Flurbiprofen

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ផលរំខាន
    • អន្តរប្រតិកម្ម
    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
    • ការប្រុងប្រយ័ត្នជាពិសេស
    • សកម្មភាពឱសថ
    • ប្រសិទ្ធិភាពព្យាបាល

      ករណីថ្នាំលេប:

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម ៖

      ・បំបាត់អាការៈរលាកនិងឈឺចាប់នៅក្នុងជំងឺដូចជា: ជំងឺរូម៉ាទីសនៅសន្លាក់(Rheumatoid arthritis) អាការៈឈឺសន្លាក់ឬរលាកសន្លាក់ ជំងឺឈឺចង្កេះ ជំងឺរលាកផ្នែកDental pulpនៃធ្មេញ(Pulpitis) ជំងឺរលាកភ្នាសនៃគល់ធ្មេញ(Periodontitis)។

      - បំបាត់អាការៈរលាកនិងឈឺចាប់នៅក្រោយពេលដកធ្មេញឬការវះកាត់ខ្នាតតូចទាក់ទងនឹងធ្មេញ។

      ករណីថ្នាំបិទ:

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការបំបាត់អាការៈរលាកនិងឈឺចាប់ នៅក្នុងជំងឺដូចជា:ជំងឺឈឺសន្លាក់ដោយសារទ្រង់ទ្រាយសន្លាក់ប្រែប្រួល(Osteoarthritis) ជំងឺរលាកសរសៃសាច់ដុំឬសរសៃកែងឬជុំវិញនោះ ជំងឺរលាកឆ្អឹងដើមដៃ(Humeral epicondylitis ដូចជាជំងឺTennis Elbowជាដើម) អាការៈឈឺសាច់ដុំ អាការៈឈឺចាប់និងហើមដោយសាររបួស។

    • កម្រិតប្រើប្រាស់

      ករណីថ្នាំលេប:

      មនុស្សពេញវ័យ:លេប1ដង 40mg (ថ្នាំម្សៅ8%ត្រូវនឹង0.5g), 1ថ្ងៃ3ដង ក្រោយបរិភោគអាហារ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។ ករណីប្រើពេលមានអាការៈ លេប1ដង40~80mg(ថ្នាំម្សៅ8%ត្រូវនឹង0.5~1g)។

      ករណីថ្នាំបិទ:

      ប្រើ1ថ្ងៃ2ដង បិទនៅលើកន្លែងដែលមានបញ្ហា។

    • ហាមប្រើ

      ករណីថ្នាំលេប:

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។

      ・អ្នកដែលមានជំងឺដំបៅក្រពះឬពោះវៀន។

      ・អ្នកដែលមានជំងឺទាក់ទងនឹងឈាមធ្ងន់ធ្ងរ។

      ・អ្នកដែលមានជំងឺថ្លើមធ្ងន់ធ្ងរ។

      ・អ្នកដែលមានជំងឺតម្រងនោមធ្ងន់ធ្ងរ។

      ・អ្នកដែលមានមុខងារបេះដូងចុះខ្សោយធ្ងន់ធ្ងរ។

      ・អ្នកដែលមានជំងឺលើសសម្ពាធឈាមធ្ងន់ធ្ងរ។

      ・អ្នកដែលធ្លាប់កើតមានអាការៈហឺតដោយសារឱសថបំបាត់ការឈឺចាប់និងបញ្ចុះកម្ដៅប្រភេទNSAIDs (Aspirin-induced asthma)។

      ・ស្ត្រីមានផ្ទៃពោះដែលស្ថិតក្នុងរយៈពេលចុងក្រោយនៃការមានផ្ទៃពោះ។

      ・អ្នកដែលកំពុងប្រើប្រាស់ឱសថEnoxacin, Lomefloxacin, Norfloxacin, Prulifloxacin។

      ករណីថ្នាំបិទ:

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។

      ・អ្នកដែលធ្លាប់កើតមានអាការៈហឺតដោយសារឱសថបំបាត់ការឈឺចាប់និងបញ្ចុះកម្ដៅប្រភេទNSAIDs (Aspirin-induced asthma)។

    • ផលរំខាន

      ករណីថ្នាំលេប:

      ផលរំខានរួមមាន អារម្មណ៍មិនស្រួលក្នុងក្រពះ បាត់បង់ចំណង់អាហារ ចង់ក្អួត ឡើងកន្ទួលក្រហម រមាស់ ឈឺក្បាល ហើម។ល។

      ប្រសិនបមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។

      - បែកញើសទាំងត្រជាក់ ពិបាកដកដង្ហើម កន្ទាលត្រអាក (រោគប្រតិកម្មធ្ងន់ធ្ងរ)

      - បរិមាណទឹកនោមថយចុះ ហើម (មុខងារតម្រងនោមចុះខ្សោយ ជំងឺតម្រងនោមNephrotic syndrome)

      - ឈឺពោះ ក្អួតឈាម លាមកមានឈាម (ហូរឈាមក្នុងក្រពះឬពោះវៀន)។

      - ក្ដៅខ្លួនខ្លាំង ភ្នែកក្រហម ស្នាមក្រហមនិងពងទឹកលើស្បែក (ជំងឺនៃបណ្តុំរោគសញ្ញាលើស្បែកភ្នាសនិងភ្នែក(Muco-cutaneo-ocular syndromeឬStevens-Johnson syndrome) ជំងឺស្លាប់កោសិកាស្បែក(TEN))

      - ពិបាកដកដង្ហើម ដកដង្ហើមលឺៗ (អាការៈហឺត)។

      ករណីថ្នាំបិទ:

      ផលរំខានរួមមាន រមាស់ ឡើងកន្ទួលក្រហម។ល។

      ប្រសិនបមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។

      - កន្ទាលត្រអាក ពិបាកដកដង្ហើម បែកញើសទាំងត្រជាក់ (រោគប្រតិកម្មធ្ងន់ធ្ងរ)

      - ពិបាកដកដង្ហើម ដកដង្ហើមលឺសម្លេងខ្លាំងៗ (អាការៈហឺត)។

    • អន្តរប្រតិកម្ម

      ករណីថ្នាំលេប:

      ・ឱសថEnoxacin, Lomefloxacin, Norfloxacin, Prulifloxacin - អាចធ្វើអោយកើតមានអាការៈសាច់ដុំកន្ត្រាក់ឬប្រកាច់។ ដូច្នេះ ហាមប្រើរួមគ្នា។

      ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។

      ・ឱសថប្រឆាំងបាក់តេរីប្រភេទNew quinolone (Ofloxacinជាដើម) - អាចធ្វើអោយកើតមានអាការៈសាច់ដុំកន្ត្រាក់ឬប្រកាច់។

      ・ឱសថប្រឆាំងកំណកឈាមWarfarin - អាចធ្វើអោយហានិភ័យនៃការហូរឈាមកើនឡើង។

      ・ឱសថMethotrexate - អាចធ្វើអោយសកម្មភាពនៃMethotrexaកើនឡើង។

      ・ឱសថLithium carbonate - អាចធ្វើអោយកំហាប់ក្នុងឈាមនៃLithiumកើនឡើង។

      ・ឱសថបញ្ចុះទឹកនោម(Hydrochlorothiazide, Furosemideជាដើម) - អាចធ្វើអោយសកម្មភាពនៃឱសថទាំងនេះថយចុះ។

      ・ឱសថស្តេរ៉ូអ៊ីត(Methylprednisoloneជាដើម) - អាចធ្វើអោយផលប៉ះពាល់ដល់ក្រពះឬពោះវៀនកើនឡើង ដូចជា ដំបៅឬការហូរឈាម។

      ・ឱសថដែលទប់ស្កាត់សកម្មភាពអង់ស៊ីមCYP2C9 (Voriconazole, Fluconazoleជាដើម) - អាចធ្វើអោយកំហាប់ក្នុងឈាមនៃFlurbiprofenកើនឡើង។

    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន

      ករណីថ្នាំលេប:

      ・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ គួរប្រើឱសថនេះក្នុងករណីចាំបាច់តែប៉ុណ្ណោះ។ ជាពិសេស ស្ត្រីមានផ្ទៃពោះដែលស្ថិតក្នុងរយៈពេលចុងក្រោយនៃការមានផ្ទៃពោះ មិនត្រូវប្រើប្រាស់ឱសថនេះទេ ព្រោះអាចប៉ះពាល់ដល់ទារកក្នុងផ្ទៃ។

      ・ស្ត្រីបំបៅដោះកូន មិនគួរប្រើប្រាស់ឱសថនេះទេ ព្រោះសារធាតុឱសថអាចជ្រៀតចូលក្នុងទឹកដោះម្តាយ។ ប្រសិនបើចាំបាច់ត្រូវប្រើឱសថនេះ ស្ត្រីគួរផ្អាកការបំបៅបណ្តោះអាសន្នក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។

      ករណីថ្នាំបិទ:

      ・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ គួរប្រើឱសថនេះក្នុងករណីចាំបាច់តែប៉ុណ្ណោះ។ ជាពិសេស ស្ត្រីមានផ្ទៃពោះដែលស្ថិតក្នុងរយៈពេលចុងក្រោយនៃការមានផ្ទៃពោះ មិនគួរប្រើប្រាស់ឱសថនេះទេ ព្រោះអាចប៉ះពាល់ដល់ទារកក្នុងផ្ទៃ។

    • ការប្រុងប្រយ័ត្នជាពិសេស

      ករណីថ្នាំលេប:

      ・គួរចៀសវាងប្រើឱសថនេះទាំងពោះទទេ ហើយគួរពិសាទឹកអោយបានច្រើន ព្រោះឱសថនេះអាចជាប់នៅបំពង់អាហារធ្វើអោយកើតជាដំបៅនៅបំពង់អាហារ។ ជាពិសេស គួរចៀសវាងពិសាឱសថនេះនៅមុនពេលចូលគេង។

      ករណីថ្នាំបិទ:

      ・គួរចៀសវាងប្រើឱសថនេះនៅលើមុខរបួសឬស្បែកដែលមានឡើងកន្ទួលក្រហម។ល។

    • សកម្មភាពឱសថ

      ឱសថនេះមានប្រសិទ្ធិភាពទប់ស្កាត់សកម្មភាពនៃអង់ស៊ីមCyclooxygenase(COX)ដើម្បីបង្អាក់ដំណើរការសំយោគសារធាតុProstaglandinដែលជាសារធាតុបង្កអោយមានអាការៈរលាក ឈឺចាប់ ឬ ក្ដៅខ្លួន។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp