សិក្ខាសាលាសម្រាប់វិស័យវេជ្ជសាស្ត្រនិងឱសថសាស្ត្រ លើកទី២

  • 24 មករា 2018

នៅថ្ងៃទី24 ខែមករា ឆ្នាំ2018 ក្រុមហ៊ុន IMATOKU MEDIC (CAMBODIA) Co., Ltd.បានរៀបចំសិក្ខាសាលាលើកទី២របស់ខ្លួននៅសណ្ឋាគារកាំបូឌីយ៉ាណា ដោយមានការចូលរួមពីវេជ្ជបណ្ឌិតប្រមាណ53នាក់ ព្រមទាំងមានការចូលរួមពីនិស្សិតវេជ្ជសាស្ត្រនិងឱសថការីផងដែរ។

វាគ្មិនកិត្តិយសលើកនេះគឺជាវេជ្ជបណ្ឌិតជនជាតិជប៉ុនឈ្មោះថា លោកវេជ្ជ. អូគូហ្សាវ៉ា កេន ដែលលោកគឺជាវេជ្ជបណ្ឌិតមុនគេបង្អស់ដែលបានមកដល់ប្រទេសកម្ពុជាដើម្បីបើកគ្លីនិកព្យាបាលស្តង់ដារប្រទេសជប៉ុន។ ថ្ងៃនេះ លោកវេជ្ជ.អូគូហ្សាវ៉ាបានរៀបរាប់អំពីទំនាក់ទំនងរវាងការបរិភោគជាតិកាបូអ៊ីដ្រាតនិងជម្ងឺធាត់ឬជម្ងឺទឹកនោមផ្អែម។ លោកវេជ្ជបណ្ឌិតបានលើកឡើងថាសារធាតុដែលធ្វើអោយមនុស្សប្រឈមនឹងការធាត់ ជម្ងឺទឹកនោមផ្អែម ជម្ងឺលើសឈាមនោះ មិនមែនជាជាតិខ្លាញ់ឬកូឡេស្តេរ៉ូលនោះទេ ប៉ុន្តែជាតិកាបូអ៊ីដ្រាតខ្ពស់នៅក្នុងអាហារទៅវិញទេដែលជាដើមហេតុនៃបញ្ហាទាំងអស់នេះ។ ជាតិកាបូអ៊ីដ្រាតមិនមែនសំដៅតែទៅលើស្ករសប៉ុណ្ណោះនោះទេ គឺសំដៅផងដែរលើជាតិអាមីដុងដែលមាននៅក្នុងបាយ មី នំប៉័ង បន្លែមើម ផ្លែឈើ ស្រាដែលមានរសជាតិផ្អែម។ល។ លោកវេជ្ជបណ្ឌិតបានលើកឡើងថា ការបរិភោគបាយ1ថ្ងៃ3ពេល ទោះជាក្នុងបរិមាណតិចក៏ដោយ នឹងធ្វើអោយកម្រិតជាតិស្ករក្នុងឈាមឡើងចុះៗ។ ដូច្នេះលោកវេជ្ជបណ្ឌិតណែនាំអោយបរិភោគបាយតែ1ពេលក្នុង1ថ្ងៃក្នុងបរិមាណតិចនិងកាត់បន្ថយការបរិភោគជាតិកាបូអ៊ីដ្រាតផ្សេងៗទៀតជាអតិបរមា។

ប៉ុន្តែ លោកវេជ្ជបណ្ឌិតក៏បានលើកឡើងថាទន្ទឹមនឹងការកាត់បន្ថយជាតិកាបូអ៊ីដ្រាតពីរបបអាហារប្រចាំថ្ងៃ អ្នកអនុវត្តគួរបន្ថែមនូវជាតិប្រូតេអ៊ីននិងលីពីតអោយបានគ្រប់គ្រាន់ ទើបជាការអនុវត្តត្រឹមត្រូវ។ ជាតិប្រូតេអ៊ីន គឺសំដៅលើសាច់សត្វ អាចជាសាច់គោ សាច់ជ្រូក សាច់មាន់ សាច់ត្រីជាដើម។ រីឯជាតិលីពីត លោកវេជ្ជបណ្ឌិតបានណែនាំអោយជ្រើសរើសប្រភេទខ្លាញ់ល្អ រួមមានប័រ ប្រេងដូង ប្រេងអូលីវ អាវ៉ូកាដូ ជាដើម។ ម៉្យាងទៀត ប្រភេទណាត់ដូចជាអាល់ម៉ុង ក៏ជាប្រភពប្រូតេអ៊ីននិងលីពីតល្អផងដែរ។

នៅពេលបញ្ចប់បទបង្ហាញ យើងមានពេលវេលារហូតដល់ទៅ30នាទីសម្រាប់សំណួរចម្លើយ។ វេជ្ជបណ្ឌិតចូលរួមជាច្រើនបានចោទជាសំណួរផ្សេងៗទាក់ទងនឹងការព្យាបាលជម្ងឺទឹកនោមផ្អែមដោយអនុវត្តរបបអាហារដែលលោកវេជ្ជបណ្ឌិតអូគូហ្សាវ៉ា បានណែនាំ។

លោកវេជ្ជបណ្ឌិតក៏បានបន្ថែមទៀតដែរថារាងកាយដែលស៊ាំទៅនឹងការបរិភោគជាតិកាបូអ៊ីដ្រាតច្រើន នឹងអាចបង្ហាញសញ្ញាមិនសូវល្អនៅពេលអនុវត្តរបបអាហារនេះដំបូង មានដូចជា ទល់លាមក ឬ អស់កម្លាំងបន្តិចបន្តួច ប៉ុន្តែនៅពេលរាងកាយកាត់បន្ថយបន្ទុករបស់កាបូអ៊ីដ្រាតបានច្រើនហើយ រាងកាយនឹងចាប់ផ្តើមមានសុខភាពល្អនិងមានរូបរាងសាកសមល្អប្រសើរឡើង។

នៅវគ្គទី២នៃសិក្ខាសាលា យើងមានវាគ្មិនកិត្តិយសជាឱសថការីជនជាតិជប៉ុនគឺលោក យ៉ូស៊ីដា កូតារ៉ូ ដែលលោកគឺជានាយកក្រុមហ៊ុនអ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) តែម្តង។ លោកយ៉ូស៊ីដា បានធ្វើបទបង្ហាញទាក់ទងនឹងប្រព័ន្ធឱសថស្ថាននៅក្នុងប្រទេសជប៉ុននិងភាពខុសគ្នារវាងតួនាទីការងាររបស់ឱសថការីនៅប្រទេសកម្ពុជានិងនៅប្រទេសជប៉ុន។ ជាចុងក្រោយ លោកក៏បានរៀបរាប់អំពីគម្រោងរបស់ឱសថស្ថានអ៊ីម៉ាតុគឹដែលគ្រោងនឹងអនុវត្តការកែលម្អការផ្តល់សេវាសុខភាពរបស់ឱសថការី ដោយផ្តើមពីឱសថស្ថានអ៊ីម៉ាតុគឹផ្ទាល់និងពង្រីកការកែលម្អនេះទៅទូទាំងប្រទេសកម្ពុជាផងដែរ។

  • ប្រធានបទ

    ទំនាក់ទំនងរវាងការបរិភោគជាតិកាបូអ៊ីដ្រាត និងជម្ងឺធាត់ឬជម្ងឺទឹកនោមផ្អែម
  • វាគ្មិនកិត្តិយស

    លោកវេជ្ជបណ្ឌិត អូគូហ្សាវ៉ា កេន
  • អ្នកចូលរួម

    វេជ្ជបណ្ឌិតប្រមាណ53នាក់
    និស្សិតវេជ្ជសាស្ត្រ និងឱសថការី
  • ទីកន្លែង

    សណ្ឋាគារកាំបូឌីយ៉ាណា
  • ផែនទី