Cholecystitis (ជំងឺរលាកថង់ទឹកប្រមាត់)
-
- លក្ខណៈទូទៅ
- បំណែងចែកប្រភេទ
- រោគសញ្ញា
- រោគវិនិច្ឆ័យ
- ការព្យាបាល
-
លក្ខណៈទូទៅ
ជំងឺរលាកថង់ទឹកប្រមាត់ (Cholecystitis) គឺជាស្ថានភាពនៃអាការៈរលាកនៅថង់ទឹកប្រមាត់ ដោយមូលហេតុភាគច្រើនបណ្ដាលមកពីការស្ទះនៅបំពង់ទឹកប្រមាត់ដោយសារក្រួសក្នុងប្រមាត់។
・ជាទូទៅ រោគសញ្ញារួមមានអាការៈឈឺចាប់នៅផ្នែកខាងលើនៃពោះរយៈពេលចាប់ពី6ម៉ោងឡើងទៅ ហើយអាចមានអាការៈក្ដៅខ្លួននិងចង់ក្អួត ជាដើម។
・ភាគច្រើន ការពិនិត្យដោយអេកូអាចបញ្ជាក់អំពីការកើតឡើងនៃជំងឺនេះ។
・ករណីត្រូវវះកាត់យកថង់ទឹកប្រមាត់ចេញ ជាទូទៅ គេប្រើប្រាស់បច្ចេកទេសLaparoscopy។
មូលហេតុភាគច្រើនបំផុតនៃការកើតជំងឺរលាកថង់ទឹកប្រមាត់ គឺដោយសារក្រួសដែលកើតមាននៅក្នុងថង់ទឹកប្រមាត់។ ក្រួសទាំងនេះធ្វើអោយស្ទះដល់លំហូរនៃទឹកប្រមាត់ចេញពីថង់ទឹកប្រមាត់ឆ្លងកាត់បំពង់ទឹកប្រមាត់។
ជំងឺរលាកថង់ទឹកប្រមាត់បែងចែកជាប្រភេទស្រួចស្រាវនិងប្រភេទរ៉ាំរ៉ៃ។
អានបន្ថែម -
បំណែងចែកប្រភេទ
ជំងឺរលាកថង់ទឹកប្រមាត់ស្រួចស្រាវ
ជំងឺរលាកថង់ទឹកប្រមាត់ស្រួចស្រាវកើតឡើងភ្លាមៗ ដោយមានរោគសញ្ញាឈឺចាប់ខ្លាំងជាប់រហូតនៅផ្នែកខាងលើនៃពោះ។ អាការៈឈឺចាប់បែបនេះ ភាគច្រើនបន្តទៅរយៈពេលចាប់ពី6ម៉ោងឡើងទៅ។ អ្នកជំងឺរលាកថង់ទឹកប្រមាត់ស្រួចស្រាវ 95%ឡើងទៅជាអ្នកដែលកើតមានក្រួសក្នុងប្រមាត់។ ជំងឺនេះអាចវិវត្តទៅដោយកើតមានជំងឺឆ្លង ប៉ុន្តែ ស្ទើរគ្រប់ករណីទាំងអស់ជំងឺរលាកថង់ទឹកប្រមាត់ស្រួចស្រាវកើតឡើងដោយសារការរលាកដែលមិនពាក់ព័ន្ធជាមួយជំងឺឆ្លងនោះទេ។ នៅពេលមានការរលាក ថង់ទឹកប្រមាត់នឹងផ្ទុកពេញទៅដោយធាតុរាវ ហើយភ្នាសជញ្ជាំងនៃថង់ទឹកប្រមាត់នឹងឡើងក្រាស់។
ជាកម្រ មានករណីដែលជំងឺរលាកថង់ទឹកប្រមាត់ស្រួចស្រាវកើតឡើងដោយមិនមានវត្តមាននៃក្រួសក្នុងប្រមាត់ (Acalculous cholecystitis)។ ប៉ុន្តែ ក្នុងករណីនេះក៏ដោយ ក៏គេអាចនឹងសង្កេតឃើញមានបណ្ដុំសារធាតុដែលស្រដៀងនឹងក្រួសក្នុងប្រមាត់(Biliary debris)ស្ថិតនៅក្នុងថង់ទឹកប្រមាត់។ ជំងឺរលាកថង់ទឹកប្រមាត់មិនមានក្រួស (Acalculous cholecystitis) មានលក្ខណៈធ្ងន់ធ្ងរជាងជំងឺរលាកថង់ទឹកប្រមាត់ប្រភេទផ្សេងទៀត ដោយមានមូលហេតុកើតឡើងដោយសារកត្តាដូចខាងក្រោម៖
・ការវះកាត់ខ្នាតធំ
・របួសប៉ះទង្គិចធ្ងន់ធ្ងរ របួសរលាកធ្ងន់ធ្ងរ ជំងឺឆ្លងបាក់តេរីចូលក្នុងឈាម ជាដើម
・ការផ្ដល់សារធាតុចិញ្ចឹមតាមរយៈការព្យួរសេរ៉ូមរយៈពេលវែង
・ការមិនបរិភោគអាហាររយៈពេលវែង
・ភាពខុសប្រក្រតីនៃប្រព័ន្ធភាពស៊ាំ
ម្យ៉ាងទៀត ជំងឺរលាកថង់ទឹកប្រមាត់ស្រួចស្រាវ អាចបណ្ដាលមកពីការឆ្លងវីរុសជាដើម ដោយកើតចំពោះកុមារតូចៗ។
ជំងឺរលាកថង់ទឹកប្រមាត់រ៉ាំរ៉ៃ
ជំងឺរលាកថង់ទឹកប្រមាត់រ៉ាំរ៉ៃ ជាស្ថានភាពរលាកថង់ទឹកប្រមាត់ដែលចេះតែបន្តទៅរយៈពេលវែង។ ស្ទើរគ្រប់ករណីទាំងអស់ ជំងឺនេះកើតឡើងដោយសារក្រួសក្នុងប្រមាត់ឬដោយសារជំងឺរលាកថង់ទឹកប្រមាត់ស្រួចស្រាវដែលអ្នកជំងឺធ្លាប់កើតមានមកពីមុន។ លក្ខណៈពិសេសនៃជំងឺរលាកថង់ទឹកប្រមាត់រ៉ាំរ៉ៃ គឺការកើតឡើងនូវអាការៈឈឺចាប់ម្ដងហើយម្ដងទៀតដោយសារការស្ទះក្រួសក្នុងប្រមាត់នៅបំពង់ទឹកប្រមាត់។
ជាទូទៅ នៅក្នុងជំងឺរលាកថង់ទឹកប្រមាត់រ៉ាំរ៉ៃ ភ្នាសជញ្ជាំងនៃថង់ទឹកប្រមាត់មានសភាពក្រាស់ ដោយសារតែការកើតឡើងនូវការរលាកស្រួចស្រាវម្ដងហើយម្ដងទៀត។ គេនឹងឃើញមានស្លាកស្នាមពីការខូចខាតទាំងនោះនៅថង់ទឹកប្រមាត់ ហើយទំហំថង់ទឹកប្រមាត់នឹងប្រែក្លាយជាតូចជាងមុន។ ក្រួសក្នុងប្រមាត់ដែលកើតឡើងអាចនឹងទៅស្ទះនៅមាត់ថង់ទឹកប្រមាត់ដែលបន្តទៅបំពង់ទឹកប្រមាត់ឬនៅក្នុងបំពង់ទឹកប្រមាត់តែម្ដង។ ជាទូទៅ នៅថង់ទឹកប្រមាត់មានបណ្ដុំសារធាតុដែលស្រដៀងនឹងក្រួសក្នុងប្រមាត់(Biliary debris)។ ទំហំនៃការខូចខាតកាន់តែធំ សារធាតុកាល់ស្យូមនឹងប្រមូលផ្ដុំនៅភ្នាសជញ្ជាំងនៃថង់ទឹកប្រមាត់កាន់តែច្រើន ធ្វើអោយភ្នាសជញ្ជាំងប្រែក្លាយជារឹង។
អានបន្ថែម -
រោគសញ្ញា
ទោះក្នុងករណីរលាកថង់ទឹកប្រមាត់ស្រួចស្រាវឬរ៉ាំរ៉ៃ រោគសញ្ញាដំបូងគឺអាការៈឈឺចាប់។
ជំងឺរលាកថង់ទឹកប្រមាត់ស្រួចស្រាវ
អាការៈឈឺចាប់នៅក្នុងជំងឺរលាកថង់ទឹកប្រមាត់ស្រួចស្រាវមានលក្ខណៈស្រដៀងនឹងអាការៈឈឺចាប់ដោយសារក្រួសក្នុងប្រមាត់ ប៉ុន្តែ មានសភាពខ្លាំងក្លាជាងនិងរយៈពេលយូរជាង (បន្តលើសពី6ម៉ោង ហើយអាចលើសពី12ម៉ោង)។ អាការៈឈឺចាប់នឹងកើនដល់កម្រិតអតិបរមាក្នុងរយៈពេល15~60នាទី ហើយនឹងបន្តដូចនោះរហូត។ ជាទូទៅ អាការៈឈឺចាប់កើតឡើងនៅផ្នែកខាងលើនៃពោះខាងស្ដាំ និង មានលក្ខណៈពិបាកទ្រាំ។ ករណីភាគច្រើន អ្នកជំងឺនឹងមានអារម្មណ៍ឈឺខ្លាំងនៅពេលត្រូវបានសង្កត់នៅផ្នែកខាងលើនៃពោះខាងស្ដាំ ហើយមានអារម្មណ៍កាន់តែឈឺនៅពេលអ្នកជំងឺដកដង្ហើមវែងៗ។ អាការៈឈឺចាប់ ភាគច្រើនរាលដាលដល់ផ្នែកខាងក្រោមនៃឆ្អឹងដងកាំបិតខាងស្ដាំឬដល់ផ្នែកខ្នង។ អ្នកជំងឺច្រើនមានរោគសញ្ញាផ្សេងទៀតដូចជាចង់ក្អួតឬក្អួតជាដើម។
ក្នុងរយៈពេល2~3ម៉ោង សាច់ដុំនៃពោះខាងស្ដាំនឹងប្រែជារឹង។ 1ភាគ3នៃអ្នកជំងឺរលាកថង់ទឹកប្រមាត់ស្រួចស្រាវបង្ហាញរោគសញ្ញាក្ដៅខ្លួន ដោយកំដៅកើនឡើងបន្តិចម្ដងៗ រហូតដល់លើសពី 38 អង្សាសេ ហើយអ្នកជំងឺអាចមានអាការៈរងាញាក់។
មនុស្សចាស់ដែលកើតជំងឺរលាកថង់ទឹកប្រមាត់ អាចបង្ហាញរោគសញ្ញាដំបូងមិនច្បាស់លាស់។ ឧទាហរណ៍ បាត់បង់ចំណង់អាហារ អស់កម្លាំង ក្អួតចង្អោរ ជាដើម។ អ្នកជំងឺខ្លះមិនមានអាការៈក្ដៅខ្លួននោះទេ។
ជាទូទៅ អាការៈទាំងនេះនឹងធូរស្បើយមកវិញក្នុងរយៈពេល2~3ថ្ងៃ ហើយបាត់ទាំងស្រុងក្នុងរយៈពេល1សប្ដាហ៍។ ប្រសិនបើអាការៈអូសបន្លាយយូរ គេអាចសង្ស័យថាមានបញ្ហាផ្សេងទៀតកើតឡើងបន្ថែមលើនោះ។ រោគសញ្ញាដូចជាឈឺចាប់ខ្លាំងក្លា ក្ដៅខ្លួនខ្លាំង រងាញាក់ អាចជារោគសញ្ញាបង្ហាញថាថង់ទឹកប្រមាត់មានខ្ទុះច្រើនឬដាច់រហែក។ ខ្ទុះនៅក្នុងថង់ទឹកប្រមាត់កើតឡើងដោយសារការស្លាប់ជាលិកានៅក្នុងនោះ។ ក្រួសក្នុងប្រមាត់ធំៗអាចធ្វើអោយរហែកថង់ទឹកប្រមាត់ និងចូលទៅដល់ពោះវៀនតូច ធ្វើអោយស្ទះពោះវៀនតូច។ ការស្ទះបែបនេះអាចបង្កជាអាការៈឈឺចាប់នៅពោះឬអាការៈហើមពោះ។
អ្នកជំងឺអាចមានរោគសញ្ញាខាន់លឿង ទឹកនោមមានពណ៌ដិត លាមកមានពណ៌ស្លេក ដែលទាំងនេះជារោគសញ្ញានៃការស្ទះក្រួសក្នុងប្រមាត់នៅបំពង់ទឹកប្រមាត់ ធ្វើអោយទឹកប្រមាត់ប្រមូលផ្ដុំច្រើននៅក្នុងថ្លើម (Cholestasis)។ ករណីខ្លះក៏កើតមានការរលាកនៅក្រពេញលំពែងផងដែរ ដែលកើតឡើងដោយសារការស្ទះក្រួសក្នុងប្រមាត់នៅផ្នែកប្រសព្វគ្នានៃបំពង់ទឹកប្រមាត់និងបំពង់ចេញពីក្រពេញលំពែង។
ជំងឺរលាកថង់ទឹកប្រមាត់មិនមានក្រួស (Acalculous cholecystitis)
ជាទូទៅ ជំងឺរលាកថង់ទឹកប្រមាត់មិនមានក្រួស កើតឡើងភ្លាមៗចំពោះអ្នកដែលមិនធ្លាប់កើតមានរោគសញ្ញានៃជំងឺទាក់ទងនឹងថង់ទឹកប្រមាត់ ដោយជំងឺនេះមានរោគសញ្ញាជាអាការៈឈឺចាប់ខ្លាំងក្លានៅផ្នែកខាងលើនៃពោះ។ សភាពរលាកមានលក្ខណៈធ្ងន់ធ្ងរខ្លាំង ហើយអាចធ្វើអោយថង់ទឹកប្រមាត់ដាច់រហែកឬស្លាប់ជាលិកា។
ជំងឺរលាកថង់ទឹកប្រមាត់មិនមានក្រួសងាយកើតឡើងចំពោះអ្នកជំងឺដែលកំពុងស្ថិតក្នុងស្ថានភាពសុខភាពមិនល្អខ្លាំង។ ឧទាហរណ៍ អ្នកជំងឺដែលកំពុងស្ថិតក្នុងបន្ទប់ប្រពោធនកម្ម(ICU)ដើម្បីទទួលការព្យាបាលជំងឺណាមួយ ជាដើម។ ម្យ៉ាងទៀត អ្នកជំងឺដែលស្ថិតក្នុងស្ថានភាពមិនសូវល្អនិងមិនអាចប្រាស្រ័យទាក់ទងបានគ្រប់គ្រាន់ ធ្វើអោយងាយមើលរំលងរោគសញ្ញាដំបូងនៃជំងឺរលាកថង់ទឹកប្រមាត់មិនមានក្រួស។
រោគសញ្ញានៃជំងឺនេះមិនសូវមានច្រើនប៉ុន្មានទេ ដោយរួមមានអាការៈហើមពោះ អាការៈឈឺចាប់នៅពេលសង្កត់ និង អាការៈក្ដៅខ្លួនដោយគ្មានមូលហេតុ ជាដើម។ ប្រសិនបើមិនព្យាបាលទេ 65%នៃអ្នកដែលកើតមានជំងឺនេះនឹងអាចបាត់បង់ជីវិត។
ជំងឺរលាកថង់ទឹកប្រមាត់រ៉ាំរ៉ៃ
អ្នកជំងឺរលាកថង់ទឹកប្រមាត់រ៉ាំរ៉ៃនឹងកើតមានអាការៈឈឺចាប់ម្ដងហើយម្ដងទៀតនៅផ្នែកខាងលើនៃពោះ។ ប្រៀបធៀបទៅនឹងអ្នកជំងឺរលាកថង់ទឹកប្រមាត់ស្រួចស្រាវ នៅក្នុងជំងឺរលាកថង់ទឹកប្រមាត់រ៉ាំរ៉ៃ អ្នកជំងឺកម្រកើតមានអាការៈក្ដៅខ្លួនណាស់។ ម្យ៉ាងទៀត អាការៈឈឺចាប់មិនមានលក្ខណៈធ្ងន់ធ្ងរនិងយូរដូចករណីរលាកថង់ទឹកប្រមាត់ស្រួចស្រាវនោះទេ។
អានបន្ថែម -
រោគវិនិច្ឆ័យ
ការធ្វើរោគវិនិច្ឆ័យនៃជំងឺរលាកថង់ទឹកប្រមាត់ ភាគច្រើនផ្អែកទៅលើរោគសញ្ញារបស់អ្នកជំងឺនិងការពិនិត្យរូបភាព។ ការពិនិត្យដោយអេកូជាវិធីល្អបំផុតក្នុងការស្វែងរកក្រួសនៅក្នុងថង់ទឹកប្រមាត់។ ម្យ៉ាងទៀត តាមរយៈការពិនិត្យអេកូ គេអាចសង្កេតឃើញនូវសភាពនៃបណ្ដុំធាតុរាវជុំវិញថង់ទឹកប្រមាត់និងការប្រែជាក្រាស់នៃភ្នាសជញ្ជាំងរបស់ថង់ទឹកប្រមាត់ ដែលច្រើនកើតឡើងនៅក្នុងជំងឺរលាកថង់ទឹកប្រមាត់ស្រួចស្រាវ។ ពេលខ្លះ នៅពេលដែលគេបង្វិលឧបករណ៍ពិនិត្យអេកូទៅលើផ្នែកខាងលើនៃពោះនៅលើថង់ទឹកប្រមាត់ អ្នកជំងឺអាចទទួលអារម្មណ៍ឈឺចាប់។
ការពិនិត្យរូបភាពនៃផ្លូវទឹកប្រមាត់ដោយScintigraphyជាវិធីដែលមានប្រសិទ្ធិភាពនៅក្នុងការធ្វើរោគវិនិច្ឆ័យទៅលើជំងឺរលាកថង់ទឹកប្រមាត់ស្រួចស្រាវ។ នៅក្នុងការពិនិត្យនេះ គេបញ្ចូលសារធាតុវិទ្យុសកម្មចូលទៅក្នុងសរសៃឈាមវ៉ែន រួចប្រើឧបករណ៍Gamma cameraដើម្បីចាប់យកសញ្ញាវិទ្យុសកម្មដែលបញ្ចេញដោយសារធាតុទាំងនោះ ដែលនឹងបង្ហាញជារូបភាពនៅលើអេក្រង់កុំព្យូទ័រ។ តាមវិធីនេះ គេអាចតាមដានចលនានៃសារធាតុវិទ្យុសកម្មនោះដែលធ្វើដំណើរពីសរីរាង្គថ្លើមទៅកាន់ផ្លូវទឹកប្រមាត់ ដោយរួមមានរូបភាពនៃ ថ្លើម បំពង់ទឹកប្រមាត់ ថង់ទឹកប្រមាត់ និង ផ្នែកខាងលើនៃពោះវៀនតូច។ ករណីសារធាតុវិទ្យុសកម្មមិនអាចទៅដល់ថង់ទឹកប្រមាត់ទេនោះ គេអាចសង្ស័យថាប្រហែលជាមានការស្ទះនៅបំពង់ទឹកប្រមាត់ហើយ។ ម្យ៉ាងទៀត ការពិនិត្យនេះក៏មានប្រយោជន៍ក្នុងករណីសង្ស័យថាជាជំងឺរលាកថង់ទឹកប្រមាត់មិនមានក្រួសលក្ខណៈស្រួចស្រាវ។
ការពិនិត្យឈាមត្រូវបានអនុវត្តដើម្បីវាយតម្លៃទៅលើកម្រិតនៃមុខងារថ្លើមនិងផលប៉ះពាល់ទៅលើសរីរាង្គថ្លើម (ការពិនិត្យមុខងារថ្លើម)។ ប៉ុន្តែ ប្រសិនបើគ្មានការស្ទះនៅបំពង់ទឹកប្រមាត់ទេ លទ្ធផលពិនិត្យនឹងបង្ហាញភាពប្រក្រតីឬគ្រាន់តែកើនឡើងកម្រិតបន្តិចតែប៉ុណ្ណោះ ដូច្នេះ គេមិនអាចពឹងផ្អែកទាំងស្រុងទៅលើការពិនិត្យឈាមដើម្បីធ្វើរោគវិនិច្ឆ័យលើជំងឺរលាកថង់ទឹកប្រមាត់នោះទេ។
គេអាចធ្វើការពិនិត្យឈាមដើម្បីតាមដានកម្រិតនៃសារធាតុក្នុងឈាមផ្សេងទៀត។ ករណីគ្រាប់ឈាមសមានការកើនឡើងខ្ពស់ នោះមានន័យថាកំពុងកើតមានការរលាក ខ្ទុះ ការស្លាប់កោសិកា ឬ កើតមានប្រហោងនៅថង់ទឹកប្រមាត់។
តាមរយៈការពិនិត្យCTនៅផ្នែកពោះ គេអាចរកឃើញនូវបញ្ហាផ្សេងៗទៀតដែលបណ្ដាលមកពីការរលាកថង់ទឹកប្រមាត់ ដូចជា ការរលាកក្រពេញលំពែងឬការកើតមានប្រហោងនៅថង់ទឹកប្រមាត់ ជាដើម។
អានបន្ថែម -
ការព្យាបាល
ជាទូទៅ អ្នកជំងឺរលាកថង់ទឹកប្រមាត់ស្រួចស្រាវឬរ៉ាំរ៉ៃត្រូវសម្រាកពេទ្យដើម្បីទទួលការព្យាបាល។ អ្នកជំងឺមិនត្រូវបានអនុញ្ញាតអោយបរិភោគអាហារឬទទួលទានភេសជ្ជៈនោះទេ ដោយពួកគេនឹងទទួលសារធាតុចិញ្ចឹមនិងជាតិទឹកតាមរយៈការព្យួរសេរ៉ូម។ ករណីមានការស្ទះនៅពោះវៀនឬពោះវៀនមិនដំណើរការធម្មតា គេនឹងអនុវត្តការបូមយកសារធាតុចេញពីក្រពះអោយអស់និងដើម្បីកាត់បន្ថយធាតុរាវដែលប្រមូលផ្ដុំនៅក្នុងពោះវៀនដោយប្រើទុយោស៊កពីច្រមុះទៅកាន់ក្រពះ។ ជាទូទៅ អ្នកជំងឺនឹងទទួលឱសថកម្ចាត់មេរោគ(Antibiotics)តាមរយៈការចាក់បញ្ចូលតាមសរសៃវ៉ែន(ព្រោះអ្នកជំងឺប្រឈមមុខនឹងការកើតជំងឺឆ្លងមេរោគ)និងទទួលឱសថបំបាត់ការឈឺចាប់ក្នុងទម្រង់លេប។
ក្នុងករណីខាងក្រោម ជាទូទៅ អ្នកជំងឺត្រូវទទួលការវះកាត់យកថង់ទឹកប្រមាត់ចេញក្នុងអំឡុងពេល24~48ម៉ោងបន្ទាប់ពីកើតមានអាការៈ។
・វេជ្ជបណ្ឌិតធ្វើរោគវិនិច្ឆ័យថាជាជំងឺរលាកថង់ទឹកប្រមាត់ស្រួចស្រាវ ហើយហានិភ័យនៃការវះកាត់មានតិច
・អ្នកជំងឺជាមនុស្សដែលមានវ័យចាស់ឬជាអ្នកដែលមានជំងឺទឹកនោមផ្អែម (ដោយសារអ្នកជំងឺទាំងនេះងាយកើតជំងឺឆ្លងបណ្ដាលមកពីការរលាកថង់ទឹកប្រមាត់)
・ករណីសង្ស័យថាកំពុងកើតមានខ្ទុះ ការស្លាប់ជាលិកា ឬ ប្រហោងនៅក្នុងថង់ទឹកប្រមាត់
・ជាជំងឺរលាកថង់ទឹកប្រមាត់មិនមានក្រួស (Acalculous cholecystitis)
នៅក្នុងពេលអាការៈកំពុងធូរស្បើយ គេអាចពន្យារការវះកាត់រយៈពេល6សប្ដាហ៍ឡើងទៅ ប្រសិនបើចាំបាច់។ ករណីអ្នកជំងឺមានជំងឺផ្សេងទៀតដែលបង្កើនហានិភ័យនៃការវះកាត់ (ជំងឺបេះដូង ជំងឺសួត ជំងឺតម្រងនោម ជាដើម) គេអាចពន្យារពេលនៃការវះកាត់រហូតដល់ពេលដែលអ្នកជំងឺអាចទទួលការព្យាបាលជំងឺទាំងនេះបានត្រឹមត្រូវនិងអាចគ្រប់គ្រងស្ថានភាពជំងឺបានល្អប្រសើរ។
ចំពោះជំងឺរលាកថង់ទឹកប្រមាត់រ៉ាំរ៉ៃ ជាទូទៅ គេអនុវត្តការវះកាត់យកថង់ទឹកប្រមាត់ចេញក្រោយពេលដែលអាការៈថមថយចុះ។
សម្រាប់ការវះកាត់យកថង់ទឹកប្រមាត់ចេញ (Cholecystectomy) ជាទូទៅ គេប្រើប្រាស់បច្ចេកទេសLaparoscopy។ នៅក្នុងបច្ចេកទេសនេះ គេធ្វើការវះនៅផ្នែកពោះទំហំតូច រួចបញ្ចូលឧបករណ៍Laparoscopeនិងសម្ភារៈវះកាត់ផ្សេងទៀត ដើម្បីប្រើសម្ភារៈវះកាត់ទាំងនោះក្នុងការកាត់យកថង់ទឹកប្រមាត់ចេញមកក្រៅ។ វេជ្ជបណ្ឌិតនឹងអនុវត្តការវះកាត់ដោយមើលទៅកាន់រូបភាពដែលថតដោយកាម៉េរ៉ាតូចភ្ជាប់ជាមួយនឹងឧបករណ៍Laparoscope។
អាការៈឈឺចាប់ក្រោយការវះកាត់
ជាកម្រ ទោះក្រោយការវះកាត់យកថង់ទឹកប្រមាត់ (និងក្រួសក្នុងប្រមាត់)ចេញក៏ដោយ ក៏អ្នកជំងឺអាចកើតមានអាការៈឈឺចាប់ម្ដងហើយម្ដងទៀត ស្រដៀងទៅនឹងអាកាៈរឈឺចាប់ដោយសារការរលាកថង់ទឹកប្រមាត់ផងដែរ។ អាការៈឈឺចាប់បែបនេះមិនមានមូលហេតុច្បាស់លាស់នោះទេ ប៉ុន្តែ ក្នុងអ្នកជំងឺមួយភាគតូច គេសន្មតថាអាការៈនេះបណ្ដាលមកពីការចុះខ្សោយមុខងារនៃសាច់ដុំSphincter of Oddi (សាច់ដុំរាងរង្វង់ដែលស្ថិតនៅចន្លោះបំពង់ទឹកប្រមាត់ឬបំពង់លំពែងនិងពោះវៀនតូច)។
ប្រសិនបើមុខងារនៃសាច់ដុំនេះចុះខ្សោយ លំហូរនៃទឹកប្រមាត់ចេញពីបំពង់ទឹកប្រមាត់និងលំហូរនៃសារធាតុបញ្ចេញពីក្រពេញលំពែងមានលក្ខណៈយឺត ហើយសម្ពាធនៅក្នុងបំពង់ទាំងពីរកើនឡើង ធ្វើអោយកើតមានអាការៈឈឺចាប់។ ក្រោយពេលវះកាត់យកថង់ទឹកប្រមាត់ចេញ ក្រួសក្នុងប្រមាត់តូចៗដែលបន្សល់នៅក្នុងបំពង់ទឹកប្រមាត់អាចជាមូលហេតុនៃអាការៈឈឺចាប់។ ម្យ៉ាងទៀត ក៏មានករណីដែលអាការៈឈឺចាប់បណ្ដាលមកពីជំងឺដែលមិនជាប់ពាក់ព័ន្ធនឹងថង់ទឹកប្រមាត់សោះ ដូចជា បណ្ដុំរោគសញ្ញាពោះវៀនងាយប្រតិកម្ម(Irritable Bowel Syndrome, IBS)ឬជំងឺដំបៅក្រពះពោះវៀនជាដើម។
ដើម្បីវាយតម្លៃថាតើមូលហេតុនៃអាការៈឈឺចាប់ក្រោយការវះកាត់បណ្ដាលមកពីការកើនឡើងសម្ពាធនៅតាមបំពង់ទឹកប្រមាត់ឬក៏យ៉ាងណា គេចាំបាច់ត្រូវអនុវត្តការពិនិត្យERCP (Endoscopic retrograde cholangiopancreatography) ឬ ការពិនិត្យScintigraphyនៅផ្លូវទឹកប្រមាត់។ នៅក្នុងការពិនិត្យERCP គេអនុវត្តដោយស៊កឧបករណ៍អង់ដូស្កុបតាមមាត់ចូលទៅដល់ពោះវៀន រួចបញ្ចូលឧបករណ៍វាស់សម្ពាធទៅតាមឧបករណ៍អង់ដូស្កុបនោះ។ ប្រសិនបើដឹងថាសម្ពាធនៅក្នុងបំពង់មានកម្រិតខ្ពស់ គេនឹងស៊កបន្ថែមនូវសម្ភារៈវះកាត់តាមឧបករណ៍អង់ដូស្កុបទៀត ដើម្បីធ្វើការវះកាត់បើកសាច់ដុំSphincter of Oddi និងពង្រីកបំពង់។ វិធីនេះហៅថាEndoscopic sphincterotomy (EST) មានប្រសិទ្ធិភាពកាត់បន្ថយអាការៈឈឺចាប់ ករណីអាការៈនោះកើតឡើងដោយសារការចុះខ្សោយមុខងារនៃសាច់ដុំSphincter of Oddi ។
អានបន្ថែម