សិក្ខាសាលាសម្រាប់វិស័យវេជ្ជសាស្ត្រនិងឱសថសាស្ត្រ លើកទី១

  • 18 តុលា 2017

ក្រុមហ៊ុន IMATOKU MEDIC (CAMBODIA) Co., Ltd. បានរៀបចំសិក្ខាសាលាលើកទី១របស់ខ្លួននៅថ្ងៃទី18 ខែតុលា ឆ្នាំ2017 ដោយមានការចូលរួមជាវាគ្មិនកិត្តិយសពីសំណាក់ប្រធានមន្ទីរពេទ្យសាន់រាយស៍ជប៉ុនគឺលោកវេជ្ជបណ្ឌិត ហាយ៉ាស៊ី យ៉ូស៊ីហ្វ៊ុមិ និង លោក កឹង ច័ន្ទវាសនា ដែលលោកគឺជាពេទ្យព្យាបាលដោយចលនាដែលបានទទួលការហ្វឹកហាត់នៅប្រទេសជប៉ុនក្នុងវគ្គបណ្តុះបណ្តាលរៀបចំឡើយដោយមន្ទីរពេទ្យសាន់រាយស៍នេះតែម្តង។

លោកវេជ្ជបណ្ឌិតហាយ៉ាស៊ីបានធ្វើបទបង្ហាញអំពីរោគសញ្ញាទូទៅនៃជម្ងឺទឹកនោមផ្អែម ការពិនិត្យនិងការវិនិច្ឆ័យ វិធីព្យាបាលដោយប្រើឱសថជាច្រើនប្រភេទនិងការតាមដានផងដែរ។ លោកវេជ្ជបណ្ឌិតបានមានប្រសាសន៍ថា ជម្ងឺទឹកនោមផ្អែមគឺមានការកើនឡើងនៅគ្រប់ប្រទេសនៅលើពិភពលោក ហើយទៅថ្ងៃអនាគត អត្រានៃអ្នកជម្ងឺទឹកនោមផ្អែមនឹងកើនដល់ 1នាក់ក្នុងចំណោមមនុស្ស10នាក់។ លោកវេជ្ជបណ្ឌិតក៏បានពន្យល់អំពីជម្ងឺបន្ទាប់បន្សំសំខាន់ៗចំនួនបីដែលអ្នកជម្ងឺទឹកនោមផ្អែមកំពុងប្រឈមមុខ។ ជម្ងឺទាំងនោះរួមមាន ជម្ងឺរេទីននៅក្នុងភ្នែក (Retinopathy) ជម្ងឺតម្រងនោម (Nephropathy) និងជម្ងឺនៅតាមសរសៃប្រសាទនៃអវៈយវៈ (Neuropathy) ដែលជម្ងឺនីមួយៗអាចធ្វើអោយអ្នកជម្ងឺទឹកនោមផ្អែមឈានដល់ការពិការភ្នែក ខូចតម្រងនោម ឬ ត្រូវកាត់អវៈយវៈដូចជាជើងជាដើម។

ជម្ងឺទឹកនោមផ្អែមក៏ដូចជាជម្ងឺបន្ទាប់បន្សំទាំងអស់គឺមានមូលហេតុបង្កដោយការកើនឡើងនៃកម្រិតជាតិស្ករក្នុងឈាម។ ដូច្នេះលោកវេជ្ជបណ្ឌិតបានណែនាំអោយអ្នកជម្ងឺក៏ដូចជាមនុស្សទូទៅគួរកាត់បន្ថយការបរិភោគជាតិកាបូអ៊ីដ្រាតដូចជាបាយជាដើម ដែលលោកវេជ្ជបណ្ឌិតបាននិយាយថា លោកមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយឃើញប្រជាជនកម្ពុជាបរិភោគបាយក្នុងបរិមាណយ៉ាងច្រើន។

លោកវេជ្ជ.ហាយ៉ាស៊ី ក៏បានលើកឡើងអំពីការធ្វើតេស្តដើម្បីពិនិត្យអោយដឹងអំពីជម្ងឺទឹកនោមផ្អែម។ ជាទូទៅ កម្រិតជាតិស្ករក្នុងឈាមពេលពោះទទេតិចជាង 110 គឺជាស្ថានភាពប្រក្រតី ហើយចាប់ពី140 ឡើងទៅគឺចាត់ចូលក្នុងស្ថានភាពមិនប្រក្រតី។ លោកវេជ្ជបណ្ឌិតបានសុំអោយអ្នកចូលរួមសិក្ខាសាលាចងចាំនូវតួលេខទាំង២នេះ ពីព្រោះថ្ងៃទី14 ខែ11គឺជាថ្ងៃដែលពិភពលោកប្រារព្ធទិវាជម្ងឺទឹកនោមផ្អែម។ សម្រាប់កម្រិត HbA1c វិញ លោកវេជ្ជបណ្ឌិតបានលើកឡើងថាប្រសិនបើមានកម្រិតចាប់ពី 6.3 ឡើងទៅនោះនឹងត្រូវបានចាត់ទុកថាមិនប្រក្រតី។ ក្រៅអំពីការធ្វើតេស្តឈាម និង ទឹកនោម ជម្ងឺទឹកនោមផ្អែមក៏អាចធ្វើតេស្តដឹងដោយការធ្វើតេស្តលើ C peptide (CPR) ឬ anti GAD antibodyផងដែរ។

លោកវេជ្ជបណ្ឌិតបានលើកឡើងអំពីឱសថជាច្រើនប្រភេទដែលប្រើប្រាស់ក្នុងការគ្រប់គ្រងជម្ងឺទឹកនោមផ្អែម មានដូចជា Biguanides, DPP4 inhibitors, Pioglitazone, Sulfonylurea ជាដើម ដែលលោកវេជ្ជបណ្ឌិតបានពន្យល់អំពីប្រសិទ្ធិភាពនៃថ្នាំប្រភេទនីមួយៗ និង ចំណុចដែលត្រូវចងចាំនៅពេលប្រើប្រាស់ថ្នាំទាំងអស់នេះ។ ជាចុងក្រោយ លោកវេជ្ជបណ្ឌិតបានលើកឡើងថា គ្រូពេទ្យគួរធ្វើការសរសើរនិងលើកទឹកចិត្តដល់អ្នកជម្ងឺអោយបានញឹកញាប់នៅពេលអ្នកជម្ងឺបានខំប្រឹងប្រែងកែប្រែរបបអាហារ ឬ ហាត់ប្រាណបានច្រើនជាងមុន។ នេះគឺជាអ្វីដែលលោកវេជ្ជបណ្ឌិតតែងតែចងចាំនិងអនុវត្តនៅពេលជួបជាមួយអ្នកជម្ងឺរបស់លោក។

នៅវគ្គទី២ នៃសិក្ខាសាលា លោក កឹង ច័ន្ទវាសនា ដែលជាពេទ្យព្យាបាលដោយចលនា (Physical therapist) នៅមន្ទីរពេទ្យសាន់រាយស៍ បានធ្វើបទបង្ហាញអំពីកម្មវិធីនៃការព្យាបាលដោយចលនាលើអ្នកជម្ងឺស្រ្តូក។ លោកវាសនាបានពន្យល់អំពីពាក្យថា Rehabilitation ដែលមានន័យថា ការស្តារសមត្ថភាពរាងកាយសារជាថ្មីឡើងវិញ។ លោកក៏បានលើកឡើងនូវឧទាហរណ៍ជាក់ស្តែងមួយចំនួនអំពីអ្នកជម្ងឺដែលបានមកទទួលការព្យាបាលដោយចលនានៅមន្ទីរពេទ្យសាន់រាយស៍។ លោកវាសនាបានលើកឡើងអំពីសារៈសំខាន់នៃការចូលរួមជួយដល់អ្នកជម្ងឺពីសំណាក់ក្រុមគ្រួសារ។ ដោយនេះជាប្រធានបទថ្មី មានការលើកឡើងជាសំណួរជាច្រើនពីសំណាក់អ្នកចូលរួមជាវេជ្ជបណ្ឌិតនិងនិស្សិតវេជ្ជសាស្ត្រ។

  • ប្រធានបទ

    រោគសញ្ញាទូទៅនៃជម្ងឺទឹកនោមផ្អែម
    ការពិនិត្យ និងការវិនិច្ឆ័យវិធីព្យាបាលដោយប្រើឱសថជាច្រើនប្រភេទ និងការតាមដានជម្ងឺទឹកនោមផ្អែម
    ការព្យាបាលដោយចលនាលើអ្នកជម្ងឺស្រ្តូក
  • វាគ្មិនកិត្តិយស

    លោកវេជ្ជបណ្ឌិត ហាយ៉ាស៊ី យ៉ូស៊ីហ្វ៊ុមិ (ប្រធានមន្ទីរពេទ្យសាន់រាយស៍ជប៉ុន)
    លោក កឹង ច័ន្ទវាសនា (ពេទ្យព្យាបាលដោយចលនាដែលបានទទួលការហ្វឹកហាត់នៅប្រទេសជប៉ុនក្នុងវគ្គបណ្តុះបណ្តាលរៀបចំឡើយដោយមន្ទីរពេទ្យសាន់រាយស៍)
  • អ្នកចូលរួម

    និស្សិតវេជ្ជសាស្ត្រ និងឱសថការី
  • ទីកន្លែង

    សណ្ឋាគារកាំបូឌីយ៉ាណា
  • ផែនទី

ទម្រង់បែបបទចុះឈ្មោះចូលរួម

Status message

Sorry...This form is closed to new submissions.