Diabetes Mellitus (ជំងឺទឹកនោមផ្អែម)
-
- លក្ខណៈទូទៅ
- បំណែងចែកប្រភេទ
- រោគសញ្ញា
- រោគវិនិច្ឆ័យ
- ការព្យាបាល
-
លក្ខណៈទូទៅ
ជំងឺទឹកនោមផ្អែម (Diabetes Mellitus) ជាស្ថានភាពដែលកម្រិតជាតិស្ករក្នុងឈាមកើនឡើងខុសប្រក្រតី ដោយសារអរម៉ូនអាំងស៊ុយលីន(Insulin)មិនត្រូវបានបញ្ចេញគ្រប់គ្រាន់សម្រាប់តម្រូវការរបស់រាងកាយ ឬ ដោយសាររាងកាយមិនអាចឆ្លើយតបជាធម្មតាទៅនឹងសកម្មភាពនៃអរម៉ូនអាំងស៊ុយលីនដែលត្រូវបានបញ្ចេញពីក្រពេញលំពែង។
・ជំងឺទឹកនោមផ្អែម ជាស្ថានភាពដែលបរិមាណផលិតអរម៉ូនអាំងស៊ុយលីនថយចុះ ឬ ប្រសិទ្ធិភាពនៃអរម៉ូននេះធ្លាក់ចុះ ឬ កើតឡើងដោយសារកត្តាទាំងពីរនេះរួមគ្នា ធ្វើអោយកម្រិតជាតិស្ករក្នុងឈាមកើនឡើង ដែលជាចំណុចចាប់ផ្ដើមនៃបញ្ហាផ្សេងៗទៀតនៅក្នុងរាងកាយ។
・នៅពេលធ្វើរោគវិនិច្ឆ័យ វេជ្ជបណ្ឌិតសង្កេតទៅលើរោគសញ្ញា ដូចជា អាការៈស្រេកទឹក(ស្ងួតក)ខ្លាំង ការបញ្ចេញទឹកនោមកើនឡើង ស្រកទម្ងន់ ជាដើម។
・រោគវិនិច្ឆ័យធ្វើឡើងដោយផ្អែកទៅលើរោគសញ្ញារបស់អ្នកជំងឺ លទ្ធផលនៃការពិនិត្យទឹកនោមនិងការពិនិត្យឈាម។
・ការព្យាបាលមានលក្ខណៈខុសគ្នាទៅតាមប្រភេទនៃជំងឺទឹកនោមផ្អែម ដោយរួមមាន របបអាហារ ការធ្វើលំហាត់ប្រាណ ការសម្រកទម្ងន់(ករណីអ្នកជំងឺលើសទម្ងន់) ការប្រើឱសថចាក់អាំងស៊ុយលីន ការប្រើឱសថលេបប្រភេទផ្សេងៗ ជាដើម។
រោគសញ្ញា ការធ្វើរោគវិនិច្ឆ័យ និង ការព្យាបាលនៃជំងឺទឹកនោមផ្អែម មានលក្ខណៈស្ទើរតែដូចគ្នាទាំងស្រុងទាំងចំពោះកុមារនិងចំពោះមនុស្សពេញវ័យ។ ប៉ុន្តែ ចំពោះអ្នកជំងឺជាកុមារ ការគ្រប់គ្រងជំងឺទឹកនោមផ្អែមមានលក្ខណៈស្មុគស្មាញជាង ដោយគេត្រូវផ្លាស់ប្ដូររបៀបគ្រប់គ្រងជំងឺជាញឹកញាប់ ស្របទៅតាមការលូតលាស់ផ្នែករាងកាយនិងផ្នែកស្មារតីរបស់កុមារ រួមទាំង បរិមាណអាហារបរិភោគដែលប្រែប្រួលជានិច្ច សកម្មភាពរាងកាយ ស្ត្រេស ។ល។
ជាតិស្ករក្នុងឈាម៖
ជំងឺទឹកនោមផ្អែមជាជំងឺដែលមានបញ្ហាត្រង់បរិមាណនៃជាតិស្ករក្នុងឈាម។ ជាតិស្ករមានច្រើនប្រភេទផ្សេងៗគ្នា។ ស្ករដែលមានគ្រាប់ល្អិតៗពណ៌ស ហៅថា ស៊ូក្រូស(Sucrose)។ ស៊ូក្រូស ជាសារធាតុដែលមានផ្ទុកនៅក្នុងរុក្ខជាតិអំពៅនិងប៊ីត(Beat)ជាដើម។ ឡាក់តូស(Lactose)ជាប្រភេទមួយទៀតនៃជាតិស្ករដែលមានផ្ទុកនៅក្នុងទឹកដោះ។ ស៊ូក្រូស (Sucrose) ជាសមាសធាតុដែលផ្សំឡើងពីម៉ូលេគុលស្ករចំនួន2ប្រភេទ គឺ គ្លុយកូស(Glucose) និង ហ៊្វុ្រកតូស(Fructose)។ រីឯឡាក់តូស(Lactose)ក៏ជាសមាសធាតុដែលផ្សំឡើងពីម៉ូលេគុលស្ករចំនួន2ប្រភេទផងដែរ ប៉ុន្តែ ម៉ូលេគុលស្ករទាំងនោះគឺ គ្លុយកូស(Glucose) និង ហ្កាឡាក់តូស(Galactose)។ ទាំងស៊ូក្រូសទាំងឡាក់តូស ដើម្បីស្រូបសមាសធាតុស្ករទាំងនេះឆ្លងកាត់ពោះវៀនចូលទៅក្នុងចរន្តឈាម ពួកវាត្រូវបំបែកខ្លួនទៅជាម៉ូលេគុលស្ករតូច គឺ គ្លុយកូស(Glucose) ហ៊្វុ្រកតូស(Fructose) និង ហ្កាឡាក់តូស(Galactose)។ គ្លុយកូស(Glucose) ជាសារធាតុស្ករដែលចាំបាច់បំផុត ដោយវាជាប្រភពថាមពលសម្រាប់រាងកាយ។ សមាសធាតុស្ករជាច្រើនផ្សំឡើងពីគ្លុយកូស ហើយរាងកាយតែងទទួលបានគ្លុយកូសនៅក្នុងដំណាក់កាលស្រូបឬក្រោយស្រូបសមាសធាតុទាំងនេះចូលក្នុងរាងកាយ។
អរម៉ូនអាំងស៊ុយលីន (Insulin)៖
អាំងស៊ុយលីនជាអរម៉ូនដែលត្រូវបានបញ្ចេញពីក្រពេញលំពែង។ អរម៉ូននេះមានតួនាទីបញ្ចុះកម្រិតសារធាតុគ្លុយកូសក្នុងឈាម ដោយជម្រុញការស្រូបគ្លុយកូសពីក្នុងឈាមចូលទៅក្នុងកោសិកា។ ប្រសិនបើបរិមាណអាំងស៊ុយលីនមិនគ្រប់គ្រាន់ទេនោះ គ្លុយកូសនឹងមិនអាចត្រូវបានស្រូបចូលក្នុងកោសិកា ហើយនឹងប្រមូលផ្ដុំច្រើននៅក្នុងឈាម។ កាលបើកំហាប់គ្លុយកូសក្នុងឈាមកើនឡើងច្រើន នោះគេនឹងឃើញមានវត្តមាននៃគ្លុយកូសជ្រាបចូលទៅក្នុងទឹកនោម។ ដោយសារតែមានគ្លុយកូសនៅក្នុងទឹកនោម ធ្វើអោយទឹកនោមទាញយកជាតិទឹកច្រើនពីក្នុងរាងកាយ ដោយវាបង្ហាញជារោគសញ្ញានោមច្រើន(Polyuria)។ ម្យ៉ាងទៀត វាធ្វើអោយអ្នកជំងឺឆាប់ស្ងួតក ដើម្បីទទួលបានជាតិទឹកបន្ថែមច្រើនមកបំពេញក្នុងរាងកាយ (រោគសញ្ញាផឹកទឹកច្រើន (Polydipsia))។ នៅពេលដែលគ្មានអរម៉ូនអាំងស៊ុយលីន បញ្ហាទាក់ទងនឹងតុល្យភាពនៃអេឡិចត្រូឡាយនិងបញ្ហាខ្សោះជាតិទឹកនឹងអាចកើតឡើង ហើយវាអាចធ្វើអោយប្រតិកម្មបំបែកសារធាតុខ្លាញ់និងប្រូតេអ៊ីននៅក្នុងរាងកាយកើនឡើងខុសប្រក្រតី។
អានបន្ថែម -
បំណែងចែកប្រភេទ
ដំណាក់កាលមុនជំងឺទឹកនោមផ្អែម (Prediabetes)
ដំណាក់កាលមុនជំងឺទឹកនោមផ្អែម ជាស្ថានភាពដែលជាតិស្ករក្នុងឈាមមានកម្រិតខ្ពស់ជាងធម្មតា ប៉ុន្តែ នៅមិនទាន់ហៅថាជាជំងឺទឹកនោមផ្អែមនៅឡើយទេ។ អ្នកដែលមានកម្រិតជាតិស្ករក្នុងឈាមនៅពេលពោះទទេស្ថិតនៅចន្លោះ 101~126mg/dL ឬ ស្ថិតនៅចន្លោះ140~200mg/dLនៅរយៈពេល2ម៉ោងបន្ទាប់ពីពិសាគ្លុយកូសសម្រាប់ការធ្វើតេស្តGlucose tolerance test នឹងត្រូវបានចាត់ទុកថាកំពុងស្ថិតនៅក្នុងដំណាក់កាលមុនជំងឺទឹកនោមផ្អែម។ ដំណាក់កាលបែបនេះអាចបង្កើនហានិភ័យនៃការកើតមានជំងឺទឹកនោមផ្អែមនិងជំងឺបេះដូង ដូច្នេះ ការរកឃើញថាអ្នកជំងឺកំពុងស្ថិតក្នុងដំណាក់កាលនេះក៏មានសារៈសំខាន់ផងដែរ។ ការកែប្រែរបបអាហារនិងការធ្វើលំហាត់ប្រាណអាចជួយកាត់បន្ថយទម្ងន់ប្រមាណ5~10% ហើយអាចកាត់បន្ថយហានិភ័យនៃការវិវត្តទៅជាជំងឺទឹកនោមផ្អែមបានច្រើន។
ជំងឺទឹកនោមផ្អែមប្រភេទទី1 (Type 1 Diabetes Mellitus)
ជំងឺទឹកនោមផ្អែមប្រភេទទី1 ធ្លាប់ត្រូវបានគេហៅថា ជំងឺទឹកនោមផ្អែមលក្ខណៈពឹងផ្អែកលើអាំងស៊ុយលីន(Insulin‐dependent diabetes mellitus) ឬ ជំងឺទឹកនោមផ្អែមនៃមនុស្សវ័យក្មេង(Juvenile diabetes)។ ជំងឺនេះកើតឡើយដោយប្រព័ន្ធភាពស៊ាំនៃរាងកាយធ្វើការប្រឆាំងនឹងកោសិកាដែលផលិតអរម៉ូនអាំងស៊ុយលីននៅក្នុងក្រពេញលំពែង ធ្វើអោយកោសិកាលើសពី90%ត្រូវបានបំផ្លាញដោយមិនអាចត្រឡប់មកដូចដើមវិញបាន។ ជាលទ្ធផល ក្រពេញលំពែងស្ទើរតែឬមិនអាចផលិតអរម៉ូនអាំងស៊ុយលីនបានទាំងស្រុងបានតែម្ដង។ នៅសហរដ្ឋអាមេរិច អ្នកជំងឺទឹកនោមផ្អែមប្រមាណ10%ជាប្រភេទទី1។ អ្នកជំងឺភាគច្រើនកើតមានជំងឺនេះនៅមុនពេលពួកគេមានអាយុ30ឆ្នាំ ប៉ុន្តែ ក៏មានអ្នកដែលកើតមានជំងឺនេះក្រោយអាយុនោះដែរ។
អ្នកវិទ្យាសាស្ត្របានសន្មតថាកត្តាបរិស្ថានដូចជាការឆ្លងវីរុសឬការមានបញ្ហាទាក់ទងនឹងសារធាតុចិញ្ចឹមនៅវ័យកុមារឬវ័យជំទង់ជាមូលហេតុធ្វើអោយប្រព័ន្ធភាពស៊ាំនៃរាងកាយធ្វើការបំផ្លាញកោសិកាដែលផលិតអាំងស៊ុយលីននៅក្រពេញលំពែង។ អាចមានករណីដែលអ្នកជំងឺងាយទទួលឥទ្ធិពលពីកត្តាបរិស្ថានដោយសារបញ្ហាពីកត្តាតំណពូជក៏មាន។
ជំងឺទឹកនោមផ្អែមប្រភេទទី2 (Type 2 Diabetes Mellitus)
ជំងឺទឹកនោមផ្អែមប្រភេទទី2 ធ្លាប់ត្រូវបានគេហៅថា ជំងឺទឹកនោមផ្អែមលក្ខណៈមិនពឹងផ្អែកលើអាំងស៊ុយលីន(Noninsulin-dependent diabetes mellitus) ឬ ជំងឺទឹកនោមផ្អែមនៃមនុស្សពេញវ័យ(Adult-onset diabetes)។ នៅក្នុងជំងឺទឹកនោមផ្អែមប្រភេទទី2 ការផលិតនិងការបញ្ចេញអរម៉ូនអាំងស៊ុយលីនពីក្រពេញលំពែងអាចមានកម្រិតធម្មតាឬកើនឡើងខ្ពស់ជាងធម្មតា ខុសពីជំងឺទឹកនោមផ្អែមប្រភេទទី1ដែលកម្រិតអរម៉ូនអាំងស៊ុយលីនមានកម្រិតទាបបំផុត។ ប៉ុន្តែ អ្នកជំងឺនេះមានរាងកាយដែលស៊ាំ(មិនសូវប្រតិកម្ម)នឹងសកម្មភាពនៃអរម៉ូនអាំងស៊ុយលីន ធ្វើអោយត្រឹមតែអាំងស៊ុយលីនដែលមាននៅក្នុងរាងកាយមានលក្ខណៈមិនគ្រប់គ្រាន់សម្រាប់តម្រូវការរបស់រាងកាយក្នុងការគ្រប់គ្រងជាតិស្ករ។
កាលពីមុន ជំងឺទឹកនោមផ្អែមប្រភេទទី2កម្រកើតមានចំពោះកុមារឬមនុស្សវ័យជំទង់ណាស់ ប៉ុន្តែ ថ្មីៗនេះជំងឺនេះបានក្លាយជាជំងឺដែលកើតមានញឹកញាប់ចំពោះមនុស្សវ័យក្មេងផងដែរ។ ប៉ុន្តែ ជាទូទៅ ជំងឺនេះកើតមានចំពោះមនុស្សដែលមានអាយុចាប់ពី30ឆ្នាំឡើងទៅ ហើយមនុស្សកាន់តែចាស់ ភាគរយនៃការកើតជំងឺនេះមានកាន់តែច្រើន។ មនុស្សអាយុចាប់ពីអាយុ65ឆ្នាំឡើងទៅ ប្រមាណ27% មានជំងឺទឹកនោមផ្អែមប្រភេទទី2។ ហានិភ័យនៃការកើតជំងឺទឹកនោមផ្អែមប្រភេទទី2ក៏អាចកើនឡើងផងដែរចំពោះមនុស្សនៃជាតិសាសន៍មួយចំនួន។ ឧទាហរណ៍ ជនជាតិស្បែកខ្មៅ ជនជាតិអាមេរិចលក្ខណៈអាស៊ី ជាដើម មានហានិភ័យនៃការកើតជំងឺទឹកនោមផ្អែមប្រភេទទី2ដល់ទៅ2~3ដង បើប្រៀបធៀបជាមួយនឹងជនជាតិស្បែកស។ ម្យ៉ាងទៀត ជំងឺនេះក៏មានទំនោរជាជំងឺតំណពូជផងដែរ។
ការធាត់លើសទម្ងន់ជាកត្តាគ្រោះថ្នាក់ចម្បងដែលធ្វើអោយកើតមានជំងឺទឹកនោមផ្អែមប្រភេទទី2 ដោយអ្នកជំងឺនេះប្រមាណ80~90%ជាមនុស្សធាត់លើសទម្ងន់។ នេះដោយសារតែការធាត់លើសទម្ងន់ធ្វើអោយរាងកាយចាប់ផ្ដើមបង្ហាញភាពស៊ាំ(មិនសូវប្រតិកម្ម)ទៅនឹងអរម៉ូនអាំងស៊ុយលីន ហើយមនុស្សធាត់លើសទម្ងន់ត្រូវការអាំងស៊ុយលីនក្នុងកម្រិតច្រើនដើម្បីរក្សាកម្រិតជាតិស្ករក្នុងឈាមអោយស្ថិតក្នុងកម្រិតធម្មតា។
ជំងឺមួយចំនួនឬឱសថប្រភេទមួយចំនួនអាចមានឥទ្ធិពលទៅលើការប្រើប្រាស់អាំងស៊ុយលីននៅក្នុងរាងកាយ ហើយអាចបង្កជាជំងឺទឹកនោមផ្អែមប្រភេទទី2។ មូលហេតុដែលត្រូវបានគេស្គាល់ញឹកញាប់ជាងគេថាមានឥទ្ធិពលរំខានដល់ដំណើរការនៃអរម៉ូនអាំងស៊ុយលីននៅក្នុងរាងកាយគឺការឡើងខ្ពស់នៃកម្រិតអរម៉ូនគ័រទីកូស្តេរ៉ូអ៊ីត(Corticosteroid)(កើតឡើងដោយសារជំងឺគូស៊ីង(Cushing's disease)ឬការប្រើប្រាស់ឱសថប្រភេទគ័រទីកូស្តេរ៉ូអ៊ីត)និងការមានផ្ទៃពោះរបស់ស្ត្រី(ហៅថាជំងឺទឹកនោមផ្អែមពេលមានផ្ទៃពោះ(Gestational diabetes))។ ជំងឺទឹកនោមផ្អែមក៏អាចកើតមានផងដែរចំពោះអ្នកដែលមានជំងឺកើនឡើងហួសហេតុនៃអរម៉ូនលូតលាស់(Acromegaly)ឬអ្នកដែលមានជំងឺមហារីកទាក់ទងនឹងការបញ្ចេញអរម៉ូនមួយចំនួន។ ជំងឺផ្សេងទៀតដែលបង្កផលប៉ះពាល់ដោយផ្ទាល់ទៅលើក្រពេញលំពែង ដូចជា ជំងឺរលាកក្រពេញលំពែងកម្រិតធ្ងន់ធ្ងរឬដែលរើឡើងវិញក៏អាចជាកត្តាបង្កជាជំងឺទឹកនោមផ្អែមផងដែរ។
អានបន្ថែម -
រោគសញ្ញា
ជំងឺទឹកនោមផ្អែមប្រភេទទី1និងប្រភេទទី2មានរោគសញ្ញាស្រដៀងគ្នាខ្លាំងណាស់។
រោគសញ្ញានៅដំណាក់កាលដំបូងនៃជំងឺទឹកនោមផ្អែមកើតឡើងដោយសារឥទ្ធិពលដោយផ្ទាល់ពីការកើនឡើងនៃកម្រិតជាតិស្ករនៅក្នុងឈាម ដោយរួមមានរោគសញ្ញាដូចខាងក្រោម៖
・ស្ងួតក (ស្រេកទឹក) ខ្លាំង
・បរិមាណទឹកនោមកើនឡើង
・អាការៈឃ្លានខ្លាំង
នៅពេលដែលជាតិស្ករក្នុងឈាមមានកម្រិតលើសពី160~180mg/dL គ្លុយកូស(ជាតិស្ករ)នឹងជ្រាបចូលទៅក្នុងទឹកនោម។ ហើយប្រសិនបើគ្លុយកូសកាន់តែច្រើនមាននៅក្នុងទឹកនោម តម្រងនោមនឹងខំប្រឹងទាញយកជាតិទឹកពីក្នុងខ្លួនដើម្បីបញ្ចេញទៅក្នុងទឹកនោមនិងពង្រាវកំហាប់គ្លុយកូសដែលមានច្រើននៅក្នុងទឹកនោម។ តម្រងនោមនឹងផលិតទឹកនោមកាន់តែច្រើន ដូច្នេះ អ្នកជំងឺទឹកនោមផ្អែមមានរោគសញ្ញានោមច្រើន(Polyuria)។ ការបញ្ចេញទឹកនោមច្រើនបែបនេះធ្វើអោយអ្នកជំងឺមានអារម្មណ៍ស្ងួតក (ស្រេកទឹក) ខ្លាំងខុសប្រក្រតី(Polydipsia)។ ដោយសារការបាត់បង់គ្លុយកូសដែលប្រភពថាមពលសម្រាប់រាងកាយច្រើនទៅក្នុងទឹកនោម អ្នកជំងឺមានរោគសញ្ញាស្រកទម្ងន់ ហើយតែងតែមានអាការៈឃ្លានខ្លាំងជាញឹកញាប់។
រោគសញ្ញាផ្សេងទៀតនៃជំងឺទឹកនោមផ្អែមរួមមានដូចខាងក្រោម៖
・ភ្នែកស្រវាំង
・ងងុយគេង
・ចង់ក្អួត
・មិនអាចទ្រាំទ្រធ្វើលំហាត់ប្រាណបានយូរ
ជំងឺទឹកនោមផ្អែមប្រភេទទី1
រោគសញ្ញានៃជំងឺទឹកនោមផ្អែមប្រភេទទី1 ច្រើនកើតឡើងភ្លាមៗនិងធ្ងន់ធ្ងរ។ ស្ថានភាពនៃការកើនឡើងជាតិអាស៊ីតក្នុងរាងកាយដោយសារជំងឺទឹកនោមផ្អែម (Diabetic ketoacidosis)ជាស្ថានភាពធ្ងន់ធ្ងរ ហើយអាចកើតឡើងភ្លាមៗ។ រោគសញ្ញាដំបូងនៃស្ថានភាពនេះ រួមមាន អាការៈស្ងួតកខ្លាំងនិងនោមញឹកដែលជារោគសញ្ញាទូទៅនៃជំងឺទឹកនោមផ្អែម បន្ថែមដោយអាការៈចង់ក្អួត ក្អួត នឿយហត់ ឈឺពោះ(ជាពិសេសកុមារ)។ ដើម្បីរក្សាតុល្យភាពក្នុងរាងកាយឡើងវិញពីស្ថានភាពនៃការកើនឡើងជាតិអាស៊ីតក្នុងឈាម រាងកាយនឹងបង្ហាញរោគសញ្ញាដូចជា ដកដង្ហើមលឿននិងជ្រៅ ហើយខ្យល់ដង្ហើមមានក្លិនស្រដៀងនឹងថ្នាំលាងក្រចក។ ប្រសិនបើមិនព្យាបាលទេ ស្ថានភាពនេះនឹងវិវត្តទៅមុខ ធ្វើអោយអ្នកជំងឺគេងសន្លប់(Coma)ឬអាចនឹងបាត់បង់ជីវិត។
ទោះក្រោយមានជំងឺទឹកនោមផ្អែមក៏ដោយ ក៏អ្នកជំងឺអាចមានរយៈពេលដែលកម្រិតជាតិស្ករក្នុងឈាមស្ថិតក្នុងកម្រិតជិតស្មើកម្រិតធម្មតាជាបណ្ដោះអាសន្ន(Honeymoon period) ដោយសារតែការបញ្ចេញអរម៉ូនអាំងស៊ុយលីនមានដំណើរការមកវិញមួយផ្នែក។
ជំងឺទឹកនោមផ្អែមប្រភេទទី2
អ្នកជំងឺទឹកនោមផ្អែមប្រភេទទី2អាចនឹងមិនមានរោគសញ្ញាអ្វីសោះឬមានរោគសញ្ញាស្រាលបំផុតរយៈពេលពីប៉ុន្មានឆ្នាំដល់ប៉ុន្មានសិបឆ្នាំ ទម្រាំត្រូវបានរកឃើញថាមានជំងឺទឹកនោមផ្អែមប្រភេទទី2។ រោគសញ្ញានោមច្រើននិងស្ងួតកមានលក្ខណៈស្រាលនៅពេលដំបូង ប៉ុន្តែ រោគសញ្ញាទាំងនេះនឹងធ្ងន់ធ្ងរឡើងបន្តិចម្ដងៗក្នុងរយៈពេលពីប៉ុន្មានសប្ដាហ៍ទៅប៉ុន្មានខែ។ បន្ទាប់មក អ្នកជំងឺចាប់ផ្ដើមមានអាការៈនឿយហត់ខ្លាំង ហើយរោគសញ្ញាស្រវាំងភ្នែកនិងខ្សោះជាតិទឹកក៏ចេះតែវិវត្តទៅមុខ។
នៅដំណាក់កាលដំបូងនៃជំងឺទឹកនោមផ្អែម អ្នកជំងឺអាចស្ថិតក្នុងស្ថានភាពនៃកម្រិតជាតិស្ករចុះទាបខុសប្រក្រតី។
អ្នកជំងឺទឹកនោមផ្អែមប្រភេទទី2មានលទ្ធភាពអាចផលិតអរម៉ូនអាំងស៊ុយលីនបានមួយកម្រិត ដូច្នេះ ទោះជាមិនព្យាបាលជំងឺនេះរយៈវែងក៏ដោយ ក៏ជាទូទៅមិនមានការកើតឡើងនូវស្ថានភាពនៃការកើនឡើងជាតិអាស៊ីតក្នុងរាងកាយ(Ketoacidosis)នោះដែរ ប៉ុន្តែ កម្រិតជាតិស្ករក្នុងឈាមអាចកើនឡើងខ្ពស់ខ្លាំង (អាចកើនឡើសពី1000mg/dL)។ ការកើនឡើងនៃជាតិស្ករក្នុងឈាមខ្ពស់ខ្លាំងបែបនេះកើតឡើងជាញឹកញាប់នៅពេលរាងកាយអ្នកជំងឺទទួលសម្ពាធដូចជាកើតមានជំងឺឆ្លងឬប្រើប្រាស់ឱសថជាដើម។ នៅពេលដែលកម្រិតជាតិស្ករក្នុងឈាមឡើងខ្ពស់ខ្លាំង អ្នកជំងឺអាចនឹងមានអាការៈខ្សោះជាតិទឹកធ្ងន់ធ្ងរ វង្វេងស្មារតី ងងុយគេង សាច់ដុំកន្ត្រាក់។ល។ ដោយស្ថានភាពនេះហៅថា បណ្ដុំរោគសញ្ញានៃការកើនឡើងកម្រិតជាតិស្ករក្នុងឈាមនិងសម្ពាធអូស្មូសខ្ពស់ (Hyperosmolar hyperglycemic syndrome, HHS)។ បច្ចុប្បន្ននេះ អ្នកជំងឺទឹកនោមផ្អែមប្រភេទទី2ច្រើនតែទទួលរោគវិនិច្ឆ័យថាជាជំងឺទឹកនោមផ្អែមក្រោយពីការពិនិត្យកម្រិតជាតិស្ករក្នុងឈាម មុននឹងអ្នកជំងឺឈានដល់ដំណាក់កាលធ្ងន់ធ្ងរនៃការកើនឡើងជាតិស្ករដូចបណ្ដុំរោគសញ្ញាខាងលើ។
បញ្ហាផ្សេងៗដែលផ្ដើមពីជំងឺទឹកនោមផ្អែម
ជំងឺទឹកនោមផ្អែមនឹងបង្កការខូចខាតដល់សរសៃឈាម ធ្វើអោយសរសៃឈាមរួមតូច ដែលរំខានដល់លំហូរនៃចរន្តឈាម។ សរសៃឈាមពេញរាងកាយនឹងទទួលឥទ្ធិពលនេះ ហើយបង្កជាបញ្ហាផ្សេងៗទៀត។ វានឹងផ្ដល់ផលប៉ះពាល់ទៅដល់សរីរាង្គជាច្រើន ជាពិសេសសរីរាង្គខាងក្រោម៖
・ខួរក្បាល (ជំងឺស្ទះឬដាច់សរសៃឈាមក្នុងខួរក្បាល)
・ភ្នែក (ងងឹតភ្នែកដោយសារជំងឺរេទីនបង្កដោយជំងឺទឹកនោមផ្អែម(Diabetic retinopathy))
・បេះដូង (អាការៈគាំងបេះដូង)
・តម្រងនោម (ស្ថានភាពខ្សោយមុខងារតម្រងនោមដោយសារជំងឺតម្រងនោមបង្កដោយជំងឺទឹកនោមផ្អែម(Diabetic nephropathy))
・សរសៃប្រសាទ (ការថយចុះនៃញាណនៅជើងដោយសារផលប៉ះពាល់សរសៃប្រសាទបង្កដោយជំងឺទឹកនោមផ្អែម(Diabetic neuropathy))
អានបន្ថែម -
រោគវិនិច្ឆ័យ
ប្រសិនបើគេពិនិត្យឃើញថាកម្រិតគ្លុយកូសក្នុងឈាមមានកម្រិតខ្ពស់ខុសប្រក្រតី វេជ្ជបណ្ឌិតនឹងធ្វើរោគវិនិច្ឆ័យថាជាជំងឺទឹកនោមផ្អែម។
ការវាស់កម្រិតជាតិស្ករក្នុងឈាម
វេជ្ជបណ្ឌិតនឹងអនុវត្តការវាស់កម្រិតជាតិស្ករក្នុងឈាមចំពោះអ្នកជំងឺដែលមានរោគសញ្ញា ដូចជា ស្ងួតកខ្លាំង អារម្មណ៍ឃ្លានខ្លាំង បរិមាណទឹកនោមច្រើន។ ក្រៅពីនេះ អ្នកជំងឺក៏ត្រូវទទួលការវាស់ជាតិស្ករក្នុងឈាមផងដែរ ករណីអ្នកជំងឺងាយកើតជំងឺឆ្លងជាញឹកញាប់ មានដំបៅនៅជើង ឬ កើតមានជំងឺឆ្លងមេរោគផ្សិត ដែលសង្ស័យថាជាបញ្ហាដែលកើតឡើងស្របពេលនឹងជំងឺទឹកនោមផ្អែម។
ដើម្បីវាស់កម្រិតជាតិស្ករក្នុងឈាម ជាទូទៅ អ្នកជំងឺត្រូវបានបូមឈាមនៅក្រោយពេលផ្អាកបរិភោគអាហាររយៈពេល1យប់។ ប៉ុន្តែ គេក៏អាចបូមឈាមនៅក្រោយពេលបរិភោគអាហារផងដែរ។ ជាទូទៅ នៅក្រោយពេលបរិភោគអាហារ កម្រិតជាតិស្ករអាចនឹងកើនឡើងមួយកម្រិតជាធម្មតា ប៉ុន្តែ ប្រសិនបើកើនឡើងខ្ពស់ហួសកម្រិត នោះមិនមែនជាស្ថានភាពប្រក្រតីនោះទេ។ កម្រិត
ជាតិស្ករក្នុងឈាមនៅពេលពោះទទេ(Fasting blood sugar level)មិនត្រូវខ្ពស់ជាង126mg/dLនោះទេ។ ហើយកម្រិតជាតិស្ករក្នុងឈាមនៅក្រោយពេលបរិភោគអាហារក៏មិនគួរខ្ពស់ហួសពី200mg/dL។
ការពិនិត្យកម្រិតអេម៉ូក្លូប៊ីនA1c (HbA1c)
ករណីខ្លះ គេធ្វើការវាស់កម្រិតប្រូតេអ៊ីនក្នុងឈាមមួយប្រភេទគឺអេម៉ូក្លូប៊ីនA1c (HbA1c) ដើម្បីធ្វើរោគវិនិច្ឆ័យ។ អេម៉ូក្លូប៊ីនជាសារធាតុពណ៌ក្រហមដែលស្ថិតនៅក្នុងគ្រាប់ឈាមក្រហមនិងមានតួនាទីដឹកជញ្ចូនអុកស៊ីសែន។ នៅពេលដែលកម្រិតជាតិស្ករក្នុងឈាមបន្តមានកម្រិតខ្ពស់រយៈពេលវែង គ្លុយកូសនឹងភ្ជាប់ខ្លួនវាទៅនឹងអេម៉ូក្លូប៊ីន ដែលគេហៅសមាសធាតុនេះថា អេម៉ូក្លូប៊ីនភ្ជាប់ស្ករ(Glycated hemoglobin)។ កម្រិតអេម៉ូក្លូប៊ីនA1c (HbA1c) ជាភាគរយនៃនៃអេម៉ូក្លូប៊ីនA1cធៀបទៅនឹងអេម៉ូក្លូប៊ីនសរុប ដោយវានឹងមិនបង្ហាញអំពីបម្រែបម្រួលភ្លាមៗនៃជាតិស្ករក្នុងឈាមនោះទេ ប៉ុន្តែ វាបង្ហាញអំពីទំនោរនៃការប្រែប្រួលកម្រិតជាតិស្ករក្នុងឈាមរយៈពេលវែង។ ជាទូទៅ ប្រសិនបើកម្រិតអេម៉ូក្លូប៊ីនA1c (HbA1c)មានចាប់ពី6.5%ឡើងទៅ (អាចប្រែប្រួលទៅតាមប្រទេសនីមួយៗ) គេសន្មតថាជាជំងឺទឹកនោមផ្អែម ហើយប្រសិនបើមានកម្រិត5.7~6.4% គេចាត់ទុកថាអ្នកជំងឺកំពុងស្ថិតក្នុងដំណាក់កាលមុនជំងឺទឹកនោមផ្អែម(Prediabetes)។
ការវាស់កម្រិតជាតិស្ករក្នុងឈាមក្រោយពិសាគ្លុយកូស(Oral glucose tolerance test, OGTT)
ការវាស់កម្រិតជាតិស្ករក្នុងឈាមបែបនេះច្រើនធ្វើឡើងនៅករណីពិសេសមួយចំនួន ដូចជា ចំពោះស្ត្រីមានផ្ទៃពោះ និង ចំពោះមនុស្សចាស់ដែលមានរោគសញ្ញាទឹកនោមផ្អែមប៉ុន្តែការវាស់កម្រិតជាតិស្ករក្នុងឈាមនៅពេលពោះទទេបង្ហាញលទ្ធផលប្រក្រតី ជាដើម។ ប៉ុន្តែ ដោយសារការអនុវត្តការពិនិត្យនេះមានលក្ខណៈស្មុគស្មាញ ដូច្នេះ វាមិនមែនជាវិធីដែលត្រូវអនុវត្តជានិច្ចកាលនោះទេ ហើយគេក៏មិនអនុវត្តចំពោះស្ត្រីមានផ្ទៃពោះដែលមានហានិភ័យទាបខ្លាំងនៃការកើតជំងឺទឹកនោមផ្អែមនោះដែរ។
នៅក្នុងការអនុវត្តការពិនិត្យនេះ ដំបូងគេបូមឈាមពីអ្នកជំងឺដែលកំពុងស្ថិតក្នុងស្ថានភាពគ្មានអាហារ ដើម្បីវាស់កម្រិតជាតិស្ករក្នុងឈាមនៅពេលពោះទទេ។ បន្ទាប់មក គេតម្រូវអោយអ្នកជំងឺពិសាសារធាតុរាវម្យ៉ាងដែលផ្ទុកទៅដោយជាតិគ្លុយកូសច្រើន ហើយគេនឹងធ្វើការវាស់កម្រិតជាតិស្កររបស់អ្នកជំងឺម្ដងទៀតនៅរយៈពេល2~3ម៉ោងក្រោយបន្ទាប់ពីនោះ ដើម្បីវិនិច្ឆ័យថាកម្រិតជាតិស្ករក្នុងឈាមកើនឡើងខ្ពស់ខុសប្រក្រតីដែរឬទេ។
ការពិនិត្យរកជំងឺទឹកនោមផ្អែម (Screening)
ការវាស់កម្រិតជាតិស្ករក្នុងឈាមក៏អាចធ្វើទៅបាននៅពេលអ្នកជំងឺកំពុងទទួលការពិនិត្យរាងកាយដោយវេជ្ជបណ្ឌិត។ មនុស្សចាស់អាចនឹងងាយកើតជំងឺនេះ ដូច្នេះ ការវាស់កម្រិតជាតិស្ករក្នុងឈាមអោយបានម្ដងក្នុង1ឆ្នាំមានសារៈសំខាន់ណាស់។ នេះដោយសារតែអ្នកជំងឺភាគច្រើនអាចនឹងមិនបានដឹងខ្លួនថាកំពុងកើតជំងឺទឹកនោមផ្អែមនោះទេ ជាពិសេសជំងឺទឹកនោមផ្អែមប្រភេទទី2។
មិនមានវិធីពិនិត្យងាយស្រួលដែលអាចប្រើជាប្រចាំថ្ងៃទេចំពោះជំងឺទឹកនោមផ្អែមប្រភេទទី1។ មនុស្សដែលស្ថិតក្រោមល័ក្ខខ័ណ្ឌដូចខាងក្រោមជាក្រុមមនុស្សដែលមានហានិភ័យនៃការកើតជំងឺទឹកនោមផ្អែមប្រភេទទី2 ដូច្នេះ ការពិនិត្យជាប្រចាំមានសារៈសំខាន់ណាស់សម្រាប់៖
・មនុស្សដែលមានអាយុចាប់ពី45ឆ្នាំឡើងទៅ
・មនុស្សដែលធាត់លើសទម្ងន់
・អ្នកដែលមានសម្ពាធឈាមខ្ពស់ ឬ មានជំងឺទាក់ទងនឹងកម្រិតជាតិខ្លាញ់ក្នុងឈាមដូចជាកម្រិតកូឡេស្តេរ៉ូលឡើងខ្ពស់ជាងដើម
・មនុស្សដែលមានសមាជិកគ្រួសារជាអ្នកជំងឺទឹកនោមផ្អែម
・មនុស្សដែលមានសមាជិកគ្រួសារជាអ្នកជំងឺទឹកនោមផ្អែម
・ស្ត្រីជាម្ដាយដែលធ្លាប់កើតជំងឺទឹកនោមផ្អែមក្នុងអំឡុងពេលមានផ្ទៃពោះឬបានសម្រាលកូនដែលមានទម្ងន់លើសពី4000g
・អ្នកដែលជាជនជាតិអាមេរិចស្បែកខ្មៅ ឬ លក្ខណៈអាស៊ី ជាដើម។
ចំពោះក្រុមមនុស្សខាងលើ គួរទទួលការពិនិត្យរកជំងឺទឹកនោមផ្អែមដោយបានយ៉ាងហោចណាស់1ដងក្នុង3ឆ្នាំ។ វេជ្ជបណ្ឌិតអាចនឹងអនុវត្តការវាស់កម្រិតជាតិស្ករក្នុងឈាមនៅពេលពោះទទេ ឬ វាស់កម្រិតអេម៉ូក្លូប៊ីនA1c (HbA1c) ឬ វាស់កម្រិតជាតិស្ករក្នុងឈាមក្រោយពិសាគ្លុយកូស(Oral glucose tolerance test, OGTT)។ ប្រសិនបើលទ្ធផលស្ថិតនៅក្នុងចន្លោះភាពប្រក្រតីនិងភាពខុសប្រក្រតី អ្នកជំងឺគួរទទួលការពិនិត្យរកជំងឺទឹកនោមផ្អែមអោយបានញឹកញាប់ជាងមុន (យ៉ាងហោចណាស់1ដងក្នុង1ឆ្នាំ)។
អានបន្ថែម -
ការព្យាបាល
・របបអាហារ
・លំហាត់ប្រាណ
・ការអប់រំ
・ឱសថចាក់អាំងស៊ុយលីន ចំពោះអ្នកជំងឺទឹកនោមផ្អែមប្រភេទទី1
・ជាទូទៅឱសថលេប និង ករណីខ្លះឱសថចាក់អាំងស៊ុយលីន ចំពោះអ្នកជំងឺទឹកនោមផ្អែមប្រភេទទី2
ការប្រកាន់របបអាហារត្រឹមត្រូវ ការធ្វើលំហាត់ប្រាណ និង ការសិក្សាអំពីជំងឺទឹកនោមផ្អែម ជាមូលដ្ឋានគ្រឹះនៃការព្យាបាលជំងឺទឹកនោមផ្អែម ហើយវាក៏ជាវិធីដែលត្រូវបានណែនាំដល់អ្នកជំងឺទឹកនោមផ្អែមកម្រិតស្រាលផងដែរ។ ចំពោះអ្នកដែលមានកម្រិតជាតិស្ករកើនឡើងខ្ពស់ខ្លាំងឬជាអ្នកជំងឺទឹកនោមផ្អែមប្រភេទទី1(មិនអាស្រ័យទៅលើកម្រិតជាតិស្ករ) ចាំបាច់ត្រូវបន្ថែមការប្រើប្រាស់ឱសថពីលើការអនុវត្តវិធីមូលដ្ឋានខាងលើ។
ទោះជាមានជំងឺទឹកនោមផ្អែមក៏ដោយ ប្រសិនបើគេអាចគ្រប់គ្រងជាតិស្ករក្នុងឈាមបានខ្ជាប់ខ្ជួន គេអាចកាត់បន្ថយហានិភ័យនៃការកើតមានបញ្ហាផ្សេងៗទៀតដែលបង្កដោយជំងឺទឹកនោមផ្អែម ដូច្នេះ គោលដៅនៃការព្យាបាលគឺត្រូវខិតខំរក្សាកម្រិតជាតិស្ករក្នុងឈាមអោយស្ថិតនៅក្នុងកម្រិតប្រក្រតី។
ការព្យាបាលជំងឺលើសសម្ពាធឈាមនិងជំងឺលើសកូឡេស្តេរ៉ូលក្នុងឈាម មិនត្រឹមតែអាចកែលម្អស្ថានភាពចរន្តឈាមក្នុងរាងកាយប៉ុណ្ណោះទេ ថែមទាំងអាចបង្ការការកើតមានបញ្ហាផ្សេងៗដែលបង្កដោយជំងឺទឹកនោមផ្អែមទៀតផង។ ដើម្បីកាត់បន្ថយហានិភ័យនៃការកើតមានអាការៈគាំងបេះដូង អ្នកជំងឺអាចនឹងត្រូវប្រើប្រាស់ឱសថអាស្ពីរីន(Aspirin)ក្នុងកម្រិតទាបជារៀងរាល់ថ្ងៃ។
ស្ថានភាពនៃការកើនឡើងជាតិអាស៊ីតក្នុងរាងកាយដោយសារជំងឺទឹកនោមផ្អែម (Diabetic ketoacidosis) និង បណ្ដុំរោគសញ្ញានៃការកើនឡើងកម្រិតជាតិស្ករក្នុងឈាមនិងសម្ពាធអូស្មូសខ្ពស់ (Hyperosmolar hyperglycemic syndrome, HHS) ជាស្ថានភាពដែលត្រូវការការព្យាបាលជាបន្ទាន់ ដោយអ្នកជំងឹអាចនឹងធ្លាក់ចូលស្ថានភាពគេងសន្លប់(Coma)ឬបាត់បង់ជីវិត។ ការព្យាបាលស្ថានភាពទាំងនេះ គឺប្រើវិធីដូចគ្នា ដោយផ្ដោតលើការព្យួរសេរ៉ូមតាមសរសៃវ៉ែននិងការបញ្ចូលអរម៉ូនអាំងស៊ុយលីន។
គោលដៅនៃការព្យាបាលជំងឺទឹកនោមផ្អែម
ការព្យាបាលត្រូវបានណែនាំអោយធ្វើយ៉ាងណារក្សាកម្រិតជាតិស្ករក្នុងឈាមអោយស្ថិតក្នុងកម្រិតដូចខាងក្រោម៖
・កម្រិតជាតិស្ករក្នុងឈាមនៅពេលពោះទទេ (Fasting blood sugar level) 70~130mg/dL
・ កម្រិតជាតិស្ករក្នុងឈាមនៅរយៈពេល2ម៉ោងក្រោយបរិភោគអាហារ ក្រោម180mg/dL
ដោយចាំបាច់ត្រូវរក្សាកម្រិតអេម៉ូក្លូប៊ីនA1cអោយស្ថិតនៅក្រោម7%។
នៅពេលព្យាយាមអនុវត្តការព្យាបាលអោយសម្រេចគោលដៅដូចខាងលើ ពេលខ្លះកម្រិតជាតិស្ករក្នុងឈាមអាចនឹងធ្លាក់ចុះទាបខ្លាំង ដូច្នេះ ចំពោះអ្នកជំងឺដែលមិនគួរស្ថិតក្នុងស្ថានភាពកម្រិតជាតិស្ករក្នុងឈាមចុះទាបញឹកញាប់ដូចជាមនុស្សចាស់ជាដើម គេអាចប្រែប្រួលគោលដៅនៃការព្យាបាលសម្របទៅតាមអ្នកជំងឺម្នាក់ៗ។
គោលដៅផ្សេងទៀតក្រៅពីកម្រិតជាតិស្ករក្នុងឈាមនោះគឺ គួររក្សាសម្ពាធឈាមពេលបេះដូងកន្ត្រាក់(សម្ពាធឈាមលើ(Systolic blood pressure))អោយនៅក្រោម140mmHg ហើយសម្ពាធឈាមពេលបេះដូងបន្ធូរការកន្ត្រាក់(សម្ពាធឈាមក្រោម(Diastolic blood pressure))អោយនៅក្រោម80mmHg។ ម្យ៉ាងទៀត ចាំបាច់ត្រូវរក្សាកម្រិតLDL អោយស្ថិតនៅក្រោម 100mg/dL។
វិធីព្យាបាលទូទៅនៃជំងឺទឹកនោមផ្អែម
អ្នកជំងឺទឹកនោមផ្អែមត្រូវសិក្សាអំពីជំងឺរបស់ខ្លួន ដោយស្វែងយល់អំពីថាតើរបបអាហារនិងការហាត់ប្រាណមានឥទ្ធិពលដូចម្ដេចទៅលើកម្រិតជាតិស្ករក្នុងឈាម និង ស្វែងយល់អំពីវិធីបង្ការការកើតមានបញ្ហាផ្សេងៗដែលបង្កដោយជំងឺទឹកនោមផ្អែម។ គិលានុបដ្ឋាកដែលមានតួនាទីណែនាំអ្នកជំងឺទឹកនោមផ្អែមនឹងផ្ដល់ព័ត៌មានទាក់ទងនឹងការគ្រប់គ្រងរបបអាហារ វិធីហាត់ប្រាណ ការតាមដានជាតិស្ករក្នុងឈាម និង ការប្រើប្រាស់ឱសថ ។ល។
អ្នកជំងឺទឹកនោមផ្អែមត្រូវបញ្ឈប់ការជក់បារី និងកាត់បន្ថយការពិសាគ្រឿងស្រវឹងមកត្រឹមកម្រិតសមល្មម។
ការគ្រប់គ្រងរបបអាហារមានសារៈសំខាន់សម្រាប់អ្នកជំងឺទឹកនោមផ្អែមគ្រប់ប្រភេទ។ អ្នកជំងឺត្រូវបានណែនាំអោយប្រកាន់យករបបអាហារដែលមានតុល្យភាពនៃសារធាតុចិញ្ចឹមដើម្បីរក្សាសុខភាពល្អនិងទម្ងន់សាកសម។ អ្នកជំងឺទឹកនោមផ្អែមអាចពិគ្រោះជាមួយនឹងអ្នកជំនាញផ្នែកសារធាតុចិញ្ចឹមដើម្បីរៀបចំគម្រោងសម្រាប់របបអាហារមួយដ៏សមស្រប។ របបអាហារទាំងនោះ រួមមាន ចៀសវាងការបរិភោគអាហារដែលមានម៉ូលេគុលស្ករទោល(គ្លុយកូស ហ៊្វុ្រកតូស ជាដើម) បង្កើនការបរិភោគអាហារដែលមានជាតិសរសៃ និង កំណត់បរិមាណនៃអាហារដែលផ្ទុកកាបូអ៊ីដ្រាតនិងខ្លាញ់ ហើយមិនគួរទុកចន្លោះរវាងអាហារមួយពេលៗវែងពេកដែលអាចធ្វើអោយកម្រិតជាតិស្ករចុះទាបខ្លាំង ដោយចំណុចនេះត្រូវការប្រុងប្រយ័ត្នជាពិសេសក្នុងករណីអ្នកជំងឺកំពុងប្រើប្រាស់ឱសថចាក់អាំងស៊ុយលីន។
អ្នកជំងឺទឹកនោមផ្អែមប្រភេទទី1ដែលអាចរក្សាទម្ងន់បានល្អសមស្រប មិនចាំបាច់ត្រូវបង្កើនកម្រិតប្រើប្រាស់ឱសថចាក់អាំងស៊ុយលីននោះទេ។ ដូចគ្នាដែរ អ្នកជំងឺទឹកនោមផ្អែមប្រភេទទី2ដែលអាចរក្សាទម្ងន់បានល្អសមស្រប ក៏អាចនឹងមិនចាំបាច់ប្រើប្រាស់ឱសថនៅក្នុងការគ្រប់គ្រងជាតិស្ករក្នុងឈាមផងដែរ។ ចំពោះអ្នកជំងឺដែលមិនអាចសម្រកទម្ងន់ដោយមានប្រសិទ្ធិភាពតាមរយៈរបបអាហារឬការហាត់ប្រាណ ពួកគេអាចនឹងត្រូវប្រើប្រាស់ឱសថដើម្បីជាជំនួយដល់ការសម្រកទម្ងន់ ឬ ទទួលការវះកាត់បង្រួមក្រពះ។
ការហាត់ប្រាណក្នុងកម្រិតសមរម្យអាចជួយអោយអ្នកជំងឺរក្សាទម្ងន់សមស្របនិងរក្សាកម្រិតជាតិស្ករក្នុងឈាមអោយស្ថិតក្នុងកម្រិតប្រក្រតី។ នៅក្នុងពេលកំពុងហាត់ប្រាណ កម្រិតជាតិស្ករក្នុងឈាមអាចធ្លាក់ចុះទាបខ្លាំង ដូច្នេះ ត្រូវប្រុងប្រយ័ត្នចំពោះរោគសញ្ញានៃជាតិស្ករក្នុងឈាមចុះទាប។ ប្រសិនបើធ្វើលំហាត់ប្រាណរយៈពេលយូរ អ្នកជំងឺគួរបរិភោគអាហារសម្រន់បន្តិចបន្តួចក្នុងអំឡុងពេលហាត់ប្រាណ ឬ បន្ថយកម្រិតឱសថចាក់អាំងស៊ុយលីនក្រោយពិគ្រោះជាមួយវេជ្ជបណ្ឌិត។
ឱសថព្យាបាលជំងឺទឹកនោមផ្អែមមានច្រើនប្រភេទ។ ករណីជាជំងឺទឹកនោមផ្អែមប្រភេទទី1 អ្នកជំងឺត្រូវប្រើប្រាស់ឱសថចាក់អាំងស៊ុយលីនជាចាំបាច់ដើម្បីបញ្ចុះកម្រិតជាតិស្ករក្នុងឈាម។ ករណីជាជំងឺទឹកនោមផ្អែមប្រភេទទី2 ស្ទើរគ្រប់ករណីទាំងអស់អ្នកជំងឺត្រូវប្រើប្រាស់ឱសថបញ្ចុះជាតិស្ករក្នុងឈាមទម្រង់ជាថ្នាំលេប ប៉ុន្តែ ក៏មានអ្នកជំងឺដែលចាំបាច់ត្រូវប្រើឱសថចាក់អាំងស៊ុយលីនផងដែរ។
នៅក្នុងការព្យាបាលជំងឺទឹកនោមផ្អែម ការវាស់កម្រិតជាតិស្ករក្នុងឈាមជាទៀតទាត់ជាចំណុចដែលមិនអាចខ្វះបាន។ អ្នកជំងឺទឹកនោមផ្អែមចាំបាច់ត្រូវគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាមតាមរយៈ របបអាហារ ការហាត់ប្រាណ និង ឱសថ។ ការកែសម្រួលការអនុវត្តចំណុចទាំងអស់ខាងលើគឺអាស្រ័យទៅលើលទ្ធផលនៃការតាមដានកម្រិតជាតិស្ករក្នុងឈាមជាប្រចាំ។ ប្រសិនបើគេទុកចោលមិនតាមដានបម្រែបម្រួលនៃកម្រិតជាតិស្ករក្នុងឈាមរហូតដល់ពេលរោគសញ្ញាបង្ហាញឡើង អ្នកជំងឺអាចឈានដល់ដំណាក់កាលធ្ងន់ធ្ងរនៃជំងឺនេះ។
កត្តាជាច្រើនដូចខាងក្រោមនេះមានឥទ្ធិពលទៅលើកម្រិតជាតិស្ករក្នុងឈាម៖
・របបអាហារ
・ការហាត់ប្រាណ
・ស្ត្រេស
・ជំងឺផ្សេងទៀត
・ឱសថ
・ពេលវេលា។
នៅពេលដែលអ្នកជំងឺភ្លេចខ្លួនច្រឡំបរិភោគអាហារដេលផ្ទុកកាបូអ៊ីដ្រាតច្រើន កម្រិតជាតិស្ករក្រោយអាហាររបស់គាត់អាចនឹងកើនឡើងខ្ពស់ភ្លាមៗ។ ស្ត្រេសទាក់ទងនឹងអារម្មណ៍ស្មារតី ឬ ការកើតមានជំងឺឆ្លង ឬ ការប្រើប្រាស់ឱសថជាដើមក៏អាចធ្វើអោយជាតិស្ករក្នុងឈាមកើនឡើងផងដែរ។ មនុស្សភាគច្រើនមានកម្រិតជាតិស្ករកើនឡើងនៅពេលព្រឹកព្រលឹម ប៉ុន្តែ នោះគ្រាន់តែជាប្រតិកម្មប្រក្រតីក្នុងរាងកាយដែលកើតឡើងដោយសារអរម៉ូនលូតលាតនិងអរម៉ូនគ័រទីកូស្តេរ៉ូអ៊ីតក្នុងរាងកាយតែប៉ុណ្ណោះ ហៅថា Dawn phenomenon។ នៅពេលកម្រិតជាតិស្ករចុះទាប អរម៉ូនប្រភេទមួយចំនួនអាចនឹងទទួលការភ្ញោចធ្វើអោយកើនការបញ្ចេញអរម៉ូនទាំងនោះ ដើម្បីបង្កើនកម្រិតជាតិស្ករក្នុងឈាមភ្លាមៗ ហៅថា Somogyi effect។ នៅពេលធ្វើលំហាត់ប្រាណ ជាតិស្ករក្នុងឈាមនឹងធ្លាក់ចុះ ដូច្នេះ ចាំបាច់ត្រូវបំពេញសារធាតុកាបូអ៊ីដ្រាតតាមរយៈការបរិភោគអាហារឡើងវិញ។
អ្នកជំងឺអាចធ្វើការវាស់កម្រិតជាតិស្ករក្នុងឈាមដោយខ្លួនឯងបានយ៉ាងងាយស្រួលនៅគេហដ្ឋានរបស់ខ្លួនឬនៅកន្លែងណាមួយ។ ជាទូទៅ ឧបករណ៍វាស់ជាតិស្ករក្នុងឈាមមានម្ជុលតូចមួយហៅថាLancet ដោយជាដំបូង អ្នកជំងឺត្រូវយកម្ជុលតូចនោះចាក់នៅចុងម្រាមដៃដើម្បីទទួលបានឈាម1តំណក់។ Lancetមានម្ជុលតូចនិងមានរ៉ូស័រដែលអាចចាក់ទម្លាយស្បែកនៅចុងម្រាមដៃបានយ៉ាងលឿន។ មនុស្សភាគច្រើនទទួលអារម្មណ៍ឈឺចាប់តែបន្តិចបន្តួចប៉ុណ្ណោះនៅពេលត្រូវចាក់ម្ជុល។ បន្ទាប់មក អ្នកជំងឺត្រូវយកឈាម1តំណក់នោះដាក់នៅលើក្រដាសពិនិត្យ ដោយសារធាតុនៅលើក្រដាសពិនិត្យនោះនឹងធ្វើប្រតិកម្មគីមីជាមួយគ្លុយកូសនៅក្នុងឈាម។ ឧបករណ៍ពិនិត្យនោះនឹងបង្ហាញលទ្ធផលនៃប្រតិកម្មគីមីនោះជាតួលេខនៅលើអេក្រង់អេឡិចត្រូនិច។ស្ទើរគ្រប់ឧបករណ៍ទាំងអស់នឹងបង្ហាញពេលវេលាវាស់នឹងកម្រិតជាតិស្ករក្នុងឈាមនៅលើអេក្រង់។ ចំពោះឧបករណ៍ខ្លះ អ្នកជំងឺអាចប្រើឈាមពីកន្លែងផ្សេងពីចុងម្រាម ដូចជា បាតដៃ ដើមដៃ ភ្លៅ កំភួនជើង ជាដើម។
ឧបករណ៍វាស់ជាតិស្ករក្នុងឈាមជាប់រហូត(CGM System) ជាឧបករណ៍ស្ទង់កម្រិតជាតិស្ករក្នុងឈាមដែលត្រូវបានបំពាក់នៅក្រោមស្បែករបស់អ្នកជំងឺនេះ។ ឧបករណ៍ស្ទង់នេះនឹងវាស់កម្រិតជាតិស្ករក្នុងឈាមរៀងរាល់ប៉ុន្មាននាទីម្ដង ដោយមានអេក្រង់តូចបង្ហាញលទ្ធផលវាស់ដែលមានទំហំដូចទូរស័ព្ទដៃសម្រាប់អោយអ្នកជំងឺយកតាមខ្លួន។ ប្រសិនបើគេកំណត់សម្លេងរោទ៍នៅក្នុងឧបករណ៍នេះ វានឹងបន្លឺសម្លេងឡើងនៅពេលដែលជាតិស្ករក្នុងឈាមរបស់អ្នកជំងឺចុះទាបឬឡើងខ្ពស់ខុសប្រក្រតី ដែលអាចអោយគេដោះស្រាយស្ថានការណ៍ទាំងនេះបានឆាប់រហ័ស។ ចំណុចខ្សោយនៃឧបករណ៍នេះគឺ អ្នកជំងឺត្រូវប្រើប្រាស់លទ្ធផលដេលបានពីការវាស់ដោយប្រើឧបករណ៍វាស់ជាតិស្ករនៅចុងម្រាមទូទៅ ដើម្បីកែតម្រូវភាពសុក្រិតនៃឧបករណ៍នេះប៉ុន្មានដងក្នុង1ថ្ងៃ ហើយការប្រើឧបករណ៍នេះត្រូវប៉ះពាល់ដល់ស្បែក និង វាមានទំហំធំបន្តិច។ ម្យ៉ាងទៀត ដោយសារលទ្ធផលបានពីឧបករណ៍នេះមិនអាចផ្ដល់ទំនុកចិត្តគ្រប់គ្រាន់សម្រាប់ការកំណត់វិធីព្យាបាលជំងឺទឹកនោមផ្អែម ដូច្នេះ ការវាស់ជាតិស្ករក្នុងឈាមតាមវិធីចាក់ម្ជុលនៅចុងម្រាមនៅតែចាំបាច់ មុននឹងកំណត់ការប្រើប្រាស់ឱសថអាំងស៊ុយលីន។
គេមិនប្រាកដថាការប្រើប្រាស់CGM System អាចមានភាពសុក្រិតជាងការវាស់តាមឧបករណ៍វាស់ជាតិស្ករក្នុងឈាមដោយចាក់ម្ជុលនៅចុងម្រាមនោះទេ។ ដោយសារការប្រើCGM Systemក៏នៅតែតម្រូវអោយអ្នកជំងឺអនុវត្តការវាស់ជាតិស្ករដោយចាក់ម្ជុលនៅចុងម្រាមដូចនោះ ស្ទើរគ្រប់អ្នកជំងឺទាំងអស់ហាក់មិនទទួលផលប្រយោជន៍ច្រើនពីការប្រើឧបករណ៍CGM Systemនេះទេ។ ប៉ុន្តែ ឧបករណ៍CGM System អាចមានប្រយោជន៍ក្នុងករណីអ្នកជំងឺស្ថិតក្នុងស្ថានភាពដែលពិបាកតាមដានជាតិស្ករក្នុងឈាមដោយចាក់ម្ជុលនៅចុងម្រាម ដូចជា ករណីអ្នកជំងឺទឹកនោមផ្អែមប្រភេទទី1ដែលអាចកើតមានការប្រែប្រួលកម្រិតជាតិស្ករក្នុងឈាមខ្លាំងនិងភ្លាមៗ(ជាពិសេសនៅពេលជាតិស្ករក្នុងឈាមចុះទាបខ្លាំង) ជាដើម។
អ្នកជំងឺទឹកនោមផ្អែមត្រូវកត់ត្រាអំពីលទ្ធផលនៃការវាស់កម្រិតជាតិស្ករក្នុងឈាមរបស់ខ្លួន ដើម្បីបង្ហាញដល់វេជ្ជបណ្ឌិត ដែលចាំបាច់សម្រាប់ការកែសម្រួលបរិមាណឱសថអាំងស៊ុយលីនឬឱសថបញ្ចុះជាតិស្ករទម្រង់ជាថ្នាំលេបផ្សេងៗដែលត្រូវប្រើប្រាស់ជាប្រចាំ។ អ្នកជំងឺភាគច្រើនទទួលការណែនាំពីវេជ្ជបណ្ឌិតដើម្បីអាចកែសម្រួលបរិមាណឱសថអាំងស៊ុយលីនដោយខ្លួនឯងនៅពេលចាំបាច់។
ការពិនិត្យកម្រិតគ្លុយកូសក្នុងទឹកនោមក៏ត្រូវបានអនុវត្តផងដែរ ប៉ុន្តែ ការពិនិត្យទឹកនោមមិនសូវជាផ្ដល់ប្រយោជន៍ដល់ការតាមដានប្រសិទ្ធិភាពនៃការព្យាបាលឬការកែសម្រួលវិធីព្យាបាលនោះទេ។ ម្យ៉ាងទៀត កម្រិតគ្លុយកូសក្នុងទឹកនោមដែលបានពីការពិនិត្យទឹកនោម មិនបង្ហាញដោយផ្ទាល់អំពីកម្រិតជាតិស្ករក្នុងឈាមក្នុងខណៈពេលនោះទេ ដូច្នេះ លទ្ធផលពីការពិនិត្យទឹកនោមពេលខ្លះអាចធ្វើអោយការព្យាបាលឆ្ពោះទៅទិសដៅខុស។ ទោះជាពេលដែលជាតិស្ករក្នុងឈាមចុះទាបខ្លាំងឬឡើងខ្ពស់បន្តិចបន្តួច ក៏ពេលខ្លះកម្រិតគ្លុយកូសក្នុងទឹកនោមមិនប្រែប្រួលក៏មាន។
វេជ្ជបណ្ឌិតនឹងធ្វើការតាមដានប្រសិទ្ធិភាពនៃការព្យាបាលដោយផ្អែកទៅលើការពិនិត្យកម្រិតអេម៉ូក្លូប៊ីនA1c (HbA1c)។ នៅពេលដែលជាតិស្ករក្នុងឈាមមានកម្រិតខ្ពស់ អេម៉ូក្លូប៊ីនដែលជាប្រូតេអ៊ីនមានតួនាទីដឹកជញ្ជូនអុកស៊ីសែននៅក្នុងឈាមនឹងបង្ហាញការប្រែប្រួល។ ការប្រែប្រួលនេះមានទំនាក់ទំនងដោយផ្ទាល់ទៅនឹងកម្រិតជាតិស្ករក្នុងឈាមក្នុងរយៈពេលណាមួយ។ កាលណាកម្រិតអេម៉ូក្លូប៊ីនA1c (HbA1c)មានកម្រិតខ្ពស់ មានន័យថា ជាតិស្ករក្នុងឈាមស្ថិតក្នុងកម្រិតខ្ពស់បែបនេះអស់មួយរយៈពេលហើយមកទល់ពេលនេះ។ គឺថា កម្រិតអេម៉ូក្លូប៊ីនA1c (HbA1c)មិនបង្ហាញអំពីតែកម្រិតជាតិស្ករក្នុងឈាមនៅខណៈពេលដែលវាស់នោះទេ គឺវាបង្ហាញអំពីកម្រិតជាតិស្ករក្នុងឈាមរយៈពេលប៉ុន្មានខែចុងក្រោយនេះ។
ចំពោះអ្នកជំងឺទឹកនោមផ្អែម គេត្រូវកំណត់គោលដៅរក្សាកម្រិតអេម៉ូក្លូប៊ីនA1c (HbA1c)អោយនៅក្រោម7%។ គោលដៅនេះមានលក្ខណៈលំបាកបន្តិច ប៉ុន្តែ នៅពេលដែលកម្រិតអេម៉ូក្លូប៊ីនA1c (HbA1c)ថយចុះ ហានិភ័យនៃការកើតមានបញ្ហាផ្សេងៗទៀតដែលបង្កដោយជំងឺទឹកនោមផ្អែមនឹងថយចុះផងដែរ។ កម្រិតចាប់ពី9%ឡើងទៅបង្ហាញអំពីការគ្រប់គ្រងជាតិស្ករក្នុងឈាមមិនបានល្អ ហើយកម្រិតចាប់ពី12%ឡើងទៅបង្ហាញថាការគ្រប់គ្រងជាតិស្ករក្នុងឈាមគឺអាក្រក់។ អ្នកជំនាញផ្នែកជំងឺទឹកនោមផ្អែមណែនាំអោយធ្វើការវាស់កម្រិតអេម៉ូក្លូប៊ីនA1c (HbA1c)រៀងរាល់3~6ខែម្ដង។ ការវាស់កម្រិតនៃអាស៊ីតអាមីនេម្យ៉ាងហៅថាFructosamine (FA) ដែលភ្ជាប់ទៅនឹងគ្លុយកូស អាចអោយគេដឹងអំពីស្ថានភាពនៃការគ្រប់គ្រងជាតិស្ករក្នុងឈាមរយៈពេល2~3សប្ដាហ៍ចុងក្រោយ។ វិធីនេះត្រូវបានប្រើប្រាស់ជាទូទៅនៅក្នុងករណីអ្នកជំងឺទឹកនោមផ្អែមជាអ្នកដែលមានបញ្ហាអេម៉ូក្លូប៊ីនដែលមានទ្រង់ទ្រាយខុសប្រក្រតី ធ្វើអោយគេមិនអាចពឹងផ្អែកទៅលើលទ្ធផលនៃការវាស់កម្រិតអេម៉ូក្លូប៊ីនA1c (HbA1c)បាន។
អានបន្ថែម