សិក្ខាសាលាដើម្បីជ្រើសរើសនិស្សិតឱសថសាស្ត្រសម្រាប់ទស្សនកិច្ចសិក្សានៅប្រទេសជប៉ុនបានចាប់ផ្ដើមជាថ្មីម្ដងទៀតសម្រាប់ឆ្នាំ២០១៩

  • 02 មីនា 2019

ក្រុមហ៊ុនអ៊ីម៉ាតុគឹមេឌីក (ខេមបូឌា) បានរៀបចំសិក្ខាសាលាសម្រាប់និស្សិតឱសថសាស្ត្រឆ្នាំទី5 លើកទី1 នៅសាកលវិទ្យាល័យអន្តរជាតិ នាថ្ងៃទី2 ខែមីនា ឆ្នាំ2019។ ការរៀបចំសិក្ខាសាលានេះគឺដើម្បីជ្រើសរើសនិស្សិតឱសថសាស្ត្រសម្រាប់ទស្សនកិច្ចសិក្សានៅប្រទេសជប៉ុន ដោយរួមមានសិក្ខាសាលាទាំងអស់ចំនួន៥លើក។ និស្សិតដែលមានបំណងទៅទស្សនកិច្ចសិក្សាត្រូវចូលរួមសិក្ខាសាលាចាប់ពី៤ដងឡើងទៅ ដើម្បីទទួលបាននូវចំណេះដឹងគ្រប់គ្រាន់មុននឹងសិក្សាបន្ថែមពេលទៅដល់ប្រទេសជប៉ុន។ ការជ្រើសរើសនឹងប្រព្រឹត្តទៅដោយផ្អែកលើលទ្ធផលនៃការធ្វើតេស្តទាក់ទងនឹងប្រធានបទនៃសិក្ខាសាលានីមួយៗ និង ការសម្ភាសន៍ពីរលើក។ 

ជាក់ស្តែង និស្សិតឆ្នើមពីររូបត្រូវបានក្រុមហ៊ុនអ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា)ជ្រើសរើសសម្រាប់ការធ្វើទស្សនកិច្ចសិក្សារយៈពេល១សប្ដាហ៍នៅប្រទេសជប៉ុនក្នុងខែវិច្ឆិកា ឆ្នាំ២០១៨។ នៅក្នុងអំឡុងពេលនៃទស្សនកិច្ច និស្សិតទាំងពីររូប គឺ និស្សិត សេកមួយគីម និង និស្សិត សឿនសេងហួត បានធ្វើដំណើរទៅកាន់ទីកន្លែងផ្សេងៗជាច្រើននៅក្នុងប្រទេសជប៉ុន រួមមាន មន្ទីរពេទ្យ គ្លីនិក ឱសថស្ថាន ក្រុមហ៊ុនឱសថ សាកលវិទ្យាល័យ មន្ទីរចាស់ជរា និង ទីកន្លែងកំសាន្តផ្សេងៗទៀត។ បន្ទាប់ពីត្រឡប់ពីទស្សនកិច្ចសិក្សា និស្សិតទាំងពីររូបបានធ្វើបទបង្ហាញទាក់ទងនឹងបទពិសោធន៍និងមតិយោបល់រៀងៗខ្លួនទៅកាន់និស្សិតជំនាន់ក្រោយដែលមានចំណាប់អារម្មណ៍នៅក្នុងការស្វែងរកចំណេះដឹងបន្ថែមទាក់ទងនឹងវិស័យសុខាភិបាលនៅប្រទេសជប៉ុន។

វាគ្មិនកិត្តិយសរបស់យើងគឺ លោក យ៉ូស៊ីដា កូតារ៉ូ (Yoshida Kotaro) ដែលលោកជាឱសថការីពីប្រទេសជប៉ុន មានបទពិសោធន៍នៅក្នុងការងារជាឱសថការីនិងជាអ្នកតំណាងចែកចាយឱសថ (Medical Representative) អស់រយៈពេលជាច្រើនឆ្នាំ។ លោក យ៉ូស៊ីដា ធ្លាប់បានធ្វើជាវាគ្មិននៅក្នុងសិក្ខាសាលារបស់ អ៊ីម៉ាតុគឹ មេឌីក ជាច្រើនដង ដោយលោកបានចែករំលែកអំពីព័ត៌មាននិងចំណេះដឹងសំខាន់ៗពីប្រទេសជប៉ុនជាច្រើន។ នៅក្នុងសិក្ខាសាលាដដែលនេះដែរ អតីតនិស្សិតដែលបានធ្វើទស្សនកិច្ចសិក្សានៅប្រទេសជប៉ុនគឺកញ្ញា សេក មួយគីម ក៏បានធ្វើបទបង្ហាញដើម្បីចែករំលែកអំពីបទពិសោធន៍នៅប្រទេសជប៉ុនរបស់កញ្ញាទៅកាន់និស្សិតជំនាន់ក្រោយ។

គោលដៅនៃការរៀបចំជាគម្រោងទស្សនកិច្ចសិក្សាសម្រាប់និស្សិតខ្មែររបស់ក្រុមហ៊ុន អ៊ីម៉ាតុគឹ មេឌីក គឺដើម្បីផ្ដល់នូវគំនិតច្នៃប្រឌិតថ្មីៗសម្រាប់និស្សិតអាចប្រើការនៅក្នុងការចូលរួមអភិវឌ្ឍវិស័យសុខាភិបាលនៅប្រទេសកម្ពុជា។