Goserelin acetate
- Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
- 
            Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)ប្រភេទឱសថ- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
- ការប្រុងប្រយ័ត្នជាពិសេស
- សកម្មភាពឱសថ
 - 
                    ប្រសិទ្ធិភាពព្យាបាលជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម៖ - ជំងឺភ្នាសក្នុងស្បូន (Endometriosis) - ជំងឺមហារីកក្រពេញប្រូស្តាត - ជំងឺមហារីកសុដន់មុនអស់រដូវ 
- 
                    កម្រិតប្រើប្រាស់ថ្នាំចាក់: ・ករណីប្រើចំពោះជំងឺភ្នាសក្នុងស្បូន (Endometriosis): មនុស្សពេញវ័យ ប្រើក្នុងកម្រិត1ដង1.8mg ដោយចាក់ក្រោមស្បែកនៅផ្នែកខាងមុខនៃពោះ រៀងរាល់4សប្ដាហ៍(28ថ្ងៃ)។ ការចាក់លើកដំបូងចាំបាច់ត្រូវធ្វើឡើងនៅក្នុងអំឡុងពេលកំពុងមករដូវ។ ・ករណីប្រើចំពោះជំងឺមហារីកក្រពេញប្រូស្តាត និង ជំងឺមហារីកសុដន់មុនអស់រដូវ: មនុស្សពេញវ័យ ប្រើក្នុងកម្រិត1ដង3.6mg ដោយចាក់ក្រោមស្បែកនៅផ្នែកខាងមុខនៃពោះ រៀងរាល់4សប្ដាហ៍(28ថ្ងៃ)។ ឬ ប្រើក្នុងកម្រិត1ដង10.8mg ដោយចាក់ក្រោមស្បែកនៅផ្នែកខាងមុខនៃពោះ រៀងរាល់12~13សប្ដាហ៍(សម្រាប់ឱសថប្រភេទបញ្ចេញសារធាតុសកម្មយឺតៗ(LA))។ 
- 
                    ហាមប្រើករណីព្យាបាលជំងឺភ្នាសក្នុងស្បូន (Endometriosis) ・អ្នកដែលមានរោគសញ្ញាហូរឈាមខុសប្រក្រតីពីប្រដាប់ភេទដោយមិនទាន់ដឹងពីមូលហេតុច្បាស់លាស់។ ・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ។ ・ស្ត្រីបំបៅដោះកូន។ ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ ឬ ឱសថប្រភេទភ្ញោចLH-RH។ ករណីព្យាបាលជំងឺមហារីកក្រពេញប្រូស្តាត និង ជំងឺមហារីកសុដន់មុនអស់រដូវ ・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ។ ・ស្ត្រីបំបៅដោះកូន។ ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ ឬ ឱសថប្រភេទភ្ញោចLH-RH។ 
- 
                    ផលរំខាន・ករណីប្រើចំពោះជំងឺភ្នាសក្នុងស្បូន (Endometriosis): ផលរំខានរួមមាន អារម្មណ៍ក្ដៅច្រាលឡើង ចុកស្មា ឈឺក្បាល ហូរឈាមពីប្រដាប់ភេទ។ល។ ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។ - ពិបាកដកដង្ហើម កន្ទាលត្រអាក បែកញើស (រោគប្រតិកម្មអាណាហ្វីឡាក់ស៊ីស(Anaphylaxis)) - មិនឃ្លានអាហារ អស់កម្លាំងពេញខ្លួន ភ្នែកនិងស្បែកប្រែពណ៌លឿង (ប៉ះពាល់មុខងារថ្លើម ខាន់លឿង) - អាការៈថប់ផ្នែកខាងមុខនៃទ្រូងខ្លាំងនិងភ្លាមៗ អាការៈស្ពឹកដៃជើងនិងមុខមួយចំហៀង ពិបាកដកដង្ហើម (ជំងឺស្ទះដោយសារកំណកឈាម(Thromboembolism))។ ・ករណីប្រើចំពោះជំងឺមហារីកក្រពេញប្រូស្តាត និង ជំងឺមហារីកសុដន់មុនអស់រដូវ: ផលរំខានរួមមាន សម្ពាធឈាមប្រែប្រួល កន្ទួលក្រហមឬរមាស់ស្បែក ហើមនិងឈឺដោះ ចំណង់ផ្លូវភេទថយចុះ អសមត្ថភាពផ្លូវភេទ រោគសញ្ញាខ្វះឈាម ហើម បែកញើស អារម្មណ៍ក្ដៅច្រាលក្នុងខ្លួន មិនឃ្លានអាហារ កើនទម្ងន់ អស់កម្លាំង។ល។ ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។ - រោគសញ្ញាផ្សេងៗនៃជំងឺមហារីកក្រពេញប្រូស្តាតកាន់តែមិនល្អ ដូចជា ឈឺឆ្អឹង ស្ទះផ្លូវនោម ពិបាកនោម មានការសង្កត់ទៅលើឆ្អឹងកងជាដើម - ពិបាកដកដង្ហើម កន្ទាលត្រអាក បែកញើស (រោគប្រតិកម្មអាណាហ្វីឡាក់ស៊ីស(Anaphylaxis)) - ក្ដៅខ្លួន ក្អកស្ងួត ពិបាកដកដង្ហើម (ជំងឺរលាកសួតប្រភេទ Interstitial pneumonia) - មិនឃ្លានអាហារ អស់កម្លាំងពេញខ្លួន ភ្នែកនិងស្បែកប្រែពណ៌លឿង (ប៉ះពាល់មុខងារថ្លើម ខាន់លឿង) - ស្រេកទឹកខ្លាំង នោមញឹក ឃ្លានខ្លាំង (ជំងឺទឹកនោមផ្អែម) - រោគសញ្ញានៃមុខងារបេះដូងចុះខ្សោយ - អាការៈថប់ផ្នែកខាងមុខនៃទ្រូងខ្លាំងនិងភ្លាមៗ អាការៈស្ពឹកដៃជើងនិងមុខមួយចំហៀង ពិបាកដកដង្ហើម (ជំងឺស្ទះដោយសារកំណកឈាម(Thromboembolism)) - រោគសញ្ញានៃកម្រិតកាល់ស្យូមក្នុងឈាមកើនឡើងខ្ពស់។ 
- 
                    ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន・ស្ត្រីមានផ្ទៃពោះនិងស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ មិនត្រូវប្រើប្រាស់ឱសថនេះទេ។ មុននឹងចាប់ផ្ដើមប្រើឱសថនេះ ស្ត្រីគួរទទួលការពិនិត្យដើម្បីបញ្ជាក់ថាមិនកំពុងមានផ្ទៃពោះនោះទេ។ ម្យ៉ាងទៀត ក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ ស្ត្រីត្រូវធ្វើការពន្យារកំណើតតាមវិធីក្រៅអំពីការប្រើឱសថប្រភេទអរម៉ូន។ ・ស្ត្រីបំបៅដោះកូន មិនត្រូវប្រើប្រាស់ឱសថនេះទេ។ 
- 
                    ការប្រុងប្រយ័ត្នជាពិសេស・ករណីប្រើឱសថនេះនៅក្នុងការព្យាបាលជំងឺភ្នាសក្នុងស្បូន ត្រូវបញ្ជាក់ថាស្ត្រីមិនកំពុងមានផ្ទៃពោះទេមុននឹងប្រើឱសថនេះ ហើយត្រូវចាប់ផ្ដើមប្រើនៅក្នុងអំឡុងពេលនៃការមករដូវ។ ម្យ៉ាងទៀត ក្នុងអំឡុងពេលប្រើឱសថនេះ ត្រូវអនុវត្តវិធីពន្យារកំណើតក្រៅពីការប្រើឱសថប្រភេទអរម៉ូន។ ・ការប្រើឱសថនេះរយៈពេល6ខែអាចធ្វើអោយសារធាតុអំបិលនៅក្នុងឆ្អឹងថយចុះ ដូច្នេះ វេជ្ជបណ្ឌិតត្រូវពិចារណាអោយបានម៉ត់ចត់មុននឹងសម្រេចចិត្តអោយអ្នកជំងឺប្រើឱសថនេះរយៈពេលវែងលើសពី6ខែ។ ម្យ៉ាងទៀត អ្នកជំងឺគួរអនុវត្តការហាត់ប្រាណនិងបរិភោគអាហារដែលសម្បូរជាតិកាល់ស្យូម ដើម្បីបង្ការការថយចុះនៃសារធាតុនៅក្នុងឆ្អឹង។ ・គេអាចប្រើឱសថស្ពឹកនៅកន្លែងត្រូវចាក់ដើម្បីកាត់បន្ថយការឈឺចាប់នៅពេលចាក់ថ្នាំ។ 
- 
                    សកម្មភាពឱសថឱសថនេះមានសកម្មភាពភ្ញោចគ្រឿងទទួលLH-RH (LH-RH receptors)ដែលស្ថិតនៅក្រពេញPituitary។ នៅពេលប្រើដំបូង ឱសថនេះនឹងភ្ញោចគ្រឿងទទួលធ្វើអោយការបញ្ចេញអរម៉ូនGonadotropinមានការកើនឡើង ប៉ុន្តែ នៅពេលដែលការភ្ញោចនេះបន្តកើតឡើង គ្រឿងទទួលទាំងនោះនឹងថយចុះចំនួន(Down regulation) ហើយការបញ្ចេញអរម៉ូនGonadotropinក៏មានការធ្លាក់ចុះទៅវិញ។ ម្យ៉ាងទៀត ក៏មានការរកឃើញថាឱសថនេះក៏មានសកម្មភាពទប់ស្កាត់ការផលិតអរម៉ូនអេស្ត្រូជេន(Astrogen)ដោយផ្ទាល់ផងដែរ។ 
 
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp
