Methotrexate
- Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
- 
            Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)ប្រភេទឱសថ- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- អន្តរប្រតិកម្ម
- ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
- ការប្រុងប្រយ័ត្នជាពិសេស
- សកម្មភាពឱសថ
 - 
                    ប្រសិទ្ធិភាពព្យាបាលករណីថ្នាំលេប: ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម៖ ・ជំងឺមហារីកគ្រាប់ឈាមស(Leukemia)លក្ខណៈស្រួចស្រាវ ・ជំងឺមហារីកគ្រាប់ឈាមស(Leukemia)លក្ខណៈរ៉ាំរ៉ៃ ・ជំងឺមហារីកគ្រាប់ឈាមសនៃប្រព័ន្ធទឹករងៃ(Lymphocytic leukemia)លក្ខណៈរ៉ាំរ៉ៃ ・ជំងឺមហារីកគ្រាប់ឈាមសប្រភេទខួរឆ្អឹង(Myelocytic leukemi)លក្ខណៈរ៉ាំរ៉ៃ ・ជំងឺទាក់ទងនឹងChorionic villus(សរីរាង្គដែលជាបណ្ដុំនៃសរសៃឈាមសម្រាប់ការផ្លាស់ប្ដូរសារធាតុចិញ្ចឹមនៅក្នុងសុករបស់ស្ត្រីមានផ្ទៃពោះ) រួមមាន ជំងឺChoriocarcinoma ជំងឺDestructive hydatidiform mole និង ជំងឺHydatidiform mole។ ・ជំងឺរូម៉ាទីសនៅសន្លាក់(Rheumatoid arthritis) ・ជំងឺរលាកសន្លាក់នៅវ័យក្មេង(Juvenile idiopathic arthritis, JIA)។ ករណីថ្នាំចាក់: ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម៖ ・ជំងឺមហារីកគ្រាប់ឈាមស(Leukemia)លក្ខណៈស្រួចស្រាវ ・ជំងឺមហារីកគ្រាប់ឈាមស(Leukemia)លក្ខណៈរ៉ាំរ៉ៃ ・ជំងឺមហារីកគ្រាប់ឈាមសនៃប្រព័ន្ធទឹករងៃ(Lymphocytic leukemia)លក្ខណៈរ៉ាំរ៉ៃ ・ជំងឺមហារីកគ្រាប់ឈាមសប្រភេទខួរឆ្អឹង(Myelocytic leukemi)លក្ខណៈរ៉ាំរ៉ៃ ・ជំងឺទាក់ទងនឹងChorionic villus(សរីរាង្គដែលជាបណ្ដុំនៃសរសៃឈាមសម្រាប់ការផ្លាស់ប្ដូរសារធាតុចិញ្ចឹមនៅក្នុងសុករបស់ស្ត្រីមានផ្ទៃពោះ) រួមមាន ជំងឺChoriocarcinoma ជំងឺDestructive hydatidiform mole និង ជំងឺHydatidiform mole ・ជំងឺមហារីកសុដន់ (ការព្យាបាលដោយCMF) ・ជំងឺមហារីកនៅផ្លូវនោម (ការព្យាបាលដោយM-VAC) ・ជំងឺដុំសាច់មហារីក(Sarcoma) នៅឆ្អឹង សាច់ដុំ សរសៃឈាម សន្លាក់ សរសៃប្រសាទ។ល។ (ការព្យាបាលដោយMethotrexate-leucovorin rescue therapy) ・កាត់បន្ថយការជ្រៀតចូលនៃកោសិកាមហារីកឈាមទៅសរីរាង្គពងស្វាសឬទៅប្រព័ន្ធសរសៃប្រសាទ(ការព្យាបាលដោយMethotrexate-Leucovorin rescue therapy) ・ជំងឺមហារីកក្រពះ (ការព្យាបាលដោយMethotrexate-Fluorouracil)។ 
- 
                    កម្រិតប្រើប្រាស់ករណីថ្នាំលេប: ・ជំងឺមហារីកគ្រាប់ឈាមស(Leukemia): - មនុស្សពេញវ័យ:លេប1ថ្ងៃ5~10mg 1សប្ដាហ៍3~6ថ្ងៃ។ - កុមារ:លេប1ថ្ងៃ2.5~5mg 1សប្ដាហ៍3~6ថ្ងៃ។ - កុមារតូច លេប1ថ្ងៃ1.25~2.5mg 1សប្ដាហ៍3~6ថ្ងៃ។ ・ជំងឺទាក់ទងនឹងChorionic villus: កំណត់5ថ្ងៃសម្រាប់1វដ្ដនៃការប្រើឱសថនេះ ដោយមនុស្សពេញវ័យ លេប1ថ្ងៃ10~30mg។ ផ្អាកការប្រើឱសថរយៈពេល 7~12ថ្ងៃ ប៉ុន្តែ ប្រសិនបើអ្នកជំងឺកើតមានផលរំខាន ត្រូវផ្អាកប្រើឱសថរហូតដល់ផលរំខានធូរស្បើយទៅវិញ។ ・ជំងឺរូម៉ាទីសនៅសន្លាក់(Rheumatoid arthritis) : លេបក្នុងកម្រិត6mg/1សប្ដាហ៍ ដោយប្រើ1ដងក្នុង1សប្ដាហ៍ឬបែងចែកជា2~3ដងក្នុង1សប្ដាហ៍។ ករណីបែងចែកកម្រិតប្រើប្រាស់ជាច្រើនដងក្នុង1សប្ដាហ៍ ត្រូវទុកគម្លាតរយៈពេល12ម៉ោងរវាងការប្រើនីមួយៗ គិតពីថ្ងៃដំបូងដល់ថ្ងៃទីពីរនៃការប្រើប្រាស់ឱសថ។ ករណីបែងចែកកម្រិតប្រើប្រាស់ជា1~2ដងក្នុង1សប្ដាហ៍ ត្រូវផ្អាកប្រើឱសថរយៈពេល6ថ្ងៃដែលនៅសល់ ហើយករណីបែងចែកកម្រិតប្រើប្រាស់ជា3ដងក្នុង1សប្ដាហ៍ ត្រូវផ្អាកប្រើឱសថរយៈពេល5ថ្ងៃដែលនៅសល់។ ត្រូវអនុវត្តដូចនេះរៀងរាល់1សប្ដាហ៍។ កម្រិតអតិបរមាប្រើក្នុង1សប្ដាហ៍គឺ16mg។ ・ជំងឺរលាកសន្លាក់នៅវ័យក្មេង(Juvenile idiopathic arthritis, JIA): លេបក្នុងកម្រិត4~10mg/m2/1សប្ដាហ៍ ដោយប្រើ1ដងក្នុង1សប្ដាហ៍ឬបែងចែកជា2~3ដងក្នុង1សប្ដាហ៍។ ករណីបែងចែកកម្រិតប្រើប្រាស់ជាច្រើនដងក្នុង1សប្ដាហ៍ ត្រូវទុកគម្លាតរយៈពេល12ម៉ោងរវាងការប្រើនីមួយៗ គិតពីថ្ងៃដំបូងដល់ថ្ងៃទីពីរនៃការប្រើប្រាស់ឱសថ។ ករណីបែងចែកកម្រិតប្រើប្រាស់ជា1~2ដងក្នុង1សប្ដាហ៍ ត្រូវផ្អាកប្រើឱសថរយៈពេល6ថ្ងៃដែលនៅសល់ ហើយករណីបែងចែកកម្រិតប្រើប្រាស់ជា3ដងក្នុង1សប្ដាហ៍ ត្រូវផ្អាកប្រើឱសថរយៈពេល5ថ្ងៃដែលនៅសល់។ ត្រូវអនុវត្តដូចនេះរៀងរាល់1សប្ដាហ៍។ ករណីថ្នាំចាក់: ・ជំងឺមហារីកគ្រាប់ឈាមស(Leukemia)លក្ខណៈស្រួចស្រាវ ជំងឺមហារីកគ្រាប់ឈាមសនៃប្រព័ន្ធទឹករងៃលក្ខណៈរ៉ាំរ៉ៃ (Chronic lymphocytic leukemia) ជំងឺមហារីកគ្រាប់ឈាមសប្រភេទខួរឆ្អឹងលក្ខណៈរ៉ាំរ៉ៃ (Chronic myelogenous leukemia): ចំពោះកុមារតូច ប្រើ1ថ្ងៃ1.25~2.5mg 1សប្ដាហ៍3~6ថ្ងៃ។ ចំពោះកុមារ ប្រើ1ថ្ងៃ2.5~5mg 1សប្ដាហ៍3~6ថ្ងៃ។ ចំពោះមនុស្សពេញវ័យ ប្រើ1ថ្ងៃ5~10mg 1សប្ដាហ៍3~6ថ្ងៃ។ ចាក់តាមសរសៃវ៉ែន ក្នុងចន្លោះខួរឆ្អឹង ឬ ក្នុងសាច់ដុំ។ អាចចាក់តាមសរសៃអាកទែរឬក្នុងសាច់មហារីក ទៅតាមការចាំបាច់។ ចំពោះករណីមានរោគសញ្ញានៅស្រទាប់ខួរឆ្អឹងដោយសារការរាលដាលនៃជំងឺមហារីកគ្រាប់ឈាមសទៅដល់ស្រទាប់ខួរឆ្អឹង ប្រើ1ដង0.2~0.4mg/kg រៀងរាល់2~7ថ្ងៃ ចាក់ក្នុងចន្លោះខួរឆ្អឹង។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។ ・ជំងឺទាក់ទងនឹងChorionic villus: កំណត់5ថ្ងៃសម្រាប់1វដ្ដនៃការប្រើឱសថ ដោយប្រើ1ថ្ងៃ10~30mg។ ផ្អាកការប្រើឱសថរយៈពេល7~12ថ្ងៃ ប៉ុន្តែ ប្រសិនបើអ្នកជំងឺកើតមានផលរំខាន ត្រូវផ្អាកប្រើឱសថរហូតដល់ផលរំខានធូរស្បើយទៅវិញ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។ ・ជំងឺមហារីកសុដន់ (ការព្យាបាលដោយCMF): ប្រើរួមជាមួយឱសថCyclophosphamide និង ឱសថFluorouracil ដោយប្រើឱសថMethotrexateក្នុងកម្រិត1ដង40mg/m2 ចាក់តាមសរសៃវ៉ែន។ ប្រសិនបើក្រោយការប្រើឱសថលើកមុន អ្នកជំងឺកើតមានផលរំខាន ត្រូវបន្ថយកម្រិតឱសថឬក៏ផ្អាកប្រើឱសថរហូតដល់ផលរំខានធូរស្បើយទៅវិញ។ ជាទូទៅ ការព្យាបាលដោយCMFរួមមានការលេបឱសថCyclophosphamideក្នុងកម្រិត1ថ្ងៃ65mg/m2 រយៈពេល14ថ្ងៃជាប់គ្នា ការប្រើឱសថMethotrexateក្នុងកម្រិត1ថ្ងៃ40mg/m2 នៅថ្ងៃទី1និងថ្ងៃទី8ដោយចាក់តាមសរសៃវ៉ែន និង ការប្រើឱសថFluorouracil ក្នុងកម្រិត1ថ្ងៃ500mg/m2 នៅថ្ងៃទី1និងថ្ងៃទី8ដោយចាក់តាមសរសៃវ៉ែន។ ត្រូវអនុវត្តវដ្តនីមួយៗរៀងរាល់4សប្ដាហ៍។ ・ជំងឺមហារីកនៅប្រព័ន្ធតម្រងនោម (ការព្យាបាលដោយM-VAC): ប្រើរួមជាមួយឱសថVinblastine sulfate ឱសថDoxorubicin hydrochlorideនិង ឱសថCisplatin ដោយប្រើឱសថMethotrexateក្នុងកម្រិត1ដង30mg/m2 ចាក់តាមសរសៃវ៉ែន។ ប្រសិនបើក្រោយការប្រើឱសថលើកមុន អ្នកជំងឺកើតមានផលរំខាន ត្រូវបន្ថយកម្រិតឱសថឬក៏ផ្អាកប្រើឱសថរហូតដល់ផលរំខានធូរស្បើយទៅវិញ។ ជាទូទៅ ការព្យាបាលដោយM-VACរួមមានការប្រើឱសថMethotrexateក្នុងកម្រិត1ថ្ងៃ30mg/m2 នៅថ្ងៃទី1 ទី15និងថ្ងៃទី22ដោយចាក់តាមសរសៃវ៉ែន ការប្រើឱសថVinblastine sulfateក្នុងកម្រិត1ថ្ងៃ3mg/m2 នៅថ្ងៃទី2 ទី15និងថ្ងៃទី22ដោយចាក់តាមសរសៃវ៉ែន ការប្រើឱសថDoxorubicin hydrochlorideក្នុងកម្រិត1ថ្ងៃ30mg/m2 នៅថ្ងៃទី2ដោយចាក់តាមសរសៃវ៉ែន និង ការប្រើឱសថCisplatinក្នុងកម្រិត1ថ្ងៃ70mg/m2 នៅថ្ងៃទី2ដោយចាក់តាមសរសៃវ៉ែន។ ត្រូវអនុវត្តវដ្តនីមួយៗរៀងរាល់4សប្ដាហ៍។ ・ជំងឺដុំសាច់មហារីក(Sarcoma) (ការព្យាបាលដោយMethotrexate-leucovorin rescue therapy): ប្រើឱសថMethotrexateក្នុងកម្រិត1ដង100~300mg/kgរៀងរាល់1សប្ដាហ៍ ដោយព្យួរសេរ៉ូមតាមសរសៃវ៉ែនរយៈពេលប្រហែល6ម៉ោង។ 3ម៉ោងបន្ទាប់ពីនោះ ប្រើឱសថLeucovorin ក្នុងកម្រិត1ដង15mg/kg ចាក់តាមសរសៃវ៉ែនរៀងរាល់3ម៉ោងម្ដង ចំនួន9ដង បន្ទាប់ពីនោះ ប្រើរៀងរាល់6ម៉ោងម្ដង ចំនួន8ដង ចាក់តាមសរសៃវ៉ែនឬចាក់ក្នុងសាច់ដុំ។ ករណីសង្ស័យថាកើតមានផលរំខានធ្ងន់ធ្ងរនៃឱសថMethotrexate ត្រូវបង្កើនកម្រិតនិងរយៈពេលនៃការប្រើប្រាស់ឱសថLeucovorin។ គម្លាតនៃការប្រើឱសថMethotrexateគឺ 1~4សប្ដាហ៍។ ・ជំងឺមហារីកគ្រាប់ឈាមសស្រួចស្រាវនិងជំងឺមហារីកកោសិកាទឹករងៃ(Malignant lymphoma)(ការព្យាបាលដោយMethotrexate-Leucovorin rescue therapy): ប្រើឱសថMethotrexateក្នុងកម្រិត1ដង30~100mg/kgរៀងរាល់1សប្ដាហ៍ ដោយព្យួរសេរ៉ូមតាមសរសៃវ៉ែនរយៈពេលប្រហែល6ម៉ោង។ 3ម៉ោងបន្ទាប់ពីបញ្ចប់ការប្រើឱសថMethotrexate ចាប់ផ្ដើមប្រើឱសថLeucovorin ក្នុងកម្រិត1ដង15mg/kg ចាក់តាមសរសៃវ៉ែនរៀងរាល់3ម៉ោងម្ដង ចំនួន9ដង បន្ទាប់ពីនោះ ប្រើរៀងរាល់6ម៉ោងម្ដង ចំនួន8ដង ចាក់តាមសរសៃវ៉ែនឬចាក់ក្នុងសាច់ដុំ។ ករណីសង្ស័យថាកើតមានផលរំខានធ្ងន់ធ្ងរនៃឱសថMethotrexate ត្រូវបង្កើនកម្រិតនិងរយៈពេលនៃការប្រើប្រាស់ឱសថLeucovorin។ គម្លាតនៃការប្រើឱសថMethotrexateគឺ 1~4សប្ដាហ៍។ ・ជំងឺមហារីកក្រពះ (ការព្យាបាលដោយMethotrexate-Fluorouracil): ប្រើឱសថMethotrexateក្នុងកម្រិត1ដង100mg/m2(3mg/kg) ចាក់តាមសរសៃវ៉ែន។ 1~3ម៉ោងបន្ទាប់ពីនោះ ប្រើឱសថFluorouracil ក្នុងកម្រិត1ដង600mg/m2(18mg/kg) ចាក់តាមសរសៃវ៉ែនឬព្យួរសេរ៉ូមតាមសរសៃវ៉ែន។ 24ម៉ោងបន្ទាប់ពីបញ្ចប់ការប្រើឱសថMethotrexate ចាប់ផ្ដើមប្រើឱសថLeucovorin ក្នុងកម្រិត1ដង15mg/kg ចាក់តាមសរសៃវ៉ែនឬចាក់ក្នុងសាច់ដុំឬដោយការលេប រៀងរាល់6ម៉ោងម្ដង ចំនួន2~6ដង(នៅ24ម៉ោង 30ម៉ោង 36ម៉ោង 42ម៉ោង 48ម៉ោង 54ម៉ោងបន្ទាប់ពីការប្រើឱសថMethotrexate)។ ករណីសង្ស័យថាកើតមានផលរំខានធ្ងន់ធ្ងរនៃឱសថMethotrexate ត្រូវបង្កើនកម្រិតនិងរយៈពេលនៃការប្រើប្រាស់ឱសថLeucovorin។ គម្លាតនៃការអនវុត្តការព្យាបាលនេះគឺ 1សប្ដាហ៍។ 
- 
                    ហាមប្រើករណីប្រើជាឱសថប្រឆាំងជំងឺមហារីក (Antineoplastics): ・អ្នកដែលធ្លាប់មានរោគប្រតិកម្មធ្ងន់ធ្ងរជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។ ・អ្នកដែលមានជំងឺថ្លើម - អាចធ្វើអោយជំងឺថ្លើមកាន់តែធ្ងន់ធ្ងរ។ ・អ្នកដែលមានជំងឺតម្រងនោម - អាចធ្វើអោយការបញ្ចេញចោលនូវសារធាតុឱសថថយចុះ និង ផ្ដល់ជាផលរំខានធ្ងន់ធ្ងរ។ ・អ្នកដែលមានជំងឺទឹកក្នុងទ្រូង ឬ ទឹកក្នុងពោះ - អាចធ្វើអោយស្ថានភាពជំងឺកាន់តែធ្ងន់ធ្ងរ។ ករណីប្រើជាឱសថព្យាបាលជំងឺរូម៉ាទីស (Antirheumatic drugs): ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។ ・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ។ ・ស្ត្រីកំពុងបំបៅដោះកូន។ ・អ្នកដែលមានបញ្ហាទាក់ទងនឹងមុខងារផលិតគ្រាប់ឈាមនៃខួរឆ្អឹង។ ・អ្នកដែលមានជំងឺថ្លើមរ៉ាំរ៉ៃ។ ・អ្នកដែលមានជំងឺតម្រងនោម។ ・អ្នកដែលមានអាការៈទឹកដក់ក្នុងទ្រូងឬក្នុងពោះ។ ・អ្នកដែលកំពុងមានអាការៈផ្សេងៗដោយសារជំងឺរបេង។ 
- 
                    ផលរំខានករណីប្រើជាឱសថប្រឆាំងជំងឺមហារីក (Antineoplastics): ផលរំខានរួមមាន ឡើងកន្ទួលក្រហម រមាស់ ជ្រុះរោមឬសក់ ដំបៅក្នុងមាត់ អាការៈខ្វះឈាម ក្ដៅខ្លួន ស្បែកងាយប្រតិកម្មនឹងពន្លឺព្រះអាទិត្យ។ល។ ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។ - ត្រជាក់ខ្លួន ពិបាកដកដង្ហើម សម្ពាធឈាមធ្លាក់ចុះ (រោគប្រតិកម្មធ្ងន់ធ្ងរ) - ក្ដៅខ្លួន ឈឺបំពង់ក អាការៈដូចផ្ដាសាយ (ប៉ះពាល់មុខងារខួរឆ្អឹង) - អស់កម្លាំង បាត់បង់ចំណង់អាហារ ស្បែកនិងភ្នែកឡើងពណ៌លឿង (មុខងារថ្លើមថយចុះ រលាកថ្លើម) - បរិមាណទឹកនោមថយចុះ ហើមមុខនិងខ្លួន ស្ងួតក (ប៉ះពាល់មុខងារតម្រងនោម ស្លាប់កោសិកានៃបំពង់ផលិតទឹកនោមក្នុងតម្រងនោម(Renal tubular necrosis)) - ក្ដៅខ្លួន ក្អកស្ងួត ពិបាកដកដង្ហើម (ជំងឺរលាកសួតPneumocystis pneumonia ជំងឺសួតឡើងរឹង ជំងឺទឹកក្នុងទ្រូង)។ ករណីប្រើជាឱសថព្យាបាលជំងឺរូម៉ាទីស (Antirheumatic drugs): ផលរំខានរួមមាន ដំបៅក្នុងមាត់ អស់កម្លាំង ចង់ក្អួត ឡើងកន្ទួលក្រហម រមាស់ស្បែក ក្ដៅខ្លួន កន្ទាលត្រអាក ស្បែកងាយប្រតិកម្មទៅនឹងពន្លឺព្រះអាទិត្យ។ល។ ប្រសិនបមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។ - ត្រជាក់ខ្លួន ពិបាកដកដង្ហើម សម្ពាធឈាមធ្លាក់ចុះ (រោគប្រតិកម្មធ្ងន់ធ្ងរ) - ក្ដៅខ្លួន ឈឺបំពង់ក អាការៈដូចផ្ដាសាយ (ប៉ះពាល់មុខងារផលិតគ្រាប់ឈាមនៃខួរឆ្អឹង ជំងឺឆ្លង) - បាត់បង់ចំណង់អាហារ អស់កម្លាំង ភ្នែកនិងស្បែកប្រែពណ៌លឿង (រលាកថ្លើម មុខងារថ្លើមចុះខ្សោយ) - បរិមាណទឹកនោមថយចុះ ហើមមុខនិងខ្លួន ស្ងួតក (មុខងារតម្រងនោមចុះខ្សោយ) - ក្ដៅខ្លួន ក្អកស្ងួត ពិបាកដកដង្ហើម (ជំងឺរលាកសួតប្រភេទInterstitial pneumonia ជំងឺក្រិនសួត ទឹកដក់ក្នុងទ្រូង) - ឈឺពោះខ្លាំង រាករូស (រលាកពោះវៀន) - ក្ដៅខ្លួន ឈឺផ្នែកខាងលើនៃពោះ ឈឺផ្នែកចង្កេះនិងខ្នង (រលាកលំពែង) - ក្ដៅខ្លួន ស្នាមក្រហមលើស្បែក ពងខ្ទុះឬពងទឹកឬរលាត់លើស្បែក (ជំងឺនៃបណ្តុំរោគសញ្ញាលើស្បែកភ្នាសនិងភ្នែក(Muco-cutaneo-ocular syndromeឬStevens-Johnson syndrome) ជំងឺស្លាប់កោសិកាស្បែក(TEN)ជាដើម)។ 
- 
                    អន្តរប្រតិកម្មករណីប្រើជាឱសថប្រឆាំងជំងឺមហារីក (Antineoplastics): ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។ ・ឱសថបំបាត់ការរលាកប្រភេទNSAIDs - អាចធ្វើអោយផលរំខាននៃឱសថMethotrexateងាយកើតឡើង។ ・ឱសថប្រឆាំងមេរោគប្រភេទSulfonamide, ឱសថTetracycline, Chloramphenicol, Phenytoin, Barbiturates, Sulfamethoxazole/Trimethoprim, Penicillin, Piperacillin, Probenecid, Ciprofloxacin, Leflunomide, Proton pump inhibitors - អាចធ្វើអោយផលរំខាននៃឱសថMethotrexateងាយកើតឡើង។ ・ឱសថPorfimer sodium - អាចធ្វើអោយមានផលរំខានជាអាការៈស្បែកងាយប្រតិកម្មទៅនឹងពន្លឺព្រះអាទិត្យ។ ករណីប្រើជាឱសថព្យាបាលជំងឺរូម៉ាទីស (Antirheumatic drugs): ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។ ・ឱសថប្រភេទNSAIDs, ឱសថប្រភេទSulfonamide, ឱសថTetracycline, ឱសថChloramphenicol, ឱសថPhenytoin, ឱសថBarbiturate, ឱសថSulfamethoxazole/Trimethoprim, ឱសថប្រភេទPenicillin, ឱសថProbenecid, ឱសថCiprofloxacin, ឱសថLeflunomide, ឱសថប្រភេទProton pump inhibitors - អាចធ្វើអោយងាយកើតមានផលរំខាននៃឱសថMethtrexate។ ករណីបែបនោះ គួរបញ្ឈប់ការប្រើប្រាស់ឱសថMethtrexate និង គួរប្រើប្រាស់សារធាតុCalcium folinateដើម្បីបន្សាប។ ・ឱសថPorfimer sodium - អាចធ្វើអោយកើតមានផលរំខានដោយស្បែកងាយប្រតិកម្មទៅនឹងពន្លឺព្រះអាទិត្យ។ 
- 
                    ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូនករណីប្រើជាឱសថប្រឆាំងជំងឺមហារីក (Antineoplastics): ・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ មិនគួរប្រើឱសថនេះទេ។ ・ស្ត្រីបំបៅដោះកូន មិនគួរប្រើប្រាស់ឱសថនេះទេ ព្រោះសារធាតុឱសថអាចជ្រៀតចូលក្នុងទឹកដោះម្តាយ។ ប្រសិនបើចាំបាច់ត្រូវប្រើឱសថនេះ ស្ត្រីគួរផ្អាកការបំបៅបណ្តោះអាសន្នក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។ ករណីប្រើជាឱសថព្យាបាលជំងឺរូម៉ាទីស (Antirheumatic drugs): ・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ មិនត្រូវប្រើប្រាស់ឱសថនេះទេ ព្រោះអាចប៉ះពាល់ដល់ទារកក្នុងផ្ទៃ។ ・ស្ត្រីបំបៅដោះកូន មិនត្រូវប្រើប្រាស់ឱសថនេះទេ ព្រោះសារធាតុឱសថអាចជ្រៀតចូលក្នុងទឹកដោះម្តាយ។ ・អ្នកជំងឺជាស្ត្រីដែលអាចមានផ្ទៃពោះឬជាបុរសដែលដៃគូរបស់គាត់អាចមានផ្ទៃពោះ គួរប្រើប្រាស់វិធីពន្យារកំណើតក្នុងអំឡុងពេលប្រើប្រាស់និងក្រោយឈប់ប្រើឱសថនេះយ៉ាងហោចណាស់រយៈពេល1ខែ ព្រោះសារធាតុឱសថអាចធ្វើអោយប៉ះពាល់ដល់ទារកក្នុងផ្ទៃ។ 
- 
                    ការប្រុងប្រយ័ត្នជាពិសេសករណីប្រើជាឱសថប្រឆាំងជំងឺមហារីក (Antineoplastics): ・ក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ អ្នកជំងឺមិនត្រូវចាក់វ៉ាក់សាំងរស់(Live vaccine)នោះទេ ព្រោះអាចនឹងងាយទទួលការឆ្លងមេរោគដែលនៅក្នុងវ៉ាក់សាំង។ ・វិធីបន្សាបនៅពេលប្រើប្រាស់ឱសថនេះហួសកម្រិតឬមានផលរំខានធ្ងន់ធ្ងរកើតឡើង:ប្រើឱសថCalcium folinate(Leucovorin calcium) បន្ថែមជាតិទឹកនិងធ្វើអោយទឹកនោមមានជាតិបាស(ដោយប្រើឱសថAcetazolamide ជាដើម)។ ករណីប្រើជាឱសថព្យាបាលជំងឺរូម៉ាទីស (Antirheumatic drugs): ・នៅក្នុងការប្រើប្រាស់ឱសថនេះ ត្រូវប្រុងប្រយ័ត្នជាពិសេសចំពោះផលរំខានធ្វើអោយកើតមានជំងឺឆ្លង ផលប៉ះពាល់ចំពោះសួតនិងប្រព័ន្ធឈាមនៅក្នុងរាងកាយ ព្រោះវាអាចធ្វើអោយមានគ្រោះថ្នាក់ដល់ជីវិតរបស់អ្នកជំងឺ។ ・អ្នកដែលមានមុខងារតម្រងនោមចុះខ្សោយងាយនឹងកើតមានផលរំខានពីឱសថនេះ។ ដូច្នេះ មុននឹងចាប់ផ្ដើមប្រើប្រាស់និងក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ គួរធ្វើការពិនិត្យមុខងារតម្រងនោមជាប្រចាំ។ ・គួរចៀសវាងប្រើឱសថនេះទាំងពោះទទេ ហើយគួរពិសាទឹកអោយបានច្រើន ព្រោះឱសថនេះអាចជាប់នៅបំពង់អាហារធ្វើអោយកើតជាដំបៅនៅបំពង់អាហារ។ ជាពិសេស គួរចៀសវាងពិសាឱសថនេះនៅមុនពេលចូលគេង។ ・អ្នកជំងឺជាស្ត្រីដែលអាចមានផ្ទៃពោះឬជាបុរសដែលដៃគូរបស់គាត់អាចមានផ្ទៃពោះ គួរប្រើប្រាស់វិធីពន្យារកំណើតក្នុងអំឡុងពេលប្រើប្រាស់និងក្រោយឈប់ប្រើឱសថនេះយ៉ាងហោចណាស់រយៈពេល1ខែ ព្រោះសារធាតុឱសថអាចធ្វើអោយប៉ះពាល់ដល់ទារកក្នុងផ្ទៃ។ 
- 
                    សកម្មភាពឱសថ・ឱសថនេះមានប្រសិទ្ធិភាពបង្អាក់ដំណើរការបំលែងអាស៊ីតហ្វូលិក(Folic acid)ទៅជាទម្រង់ដែលមានភាពសកម្មក្នុងប្រតិកម្មបង្កើតម៉ូលេគុលចាំបាច់មួយចំនួនសម្រាប់ការកើនចំនួនរបស់កោសិកាមហារីក។ ・ឱសថនេះមានប្រសិទ្ធិភាពទប់ស្កាត់សកម្មភាពនៃកោសិកាទឹករងៃដែលមានតួនាទីនៅក្នុងប្រព័ន្ធភាពស៊ាំនិងកោសិកាជាច្រើនផ្សេងទៀតដែលបង្កជាអាការៈរលាកផ្សេងៗនៅក្នុងរាងកាយ។ 
 
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp
