Chronic Kidney Disease (ជំងឺខ្សោយតម្រងនោមរ៉ាំរ៉ៃ)

    • លក្ខណៈទូទៅ
    • រោគសញ្ញា
    • រោគវិនិច្ឆ័យ
    • ការវិវត្តនៃជំងឺ
    • ការព្យាបាល
  • លក្ខណៈទូទៅ

    ជំងឺខ្សោយតម្រងនោម(Kidney failure) ជាស្ថានភាពដែលតម្រងនោមមិនអាចច្រោះសារធាតុកាកសំណល់ពីក្នុងឈាមបានគ្រប់គ្រាន់។

    ជំងឺខ្សោយតម្រងនោមកើតឡើងដោយមូលហេតុផ្សេងៗ។ វាអាចជាជំងឺខ្សោយតម្រងនោមលក្ខណៈស្រួចស្រាវ ឬ ជាលក្ខណៈរ៉ាំរ៉ៃ។ នៅពេលមុខងារតម្រងនោមចុះខ្សោយ វាមិនត្រឹមតែមិនអាចច្រោះយកសារធាតុពុល(សារធាតុCreatinine សារធាតុUrea nitrogen ជាដើម) វាថែមទាំងបាត់បង់សមត្ថភាពគ្រប់គ្រងតុល្យភាពនៃជាតិទឹកនិងកំហាប់នៃសារធាតុអេឡិចត្រូឡាយ(សូដ្យូមNa ប៉ូតាស្យូមK កាល់ស្យូមCa ផូស្វ័រPជាដើម)ក្នុងរាងកាយទៀតផង។

    ប្រសិនបើស្ថានភាពចុះខ្សោយមុខងារតម្រងនោមចេះតែបន្តទៅមុខ សម្ពាធឈាមអាចនឹងកើនឡើងខ្ពស់។ ម្យ៉ាងទៀត តម្រងនោមមិនអាចផលិតអរម៉ូនអេរីស្រូប៉ូអេទីន(Erythropoietin)ដែលមានតួនាទីជម្រុញការផលិតគ្រាប់ឈាមក្រហមថ្មីៗ ធ្វើអោយបរិមាណគ្រាប់ឈាមក្រហមក្នុងរាងកាយមានការថយចុះ (ជំងឺស្លេកស្លាំង(Anemia))។ ក្រៅពីនេះ តម្រងនោមមិនអាចផលិតសារធាតុកាល់ស៊ីទ្រីអូល(Calcitriol)ដែលជាទម្រង់សកម្មនៃវីតាមីនDបានគ្រប់គ្រាន់សម្រាប់ការទ្រទ្រង់សុខភាពឆ្អឹង។ ប្រសិនបើកុមារកើតជំងឺខ្សោយតម្រងនោម នោះវានឹងមានឥទ្ធិពលទៅលើការលូតលាស់នៃឆ្អឹងរបស់កុមារ ប៉ុន្តែ ជំងឺខ្សោយតម្រងនោមក៏ធ្វើអោយឆ្អឹងរបស់មនុស្សពេញវ័យចុះខ្សោយផងដែរ។

    មុខងារតម្រងនោមអាចចុះខ្សោយនៅមនុស្សគ្រប់វ័យទាំងអស់ ប៉ុន្តែ ទាំងជំងឺខ្សោយតម្រងនោមស្រួចស្រាវនិងរ៉ាំរ៉ៃ គេឃើញច្រើនកើតឡើងចំពោះមនុស្សចាស់ជាជាងមនុស្សវ័យក្មេង។ ជំងឺដែលប៉ះពាល់ធ្វើអោយមុខងារតម្រងនោមចុះខ្សោយ ភាគច្រើនជាជំងឺដែលអាចព្យាបាលបាន ហើយអ្នកជំងឺក៏អាចមានមុខងារតម្រងនោមដូចដើមវិញ។ បច្ចេកវិទ្យាលាងឈាមបានធ្វើអោយជំងឺខ្សោយតម្រងនោមដែលពីមុនអ្នកជំងឺមិនអាចចៀសផុតពីសេចក្ដីស្លាប់បានក្លាយជាជំងឺដែលអាចគ្រប់គ្រងបាន។

    ជំងឺខ្សោយតម្រងនោមរ៉ាំរ៉ៃ គឺជាស្ថានភាពដែលសមត្ថភាពច្រោះយកសារធាតុកាកសំណល់ពីឈាមរបស់តម្រងនោមចាប់ផ្ដើមចុះខ្សោយបន្តិចម្ដងៗពីរយៈពេលប៉ុន្មានខែរហូតដល់រយៈពេលប៉ុន្មានឆ្នាំ។

    ・មូលហេតុចម្បងនៃជំងឺនេះគឺ ជំងឺទឹកនោមផ្អែមនិងជំងឺលើសសម្ពាធឈាម។

    ・ជាតិអាស៊ីតនៅក្នុងឈាមកើនឡើងខ្ពស់ អ្នកជំងឺកើតមានជំងឺស្លេកស្លាំង(Anemia) សរសៃប្រសាទទទួលរងការខូចខាត ជាលិកាឆ្អឹងចុះអន់ថយជាងមុន ហើយហានិភ័យនៃការកើតជំងឺរឹងសរសៃឈាម(Arteriosclerosis)កើនឡើង។

    ・រោគសញ្ញានៃជំងឺខ្សោយតម្រងនោមរ៉ាំរ៉ៃ រួមមាន នោមយប់ អស់កម្លាំង ចង់ក្អួត រមាស់ស្បែក រមួលក្រពើ សាច់ដុំកន្ត្រាក់ ញាណចុះខ្សោយ ស្មារតីវង្វេងវង្វាន់ ពិបាកដកដង្ហើម ស្បែកប្រែទៅជាពណ៌លឿងត្នោត ។ល។

    ・រោគវិនិច្ឆ័យផ្អែកលើលទ្ធផលនៃការពិនិត្យឈាមនិងការពិនិត្យទឹកនោម។

    ・ការព្យាបាលរួមមាន ការកាត់បន្ថយការបរិភោគអាហារដែលមានជាតិទឹក ជាតិសូដ្យូម(អំបិល)និងជាតិប៉ូតាស្យូម(K)ច្រើន និង ត្រូវប្រើឱសថដើម្បីព្យាបាលជំងឺផ្សេងទៀតដូចជាជំងឺទឹកនោមផ្អែម ជំងឺលើសសម្ពាធឈាម ជំងឺស្លេកស្លាំង ជំងឺអតុល្យភាពអេឡិចត្រូឡាយក្នុងរាងកាយ ជាដើម។ ករណីចាំបាច់ អ្នកជំងឺអាចនឹងត្រូវទទួលការព្យាបាលដោយការលាងឈាមឬការវះកាត់ប្តូរតម្រងនោម។

    ជំងឺមួយចំនួនអាចធ្វើអោយប៉ះពាល់ដល់មុខងារតម្រងនោមរហូតដល់មិនអាចស្រោចស្រង់បាន។ ក្រោយការព្យាបាលជំងឺខ្សោយតម្រងនោមស្រួចស្រាវ ប្រសិនបើមុខងារតម្រងនោមនៅមិនត្រឡប់ដូចដើមវិញបន្ទាប់ពីរយៈពេលលើសពី3ខែ នោះគេសន្មតថាជាជំងឺខ្សោយតម្រងនោមរ៉ាំរ៉ៃ។ ដូច្នេះ មូលហេតុដែលអាចបង្កអោយកើតមានជំងឺខ្សោយតម្រងនោមស្រួចស្រាវ ក៏អាចជាមូលហេតុនៃការជំងឺខ្សោយតម្រងនោមរ៉ាំរ៉ៃផងដែរ។ ប៉ុន្តែ នៅប្រទេសក្នុងសហភាពអឺរ៉ុប គេបានចាត់ទុកជំងឺទឹកនោមផ្អែមនិងជំងឺលើសសម្ពាធឈាមជាមូលហេតុទូទៅបំផុតនៃការកើតជំងឺខ្សោយតម្រងនោមរ៉ាំរ៉ៃ ដោយសារជំងឺទាំងនេះមានឥទ្ធិពលធ្វើអោយខូចខាតដល់សរសៃឈាមតូចនៅក្នុងតម្រងនោមដោយផ្ទាល់។

    ក្រៅពីនេះ មូលហេតុដែលបង្កជាជំងឺខ្សោយតម្រងនោមរ៉ាំរ៉ៃ រួមមាន ការស្ទះនៅផ្លូវនោម ជំងឺតម្រងនោមមួយចំនួន(ជំងឺPolycystic kidney disease(PKD)ឬជំងឺGlomerulonephritisជាដើម) ជំងឺប្រព័ន្ធភាពស៊ាំប្រឆាំងខ្លួនឯងដែលអង់ទីករធ្វើអោយខូចខាតដល់សរសៃឈាមឬបំពង់តូចៗនៅក្នុងតម្រងនោម(ជំងឺSystemic lupus erythematosus (SLE)ជាដើម)។

    ជំងឺខ្សោយតម្រងនោមរ៉ាំរ៉ៃអាចបង្កបញ្ហាផ្សេងៗជាច្រើនពេញរាងកាយទាំងមូល។

     ・ការចុះខ្សោយនៃមុខងារតម្រងនោម ទោះក្នុងកម្រិតស្រាលឬកម្រិតមធ្យមក៏ដោយ ក៏មុខងារគ្រប់គ្រងបរិមាណនិងកំហាប់របស់ទឹកនោមតាមរយៈការស្រូបជាតិទឹកវិញពីទឹកនោមរបស់តម្រងនោមនឹងទទួលផលប៉ះពាល់។

     ・បន្ទាប់ពីនោះ សមត្ថភាពរបស់តម្រងនោមនៅក្នុងការបញ្ចេញចោលនូវសារធាតុលក្ខណៈអាស៊ីតដែលតែងតែកើតឡើងជាធម្មតានៅក្នុងរាងកាយនឹងចុះថយ ហើយឈាមនឹងមានលក្ខណៈអាស៊ីតខ្ពស់ទៅៗ ដែលគេហៅស្ថានភាពនេះថា ការកើនឡើងជាតិអាស៊ីតនៅក្នុងឈាម(Acidosis)។

     ・បរិមាណផលិតគ្រាប់ឈាមក្រហមនឹងថយចុះ ធ្វើអោយកើតមានជំងឺខ្វះគ្រាប់ឈាមក្រហមឬជំងឺស្លេកស្លាំង(Anemia)។

     ・នៅពេលដែលកម្រិតនៃសារធាតុកាកសំណល់ប្រមូលផ្ដុំច្រើនឡើងនៅក្នុងឈាម វាអាចបង្កការខូចខាតដល់កោសិកាសរសៃប្រសាទនៅខួរក្បាល ដងខ្លួន ដៃ និងជើង។ កម្រិតអាស៊ីតអ៊ុយរិចក្នុងឈាមអាចនឹងកើនឡើង បង្កជាជំងឺរលាកសន្លាក់ដោយសារកើនអាស៊ីតអ៊ុយរិច(Gout)។

     ・តម្រងនោមដែលទទួលផលប៉ះពាល់ដោយសារជំងឺផ្សេងៗ នឹងបង្កើនការបញ្ចេញអរម៉ូនដែលមានសកម្មភាពបង្កើនសម្ពាធឈាមក្នុងរាងកាយ។ ម្យ៉ាងទៀត តម្រងនោមដែលចុះខ្សោយមិនអាចបញ្ចេញចោលនូវជាតិអំបិលឬជាតិទឹកដែលលើសនៅក្នុងរាងកាយតាមរយៈទឹកនោមបាន ធ្វើអោយសារធាតុទាំងនោះប្រមូលផ្ដុំច្រើននៅក្នុងរាងកាយ បង្កជាជំងឺលើសសម្ពាធឈាមឬជំងឺខ្សោយមុខងារបេះដូង។

     ・ភ្នាសដែលគ្របដណ្ដប់ផ្នែកខាងក្រៅនៃបេះដូងអាចកើតមានការរលាក (ជំងឺរលាកភ្នាសខាងក្រៅនៃបេះដូង(Pericarditis))។

     ・ភាគច្រើនកម្រិតជាតិខ្លាញ់ទ្រីគ្លីសេរីត(Triglyceride)នឹងកើនឡើង ដែលរួមជាមួយជំងឺលើសសម្ពាធឈាមវាជាកត្តាដែលបង្កើនហានីភ័យនៃការកើតជំងឺរឹងសរសៃឈាមអាកទែ (Arteriosclerosis)។

     ・នៅពេលដែលជំងឺខ្សោយតម្រងនោមរ៉ាំរ៉ៃបន្តកើតមានរយៈពេលយូរទៅ ដំណើរការផលិតនិងរក្សាជាលិកាឆ្អឹងនឹងកើតមានបញ្ហា(ជំងឺRenal osteodystrophy(ROD))។ នៅក្នុងស្ថានភាពបែបនេះ កម្រិតអរម៉ូនក្រពេញប៉ារ៉ាទីរ៉ូអ៊ីត(Parathyroid hormone)នឹងកើនឡើង កម្រិតសារធាតុកាល់ស៊ីទ្រីអូល(Calcitriol)ដែលជាទម្រង់សកម្មនៃវីតាមីនDនៅក្នុងឈាមនឹងថយចុះ ដំណើរការស្រូបជាតិកាល់ស្យូមនឹងមានបញ្ហា ហើយកម្រិតសារធាតុផូស្វ័រ(P)នៅក្នុងឈាមនឹងកើនឡើង ។ល។ ជំងឺRenal osteodystrophy(ROD) នឹងបង្កអាការឈឺចាប់នៅឆ្អឹង ព្រមទាំងបង្កើនហានិភ័យនៃគ្រោះថ្នាក់ប្រេះឬបាក់ឆ្អឹង។

    អានបន្ថែម
  • រោគសញ្ញា

    ជាទូទៅ រោគសញ្ញានៃជំងឺតម្រងនោមរ៉ាំរ៉ៃកើតឡើងបន្តិចម្ដងៗ។ ជំងឺនេះនឹងវិវត្តទៅដោយសារធាតុកាកសំណល់ពីមេតាបូលីសក្នុងរាងកាយដែលប្រមូលផ្ដុំនៅក្នុងឈាមមានកម្រិតច្រើនទៅៗ ធ្វើអោយកើតមានរោគសញ្ញាផ្សេងៗ។

    ករណីមុខងារតម្រងនោមចុះខ្សោយក្នុងកម្រិតស្រាលឬកម្រិតមធ្យម អ្នកជំងឺបង្ហាញរោគសញ្ញាស្រាលដូចជានោមញឹកនៅពេលយប់។ ចំពោះមនុស្សដែលមានសុខភាពល្អ នៅពេលយប់ តម្រងនោមនឹងបង្កើនការស្រូបជាតិទឹកពីទឹកនោមចូលក្នុងរាងកាយវិញដើម្បីកាត់បន្ថយបរិមាណទឹកនោមដែលត្រូវបញ្ចេញចោល ប៉ុន្តែ អ្នកដែលមានជំងឺខ្សោយតម្រងនោមនឹងបាត់បង់សមត្ថភាពនេះ ធ្វើអោយកើតមានរោគសញ្ញានោមញឹកនៅពេលយប់។

    នៅពេលការចុះខ្សោយមុខងារតម្រងនោមចេះតែបន្តកើតមាន សារធាតុកាកសំណល់នឹងប្រមូលផ្ដុំច្រើននៅក្នុងឈាម ធ្វើអោយអ្នកជំងឺកើតមានរោគសញ្ញានឿយហត់អស់កម្លាំង ស្មារតីប្រុងប្រយ័ត្នធ្លាក់ចុះ បាត់បង់ចំណង់អាហារ ដកដង្ហើមដង្ហក់។ល។ ជំងឺខ្វះគ្រាប់ឈាមក្រហមឬជំងឺស្លេកស្លាំងដែលកើតឡើងដោយសារបញ្ហាតម្រងនោមក៏បង្កអោយមានរោគសញ្ញានឿយហត់អស់កម្លាំងផងដែរ។

    នៅពេលដែលសារធាតុកាកសំណល់ប្រមូលផ្ដុំកាន់តែច្រើននៅក្នុងរាងកាយ អ្នកជំងឺនឹងមានរោគសញ្ញាចង់ក្អួត ក្អួត ក្នុងមាត់មានរសជាតិចម្លែកជាដើម ដោយរោគសញ្ញាទាំងនេះនឹងធ្វើអោយអ្នកជំងឺស្រកទម្ងន់ហើយទទួលសារធាតុចិញ្ចឹមមិនគ្រប់គ្រាន់។ អ្នកដែលមានជំងឺតម្រងនោមរ៉ាំរ៉ៃងាយនឹងកើតមានស្នាមជាំស្វាយនៅលើស្បែក ហើយនៅពេលមានរបួសមុខជាដើម ការហូរឈាមនៅតែបន្តរយៈពេលយូរមិនងាយឈប់។ ប្រព័ន្ធភាពស៊ាំរបស់អ្នកជំងឺទប់ទល់នឹងជំងឺឆ្លងនឹងថយចុះ។ ម្យ៉ាងទៀត អាការៈរលាកសន្លាក់ដោយសារកើនឡើងអាស៊ីតអ៊ុយរិចក្នុងឈាម(Gout)អាចនឹងកើតឡើងដោយអ្នកជំងឺមានរោគសញ្ញាឈឺចាប់និងហើមនៅសន្លាក់។

    នៅពេលមុខងារតម្រងនោមចុះខ្សោយខ្លាំង សារធាតុកាកសំណល់នឹងប្រមូលផ្ដុំនៅក្នុងឈាមក្នុងបរិមាណច្រើនលើសលប់។ ពេលនោះ សាច់ដុំនិងសរសៃប្រសាទនៃរាងកាយនឹងទទួលផលប៉ះពាល់ ធ្វើអោយអ្នកជំងឺមានរោគសញ្ញារមួលក្រពើ កម្លាំងសាច់ដុំថយចុះ សាច់ដុំកន្ត្រាក់ និង ឈឺចាប់ជាដើម។ អ្នកជំងឺមានអារម្មណ៍ឈឺចាក់ៗនៅដៃនិងជើង ហើយផ្នែកខ្លះនៃរាងកាយនឹងបាត់បង់ញាណ។ ម្យ៉ាងទៀត ជំងឺម្យ៉ាងហៅថា បណ្ដុំរោគសញ្ញាជើងនៅមិនស្ងៀម(Restless legs syndrome)អាចនឹងកើតឡើងចំពោះអ្នកជំងឺខ្សោយតម្រងនោមរ៉ាំរ៉ៃ។ ប្រសិនបើខួរក្បាលទទួលផលប៉ះពាល់ នោះអ្នកជំងឺនឹងបង្ហាញរោគសញ្ញាវង្វេងវង្វាន់ស្មារតី គេងលក់មិនងាយដាស់ អាការៈសាច់ដុំកន្ត្រាក់ជាដើម។

    នៅពេលដែលមុខងារបេះដូងរបស់អ្នកជំងឺចាប់ផ្ដើមចុះខ្សោយ នោះគេនឹងសង្កេតឃើញអ្នកជំងឺមានរោគសញ្ញាដកដង្ហើមដង្ហក់។ ហើយប្រសិនបើកើតមានជំងឺរលាកភ្នាសខាងក្រៅនៃបេះដូង(Pericarditis) នោះអ្នកជំងឺនឹងមានរោគសញ្ញាឈឺទ្រូងនិងសម្ពាធឈាមចុះទាប។ ជំងឺខ្សោយតម្រងនោមរ៉ាំរ៉ៃនឹងវិវត្ត ធ្វើអោយអ្នកជំងឺកើតមានជំងឺដំបៅក្រពះពោះវៀនឬមានការហូរឈាមនៅក្រពះពោះវៀន។ ម្យ៉ាងទៀត ស្បែករបស់អ្នកជំងឺនឹងប្រែទៅជាពណ៌លឿងត្នោត ហើយពេលខ្លះ សារធាតុអ៊ុយរេ(Urea)នៅក្នុងញើសមានកម្រិតកើនឡើងនិងផ្ដុំគ្នាទៅជាសារធាតុរឹងដោយធ្វើអោយគេឃើញមានកម្ទេចពណ៌សកើតមាននៅលើស្បែករបស់អ្នកជំងឺ។ ជំងឺខ្សោយតម្រងនោមរ៉ាំរ៉ៃអាចបង្កជាអាការៈរមាស់ស្បែកពេញរាងកាយ ហើយខ្យល់ដង្ហើមរបស់អ្នកជំងឺអាចមានក្លិនស្អុយខុសធម្មតា។

    អានបន្ថែម
  • រោគវិនិច្ឆ័យ

    ・ការពិនិត្យឈាម និង ការពិនិត្យទឹកនោម

    ・ការពិនិត្យអេកូ

    ・ពេលខ្លះត្រូវការការវិភាគជាលិកា(Biopsy)

    ការពិនិត្យឈាមនិងការពិនិត្យទឹកនោមមិនអាចខ្វះបានទេសម្រាប់ការធ្វើរោគវិនិច្ឆ័យ ដោយលទ្ធផលនៃការពិនិត្យទាំងនេះអាចអោយគេដឹងអំពីកម្រិតចុះខ្សោយរបស់តម្រងនោម។

    ករណីមុខងារតម្រងនោមទទួលផលប៉ះពាល់ដោយសារជំងឺណាមួយ គេត្រូវធ្វើរោគវិនិច្ឆ័យស្វែងរកជំងឺដែលជាមូលហេតុដើមនោះ រួចចាប់ផ្ដើមការព្យាបាលភ្លាម ព្រោះការព្យាបាលត្រឹមត្រូវនិងទាន់ពេលវេលាអាចស្រោចស្រង់មិនអោយជំងឺខ្សោយតម្រងនោមស្រួចស្រាវវិវត្តទៅជារ៉ាំរ៉ៃ។

    នៅពេលដែលមុខងារតម្រងនោមចុះខ្សោយដល់កម្រិតមួយ ជាទូទៅ កម្រិតសារធាតុផ្សេងៗនៅក្នុងឈាមនឹងបង្ហាញភាពខុសប្រក្រតីនៅពេលធ្វើការពិនិត្យ។

     ・សារធាតុអ៊ុយរេ(Urea)និងសារធាតុក្រេអាទីនីន(Creatinine)ដែលជាធម្មតាត្រូវបានកម្ចាត់ចេញពីរាងកាយដោយតម្រងនោមនឹងមានកម្រិតកើនឡើងនៅក្នុងឈាម ដូចខាងក្រោម៖

     ・លក្ខណៈអាស៊ីតនៃឈាមនឹងកើនឡើងបន្តិចបន្តួច។

     ・កម្រិតប៉ូតាស្យូម(K)ក្នុងឈាមអាចមានកម្រិតធម្មតាឬកើនឡើងខ្ពស់បន្តិចបន្តួច ប៉ុន្តែ ក៏មានករណីដែលកម្រិតនេះអាចកើនឡើងខ្ពស់ធ្វើអោយមានគ្រោះថ្នាក់ដល់រាងកាយ។

     ・កម្រិតកាល់ស្យូម(Ca)និងសារធាតុកាល់ស៊ីទ្រីអូល(Calcitriol)ក្នុងឈាមធ្លាក់ចុះទាប។

     ・កម្រិតផូស្វ័រ(P)និងកម្រិតអរម៉ូនប៉ារ៉ាទីរ៉ូអ៊ីត(Parathyroid hormone)ក្នុងឈាមនឹងកើនឡើង។

     ・ជាទូទៅ កម្រិតអេម៉ូក្លូប៊ីន(Hb)នឹងចុះទាប (បញ្ជាក់ថាអ្នកជំងឺកំពុងកើតមានជំងឺខ្វះគ្រាប់ឈាមក្រហមឬជំងឺស្លេកស្លាំង(Anemia)ក្នុងកម្រិតណាមួយ)។

    នៅពេលដែលជំងឺខ្សោយតម្រងនោមវិវត្តដល់កម្រិតមួយ ឬ នៅពេលដែលអ្នកជំងឺបរិភោគសារធាតុប៉ូតាស្យូមក្នុងបរិមាណច្រើន ឬ អ្នកជំងឺបានប្រើប្រាស់ឱសថដែលរំខានដល់ដំណើរការបញ្ចេញប៉ូតាស្យូមទៅក្រៅរាងកាយតាមតម្រងនោម ជាដើម នោះកម្រិតប៉ូតាស្យូម(K)ក្នុងឈាមនឹងកើនឡើងដល់កម្រិតគ្រោះថ្នាក់។

    ការពិនិត្យដោយវិភាគទឹកនោមអាចអោយគេដឹងអំពីភាពខុសប្រក្រតីផ្សេងៗដូចជាវត្តមាននៃប្រូតេអ៊ីនឬកោសិកាខុសប្រក្រតី ជាដើម។

    ការពិនិត្យអេកូត្រូវបានអនុវត្តដើម្បីពិនិត្យអំពីការស្ទះនៅក្នុងតម្រងនោមនិងទំហំនៃតម្រងនោមជាដើម។ ករណីគេរកឃើញថាតម្រងនោមមានលក្ខណៈក្រិននិងរួញតូច គេអាចសន្មតថាការចុះខ្សោយមុខងារតម្រងនោមកើតឡើងជាលក្ខណៈរ៉ាំរ៉ៃ។ នៅពេលដែលជំងឺខ្សោយតម្រងនោមរ៉ាំរ៉ៃវិវត្តដល់ដំណាក់កាលមួយហើយ ការស្វែងរកមូលហេតុដើមដែលបង្កការចុះខ្សោយតម្រងនោមអាចមានលក្ខណៈពិបាក។

    វិធីពិនិត្យដោយទាញយកជាលិកាសំណាកពីតម្រងនោមមកវិភាគក្រោមមីក្រូទស្សន៍ (ការវិភាគជាលិកា(Biopsy))ជាការពិនិត្យដែលផ្ដល់លទ្ធផលច្បាស់លាស់ជាងគេ ប៉ុន្តែ ករណីគេរកឃើញថាតម្រងនោមរបស់អ្នកជំងឺមានលក្ខណៈក្រិននិងរួញតូច គេមិនណែនាំអោយអនុវត្តវិធីពិនិត្យនេះទេ។

    អានបន្ថែម
  • ការវិវត្តនៃជំងឺ

    ស្ទើរគ្រប់ករណីទាំងអស់ ជំងឺខ្សោយតម្រងនោមរ៉ាំរ៉ៃនឹងគង់តែវិវត្តទៅមុខជានិច្ច ទោះជាអ្នកជំងឺបន្តទទួលការព្យាបាលក៏ដោយ។ ល្បឿននៃការថយចុះមុខងារតម្រងនោមអាចប្រែប្រួលទៅតាមជំងឺដែលជាមូលហេតុដើមបង្កផលប៉ះពាល់ដល់មុខងារតម្រងនោម និង ស្ថានភាពនៃការគ្រប់គ្រងជំងឺទាំងនោះ។ ឧទាហរណ៍ ជំងឺទឹកនោមផ្អែមនិងជំងឺលើសសម្ពាធឈាមនឹងបង្កើនល្បឿននៃការវិវត្តរបស់ជំងឺខ្សោយតម្រងនោម ជាពិសេសនៅពេលដែលជំងឺទាំងនេះស្ថិតក្នុងស្ថានភាពពិបាកគ្រប់គ្រង។ ប្រសិនអ្នកជំងឺខ្សោយតម្រងនោមរ៉ាំរ៉ៃមិនទទួលការព្យាបាលនោះទេ ពួកគេនឹងទទួលមរណភាពដោយសារជំងឺនេះ។

    ករណីការថយចុះមុខងារតម្រងនោមមានកម្រិតធ្ងន់ធ្ងរ អាយុរស់របស់អ្នកជំងឺមានត្រឹមតែប៉ុន្មានខែប៉ុណ្ណោះប្រសិនបើអ្នកជំងឺមិនទទួលការព្យាបាល ប៉ុន្តែ ប្រសិនបើអ្នកជំងឺទទួលការលាងឈាម អាយុរស់របស់អ្នកជំងឺអាចពន្យារបានរយៈពេលវែង ដោយអ្នកជំងឺភាគច្រើនអាចបន្តរស់បានរយៈពេល5ទៅ10ឆ្នាំទៀត។ ស្ទើរគ្រប់ករណីទាំងអស់ មូលហេតុនៃមរណភាពរបស់អ្នកជំងឺខ្សោយតម្រងនោមរ៉ាំរ៉ៃគឺ ដោយសារជំងឺបេះដូងឬជំងឺទាក់ទងនឹងសរសៃឈាមឬជំងឺឆ្លង។

    អានបន្ថែម
  • ការព្យាបាល

    ・ការព្យាបាលជំងឺដែលធ្វើអោយមុខងារតម្រងនោមកាន់តែចុះខ្សោយ

    ・ការប្រកាន់របបអាហារដែលត្រឹមត្រូវនិងការប្រើប្រាស់ឱសថព្យាបាល

    ・ការព្យាបាលដោយលាងឈាម ឬ ការវះកាត់ផ្លាស់ប្ដូរតម្រងនោម។

    ករណីរកឃើញកត្តាដែលធ្វើអោយជំងឺតម្រងនោមកាន់តែធ្ងន់ធ្ងរឬមានឥទ្ធិពលអាក្រក់ចំពោះរាងកាយទាំងមូលដូចខាងក្រោម អ្នកជំងឺចាំបាច់ត្រូវទទួលការព្យាបាលអោយបានឆាប់រហ័ស៖

     ・ជំងឺទឹកនោមផ្អែម

     ・ជំងឺលើសសម្ពាធឈាម

     ・ស្ថានភាពស្ទះនៅផ្លូវនោម

     ・ជំងឺឆ្លង

     ・ការប្រើប្រាស់ឱសថមួយចំនួន។

    ចំពោះអ្នកជំងឺទឹកនោមផ្អេម ប្រសិនបើស្ថិតក្នុងស្ថានភាពដែលគ្រប់គ្រងកម្រិតជាតិស្ករ(កម្រិតគ្លុយកូស)ក្នុងឈាមនិងសម្ពាធឈាមបានល្អ គេអាចពន្យាល្បឿននៃការថយចុះមុខងារតម្រងនោមបានមួយកម្រិត។ អ្នកជំងឺខ្សោយតម្រងនោមរ៉ាំរ៉ៃមួយចំនួនក៏អាចទទួលបានប្រសិទ្ធិភាពអាចពន្យាការចុះខ្សោយនៃមុខងារតម្រងនោមតាមរយៈការប្រើប្រាស់ឱសថប្រភេទទប់ស្កាត់អង់ស៊ីមACE (ACE inhibitors)ឬឱសថប្រភេទទប់ស្កាត់គ្រឿងទទួលអេនជីអូថិនស៊ីនII(ARB)ផងដែរ។

    ករណីអ្នកជំងឺខ្សោយតម្រងនោមត្រូវប្រើប្រាស់ឱសថផ្សេងទៀត គេគួរចៀសវាងប្រើប្រាស់ប្រភេទឱសថដែលត្រូវបញ្ចេញចោលតាមតម្រងនោមឬត្រូវកំណត់ការប្រើប្រាស់ត្រឹមកម្រិតទាបប៉ុណ្ណោះ។ ប្រភេទឱសថដែលអ្នកជំងឺខ្សោយតម្រងនោមមិនអាចប្រើប្រាស់បានអាចមានកាន់តែច្រើនឡើងៗទៅតាមកម្រិតនៃស្ថានភាពជំងឺ ឧទាហរណ៍ ឱសថប្រភេទទប់ស្កាត់អង់ស៊ីមACE (ACE inhibitors) ឱសថប្រភេទទប់ស្កាត់គ្រឿងទទួលអេនជីអូថិនស៊ីនII(ARB) ឱសថបញ្ចុះទឹកនោមSpironolactone ឱសថAmiloride ឱសថTriamterene ជាដើម មានសកម្មភាពបង្កើនកម្រិតប៉ូតាស្យូមក្នុងឈាម ដូច្នេះ ឱសថទាំងនេះត្រូវបានហាមឃាត់មិនអោយប្រើចំពោះអ្នកជំងឺខ្សោយតម្រងនោមរ៉ាំរ៉ៃធ្ងន់ធ្ងរដែលមានកម្រិតប៉ូតាស្យូមក្នុងឈាមខ្ពស់នោះទេ។

    ករណីគេរកឃើញថាមានការស្ទះនៅផ្លូវនោមរបស់អ្នកជំងឺ គេត្រូវអនុវត្តការព្យាបាលដើម្បីបំបាត់ឬកាត់បន្ថយស្ថានភាពស្ទះនោះ។ ករណីអ្នកជំងឺកើតមានជំងឺឆ្លងដោយសារបាក់តេរី គេត្រូវព្យាបាលដោយប្រើឱសថប្រឆាំងបាក់តេរី។

    ដើម្បីពន្យាការវិវត្តនៃជំងឺខ្សោយតម្រងនោមរ៉ាំរ៉ៃ អ្នកជំងឺត្រូវអនុវត្តរបបអាហារទៅតាមការណែនាំនិងបន្តប្រើប្រាស់ឱសថ។

    ការកាត់បន្ថយការបរិភោគជាតិប្រូតេអ៊ីន(ជាតិសាច់)

    ប្រសិនបើអ្នកជំងឺកាត់បន្ថយការបរិភោគជាតិប្រូតេអ៊ីនឬជាតិសាច់ជាប្រចាំថ្ងៃ ពួកគេអាចពន្យាការចុះខ្សោយនៃមុខងារតម្រងនោមបានមួយកម្រិត។ ប៉ុន្តែ ដើម្បីបំពេញថាមពលបានពីប្រូតេអ៊ីន អ្នកជំងឺចាំបាច់ត្រូវបរិភោគជាតិកាបូអ៊ីដ្រាតក្នុងបរិមាណអោយបានគ្រប់គ្រាន់។ ករណីដែលអ្នកជំងឺត្រូវកាត់បន្ថយបរិមាណប្រូតេអ៊ីនពីអាហារក្នុងបរិមាណច្រើន អ្នកជំងឺត្រូវទទួលការណែនាំពីអ្នកជំនាញផ្នែកអាហារូបត្ថម្ភដើម្បីធ្វើយ៉ាងណាអោយទទួលបានសារធាតុអាស៊ីតអាមីនេក្នុងកម្រិតគ្រប់គ្រាន់សម្រាប់រាងាកាយ។

    ការគ្រប់គ្រងការកើនឡើងលក្ខណៈអាស៊ីតនៅក្នុងឈាម(Acidosis)

    ប្រសិនបើការកើនឡើងលក្ខណៈអាស៊ីតនៅក្នុងឈាម(Acidosis)មានកម្រិតស្រាល គេអាចគ្រប់គ្រងស្ថានភាពនេះដោយអោយអ្នកជំងឺបង្កើនការបរិភោគផ្លែឈើនិងបន្លែ ព្រមទាំងកាត់បន្ថយការបរិភោគជាតិប្រូតេអ៊ីន។ ប៉ុន្តែ ករណីវាជាកម្រិតមធ្យមឬធ្ងន់ធ្ងរ គេចាំបាច់ត្រូវព្យាបាលដោយប្រើឱសថSodium hydrogen carbonate។

    ការបញ្ចុះកម្រិតជាតិខ្លាញ់ទ្រីគ្លីសេរីត(Triglyceride)ក្នុងឈាម

    ការកើនឡើងនៃកម្រិតកូឡេស្តេរ៉ូលនិងជាតិខ្លាញ់ទ្រីគ្លីសេរីត(Triglyceride)ក្នុងឈាមអាចគ្រប់គ្រងបានមួយកម្រិតតាមរយៈការកាត់បន្ថយការបរិភោគជាតិខ្លាញ់ពីអាហារ។ ម្យ៉ាងទៀត គេអាចកាត់បន្ថយកម្រិតជាតិខ្លាញ់ទាំងនេះដោយការប្រើប្រាស់ឱសថប្រភេទស្តាទីន(Statin)ឬឱសថEzetimibeឬទាំងពីរប្រភេទតែម្ដង។

    ការកាត់បន្ថយការបរិភោគសារធាតុសូដ្យូម(Na)និងសារធាតុប៉ូតាស្យូម(K)

    ជាទូទៅ ការកាត់បន្ថយការបរិភោគជាតិអំបិល(សារធាតុសូដ្យូម(Na))ផ្ដល់អត្ថប្រយោជន៍ដល់អ្នកជំងឺខ្សោយតម្រងនោម ជាពិសេសចំពោះអ្នកជំងឺដែលកំពុងមានជំងឺខ្សោយមុខងារបេះដូងផងដែរ។

    ដើម្បីការពារកុំអោយកំហាប់ក្នុងឈាមនៃសូដ្យូមចុះទាបហួសហេតុ អ្នកជំងឺអាចនឹងចាំបាច់ត្រូវកាត់បន្ថយការបរិភោគជាតិទឹកចូលក្នុងរាងកាយផងដែរ។ ម្យ៉ាងទៀត អ្នកជំងឺត្រូវចៀសវាងការបរិភោគអាហារដែលផ្ទុកជាតិប៉ូតាស្យូមច្រើន ដូចជា អំបិលជំនួស ផ្លែឈើមួយចំនួន(ដូចជាផ្លែDatesឬផ្លែFigជាដើម)។ ការកើនឡើងខ្ពស់នៃកម្រិតប៉ូតាស្យូមក្នុងឈាមធ្វើអោយហានិភ័យនៃការកើតមានអាការៈចង្វាក់បេះដូងខុសប្រក្រតី(Arrhythmia)ឬអាការៈបេះដូងឈប់ដើរ(Cardiac arrest)កើនឡើងផងដែរ។ ករណីដែលកម្រិតប៉ូតាស្យូមក្នុងឈាមកើនឡើងខ្ពស់ហួសហេតុ គេអាចព្យាបាលដោយប្រើឱសថSodium polystyrenesulfonateជាដើម ប៉ុន្តែ ក៏មានករណីដែលត្រូវព្យាបាលដោយអនុវត្តការលាងឈាមជាបន្ទាន់។

    ការគ្រប់គ្រងកម្រិតផូស្វ័រ(P)ក្នុងឈាម

    នៅពេលដែលកម្រិតផូស្វ័រក្នុងឈាមកើនឡើងខ្ពស់ បណ្ដុំសារធាតុកាល់ស្យូមនិងផូស្វ័រអាចកកើតនៅតាមជាលិកាផ្សេងៗដូចជាសរសៃឈាមជាដើម។ អ្នកជំងឺអាចបញ្ចុះកម្រិតផូស្វ័រក្នុងឈាមតាមរយៈការកាត់បន្ថយការបរិភោគអាហារដែលផ្ទុកជាតិផូស្វ័រច្រើន ដូចជា ផលិតផលពីទឹកដោះគោ ថ្លើម ប្រភេទសណ្ដែក ប្រភេទគ្រាប់ធញ្ញជាតិ(Nut) ភេសជ្ជៈផ្អែម ។ល។ ម្យ៉ាងទៀត គេអាចបន្ថយកម្រិតផូស្វ័រក្នុងឈាមតាមរយៈការប្រើប្រាស់ឱសថដែលមានសកម្មភាពភ្ជាប់ទៅនឹងសារធាតុផូស្វ័ររួចបញ្ចេញមកក្រៅរាងកាយ មានដូចជា ឱសថCalcium carbonate ឱសថCalcium acetate ឱសថSevelamer ឱសថ Lanthanum ឱសថFerric citrate ជាដើម។ ផ្ទុយទៅវិញ អ្នកជំងឺត្រូវចៀសវាងការប្រើប្រាស់សារធាតុ Calcium citrate ដោយវាមានផ្ទុកនៅក្នុងឱសថជួយបំពេញជាតិកាល់ស្យូមក្នុងរាងកាយភាគច្រើន ក៏ដូចជានៅក្នុងសារធាតុបន្ថែមក្នុងអាហារ(Food Additives) ដែលពេលខ្លះត្រូវបានគេហៅថា E333។ ដើម្បីកាត់បន្ថយកម្រិតអរម៉ូនក្រពេញប៉ារ៉ាទីរ៉ូអ៊ីត (Parathyroid hormone) ដែលកើនឡើងក្នុងឈាម គេអាចប្រើឱសថវីតាមីនDឬឱសថស្រដៀងនោះ។

    ការព្យាបាលបញ្ហាផ្សេងៗដែលបង្កដោយជំងឺខ្សោយតម្រងនោមរ៉ាំរ៉ៃ

    ជំងឺខ្វះគ្រាប់ឈាមក្រហមឬជំងឺស្លេកស្លាំង(Anemia)ដែលបង្កដោយជំងឺខ្សោយតម្រងនោមរ៉ាំរ៉ៃ ត្រូវបានព្យាបាលដោយវិធីប្រើប្រាស់ឱសថErythropoietinឬឱសថDarbepoetinជាដើម ឬ ដោយវិធីបញ្ចូលឈាម។ ប៉ុន្តែ ករណីគេរកឃើញថាមានមូលហេតុផ្សេងទៀតដែលបង្កជាជំងឺស្លេកស្លាំង គេត្រូវព្យាបាលទៅតាមមូលហេតុនីមួយៗទាំងនោះ ដូចជា កង្វះជាតិដែក កង្វះអាស៊ីតហ្វូលិច កង្វះវីតាមីនB12។ល។ ចំពោះអ្នកដែលកំពុងប្រើប្រាស់ឱសថErythropoietinឬឱសថDarbepoetin ប្រសិនបើរាងកាយស្ថិតក្នុងស្ថានភាពខ្វះជាតិដែក នោះប្រសិទ្ធិភាពនៃឱសថទាំងនេះនឹងចុះអន់ថយ ដូច្នេះ ស្ទើរគ្រប់ករណីទាំងអស់ អ្នកជំងឺចាំបាច់ត្រូវទទួលឱសថជាតិដែកដោយចាក់បញ្ចូលតាមសរសៃវ៉ែន ដើម្បីបង្ការការខ្វះជាតិដែកក្នុងរាងកាយ។ ឱសថErythropoietinឬឱសថDarbepoetinអាចនឹងបង្កើនហានិភ័យនៃការកើតជំងឺស្ទះឬដាច់សរសៃឈាមក្នុងខួរក្បាល(Stroke) ដូច្នេះ គេគួរប្រើឱសថទាំងនេះក្នុងករណីចាំបាច់ប៉ុណ្ណោះ។ ករណីអ្នកជំងឺមានអាការៈងាយហូរឈាម គេអាចទប់ស្កាត់ស្ថានភាពហូរឈាមជាបណ្ដោះអាសន្នតាមរយៈការបញ្ចូលឈាម ឬ ដោយប្រើឱសថDesmopressinឬឱសថEstrogenជាដើម។ វិធីព្យាបាលទាំងនេះចាំបាច់នៅពេលអ្នកជំងឺរងរបួសពីខាងក្រៅ ឬ នៅមុនពេលវះកាត់ឬដកធ្មេញជាដើម។ ការបញ្ចូលឈាមត្រូវបានអនុវត្តក្នុងករណីដែលគេឃើញមានរោគសញ្ញានៃជំងឺខ្វះគ្រាប់ឈាមក្រហមឬជំងឺស្លេកស្លាំងកម្រិតធ្ងន់ធ្ងរ ហើយការប្រើឱសថErythropoietinឬឱសថDarbepoetinមិនមានប្រសិទ្ធិភាពប៉ុណ្ណោះ។

    ករណីអ្នកជំងឺខ្សោយតម្រងនោមកំពុងមានជំងឺលើសសម្ពាធឈាមផងដែរនោះ ពួកគេត្រូវទទួលការព្យាបាលជំងឺលើសសម្ពាធឈាមដោយការប្រើឱសថបញ្ចុះសម្ពាធឈាម ដើម្បីបង្ការការថយចុះថែមទៀតនៃមុខងារតម្រងនោមនិងមុខងារបេះដូង។

    តាមរយៈការប្រើប្រាស់ឱសថបញ្ចុះទឹកនោម គេអាចកាត់បន្ថយរោគសញ្ញានៃជំងឺខ្សោយមុខងារបេះដូង(Heart failure) ហើយវាក៏មានប្រសិទ្ធិភាពចំពោះអ្នកដែលមានមុខងារតម្រងនោមចុះខ្សោយផងដែរ ប៉ុន្តែ ករណីជាជំងឺខ្សោយតម្រងនោមរ៉ាំរ៉ៃ គេអាចនឹងចាំបាច់ត្រូវអនុវត្តការលាងឈាមដើម្បីបញ្ចេញចោលនូវជាតិទឹកដែលលើសនៅក្នុងរាងកាយ។

    ការព្យាបាលជំងឺខ្សោយតម្រងនោមរ៉ាំរ៉ៃដែលវិវត្តដល់ដំណាក់កាលធ្ងន់ធ្ងរ

    ករណីជំងឺខ្សោយតម្រងនោមរ៉ាំរ៉ៃឈានដល់ដំណាក់កាលដែលមិនអាចទទួលប្រសិទ្ធិភាពពីការព្យាបាលទូទៅទេនោះ អ្នកជំងឺមានជម្រើសតែពីរប៉ុណ្ណោះគឺ ការលាងឈាមរយៈពេលវែង និង ការវះកាត់ផ្លាស់ប្ដូរតម្រងនោម។ ជម្រើសមួយណាក៏អាចកាត់បន្ថយរោគសញ្ញានៃជំងឺនិងបន្តជីវិតរស់របស់អ្នកជំងឺបានដែរ។ ប្រសិនបើអ្នកជំងឺមានល័ក្ខខ័ណ្ឌសមស្រប ការវះកាត់ផ្លាស់ប្ដូរតម្រងនោមជាជម្រើសដែលមានប្រយោជន៍ជាង។ អ្នកជំងឺដែលជ្រើសរើសមិនទទួលការព្យាបាលដោយលាងឈឈាមជាប្រចាំ ពួកគេគួរទទួលការថែទាំសម្រាប់ជំងឺដំណាក់កាលចុងក្រោយ(Terminal careឬEnd-of-life-care)។

    អានបន្ថែម