Ascites (ជំងឺទាចទឹក)
- 
            - លក្ខណៈទូទៅ
- មូលហេតុ
- រោគសញ្ញា
- រោគវិនិច្ឆ័យ
- ការព្យាបាល
 
- 
              លក្ខណៈទូទៅ・ជំងឺដែលជាមូលហេតុធ្វើអោយកើតទាចទឹកមានច្រើន ប៉ុន្តែ មូលហេតុទូទៅជាងគេបំផុតគឺការកើនឡើងនៃសម្ពាធនៅក្នុងសរសៃឈាមវ៉ែនដែលភ្ជាប់ទៅសរីរាង្គថ្លើម(Portal vein) ហើយស្ថានភាពនេះកើតឡើងដោយសារជំងឺក្រិនថ្លើម(Cirrhosis)។ ・នៅពេលដែលជាតិទឹកប្រមូលផ្ដុំច្រើននៅក្នុងរាងកាយ ផ្នែកពោះនឹងរីកធំខ្លាំង ដោយពេលខ្លះបង្ហាញជារោគសញ្ញាដូចជា បាត់បង់ចំណង់អាហារ ដកដង្ហើមដង្ហក់ អារម្មណ៍មិនស្រួលក្នុងខ្លួន ជាដើម។ ・ដើម្បីបញ្ជាក់មូលហេតុនៃជំងឺនេះ គេត្រូវធ្វើការវិភាគទៅលើទាចទឹកនោះ។ ・ជាទូទៅ ការអនុវត្តរបបអាហារដែលផ្ទុកសារធាតុសូដ្យូម(អំបិល)ទាបនិងការប្រើឱសថបញ្ចុះទឹកនោម អាចជម្រុញការបញ្ចេញជាតិទឹកដែលប្រមូលផ្ដុំហួសហេតុនោះ។ អានបន្ថែម
- 
              មូលហេតុមូលហេតុភាគច្រើនបំផុតនៃជំងឺទាចទឹកមានដូចខាងក្រោម៖ ・ជំងឺថ្លើម ជំងឹដែលមិនពាក់ព័ន្ធនឹងសរីរាង្គថ្លើម ដូចជា ជំងឺមហារីក ជំងឺខ្សោយតម្រងនោម ជំងឺរលាកលំពែង ជំងឺរលាកស្រោមពោះដោយសារបាក់តេរីរបេងជាដើម មិនមែនជាមូលហេតុទូទៅដែលបង្កជាជំងឺទាចទឹកនោះទេ។ រោគសញ្ញាទាចទឹកងាយកើតឡើងចំពោះជំងឺថ្លើមរយៈពេលវែង(រ៉ាំរ៉ៃ)ជាជាងជំងឺថ្លើមរយៈពេលខ្លី(ស្រួចស្រាវ) ដែលភាគច្រើនដោយសារការកើនឡើងនៃសម្ពាធនៅក្នុងសរសៃឈាមវ៉ែនដែលភ្ជាប់ទៅសរីរាង្គថ្លើម(Portal vein)។ ・ ការកើនឡើងនៃសម្ពាធនៅក្នុងសរសៃឈាមវ៉ែនដែលភ្ជាប់ទៅសរីរាង្គថ្លើម(Portal hypertension) ជាស្ថានភាពនៃសរសៃឈាមវ៉ែនដែលភ្ជាប់ពីពោះវៀនទៅកាន់ថ្លើម(Portal vein)និងសរសៃឈាមបែកខ្នែងកើនឡើងសម្ពាធឈាមនៅក្នុងសរសៃឈាមទាំងនោះ។ ជាទូទៅ ការកើនឡើងនៃសម្ពាធឈាមក្នុងPortal veinកើតឡើងដោយសារជំងឺក្រិនថ្លើម(Cirrhosis) ហើយជំងឺក្រិនថ្លើមនេះអាចបណ្ដាលមកពីការពិសាគ្រឿងស្រវឹងច្រើនហួសហេតុឬបណ្ដាលមកជំងឺរលាកថ្លើមដោយសារវីរុស។ ជំងឺទាចទឹកក៏អាចកើតឡើងដោយសារជំងឺផ្សេងទៀត ដូចជា ជំងឺរលាកថ្លើមដោយសារគ្រឿងស្រវឹងកម្រិតធ្ងន់ដែលមិនមានការក្រិនថ្លើម ជំងឺរលាកថ្លើមរ៉ាំរ៉ៃ ជំងឺស្ទះសរសៃឈាមវ៉ែនក្នុងថ្លើម(Budd-Chiari syndrome) ជាដើម។ នៅពេលមានជំងឺថ្លើម ជាតិទឹកនឹងជ្រាបចេញតាមផ្ទៃនៃសរីរាង្គថ្លើមឬពោះវៀនចូលទៅប្រមូលផ្ដុំនៅក្នុងប្រហោងពោះ។ ・ការប្រមូលផ្ដុំនៃជាតិទឹកក្នុងរាងកាយដោយសារបញ្ហាតម្រងនោម ・ការប្រែប្រួលនៃអរម៉ូនឬសារធាតុគីមីផ្សេងៗដែលគ្រប់គ្រងតុល្យភាពនៃជាតិទឹកក្នុងរាងកាយ។ ・ការជ្រាបចេញនៃអាល់ប៊ុយមីនពីក្នុងសរសៃឈាមទៅផ្នែកពោះ។ ជាទូទៅ អាល់ប៊ុយមីនជាប្រូតេអ៊ីនសំខាន់ស្ថិតក្នុងសរសៃឈាម ដោយមានតួនាទីទប់ស្កាត់ការជ្រាបចេញនៃជាតិទឹកពីក្នុងសរសៃឈាម។ ប្រសិនបើអាល់ប៊ុយមីនជ្រាបចេញពីសរសៃឈាម នោះជាតិទឹកក្នុងសរសៃឈាមក៏ជ្រាបចេញទៅប្រមូលផ្ដុំនៅជាលិកាផ្សេងៗផងដែរ។ អានបន្ថែម
- 
              រោគសញ្ញាករណីជំងឺទាចទឹកផ្ទុកបរិមាណទឹកតិច វាមិនបង្ហាញជារោគសញ្ញាអ្វីដែរ។ នៅពេលដែលបរិមាណទាចទឹកឈានដល់កម្រិតមធ្យម ទំហំពោះនិងទម្ងន់នឹងកើនឡើង។ ករណីទាចទឹកមានបរិមាណច្រើន វានឹងធ្វើអោយពោះប៉ោងខ្លាំង ហើយអ្នកជំងឺមានអារម្មណ៍មិនស្រួល។ ពោះរបស់អ្នកជំងឺអាចប៉ោងរហូតដល់ផ្ចិតមានសភាពរាបស្មើឬលៀនចេញមកតែម្ដង។ នៅពេលពោះរីកធំ វាធ្វើអោយសង្កត់ទៅលើក្រពះ ហើយអ្នកជំងឺមានរោគសញ្ញាបាត់បង់ចំណង់អាហារ។ ម្យ៉ាងទៀត វាអាចសង្កត់ទៅលើសួត ធ្វើអោយអ្នកជំងឺដកដង្ហើមលក្ខណៈដង្ហក់។ នៅពេលដែលជាតិទឹកប្រមូលផ្ដុំច្រើននៅកជើង វាបង្ហាញជាអាការៈហើមនៅកជើង។ ជំងឺទាចទឹកអាចបង្កជាជំងឺរលាកស្រោមពោះដោយសារឆ្លងបាក់តេរី(Spontaneous bacterial peritonitis)ដែលជាស្ថានភាពងាយកើតឡើងចំពោះអ្នកជំងឺទាចទឹកនិងអ្នកជំងឺក្រិនថ្លើម ជាពិសេសចំពោះអ្នកជំងឺដែលពិសាគ្រឿងស្រវឹងច្រើន។ នៅពេលកើតមានជំងឺរលាកស្រោមពោះដោយសារឆ្លងបាក់តេរី(Spontaneous bacterial peritonitis) ជាទូទៅ អ្នកជំងឺមានអារម្មណ៍មិនស្រួលនៅផ្នែកពោះ ដោយទទួលអារម្មណ៍ឈឺចាប់នៅពោះនៅពេលសង្កត់ ហើយអាចមានរោគសញ្ញាក្ដៅខ្លួន ពិបាកក្នុងខ្លួន វង្វេងវង្វាន់ស្មារតី ងងុយគេងជាដើម។ ជំងឺនេះ ប្រសិនបើមិនព្យាបាលទេ អ្នកជំងឺអាចនឹងបាត់បង់ជីវិត។ ការសង្គ្រោះជីវិត អាស្រ័យទៅលើការភាពឆាប់រហ័សនៃការចាប់ផ្ដើមព្យាបាលដោយប្រើឱសថប្រឆាំងបាក់តេរី (Antibiotics)។ អានបន្ថែម
- 
              រោគវិនិច្ឆ័យ・ការវាយតម្លៃពីវេជ្ជបណ្ឌិត ・ការពិនិត្យរូបភាពវេជ្ជសាស្ត្រ ដូចជា ការពិនិត្យអេកូ ជាដើម (ពេលខ្លះ) ・ការវិភាគទាចទឹក (ពេលខ្លះ) នៅពេលទះពោះស្រាលៗ គេនឹងលឺសម្លេងតឹងៗដោយសារទឹកពេញក្នុងពោះ។ ប្រសិនបើជាការប៉ោងពោះដោយសារខ្យល់ វានឹងបញ្ចេញសម្លេងដូចគ្មានអ្វីក្នុងប្រហោងពោះនៅពេលទះស្រាលៗ។ ប៉ុន្តែ ករណីទាចទឹកមានបរិមាណតិចជាង1លីត្រ គេក៏ពិបាកនឹងពិនិត្យដឹងដែរ។ ករណីដែលវេជ្ជបណ្ឌិតមិនអាចវិនិច្ឆ័យថាមានទាចទឹកឬមិនដឹងអំពីមូលហេតុច្បាស់លាស់ គេនឹងអនុវត្តការពិនិត្យអេកូឬការពិនិត្យCT។ ម្យ៉ាងទៀត អាចមានករណីដែលគេប្រើម្ជុល ចាក់ចូលក្នុងពោះ ដើម្បីទាញយកទាចទឹកក្នុងបរិមាណតិចមកពិនិត្យ។ វិធីនេះហៅថាការវិភាគទាចទឹក។ អានបន្ថែម
- 
              ការព្យាបាល・របបអាហារដែលផ្ទុកសារធាតុសូដ្យូម(អំបិល)ទាប និង សម្រាកនៅលើគ្រែ ・ប្រើប្រាស់ឱសថបញ្ចុះទឹកនោម ・បូមយកជាតិទឹកពីក្នុងពោះ(Abdominal paracentesis) ・ការវះកាត់បង្កើតផ្លូវថ្មីសម្រាប់ចរន្តឈាម ហៅថា Portosystemic shunt (PSS) ឬ ការវះកាត់ផ្លាស់ប្ដូរសរីរាង្គថ្លើម (Liver transplantation) ・ប្រើប្រាស់ឱសថប្រឆាំងបាក់តេរី ករណីអ្នកជំងឺកើតមានជំងឺរលាកស្រោមពោះដោយសារឆ្លងបាក់តេរី(Spontaneous bacterial peritonitis) មូលដ្ឋានគ្រឹះនៃការព្យាបាលជំងឺទាចទឹក គឺ ការអនុវត្តរបបអាហារដែលផ្ទុកសារធាតុសូដ្យូម(អំបិល)ទាប និង សម្រាកនៅលើគ្រែ។ ករណីការព្យាបាលតាមរបបអាហារមិនមានប្រសិទ្ធិភាព គេអាចប្រើឱសថបញ្ចុះទឹកនោម (ឱសថSpironolactone ឱសថFurosemide ជាដើម)។ ឱសថបញ្ចុះទឹកនោមនឹងជម្រុញការបញ្ចេញចោលនូវសារធាតុសូដ្យូមនិងជាតិទឹកតាមតម្រងនោមទៅក្នុងទឹកនោម។ នៅពេលអ្នកជំងឺមានអារម្មណ៍ពិបាកក្នុងខ្លួន ឬ ពិបាកដកដង្ហើមឬបរិភោគអាហារ គេអាចប្រើវិធីចាក់ម្ជុលចូលក្នុងពោះដើម្បីបូមយកជាតិទឹកក្នុងប្រហោងពោះ ដោយគេហៅវិធីនេះថា Abdominal paracentesis។ ក្រោយអនុវត្តវិធីនេះ ប្រសិនបើអ្នកជំងឺមិនអនុវត្តរបបអាហារដែលផ្ទុកសារធាតុសូដ្យូម(អំបិល)ទាបឬបន្តប្រើប្រាស់ឱសថបញ្ចុះទឹកនោមនោះទេ នោះអាការៈទាចទឹកនឹងកើតឡើងវិញម្ដងទៀត។ ជាទូទៅ អាល់ប៊ុយមីន(Albumin)នឹងត្រូវបាត់បង់ក្នុងបរិមាណច្រើនពីក្នុងសរសៃឈាមចូលទៅក្នុងប្រហោងពោះ ដូច្នេះ អាចមានករណីដែលគេត្រូវចាក់បញ្ចូលសារធាតុអាល់ប៊ុយមីនតាមសរសៃឈាមវ៉ែន។ ករណីដែលអាការៈដក់ទឹកច្រើនកើតមានជាញឹកញាប់ ឬ ករណីដែលវិធីព្យាបាលផ្សេងៗមិនមានប្រសិទ្ធិភាព អ្នកជំងឺអាចនឹងចាំបាច់ទទួលការព្យាបាលដោយវះកាត់បង្កើតផ្លូវថ្មីសម្រាប់ចរន្តឈាម ហៅថា Portosystemic shunt (PSS) ឬ ការវះកាត់ផ្លាស់ប្ដូរសរីរាង្គថ្លើម (Liver transplantation)។ នៅក្នុងការវះកាត់បង្កើតផ្លូវថ្មីសម្រាប់ចរន្តឈាម គេធ្វើការភ្ជាប់សរសៃឈាមវ៉ែនដែលបញ្ជូនឈាមពេញរាងកាយទៅនឹងសរសៃឈាមវ៉ែនភ្ជាប់ពីពោះវៀនទៅថ្លើម(Portal vein)ឬសរសៃឈាមបែកខ្នែង ដើម្បីបង្កើតផ្លូវថ្មីសម្រាប់ចរន្តឈាមនៅសរីរាង្គថ្លើម។ ប៉ុន្តែ វិធីព្យាបាលនេះអាចជាបន្ទុកសម្រាប់អ្នកជំងឺ ហើយអាចបង្កផលប៉ះពាល់ដល់មុខងារខួរក្បាល(Hepatic encephalopathy)ឬធ្វើអោយមុខងារថ្លើមថយចុះជាដើម។ នៅពេលគេរកឃើញថាអ្នកជំងឺកំពុងកើតមានជំងឺរលាកស្រោមពោះដោយសារឆ្លងបាក់តេរី(Spontaneous bacterial peritonitis) គេប្រើឱសថប្រឆាំងបាក់តេរី ដូចជាCefotaximeជាដើម ដើម្បីព្យាបាល។ ជំងឺនេះច្រើនកើតឡើងវិញក្នុងអំឡុងពេល1ឆ្នាំ ដូច្នេះ បន្ទាប់ពីព្យាបាលនៅលើកដំបូងរួច គេប្រើឱសថប្រឆាំងបាក់តេរីផ្សេងទៀត (Norfloxacin ជាដើម)ដើម្បីបង្ការការកើតឡើងវិញនៃជំងឺនេះ។ អានបន្ថែម
