Tazobactam + Piperacillin

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ផលរំខាន
    • អន្តរប្រតិកម្ម
    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
    • ការប្រុងប្រយ័ត្នជាពិសេស
    • សកម្មភាពឱសថ
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺបណ្តាលមកពីបាក់តេរី ដូចជា អាការៈប្រតិកម្មធ្ងន់ធ្ងរប្រឆាំងនឹងការឆ្លងមេរោគចូលក្នុងឈាម(Sepsis) ជំងឺឆ្លងនៅស្រទាប់ជ្រៅនៃស្បែក ជំងឺឆ្លងមេរោគបណ្ដាលមកពីរបួសរលាត់ឬដំបៅ ជំងឺរលាកសួត ជំងឺរលាកប្លោកនោមស្មុគស្មាញ ជំងឺរលាកតម្រងនោមប្រភេទPyelonephritis ជំងឺរលាកស្រោមពោះ ជំងឺខ្ទុះក្នុងប្រហោងពោះ ជំងឺរលាកថង់ទឹកប្រមាត់ ជំងឺរលាកបំពង់ទឹកប្រមាត់ ជំងឺគ្រាប់ឈាមសណឺត្រូហ្វីលថយចុះលក្ខណៈក្ដៅខ្លួន(Febrile neutropenia)។

    • កម្រិតប្រើប្រាស់

      ថ្នាំចាក់:

      ・ជំងឺឆ្លងបាក់តេរីទូទៅ:

      1) អាការៈប្រតិកម្មធ្ងន់ធ្ងរប្រឆាំងនឹងការឆ្លងមេរោគចូលក្នុងឈាម(Sepsis) ជំងឺរលាកសួត ជំងឺរលាកស្រោមពោះ ជំងឺខ្ទុះក្នុងប្រហោងពោះ ជំងឺរលាកថង់ទឹកប្រមាត់ និង ជំងឺរលាកបំពង់ទឹកប្រមាត់:

      - មនុស្សពេញវ័យៈ ប្រើ1ដង4.5g(កម្រិតសរុបនៃសារធាតុឱសថទាំងពីរ) 1ថ្ងៃ3ដង ដោយព្យួរសេរ៉ូមតាមសរសៃវ៉ែន។ ករណីជំងឺរលាកសួត អាចបង្កើនកម្រិតដល់ប្រើ1ថ្ងៃ4ដងទៅតាមរោគសញ្ញានិងសភាពធ្ងន់ធ្ងរ។ ម្យ៉ាងទៀត អាចប្រើវិធីចាក់តាមសរសៃវ៉ែនក្នុងល្បឿនយឺត ករណីចាំបាច់។

      - កុមារ:ប្រើ1ដង112.5mg/kg 1ថ្ងៃ3ដង ដោយព្យួរសេរ៉ូមតាមសរសៃវ៉ែន។ អាចប្រើវិធីចាក់តាមសរសៃវ៉ែនក្នុងល្បឿនយឺត ករណីចាំបាច់។ ហើយអាចបន្ថយកម្រិតប្រើប្រាស់ក្នុង1ដង ទៅតាមរោគសញ្ញានិងសភាពធ្ងន់ធ្ងរ។ កម្រិតអតិបរមាប្រើក្នុង1ដងគឺ4.5g។

      2) ជំងឺឆ្លងនៅស្រទាប់ជ្រៅនៃស្បែក ជំងឺឆ្លងមេរោគបណ្ដាលមកពីរបួសរលាត់ឬដំបៅ:

      ប្រើ1ដង4.5g(កម្រិតសរុបនៃសារធាតុឱសថទាំងពីរ) 1ថ្ងៃ3ដង ដោយព្យួរសេរ៉ូមតាមសរសៃវ៉ែន។ អាចប្រើវិធីចាក់តាមសរសៃវ៉ែនក្នុងល្បឿនយឺត ករណីចាំបាច់។

      3) ជំងឺរលាកប្លោកនោមស្មុគស្មាញ ជំងឺរលាកតម្រងនោមប្រភេទPyelonephritis:

      - មនុស្សពេញវ័យៈ ប្រើ1ដង4.5g(កម្រិតសរុបនៃសារធាតុឱសថទាំងពីរ) 1ថ្ងៃ2ដង ដោយព្យួរសេរ៉ូមតាមសរសៃវ៉ែន។ អាចបង្កើនកម្រិតដល់ប្រើ1ថ្ងៃ3ដងទៅតាមរោគសញ្ញានិងសភាពធ្ងន់ធ្ងរ។ ម្យ៉ាងទៀត អាចប្រើវិធីចាក់តាមសរសៃវ៉ែនក្នុងល្បឿនយឺត ករណីចាំបាច់។

      - កុមារ:ប្រើ1ដង112.5mg/kg 1ថ្ងៃ2ដង ដោយព្យួរសេរ៉ូមតាមសរសៃវ៉ែន។ អាចប្រើវិធីចាក់តាមសរសៃវ៉ែនក្នុងល្បឿនយឺត ករណីចាំបាច់។ ហើយអាចបន្ថយកម្រិតប្រើប្រាស់ក្នុង1ដង ឬ បង្កើនកម្រិតប្រើប្រាស់ដោយប្រើ1ថ្ងៃ3ដង ទៅតាមរោគសញ្ញានិងសភាពធ្ងន់ធ្ងរ។ កម្រិតអតិបរមាប្រើក្នុង1ដងគឺ4.5g។

      ・ ជំងឺគ្រាប់ឈាមសណឺត្រូហ្វីលថយចុះលក្ខណៈក្ដៅខ្លួន(Febrile neutropenia):

      - មនុស្សពេញវ័យៈ ប្រើ1ដង4.5g(កម្រិតសរុបនៃសារធាតុឱសថទាំងពីរ) 1ថ្ងៃ4ដង ដោយព្យួរសេរ៉ូមតាមសរសៃវ៉ែន។ អាចប្រើវិធីចាក់តាមសរសៃវ៉ែនក្នុងល្បឿនយឺត ករណីចាំបាច់។

      - កុមារ:ប្រើ1ដង90mg/kg 1ថ្ងៃ4ដង ដោយព្យួរសេរ៉ូមតាមសរសៃវ៉ែន។ អាចប្រើវិធីចាក់តាមសរសៃវ៉ែនក្នុងល្បឿនយឺត ករណីចាំបាច់។ កម្រិតអតិបរមាប្រើក្នុង1ដងគឺ4.5g។

    • ហាមប្រើ

      ・អ្នកដែលមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះឬឱសថប្រភេទពេនីស៊ីលីនផ្សេងទៀត។

      ・អ្នកដែលកំពុងមានជំងឺ Infectious mononucleosis ។

    • ផលរំខាន

      ផលរំខានរួមមាន រាករូស ក្អួតចង្អោរ ក្តៅខ្លួន ទល់លាមក ឡើងកន្ទួលក្រហម បញ្ហាមុខងារថ្លើម ឈឺក្បាល បញ្ហាតម្រងនោម។ល។

      ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។

      - ពិបាកដកដង្ហើម អាការៈហឺត រមាស់ (រោគប្រតិកម្មធ្ងន់ធ្ងរ)

      - កន្ទួលក្រហមលើស្បែក ភ្នែកក្រហម ឈឺក្នុងមាត់ (ជំងឺនៃបណ្តុំរោគសញ្ញាលើស្បែកភ្នាសនិងភ្នែក(Muco-cutaneo-ocular syndrome) ជំងឺស្លាប់កោសិកាស្បែក(TEN)) ជាដើម)

      - អស់កម្លាំង បាត់បង់ចំណង់អាហារ ស្បែកឬភ្នែកឡើងពណ៌លឿង (រលាកថ្លើម ខាន់លឿង មុខងារថ្លើមថយចុះ)

      - ហើម បរិមាណទឹកនោមថយចុះ បាត់បង់ចំណង់អាហារ (រលាកតម្រងនោម)

      - ឈឺបំពង់ក អាការៈខ្វះឈាម ហូរឈាមច្រមុះឬនៅតាមអញ្ចាញ (ជំងឺប្លាកែតថយចុះ ជំងឺគ្រាប់ឈាមសថយចុះ ជំងឺខ្វះឈាមប្រភេទHemolytic anemia)

    • អន្តរប្រតិកម្ម

      ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។

      ・ថ្នាំបញ្ចុះជាតិអាស៊ីតProbenecid - អាចធ្វើអោយហានិភ័យនៃការកើតមានផលរំខានកើនឡើង

      ・ថ្នាំព្យាបាលជំងឺរលាកសន្លាក់Rheumatism (ថ្នាំMethotrexate) - កាត់បន្ថយការបញ្ចេញចោលនៃថ្នាំMethotrexate ធ្វើអោយកម្រិតនៃសារធាតុថ្នាំនៅក្នុងឈាមកើនឡើង

      ・ថ្នាំប្រឆាំងកំណកឈាម Warfarin - អាចធ្វើអោយហានិភ័យនៃការហូរឈាមកើនឡើង

      ・ថ្នាំប្រឆាំងមេរោគVancomycin - អាចបង្កើនហានិភ័យនៃការកើតមានបញ្ហាតម្រងនោម

    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន

      ・ស្ត្រីមានផ្ទៃពោះ គួរប្រើឱសថនេះក្នុងករណីចាំបាច់តែប៉ុណ្ណោះ។

      ・ស្ត្រីបំបៅដោះកូន មិនគួរប្រើប្រាស់ឱសថនេះទេ ព្រោះសារធាតុឱសថអាចជ្រៀតចូលក្នុងទឹកដោះម្តាយ។ ប្រសិនបើចាំបាច់ត្រូវប្រើឱសថនេះ ស្ត្រីគួរផ្អាកការបំបៅបណ្តោះអាសន្នក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។

    • ការប្រុងប្រយ័ត្នជាពិសេស

      ・នៅពេលលាយថ្នាំចាក់ - ត្រូវប្រើស្រោមដៃដើម្បីការពាររោគប្រតិកម្មដោយសារការប៉ះពាល់ឱសថនេះនៅពេលលាយ។

      ・ត្រូវប្រើឱសថភ្លាមៗបន្ទាប់ពីការរលាយ

      ・ឱសថនេះអាចមានប្រតិកម្មជាមួយនឹងឱសថប្រឆាំងបាក់តេរីប្រភេទAminoglycoside ដូច្នេះមិនត្រូវលាយបញ្ចូលគ្នាទេ។ ប្រសិនបើត្រូវប្រើរួមគ្នា គួរចាក់បញ្ចូលតាមផ្លូវផ្សេងពីគ្នា។ ក្រៅពីនេះ ការលាយឱសថនេះជាមួយឱសថមួយចំនួនផ្សេងទៀត អាចធ្វើអោយឡើងកករឬប្រតិកម្មផ្សេងទៀត ដូច្នេះសូមស្វែងរកព័ត៌មានបន្ថែមដើម្បីដឹងអំពីឱសថដែលមិនគួរប្រើលាយគ្នា។

      ・នៅពេលចាក់បញ្ចូលថ្នាំ - អាចបង្កអាការៈឈឺចាប់ឬរលាកនៅសរសៃឈាម ឬបង្កជាកំណកឈាម ដូច្នេះ ត្រូវប្រុងប្រយ័ត្នអំពីកន្លែងដែលត្រូវចាក់ របៀបចាក់ និង ត្រូវចាក់បញ្ចូលដោយយឺតៗ។

    • សកម្មភាពឱសថ

      Piperacillin ជាឱសថប្រឆាំងបាក់តេរីប្រភេទពេនីស៊ីលីន ដោយបង្អាក់សកម្មភាពបង្កើតភ្នាសកោសិការបស់បាក់តេរី ធ្វើអោយបាក់តេរីមិនអាចកើនចំនួនបាន។

      Tazobactam ជាសារធាតុដែលមានប្រសិទ្ធិភាពបង្អាក់សកម្មភាពរបស់អង់ស៊ីមβ-lactamase ធ្វើអោយប្រសិទ្ធិភាពប្រឆាំងមេរោគមានលំនឹង មិនងាយបាត់បង់ប្រសិទ្ធិភាព។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp