Zanamivir hydrate
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
ប្រភេទឱសថ
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
- ការប្រុងប្រយ័ត្នជាពិសេស
- សកម្មភាពឱសថ
-
ប្រសិទ្ធិភាពព្យាបាល
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលឬបង្ការជំងឺផ្ដាសាយធំ(Influenza) ប្រភេទA និង ប្រភេទB។
-
កម្រិតប្រើប្រាស់
ថ្នាំបាញ់ស្រូបតាមមាត់:
・សម្រាប់ការព្យាបាល:
មនុស្សពេញវ័យនិងកុមារ:ប្រើ1ដង 10mg, 1ថ្ងៃ2ដង រយៈពេល5ថ្ងៃ ដោយប្រើឧបករណ៍សម្រាប់ប្រើជាមួយឱសថនេះក្នុងការបាញ់បញ្ចេញសារធាតុឱសថ។ គួរចាប់ផ្ដើមប្រើឱសថនេះក្នុងអំឡុងពេល2ថ្ងៃ(48ម៉ោង)បន្ទាប់ពីកើតមានរោគសញ្ញាផ្ដាសាយធំ។
・សម្រាប់ការបង្ការ:
មនុស្សពេញវ័យនិងកុមារ:ប្រើ1ថ្ងៃ1ដង 10mg រយៈពេល10ថ្ងៃ ដោយប្រើឧបករណ៍សម្រាប់ប្រើជាមួយឱសថនេះក្នុងការបាញ់បញ្ចេញសារធាតុឱសថ។
-
ហាមប្រើ
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។
-
ផលរំខាន
ផលរំខានរួមមាន រាករូស ឡើងកន្ទួលក្រហម ក្អួតចង្អោរ ឃានវិញាណខុសប្រក្រតី ហើមមុខ រមាស់ស្បែក ។ល។
ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។
- សម្ពាធឈាមធ្លាក់ចុះ ពិបាកដកដង្ហើម ហើមបំពង់ក (រោគប្រតិកម្មធ្ងន់ធ្ងរ)
- ដង្ហក់ ដកដង្ហើមលឺសម្លេងខ្លាំងៗ ពិបាកដកដង្ហើម (អាការៈនៃបំពង់ខ្យល់រួមតូច)
- ក្ដៅខ្លួន ភ្នែកក្រហម ឡើងកន្ទួលក្រហមរាមូលឬរាងពងក្រពើ (ជំងឺនៃបណ្តុំរោគសញ្ញាលើស្បែកភ្នាសនិងភ្នែក(Muco-cutaneo-ocular syndrome) ជំងឺស្លាប់កោសិកាស្បែក(TEN)ជាដើម)។
-
ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ គួរប្រើឱសថនេះក្នុងករណីចាំបាច់តែប៉ុណ្ណោះ។
・ស្ត្រីបំបៅដោះកូន មិនគួរប្រើប្រាស់ឱសថនេះទេ ព្រោះសារធាតុឱសថអាចជ្រៀតចូលក្នុងទឹកដោះម្តាយ។ ប្រសិនបើចាំបាច់ត្រូវប្រើឱសថនេះ ស្ត្រីគួរផ្អាកការបំបៅបណ្តោះអាសន្នក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។
-
ការប្រុងប្រយ័ត្នជាពិសេស
・ត្រូវចាប់ផ្តើមប្រើឱសថនេះដើម្បីព្យាបាលជំងឺផ្ដាសាយធំនៅក្នុងអំឡុងពេល48ថ្ងៃបន្ទាប់ពីចេញរោគសញ្ញា។ ការចាប់ផ្ដើមប្រើឱសថព្យាបាលនៅក្រោយចេញរោគសញ្ញារយៈពេល48ថ្ងៃ អាចនឹងមិនបង្ហាញប្រសិទ្ធិភាពព្យាបាលនោះទេ។
・ករណីអ្នកជំងឺកំពុងប្រើថ្នាំព្យាបាលជំងឺផ្លូវដង្ហើមរ៉ាំរ៉ៃប្រភេទស្រូបតាមមាត់ដូចគ្នា អ្នកជំងឺគួរប្រើឱសថទាំងនោះមុនប្រើឱសថនេះ។
・អ្នកជំងឺផ្ដាសាយធំជាកុមារនិងមនុស្សវ័យជំទង់ អាចមានអាការៈបង្ហាញសកម្មភាពខុសប្រក្រតីផ្សេងៗ ធ្វើអោយដួលឬជួបឧទ្ទវហេតុផ្សេងៗ ដូច្នេះ គួរមានអ្នកមើលថែទាំស្ថិតនៅជាមួយអ្នកជំងឺ យ៉ាងហោចណាស់2ថ្ងៃបន្ទាប់ពីពេលចាប់ផ្ដើមមានអាការៈក្ដៅខ្លួននិង2ថ្ងៃក្រោយចាប់ផ្តើមប្រើប្រាស់ឱសថនេះ។
・អ្នកដែលគួរប្រើឱសថនេះបង្ការការឆ្លងជំងឺពីអ្នកស្នាក់នៅជាមួយដែលកើតជំងឺផ្ដាសាយធំ រួមមាន:
(1) មនុស្សចាស់អាយុចាប់ពី65ឆ្នាំឡើងទៅ
(2) អ្នកដែលមានជំងឺបេះដូងរ៉ាំរ៉ៃ
(3) អ្នកដែលមានជំងឺទឹកនោមផ្អែម ឬ ជំងឺតម្រងនោម។
ហើយគួរចាប់ផ្ដើមប្រើឱសថនេះក្នុងអំឡុងពេល36ម៉ោងបន្ទាប់ពីប៉ះពាល់អ្នកជំងឺ។
・ប្រសិទ្ធិភាពបង្ការជំងឺផ្ដាសាយធំរបស់ឱសថនេះគឺអាចបន្តត្រឹមក្នុងអំឡុងពេលប្រើឱសថនេះតែប៉ុណ្ណោះ មានន័យថា ឱសថនេះមិនមានប្រសិទ្ធិភាពជំនួសអោយការចាក់វ៉ាក់សាំងនោះទេ។
-
សកម្មភាពឱសថ
ជាឱសថប្រឆាំងវីរុសផ្ដាសាយធំ(Influenza virus A & B) ដោយមានប្រសិទ្ធិភាពបង្អាក់សកម្មភាពរបស់អង់ស៊ីមNeuraminidaseដែលស្ថិតនៅលើវីរុស ធ្វើអោយវីរុសដែលកើតថ្មីមិនអាចចេញពីកោសិកាដែលឆ្លងវីរុសនោះដើម្បីបន្តកកើតចំនួននៅកោសិកាផ្សេងទៀតបាន។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp