Arrhythmia (ជំងឺចង្វាក់បេះដូងខុសប្រក្រតី)
-
- លក្ខណៈទូទៅ
- មូលហេតុ
- រោគវិនិច្ឆ័យ
- ការព្យាបាល
-
លក្ខណៈទូទៅ
ជំងឺចង្វាក់បេះដូងខុសប្រក្រតី សំដៅលើជំងឺទាក់ទងនឹងចង្វាក់បេះដូងគ្រប់ប្រភេទ រួមមាន លឿនខុសប្រក្រតី(Tachycardia) យឺតខុសប្រក្រតី(Bradycardia) ការបញ្ជូនសញ្ញាភ្ញោចក្នុងបេះដូងខុសប្រក្រតី ។ល។
・មូលហេតុទូទៅដែលបង្កអោយចង្វាក់បេះដូងខុសប្រក្រតីគឺជំងឺបេះដូង។
・មានករណីដែលអ្នកជំងឺអាចដឹងអំពីភាពខុសប្រក្រតីនៃចង្វាក់បេះដូងដោយខ្លួនឯង ប៉ុន្តែ មនុស្សស្ទើរគ្រប់គ្នាមិនដឹងអំពីជំងឺនេះទេរហូតដល់ពេលមានរោគសញ្ញាអស់កម្លាំងឬភាំងស្មារតីរយៈពេលខ្លីជាដើម។
・ការធ្វើរោគវិនិច្ឆ័យពឹងផ្អែកលើលទ្ធផលនៃការពិនិត្យចង្វាក់បេះដូងECG។
・ការព្យាបាលផ្ដោតលើការធ្វើអោយចង្វាក់បេះដូងត្រឡប់មកសភាពប្រក្រតីវិញនិងការបង្ការកុំអោយកើតមានអាការៈនៅពេលក្រោយៗទៀត។
បេះដូងជាសរីរាង្គដែលកើតឡើងពីបណ្ដុំនៃសាច់ដុំបេះដូងនិងបែងចែកជាថត4។ វាជាសរីរាង្គដែលធ្វើការពេញមួយជីវិតមនុស្ស មិនដែលឈប់សម្រាកឡើយ។ ការកន្ត្រាក់តាមចង្វាក់ត្រឹមត្រូវរបស់សាច់ដុំបេះដូង អាចធ្វើអោយបេះដូងបញ្ជូនឈាមទៅកាន់រាងកាយទាំងមូលបានយ៉ាងមានប្រសិទ្ធភាពនិងចំណាយថាមពលតិច។
ការកន្ត្រាក់របស់សាច់ដុំបេះដូងត្រូវបានគ្រប់គ្រងដោយសញ្ញាភ្ញោចនៃអគ្គិសនី ហើយសញ្ញាភ្ញោចនេះឆ្លងកាត់ពេញបេះដូងទៅតាមគន្លងច្បាស់លាស់និងត្រឹមត្រូវ។ សញ្ញាភ្ញោចចាប់ផ្ដើមពីទីប្រជុំSinus node (ឬSinoatrial node)ដែលស្ថិតនៅខាងចុងនៃថតលើខាងស្ដាំនៃបេះដូង។ ល្បឿននៃការកកើតសញ្ញាភោ្ញចនោះនឹងកំណត់ចង្វាក់បេះដូង ហើយវាទទួលឥទ្ធិពលពីសញ្ញាសរសៃប្រសាទនិងកម្រិតនៃអរម៉ូនមួយចំនួននៅក្នុងឈាម។
ចង្វាក់បេះដូងទទួលការគ្រប់គ្រងពីប្រព័ន្ធប្រសាទអូតូណូមិចដោយស្វ័យប្រវត្តិ។ ប្រព័ន្ធប្រសាទអូតូណូមិចបែងចែកជា ប្រព័ន្ធស៊ីមប៉ាទិច និង ប្រព័ន្ធប៉ារ៉ាស៊ីមប៉ាទិច។ ប្រព័ន្ធស៊ីមប៉ាទិចមានសកម្មភាពធ្វើអោយចង្វាក់បេះដូងកើនឡើង រីឯប្រព័ន្ធប៉ារ៉ាស៊ីមប៉ាទិចមានឥទ្ធិពលធ្វើអោយចង្វាក់បេះដូងថយចុះ។
អរម៉ូនដែលបញ្ចេញដោយប្រព័ន្ធស៊ីមប៉ាទិចនិងធ្វើអោយចង្វាក់បេះដូងកើនឡើងរួមមាន អាដ្រេណាលីន(អេភីនេហ្វ្រីន) និង ន័រអាដ្រេណាលីន(ន័រអេភីនេហ្វ្រីន)។ ក្រៅពីនេះ អរម៉ូននៃក្រពេញទីរ៉ូអ៊ីតក៏មានសកម្មភាពបង្កើនចង្វាក់បេះដូងផងដែរ។
ចំពោះមនុស្សពេញវ័យ ចង្វាក់បេះដូងជាប្រក្រតីនៅពេលរាងកាយសម្រាក ជាទូទៅគឺ 60 ទៅ 100 ដងក្នុង1នាទី។ ប៉ុន្តែ សម្រាប់មនុស្សវ័យក្មេងដែលមានសុខភាពល្អធម្មតា ទោះជាមានចង្វាក់បេះដូងលក្ខណៈយឺតជាងនេះក៏ដោយ ក៏ចាត់ទុកថាជាស្ថានភាពប្រក្រតីផងដែរ។ វាជាភាពប្រក្រតីដែលចង្វាក់បេះដូងអាចប្រែប្រួលទៅតាមការភ្ញោចរួមមានការឈឺចាប់ឬអារម្មណ៍ខឹងនិងទៅតាមសកម្មភាពរបស់រាងកាយ។ ប៉ុន្តែ ករណីចង្វាក់បេះដូងមានលក្ខណៈលឿនខ្លាំង ឬ យឺតខ្លាំង ឬ មិនមានចង្វាក់ថេរ ឬ ការបញ្ជូនសញ្ញាកន្ត្រាក់នៃបេះដូងមានបញ្ហា គេចាត់ទុកស្ថានភាពទាំងនេះជាភាពខុសប្រក្រតី។
ការបញ្ជូនសញ្ញាភ្ញោចចលនាកន្ត្រាក់នៃបេះដូង
សញ្ញាភ្ញោចការកន្ត្រាក់កើតឡើងដំបូងពី Sinoatrial node (SA node) នៃបេះដូង រួចធ្វើដំណើរចូលទៅថតលើខាងស្ដាំនៃបេះដូង បន្ទាប់មក ចូលទៅកាន់ថតលើខាងឆ្វេងនៃបេះដូង ដោយភ្ញោចអោយមានការកន្ត្រាក់សាច់ដុំនៃថតលើទាំងសងខាងនៃបេះដូង។ ការកន្ត្រាក់នេះនឹងជួយរុញបញ្ជូនចរន្តឈាមចេញពីថតលើនៃបេះដូងទៅកាន់ថតក្រោមនៃបេះដូង។ បន្ទាប់ពីនោះ សញ្ញាភ្ញោចនឹងធ្វើដំណើរបន្តទៀតឆ្លងកាត់តាមជាលិកាដែលខណ្ឌចែកថតលើទាំងសងខាងនៃបេះដូង សំដៅចុះក្រោមទៅដល់ Atrioventricular node (AV node)។ AV node ជាច្រកតែមួយគត់ដែលសញ្ញាភ្ញោចត្រូវបានបញ្ជូនពីថតលើទៅថតក្រោមនៃបេះដូង ដោយការបញ្ជូនសញ្ញាភ្ញោចតាមផ្លូវផ្សេងទៀតត្រូវបានបង្អាក់ដោយថតក្រោមនៃបេះដូង។ មកដល់ AV node ការបញ្ជូនសញ្ញាភ្ញោចនឹងមានលក្ខណៈយឺតមកវិញ ដោយវាជារយៈពេលសម្រាប់ថតលើធ្វើការកន្ត្រាក់បានពេញលេញនិងថតក្រោមទទួលឈាមបានកាន់តែច្រើន ហើយនៅពេលដែលថតក្រោមនៃបេះដូងទទួលឈាមបានគ្រប់គ្រាន់ហើយ សញ្ញាភ្ញោចនឹងភ្ញោចអោយមានការកន្ត្រាក់នៃថតក្រោមរបស់បេះដូង។
ដំណើរការនៃការបញ្ជូនសញ្ញាភ្ញោចនិងការកន្ត្រាក់នៃបេះដូង
(1) សញ្ញាភ្ញោចកើតឡើងនៅ SA node។ (2) សញ្ញាភ្ញោចឆ្លងចូលទៅក្នុងថតលើខាងស្ដាំនិងខាងឆ្វេងនៃបេះដូង បង្កជាការកន្ត្រាក់។ (3) សញ្ញាភ្ញោចចូលទៅដល់ AV node ហើយល្បឿនក៏ថយចុះ។ (4) សញ្ញាភ្ញោចឆ្លងកាត់តាមផ្នែកBundle of Hisទៅផ្នែកខាងក្រោមនៃបេះដូង។ (5) សញ្ញាភ្ញោចបែងចែកទៅផ្នែកខាងស្ដាំនិងផ្នែកខាងឆ្វេងនៃថតក្រោមរបស់បេះដូង រួចបង្កជាការកន្ត្រាក់នៃថតក្រោម។
អានបន្ថែម -
មូលហេតុ
ជាទូទៅ មូលហេតុដែលបង្កជាជំងឺចង្វាក់បេះដូងខុសប្រក្រតី គឺបណ្តាលមកពីជំងឺបេះដូងផ្សេងៗ ជាពិសេស ជំងឺទាក់ទងនឹងសរសៃឈាមអាកទែក្នុងបេះដូង ជំងឺទាក់ទងនឹងប្រើសបេះដូង និង ជំងឺខ្សោយមុខងារបេះដូង ជាដើម។ ម្យ៉ាងទៀត រោគសញ្ញានៃជំងឺចង្វាក់បេះដូងខុសប្រក្រតីក៏អាចបណ្ដាលមកពីផលរំខាននៃឱសថផងដែរ ដោយក្នុងនោះក៏រួមមានឱសថដែលប្រើសម្រាប់ការព្យាបាលជំងឺបេះដូងផងដែរ។ ក្រៅពីនេះ នៅមានជំងឺចង្វាក់បេះដូងខុសប្រក្រតីដែលកើតឡើងតាំងពីកំណើតតែម្ដង ឬ ការប្រែប្រួលនៃប្រព័ន្ធបញ្ជូនសញ្ញាភ្ញោចក្នុងបេះដូងដោយសារភាពចាស់ជរា។ ប៉ុន្តែ ក៏មានជំងឺចង្វាក់បេះដូងដែលមិនអាចដឹងអំពីមូលហេតុច្បាស់លាស់ផងដែរ។
ជំងឺចង្វាក់បេះដូងខុសប្រក្រតី ដែលចង្វាក់បេះដូងកើនឡើង (Tachyarrhythmia)
ចង្វាក់បេះដូងអាចកើនឡើងខុសប្រក្រតី ដោយសារមូលហេតុផ្សេងៗ រួមមាន ការធ្វើលំហាត់ប្រាណ ភាពតានតឹងផ្នែកស្មារតី ការពិសាគ្រឿងស្រវឹងច្រើនហួសហេតុ ការជក់បារី ការប្រើប្រាស់ឱសថផ្ដាសាយឬអាលែកហ្ស៊ី ជាដើម។ ម្យ៉ាងទៀត រោគសញ្ញានៃចង្វាក់បេះដូងកើនឡើងខុសប្រក្រតីក៏អាចជារោគសញ្ញាមួយនៃជំងឺកើនឡើងមុខងារក្រពេញទីរ៉ូអ៊ីតផងដែរ។
ជំងឺចង្វាក់បេះដូងខុសប្រក្រតី ដែលចង្វាក់បេះដូងថយចុះ (Bradyarrhythmia)
ចង្វាក់បេះដូងអាចថយចុះដោយសារមូលហេតុផ្សេងៗ ដូចជា អាការៈឈឺចាប់ដែលភ្ញោចដល់សរសៃប្រសាទVagus nerve អារម្មណ៍ឃ្លាន ភាពនឿយហត់ រោគសញ្ញាក្រពះពោះវៀន (រាករូសឬក្អួត ជាដើម) ការលេបអាហារចូលខុសបំពង់អាហារ ។ល។ ករណីកម្រអាចកើតមាននៅពេលដែល Vagus nerve ទទួលការភ្ញោចខ្លាំងពេក ធ្វើអោយបេះដូងឈប់ធ្វើចលនាតែម្ដង។ ប៉ុន្តែ ជាទូទៅ ភាពខុសប្រក្រតីនៃចង្វាក់បេះដូងទាំងនេះ 50%នឹងត្រឡប់មកភាពប្រក្រតីវិញដោយឯកឯង។
ម្យ៉ាងទៀត រោគសញ្ញានៃចង្វាក់បេះដូងថយចុះខុសប្រក្រតីក៏អាចជារោគសញ្ញាមួយនៃជំងឺថយចុះមុខងារក្រពេញទីរ៉ូអ៊ីតផងដែរ។
រោគសញ្ញានៃជំងឺចង្វាក់បេះដូងខុសប្រក្រតី
អ្នកជំងឺអាចដឹងថាចង្វាក់បេះដូងរបស់ខ្លួនមានលក្ខណៈខុសប្រក្រតី ប៉ុន្តែ ការសម្គាល់ទៅលើរោគសញ្ញាអាចមានលក្ខណៈខុសគ្នាខ្លាំងរវាងអ្នកជំងឺម្នាក់ៗ ដោយមនុស្សមួយចំនួនទទួលអារម្មណ៍ជាការញ័រទ្រូង។ អ្នកជំងឺខ្លះមិនមានរោគសញ្ញានោះទេ ប៉ុន្តែ មនុស្សភាគច្រើនទទួលអារម្មណ៍ខុសប្លែកនៃចង្វាក់បេះដូងនៅពេលពួកគេគេងផ្អៀងទៅខាងឆ្វេង។
ជំងឺចង្វាក់បេះដូងខុសប្រក្រតីមានច្រើនសណ្ឋាន ដោយខ្លះមិនមានផលប៉ះពាល់ដល់សុខភាពនោះទេ ប៉ុន្តែ ក៏មានប្រភេទខ្លះដែលអាចគ្រោះថ្នាក់ដល់ជីវិត។ ភាពធ្ងន់ធ្ងរនៃជំងឺចង្វាក់បេះដូងខុសប្រក្រតី មិនសូវមានទំនាក់ទំនងជាមួយនឹងកម្រិតនៃរោគសញ្ញានោះទេ។ មានន័យថា ទោះជាវាជាជំងឺចង្វាក់បេះដូងខុសប្រក្រតីដែលអាចបង្កគ្រោះថ្នាក់ដល់ជីវិតក៏ដោយ ពេលខ្លះក៏មិនបង្ហាញជារោគសញ្ញាអោយដឹងដល់អ្នកជំងឺឡើយ។ ផ្ទុយទៅវិញ ជំងឺចង្វាក់បេះដូងខុសប្រក្រតីដែលមិនសូវធ្ងន់ធ្ងរ បែរជាពេលខ្លះបង្ហាញជារោគសញ្ញាធ្ងន់ធ្ងរទៅវិញ។ ករណីភាគច្រើន គេគួរវាយតម្លៃភាពធ្ងន់ធ្ងរដោយផ្អែកលើជំងឺបេះដូងឬជំងឺផ្សេងទៀតដែលជាមូលហេតុដំបូងបង្កអោយមានរោគសញ្ញាចង្វាក់បេះដូងខុសប្រក្រតី។
ជំងឺចង្វាក់បេះដូងខុសប្រក្រតីដែលរួមមានការថយចុះនៃសមត្ថភាពច្របាញ់ឈាមនៃបេះដូង អាចបង្ហាញជារោគសញ្ញាដូចជា អស់កម្លាំង ភាពធន់នៃរាងកាយថយចុះ ដង្ហក់ វិលមុខ ភាំងស្មារតី ឬ ក៏អាចធ្វើអោយបាត់បង់ជីវិតតែម្ដង។ អាការៈភាំងស្មារតីកើតឡើងដោយសារឈាមដែលបញ្ចេញពីបេះដូងមានបរិមាណតិច មិនអាចរក្សាសម្ពាធឈាមបានគ្រប់គ្រាន់។ ប្រសិនបើជំងឺចង្វាក់បេះដូងខុសប្រក្រតីដែលកើតឡើងដោយសារមូលហេតុនេះនៅតែបន្ត វានឹងអាចធ្វើអោយអ្នកជំងឺបាត់បង់ជីវិត។ ម្យ៉ាងទៀត ជំងឺចង្វាក់បេះដូងខុសប្រក្រតីអាចធ្វើអោយរោគសញ្ញានៃជំងឺបេះដូងផ្សេងទៀត ដូចជា ឈឺទ្រូងឬដង្ហក់កាន់តែមានលក្ខណៈធ្ងន់ធ្ងរ។ ជំងឺចង្វាក់បេះដូងខុសប្រក្រតីដែលបង្ហាញចេញជារោគសញ្ញាគួរទទួលការព្យាបាលអោយបានឆាប់រហ័ស។
ជំងឺចង្វាក់បេះដូងដែលមិនប៉ះពាល់ខ្លាំងដល់សុខភាពអាចបង្ហាញរោគសញ្ញាធ្ងន់ធ្ងរ ហើយក៏មានជំងឺចង្វាក់បេះដូងដែលធ្ងន់ធ្ងរអាចប៉ះពាល់ដល់ជីវិតប៉ុន្តែវាមិនបានបង្ហាញរោគសញ្ញាដល់អ្នកជំងឺជាមុននោះទេ។
អានបន្ថែម -
រោគវិនិច្ឆ័យ
ការពិនិត្យចង្វាក់បេះដូង (Electrocardiogram, ECG)
ភាគច្រើន វេជ្ជបណ្ឌិតធ្វើរោគវិនិច្ឆ័យដោយផ្អែកទៅលើរោគសញ្ញារបស់អ្នកជំងឺ និង ចំណុចសំខាន់ៗដែលត្រូវពិចារណា រួមមាន G3ចង្វាក់បេះដូងលោតលឿនឬក៏យឺត តើចង្វាក់បេះដូងមានលក្ខណៈថេរដែរឬទេ តើជារោគសញ្ញាដែលបាត់ភ្លាមៗឬបន្តរយៈពេលយូរ ម្យ៉ាងទៀត ក៏ត្រូវពិនិត្យមើលថាតើជារោគសញ្ញាចង្វាក់បេះដូងកើនឡើងនៅពេលរាងកាយសម្រាក ឬ នៅពេលរាងកាយធ្វើសកម្មភាពខ្លាំងក្លា ឬ កើតឡើងនៅពេលរាងកាយធ្វើសកម្មភាពដែលធម្មតាមិនដែលធ្វើ ឬ ជារោគសញ្ញាដែលកើតឡើងភ្លាមៗនិងបាត់ទៅវិញភ្លាមៗ ឬ ជារោគសញ្ញាដែលកើនឡើងបន្តិចម្ដងៗ។ ទោះក្នុងករណីណាក៏ដោយ ក៏វេជ្ជបណ្ឌិតត្រូវយល់ច្បាស់អំពីសណ្ឋាននិងមូលហេតុនៃជំងឺចង្វាក់បេះដូងខុសប្រក្រតី ហើយចំបាច់ត្រូវធ្វើការពិនិត្យមុននឹងធ្ងន់ធ្ងររោគវិនិច្ឆ័យជាផ្លូវការ។
ការពិនិត្យដែលសំខាន់នៅក្នុងការធ្វើរោគវិនិច្ឆ័យលើជំងឺចង្វាក់បេះដូងខុសប្រក្រតី គឺ ការពិនិត្យចង្វាក់បេះដូង (Electrocardiogram, ECG)។ នៅក្នុងការពិនិត្យនេះ សកម្មភាពនៃសញ្ញាភ្ញោចនៅក្នុងការកន្ត្រាក់ម្ដងៗត្រូវបានបង្ហាញជារូបភាពខ្សែកោង។ ការពិនិត្យនេះអាចកត់ត្រាចង្វាក់បេះដូងដោយប្រើរយៈពេលខ្លីតែប៉ុណ្ណោះ។
ជំងឺចង្វាក់បេះដូងខុសប្រក្រតីអាចកើតឡើងបណ្ដោះអាសន្ននៅក្នុងចន្លោះពេលណាមួយ ដូច្នេះ គេអាចកត់ត្រានូវចង្វាក់បេះដូងជាបន្តបន្ទាប់ជាប់រហូតដោយប្រើឧបករណ៍Holter electrocardiograph ឬ អាចកត់ត្រានូវបម្រែបម្រួលនៃចង្វាក់បេះដូងនៅពេលអ្នកជំងឺកើតមានរោគសញ្ញានៃចង្វាក់បេះដូងខុសប្រក្រតី។ ការវាស់ចង្វាក់បេះដូងដោយHolter electrocardiograph នឹងដំណើរការវាស់រយៈពេល24ទៅ48ម៉ោង ដូច្នេះ វាអាចកត់ត្រានូវរោគសញ្ញាចង្វាក់បេះដូងខុសប្រក្រតីរបស់អ្នកជំងឺដែលកើតឡើងនៅចន្លោះពេលណាមួយនៅក្នុងសកម្មភាពរស់នៅរបស់អ្នកជំងឺ។ ប៉ុន្តែ អ្នកជំងឺក៏ត្រូវកត់ត្រានូវរោគសញ្ញាដែលគាត់ទទួលអារម្មណ៍ដឹងផងដែរ នៅក្នុងអំឡុងពេលប្រើHolter electrocardiograph។
មានករណីខ្លះដែលគេត្រូវបង្កប់ឧបករណ៍វាស់នៅក្រោមឆ្អឹងដងកាំបិតខាងឆ្វេងដើម្បីពិនិត្យដឹងអំពីជំងឺចង្វាក់បេះដូងខុសប្រក្រតីដែលមានគ្រោះថ្នាក់ប៉ុន្តែកើតឡើងដោយកម្រ។ ឧបករណ៍បែបនេះហៅថា Cardiac event recorder ដែលអាចបង្កប់នៅក្នុងរាងកាយរយៈពេលយូរ និង ដោយមិនមានការឈឺចាប់។
ចំពោះអ្នកជំងឺដែលសង្ស័យថាមានជំងឺចង្វាក់បេះដូងខុសប្រក្រតីប្រភេទមានគ្រោះថ្នាក់ដល់ជីវិត ជាទូទៅ អ្នកជំងឺត្រូវសម្រាកនៅមន្ទីរពេទ្យដើម្បីតាមដានស្ថានភាព ដោយត្រូវកត់ត្រានូវចង្វាក់បេះដូងជាបន្តបន្ទាប់និងត្រូវទទួលការសង្កេតមើលពីគិលានុបដ្ឋាយិកាដើម្បីដឹងអំពីការកើតឡើងនៃភាពខុសប្រក្រតី។
ក្រៅពីនេះ នៅមានវិធីពិនិត្យផ្សេងទៀត រួមមានដូចជា វិធីបន្ថែមបន្ទុកទៅលើបេះដូងដោយលំហាត់ប្រាណ(Cardiac stress test) ការវាស់សម្ពាធឈាមនៅពេលកំពុងធ្វើលំហាត់ប្រាណ ការពិនិត្យអេកូបេះដូង ការពិនិត្យEPS (Electrophysiology Study)។ ការពិនិត្យEPS គឺជាការពិនិត្យដែលប្រើសរសៃដែលមានឧបករណ៍ពិនិត្យដ៏តូចនៅខាងចុង ដោយស៊កតាមសរសៃវ៉ែនចូលទៅដល់ក្នុងបេះដូង រួចគេនឹងបញ្ជូនសញ្ញាភ្ញោចតាមសរសៃដែកទៅផ្នែកខាងចុង ដើម្បីពិនិត្យប្រតិកម្មនៃបេះដូងទៅនឹងសញ្ញាភ្ញោចនោះ។ ការពិនិត្យបែបនេះអាចអោយគេបែងចែកប្រភេទនៃជំងឺចង្វាក់បេះដូងខុសប្រក្រតី និង ជ្រើសរើសវិធីព្យាបាលដែលសមស្របបាន។
របៀបវិនិច្ឆ័យលើ ECG
ការពិនិត្យដោយវាស់ចង្វាក់បេះដូង (ECG) នឹងផ្ដល់ជារូបភាពបង្ហាញអំពីរលកនៃការបញ្ជូនសញ្ញាភ្ញោចក្នុងការកន្ត្រាក់បេះដូង1ដង។ នៅលើរូបភាពECG បែងចែកជាផ្នែកផ្សេងៗ ដោយផ្នែកនីមួយៗត្រូវបានតាងដោយតួអក្សរក្នុងភាសាអង់គ្លេស។
នៅក្នុងការកន្ត្រាក់បេះដូង1ដង ចាប់ផ្ដើមពីសញ្ញាភ្ញោចដែលកើតឡើងនៅ Sinoatrial node (SA node)។ សញ្ញាភ្ញោចនៅដំណាក់កាលនេះមានតួនាទីធ្វើអោយថតលើទាំងសងខាងនៃបេះដូងកន្ត្រាក់។ នៅលើECG ការកន្ត្រាក់នេះតំណាងដោយរលកP ។
បន្ទាប់ពីនោះ សញ្ញាភ្ញោចនឹងធ្វើដំណើរទៅថតក្រោមនៃបេះដូង ហើយរលក QRS តំណាងអោយការកន្ត្រាក់នៃថតក្រោមទាំងសងខាងនៃបេះដូង។
បន្ទាប់មក សញ្ញាភ្ញោចនឹងរីករាលដាលទៅជុំវិញថតក្រោមនៃបេះដូងតាមទិសផ្ទុយ។ ចលនានៃសញ្ញាភ្ញោចជារយៈពេលទុកអោយសញ្ញាភ្ញោចថ្មីកើតឡើងម្ដងទៀត ដែលតំណាងដោយរលកT នៅលើECG។
តាមរយៈECG គេអាចសង្កេតឃើញអំពីភាពខុសប្រក្រតីជាច្រើនប្រភេទ។ ឧទាហរណ៍ ការធ្លាប់កើតមានអាការៈស្ទះសរសៃឈាមបេះដូង ជំងឺចង្វាក់បេះដូងខុសប្រក្រតី ស្ថានភាពកង្វះការផ្គត់ផ្គង់ឈាមនិងអុកស៊ីសែនទៅកាន់បេះដូង ជំងឺបេះដូងរីកធំ ។ល។
ភាពខុសប្រក្រតីនៃECGអាចកើតឡើងដោយសារការកកើតនូវដុំនៅផ្នែកដែលជញ្ជាំងបេះដូងមានលក្ខណៈចុះខ្សោយ។ ដុំដែលកើតមាននៅថតលើឬថតក្រោមនៃបេះដូង អាចកើតឡើងដោយសារជំងឺគាំងបេះដូង។ ម្យ៉ាងទៀត គេក៏អាចដឹងតាមរយៈECGថាតើចង្វាក់បេះដូងខុសប្រក្រតីចាប់ផ្ដើមកើតឡើងពីចំនុចណា។
អានបន្ថែម -
ការព្យាបាល
・ឱសថព្យាបាលជំងឺចង្វាក់បេះដូងខុសប្រក្រតី
・ឧបករណ៍រក្សាភាពប្រក្រតីនៃចង្វាក់បេះដូង(Pacemaker)
・ការប្រើបច្ចេកទេសឆក់អគ្គិសនី។
ទោះជាអ្នកជំងឺមានរោគសញ្ញាមួយចំនួនក៏ដោយ ប្រសិនបើជាប្រភេទដែលមិនប៉ះពាល់ដល់សុខភាព វេជ្ជបណ្ឌិតគួរពន្យល់ប្រាប់អ្នកជំងឺដើម្បីអោយអ្នកជំងឺលះបង់ការបារម្ភ។ មានករណីមួយចំនួនដែលរោគសញ្ញានៃចង្វាក់បេះដូងខុសប្រក្រតីថយចុះឬបាត់តែម្ដង នៅពេលវេជ្ជបណ្ឌិតផ្លាស់ប្ដូរប្រភេទឱសថឬកម្រិតប្រើប្រាស់។ ម្យ៉ាងទៀត ការកាត់បន្ថយការពិសាគ្រឿងស្រវឹង ការពិសាកាហ្វេអ៊ីន ការជក់បារី ក៏មានប្រសិទ្ធិភាពក្នុងការកាត់បន្ថយរោគសញ្ញានៃចង្វាក់បេះដូងខុសប្រក្រតីផងដែរ។ ករណីរោគសញ្ញាបេះដូងលោតញាប់កើតឡើងតែនៅពេលរាងកាយធ្វើចលនា អ្នកជំងឺគួរចៀសវាងការធ្វើចលនាខ្លាំងៗ។ មានករណីខ្លះដែលមុននឹងវេជ្ជបណ្ឌិតអាចកំណត់វិធីព្យាបាលដែលមានប្រសិទ្ធិភាព អ្នកជំងឺគួរចៀសវាងសកម្មភាពបើកបរ។
ឱសថព្យាបាលជំងឺចង្វាក់បេះដូងខុសប្រក្រតី:
ជាទូទៅ ការប្រើប្រាស់ឱសថមានប្រសិទ្ធិភាពចំពោះជំងឺចង្វាក់បេះដូងខុសប្រក្រតីដែលចង្វាក់បេះដូងកើនឡើង (Tachyarrhythmia)។ ដោយសារជំងឺចង្វាក់បេះដូងខុសប្រក្រតីមានច្រើនសណ្ឋាន ដូច្នេះ មិនមានឱសថណាដែលអាចព្យាបាលទម្រង់គ្រប់ប្រភេទនៃជំងឺនេះឡើយ។ ហើយវេជ្ជបណ្ឌិតនឹងសាកល្បងប្រើឱសថប្រភេទផ្សេងៗ ដើម្បីកំណត់យកឱសថដែលមានប្រសិទ្ធិភាពខ្ពស់ជាងគេចំពោះអ្នកជំងឺ។ ផ្ទុយទៅវិញ មានករណីខ្លះ ការប្រើប្រាស់ឱសថព្យាបាលជំងឺចង្វាក់បេះដូងខុសប្រក្រតី បែរជាធ្វើអោយរោគសញ្ញាកាន់តែមិនល្អឬបង្កជារោគសញ្ញាថ្មីទៅវិញ។ ក្រៅពីនេះ ក៏នៅមានផលរំខានផ្សេងទៀតដែលបង្កដោយឱសថព្យាបាលជំងឺចង្វាក់បេះដូងខុសប្រក្រតីផងដែរ។
ឱសថសំខាន់ៗដែលត្រូវបានប្រើប្រាស់ជាទូទៅនៅក្នុងការព្យាបាលជំងឺចង្វាក់បេះដូងខុសប្រក្រតី រួមមាន ឱសថទប់ស្កាត់គ្រឿងទទួលបេតា (β blockers) ឱសថទប់ស្កាត់គ្រឿងចម្លងកាល់ស្យូម(Calcium channel antagonist) ឱសថប្រភេទឌីជីតាលីស ឱសថទប់ស្កាត់គ្រឿងចម្លងប៉ូតាស្យូម ឱសថទប់ស្កាត់គ្រឿងចម្លងសូដ្យូម ឱសថប្រភេទនុយក្លេអូស៊ីតពួរីន(Purine-nucleoside)។
ឱសថទប់ស្កាត់គ្រឿងទទួលបេតា (β blockers) (Acebutolol, Atenolol, Betaxolol, Bisoprolol, Carvedilol, Esmolol, Metoprolol, Nadolol, Propranolol, Timolol) មានប្រសិទ្ធិភាពចំពោះជំងឺចង្វាក់បេះដូងខុសប្រក្រតីប្រភេទ Ventricular extrasystole, Ventricular tachycardia, Ventricular fibrillation, Paroxysmal supraventricular tachycardia ជាដើម។ គេក៏ប្រើឱសថនេះដើម្បីបន្ថយល្បឿនកន្ត្រាក់នៃថតក្រោមរបស់បេះដូងចំពោះអ្នកជំងឺដែលមានរោគសញ្ញាAtrial fibrillationឬAtrial flutterផងដែរ។
ត្រូវប្រុងប្រយ័ត្ននៅពេលប្រើចំពោះអ្នកដែលមានជំងឺហឺត។ ឱសថទាំងនេះមានមានផលរំខានដូចជា ចង្វាក់បេះដូងយឺតខ្លាំង អស់កម្លាំង អាការៈធ្លាក់ទឹកចិត្ត ពិបាកដឹងអំពីការធ្លាក់ចុះនៃកម្រិតជាតិស្ករក្នុងឈាម ប៉ះពាល់ចរន្តឈាមនៅតាមដងខ្លួន ដៃឬជើង គេងមិនលក់ បណ្ដុំរោគសញ្ញារ៉េណូ(Raynaud syndrome) ប៉ះពាល់មុខងារផ្លូវភេទ បំពង់ខ្យល់កន្ត្រាក់ កម្រិតខ្លាញ់ទ្រីគ្លីសេរីតកើនឡើង សម្ពាធភ្នែកកើនឡើងចំពោះអ្នកជំងឺក្លូកូម(Glaucoma)។
ឱសថទប់ស្កាត់គ្រឿងចម្លងកាល់ស្យូម (Calcium channel antagonist) (Diltiazem, Verapamil) ប្រសិទ្ធិភាពព្យាបាលឱសថទប់ស្កាត់គ្រឿងចម្លងកាល់ស្យូមមានច្រើនប្រភេទ ប៉ុន្តែ ប្រភេទដែលមានប្រសិទ្ធិភាពចំពោះជំងឺចង្វាក់បេះដូងខុសប្រក្រតីគឺមានតែប្រភេទដូចគ្នាទៅនឹងDiltiazem និង Verapamilប៉ុណ្ណោះ។ គេប្រើឱសថនេះដើម្បីបន្ថយល្បឿនកន្ត្រាក់នៃថតក្រោមរបស់បេះដូងចំពោះអ្នកជំងឺដែលមានរោគសញ្ញាAtrial fibrillationឬAtrial flutter ឬ ដើម្បីព្យាបាលជំងឺParoxysmal ventricular tachycardia។ ឱសថប្រភេទនេះមានសកម្មភាពពន្យឺតការបញ្ជូនសញ្ញាភ្ញោចឆ្លងកាត់AV node។
ចំពោះអ្នកជំងឺWPW (Wolff-Parkinson-White syndrome)មួយចំនួន គេមិនអាចប្រើឱសថDiltiazem និង Verapamilក្នុងការព្យាបាលនោះទេ។
ឱសថប្រភេទឌីជីតាលីស (Digoxin) ប្រសិទ្ធិភាពព្យាបាល ឱសថនេះមានសកម្មភាពពន្យឺតការបញ្ជូនសញ្ញាភ្ញោចឆ្លងកាត់AV node។ គេប្រើឱសថនេះដើម្បីបន្ថយល្បឿនកន្ត្រាក់នៃថតក្រោមរបស់បេះដូងចំពោះអ្នកជំងឺដែលមានរោគសញ្ញាAtrial fibrillationឬAtrial flutter ឬ ដើម្បីព្យាបាលជំងឺParoxysmal supraventricular tachycardia។
ចំពោះអ្នកជំងឺWPW (Wolff-Parkinson-White syndrome) ទារកនិងកុមារដែលមានអាយុតិចជាង10ឆ្នាំអាចប្រើប្រាស់ឱសថនេះបាន ប៉ុន្តែ អ្នកជំងឺដែលមានអាយុចាប់ពី10ឆ្នាំឡើងទៅ គឺ មិនត្រូវប្រើឱសថនេះទេ។
ឱសថប្រភេទនុយក្លេអូស៊ីតពួរីន(Purine-nucleoside) (Adenosine) ឱសថនេះមានសកម្មភាពពន្យឺតការបញ្ជូនសញ្ញាភ្ញោចឆ្លងកាត់AV node។ គេប្រើឱសថនេះដើម្បីព្យាបាលរោគសញ្ញាParoxysmal supraventricular tachycardia។ មិនត្រូវប្រើឱសថនេះចំពោះអ្នកជំងឺហឺតនោះទេ។
ឱសថទប់ស្កាត់គ្រឿងចម្លងប៉ូតាស្យូម (Amiodarone, Bretylium, Dofetilide, Dronedarone, Ibutilide, Sotalol) មានប្រសិទ្ធិភាពចំពោះជំងឺចង្វាក់បេះដូងខុសប្រក្រតីប្រភេទ Ventricular extrasystole, Ventricular tachycardia, Ventricular fibrillation, Atrial fibrillation, Atrial flutter។
ឱសថAmiodaroneអាចនឹងផ្ដល់ផលរំខានធ្ងន់ធ្ងរ ដូច្នេះ គួរប្រើឱសថចំពោះតែជំងឺចង្វាក់បេះដូងខុសប្រក្រតីកម្រិតធ្ងន់ឬមានបញ្ហាច្រើនតែប៉ុណ្ណោះ។
ឱសថBretyliumត្រូវបានប្រើប្រាស់នៅក្នុងការព្យាបាលរយៈពេលខ្លីចំពោះជំងឺVentricular tachycardiaដែលមានគ្រោះថ្នាក់ដល់ជីវិតតែប៉ុណ្ណោះ។
ឱសថទប់ស្កាត់គ្រឿងចម្លងសូដ្យូម (Disopyramide, Flecainide, Lidocain, Mexiletine, Procainamide, Propafenone, Quinidine) ប្រសិទ្ធិភាពព្យាបាលឱសថប្រភេទនេះមានសកម្មភាពពន្យឺតការបញ្ជូនសញ្ញាភ្ញោចនៅក្នុងបេះដូង។
ឱសថប្រភេទនេះមានប្រសិទ្ធិភាពចំពោះជំងឺចង្វាក់បេះដូងខុសប្រក្រតីប្រភេទ Ventricular extrasystole, Ventricular tachycardia, Ventricular fibrillation, Atrial fibrillation, Atrial flutter។
ឱសថក្រៅពីLidocainនិងMexiletine មានប្រសិទ្ធិភាពបង្កាឬកាត់បន្ថយការកើតឡើងនៃរោគសញ្ញាAtrial fibrillationនិងAtrial flutter ហើយក៏ត្រូវបានប្រើប្រាស់នៅក្នុងការព្យាបាលParoxysmal supraventricular tachycardiaផងដែរ។
ឧបករណ៍រក្សាភាពប្រក្រតីនៃចង្វាក់បេះដូង (Pacemaker)
Pacemaker ជាឧបករណ៍ដែលប្រើប្រាស់អគ្គិសនីនៅក្នុងការសម្រួលក៏ដូចជារក្សាចង្វាក់បេះដូងអោយស្ថិតក្នុងស្ថានភាពប្រក្រតី ដោយវាមានតួនាទីជំនួសអោយSA nodeនៃបេះដូង។ គេប្រើឧបករណ៍នេះដោយបង្កប់នៅក្រោមស្បែកតាមរយៈការវះកាត់ (ជាទូទៅ គេបង្កប់នៅក្រោមឆ្អឹងដងកាំបិតខាងស្ដាំឬខាងឆ្វេង)។ គេភ្ជាប់ឧបករណ៍នេះទៅបេះដូងតាមរយៈសរសៃលួសឆ្លងកាត់សរសៃវ៉ែន។ ថាមពលចាំបាច់សម្រាប់ដំណើរការឧបករណ៍នេះប្រែប្រួលទៅតាមឧបករណ៍នីមួយៗ ប៉ុន្តែ Pacemakerថ្មីៗនេះអាចប្រើប្រាស់រហូតដល់10ទៅ15ឆ្នាំ។ ឧបករណ៍ប្រភេទថ្មីមានលក្ខណៈពិសេសត្រង់គេមិនចាំបាច់បារម្ភអំពីគ្រោះថ្នាក់ដែលកើតឡើងដោយសារការឆ្លងអគ្គិសនីជាមួយនឹងទូរស័ព្ទដៃ ម៉ាស៊ីនកម្ដៅម្ហូប ឬ ឧបករណ៍មួយចំនួនផ្សេងទៀតនោះទេ ប៉ុន្តែ ក៏នៅមានPacemakerដែលទទួលឥទ្ធិពលពីឧបករណ៍ទាំងនេះផងដែរ ឧទាហរណ៍ ឧបករណ៍ដុតដោយអគ្គិសនីដែលប្រើនៅក្នុងការឃាត់ឈាមពេលកំពុងវះកាត់ ឧបករណ៍Diathermy ម៉ាស៊ីនMRI ជាដើម។ Pacemakerប្រភេទមួយចំនួនអាចប្រើជាមួយនឹងម៉ាស៊ីនMRIបានផងដែរ។
វេជ្ជបណ្ឌិតនឹងកំណត់កម្មវិធីនៅក្នុងPacemakerមុននឹងធ្វើការវះកាត់បង្កប់ឧបករណ៍នេះ។ កម្មវិធីនោះនឹងកំណត់ពេលវេលានៃការចាប់ផ្ដើមដំណើរការនិងចង្វាក់បេះដូងដែលសមស្របសម្រាប់អ្នកជំងឺ។ ក្រោយបង្កប់Pacemakerរួច គេក៏អាចកែសម្រួលកម្មវិធីរបស់Pacemaker ដោយប្រើឧបករណ៍បញ្ជាពីខាងក្រៅនៅលើស្បែក។ Pacemakerមួយចំនួនក៏អាចប្រែប្រួលចង្វាក់បេះដូងទៅជាលឿនឬយឺតទៅតាមស្ថានភាពចលនារាងកាយរបស់អ្នកជំងឺផងដែរ។
ភាគច្រើន គេប្រើPacemaker ចំពោះជំងឺចង្វាក់បេះដូងខុសប្រក្រតីប្រភេទចង្វាក់បេះដូងថយចុះ (Bradyarrhythmia)។ នៅពេលដែលចង្វាក់បេះដូងរបស់អ្នកជំងឺតិចជាងចង្វាក់បេះដូងដែលបានកំណត់នៅក្នុងPacemaker ឧបករណ៍នេះនឹងចាប់ផ្ដើមបង្កើតសញ្ញាភ្ញោច។ ក៏មានករណីដែលគេប្រើPacemakerចំពោះជំងឺចង្វាក់បេះដូងខុសប្រក្រតីប្រភេទចង្វាក់បេះដូងកើនឡើង(Tachyarrhythmia) ដើម្បីកាត់បន្ថយចង្វាក់បេះដូងមកស្ថានភាពប្រក្រតីវិញផងដែរ។
ម្យ៉ាងទៀត គេក៏អាចប្រើPacemakerនៅក្នុងការព្យាបាលជំងឺបេះដូងមួយចំនួនផងដែរ ហៅថាការព្យាបាលCRT (Cardiac Resynchronization Therapy)។ នៅក្នុងជំងឺបេះដូងដែលការកន្ត្រាក់ថតទាំង4នៃបេះដូងមានលក្ខណៈមិនថេរ គេអាចប្រើPacemakerប្រភេទមានខ្សែ3 ដើម្បីគ្រប់គ្រងការកន្ត្រាក់របស់សាច់ដុំបេះដូងអោយទៅតាមលំដាប់លំដោយត្រឹមត្រូវ ដែលវិធីនេះបង្ហាញប្រសិទ្ធិភាពចំពោះអ្នកជំងឺខ្សោយមុខងារបេះដូងមួយចំនួន។
ឧបករណ៍សម្រួលចង្វាក់បេះដូងមកភាពប្រក្រតី
មានករណីដែលគេអាចប្រើវិធីឆក់អគ្គិសនីទៅលើបេះដូង ដើម្បីបញ្ឈប់រោគសញ្ញាចង្វាក់បេះដូងកើនឡើងខុសប្រក្រតីអោយត្រឡប់មកចង្វាក់ធម្មតាវិញ។ វិធីប្រើអគ្គិសនីក្នុងគោលបំណងបែបនេះ រួមមាន បច្ចេកទេសCardioversion បច្ចេកទេសDefibrillation ជាដើម ទៅតាមប្រភេទនៃជំងឺចង្វាក់បេះដូងខុសប្រក្រតី។ បច្ចេកទេសCardioversionត្រូវបានប្រើចំពោះរោគសញ្ញាចង្វាក់បេះដូងខុសប្រក្រតីដែលកើតឡើងនៅថតលើនៃបេះដូង(Ventricular fibrillationជាដើម) ឬ ថតក្រោមនៃបេះដូង(Atrial fibrillationជាដើម)។ ប៉ុន្តែ ករណីដែលបេះដូងបានបញ្ឈប់ចលនាទាំងស្រុងហើយ ទោះជាគេប្រើវិធីឆក់អគ្គិសនី ក៏បេះដូងមិនអាចចាប់ផ្ដើមកន្ត្រាក់ឡើងវិញនោះទេ។
ឧបករណ៍ ICD (Implantable Cardioverter Defibrillator)
ឧបករណ៍នេះមានទំហំប៉ុនប្រហែលពាក់កណ្ដាលបៀរមួយហ៊ូ ហើយភាគច្រើនគឺបង្កប់នៅក្នុងរាងកាយដោយឆ្លងកាត់សរសៃឈាមដូចPacemakerដែរ ដោយមិនចាំបាច់ធ្វើការវះកាត់បើកទ្រូងនោះទេ។ ឧបករណ៍ICD នឹងតាមដានចង្វាក់បេះដូងរបស់អ្នកជំងឺជាប់ជានិច ហើយនៅពេលដែលចង្វាក់បេះដូងកើនឡើងខុសប្រក្រតី វានឹងផ្ដល់អគ្គិសនីដើម្បិធ្វើអោយចង្វាក់បេះដូងត្រឡប់មកធម្មតាវិញ។ គេប្រើឧបករណ៍នេះចំពោះអ្នកជំងឺកម្រិតធ្ងន់ ដែលអាចមានគ្រោះថ្នាក់ដល់ជីវិតប្រសិនបើមិនប្រើប្រាស់បច្ចេកទេសនេះ។ ម្យ៉ាងទៀត ឧបករណ៍នេះក៏មានប្រសិទ្ធិភាពចំពោះរោគសញ្ញាចង្វាក់បេះដូងថយចុះខុសប្រក្រតីផងដែរ។ អ្នកជំងឺអាចមានអារម្មណ៍ភ្ញាក់ដូចត្រូវគេទះទ្រូងតិចៗនៅពេលឧបករណ៍នេះដំណើរការឆក់អគ្គិសនី។
អ្នកជំងឺដែលប្រើប្រាស់ឧបករណ៍នេះបង្កប់ក្នុងរាងកាយ អាចស្ថិតនៅក្បែកឧបករណ៍អគ្គិសនីតាមគេហដ្ឋានផ្សេងៗឬម៉ាស៊ីនរាវរកលោហៈដែលប្រើនៅតាមអាកាសយានដ្ឋានបាន។ ប៉ុន្តែ វាអាចទទួលឥទ្ធិពលពីម៉ាស៊ីនដែលប្រើប្រាស់ម៉ាញ៉េទិចខ្លាំងឬបង្កើតជាតំបន់ប៉ូតង់ស្យែល ដូចជា ឧបករណ៍ដុតដោយអគ្គិសនីដែលប្រើនៅក្នុងការឃាត់ឈាមពេលកំពុងវះកាត់ ឧបករណ៍Diathermy ម៉ាស៊ីនMRI ជាដើម។
ឧបករណ៍ICDមិនអាចបង្កាការកើតមានរោគសញ្ញាចង្វាក់បេះដូងខុសប្រក្រតីបានទេ ដូច្នេះ ជាទូទៅអ្នកជំងឺត្រូវការប្រើប្រាស់ឱសថ។ អ្នកដែលប្រើប្រាស់ឧបករណ៍ ICD បង្កប់នៅក្នុងរាងកាយ ហើយទទួលការឆក់អគ្គិនីតែ1ដង ដោយមិនមានរោគសញ្ញាប៉ះពាល់សុខភាពផ្សេងទៀត ចាំបាច់ត្រូវទៅជួបពិភាក្សាជាមួយវេជ្ជបណ្ឌិតក្នុងអំឡុងពេល1សប្ដាហ៍នៃការកើតមានហេតុការណ៍។ វេជ្ជបណ្ឌិតអាចពិនិត្យដឹងអំពីមូលហេតុនៃការផ្ដល់សញ្ញាឆក់នៃឧបករណ៍នេះទៅតាមការកត់ត្រាចង្វាក់បេះដូងរបស់ឧបករណ៍នេះ។ ផ្ទុយទៅវិញ ប្រសិនបើអ្នកជំងឺកើតមានរោគសញ្ញាដូចជាដង្ហក់ មិនស្រួលក្នុងទ្រូង បេះដូងលោតញាប់ជាដើមនៅមុនឬក្រោយពេលមានការឆក់អគ្គិសនីពីឧបករណ៍ICD ឬ ករណីការឆក់អគ្គិសនីនៃឧបករណ៍នេះកើតឡើងញឹកញាប់ អ្នកជំងឺត្រូវប្រញាប់ទៅជួបវេជ្ជបណ្ឌិតភ្លាម។
ឧបករណ៍AED (Automated External Defibrillator)
គេអាចប្រើឧបករណ៍នេះដោយចងចាំនូវរបៀបប្រើដែលងាយស្រួលប៉ុណ្ណោះ។ ឧបករណ៍AED អាចពិនិត្យដឹងអំពីចង្វាក់បេះដូងដែលកំពុងមានភាពប្រក្រតី រួចវាយតម្លៃថាតើអ្នកជំងឺត្រូវការការឆក់អគ្គិសនីដើម្បីសម្រួលចង្វាក់បេះដូងដែរឬទេ។ ប្រសិនបើចាំបាច់ ឧបករណ៍នេះនឹងបង្កើតអគ្គិសនីដើម្បីត្រៀមក្នុងការផ្ដល់ការឆក់ដល់អ្នកជំងឺ។ ឧបករណ៍AEDមានបំពាក់នៅតាមទីសាធារណៈ ដូចជា អាកាសយានដ្ឋាន មណ្ឌលហាត់ប្រាណ សណ្ឋាគារ អគារផ្សារទំនើបធំៗ ។ល។
បច្ចេកទេសRadiofrequency ablation
ជំងឺចង្វាក់បេះដូងខុសប្រក្រតីលក្ខណៈពិសេសមួយចំនួនត្រូវការការព្យាបាលដោយវិធីវះកាត់ជាដើម។ ឧទាហរណ៍ ករណីជំងឺចង្វាក់បេះដូងខុសប្រក្រតីដែលកើតឡើងដោយសារភាពខុសប្រក្រតីមួយផ្នែកនៃប្រព័ន្ធបញ្ជូនសញ្ញាភ្ញោចនៅក្នុងបេះដូងគេអាចទប់ស្កាត់ការកើតមានរោគសញ្ញាដោយកាត់យកចេញនូវផ្នែកនៃបេះដូងដែលមានបញ្ហា(Ablation)។ បច្ចេកទេសដែលត្រូវបានប្រើប្រាស់ញឹកញាប់គឺRadiofrequency ablation ដែលគេប្រើសរសៃលួសCatheterបញ្ចូលទៅក្នុងបេះដូង រួចប្រើការបាញ់រលកម៉ាញ៉េទិចដែលមានប៉ូតង់ស្យែលខ្ពស់ពីឧបករណ៍តូចដែលស្ថិតនៅខាងចុងសរសៃលួស ដើម្បីកម្ចាត់ចោលនូវផ្នែកដែលមានបញ្ហានៅក្នុងបេះដូង។ ប្រសិទ្ធិភាពនៃការព្យាបាលនេះមានលក្ខណៈខុសគ្នាទៅប្រភេទនៃជំងឺចង្វាក់បេះដូងខុសប្រក្រតី ដោយអត្រាជោគជ័យនៅពេលប្រើចំពោះជំងឺចង្វាក់បេះដូងលក្ខណៈពិបាកព្យាបាល(Atrial fibrillation, Atrial tachycardia, Ventricular tachycardia)គឺ60-80% ហើយចំពោះប្រភេទដែលងាយព្យាបាល(Ventricular tachycardia) អត្រាជោគជ័យអាចឈានដល់90-95%។ ការវះកាត់ត្រូវការពេលវេលា2ទៅ4ម៉ោង ហើយអ្នកជំងឺត្រូវសម្រាកក្នុងមន្ទីរពេទ្យរយៈពេល1ទៅ2ថ្ងៃ។
មានករណីមួយចំនួនដែលត្រូវការវះកាត់បើកទ្រូងដើម្បីកាត់យកឬកម្ចាត់ចោលនូវផ្នែកដែលមានបញ្ហាក្នុងបេះដូង។ ប្រសិនបើបច្ចេកទេសAblationដោយប្រើCatheterមិនផ្ដល់ប្រសិទ្ធិភាពដូចការរំពឹងទុក វេជ្ជបណ្ឌិតអាចសម្រេចចិត្តធ្វើការវះកាត់បើកទ្រូង។ ម្យ៉ាងទៀត គេក៏អាចប្រើវិធីនេះរួមជាមួយនឹងការវះកាត់ផ្សេងទៀត ដូចជានៅពេលធ្វើការវះកាត់ផ្លាស់ប្ដូរប្រើសបេះដូងជាដើម។
អានបន្ថែម