Acute Kidney Failure (ជំងឺខ្សោយតម្រងនោមស្រួចស្រាវ)
-
- លក្ខណៈទូទៅ
- រោគសញ្ញា
- រោគវិនិច្ឆ័យ
- ការវិវត្តនៃជំងឺ
- ការព្យាបាល
-
លក្ខណៈទូទៅ
ជំងឺខ្សោយតម្រងនោម(Kidney failure) ជាស្ថានភាពដែលតម្រងនោមមិនអាចច្រោះសារធាតុកាកសំណល់ពីក្នុងឈាមបានគ្រប់គ្រាន់។
ជំងឺខ្សោយតម្រងនោមកើតឡើងដោយមូលហេតុផ្សេងៗ។ វាអាចជាជំងឺខ្សោយតម្រងនោមលក្ខណៈស្រួចស្រាវ ឬ ជាលក្ខណៈរ៉ាំរ៉ៃ។ នៅពេលមុខងារតម្រងនោមចុះខ្សោយ វាមិនត្រឹមតែមិនអាចច្រោះយកសារធាតុពុល(សារធាតុCreatinine សារធាតុUrea nitrogen ជាដើម) វាថែមទាំងបាត់បង់សមត្ថភាពគ្រប់គ្រងតុល្យភាពនៃជាតិទឹកនិងកំហាប់នៃសារធាតុអេឡិចត្រូឡាយ(សូដ្យូមNa ប៉ូតាស្យូមK កាល់ស្យូមCa ផូស្វ័រPជាដើម)ក្នុងរាងកាយទៀតផង។
ប្រសិនបើស្ថានភាពចុះខ្សោយមុខងារតម្រងនោមចេះតែបន្តទៅមុខ សម្ពាធឈាមអាចនឹងកើនឡើងខ្ពស់។ ម្យ៉ាងទៀត តម្រងនោមមិនអាចផលិតអរម៉ូនអេរីស្រូប៉ូអេទីន(Erythropoietin)ដែលមានតួនាទីជម្រុញការផលិតគ្រាប់ឈាមក្រហមថ្មីៗ ធ្វើអោយបរិមាណគ្រាប់ឈាមក្រហមក្នុងរាងកាយមានការថយចុះ (ជំងឺស្លេកស្លាំង(Anemia))។ ក្រៅពីនេះ តម្រងនោមមិនអាចផលិតសារធាតុកាល់ស៊ីទ្រីអូល(Calcitriol)ដែលជាទម្រង់សកម្មនៃវីតាមីនDបានគ្រប់គ្រាន់សម្រាប់ការទ្រទ្រង់សុខភាពឆ្អឹង។ ប្រសិនបើកុមារកើតជំងឺខ្សោយតម្រងនោម នោះវានឹងមានឥទ្ធិពលទៅលើការលូតលាស់នៃឆ្អឹងរបស់កុមារ ប៉ុន្តែ ជំងឺខ្សោយតម្រងនោមក៏ធ្វើអោយឆ្អឹងរបស់មនុស្សពេញវ័យចុះខ្សោយផងដែរ។
មុខងារតម្រងនោមអាចចុះខ្សោយនៅមនុស្សគ្រប់វ័យទាំងអស់ ប៉ុន្តែ ទាំងជំងឺខ្សោយតម្រងនោមស្រួចស្រាវនិងរ៉ាំរ៉ៃ គេឃើញច្រើនកើតឡើងចំពោះមនុស្សចាស់ជាជាងមនុស្សវ័យក្មេង។ ជំងឺដែលប៉ះពាល់ធ្វើអោយមុខងារតម្រងនោមចុះខ្សោយ ភាគច្រើនជាជំងឺដែលអាចព្យាបាលបាន ហើយអ្នកជំងឺក៏អាចមានមុខងារតម្រងនោមដូចដើមវិញ។ បច្ចេកវិទ្យាលាងឈាមបានធ្វើអោយជំងឺខ្សោយតម្រងនោមដែលពីមុនអ្នកជំងឺមិនអាចចៀសផុតពីសេចក្ដីស្លាប់បានក្លាយជាជំងឺដែលអាចគ្រប់គ្រងបាន។
ជំងឺខ្សោយតម្រងនោមលក្ខណៈស្រួចស្រាវ (Acute Kidney Failure) ជាស្ថានភាពដែលសមត្ថភាពច្រោះយកសារធាតុកាកសំណល់ពីក្នុងឈាមរបស់តម្រងនោមធ្លាក់ចុះទាបភ្លាមៗ ក្នុងរយៈពេលប៉ុន្មានថ្ងៃទៅប៉ុន្មានសប្ដាហ៍។
・មូលហេតុនៃជំងឺនេះ គឺអាចដោយសារតែស្ថានភាពនៃការថយចុះលំហូរឈាមចូលទៅកាន់តម្រងនោម ស្ថានភាពរបួសសរីរាង្គតម្រងនោម និង ស្ថានភាពស្ទះការបញ្ចេញទឹកនោមពីតម្រងនោម។
・រោគសញ្ញានៃជំងឺនេះ រួមមាន ហើម ចង់ក្អួត អស់កម្លាំង រមាស់ស្បែក ពិបាកដកដង្ហើម និងរួមមាន រោគសញ្ញានៃជំងឺដែលជាមូលហេតុបង្កអោយមុខងារតម្រងនោមចុះខ្សោយភ្លាមៗ។
・បញ្ហាធ្ងន់ធ្ងរផ្សេងៗទៀតដែលបណ្ដាលមកពីមុខងារតម្រងនោមចុះខ្សោយ រួមមាន មុខងារបេះដូងចុះខ្សោយ កម្រិតប៉ូតាស្យូមក្នុងឈាមកើនឡើងខ្ពស់ ជាដើម។
・រោគវិនិច្ឆ័យធ្វើឡើងដោយផ្អែកទៅលើលទ្ធផលនៃការពិនិត្យឈាម ការពិនិត្យទឹកនោម និង ការពិនិត្យរូបភាព។
・ការព្យាបាល រួមមាន ការព្យាបាលមូលហេតុដើមដែលបង្កអោយតម្រងនោមចុះខ្សោយ និង ការអនុវត្តការលាងឈាមក្នុងករណីមួយចំនួន។
ជំងឺខ្សោយតម្រងនោមលក្ខណៈស្រួចស្រាវអាចកើតឡើងដោយសារ ជំងឺដែលធ្វើអោយការផ្គត់ផ្គង់ឈាមទៅកាន់តម្រងនោមថយចុះ ជំងឺឬសារធាតុពុលដែលបង្កការខូចខាតដល់សរីរាង្គតម្រងនោម ឬ ជំងឺដែលធ្វើអោយមានការស្ទះលំហូរនៃទឹកនោមនៅផ្នែកណាមួយនៃផ្លូវនោម ។ល។
ករណីភាគច្រើន គេមិនអាចស្វែងរកមូលហេតុដែលធ្វើអោយកើតជំងឺខ្សោយតម្រងនោមលក្ខណៈស្រួចស្រាវនោះទេ។
ប្រសិនបើតម្រងនោមទាំងសងខាងមានមុខងារប្រក្រតី ទោះជាតម្រងនោមម្ខាងទទួលរងការខូចខាត(ស្ទះដោយសារក្រួសក្នុងតម្រងនោមជាដើម)ក៏ដោយ ក៏តម្រងនោមម្ខាងទៀតអាចបំពេញមុខងារបានដូចធម្មតាដែរ ដូច្នេះ វាមិនសូវជាបង្កបញ្ហាធំដុំនោះទេ ហើយការពិនិត្យមុខងារតម្រងនោមក៏បង្ហាញលទ្ធផលប្រក្រតីស្ទើរគ្រប់ផ្នែកទាំងអស់។ ដូច្នេះ ពេលខ្លះគេពិបាកនឹងរកឃើញថាអ្នកជំងឺកំពុងមានជំងឺខ្សោយតម្រងនោមស្រួចស្រាវ។ ជំងឺនេះបង្ករោគសញ្ញាគួរកត់សម្គាល់ ស្ទើរគ្រប់ករណីគឺនៅពេលដែលតម្រងនោមទាំងសងខាងទទួលរងការខូចខាតស្របពេលគ្នាតែប៉ុណ្ណោះ។
សង្ខេបមូលហេតុសំខាន់ៗនៃជំងឺខ្សោយតម្រងនោមស្រួចស្រាវ
・ការខ្វះការផ្គត់ផ្គង់ឈាមទៅកាន់តម្រងនោម : អាចបណ្ដាលមកពី ការហូរឈាម ការបាត់បង់សារធាតុសូដ្យូមឬទឹកច្រើន ការខូចខាតដោយសារការស្ទះនៅសរសៃឈាម មុខងារច្របាច់ឈាមរបស់បេះដូងចុះខ្សោយ(Heart failure) សម្ពាធឈាមចុះទាបខ្លាំង(Shock) ជំងឺខ្សោយមុខងារថ្លើម ឱសថដែលធ្វើអោយលំហូរឈាមទៅកាន់តម្រងនោមថយចុះ។
・ការខូចខាតសរីរាង្គតម្រងនោម : ស្ថានភាពថយចុះការផ្គត់ផ្គង់ឈាមទៅតម្រងនោមរយៈពេលវែងរហូតដល់ធ្វើអោយខូចខាតដល់តម្រងនោម សារធាតុគ្រោះថ្នាក់(ឱសថព្យាបាលជំងឺ ឱសថជំនួយការថត ជាតិពុល។ល។) ប្រតិកម្មអាលែកហ្ស៊ី(ទៅនឹងឱសថប្រឆាំងមេរោគមួយចំនួន។ល។) ជំងឺដែលប៉ះពាល់ដល់នេហ្រ្វូន(Nephron)នៃតម្រងនោម ជំងឺឆ្លងធ្ងន់ធ្ងរ(Sepsis)។
・ការស្ទះលំហូរនៃទឹកនោម : ការស្ទះនៅប្លោកនោម(ឧទាហរណ៍ដោយសារ ជំងឺក្រពេញប្រូស្តាតរីកធំ ជំងឺត្បៀតនៅបង្ហួរនោម ជំងឺមហារីកប្លោកនោម) ជំងឺមហារីកដែលសង្កត់ទៅលើផ្លូវនោម ជំងឺក្រួសនៅបំពង់ទឹកនោមឬក្នុងប្លោកនោម ស្ថានភាពស្ទះនៅក្នុងតម្រងនោម(ឧទាហរណ៍ដោយសារក្រួសកើតពីOxalic acidឬUric acidជាដើម)។
អានបន្ថែម -
រោគសញ្ញា
រោគសញ្ញាអាចប្រែប្រួលទៅតាមល័ក្ខខ័ណ្ឌដូចខាងក្រោម៖
・កម្រិតធ្ងន់ធ្ងរនៃការថយចុះមុខងារតម្រងនោម
・ល្បឿននៃការថយចុះមុខងារតម្រងនោម
・មូលហេតុនៃការថយចុះមុខងារតម្រងនោម
រោគសញ្ញានៅដំណាក់កាលដំបូងនៃជំងឺនេះ រួមមាន៖ ការកើនទម្ងន់ដោយសារជាតិទឹកប្រមូលផ្ដុំច្រើននៅក្នុងរាងកាយ អាការៈហើមជើងនិងកជើង អាការៈហើមមុខនិងដៃ បរិមាណទឹកនោមថយចុះ។
ជាញឹកញាប់ បរិមាណទឹកនោមរបស់អ្នកជំងឺខ្សោយតម្រងនោមអាចធ្លាក់ចុះដល់តិចជា500មីលីលីត្រក្នុង1ថ្ងៃឬអាចគ្មានទឹកនោមសោះតែម្ដង ដោយមនុស្សពេញវ័យដែលមានសុខភាពល្អភាគច្រើនអាចផលិតទឹកនោមបានពី750មីលីលីត្រទៅ2លីត្រក្នុង1ថ្ងៃ។ ប៉ុន្តែ ក៏មានអ្នកជំងឺខ្លះអាចផលិតទឹកនោមក្នុងបរិមាណធម្មតាទោះជាកើតជំងឺខ្សោយតម្រងនោមស្រួចស្រាវក៏ដោយ។
នៅដំណាក់កាលបន្ទាប់នៃជំងឺ សារធាតុកាកសំណល់នឹងប្រមូលផ្ដុំច្រើននៅក្នុងរាងកាយ ហើយអាចបង្កជារោគសញ្ញាដូចជា នឿយហត់ មិនអាចផ្ដោតអារម្មណ៍បាន បាត់បង់ចំណង់អាហារ ចង់ក្អួត រមាស់ស្បែកពេញខ្លួន។ ក្រៅពីនេះ ជំងឺខ្សោយតម្រងនោមស្រួចស្រាវក៏អាចបង្កជារោគសញ្ញាធ្ងន់ធ្ងរដូចជា អាការៈឈឺទ្រូង រមួលក្រពើ សាច់ដុំកន្ត្រាក់ ដកដង្ហើមលក្ខណៈដង្ហក់ដោយសារទឹកដក់ក្នុងសួត ជាដើម។
ករណីទឹកនោមមានពណ៌ត្នោតចាស់ថ្លា គេអាចសង្ស័យថាកំពុងមានជំងឺដែលបង្កផលប៉ះពាល់នៅប្រព័ន្ធចម្រោះទឹកនោម
(Glomerulus)នៃតម្រងនោម។ ករណីទឹកនោមមានពណ៌ត្នោត វាជាលទ្ធផលបង្ហាញថាឈាមបានឆ្លងកាត់ប្រព័ន្ធចម្រោះហើយ ដូច្នេះ គេអាចសង្ស័យថាវាជារោគសញ្ញាដំណាក់កាលដំបូងនៃជំងឺរលាកតម្រងនោមប្រភេទGlomerulonephritis។
ករណីមូលហេតុនៃជំងឺខ្សោយតម្រងនោមស្រួចស្រាវជាការស្ទះនៅផ្នែកណាមួយនៃតម្រងនោម នោះទឹកនោមនឹងដក់ច្រើននៅក្នុងតម្រងនោម ហើយផ្នែកPelvisនិងផ្នែកCalixនៃតម្រងនោមរីកប៉ោង(ហៅថាHydronephrosis)។ ប្រសិនបើស្ទះនៅផ្លូវនោម ភាគច្រើនអ្នកជំងឺនឹងទទួលអារម្មណ៍ឈឺអួលជាប់នៅផ្នែកខាងក្រោមនៃឆ្អឹងជំនីរ ប៉ុន្តែ ក៏មានករណីដែលអ្នកជំងឺទទួលអារម្មណ៍ឈឺចុក(ពីកម្រិតស្រាលដល់ធ្ងន់ធ្ងរ)នៅផ្នែកខាងនៃពោះផងដែរ។ នៅក្នុងស្ថានភាពHydronephrosis គេអាចឃើញមានទឹកនោមលាយឈាម។ ប្រសិនបើការស្ទះស្ថិតនៅក្រោមប្លោកនោម នោះប្លោកនោមនឹងរីកប៉ោង ហើយការរីកប៉ោងភ្លាមៗនៃប្លោកនោមអាចបង្កអាការៈឈឺចាប់ខ្លាំងក្លានៅផ្នែកខាងលើជាប់ឆ្អឹងPubisនៅក្នុងត្រគាក។ ប៉ុន្តែ ប្រសិនបើប្លោកនោមរីកប៉ោងដោយយឺត អាការៈឈឺចាប់មានលក្ខណៈតិចតួចជាង ប៉ុន្តែ ប្លោកនោមដែលរីកប៉ោងនឹងធ្វើអោយផ្នែកខាងក្រោមនៃពោះរីកប៉ោងដែរ។
ជំងឺខ្សោយតម្រងនោមស្រួចស្រាវដែលកើតឡើងនៅពេលអ្នកជំងឺសម្រាកពេទ្យ ច្រើនទាក់ទងនឹងរបួសពីខាងក្រៅ ការវះកាត់ ឱសថព្យាបាល ជំងឺ(ជំងឺឆ្លងជាដើម)។ល។ រោគសញ្ញាពីជំងឺដែលជាមូលហេតុធ្វើអោយមុខងារតម្រងនោមចុះខ្សោយអាចមានលក្ខណៈងាយសម្គាល់ឃើញនិងច្បាស់លាស់ជាងរោគសញ្ញានៃមុខងារតម្រងនោមចុះខ្សោយ។ ឧទាហរណ៍ អាការៈក្ដៅខ្លួនខ្លាំង សម្ពាធឈាមចុះទាបហួសហេតុ(Shock) មុខងារបេះដូងចុះខ្សោយ មុខងារថ្លើមចុះខ្សោយ ជាដើម អាចបង្ហាញឡើងមុនរោគសញ្ញានៃជំងឺខ្សោយតម្រងនោម ងាយសម្គាល់ដឹងជាងនិងត្រូវការការព្យាបាលជាបន្ទាន់។
ក្នុងចំណោមជំងឺដែលបង្កជាជំងឺខ្សោយតម្រងនោមស្រួចស្រាវ អាចមានជំងឺដែលផ្ដល់ឥទ្ធិពលទៅផ្នែកក្រៅអំពីតម្រងនោមផងដែរ។ ឧទាហរណ៍ ជំងឺGoodpasture's syndrome និង ជំងឺGranulomatosis with polyangiitis ជាជំងឺដែលបង្កការខូចខាតដល់សរសៃឈាមនៅក្នុងតម្រងនោម ដោយវាក៏បង្កការខូចខាតដល់សរសៃឈាមនៅក្នុងសួតផងដែរ ហើយវាបង្ហាញរោគសញ្ញាជាកំហាកលាយឈាមនៅពេលក្អក។ ជំងឺMicroscopic polyangitis ជំងឺSystemic lupus erythematosus និង ការប្រើប្រាស់ឱសថដែលមានជាតិពុលមួយចំនួន ជាដើម អាចជាមូលហេតុនៃជំងឺខ្សោយតម្រងនោមស្រួចស្រាវ និង បង្ករោគសញ្ញាឡើងកន្ទួលក្រហមនៅលើស្បែកទៀតផង។
អានបន្ថែម -
រោគវិនិច្ឆ័យ
・ការពិនិត្យឈាមនិងការពិនិត្យទឹកនោម
・ការពិនិត្យរូបភាពវេជ្ជសាស្ត្រ
វេជ្ជបណ្ឌិតនឹងធ្វើរោគវិនិច្ឆ័យថាជាជំងឺខ្សោយតម្រងនោមស្រួចស្រាវឬមិនមែន ហើយកាន់តែសំខាន់នោះគឺត្រូវស្វែងរកមូលហេតុដើមដែលបង្កជំងឺនេះ។
ការពិនិត្យរាងកាយ
លទ្ធផលនៃការពិនិត្យរាងកាយអាចមានប្រយោជន៍សម្រាប់ការស្វែងរកមូលហេតុដែលធ្វើអោយមុខងារតម្រងនោមចុះខ្សោយភ្លាមៗ។ ឧទាហរណ៍ ប្រសិនបើអ្នកជំងឺមានអាការៈរីកប៉ោងនៅតម្រងនោមឬឈឺចាប់នៅពេលសង្កត់ នោះគេនឹងសង្ស័យថាជាស្ថានភាពHydronephrosisដែលកើតឡើងដោយសារការស្ទះនៅផ្លូវនោម។
ការពិនិត្យឈាម
ដើម្បីកំណត់រោគវិនិច្ឆ័យ គេចាំបាច់ត្រូវអនុវត្តការពិនិត្យឈាមដែលវាស់កម្រិតCreatinineនិងកម្រិតUrea nitrogenនៅក្នុងឈាម។ ប្រសិនបើកម្រិតCreatinineកើនឡើងជារៀងរាល់ថ្ងៃ នោះមានន័យថាជាជំងឺខ្សោយតម្រងនោមស្រួចស្រាវហើយ។
កម្រិតCreatinineក្នុងឈាម ជាតួលេខដែលមានប្រយោជន៍ជាងគេនៅក្នុងការដឹងអំពីកម្រិតនៃការថយចុះមុខងារតម្រងនោមនិងសភាពធ្ងន់ធ្ងរនៃជំងឺ។ កម្រិតCreatinineកាន់តែខ្ពស់ នោះមានន័យថាការថយចុះនៃមុខងារតម្រងនោមមានសភាពធ្ងន់ធ្ងរ។
ការពិនិត្យឈាមផ្សេងទៀតដែលបង្ហាញអំពីការឡើងខ្ពស់នៃជាតិអាស៊ីតក្នុងរាងកាយ(Acidosis) ការឡើងខ្ពស់នៃកម្រិតប៉ូតាស្យូមក្នុងឈាម(Hyperkalemia) ការចុះទាបនៃកម្រិតសូដ្យូមក្នុងឈាម(Hyponatremia) ការឡើងខ្ពស់នៃកម្រិតផូស្វ័រក្នុងឈាម(Hyperphosphatemia) ជាដើម កើតឡើងនៅពេលដែលកម្រិតថយចុះនៃមុខងារតម្រងនោមមានសភាពធ្ងន់ធ្ងររហូតដល់ធ្វើអោយកើតមានអតុល្យភាពនៃមេតាបូលីសនៅក្នុងរាងកាយ។
ការពិនិត្យទឹកនោម
ការពិនិត្យទឹកនោមធ្វើឡើងដើម្បីវាស់កម្រិតនៃសារធាតុអេឡិចត្រូឡាយផ្សេងៗ ដូចជា សូដ្យូម(Na) ប៉ូតាស្យូម(K) កាល់ស្យូម(Ca) ផូស្វ័រ(P)ជាដើម។ លទ្ធផលនៃការពិនិត្យនេះអាចអោយគេបែងចែកដឹងថាមូលហេតុនៃជំងឺខ្សោយតម្រងនោមគឺបណ្ដាលមកពីការផ្គត់ផ្គង់ឈាមទៅកាន់តម្រងនោមមិនគ្រប់គ្រាន់ ឬ បណ្ដាលមកពីការខូចខាតតម្រងនោម ឬ មកពីការស្ទះនៅផ្លូវនោម។
ការពិនិត្យរូបភាពវេជ្ជសាស្ត្រ
ការពិនិត្យរូបភាពតម្រងនោមដែលបានពីការថតCTឬអេកូ អាចអោយគេដឹងអំពីសភាពរីកប៉ោងនៃប្លោកនោមឬស្ថានភាពHydronephrosis។ តាមរយៈការពិនិត្យរូបភាពក៏អាចអោយគេវាស់ទំហំនៃតម្រងនោមផងដែរ។
ករណីសង្ស័យថាមូលហេតុនៃការចុះខ្សោយមុខងារតម្រងនោមបណ្ដាលមកពីការស្ទះនៅសរសៃឈាម គេអាចអនុវត្តការថតដោយកាំរស្មីអ៊ិចទៅលើសរសៃអាកទែនិងសរសៃវ៉ែនដែលចេញចូលតម្រងនោម(Angiography)។ ប៉ុន្តែ ការថតរូបភាពសរសៃឈាមបែបនេះត្រូវប្រើឱសថជំនួយការថតដែលមានផ្ទុកសារធាតុអ៊ីយ៉ូត ដោយសារធាតុនេះអាចធ្វើអោយកាន់តែប៉ះពាល់ដល់តម្រងនោម ដូច្នេះ គេអនុវត្តការពិនិត្យនេះតែនៅក្នុងករណីដែលគេមិនអាចទទួលព័ត៌មានគ្រប់គ្រាន់ពីការពិនិត្យតាមវិធីផ្សេងទៀតប៉ុណ្ណោះ។
ការពិនិត្យMRA អាចផ្ដល់ព័ត៌មានស្រដៀងទៅនឹងការពិនិត្យសរសៃឈាមផងដែរ។ ការពិនិត្យMRIAកន្លងមកច្រើនប្រើឱសថជំនួយការថតGadolinium ប៉ុន្តែ សារធាតុនេះត្រូវបានគេដឹងថាអាចបង្កជាជំងឺNephrogenic fibrosing dermopathy។ ដូច្នេះ MRAមិនត្រូវបានគេប្រើញឹកញាប់ដូចកាលពីមុននោះទេ។ ករណីដែលគេមិនច្បាស់អំពីមូលហេតុនៃការចុះខ្សោយមុខងារតម្រងនោម ពេលខ្លះគេអាចនឹងជ្រើសរើសអនុវត្តការពិនិត្យជាលិកាតម្រងនោម(Biopsy) ដើម្បីធ្វើរោគវិនិច្ឆ័យនិងប៉ាន់ស្មានអំពីការវិវត្តនៃជំងឺ។
អានបន្ថែម -
ការវិវត្តនៃជំងឺ
ជាទូទៅ ជំងឺខ្សោយតម្រងនោមស្រួចស្រាវនិងបញ្ហាផ្សេងៗដែលបង្កដោយជំងឺនេះ(ការប្រមូលផ្ដុំធាតុរាវច្រើនក្នុងរាងកាយ ការកើនឡើងលក្ខណៈអាស៊ីតក្នុងរាងកាយ កម្រិតប៉ូតាស្យូមក្នុងឈាមកើនឡើង កម្រិតUrea nitrogenក្នុងឈាមកើនឡើង ជាដើម)អាចព្យាបាលបានដោយជោគជ័យក្នុងអត្រាបន្តរស់(Survival rate)របស់អ្នកជំងឺប្រមាណ50% ប៉ុន្តែករណីអ្នកជំងឺទទួលរងការខូចខាតនៅសរីរាង្គច្រើន អត្រាបន្តរស់មានកម្រិតតិចជាង50%។ ករណីជំងឺខ្សោយតម្រងនោមស្រួចស្រាវកើតឡើងបណ្ដាលមកពីការថយចុះនៃលំហូរឈាមទៅក្នុងតម្រងនោមដោយសារតែការបាត់បង់ជាតិទឹកពីអាការៈក្អួតចង្អោរ រាករូសឬហូរឈាមរបស់អ្នកជំងឺ អត្រាបន្តរស់(ជាសះស្បើយ)គឺប្រមាណ90%។
ប្រមាណ10%នៃអ្នកជំងឺដែលឆ្លងផុតពីស្ថានភាពខ្សោយតម្រងនោមស្រួចស្រាវចាំបាច់ត្រូវបន្តទទួលការព្យាបាលដោយលាងឈាមឬការវះកាត់ផ្លាស់ប្ដូរតម្រងនោម ដោយមុខងារតម្រងនោមអាចចុះខ្សោយខ្លាំងភ្លាមៗឬដោយយឺតៗ ហើយអ្នកជំងឺត្រូវទទួលការព្យាបាលបញ្ហាទាំងនោះជាបន្តទៀត។
អានបន្ថែម -
ការព្យាបាល
・ព្យាបាលជំងឺដែលជាមូលហេតុដើម ករណីជាជំងឺដែលអាចព្យាបាលបាន
・កាត់បន្ថយការបរិភោគឬបញ្ចូលសារធាតុដែលត្រូវបញ្ចេញចោលទៅក្រៅរាងកាយតាមរយៈតម្រងនោម
・ការលាងឈាម (ករណីខ្លះ)
ជំងឺខ្សោយតម្រងនោមស្រួចស្រាវអាចបង្កជាបញ្ហាធ្ងន់ធ្ងរមួយចំនួនដែលអាចមានគ្រោះថ្នាក់ដល់អាយុជីវិតរបស់អ្នកជំងឺ។ ទៅតាមស្ថានភាព អ្នកជំងឺអាចនឹងចាំបាច់ត្រូវទទួលការព្យាបាលនៅក្នុងបន្ទប់ប្រពោធនកម្ម(ICU)។
ប្រសិនបើមូលហេតុដែលធ្វើអោយមុខងារតម្រងនោមចុះខ្សោយភ្លាមៗជាជំងឺដែលអាចព្យាបាលបាន គេត្រូវធ្វើការព្យាបាលជំងឺនោះអោយបានកាន់តែឆាប់កាន់តែល្អ។ ឧទាហរណ៍ ករណីមុខងារតម្រងនោមចុះខ្សោយដោយសារមានការស្ទះ គេត្រូវដោះស្រាយបញ្ហាស្ទះនោះដោយប្រើសរសៃលួស(Catheter)ស៊កបញ្ចូលទៅក្នុងប្លោកនោមនិងព្យាបាលដោយប្រើឧបករណ៍អង់ដូស្កុប ឬ ការវះកាត់។
ភាគច្រើន មុខងារតម្រងនោមនឹងជាសះស្បើយឡើងវិញដោយឯកឯង ជាពិសេសករណីអាការៈខ្សោយតម្រងនោមកើតឡើងក្រោមរយៈពេល5ថ្ងៃ ហើយអ្នកជំងឺមិនមានបញ្ហាផ្សេងទៀតដូចជាជំងឺឆ្លងជាដើម។ ក្នុងអំឡុងពេលនោះ គេចាំបាច់ត្រូវចាត់វិធានការពិសេសផ្សេងៗដើម្បីការពារកុំអោយមុខងារតម្រងនោមចុះទាបបង្កជាបញ្ហាធ្ងន់ធ្ងរផ្សេងទៀត។ វិធានការទាំងនោះរួមមានដូចខាងក្រោម៖
・ហាមប្រើប្រាស់ឱសថមួយចំនួន
・កាត់បន្ថយការបរិភោគជាតិទឹក សារធាតុសូដ្យូម(Na) ផូស្វ័រ(P) ប៉ូតាស្យូម(K)
・រក្សាតុល្យភាពនៃសារធាតុចិញ្ចឹមក្នុងរាងកាយ
・ប្រើប្រាស់ឱសថព្យាបាល ករណីកម្រិតប៉ូតាស្យូម(K)ឬផូស្វ័រ(P)កើនឡើងខ្ពស់ហួសហេតុ
・អនុវត្តការលាងឈាម។
ការគ្រប់គ្រងរបបអាហារ
អ្នកជំងឺត្រូវកំណត់យ៉ាងតឹងរ៉ឹងចំពោះការបរិភោគសារធាតុ(រួមទាំងការប្រើប្រាស់ឱសថ)ទាំងឡាយដែលត្រូវបញ្ចេញទៅក្រៅរាងកាយតាមរយៈតម្រងនោម ក៏ដូចជា អំបិល(សារធាតុសូដ្យូម)និងប៉ូតាស្យូមផងដែរ។ ការពិសាទឹកត្រូវកំណត់ត្រឹមបរិមាណដែលត្រូវបំពេញសម្រាប់ការបាត់បង់ជាតិទឹកពីរាងកាយ លើកលែងករណីដែលចាំបាច់ត្រូវបំពេញជាតិទឹកនៅពេលបរិមាណឈាមហូរទៅក្នុងតម្រងនោមមានលក្ខណៈមិនគ្រប់គ្រាន់។ អ្នកជំងឺត្រូវថ្លឹងទម្ងន់ជារៀងរាល់ថ្ងៃ ដើម្បីដឹងថាតើអ្នកជំងឺកំពុងលើសឬខ្វះជាតិទឹកក្នុងរាងកាយ។
អ្នកជំងឺដែលអាចបរិភោគអាហារបានគួរជ្រើសរើសយកអាហារដែលមានសុខភាពល្អ។ បរិមាណប្រូតេអ៊ីនត្រូវបានកំណត់ត្រឹមកម្រិតណាមួយ ដោយជាទូទៅ បរិមាណប្រូតេអ៊ីនចាំបាច់សម្រាប់1ថ្ងៃគឺ 0.8~1g/ទម្ងន់1Kg។ កម្រិតផូស្វ័រ(P)ក្នុងឈាមដែលកើនឡើងអាចថយចុះមកវិញតាមរយៈការកាត់បន្ថយការបរិភោគអាហារដែលមានផ្ទុកជាតិផូស្វ័រច្រើន ដូចជា ផលិតផលពីទឹកដោះគោ ថ្លើមសត្វ ប្រភេទសណ្ដែក ប្រភេទគ្រាប់ធញ្ញជាតិ(Nuts) ភេសជ្ជៈផ្អែមភាគច្រើន ។ល។
ការប្រើប្រាស់ឱសថ
ដើម្បីព្យាបាលស្ថានភាពនៃកម្រិតប៉ូតាស្យូមកើនឡើងខ្ពស់ក្នុងឈាម គេប្រើឱសថSodium polystyrenesulfonateឬឱសថស្រដៀងនោះក្នុងទម្រង់ជាថ្នាំលេបឬថ្នាំបញ្ចូលតាមពោះវៀនធំ។ ឱសថប្រភេទអំបិលកាល់ស្យូម(ឱសថCalcium carbonateឬ
ឱសថCalcium acetate)និងឱសថSevelamerត្រូវបានប្រើប្រាស់នៅក្នុងការបង្ការឬព្យាបាលរោគសញ្ញាកើនឡើងខ្ពស់នៃផូស្វ័រក្នុងឈាម។
ការលាងឈាម
ករណីជំងឺខ្សោយតម្រងនោមបន្តកើតឡើងរយៈពេលវែង គេចាំបាច់ត្រូវកម្ចាត់ចេញនូវសារធាតុកាកសំណល់និងជាតិទឹកដែលលើសពីក្នុងរាងកាយ។ សារធាតុកាកសំណល់អាចត្រូវបានបញ្ចេញចេញពីរាងកាយតាមរយៈការលាងឈាម(Hemodialysis)។ ប្រសិនបើវេជ្ជបណ្ឌិតស្មានដឹងថាស្ថានភាពចុះខ្សោយតម្រងនោមអាចនឹងបន្តកើតឡើងរយៈពេលវែង គេគួរចាប់ផ្ដើមអនុវត្តការលាងឈាមអោយបានឆាប់តាមដែលអាចធ្វើទៅបានក្រោយពេលធ្វើរោគវិនិច្ឆ័យរួច។ ការលាងឈាមអាចនឹងចាំបាច់សម្រាប់តែរយៈពេលណាមួយរហូតដល់ពេលដែលមុខងារតម្រងនោមត្រឡប់មកដូចដើមវិញ ដោយជាទូទៅ ត្រូវការរយៈពេលពីប៉ុន្មានថ្ងៃទៅប៉ុន្មានសប្ដាហ៍។
ការព្យាបាលជំងឺខ្សោយតម្រងនោមស្រួចស្រាវដែលកើតពីស្ថានភាពស្ទះនៅក្នុងប្រព័ន្ធតម្រងនោម
នៅក្នុងដំណាក់កាលជាសះស្បើយនៃជំងឺខ្សោយតម្រងនោមស្រួចស្រាវដែលកើតឡើងដោយសារការស្ទះ អ្នកជំងឺមិនចាំបាច់ត្រូវកាត់បន្ថយការបរិភោគជាតិទឹកនោះទេ។ នៅក្នុងដំណាក់កាលនេះ តម្រងនោមមិនអាចដំណើរការស្រូបជាតិទឹកនិងសូដ្យូមចូលក្នុងរាងកាយវិញបានដូចធម្មតានោះទេ ដូច្នេះ ទោះក្រោយពេលគេដោះស្រាយបញ្ហាស្ទះរួចរាល់ក៏ដោយ ជាទូទៅ បរិមាណទឹកនោមនឹងកើនច្រើនជាងធម្មតាជាបណ្ដោះអាសន្ន។ ម្យ៉ាងទៀត អ្នកជំងឺអាចនឹងចាំបាច់ត្រូវខិតខំបំពេញជាតិទឹកនិងសារធាតុអេឡិចត្រូឡាយដូចជាសូដ្យូម(Na) ប៉ូតាស្យូម(K) ម៉ាញ៉េស្យូម(Mg) ជាដើម។
អានបន្ថែម