Teicoplanin

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ផលរំខាន
    • អន្តរប្រតិកម្ម
    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
    • ការប្រុងប្រយ័ត្នជាពិសេស
    • សកម្មភាពឱសថ
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺបណ្តាលមកពីបាក់តេរី MRSA ដូចជា អាការៈប្រតិកម្មធ្ងន់ធ្ងរប្រឆាំងនឹងការឆ្លងមេរោគចូលក្នុងឈាម(Sepsis) ជំងឺឆ្លងនៅស្រទាប់ជ្រៅនៃស្បែក ជំងឺខ្ទុះលើស្បែករ៉ាំរ៉ៃ ជំងឺមុនខ្ទុះលើស្បែក ជំងឺឆ្លងមេរោគបណ្ដាលមកពីរបួសក្រៅឬការរលាកភ្លើងឬការវះកាត់ ជំងឺរលាកសួត ជំងឺខ្ទុះក្នុងទ្រូង ជំងឺឆ្លងមេរោគបណ្ដាលមកពីជំងឺផ្លូវដង្ហើមរ៉ាំរ៉ៃ។

    • កម្រិតប្រើប្រាស់

      ថ្នាំចាក់:

      -មនុស្សពេញវ័យ:នៅថ្ងៃដំបូង ប្រើ1ថ្ងៃ400mgឬ800mg បែងចែកជា2ដងក្នុង1ថ្ងៃ។ បន្ទាប់ពីនោះ ប្រើ1ថ្ងៃ1ដង 200mgឬ400mg ដោយព្យួរសេរ៉ូមតាមសរសៃវ៉ែនរយៈពេលចាប់ពី30នាទីឡើង។ ចំពោះអាការៈប្រតិកម្មធ្ងន់ធ្ងរប្រឆាំងនឹងការឆ្លងមេរោគចូលក្នុងឈាម(Sepsis) នៅថ្ងៃដំបូង ប្រើ1ថ្ងៃ800mg បែងចែកជា2ដងក្នុង1ថ្ងៃ បន្ទាប់ពីនោះ ប្រើ1ថ្ងៃ1ដង 400mg ដោយព្យួរសេរ៉ូមតាមសរសៃវ៉ែនរយៈពេលចាប់ពី30នាទីឡើង។

      -កុមារនិងទារក:ប្រើ 10mg/kg រៀងរាល់12ម៉ោង ចំនួន3ដង។ បន្ទាប់ពីនោះ ប្រើ6~10mg/kg(ករណីរោគសញ្ញាធ្ងន់ធ្ងរដូចជាអាការៈប្រតិកម្មធ្ងន់ធ្ងរប្រឆាំងនឹងការឆ្លងមេរោគចូលក្នុងឈាម(Sepsis)ជាដើម ប្រើ10mg/kg) រៀងរាល់24ម៉ោង ដោយព្យួរសេរ៉ូមតាមសរសៃវ៉ែនរយៈពេលចាប់ពី30នាទីឡើង។

      -ទារកទើបកើត(រួមទាំងទារកកើតមិនគ្រប់ខែ):នៅលើកដំបូងប្រើ16mg/kg។ បន្ទាប់ពីនោះ ប្រើ8mg/kg រៀងរាល់24ម៉ោង ដោយព្យួរសេរ៉ូមតាមសរសៃវ៉ែនរយៈពេលចាប់ពី30នាទីឡើង។

      គ្រប់ករណី អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុ ទម្ងន់ និងរោគសញ្ញារបស់អ្នកជំងឺ។

    • ហាមប្រើ

      ・អ្នកដែលមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។

      ជាគោលការណ៍ អ្នកជំងឺដូចខាងក្រោមនេះមិនគួរប្រើឱសថនេះទេ។ ប្រសិនបើចាំបាច់ត្រូវប្រើ ត្រូវតាមដានផលរំខានឱសថអោយបានដិតដល់។

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងឱសថប្រភេទVancomycin ឱសថប្រឆាំងបាក់តេរីប្រភេទប៉ិបទីត ឱសថប្រឆាំងបាក់តេរីប្រភេទAminoglycoside។

      ・អ្នកដែលមានបញ្ហាត្រចៀកធ្ងន់ដោយសារឱសថប្រភេទVancomycin ឱសថប្រឆាំងបាក់តេរីប្រភេទប៉ិបទីត ឱសថប្រឆាំងបាក់តេរីប្រភេទAminoglycoside ឬ មានបញ្ហាត្រចៀកធ្ងន់ដោយសារមូលហេតុផ្សេងទៀត។

    • ផលរំខាន

      ផលរំខានរួមមាន ឡើងកន្ទួលក្រហម ក្តៅខ្លួន ស្បែកនិងភ្នែកឡើងលឿង អាការៈខ្វះឈាម សម្ពាធឈាមធ្លាក់ចុះឬកើនឡើង ចង្វាក់បេះដូងកើនឡើង ។ល។

      ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។

      - ពិបាកដកដង្ហើម កន្ត្រាក់នៅបំពង់ខ្យល់ រោគសញ្ញានៃការហើមប៉ោងនៅស្រទាប់ក្រោមនៃស្បែក(Angioedema) (រោគប្រតិកម្មធ្ងន់ធ្ងរ)

      - វិលមុខ ហ៊ឹងត្រចៀក សមត្ថភាពស្ដាប់ធ្លាក់ចុះ (ប្រព័ន្ធប្រសាទទី8មានបញ្ហា)

      - ហើម បរិមាណទឹកនោមថយចុះ ស្ងួតក (មុខងារតម្រងនោមធ្លាក់ចុះ)

      - ស្បែកឡើងក្រហមនិងរលាត់ ក្តៅខ្លួនខ្លាំង ភ្នែកក្រហម (ជំងឺនៃបណ្តុំរោគសញ្ញាលើស្បែកភ្នាសនិងភ្នែក(Muco-cutaneo-ocular syndrome) ជំងឺស្លាប់កោសិកាស្បែក(TEN)) ជាដើម)

      - ឈឺបំពង់ក ក្តៅខ្លួនខ្លាំង ចេញឈាមតាមអញ្ចាញធ្មេញ (ជំងឺប្លាកែតថយចុះ ជំងឺគ្រាប់ឈាមសថយចុះ )

    • អន្តរប្រតិកម្ម

      ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។

      ・ថ្នាំបញ្ចុះទឹកនោមប្រភេទLoop (Loop diuretic) រួមមាន Ethacrynic acid, Furosemide - អាចធ្វើអោយងាយកើតមានផលរំខានប៉ះពាល់ដល់តម្រងនោមនិងសមត្ថភាពស្តាប់របស់ត្រចៀក

      ・ថ្នាំដែលមានផលប៉ះពាល់ខ្លាំងដល់តម្រងនោមឬប្រព័ន្ធត្រចៀក ដូចជាឱសថប្រឆាំងបាក់តេរីប្រភេទAminoglycoside ឱសថប្រឆាំងបាក់តេរីប្រភេទPeptide, ឱសថAmphotericin B, Cyclosporin, Cisplatin ជាដើម - អាចធ្វើអោយមានផលរំខានកាន់តែធ្ងន់ធ្ងរ

    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន

      ・ស្ត្រីមានផ្ទៃពោះ គួរប្រើឱសថនេះក្នុងករណីចាំបាច់តែប៉ុណ្ណោះ។

      ・ស្ត្រីបំបៅដោះកូន មិនគួរប្រើប្រាស់ឱសថនេះទេ ព្រោះសារធាតុឱសថអាចជ្រៀតចូលក្នុងទឹកដោះម្តាយ។ ប្រសិនបើចាំបាច់ត្រូវប្រើឱសថនេះ ស្ត្រីគួរផ្អាកការបំបៅបណ្តោះអាសន្នក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។

    • ការប្រុងប្រយ័ត្នជាពិសេស

      ・ការចាក់បញ្ចូលថ្នាំភ្លាមៗធ្វើអោយមានផលរំខានរបស់ឱសថកើតឡើង ដូច្នេះ ត្រូវចាក់បញ្ចូលក្នុងល្បឿនយឺតដោយព្យួរសេរ៉ូមរយៈពេល30នាទី។

      ・សម្រាប់ថ្នាំចាក់ ត្រូវចៀសវាងការលាយជាមួយថ្នាំខាងក្រោម ព្រោះការលាយធ្វើអោយកើតមានកករ:

      Gabexate, Minocycline, Amphotericin B

      ・មិនត្រូវលាយជាមួយថ្នាំCefotiamទេ ព្រោះធ្វើអោយសកម្មភាពរបស់Teicoplaninធ្លាក់ចុះ ដូច្នេះត្រូវចាក់បញ្ចូលថ្នាំនីមួយៗផ្សេងពីគ្នា

      ・មានការកំណត់ជាច្រើនទាក់ទងនឹងការលាយថ្នាំ សូមពិនិត្យខ្លឹមសារលម្អិតបន្ថែម។

    • សកម្មភាពឱសថ

      ជាឱសថប្រឆាំងបាក់តេរីប្រភេទគ្លីកូប៉ិបទីត(Glycopeptide antibiotic) ដោយមានប្រសិទ្ធិភាពបង្អាក់សកម្មភាពបង្កើតភ្នាសកោសិកាក្រៅ របស់បាក់តេរី ធ្វើអោយបាក់តេរីមិនអាចកើនចំនួនបាន ដោយមានប្រសិទ្ធិភាពប្រឆាំងចំពោះបាក់តេរីMRSAផងដែរ។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp