Acute Pancreatitis (ជំងឺរលាកលំពែងស្រួចស្រាវ)

    • លក្ខណៈទូទៅ
    • រោគសញ្ញា
    • រោគវិនិច្ឆ័យ
    • ការវិវត្តនៃជំងឺ
    • ការព្យាបាល
  • លក្ខណៈទូទៅ

    ជំងឺរលាកលំពែងស្រួចស្រាវ (Acute Pancreatitis) គឺជាការរលាកលំពែងដែលកើតឡើងភ្លាមៗ ដោយមានចាប់ពីកម្រិតស្រាលរហូតដល់កម្រិតធ្ងន់ធ្ងរដែលអាចគ្រោះថ្នាក់ដល់ជីវិត ប៉ុន្តែ ជាទូទៅ ជំងឺនេះអាចព្យាបាលជាសះស្បើយ។

    ・ការមានក្រួសទឹកប្រមាត់និងការប្រើប្រាស់គ្រឿងស្រវឹងហួសកម្រិតជាមូលហេតុចម្បងនៃជំងឺរលាកលំពែងស្រួចស្រាវ។

    ・រោគសញ្ញាសំខាន់នៃជំងឺនេះគឺ អាការៈឈឺពោះខ្លាំងក្លា

    ・រោគវិនិច្ឆ័យ រួមមាន ការពិនិត្យឈាម ការថតរូបភាពដូចជាការថតដោយកាំរស្មីអ៊ិច ការថតCT ជាដើម។

    ・ទោះជាកម្រិតស្រាលឬកម្រិតធ្ងន់ក៏ដោយ ជាទូទៅ អ្នកជំងឺរលាកលំពែងស្រួចស្រាវត្រូវគេងសម្រាកពេទ្យ។

    ជាក់ស្ដែង 80%នៃអ្នកជំងឺរលាកលំពែងស្រួចស្រាវត្រូវចូលសម្រាកពេទ្យដើម្បីទទួលការព្យាបាល ហើយមូលហេតុនៃការកើតជំងឺនេះគឺការពិសាគ្រឿងស្រវឹងហួសកម្រិតជាប្រចាំរបស់អ្នកជំងឺ។ ចំពោះជំងឺរលាកលំពែងស្រួចស្រាវដែលកើតឡើងដោយសារជំងឺក្រួសទឹកប្រមាត់ គេឃើញកើតមានៅលើស្ត្រីច្រើនជាងបុរសប្រហែល1.5ដង។ ជាធម្មតា ក្រពេញលំពែងមានមុខងារបញ្ចេញទឹកលំពែងឆ្លងកាត់បំពង់លំពែងចូលទៅកាន់គល់ពោះវៀនតូច(Duodenum)។ នៅក្នុងទឹកលំពែងមានផ្ទុកអង់ស៊ីមរំលាយអាហារដែលមិនទាន់មានសកម្មភាពនិងសារធាតុដែលទប់ស្កាត់កុំអោយអង់ស៊ីមទាំងនោះមានសកម្មភាព។ នៅពេលអង់ស៊ីមទាំងនេះចូលដល់គល់ពោះវៀនតូច(Duodenum) វានឹងចាប់ផ្ដើមមានសកម្មភាព។ ករណីមានក្រួសទឹកប្រមាត់ស្ថិតនៅកកស្ទះនៅផ្នែកសាច់ដុំ Sphincter of Oddi ធ្វើអោយបំពង់លំពែងជាប់ស្ទះ ហើយទឹកលំពែងមិនអាចហូរបាន។ ការស្ទះបែបនេះជាទូទៅវាជាស្ថានភាពបណ្ដោះអាសន្នប៉ុណ្ណោះ ហើយការខូចខាតបន្តិចបន្តួចអាចជាសះស្បើយឡើងវិញភ្លាមៗ។ ប៉ុន្តែ ប្រសិនបើការស្ទះនេះបន្តរយៈពេលយូរ អង់ស៊ីមដែលមានសកម្មភាពរំលាយអាហារនឹងប្រមូលផ្ដុំច្រើននៅក្នុងក្រពេញលំពែងហើយមានបរិមាណលើសពីសារធាតុដែលមានតួនាទីទប់ស្កាត់សកម្មភាពនៃអង់ស៊ីមទាំងនេះ។ ជាលទ្ធផល កោសិកាលំពែងនឹងត្រូវបានរំលាយដោយសារអង់ស៊ីមទាំងនេះ ធ្វើអោយកើតមានការរលាកធ្ងន់ធ្ងរ។

    ប្រសិនបើការពិសាគ្រឿងស្រវឹងកើតមានរាល់ថ្ងៃក្នុងបរិមាណច្រើនជាង150មីលីលីត្រ (ស្រាក្រហមប្រហែល1ដប ស្រាបៀរប្រហែល8កំប៉ុងតូច) រយៈពេលច្រើនជាង3ទៅ5ឆ្នាំ នោះវានឹងបង្កការស្ទះនៅក្នុងបំពង់លំពែង ហើយបង្កអាការៈរលាកលំពែងស្រួចស្រាវ។ ក៏មានករណីដែលការពិសាគ្រឿងស្រវឹងច្រើនឬការបរិភោគអាហារច្រើនក្នុងពេលណាមួយជាកត្តាធ្វើអោយកើតមានអាការៈរលាកលំពែងស្រួចស្រាវផងដែរ។ ក្រៅពីនេះ ជំងឺរលាកលំពែងស្រួចស្រាវក៏អាចបង្កឡើងដោយជំងឺផ្សេងៗទៀតផងដែរ។

    ចំពោះអ្នកជំងឺមួយចំនួន ជំងឺរលាកលំពែងស្រួចស្រាវជាជំងឺតំណពូជ ដោយគេបានរកឃើញសែន (Gene) ដែលធ្វើអោយងាយកើតជំងឺរលាកលំពែងស្រួចស្រាវ។ អ្នកដែលមានជំងឺCystic fibrosisឬផ្ទុកសែននៃជំងឺCystic fibrosis មានហានិភ័យខ្ពស់ក្នុងការកើតមានជំងឺរលាកលំពែងរ៉ាំរ៉ៃនិងស្រួចស្រាវ។

    ឱសថជាច្រើនមានឥទ្ធិពលភ្ញោចក្រពេញលំពែងបង្កជាការរលាក។ ជាទូទៅ នៅពេលគេឈប់ប្រើឱសថទាំងនោះ ការរលាកក៏ជាសះស្បើយមកវិញ។ ក្រៅពីនេះ វីរុសក៏ជាមូលហេតុធ្វើអោយរលាកលំពែងផងដែរ ប៉ុន្តែ ករណីនេះ អាការៈមិនសូវបន្តរយៈពេលយូរនោះទេ។

    មូលហេតុសំខាន់ៗដែលបង្កអោយមានជំងឺរលាកលំពែងស្រួចស្រាវ រួមមាន៖

    ・ក្រួសទឹកប្រមាត់

    ・ការពិសាគ្រឿងស្រវឹងច្រើនហួសហេតុ (សារធាតុអេតាណុល ឬ មេតាណុល)

    ・ឱសថប្រភេទទប់ស្កាត់អង់ស៊ីម ACE (ACE Inhibitors) ឱសថ Azathioprine ឱសថ Furosemide ឱសថ Mercaptopurine ឱសថ Pentamidine ឱសថប្រភេទ Sulfonamides ឱសថ Sodium valproate ជាដើម

    ・ការប្រើប្រាស់ឱសថប្រភេទអេស្ត្រូជេន (Estrogen) ចំពោះស្ត្រីដែលមានកម្រិតជាតិខ្លាញ់ច្រើនក្នុងឈាម

    ・ការកើនឡើងនៃកម្រិតកាល់ស្យូមក្នុងឈាម (អាចកើតឡើងដោយសារជំងឺកើនឡើងមុខងារក្រពេញប៉ារ៉ាទីរ៉ូអ៊ីត (Hyperparathyroidism))

    ・វីរុស Mumps វីរុស Coxsackievirus ក្រុម B វីរុស Cytomegalovirus

    ・ការកើនឡើងនៃកម្រិតខ្លាញ់ទ្រីគ្លីសេរីតក្នុងឈាម

    ・ការប៉ះពាល់ទៅលើក្រពេញលំពែងដោយសារការវះកាត់ឬការពិនិត្យអង់ដូស្កុប (Endoscopy)

    ・ការប៉ះពាល់ទៅលើក្រពេញលំពែងដោយសាររបួសប៉ះទង្គិចឬរបួសចាក់

    ・ជំងឺមហារីកលំពែង

    ・ការថយចុះនៃបរិមាណឈាមទៅកាន់លំពែងដោយសារសម្ពាធឈាមចុះទាបធ្ងន់ធ្ងរជាដើម

    ・ជំងឺរលាកលំពែងលក្ខណៈតំណពូជ (ភាគរយតិច ប៉ុន្តែ ក៏រួមទាំងអ្នកដែលមានជំងឺ Cystic fibrosis ឬផ្ទុកសែននៃជំងឺ Cystic fibrosis ផងដែរ)

    ・ការវះកាត់ផ្លាស់ប្ដូរតម្រងនោម

    ・ការមានផ្ទៃពោះ

    ・ជំងឺរលាកលំពែងប្រភេទ Tropical pancreatitis

    អានបន្ថែម
  • រោគសញ្ញា

    ស្ទើរគ្រប់អ្នកជំងឺរលាកលំពែងស្រួចស្រាវទាំងអស់មានរោគសញ្ញាឈឺចាប់ខ្លាំងនៅផ្នែកពោះខាងលើដែលស្ថិតនៅក្រោមឆ្អឹងទ្រូង។ ប្រមាណ50%នៃអ្នកជំងឺ កើតមានអាការៈឈឺចាប់បែបនេះរាលដាលរហូតដល់ខ្នងផងដែរ។ ករណីកម្រ ក៏មានអ្នកដែលចាប់ផ្ដើមកើតមានអាការៈឈឺចាប់នៅពោះផ្នែកខាងក្រោមផងដែរ។ ករណីរលាកលំពែងស្រួចស្រាវដោយសារក្រួសទឹកប្រមាត់ ជាទូទៅ អាការៈឈឺចាប់កើតឡើងភ្លាមៗ ហើយឈានដល់កម្រិតអតិបរមាក្នុងរយៈពេលតែប៉ុន្មាននាទី។ ករណីរលាកលំពែងស្រួចស្រាវដោយសារការពិសាគ្រឿងស្រវឹងហួសកម្រិត អាការៈឈឺចាប់កើនឡើងជាលំដាប់រយៈពេល2ទៅ3ថ្ងៃ។ បន្ទាប់ពីនោះ អាការៈឈឺចាប់ធ្ងន់ធ្ងរនៅតែបន្ត ដោយអាការៈឈឺចាប់ដូចគេចាក់បន្តកើតមានរយៈពេលប៉ុន្មានថ្ងៃជាប់ៗគ្នា។

    អាការៈឈឺចាប់ងាយកើនឡើងនៅពេលអ្នកជំងឺក្អក ឬ ធ្វើចលនាសកម្ម ឬ ដកដង្ហើមវែងៗ។ ប៉ុន្តែ អាការៈឈឺចាប់នោះអាចធូរស្បើយមួយកម្រិតនៅពេលអ្នកជំងឺបន្តឹងសាច់ដុំខ្នងឬអង្គុយផ្អៀងមកខាងមុខ។ ស្ទើរគ្រប់ករណីទាំងអស់ អ្នកជំងឺមានអាការៈចង់ក្អួតឬក្អួតតែម្ដង ហើយទោះជាមិនមានកំអួតក៏អ្នកជំងឺនៅតែមានអារម្មណ៍ថាចង់ក្អួត។ ករណីខ្លះ ការចាក់ថ្នាំបំបាត់ការឈឺចាប់ប្រភេទអូភីអ័យក្នុងកម្រិតខ្ពស់ក៏មិនអាចជួយបន្ធូរអាការៈឈឺចាប់របស់អ្នកជំងឺបានទាំងស្រុងនោះដែរ។

    ក្នុងចំណោមអ្នកជំងឺទាំងអស់ ជាពិសេសអ្នកដែលកើតជំងឺរលាកលំពែងដោយសារការប្រើប្រាស់គ្រឿងស្រវឹងច្រើនហួស មានអ្នកជំងឺមួយចំនួនដែលគ្មានរោគសញ្ញាសម្គាល់អ្វីក្រៅអំពីអាការៈឈឺចាប់កម្រិតមធ្យមនោះទេ។ ប៉ុន្តែ ក៏មានអ្នកដែលមានអាការៈពិបាកក្នុងខ្លួនខ្លាំង ដូចជា បែកញើស ជីពចរដើរញាប់(100~140ដង/នាទី) ដកដង្ហើមខ្លីៗនិងញាប់ ជាដើម។ ប្រសិនបើប៉ះពាល់ដល់សួតធ្វើអោយកើតមានការរលាកនៅសួត នោះជាលិកាសួតមួយផ្នែកនឹងទទួលការខូចខាត ឬ មានដក់ទឹកនៅក្នុងទ្រូង ពេលនោះការដកដង្ហើមរបស់អ្នកជំងឺមានលក្ខណៈញាប់។ ស្ថានភាពនេះធ្វើអោយទំហំនៃជាលិកាសួតដែលអាចទទួលយកអុកស៊ីសែនពីបរិយាកាសមានការថយចុះ។

    នៅដំណាក់កាលដំបូង សីតុណ្ហភាពក្នុងខ្លួនអាចស្ថិតក្នុងកម្រិតធម្មតា ប៉ុន្តែ ប៉ុន្មានម៉ោងក្រោយមក រាងកាយនឹងកើនសីតុណ្ហភាពដល់ 37.7~38.3អង្សាសេ។ សម្ពាធឈាមអាចកើនឡើងឬថយចុះ ប៉ុន្តែ វាច្រើនតែចុះទាបនៅពេលអ្នកជំងឺក្រោកឈរ ហើយអាចបាត់បង់ស្មារតីរយៈពេលខ្លី។ នៅពេលជំងឺរលាកលំពែងស្រួចស្រាវកាន់តែវិវត្តទៅមុខ អ្នកជំងឺចាប់ផ្ដើមមានអាការៈវង្វេងវង្វាន់មិនស្គាល់បរិស្ថានជុំវិញ ហើយនឹងសន្លប់បាត់ស្មារតី។ ករណីខ្លះ គេឃើញផ្នែកសនៃភ្នែករបស់អ្នកជំងឺប្រែជាពណ៌រាងលឿង។

    អានបន្ថែម
  • រោគវិនិច្ឆ័យ

    នៅពេលអ្នកជំងឺបង្ហាញអាការៈឈឺពោះលក្ខណៈពិសេស ហើយជាអ្នកដែលមានជំងឺទាក់ទងនឹងថង់ប្រមាត់ឬជាអ្នកដែលពិសាគ្រឿងស្រវឹងច្រើន វេជ្ជបណ្ឌិតនឹងសង្ស័យថាជាជំងឺរលាកលំពែងស្រួចស្រាវ។ នៅក្នុងពេលពិនិត្យ វេជ្ជបណ្ឌិតនឹងពិនិត្យទៅលើភាពរឹងនៃសាច់ដុំពោះ ហើយប្រើឧបករណ៍ស្ដាប់សម្លេងនៅក្នុងពោះ ដោយគេសម្គាល់ថាស្ទើរតែមិនលឺសម្លេងអ្វីសោះ។

    ការពិនិត្យឈាមតែមួយមុខមិនអាចប្រើប្រាស់នៅក្នុងការធ្វើរោគវិនិច្ឆ័យលើជំងឺរលាកលំពែងស្រួចស្រាវបាននោះទេ គឺត្រូវពឹងផ្អែកលើការពិនិត្យផ្សេងៗមួយចំនួនទៀត។ កម្រិតនៃអង់ស៊ីម2ប្រភេទដែលផលិតនៅក្នុងលំពែងគឺ Amylase និង Lipase

    នឹងកើនឡើងក្នុងឈាមនៅថ្ងៃដំបូងនៃការកើតមានជំងឺរលាកលំពែងស្រួចស្រាវ ប៉ុន្តែ វានឹងត្រឡប់មកកម្រិតប្រក្រតីវិញក្នុងរយៈពេល3~7ថ្ងៃបន្ទាប់ពីនោះ។ ប៉ុន្តែ មានករណីដែលកម្រិតអង់ស៊ីមទាំងនេះមិនកើនឡើងទេ ចំពោះអ្នកជំងឺដែលកើតមានអាការៈរលាកលំពែងច្រើនដងធ្វើអោយបាត់បង់កោសិកាដែលផលិតអង់ស៊ីមទាំងនេះមួយភាគធំ។ ជាទូទៅ គ្រាប់ឈាមសនឹងកើនឡើង។

    ប្រសិនបើគេពិនិត្យផ្នែកពោះដោយកាំរស្មីអ៊ិច គេនឹងសង្កេតឃើញមានការរីកនៅផ្នែកខ្លះនៃពោះវៀន ឬ អាចរកឃើញក្រួសទឹកប្រមាត់មួយឬច្រើនគ្រាប់។ ប្រសិនបើគេពិនិត្យផ្នែកទ្រូងដោយកាំរស្មីអ៊ិច គេអាចឃើញមានផ្នែកខ្លះនៃជាលិកាសួតដែលទទួលរងផលប៉ះពាល់ឬឃើញមានការដក់ទឹកនៅក្នុងប្រហោងទ្រូង។ ប្រសិនបើគេអនុវត្តការពិនិត្យដោយអេកូ គេនឹងពិនិត្យឃើញមានក្រួសទឹកប្រមាត់នៅក្នុងថងប្រមាត់ឬនៅបំពង់ទឹកប្រមាត់ ហើយអាចដឹងថាមានការហើមនៅក្រពេញលំពែង។

    ការថតCTមានប្រយោជន៍ខ្លាំងណាស់នៅក្នុងការស្វែងរកការរលាកនៅក្រពេញលំពែង ហើយគេធ្វើការពិនិត្យCTចំពោះករណីរលាកលំពែងស្រួចស្រាវធ្ងន់ធ្ងរឬចំពោះអ្នកដែលរួមមានរោគសញ្ញាផ្សេងទៀតដូចជាសម្ពាធឈាមចុះទាបខ្លាំងជាដើម។ រូបភាពដែលទទួលបានការថតCTមានលក្ខណៈច្បាស់ ហើយវាមានប្រយោជន៍ណាស់សម្រាប់ការធ្វើរោគវិនិច្ឆ័យត្រឹមត្រូវ។

    ករណីអ្នកជំងឺមានរោគសញ្ញាដែលសង្ស័យថាកំពុងកើតមានជំងឺឆ្លងនៅក្រពេញលំពែង វេជ្ជបណ្ឌិតអាចធ្វើការពិនិត្យដោយយកម្ជុលចាក់តាមស្បែកចូលទៅដល់ក្រពេញលំពែង ដើម្បីច្រឹបយកសំណាកមកពិនិត្យអំពីមេរោគបង្កជំងឺ។ ម្យ៉ាងទៀត គេអាចអនុវត្តការពិនិត្យMRIលក្ខណៈពិសេសគឺ MRCP (Magnetic Resonance Cholangiopancreatography) សម្រាប់ការពិនិត្យទៅលើក្រពេញលំពែង។

    អានបន្ថែម
  • ការវិវត្តនៃជំងឺ

    នៅពេលលំពែងទទួលការខូចខាត អង់ស៊ីមរំលាយអាហារដែលប្រែជាមានសកម្មភាពនិងសារធាតុសាយតូឃីន(Cytokine) ជាដើម នឹងហូរចូលទៅក្នុងចរន្តឈាម ធ្វើអោយរាងកាយមានសម្ពាធឈាមទាប និង អាចបង្កផលប៉ះពាល់ដល់សរីរាង្គដូចជាសួត តម្រងនោមជាដើម។ ប៉ុន្តែ ផ្នែកនៃក្រពេញលំពែងដែលផលិតអរម៉ូន (ជាពិសេសអរម៉ូនអាំងស៊ុយលីន)ភាគច្រើនមិនទទួលការខូចខាតឬឥទ្ធិពលមិនល្អនោះទេ។

    មនុស្សប្រមាណ20%ដែលកើតមានជំងឺរលាកលំពែងស្រួចស្រាវ អាចមានអាការៈហើមនៅផ្នែកខាងលើនៃពោះ។ នេះដោយសារតែក្រពះរីក ឬ ដោយសារការដុះដុំនៅលំពែងធ្វើអោយក្រពះផ្លាស់ទីនិងទៅជាហើម ឬ ដោយសារចលនាបញ្ជូនសារធាតុនៅក្នុងក្រពះពោះវៀនឈប់ដំណើរការ (ហៅថាជំងឺស្ទះពោះវៀន(ileus))។

    នៅក្នុងជំងឺរលាកលំពែងស្រួចស្រាវកម្រិតធ្ងន់ធ្ងរ ផ្នែកមួយនៃក្រពេញលំពែងស្លាប់ ធ្វើអោយឈាមនិងទឹកលំពែងហូរចូលក្នុងប្រហោងពោះ ហើយបរិមាណឈាមក្នុងរាងកាយថយចុះ សម្ពាធឈាមក៏ចុះទាបខ្លាំង ដោយគេហៅស្ថានភាពនេះថា ស្ហុក(Shock)។ ជំងឺរលាកលំពែងស្រួចស្រាវកម្រិតធ្ងន់អាចមានគ្រោះថ្នាក់ដល់អ្នកជំងឺ។

    នៅក្រពេញលំពែងដែលកំពុងកើតមានអាការៈរលាក អ្នកជំងឺប្រឈមមុខនឹងការកើតជំងឺឆ្លង ជាពិសេស ហានិភ័យនៃការកើតជំងឺឆ្លងនឹងកើនឡើងក្រោយកើតមានអាការៈរលាកលំពែងរយៈពេល1សប្ដាហ៍។ ករណីស្ថានភាពរបស់អ្នកជំងឺកាន់តែមិនល្អ ឬ បន្ទាប់ពីរោគសញ្ញាដំបូងធូរស្បើយស្រាប់តែអ្នកជំងឺមានអាការៈក្ដៅខ្លួនឬគ្រាប់ឈាមសកើនឡើង នោះគេអាចសង្ស័យថាអ្នកជំងឺកំពុងកើតមានជំងឺឆ្លងហើយ។

    ករណីខ្លះ អាចកើតមានបណ្ដុំនៃអង់ស៊ីមលំពែង ទឹកលំពែង និងជាលិកាដាច់រហែកផ្ដុំគ្នានៅក្នុងក្រពេញលំពែងឬជុំវិញលំពែង បង្កជាPancreatic pseudocyst។ ចំពោះ50%នៃអ្នកជំងឺ Pancreatic pseudocystនឹងបាត់ទៅវិញដោយឯកឯង ប៉ុន្តែ វាអាចបង្កជាជំងឺឆ្លងបន្ថែមទៀតចំពោះអ្នកជំងឺមួយចំនួន។ ករណី Pancreatic pseudocyst រីកធំយ៉ាងឆាប់រហ័ស ហើយមានអាការៈឈឺចាប់ជាដើមកើតឡើង វេជ្ជបណ្ឌិតនឹងធ្វើការចោះបញ្ចេញសារធាតុនៅក្នុងថង់នោះ។

    ចំពោះជំងឺរលាកលំពែងស្រួចស្រាវធ្ងន់ធ្ងរ គេអាចប៉ាន់ស្មានដឹងអំពីការវិវត្តនៃជំងឺតាមរយៈការពិនិត្យCT។ ប្រសិនបើគេពិនិត្យឃើញថាមានការហើមតិចតួចនៅក្រពេញលំពែង ភាគរយនៃការជាសះស្បើយមានច្រើន។ ប៉ុន្តែ ករណីគេពិនិត្យឃើញមានការខូចខាតច្រើននៅក្រពេញលំពែង នោះការជាសះស្បើយក៏លំបាកដែរ។

    ជំងឺរលាកលំពែងស្រួចស្រាវ ប្រសិនបើជាកម្រិតស្រាល នោះភាគរយនៃការស្លាប់គឺតិចជាង5%។ ប៉ុន្តែ ករណីលំពែងទទួលការខូចខាតធ្ងន់ធ្ងរ ហើយមានការហូរឈាម ឬ មានការរលាកកើតមាននៅសរីរាង្គផ្សេងទៀតក្រៅពីលំពែង នោះភាគរយៈនៃមរណភាពមានដល់10~50%។ ចំពោះអ្នកជំងឺដែលស្លាប់ក្នុងរយៈពេលតែប៉ុន្មានថ្ងៃក្រោយកើតមានរោគសញ្ញារលាកលំពែងស្រួចស្រាវ មូលហេតុភាគច្រើនគឺមកពីបញ្ហាមុខងារបេះដូងចុះខ្សោយ ដំណកដង្ហើមចុះខ្សោយ ឬ មុខងារតម្រងនោមចុះខ្សោយ។ ចំពោះករណីដែលអ្នកជំងឺទទួលមរណភាពនៅរយៈពេលលើសពី1សប្ដាហ៍ក្រោយកើតមានរោគសញ្ញា ភាគច្រើនបណ្ដាលមកពីការកើតមានជំងឺឆ្លងនៅក្រពេញលំពែង ឬ ដោយសារការហូរឈាមឬបែកធ្លាយនៃPancreatic pseudocyst។

    អានបន្ថែម
  • ការព្យាបាល

    ជាទូទៅ ការព្យាបាលជំងឺរលាកលំពែងកម្រិតស្រាល ត្រូវការអ្នកជំងឺចូលសម្រាកពេទ្យរយៈពេលខ្លី ដោយអ្នកជំងឺនឹងទទួល

    ឱសថបំបាត់ការឈឺចាប់ ហើយមិនបរិភោគអាហារអ្វីទាំងអស់ដើម្បីទុកពេលអោយក្រពេញលំពែងសម្រាក។ អ្នកជំងឺអាចបរិភោគអាហារវិញជាធម្មតាក្រោយរយៈពេល2~3ថ្ងៃ ដោយមិនគួរបន្តលើសពីរយៈពេលនេះទេ។

    ចំពោះជំងឺរលាកលំពែងកម្រិតមធ្យមទៅធ្ងន់ធ្ងរ អ្នកជំងឺចាំបាច់ត្រូវសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ ការបរិភោគឬផឹកភេសជ្ជៈអាចធ្វើអោយភ្ញោចដល់ក្រពេញលំពែង ដូច្នេះ អ្នកជំងឺត្រូវចៀសវាងការបរិភោគឬផឹកភេសជ្ជៈមួយរយៈជាចាំបាច់។ ការតមអាហារនិងភេសជ្ជៈបែបនេះអាចបន្តពីរយៈពេលប៉ុន្មានថ្ងៃទៅប៉ុន្មានសប្ដាហ៍។ ករណីអ្នកជំងឺមានរោគសញ្ញាដូចជាឈឺចាប់ឬចង់ក្អួតជាដើម វេជ្ជបណ្ឌិតអាចនឹងផ្ដល់ឱសថកាត់បន្ថយរោគសញ្ញាទាំងនោះក្នុងទម្រង់ចាក់តាមសរសៃវ៉ែន ឬ ព្យួរសេរ៉ូម។ ចំពោះករណីជំងឺរលាកលំពែងស្រួចស្រាវកម្រិតធ្ងន់ធ្ងរ អ្នកជំងឺត្រូវទទួលការព្យាបាលនៅបន្ទប់ប្រពោធនកម្ម(ICU) ដើម្បីតាមដានសញ្ញាជីវិត (ជីពចរ សម្ពាធឈាម ដំណកដង្ហើម)និងបរិមាណទឹកនោម។ ម្យ៉ាងទៀត គេនឹងអនុវត្តការពិនិត្យឈាមជាច្រើនដង ដើម្បីតាមដានកម្រិតអេម៉ាតូគ្រីត (Hematocrit) ជាតិស្ករក្នុងឈាម កម្រិតអេឡិចត្រូឡាយ ចំនួនគ្រាប់ឈាមស កម្រិតនៃអង់ស៊ីមAmylase និង Lipase ជាដើម។ ការស៊កទុយោពីច្រមុះទៅក្រពះ(Nasogastric tube) គឺដើម្បីបូមយកជាតិទឹកនិងខ្យល់ចេញ ជាពិសេសចំពោះអ្នកជំងឺដែលមានអាការៈចង់ក្អួតឬក្អួតឬអាការៈស្ទះពោះវៀន។ ក្នុងអំឡុងពេលនេះ សារធាតុចិញ្ចឹមសម្រាប់អ្នកជំងឺអាចត្រូវបានបញ្ចូលតាមសរសៃវ៉ែនឬតាមទុយោពីច្រមុះទៅក្រពះ (Nasogastric tube) ឬ តាមវិធីទាំងពីរនេះតែម្ដង។

    អាចមានករណីដែលអ្នកជំងឺត្រូវការប្រើឱសថកាត់បន្ថយការបញ្ចេញអាស៊ីតក្រពះ ដូចជា ឱសថប្រភេទទប់ស្កាត់គ្រឿងទទួលហ៊ីស្តាមីន2 (H2 receptor blockers)ឬឱសថទប់ស្កាត់គ្រឿងចម្លងប្រូតុង (Proton pump inhibitor, PPI)។

    ករណីសម្ពាធឈាមរបស់អ្នកជំងឺចុះទាបខ្លាំង ឬ ស្ថិតក្នុងស្ថានភាពស្ហុក(Shock) គេអាចបញ្ចូលឈាមដោយព្យួរសេរ៉ូម ដើម្បីរក្សាបរិមាណឈាមអោយនៅថេរ ហើយត្រូវតាមដានមុខងារដំណើរការរបស់បេះដូងអោយបានម៉ត់ចត់។ ម្យ៉ាងទៀត អាចមានករណីដែលចាំបាច់ត្រូវបញ្ចូលអុកស៊ីសែន ឬ ប្រើឧបករណ៍ជំនួយដំណកដង្ហើមសិប្បនិម្មិត (Artificial ventilator)ក្នុងករណីធ្ងន់ធ្ងរបំផុត។

    ចំពោះអ្នកជំងឺដែលកើតមានជំងឺឆ្លង គេត្រូវប្រើឱសថប្រឆាំងមេរោគ(Antibiotics)ដើម្បីព្យាបាល ហើយអាចមានករណីដែលអ្នកជំងឺត្រូវទទួលការវះកាត់យកជាលិកាដែលឆ្លងមេរោគឬជាលិកាដែលស្លាប់ចេញ។

    ចំពោះអ្នកជំងឺដែលកើតមានPancreatic pseudocyst គេអាចនឹងអនុវត្តការវះកាត់ឬការស៊កសរសៃលួស(Catheter)ដើម្បីចាក់បញ្ចេញសារធាតុពីក្នុងថង់ Pancreatic pseudocyst នោះ។ សរសៃលួសនឹងត្រូវបានស៊កតាមស្បែក ឬ ស៊កតាមឧបករណ៍អង់ដូស្កុបដែលបញ្ចូលតាមមាត់រហូតដល់ក្រពះឬពោះវៀនតូច។ តាមរយៈសរសៃលួស(Catheter)បែបនេះ គេអាចបញ្ចេញសារធាតុពី Pancreatic pseudocyst ដោយប្រើរយៈពេលប៉ុន្មានសប្ដាហ៍។

    ចំពោះជំងឺរលាកលំពែងដែលកើតឡើងដោយសាររបួសប៉ះទង្គិចឬរបួសចាក់ធ្ងន់ធ្ងរឬរួមមានជំងឺឆ្លងមេរោគធ្ងន់ធ្ងរនៅបំពង់ទឹកប្រមាត់មិនអាចគ្រប់គ្រងបាន គេត្រូវអនុវត្តការវះកាត់ជាបន្ទាន់ក្នុងរយៈពេលប៉ុន្មានថ្ងៃដំបូងនៃការកើតមានអាការៈ។

    ចំពោះជំងឺរលាកលំពែងស្រួចស្រាវដែលកើតឡើងដោយសារក្រួសទឹកប្រមាត់ វិធីព្យាបាលអាចប្រែប្រួលទៅតាមកម្រិតជំងឺ។ ករណីកម្រិតស្រាល ជាទូទៅ គេពន្យាការវះកាត់យកថង់ប្រមាត់ចេញរហូតដល់ពេលរោគសញ្ញារលាកលំពែងថយចុះ។ ករណីធ្ងន់ធ្ងរ គេនឹងអនុវត្តការព្យាបាលដោយERCP (Endoscopic retrograde cholangiopancreatography)ដែលប្រើឧបករណ៍អង់ដូស្កុបនៅក្នុងការព្យាបាល។ អ្នកជំងឺច្រើនជាង80%ដែលកើតមានអាការៈរលាកលំពែងដោយសារក្រួសទឹកប្រមាត់ នឹងបាត់ក្រួសទាំងនោះដោយឯកឯង ប៉ុន្តែ ករណីក្រួសទាំងនោះមិនរលាយបាត់ក្រោយរយៈពេល24ម៉ោងបន្ទាប់ពីចូលសម្រាកពេទ្យ អ្នកជំងឺចាំបាច់ត្រូវទទួលការព្យាបាលកម្ចាត់ក្រួសទឹកប្រមាត់តាមរយៈវិធីព្យាបាលERCP។

    អានបន្ថែម