Zoledronic acid hydrate
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
ប្រភេទឱសថ
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- អន្តរប្រតិកម្ម
- ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
- ការប្រុងប្រយ័ត្នជាពិសេស
- សកម្មភាពឱសថ
-
ប្រសិទ្ធិភាពព្យាបាល
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម៖
- រោគសញ្ញានៃការកើនឡើងកម្រិតកាល់ស្យូមខ្ពស់នៅក្នុងឈាមដោយសារជំងឺមហារីក។
- ផលប៉ះពាល់ទៅលើឆ្អឹងដោយសារជំងឺមហារីកខួរឆ្អឹងច្រើនកន្លែង(Multiple myeloma)។
- ផលប៉ះពាល់ទៅលើឆ្អឹងដោយសារការរីករាលដាលនៃជំងឺមហារីកដុំរឹងផ្សេងៗទៅដល់ឆ្អឹង។
- ជំងឺពុកឆ្អឹង (Osteoporosis)។
-
កម្រិតប្រើប្រាស់
ថ្នាំចាក់:
・ករណីប្រើនៅក្នុងការព្យាបាលរោគសញ្ញានៃការលើសកាល់ស្យូមក្នុងឈាមដោយសារជំងឺមហារីក:
មនុស្សពេញវ័យ:ប្រើក្នុងកម្រិត4mg ដោយព្យួរសេរ៉ូមតាមសរសៃវ៉ែនរយៈពេលយ៉ាងហោចណាស់15នាទី។ ត្រូវទុកគម្លាតយ៉ាងហោចណាស់1សប្ដាហ៍ ដើម្បីតាមដានប្រសិទ្ធិភាព មុននឹងប្រើឱសថនេះម្ដងទៀតក្នុងករណីចាំបាច់។
・ករណីប្រើនៅក្នុងការព្យាបាលបញ្ហាឆ្អឹងដោយសារជំងឺមមហារីកខួរឆ្អឹងប្រភេទMultiple myelomaឬជំងឺមហារីករាលដាលដល់ឆ្អឹង:
មនុស្សពេញវ័យ:ប្រើក្នុងកម្រិត4mg ដោយព្យួរសេរ៉ូមតាមសរសៃវ៉ែនរយៈពេលយ៉ាងហោចណាស់15នាទី។ បន្តប្រើឱសថនេះដោយត្រូវទុកគម្លាត3~4សប្ដាហ៍រវាងការប្រើម្ដងៗ។
・ករណីប្រើនៅក្នុងការព្យាបាលជំងឺពុកឆ្អឹង (Osteoporosis):
មនុស្សពេញវ័យ:ប្រើក្នុងកម្រិត1ដង 5mg ដោយព្យួរសេរ៉ូមតាមសរសៃវ៉ែនរយៈពេលយ៉ាងហោចណាស់15នាទី។ ប្រើឱសថនេះ1ឆ្នាំម្ដង។ -
ហាមប្រើ
ករណីប្រើនៅក្នុងការព្យាបាលជំងឺពុកឆ្អឹង (Osteoporosis):
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ ឬ ឱសថBisphosphonateផ្សេងទៀត។
・អ្នកដែលមានបញ្ហាតម្រងនោមធ្ងន់ធ្ងរ (Ccr ក្រោម35mL/min)។
・អ្នកដែលកំពុងស្ថិតក្នុងស្ថានភាពខ្សោះជាតិទឹកក្នុងរាងកាយ (អ្នកដែលកំពុងមានអាការៈក្ដៅខ្លួនខ្លាំង ឬ រាករូសខ្លាំង ឬ ក្អួចចង្អោរ ។ល។)
・អ្នកដែលមានកម្រិតកាល់ស្យូមក្នុងឈាមចុះទាប។
・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ។ករណីប្រើនៅក្នុងការព្យាបាលផ្សេងទៀត:
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ ឬ ឱសថBisphosphonateផ្សេងទៀត។
・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ។ -
ផលរំខាន
ផលរំខានរួមមាន ក្ដៅខ្លួន ចង់ក្អួត អស់កម្លាំង ឈឺក្បាល ឈឺឆ្អឹង ឈឺសន្លាក់ ឡើងកន្ទួលក្រហមឬស្នាមក្រហមលើស្បែក រមាស់ ហើមត្របកភ្នែកនិងជុំវិញមាត់ ពិបាកដកដង្ហើម កន្ទាលត្រអាក។ល។
ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។
- បរិមាណទឹកនោមថយចុះ ហើម ស្ងួតក ញ័រដៃ (មុខងារតម្រងនោមចុះខ្សោយ រលាកតម្រងនោមប្រភេទInterstitial nephritis ជំងឺFanconi syndrome)
- ហើមពេញខ្លួន ពិបាកដកដង្ហើមនៅពេលទម្រេតខ្លួន (ជំងឺខ្សោយបេះដូងប្រភេទCongestive heart failure)
- សាច់ដុំកន្ត្រាក់ គ្មានកម្លាំងសាច់ដុំ ស្ពឹក មិនស្គាល់ទីកន្លែងឬពេលវេលា បេះដូងលោតញាប់ (រោគសញ្ញានៃកម្រិតកាល់ស្យូមក្នុងឈាមចុះទាប)
- ក្ដៅខ្លួន ក្អកស្ងួត ពិបាកដកដង្ហើម (ជំងឺរលាកសួតប្រភេទInterstitial pneumonia)
- ឈឺឬហើមចង្កា ស្ពឹកនៅចង្កា ធ្ងន់ចង្កា ធ្មេញរង្គើ ហើមអញ្ចាញធ្មេញ ក្ដៅខ្លួន (ជំងឺខូចឆ្អឹងចង្កា រលាកឆ្អឹងចង្កា)
- រលាកនៅត្រចៀកផ្នែកខាងក្រៅ មានទឹករងៃហូរចេញពីត្រចៀក ឈឺត្រចៀក មិនស្រួលក្នុងត្រចៀក រមាស់ឬក្ដៅក្នុងត្រចៀក (ជំងឺខូចឆ្អឹងរន្ធត្រចៀក)
- ឈឺនៅភ្លៅឬគល់ភ្លៅ (បាក់ឬប្រេះឆ្អឹងភ្លៅ)។
-
អន្តរប្រតិកម្ម
ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។
・ឱសថប្រភេទCalcitonin - អាចធ្វើអោយកម្រិតកាល់ស្យូមនៅក្នុងឈាមកើនឡើងខ្ពស់ភ្លាមៗ។
・ឱសថប្រឆាំងបាក់តេរីប្រភេទAminoglycoside - អាចធ្វើអោយកម្រិតកាល់ស្យូមនៅក្នុងឈាមធ្លាក់ចុះករណីប្រើឱសថនេះរយៈពេលយូរ។
・ឱសថCinacalcet - អាចធ្វើអោយកម្រិតកាល់ស្យូមនៅក្នុងឈាមធ្លាក់ចុះ។
-
ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ មិនត្រូវប្រើប្រាស់ឱសថនេះទេ។
・ស្ត្រីបំបៅដោះកូន មិនគួរប្រើប្រាស់ឱសថនេះទេ ព្រោះសារធាតុឱសថអាចជ្រៀតចូលក្នុងទឹកដោះម្តាយ។ ប្រសិនបើចាំបាច់ត្រូវប្រើឱសថនេះ ស្ត្រីគួរផ្អាកការបំបៅបណ្តោះអាសន្នក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។
-
ការប្រុងប្រយ័ត្នជាពិសេស
・មុនចាប់ផ្ដើមប្រើប្រាស់ឱសថនេះ អ្នកជំងឺគួរទទួលការពិនិត្យមាត់ធ្មេញ ហើយប្រសិនបើមានបញ្ហាមាត់ធ្មេញដែលត្រូវការដកធ្មេញឬវះកាត់ អ្នកជំងឺគួរធ្វើការព្យាបាលមាត់ធ្មេញចប់រួចរាល់ជាមុនសិន ព្រោះការដកធ្មេញជាដើមអាចធ្វើអោយផលរំខាននៃឱសថនេះរប៉ះពាល់ដល់ចង្កាងាយនឹងកើតឡើង។ ម្យ៉ាងទៀត អ្នកជំងឺគួររក្សាអនាម័យមាត់ធ្មេញជានិច្ច ព្រមទាំងទទួលការពិនិត្យសុខភាពមាត់ធ្មេញអោយបានទៀងទាត់។
・អ្នកជំងឺពុកឆ្អឹងគួរបរិភោគអាហារដែលមានជាតិកាល់ស្យូមអោយបានគ្រប់គ្រាន់។
-
សកម្មភាពឱសថ
នៅក្នុងឆ្អឹងមានកោសិកា2ប្រភេទ គឺកោសិកាបំបែកឆ្អឹង និង កោសិកាផលិតឆ្អឹង។ ឱសថនេះមានប្រសិទ្ធិភាពបង្អាក់ដំណើរការនៃវដ្ដអាស៊ីតមេវ៉ាឡូនិច(Mevalonate pathway)និងប្រតិកម្មផ្សេងៗទៀតនៅក្នុងកោសិកាបំបែកឆ្អឹង ធ្វើអោយកោសិកានេះមិនអាចធ្វើសកម្មភាពរំលាយឆ្អឹងបាន។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp