Chronic Pancreatitis (ជំងឺរលាកលំពែងរ៉ាំរ៉ៃ)
-
- លក្ខណៈទូទៅ
- រោគសញ្ញា
- រោគវិនិច្ឆ័យ
- ការព្យាបាល
-
លក្ខណៈទូទៅ
ជំងឺរលាកលំពែងរ៉ាំរ៉ៃ (Chronic Pancreatitis) គឺជាការរលាកលំពែងដែលកើតឡើងបន្តរយៈពេលវែង រហូតដល់កម្រិតដែលជាលិកានិងមុខងារនៃក្រពេញលំពែងមិនអាចវិលត្រឡប់មកសភាពដើមវិញ។
・រោគសញ្ញាឈឺចាប់អាចកើតមានលក្ខណៈបន្តជាប់រហូត ឬ លក្ខណៈដាច់ៗ។
・រោគវិនិច្ឆ័យ ជាទូទៅ គឺយោងទៅតាមរោគសញ្ញា ប៉ុន្តែ ក៏មានករណីដែលត្រូវការការពិនិត្យឈាមផងដែរ។
・ការព្យាបាលរួមមាន ការទុកពេលអោយក្រពេញលំពែងសម្រាក ការផ្លាស់ប្ដូររបបអាហារ ការប្រើប្រាស់ឱសថបំប៉នសុខភាពប្រភេទជាអង់ស៊ីម និង ការប្រើប្រាស់ឱសថសម្រាកអាការៈឈឺចាប់។
នៅសហរដ្ឋអាមេរិច អ្នកជំងឺរលាកលំពែងរ៉ាំរ៉ៃមិនដល់ពាក់កណ្ដាលទេដែលកើតឡើងដោយសារមូលហេតុប្រើប្រាស់គ្រឿងស្រវឹងច្រើនហួសហេតុ។ ក្រៅពីនេះ ជំងឺនេះងាយកើតមានចំពោះអ្នកដែលមានជំងឺCystic fibrosisឬផ្ទុកសែននៃជំងឺCystic fibrosis ហើយផ្សេងទៀតរួមមានអ្នកជំងឺរលាកលំពែងដោយតំណពូជឬដោយបញ្ហាប្រព័ន្ធភាពស៊ាំប្រឆាំងខ្លួនឯង។ មានជំងឺរលាកលំពែងរ៉ាំរ៉ៃខ្លះដែលកើតឡើងដោយមិនមានមូលហេតុច្បាស់លាស់នោះទេ។ ជាកម្រ ជំងឺរលាកលំពែងរ៉ាំរ៉ៃអាចកើតឡើងដោយសារជំងឺរលាកលំពែងស្រួចស្រាវដែលនៅក្នុងអំឡុងពេលនៃការកើតមានអាការៈ វាមានសភាពធ្ងន់ធ្ងរហើយបំពង់លំពែងប្រែជារួមតូចចង្អៀតជាងមុនខ្លាំង។ នៅប្រទេសដែលស្ថិតក្នុងតំបន់ត្រូពិច (ប្រទេសឥណ្ឌា ប្រទេសឥណ្ឌូនេស៊ី ជាដើម) ជំងឺរលាកលំពែងរ៉ាំរ៉ៃអាចងាយកើតមានចំពោះកុមារឬមនុស្សវ័យក្មេងដោយមិនដឹងមូលហេតុច្បាស់លាស់ ដែលគេហៅជំងឺនេះថា ជំងឺរលាកលំពែងនៅតំបន់ត្រូពិច (Tropical pancreatitis)។
អានបន្ថែម -
រោគសញ្ញា
ជំងឺរលាកលំពែងរ៉ាំរ៉ៃមានរោគសញ្ញាដូចគ្នាបេះបិទទៅនឹងរោគសញ្ញានៃជំងឺរលាកលំពែងស្រួចស្រាវ ដោយបែងចែកជា2ប្រភេទធំៗ។ ទីមួយគឺករណីមានអាការៈឈឺចាប់បន្តជាប់រហូតនៅផ្នែកខាងលើនៃពោះ ហើយកម្រិតនៃអាការៈឈឺចាប់នោះខុសគ្នាសម្រាប់អ្នកជំងឺម្នាក់ៗ។ ករណីនេះ អ្នកជំងឺអាចប្រឈមមុខនឹងការវិវត្តទៅជាកើតមានដុំសាច់លក្ខណៈរលាក ថង់ខ្ទុះ ឬ ទៅជាជំងឺមហារីកលំពែង ជាដើម។ ទីពីរគឺករណីដែលកើតមានរោគសញ្ញារលាកលំពែងដាច់ៗពីគ្នាដោយកើតឡើងម្ដងហើយម្ដងទៀត ហើយបង្ហាញរោគសញ្ញាដូចទៅនឹងជំងឺរលាកលំពែងស្រួចស្រាវកម្រិតស្រាលទៅមធ្យម។ អាការៈឈឺចាប់ក្នុងករណីនេះ ពេលខ្លះក៏មានកម្រិតធ្ងន់ធ្ងរ និង បន្តរយៈពេលប៉ុន្មានម៉ោងឬដល់ប៉ុន្មានថ្ងៃ។ ទោះក្នុងករណីណាក៏ដោយ ប្រសិនបើជំងឺរលាកលំពែងរ៉ាំរ៉ៃចេះតែវិវត្តទៅមុខ នោះកោសិកាដែលមានតួនាទីបញ្ចេញអង់ស៊ីមរំលាយអាហារនឹងបាត់បង់ទៅបន្តិចម្ដងៗ(ប្រហែល6~10ឆ្នាំ) ហើយជាចុងក្រោយ អ្នកជំងឺនឹងមិនមានអាការៈឈឺចាប់នោះទេ។
ដោយសារតែបរិមាណអង់ស៊ីមរំលាយអាហារកាន់តែថយចុះ (ជាស្ថានភាពដែលមុខងារលំពែងចុះខ្សោយ) ការរំលាយរបស់អ្នកជំងឺក៏ប្រព្រឹត្តទៅមិនបានគ្រប់គ្រាន់ដែរ។ នៅពេលដែលការរំលាយអាហារមិនគ្រប់គ្រាន់ ការស្រូបសារធាតុក្នុងអាហារក៏ប្រព្រឹត្តទៅមិនបានល្អ ធ្វើអោយកើតជាលាមកដែលមានផ្ទុកខ្លាញ់ច្រើន មានក្លិនស្អុយខ្លាំង និង ច្រើន។ លាមកអាចមានពណ៌ស្លេក ហើយឃើញមានតំណក់ខ្លាញ់តូចៗ ឬ សរសៃអាហារដែលមិនត្រូវបានរំលាយ។ ការដែលមិនអាចស្រូបសារធាតុចិញ្ចឹមបានគ្រប់គ្រាន់បែបនេះ ធ្វើអោយអ្នកជំងឺស្រកទម្ងន់។ ជាចុងក្រោយ កោសិកាលំពែងដែលមានតួនាទីបញ្ចេញអរម៉ូនអាំងស៊ុយលីនក៏ទទួលការខូចខាត ហើយអ្នកជំងឺនឹងចាប់ផ្ដើមកើតមានជំងឺទឹកនោមផ្អែមបន្តិចម្ដងៗ។
អានបន្ថែម -
រោគវិនិច្ឆ័យ
វេជ្ជបណ្ឌិតសង្ស័យជំងឺរលាកលំពែងរ៉ាំរ៉ៃ ដោយយោងទៅតាមរោគសញ្ញារបស់អ្នកជំងឺ ប្រវត្តិនៃការកើតជំងឺរលាកលំពែងស្រួចស្រាវ និង ការពិសាគ្រឿងស្រវឹងច្រើនរបស់អ្នកជំងឺ។ ការពិនិត្យឈាមមិនសូវមានប្រយោជន៍ទេនៅក្នុងការធ្វើរោគវិនិច្ឆ័យលើជំងឺរលាកលំពែងរ៉ាំរ៉ៃដូចក្នុងករណីរលាកលំពែងស្រួចស្រាវនោះទេ ប៉ុន្តែ គេអាចនឹងសង្កេតឃើញមានការកើនឡើងនៃកម្រិតអង់ស៊ីម2ប្រភេទរបស់ក្រពេញលំពែងគឺAmylaseនិងLipase។ កម្រិតជាតិស្ករក្នុងឈាមរបស់អ្នកជំងឺអាចនឹងកំពុងកើនឡើង ដូច្នេះ គេគួរពិនិត្យឈាមដើម្បីតាមដានបម្រែបម្រួលនៃកម្រិតជាតិស្ករក្នុងឈាម។
គេអាចអនុវត្តការពិនិត្យដោយCTដើម្បីដឹងអំពីការប្រែប្រួលនៃជំងឺរលាកលំពែងរ៉ាំរ៉ៃ។ ករណីគេមិនរកឃើញភាពអប្រក្រតីតាមរយៈការពិនិត្យCTទេ នោះគេអាចអនុវត្តការពិនិត្យដោយERCP (Endoscopic retrograde cholangiopancreatography) ឬ ការពិនិត្យអេកូតាមអង់ដូស្កុប(Endoscopic ultrasound) ឬ ការពិនិត្យមុខងារក្រពេញលំពែង។ បច្ចុប្បន្ន វេជ្ជបណ្ឌិតជាច្រើនបានជំនួសការពិនិត្យCT ដោយការពិនិត្យMRIលក្ខណៈពិសេសហៅថា MRCP(Magnetic resonance cholangiopancreatography)។ នៅក្នុងបច្ចេកទេសMRCP គេអាចពិនិត្យឃើញផ្លូវទឹកប្រមាត់និងបំពង់លំពែងបានច្បាស់ជាងការថតCT។
អ្នកជំងឺរលាកលំពែងរ៉ាំរ៉ៃប្រឈមមុខខ្ពស់នឹងការកើតជំងឺមហារីកលំពែង។ ករណីរោគសញ្ញារលាកលំពែងមានសភាពធ្ងន់ធ្ងរ ជាពិសេសនៅពេលដែលគេរកឃើញថាបំពង់លំពែងមានលក្ខណៈរួមតូចចង្អៀត គេនឹងសង្ស័យថាជំងឺបានវិវត្តទៅជាជំងឺមហារីកលំពែងហើយ។ ក្នុងករណីបែបនេះ គេនឹងធ្វើការពិនិត្យផ្សេងៗ រួមមាន ការពិនិត្យឈាម ការពិនិត្យMRI ការពិនិត្យCT ការពិនិត្យដោយឧបករណ៍អង់ដូស្កុប។
អានបន្ថែម -
ការព្យាបាល
ការព្យាបាលជំងឺរលាកលំពែងរ៉ាំរ៉ៃដែលកើតមានអាការៈម្ដងហើយម្ដងទៀតមានលក្ខណៈដូចទៅនឹងការព្យាបាលជំងឺរលាកលំពែងស្រួចស្រាវ។ ទោះជាករណីមូលហេតុមិនមែនបណ្ដាលមកពីការពិសាគ្រឿងស្រវឹងក៏ដោយ អ្នកជំងឺរលាកលំពែងរ៉ាំរ៉ៃទាំងអស់ត្រូវបានហាមឃាត់មិនអោយប្រើប្រាស់គ្រឿងស្រវឹងនោះទេ។ អ្នកជំងឺត្រូវចៀសវាងការបរិភោគអាហារ ដោយទទួលសារធាតុចិញ្ចឹមតាមរយៈការព្យួរសេរ៉ូម ដើម្បីទុកពេលអោយក្រពេញលំពែងនិងពោះវៀនសម្រាក និង កាត់បន្ថយការកើតមានអាការៈឈឺចាប់ឡើងវិញ។ មានករណីខ្លះដែលអ្នកជំងឺត្រូវទទួលឱសថបំបាត់ការឈឺចាប់ប្រភេទអូភីអ័យ។ វិធីព្យាបាលបែបនេះអាចនឹងមិនមានប្រសិទ្ធិភាពចំពោះករណីជាច្រើន ដូច្នេះ វេជ្ជបណ្ឌិតចាំបាច់ត្រូវបង្កើនកម្រិតប្រើប្រាស់នៃឱសថបំបាត់ការឈឺចាប់ប្រភេទអូភីអ័យ ប៉ុន្តែ អ្នកជំងឺនឹងប្រឈមមុខនឹងការកើតមានអាការៈញៀនទៅនឹងឱសថនេះ។ អាការៈឈឺចាប់នៅក្នុងជំងឺរលាកលំពែងរ៉ាំរ៉ៃភាគច្រើនពិបាកព្យាបាលដោយប្រើឱសថណាស់។
បន្ទាប់ពីរយៈពេលនោះ អ្នកជំងឺអាចចាប់ផ្តើមបរិភោគអាហារដែលមានជាតិខ្លាញ់តិច ដោយបែងចែកបរិភោគ4~5ដងក្នុង1ថ្ងៃ ធ្វើបែបនេះអាចកាត់បន្ថយការរើអាការៈឡើងវិញ។ ករណីអ្នកជំងឺមិនអាចបញ្ចេញអង់ស៊ីមរំលាយអាហារគ្រប់គ្រាន់នោះទេ គេអាចផ្ដល់ឱសថដែលចម្រាញ់ចេញពីអង់ស៊ីមលំពែងដល់អ្នកជំងឺពិសាជាមួយអាហារ។ ដោយវិធីនេះ គេអាចកាត់បន្ថយការកើតមានលាមកផ្ទុកខ្លាញ់ច្រើន ហើយការស្រូបសារធាតុចិញ្ចឹមក៏មានលក្ខណៈល្អប្រសើរជាងមុន ប៉ុន្តែ ឱសថទាំងនេះក៏មិនអាចដោះស្រាយបញ្ហាពិបាករំលាយអាហារបានទាំងស្រុងនោះទេ។ ករណីចាំបាច់មួយចំនួន អ្នកជំងឺត្រូវការឱសថកាត់បន្ថយការបញ្ចេញអាស៊ីតក្រពះ ដូចជា ឱសថប្រភេទទប់ស្កាត់គ្រឿងទទួលហ៊ីស្តាមីន2 (H2 receptor blockers)ឬឱសថទប់ស្កាត់គ្រឿងចម្លងប្រូតុង (Proton pump inhibitor, PPI)។ វិធីព្យាបាលបែបនេះ អាចធ្វើអោយអ្នកជំងឺកើនទម្ងន់បានមួយកម្រិត អាចកាត់បន្ថយចំនួនដងនៃការបន្ទោរបង់ ហើយមិនឃើញមានតំណក់ខ្លាញ់នៅក្នុងលាមក គឺអ្នកជំងឺអាចមានអារម្មណ៍ប្រសើរជាងមុន។ ករណីស្ថានភាពរបស់អ្នកជំងឺនៅតែមិនប្រសើរឡើងក្រោយអនុវត្តវិធីព្យាបាលទាំងនេះ គេអាចសាកល្បងកាត់បន្ថយបរិមាណខ្លាញ់ក្នុងអាហារបរិភោគបន្ថែមទៀត ដោយអ្នកជំងឺអាចនឹងត្រូវទទួលយកវីតាមីនរលាយក្នុងខ្លាញ់(A, D, E, K)តាមរយៈឱសថបំប៉នសុខភាពវិញ។
ករណីជាជំងឺរលាកលំពែងរ៉ាំរ៉ៃប្រភេទអាការៈឈឺចាប់បន្តកើតមានជាប់រហូត វេជ្ជបណ្ឌិតនឹងធ្វើការពិនិត្យថាតើកំពុងកើតមានបញ្ហាផ្សេងទៀត ដូចជា ដុំសាច់លក្ខណៈរលាក ឬ Pancreatic pseudocyst (ថង់ដែលផ្ទុកទៅដោយអង់ស៊ីមលំពែង ទឹកលំពែង បំណែកជាលិកាជាដើម)នៅផ្នែកក្បាលនៃក្រពេញលំពែងដែរឬទេ។ ករណីកើតមានដុំសាច់លក្ខណៈរលាក អ្នកជំងឺអាចនឹងចាំបាច់ត្រូវទទួលការវះកាត់។ ករណីកើតមាន Pancreatic pseudocyst គេនឹងពិចារណាដល់ការព្យាបាលដោយចោះបំបែកថងខ្ទុះទាំងនោះ។
ករណីអាការៈឈឺចាប់បន្តជាប់រហូតប៉ុន្តែមិនមានបញ្ហាផ្សេងកំពុងកើតឡើងនោះទេ គេអាចប្រើវិធីព្យាបាលដោយប្រើឱសថស្ពឹកBupivacaineនិងអាល់កុលរួមបញ្ចូលគ្នាចាក់ចូលសរសៃប្រសាទដែលចេញពីក្រពេញលំពែង ដើម្បីបង្អាក់កុំអោយសញ្ញាភ្ញោចនៃអាការៈឈឺចាប់បញ្ជូនទៅដល់ខួរក្បាល។ ប្រសិនបើវិធីព្យាបាលនេះមិនមានប្រសិទ្ធិភាព នៅមានជម្រើសជាការវះកាត់ ក្នុងករណីបំពង់លំពែងរីកធំ ឬ កើតមានដុំសាច់លក្ខណៈរលាកនៅផ្នែកណាមួយនៃក្រពេញលំពែង។ ឧទាហរណ៍ ករណីបំពង់លំពែងរីកធំ អ្នកជំងឺប្រមាណ70~80%អាចធូរស្រាលពីការឈឺចាប់ក្រោយទទួលការវះកាត់តភ្ជាប់ផ្លូវបង្ហូរពីក្រពេញលំពែងទៅកាន់ពោះវៀនតូច។ ករណីបំពង់លំពែងមិនរីកធំទេ អ្នកជំងឺអាចនឹងចាំបាច់ទទួលការវះកាត់យកផ្នែកមួយនៃក្រពេញលំពែងដែលមានបញ្ហាចេញ។ ប៉ុន្តែ ការវះកាត់បែបនេះ អាចធ្វើអោយកោសិកាដែលបញ្ចេញអរម៉ូនអាំងស៊ុយលីនថយចុះ នាំអោយអ្នកជំងឺចាប់ផ្ដើមកើតមានជំងឺទឹកនោមផ្អែម។ ដូច្នេះ ការវះកាត់បែបនេះត្រូវបានអនុវត្តចំពោះតែអ្នកជំងឺដែលបានផ្ដាច់ការប្រើប្រាស់គ្រឿងស្រវឹង ហើយងាយនឹងគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាមទោះជាកើតជំងឺទឹកនោមផ្អែមក៏ដោយតែប៉ុណ្ណោះ។
ការព្យាបាលជំងឺទឹកនោមផ្អែមដែលកើតឡើងដោយសារជំងឺរលាកលំពែងរ៉ាំរ៉ៃ កម្រនឹងអាចគ្រប់គ្រងបានដោយប្រើឱសថបញ្ចុះជាតិស្ករក្នុងឈាម ដោយជាទូទៅ អ្នកជំងឺត្រូវប្រើប្រាស់ឱសថចាក់ប្រភេទអាំងស៊ុយលីន។ ប៉ុន្តែ ចំពោះអ្នកជំងឺបែបនេះ អាចកើតមានបញ្ហាផ្សេងៗទៀត ដោយសារកម្រិតអរម៉ូនគ្លុយកាហ្កុង(Glucagon)ក៏ថយចុះផងដែរ។ នៅពេលអរម៉ូនអាំងស៊ុយលីនមានច្រើនជ្រុលនៅក្នុងរាងកាយ អ្នកជំងឺអាចកើតមានរោគសញ្ញានៃជាតិស្ករក្នុងឈាមចុះទាបខ្លាំង ហើយអាចឈានដល់បាត់បង់ស្មារតី។
អានបន្ថែម