Metformin hydrochloride
ផលិតផល:
- Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
- 
            Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- អន្តរប្រតិកម្ម
- ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
- ការប្រុងប្រយ័ត្នជាពិសេស
- សកម្មភាពឱសថ
 - 
                    ប្រសិទ្ធិភាពព្យាបាលជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺទឹកនោមផ្អែមប្រភេទទី2 ក្នុងករណីដូចខាងក្រោម៖ ・មិនទទួលបានប្រសិទ្ធិភាពគ្រប់គ្រាន់ពីការព្យាបាលដោយរបបអាហារនិងការហាត់ប្រាណ។ ・មិនទទួលបានប្រសិទ្ធិភាពគ្រប់គ្រាន់ពីការព្យាបាលដោយរបបអាហារនិងការហាត់ប្រាណ និង ការប្រើឱសថស៊ុលហ្វូនីលយូរៀ (Sulfonylureas)។ 
- 
                    កម្រិតប្រើប្រាស់ថ្នាំលេប: - មនុស្សពេញវ័យ:ចាប់ផ្ដើមលេបពីកម្រិត1ថ្ងៃ500mg ដោយបែងចែកជា2~3ដងក្នុង1ថ្ងៃ ភ្លាមៗមុនបរិភោគអាហារ ឬ ក្រោយពេលបរិភោគអាហារ។ ជាទូទៅ កម្រិតប្រើជាប្រចាំគឺ1ថ្ងៃ 750~1500mg។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមការចាំបាច់ ដោយកម្រិតអតិបរមាប្រើក្នុង1ថ្ងៃគឺ2250mg។ - កុមារអាយុ10ឆ្នាំឡើងទៅ:ចាប់ផ្ដើមលេបពីកម្រិត1ថ្ងៃ500mg ដោយបែងចែកជា2~3ដងក្នុង1ថ្ងៃ ភ្លាមៗមុនបរិភោគអាហារ ឬ ក្រោយពេលបរិភោគអាហារ។ ជាទូទៅ កម្រិតប្រើជាប្រចាំគឺ1ថ្ងៃ 500~1500mg។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមការចាំបាច់ ដោយកម្រិតអតិបរមាប្រើក្នុង1ថ្ងៃគឺ2000mg។ 
- 
                    ហាមប្រើ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ ឬ ឱសថប្រភេទBiguanideផ្សេងទៀត។ ・អ្នកដែលងាយកើតមានបញ្ហានៃការកើនឡើងអាស៊ីតឡាក់តិច(Lactic Acid)នៅក្នុងឈាម ៖ (1) អ្នកដែលធ្លាប់កើតមានបញ្ហានេះពីមុនមក។ (2) អ្នកដែលមានជំងឺតម្រងនោមចាប់ពីកម្រិតមធ្យមឡើងទៅ។ (3) អ្នកដែលកំពុងទទួលការលាងឈាមជាប្រចាំ។ (4) អ្នកដែលមានជំងឺថ្លើមធ្ងន់ធ្ងរ។ (5) អ្នកដែលមានជំងឺធ្ងន់ធ្ងរទាក់ទងនឹងសរសៃឈាមបេះដូងឬមុខងារសួត (ជំងឺស្ទះសរសៃឈាមបេះដូង ជំងឺខ្សោយបេះដូង ជំងឺស្ទះសរសៃឈាមនៅក្នុងសួត ជាដើម) ឬ អ្នកដែលស្ថិតក្នុងស្ថានភាពដែលឈាមងាយខ្វះអុកស៊ីសែន។ (6) អ្នកដែលពិសារគ្រឿងស្រវឹងច្រើនហួសហេតុ។ (7) អ្នកដែលងាយស្ថិតក្នុងស្ថានភាពខ្វះជាតិទឹកដោយសារបញ្ហាក្រពះពោះវៀន ដូចជា រាករូស ក្អួតចង្អោរ ជាដើម។ ・អ្នកដែលកំពុងមានរោគសញ្ញានៃការកើនឡើងសារធាតុកេតូននៅក្នុងរាងកាយ(Ketosis)ធ្ងន់ធ្ងរ ឬ ស្ថិតក្នុងស្ថានភាពបាត់បង់ស្មារតីដោយសារជំងឺទឹកនោមផ្អែម ឬ អ្នកដែលមានជំងឺទឹកនោមផ្អែមប្រភេទទី1។ ・អ្នកដែលកំពុងមានជំងឺឆ្លងធ្ងន់ធ្ងរ ឬ ស្ថិតនៅមុននិងក្រោយពេលវះកាត់ ឬ កំពុងមានរបួសធ្ងន់ធ្ងរ។ ・អ្នកដែលស្ថិតក្នុងស្ថានភាពខ្វះសារធាតុចិញ្ចឹម បរិភោគមិនគ្រប់គ្រាន់ ទ្រុឌទ្រោម ឬ អ្នកដែលមានមុខងារក្រពេញPituitary glandឬក្រពញAdrenal glandចុះខ្សោយ។ ・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ។ 
- 
                    ផលរំខានផលរំខានរួមមាន រាករូស ចង់ក្អួត ឡើងកន្ទួលក្រហម រមាស់ បាត់បង់ចំណង់អាហារ ឈឺពោះ។ល។ ប្រសិនបមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។ - អាការៈទាក់ទងនឹងក្រពះពោះវៀនដូចជាក្អួតចង្អោរជាដើម អស់កម្លាំង ឈឺសាច់ដុំ (រោគសញ្ញានៃការកើនឡើងអាស៊ីតឡាក់តិច(Lactic acid)) - អស់កម្លាំង អារម្មណ៍ឃ្លានខ្លាំង បែកញើស ញ័រដៃជើង (កម្រិតជាតិស្ករក្នុងឈាមចុះទាបខ្លាំង) - អស់កម្លាំង បាត់បង់ចំណង់អាហារ ភ្នែកនិងស្បែកប្រែពណ៌លឿង រមាស់ (មុខងារថ្លើមចុះខ្សោយ ខាន់លឿង) - ឈឺ ស្ពឹក រឹងសាច់ដុំនៅដៃនិងជើង ទឹកនោមមានពណ៌ក្រហមត្នោត (ជំងឺរលាយសាច់ដុំ(Rhabdomyolysis))។ 
- 
                    អន្តរប្រតិកម្មឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។ ・សារធាតុអ៊ីយ៉ូតប្រើនៅក្នុងការថតកាំរស្មី - អាចធ្វើអោយកើតមានបញ្ហានៃការកើនឡើងអាស៊ីតឡាក់តិច(Lactic Acid)នៅក្នុងឈាម។ គួរផ្អាកការប្រើប្រាស់ឱសថ នៅពេលត្រូវប្រើសារធាតុនេះ។ ・ឱសថប្រឆាំងមេរោគដែលអាចប៉ះពាល់ដល់មុខងារតម្រងនោម(Gentamicin ជាដើម) - អាចធ្វើអោយកើតមានបញ្ហានៃការកើនឡើងអាស៊ីតឡាក់តិច(Lactic Acid)នៅក្នុងឈាម។ នៅពេលត្រូវប្រើរួមគ្នា គួរផ្អាកឬបន្ថយកម្រិតនៃការប្រើប្រាស់Metformin ។ ・ឱសថដែលមានសកម្មភាពបញ្ចុះទឹកនោម(ឱសថបញ្ចុះទឹកនោម, ឱសថប្រភេទSGLT2 Inhibitors ជាដើម) - អាចធ្វើអោយអ្នកជំងឺខ្សោះជាតិទឹកនិងកើតមានបញ្ហានៃការកើនឡើងអាស៊ីតឡាក់តិច(Lactic Acid)នៅក្នុងឈាម។ នៅពេលអ្នកជំងឺស្ថិតក្នុងស្ថានភាពខ្សោះជាតិទឹក គួរផ្អាកការប្រើប្រាស់Metforminនិងចាត់វិធានការព្យាបាលអោយបានសមស្រប។ ・ឱសថព្យាបាលជំងឺទឹកនោមផ្អែមផ្សេងទៀត - អាចធ្វើអោយកម្រិតជាតិស្ករក្នុងឈាមចុះទាបខ្លាំង។ ・ឱសថប្រភេទSalicylic acid (Aspirin, Sasapyrineជាដើម) - អាចធ្វើអោយកម្រិតជាតិស្ករក្នុងឈាមចុះទាបខ្លាំង។ ・ឱសថប្រភេទAnabolic steroids, ឱសថប្រភេទBeta blockers(Propranolol, Atenolol, Pindolol, Metoprololជាដើម), ឱសថទប់ស្កាត់សកម្មភាពអង់ស៊ីមMAO (Selegiline ជាដើម) - អាចធ្វើអោយកម្រិតជាតិស្ករក្នុងឈាមចុះទាបខ្លាំង។ ・ឱសថAdrenalin(ឬEpinephrine), ឱសថស្តេរ៉ូអ៊ីត(Methylprednisolone, Triamcinolone, Hydrocortisoneជាដើម), ឱសថនៃក្រពេញទីរ៉ូអ៊ីត(Levothyroxineជាដើម), ឱសថប្រភេទអរម៉ូនEstradiol(Ethinylestradiol, Estriolជាដើម), ឱសថបញ្ចុះទឹកនោម(Trichlormethiazide, Furosemideជាដើម), ឱសថPyrazinamide, ឱសថIsoniazid, ឱសថNicotinic acid, ឱសថប្រភេទPhenothiazines(Chlorpromazine, Fluphenazineជាដើម) - អាចធ្វើអោយប្រសិទ្ធិភាពបញ្ចុះកម្រិតជាតិស្ករក្នុងឈាមថយចុះ។ ・ឱសថCimetidine, ឱសថDolutegravir, ឱសថVandetanib - អាចធ្វើអោយកំហាប់ក្នុងឈាមនៃMetforminកើនឡើង បង្កជាផលរំខានផ្សេងៗ។ 
- 
                    ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ មិនត្រូវប្រើប្រាស់ឱសថនេះទេ ព្រោះអាចប៉ះពាល់ដល់ទារកក្នុងផ្ទៃ ហើយស្ត្រីមានផ្ទៃពោះងាយនឹងកើតមានបញ្ហានៃការកើនឡើងអាស៊ីតឡាក់តិច(Lactic Acid)នៅក្នុងឈាម។ ・ស្ត្រីបំបៅដោះកូន មិនគួរប្រើប្រាស់ឱសថនេះទេ ព្រោះសារធាតុឱសថអាចជ្រៀតចូលក្នុងទឹកដោះម្តាយ។ ប្រសិនបើចាំបាច់ត្រូវប្រើឱសថនេះ ស្ត្រីគួរផ្អាកការបំបៅបណ្តោះអាសន្នក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។ 
- 
                    ការប្រុងប្រយ័ត្នជាពិសេស・ការប្រើប្រាស់ឱសថនេះគឺសម្រាប់អ្នកដែលបានអនុវត្តការគ្រប់គ្រងរបបអាហារនិងលំហាត់ប្រាណសមស្របហើយប៉ុន្តែនៅមិនអាចទទួលបានប្រសិទ្ធិភាពគ្រប់គ្រាន់ក្នុងការគ្រប់គ្រងជាតិស្ករក្នុងឈាមតែប៉ុណ្ណោះ។ ម្យ៉ាងទៀត អ្នកជំងឺគួរបន្តអនុវត្តការគ្រប់គ្រងរបបអាហារនិងលំហាត់ប្រាណអោយបានសមស្រប ក្នុងអំឡុងពេលនៃការប្រើប្រាស់ឱសថនេះ។ ・នៅក្នុងការប្រើប្រាស់ឱសថនេះ ត្រូវប្រុងប្រយ័ត្នជាពិសេសចំពោះរោគសញ្ញានៃការកើនឡើងអាស៊ីតឡាក់តិច(Lactic Acid)នៅក្នុងឈាម ព្រោះវាអាចប៉ះពាល់ដល់អាយុជីវិតរបស់អ្នកជំងឺ។ ដើម្បីបង្ការបញ្ហានេះ អ្នកជំងឺត្រូវចៀសវាងការពិសារគ្រឿងស្រវឹងច្រើនហួសហេតុ និង ត្រូវមកទទួលការពិនិត្យនិងព្យាបាលនៅពេលមានអាការៈរាករូស ក្អួតចង្អោរ ក្ដៅខ្លួន ឬ បរិភោគអាហារមិនសូវបានគ្រប់គ្រាន់។ ម្យ៉ាងទៀត ត្រូវចងចាំនូវរោគសញ្ញានៃការកើនឡើងអាស៊ីតឡាក់តិចក្នុងឈាម ដើម្បីទទួលការព្យាបាលអោយបានទាន់ពេលវេលានៅពេលកើតមានបញ្ហានេះ។ ・ជាទូទៅ ឱសថនេះអាចប្រើនៅមុនពេលបរិភោគអាហារភ្លាម (ក្នុងអំឡុងពេល10នាទីមុនបរិភោគអាហារ) ឬ ក្រោយពេលបរិភោគអាហារ។ ・គួរចាប់ផ្ដើមប្រើឱសថនេះពីកម្រិតទាបឡើងទៅ ហើយប្រសិនបើមិនឃើញមានប្រសិទ្ធិភាពគ្រប់គ្រាន់ក្រោយប្រើប្រាស់រយៈពេល3ទៅ4ខែហើយនោះទេ គួរជ្រើសរើសវិធីព្យាបាលផ្សេងទៀត។ ・អ្នកដែលងាយទទួលរងនូវផលរំខាននៃឱសថ ធ្វើអោយកម្រិតជាតិស្ករក្នុងឈាមចុះទាបខ្លាំង ៖ (1) អ្នកដែលមានជំងឺថ្លើមឬតម្រងនោម (2) អ្នកដែលមានមុខងារក្រពេញPituitary glandឬក្រពញAdrenal glandចុះខ្សោយ (3) អ្នកដែលមិនបរិភោគអាហារឬបរិភោគអាហារមិនទៀងពេលវេលាឬមិនមានតុល្យភាពក្នុងរបបអាហារ (4) អ្នកដែលធ្វើលំហាត់ប្រាណខ្លាំងក្លា (5) អ្នកដែលពិសារគ្រឿងស្រវឹងច្រើន (6) មនុស្សចាស់ (7) អ្នកដែលកំពុងប្រើប្រាស់ឱសថដែលមានឥទ្ធិពលបញ្ចុះជាតិស្ករក្នុងឈាមផ្សេងទៀត។ ・នៅពេលកើតមានអាការៈផ្សេងៗដោយសារកម្រិតជាតិស្ករចុះទាបខ្លាំង គួរបរិភោគស្ករឬទឹកផ្លែឈើក្នុងបរិមាណសមស្របដើម្បីបង្កើនជាតិស្ករក្នុងឈាមឡើងវិញ។ ម្យ៉ាងទៀត អ្នកជំងឺគួរប្រុងប្រយ័ត្ននៅពេលបើកបរឬបញ្ជាម៉ាស៊ីនដែលមានគ្រោះថ្នាក់។ 
- 
                    សកម្មភាពឱសថឱសថនេះមិនមានសកម្មភាពភ្ញោចកោសិកាβរបស់ក្រពេញលំពែងដើម្បីបញ្ចេញអរម៉ូនអាំងស៊ុយលីននោះទេ ប៉ុន្តែ ឱសថនេះមានប្រសិទ្ធិភាពបញ្ចុះជាតិស្ករក្នុងឈាមតាមរយៈសកម្មភាពដូចខាងក្រោម៖ (1) ជម្រុញការស្រូបជាតិស្ករចូលទៅក្នុងកោសិកាសាច់ដុំជាដើមដើម្បីប្រើប្រាស់ជាថាមពល។ (2) បង្អាក់សកម្មភាពសំយោគគ្លុយកូសនៅក្នុងថ្លើម។ (3) បង្អាក់សកម្មភាពស្រូបជាតិស្ករពីអាហារនៅក្នុងពោះវៀនតូច។ល។ 
 
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp
