរលាកសន្លាក់ដោយសារអាស៊ីតអ៊ុយរិច

    វិធានការខាងក្រោមមានប្រសិទ្ធិភាពនៅក្នុងការបង្ការកុំអោយកើតមានអាការៈរលាកសន្លាក់៖

      ・ចៀសវាងពិសាភេសជ្ជៈដែលមានជាតិអាល់កុល (ស្រាបៀរជាដើម) និង ស្រាបៀរដែលមិនផ្ទុកជាតិអាល់កុល

      ・សម្រកទម្ងន់

      ・បញ្ឈប់ការប្រើប្រាស់ឱសថដែលមានឥទ្ធិពលបង្កើនអាស៊ីតអ៊ុយរិចក្នុងឈាម

      ・កាត់បន្ថយការបរិភោគអាហារដែលសម្បូរសារធាតុពួរីន (Purine)

      ・ជំនួសអាហារផ្សេងទៀតដោយផលិតផលពីទឹកដោះដែលមានជាតិខ្លាញ់ទាប

    ប៉ុន្តែ វិធានការទាំងនេះក៏នៅតែមិនគ្រប់គ្រាន់នៅក្នុងការបង្ការជំងឺGout។

    អ្នកជំងឺGoutដែលគ្មានមូលហេតុពីបញ្ហាសុខភាពផ្សេងទៀត ស្ទើរគ្រប់គ្នាទាំងអស់គឺធាត់លើសទម្ងន់។ ប្រសិនបើពួកគេព្យាយាមសម្រកទម្ងន់បន្តិចម្ដងៗ នោះកម្រិតអាស៊ីតអ៊ុយរិចក្នុងឈាមនឹងល្អប្រសើរឡើងត្រឡប់ដូចឬក្បែរកម្រិតធម្មតា ហើយអាការៈរលាកសន្លាក់ក៏លែងកើតមាន។

    ចំពោះអ្នកដែលកើតមានអាការៈរលាកសន្លាក់ខ្លាំងក្លាម្ដងហើយម្ដងទៀត ចាំបាច់ត្រូវប្រើប្រាស់ឱសថបង្ការការកើតមានអាការៈជាប្រចាំថ្ងៃ។ មានករណីខ្លះដែលអ្នកជំងឺត្រូវពិសាឱសថColchicineរៀងរាល់ថ្ងៃដើម្បីការពារកុំអោយកើតមានអាការៈឬកាត់បន្ថយភាពញឹកញាប់នៃការកើតមានអាការៈ។ គេក៏អាចបង្ការដោយប្រើឱសថប្រភេទNSAIDផងដែរ។ ឱសថទាំងនេះមានប្រយោជន៍នៅក្នុងការទប់ស្កាត់កុំអោយកើតមានអាការៈឈឺចាប់ដោយសារការរលាកបង្កឡើងដោយគ្រីស្ដាល់នៃបណ្ដុំអាស៊ីតអ៊ុយរិច។ ប៉ុន្តែ ឱសថColchicineនិងឱសថប្រភេទNSAIDក៏នឹងអាចបង្កផលរំខានផ្សេងៗផងដែរ។

    អ្នកជំងឺGoutអាចនឹងកំពុងប្រើប្រាស់ឱសថបញ្ចុះទឹកនោមដូចជាHydrochlorothiazideជាដើមដើម្បីគ្រប់គ្រងជំងឺលើសសម្ពាធឈាម ដូច្នេះ អ្នកជំងឺបែបនេះគួរប្ដូរទៅជាការប្រើឱសថLosartanឬឱសថស្រដៀងនោះដើម្បីបញ្ចុះសម្ពាធឈាមវិញ។ ធ្វើដូចនេះ គេអាចកាត់បន្ថយភាពញឹកញាប់នៃការកើតមានអាការៈរលាកសន្លាក់បាន។ អ្នកដែលលើសសម្ពាធឈាមត្រូវតែប្រើប្រាស់វិធីព្យាបាលណាមួយដើម្បីគ្រប់គ្រងសម្ពាធឈាមអោយបានល្អប្រសើរ។ ទោះជាគេអាចបង្ការការកើតមានអាការៈរលាកសន្លាក់ក៏ដោយ ក៏គ្រីស្តាល់នៃបណ្ដុំអាស៊ីតអ៊ុយរិចនៅតែស្ថិតនៅក្នុងសន្លាក់ ដូច្នេះ គេមិនអាចទប់ស្កាត់ឬព្យាបាលការខូតខាតនៃសន្លាក់បាននោះទេ ហើយការប្រើប្រាស់ឱសថទាំងនេះអាចផ្ដល់ផលប៉ះពាល់ចំពោះអ្នកដែលមានជំងឺទាក់ទងនឹងតម្រងនោមឬថ្លើម។

    ការបញ្ចុះកម្រិតអាស៊ីតអ៊ុយរិចក្នុងឈាម

    ការកើនឡើងខ្ពស់នៃអាស៊ីតអ៊ុយរិចក្នុងឈាម ជាមូលហេតុនៃបញ្ហាជាច្រើនចំពោះអ្នកជំងឺGout ហើយចំពោះអ្នកដែលមិនឈានដល់ជាជំងឺGout វាប៉ះពាល់ដោយបង្កើនហានិភ័យនៃការកើតជំងឺតម្រងនោម។

    អ្នកជំងឺGoutដែលមានលក្ខណៈដូចខាងក្រោមចាំបាច់ត្រូវព្យាយាមបញ្ចុះអាស៊ីតអ៊ុយរិចក្នុងឈាមជាពិសេស៖

     ・កើតមានអាការៈរលាកសន្លាក់ខ្លាំងនិងញឹកញាប់ ទោះបីជាកំពុងប្រើប្រាស់ឱសថColchicineនិងឱសថប្រភេទNSAIDក៏ដោយ

     ・កើតមានTophusនៅសន្លាក់

     ・កើតមានគ្រីស្តាល់ពីអាស៊ីតអ៊ុយរិចក្នុងតម្រងនោម

     ・ការប្រើប្រាស់ឱសថColchicineនិងឱសថប្រភេទNSAIDបង្កើនហានិភ័យនៃជំងឺដំបៅក្រពះពោះវៀនឬជំងឺតម្រងនោមរ៉ាំរ៉ៃ

    អ្នកជំងឺលើសសម្ពាធឈាមត្រូវដឹងអំពីសម្ពាធឈាមរបស់ខ្លួន ដូចគ្នាដែរ អ្នកដែលកំពុងប្រើប្រាស់ឱសថបញ្ចុះអាស៊ីតអ៊ុយរិចក៏ត្រូវដឹងអំពីកម្រិតអាស៊ីតអ៊ុយរិចក្នុងឈាមរបស់ខ្លួនផងដែរ។ គោលដៅនៃការព្យាបាលដោយឱសថគឺបញ្ចុះកម្រិតអាស៊ីតអ៊ុយរិចក្នុងឈាមអោយស្ថិតនៅក្រោម6mg/dL។ ប្រសិនបើគេអាចរក្សាកម្រិតនេះរហូតតទៅ នោះនឹងមិនមានការប្រមូលផ្ដុំនៃអាស៊ីតអ៊ុយរិចនៅជុំវិញសន្លាក់ឬជាលិកាទន់ ហើយបណ្ដុំអាស៊ីតអ៊ុយរិចដែលកកើតហើយក៏ចាប់ផ្ដើមរលាយទៅវិញបន្តិចម្ដងៗ។

    ឱសថដែលប្រើនៅក្នុងការព្យាបាលអាចជាឱសថដែលកាត់បន្ថយការផលិតអាស៊ីតអ៊ុយរិចនៅក្នុងរាងកាយ ឬ ជាឱសថដែលបង្កើនការបញ្ចេញចោលអាស៊ីតអ៊ុយរិចតាមទឹកនោម។ ជាលទ្ធផល កម្រិតអាស៊ីតអ៊ុយរិចក្នុងឈាមនឹងថយចុះមកវិញ។

    ឱសថAllopurinol ជាឱសថដែលត្រូវបានប្រើញឹកញាប់ជាងគេនៅក្នុងការបញ្ចុះកម្រិតអាស៊ីតអ៊ុយរិចក្នុងឈាម។ ឱសថនេះមានសកម្មភាពទប់ស្កាត់ការផលិតអាស៊ីតអ៊ុយរិចក្នុងរាងកាយ។ ប៉ុន្តែ ឱសថAllopurinol អាចផ្ដល់ផលរំខានដល់ក្រពះ ហើយករណីកម្រ ឱសថនេះអាចបង្កជាអាការៈកន្ទួលក្រហម គ្រាប់ឈាមសថយចុះ ប៉ះពាល់មុខងារថ្លើម ការរលាកសរសៃឈាម។ ម្យ៉ាងទៀត ឱសថAllopurinolអាចនឹងធ្វើអោយកើតមានអាការៈរលាកសន្លាក់ភ្លាមៗនៅពេលចាប់ផ្ដើមប្រើឱសថនេះដំបូង។ ហានិភ័យនៃការកើតមានស្ថានភាពនេះអាចកាត់បន្ថយបានដោយការប្រើឱសថColchicineក្នុងកម្រិតទាបឬឱសថប្រភេទNSAID ដូច្នេះ ជាទូទៅ នៅពេលចាប់ផ្ដើមប្រើប្រាស់ឱសថAllopurinolដំបូង អ្នកជំងឺនឹងត្រូវប្រើឱសថColchicineឬឱសថប្រភេទNSAIDជាមួយគ្នារយៈពេលប៉ុន្មានខែផងដែរ។

    ឱសថFebuxostat ជាឱសថបញ្ចុះអាស៊ីតអ៊ុយរិចមួយប្រភេទ។ ឱសថនេះមានប្រសិទ្ធិភាពពិសេសចំពោះអ្នកជំងឺដែលមិនអាចប្រើប្រាស់ឱសថAllopurinolបានឬមិនទទួលបានប្រសិទ្ធិភាពពីឱសថAllopurinol។ ដូចគ្នាដែរ នៅពេលចាប់ផ្ដើមប្រើឱសថFebuxostat អ្នកជំងឺអាចនឹងកើតមានអាការៈរលាកសន្លាក់។

    ឱសថUricase ត្រូវបានប្រើប្រាស់ប៉ុន្តែមិនសូវញឹកញាប់ប៉ុន្មានទេ។ គេប្រើឱសថនេះដោយចាក់ចូលក្នុងសរសៃវ៉ែនចំនួន1ដងក្នុង2សប្ដាហ៍ ដោយអាចបញ្ចុះកម្រិតអាស៊ីតអ៊ុយរិចបានច្រើន ប៉ុន្តែ វាអាចបង្កជាអាការៈរលាកសន្លាក់ភ្លាមៗ(នៅពេលប្រើដំបូង)ឬបង្កជាប្រតិកម្មអាលែកហ្ស៊ីចំពោះអ្នកជំងឺមួយចំនួន។

    ឱសថជម្រុញការបញ្ចេញចោលអាស៊ីតអ៊ុយរិច ជាឱសថដែលនឹងបង្កើនការបញ្ចេញអាស៊ីតអ៊ុយរិចពីរាងកាយតាមរយៈទឹកនោមចំពោះអ្នកដែលមានមុខងារតម្រងនោមប្រក្រតី។ ឱសថប្រភេទនេះរួមមាន ឱសថProbenecid និង ឱសថSulfinpyrazone ជាដើម។ ឱសថAspirinមានសកម្មភាពប្រឆាំងនឹងឱសថProbenecid និង ឱសថSulfinpyrazone ដូច្នេះ អ្នកជំងឺមិនត្រូវប្រើឱសថAspirinក្នុងកម្រិតខ្ពស់រួមជាមួយឱសថប្រភេទនេះទេ។ ប៉ុន្តែ អ្នកជំងឺGoutមានហានិភ័យខ្ពស់ក្នុងការកើតជំងឺបេះដូង ដូច្នេះ អ្នកជំងឺត្រូវប្រើប្រាស់ឱសថAspirinក្នុងកម្រិតទាប់(81mg/ថ្ងៃ) ដើម្បីការពារមុខងារបេះដូង។

    អាការៈដែលកើតឡើងដោយសារបម្រែបម្រួលនៃអាស៊ីតអ៊ុយរិច (Mobilization attack)

    ការព្យាបាលដោយបញ្ចុះកម្រិតអាស៊ីតអ៊ុយរិចក្នុងឈាមមួយណាក៏អាចបង្កអោយកើតមានអាការៈរលាកសន្លាក់ភ្លាមៗផងដែរ។ អាការៈនេះច្រើនកើតមាននៅក្រោយពេលអ្នកជំងឺពិសាឱសថរួចភ្លាម។ នេះជាសញ្ញាបង្ហាញថាកម្រិតអាស៊ីតអ៊ុយរិចកំពុងថយចុះដោយសារប្រសិទ្ធិភាពឱសថ។ ក្នុងអំឡុងពេលនៃការកើតមានអាការៈបែបនេះក៏ដោយ ក៏អ្នកជំងឺមិនត្រូវបញ្ឈប់ការប្រើប្រាស់ឱសថទាំងនេះឡើយ។ ការប្រើប្រាស់ឱសថColchicineក្នុងកម្រិតទាបឬឱសថប្រភេទNSAIDរយៈពេលប៉ុន្មានខែបន្ទាប់ពីចាប់ផ្ដើមការព្យាបាលអាចមានប្រយោជន៍នៅក្នុងការបង្ការឬព្យាបាលអាការៈរលាកសន្លាក់ដែលកើតឡើងភ្លាមៗបណ្ដាលមកពីបម្រែបម្រួលនៃអាស៊ីតអ៊ុយរិចបែបនេះ។

    ការព្យាបាលផ្សេងៗទៀត

    ឱសថជម្រុញការបញ្ចេញចោលអាស៊ីតអ៊ុយរិច អាចបញ្ចុះកម្រិតអាស៊ីតអ៊ុយរិចក្នុងឈាមបាន ប៉ុន្តែ វាក៏អាចនឹងធ្វើអោយកំហាប់អាស៊ីតអ៊ុយរិចក្នុងទឹកនោមកើនឡើងផងដែរ។ ដូច្នេះ គេអាចការពារការកកើតជាគ្រីស្តាល់នៃអាស៊ីតអ៊ុយរិចក្នុងផ្លូវនោមដោយការពិសាទឹកក្នុងបរិមាណច្រើនជាប្រចាំ(យ៉ាងហោចណាស់ប្រមាណ3លីត្រ/ថ្ងៃ)។ ការពិសាឱសថAcetazolamide ឬ ឱសថPotassium citrate អាចធ្វើអោយទឹកនោមប្រែជាមានលក្ខណៈបាសឬកាត់បន្ថយលក្ខណៈអាស៊ីតនៃទឹកនោម ដែលធ្វើអោយអាស៊ីតអ៊ុយរិចនៅក្នុងទឹកនោមងាយរលាយ និង មិនងាយកកើតជាគ្រីស្តាល់ក្នុងផ្លូវនោម។ ប៉ុន្តែ ប្រសិនបើទឹកនោមមានលក្ខណៈបាសខ្លាំងហួសហេតុ វាអាចបង្កជាបញ្ហាផ្សេងទៀតដោយវាអាចនឹងបង្កជាគ្រីស្តាល់នៃសារធាតុCalcium oxalateឬសារធាតុCalcium phosphateទៅវិញ។

    នៅពេលដែលកម្រិតអាស៊ីតអ៊ុយរិចក្នុងឈាមអាចថយចុះបានគ្រប់គ្រាន់(ក្រោម6mg/dL) បណ្ដុំអាស៊ីតអ៊ុយរិចTophusនឹងចាប់ដ្ដើមតូចទៅបន្តិចម្ដងៗ។ ប៉ុន្តែ ករណីTophusមានទំហំធំ អ្នកជំងឺអាចនឹងចាំបាច់ទទួលការវះកាត់ដើម្បីយកចេញ។

    គ្រីស្តាល់កើតពីអាស៊ីតអ៊ុយរិចដែលកកើតនៅផ្លូវនោមអាចបំបែកដោយប្រើរលកសម្លេង(អេកូ)ដែលបាញ់ពីក្រៅរាងកាយសំដៅទៅគ្រីស្តាល់ទាំងនោះ បន្ទាប់ពីនោះ គ្រីស្តាល់ទាំងនោះនឹងត្រូវបានបញ្ចេញមកក្រៅរាងកាយតាមទឹកនោម។ បច្ចេកវិទ្យានេះហៅថា Extracorporeal shock wave lithotripsy។

    អានបន្ថែម