Haloperidol
- Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
- 
            Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)ប្រភេទឱសថ- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- អន្តរប្រតិកម្ម
- ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
- ការប្រុងប្រយ័ត្នជាពិសេស
- សកម្មភាពឱសថ
 - 
                    ប្រសិទ្ធិភាពព្យាបាលជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម៖ - ជំងឺវិកលចរឹត (Schizophrenia) - ជំងឺស្មារតីឡើងខ្ពស់ខុសប្រក្រតី (Mania)។ 
- 
                    កម្រិតប្រើប្រាស់ករណីថ្នាំលេប: មនុស្សពេញវ័យ:ចាប់ផ្ដើមលេបពី1ថ្ងៃ 0.75~2.25mg (ថ្នាំទឹក0.2%ត្រូវនឹង 0.375~1.125mL) រួចបង្កើនកម្រិតបន្តិចម្ដងៗ។ កម្រិតប្រើជាប្រចាំគឺ 1ថ្ងៃ3~6mg (ថ្នាំទឹក0.2%ត្រូវនឹង1.5~3mL)។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។ ករណីថ្នាំចាក់ (ប្រើពេលបន្ទាន់): មនុស្សពេញវ័យ:ប្រើ1ដង5mg 1ថ្ងៃ1~2ដង ចាក់ក្នុងសាច់ដុំឬចាក់តាមសរសៃវ៉ែន។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។ 
- 
                    ហាមប្រើ・អ្នកដែលកំពុងស្ថិតក្នុងស្ថានភាពបាត់បង់ស្មារតី(Coma)។ ・អ្នកជំងឺដែលកំពុងស្ថិតក្រោមឥទ្ធិពលនៃឱសថដែលមានសកម្មភាពទប់ស្កាត់ប្រព័ន្ធសរសៃប្រសាទ ដូចជាឱសថប្រភេទBarbiturates ឱសថសណ្ដំឬស្ពឹក ជាដើម។ ・អ្នកដែលមានជំងឺខ្សោយបេះដូងកម្រិតធ្ងន់ធ្ងរ។ ・អ្នកដែលមានជំងឺប៉ាឃីនសុន(Parkinson's disease) ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ ឬ ឱសថប្រភេទButyrophenone។ ・អ្នកជំងឺដែលកំពុងប្រើប្រាស់ឱសថAdrenaline (លើកលែងករណីដែលត្រូវប្រើឱសថAdrenalineសម្រាប់ព្យាបាលរោគប្រតិកម្មធ្ងន់ធ្ងរAnaphylaxisជាបន្ទាន់)។ ・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ។ 
- 
                    ផលរំខានផលរំខានរួមមាន បណ្ដុំរោគសញ្ញាប៉ាឃីនសុន(ញ័រដៃ សាច់ដុំរឹង) រោគសញ្ញានៃAkathisia(នៅមិនស្ងៀម ជាដើម) គេងមិនលក់ ឡើងកន្ទួលក្រហម កន្ទាលត្រអាក រមាស់ស្បែក ស្បែកងាយប្រតិកម្មទៅនឹងពន្លឺព្រះអាទិត្យ បំពង់កកន្ត្រាក់(ក្អកភ្លាមៗ) ។ល។ ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។ - រឹងសាច់ដុំ ជីពចរដើរលឿន ក្ដៅខ្លួន (Syndrome malin) - វិលមុខ បេះដូងលោតញាប់ ដង្ហក់ (ញ័រថតក្រោមនៃបេះដូង) - បាត់បង់ចំណង់អាហារ ចង់ក្អួត ក្អួត ទល់លាមកខ្លាំង (ជំងឺស្ទះពោះវៀនលក្ខណៈស្ពឹក) - ឈឺសាច់ដុំដៃនិងជើង ស្ពឹករឹង ទឹកនោមមានពណ៌ក្រហមត្នោត ( ជំងឺរលាយសាច់ដុំ(Rhabdomyolysis)) - មិនអាចគ្រប់គ្រងចលនាមុខនិងជុំវិញមាត់បាន (ជំងឺTardive dyskinesia) - សាច់ដុំកន្ត្រាក់ បាត់បង់ស្មារតី ចង់ក្អួត (SIADH) - ក្ដៅខ្លួន ឈឺបំពង់ក អស់កម្លាំង ឈាមច្រមុះ ឈាមតាមអញ្ចាញធ្មេញ ស្នាមជាំស្វាយក្រោមស្បែក (រោគសញ្ញានៃការស្ទះចរន្តឈាមក្នុងសួតដោយសារកំណកឈាម ឬ ការស្ទះចរន្តឈាមនៃសរសៃឈាមវ៉ែនផ្នែកជ្រៅ) - អស់កម្លាំង បាត់បង់ចំណង់អាហារ ភ្នែកនិងស្បែកប្រែពណ៌លឿង (មុខងារថ្លើមមានបញ្ហា ខាន់លឿង)។ 
- 
                    អន្តរប្រតិកម្ម・ឱសថAdrenaline - អាចធ្វើអោយកើតមានលទ្ធផលផ្ទុយពីសកម្មភាពនៃAdrenaline ដោយសម្ពាធឈាមនឹងធ្លាក់ចុះទាប។ ដូច្នេះ ហាមប្រើរួមគ្នា។(លើកលែងករណីប្រើនៅក្នុងការព្យាបាលរោគប្រតិកម្មធ្ងន់ធ្ងរAnaphylaxisជាបន្ទាន់) ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។ ・ឱសថដែលមានសកម្មភាពទប់ស្កាត់ប្រព័ន្ធសរសៃប្រសាទ(ឱសថប្រភេទBarbiturates ឱសថសណ្ដំឬស្ពឹក ជាដើម) - អាចធ្វើអោយសកម្មភាពទប់ស្កាត់ប្រព័ន្ធសរសៃប្រសាទនៃឱសថទាំងសងខាងកើនឡើង។ ・គ្រឿងស្រវឹង - អាចធ្វើអោយសកម្មភាពទប់ស្កាត់ប្រព័ន្ធសរសៃប្រសាទនៃឱសថទាំងសងខាងកើនឡើង។ ・ឱសថLithium - អាចធ្វើអោយកើតមានផលរំខានផ្សេងៗប៉ះពាល់ដល់មុខងារបេះដូងនិងខួរក្បាល។ ・ឱសថព្យាបាលជំងឺប៉ាឃីនសុនដែលមានសកម្មភាពប្រឆាំងសារធាតុអាសេទីកូលីន, ឱសថប្រភេទPhenothiazines, ឱសថព្យាបាលជំងឺបាក់ទឹកចិត្ត(Tricyclic antidepressants) - អាចធ្វើអោយផលរំខានដោយសារសកម្មភាពប្រឆាំងសារធាតុអាសេទីលកូលីន។ ・ឱសថដែលមានសកម្មភាពប្រឆាំងសារធាតុដូប៉ាមីន(Metoclopramide, Sulpiride, Tiapride, Domperidone ជាដើម) - អាចធ្វើអោយកើតមានផលរំខានទាក់ទងនឹងមុខងារនៃក្រពេញបញ្ចេញក្នុងជាដើម។ ・ឱសថTandospirone - អាចធ្វើអោយកើតមានផលរំខាននៃឱសថ។ ・ឱសថដែលបង្កើនសកម្មភាពអង់ស៊ីមCYP3A4 (Carbamazepine, Rifampicin ជាដើម) - អាចធ្វើអោយសកម្មភាពនៃHaloperidolថយចុះ។ ・ឱសថដែលទប់ស្កាត់សកម្មភាពអង់ស៊ីមCYP3A4 (Itraconazole ជាដើម), ឱសថដែលទប់ស្កាត់សកម្មភាពអង់ស៊ីមCYP2D6 (Quinidine, Promethazine, Chlorpromazine ជាដើម) - អាចធ្វើអោយសកម្មភាពនៃHaloperidolកើនឡើង បង្កជាផលរំខានផ្សេងៗ។ 
- 
                    ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ មិនត្រូវប្រើឱសថនេះទេ។ ・ស្ត្រីបំបៅដោះកូន មិនគួរប្រើប្រាស់ឱសថនេះទេ ព្រោះសារធាតុឱសថអាចជ្រៀតចូលក្នុងទឹកដោះម្តាយ។ ប្រសិនបើចាំបាច់ត្រូវប្រើឱសថនេះ ស្ត្រីគួរផ្អាកការបំបៅបណ្តោះអាសន្នក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។ 
- 
                    ការប្រុងប្រយ័ត្នជាពិសេស・នៅក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ អាចធ្វើអោយកើតមានអាការៈដូចជា ងងុយគេង មិនអាចផ្ដុំអារម្មណ៍បាន ជាដើម ដូច្នេះ គួរចៀសវាងការបើកបររថយន្តឬបញ្ជាម៉ាស៊ីនដែលមានគ្រោះថ្នាក់។ ・គ្រឿងស្រវឹងអាចធ្វើអោយសកម្មភាពឬផលរំខានរបស់ឱសថកើនឡើង ដូច្នេះ គួរចៀសវាងការពិសាគ្រឿងស្រវឹងនៅក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។ 
- 
                    សកម្មភាពឱសថឱសថនេះមានសកម្មភាពទប់ស្កាត់ដំណើរការនៃសរសៃប្រសាទដែលភ្ញោចដោយសារធាតុដូប៉ាមីន(Dopamine) សារធាតុន័រអាដ្រេណាលីន(Noradrenaline) ជាដើម។ 
 
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp
