Teriparatide acetate
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
ប្រភេទឱសថ
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- អន្តរប្រតិកម្ម
- ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
- ការប្រុងប្រយ័ត្នជាពិសេស
- សកម្មភាពឱសថ
-
ប្រសិទ្ធិភាពព្យាបាល
ជាទូទៅ ឱសថនេះប្រើនៅក្នុងបម្រើបម្រាស់ដូចខាងក្រោម៖
- ការព្យាបាលជំងឺពុកឆ្អឹង(Osteoporosis)ដែលមានហានិភ័យនៃការបាក់ឆ្អឹងខ្ពស់ (អ្នកដែលមានកំហាប់ឆ្អឹងទាប ធ្លាប់បាក់ឆ្អឹង វ័យចំណាស់ ។ល។)។
- ការពិនិត្យ Ellsworth-Howard។
-
កម្រិតប្រើប្រាស់
ថ្នាំចាក់:
・ករណីប្រើនៅក្នុងការព្យាបាលជំងឺពុកឆ្អឹង(Osteoporosis)ដែលមានហានិភ័យនៃការបាក់ឆ្អឹងខ្ពស់ (អ្នកដែលមានកំហាប់ឆ្អឹងទាប ធ្លាប់បាក់ឆ្អឹង វ័យចំណាស់ ។ល។):
មនុស្សពេញវ័យ:ប្រើ1សប្ដាហ៍1ដង 56.5μg(Teriparatide) ពង្រាវក្នុងសេរ៉ូមប្រៃ(Saline)1mL រួចចាក់ក្រោមស្បែក។ រយៈពេលអតិបរមានៃការប្រើប្រាស់ឱសថនេះគឺត្រឹម 24ខែ។ ឬ ប្រើ1ដង 28.2μg(Teriparatide) 2សប្ដាហ៍1ដង ចាក់ក្រោមស្បែក ដោយទុកគម្លាត3~4ថ្ងៃរវាងការប្រើម្ដងៗក្នុងករណីនេះ។ រយៈពេលអតិបរមានៃការប្រើប្រាស់ឱសថនេះគឺត្រឹម 24ខែ។
・ករណីប្រើនៅក្នុងការពិនិត្យ Ellsworth-Howard:
ជាទូទៅ ប្រើក្នុងកម្រិត 1ដង 100 ខ្នាត លាយនៅក្នុងសេរ៉ូមប្រៃ(Saline)បរិមាណ3mL រួចចាក់តាមសរសៃវ៉ែន។ ចំពោះកុមារដែលមានផ្ទៃក្រលារាងកាយតិចជាង 1m2 ត្រូវប្រើឱសថនេះក្នុងកម្រិត 100 ខ្នាត/m2។
-
ហាមប្រើ
ករណីប្រើនៅក្នុងការព្យាបាលជំងឺពុកឆ្អឹង(Osteoporosis)ដែលមានហានិភ័យនៃការបាក់ឆ្អឹងខ្ពស់ (អ្នកដែលមានកំហាប់ឆ្អឹងទាប ធ្លាប់បាក់ឆ្អឹង វ័យចំណាស់ ។ល។):
・អ្នកដែលមានហានិភ័យខ្ពស់នៅក្នុងការកើតមានជំងឺមហារីកឆ្អឹង(Osteosarcoma) :
(1)អ្នកដែលមានជំងឺផាជិតឆ្អឹង(Paget's disease of bone)
(2)អ្នកដែលមានកម្រិតនៃអង់ស៊ីមAlkaline phosphataseខ្ពស់នៅក្នុងរាងកាយដោយមិនដឹងមូលហេតុច្បាស់លាស់
(3)កុមារឬមនុស្សវ័យក្មេងដែលខ្សែឆ្អឹងខ្ចីនៅមិនទាន់បិទភ្ជិត
(4)អ្នកដែលធ្លាប់ទទួលការព្យាបាលដោយប្រើវិទ្យុសកម្មដែលអាចមានឥទ្ធិពលទៅលើឆ្អឹង។
・អ្នកដែលមានកម្រិតកាល់ស្យូមខ្ពស់នៅក្នុងឈាម។
・អ្នកដែលមានជំងឺមហារីកឆ្អឹង (រួមទាំង មហារីកឆ្អឹងដែលរាលដាលពីសរីរាង្គផ្សេង)។
・អ្នកដែលមានជំងឺទាក់ទងនឹងប្រតិកម្មផលិតឬរំលាយឆ្អឹង ក្រៅអំពីជំងឺពុកឆ្អឹង(ជំងឺកើនឡើងនៃមុខងារក្រពេញប៉ារ៉ាទីរ៉ូអ៊ីត ជាដើម)។
・អ្នកដែលមានរោគប្រតិកម្មជាមួយនឹងសារធាតុឱសថនេះ ឬ ឱសថប្រភេទTeriparatideផ្សេងទៀត។
・ស្ត្រីមានផ្ទៃពោះ ឬ ស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ។
ករណីប្រើនៅក្នុងការពិនិត្យ Ellsworth-Howard:
・អ្នកដែលមានកម្រិតកាល់ស្យូមខ្ពស់នៅក្នុងឈាម។
・ស្ត្រីមានផ្ទៃពោះ ឬ ស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ។
・អ្នកដែលមានរោគប្រតិកម្មជាមួយនឹងសារធាតុឱសថនេះ។
-
ផលរំខាន
ផលរំខានរួមមាន ក្អួតចង្អោរ ឈឺក្បាល រួយខ្លួន មិនស្រួលក្នុងពោះ វិលមុខ ឡើងកន្ទួលក្រហម កន្ទាលត្រអាក រលាកភ្នែក រលាកច្រមុះ រមាស់ស្បែក។ល។
ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។
- ពិបាកដកដង្ហើម កន្ទាលត្រអាក ឡើងកន្ទួលក្រហមនិងរមាស់នៅលើស្បែក ហើមភ្នែកនិងជុំវិញបបូរមាត់ (រោគប្រតិកម្មធ្ងន់ធ្ងរ)
- ទឹកមុខស្លេកស្លាំង បែកញើសទាំងត្រជាក់ ងងឹតមុខ វិលមុខ ដង្ហក់ (អាការៈប្រតិកម្មធ្ងន់ធ្ងរ(Shock) បាត់បង់ស្មារតី)។
-
អន្តរប្រតិកម្ម
ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។
・ឱសថបង្កើនសកម្មភាពបេះដូង (Metildigoxin, Digoxin, Digitoxin ជាដើម) - អាចធ្វើអោយប៉ះពាល់ដល់មុខងារបេះដូង ដោយសារកម្រិតកាល់ស្យូមនៅក្នុងឈាមកើនឡើងខ្ពស់។
・ឱសថប្រភេទវីតាមីនដេ(Alfacalcidol, Calcitriol, Eldecalcitol, Maxacalcitol, Falecalcitriol ជាដើម) - អាចធ្វើអោយកម្រិតកាល់ស្យូមនៅក្នុងឈាមកើនឡើងខ្ពស់។
-
ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
・ស្ត្រីមានផ្ទៃពោះ ស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ មិនត្រូវប្រើប្រាស់ឱសថនេះទេ។ ចំពោះស្ត្រីដែលអាចមានផ្ទៃពោះ គួរប្រើប្រាស់ឱសថនេះក្នុងករណីចាំបាច់តែប៉ុណ្ណោះ និង គួរប្រើវិធីពន្យារកំណើតក្នុងអំឡុងពេលនៃការប្រើប្រាស់ឱសថនេះ។ ម្យ៉ាងទៀត ប្រសិនបើពិនិត្យឃើញថាមានផ្ទៃពោះ ត្រូវបញ្ឈប់ការប្រើឱសថនេះ។
-
ការប្រុងប្រយ័ត្នជាពិសេស
・ក្រោយពេលប្រើប្រាស់ឱសថនេះភ្លាមឬប៉ុន្មានម៉ោងបន្ទាប់ពីនោះ អ្នកជំងឺអាចមានអាការៈវិលមុខ ងងឹតមុខ បេះដូងលោតញាប់ ចង់ក្អួត ទឹកមុខស្លេកស្លាំង ឬ កន្ត្រាក់សាច់ដុំមួយរយៈពេលខ្លី។ ដូច្នេះ អ្នកជំងឺគួររក្សាឥរិយាបថអង្គុយឬទម្រេតខ្លួនរយៈពេល30នាទីក្រោយប្រើប្រាស់ឱសថនេះ។ ហើយត្រូវប្រុងប្រយ័ត្នជាពិសេសនៅពេលបើកបរឬបញ្ជាម៉ាស៊ីនដែលមានគ្រោះថ្នាក់ជាដើម។
・ជាទូទៅ រយៈពេលសរុបនៃការប្រើប្រាស់ឱសថនេះគឺកំណត់ត្រឹម24ខែប៉ុណ្ណោះ ទោះក្នុងករណីអ្នកជំងឺចាប់ផ្ដើមប្រើឡើងវិញបន្ទាប់ពីផ្អាកមួយរយៈក៏ដោយ។
・ប្រសិនបើពិនិត្យឃើញឬមានរោគសញ្ញានៃការលើសជាតិកាល់ស្យូមនៅក្នុងឈាម(ទល់លាមក បាត់បង់ចំណង់អាហារ ក្អួតចង្អោរ ឈឺពោះ ខ្សោយសាច់ដុំ រមាស់ស្បែក ឆាប់ម៉ូរម៉ៅ) ត្រូវផ្អាកការប្រើប្រាស់ឱសថនេះ។
・ចំពោះស្ត្រីដែលអាចមានផ្ទៃពោះ គួរប្រើប្រាស់ឱសថនេះក្នុងករណីចាំបាច់តែប៉ុណ្ណោះ និង គួរប្រើវិធីពន្យារកំណើតក្នុងអំឡុងពេលនៃការប្រើប្រាស់ឱសថនេះ។ ម្យ៉ាងទៀត ប្រសិនបើពិនិត្យឃើញថាមានផ្ទៃពោះ ត្រូវបញ្ឈប់ការប្រើឱសថនេះ។
-
សកម្មភាពឱសថ
ឱសថនេះជាអរម៉ូនប៉ារ៉ាទីរ៉ូអ៊ីតដែលត្រូវបានសំយោគឡើង និង មានសកម្មភាពដូចទៅនឹងអរម៉ូនប៉ារ៉ាទីរ៉ូអ៊ីតនៅក្នុងរាងកាយ។ អរម៉ូននេះមានប្រសិទ្ធិភាពបង្កើនចំនួនកោសិកាឆ្អឹងថ្មីៗ ដើម្បីធ្វើអោយកំហាប់ឆ្អឹងកើនឡើងនិងកាត់បន្ថយហានិភ័យនៃការបាក់ឆ្អឹង។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp