D-chlorpheniramine maleate + Betamethasone
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
ប្រភេទឱសថ
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- អន្តរប្រតិកម្ម
- ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
- ការប្រុងប្រយ័ត្នជាពិសេស
- សកម្មភាពឱសថ
-
ប្រសិទ្ធិភាពព្យាបាល
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម ៖
- កន្ទាលត្រអាក(លើកលែងករណីរ៉ាំរ៉ៃ)
- ជំងឺស្បែកដែលមានឡើងកន្ទួលរមាស់ឬរលាក
- អាការៈឡើងកន្ទួលក្រហមលើស្បែកដោយសារប្រតិកម្មទៅនឹងសារធាតុថ្នាំ
- ជំងឺរលាកច្រមុះលក្ខណៈប្រតិកម្ម។
-
កម្រិតប្រើប្រាស់
ករណីថ្នាំលេប ទម្រង់ជាថ្នាំគ្រាប់:
ក្នុងឱសថនេះ1គ្រាប់ រួមមានBetamethasone 0.25mgនិងD-chlorpheniramine maleate 2mg។
មនុស្សពេញវ័យ:លេប1ដង 1~2គ្រាប់ 1ថ្ងៃ1~4ដង។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។ ប៉ុន្តែ មិនត្រូវប្រើឱសថរយៈពេលវែងលក្ខណៈរ៉ាំរ៉ៃនោះទេ។
ករណីថ្នាំលេប ទម្រង់ជាថ្នាំទឹក:
ក្នុងឱសថនេះ1mL រួមមានBetamethasone 0.05mgនិងD-chlorpheniramine maleate 0.4mg។
- មនុស្សពេញវ័យ:ពិសា1ដង 5~10mL 1ថ្ងៃ1~4ដង។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។ ប៉ុន្តែ មិនត្រូវប្រើឱសថរយៈពេលវែងលក្ខណៈរ៉ាំរ៉ៃនោះទេ។
- កុមារ:ពិសា1ដង 5mL 1ថ្ងៃ1~4ដង។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។ ប៉ុន្តែ មិនត្រូវប្រើឱសថរយៈពេលវែងលក្ខណៈរ៉ាំរ៉ៃនោះទេ។
-
ហាមប្រើ
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។
・អ្នកដែលមានជំងឺក្លូកូម(Glaucoma)។
・អ្នកដែលមានជំងឺស្ទះនៅផ្លូវតម្រងនោមផ្នែកខាងក្រោម ដូចជា ជំងឺរីកក្រពេញប្រូស្តាត។ល។
ជាគោលការណ៍ អ្នកជំងឺដូចខាងក្រោមមិនត្រូវប្រើប្រាស់ឱសថនេះទេ។ ករណីចាំបាច់ត្រូវប្រើ ត្រូវតាមដានស្ថានភាពជំងឺនិងផលរំខានឱសថអោយបានដិតដល់ ៖
1. អ្នកដែលកំពុងមានជំងឺឆ្លងដែលមិនទាន់រកឃើញវិធីព្យាបាលដែលមានប្រសិទ្ធិភាពនៅឡើយ ឬ អ្នកដែលកំពុងមានជំងឺផ្សិតពេញរាងកាយ។
2. អ្នកដែលមានជំងឺដំបៅក្រពះឬពោះវៀន។
3. អ្នកដែលមានជំងឺផ្នែកស្មារតី។
4. អ្នកដែលមានជំងឺរបេង។
5. អ្នកដែលមានជំងឺរលាកកញ្ចក់ភ្នែកដោយសារវីរុសHerpes simplex virus។
6. អ្នកដែលមានជំងឺភ្នែកឡើងបាយប្រភេទPosterior capsular cataract។
7. អ្នកដែលមានជំងឺលើសសម្ពាធឈាម។
8. អ្នកដែលមានកម្រិតអេឡិចត្រូឡាយ(Electrolyte)ក្នុងខ្លួនខុសប្រក្រតី។
9. អ្នកដែលមានជំងឺកំណកឈាម។
10. អ្នកដែលទើបទទួលការវះកាត់សរីរាង្គខាងក្នុងរាងកាយ។
11. អ្នកដែលកើតមានជំងឺស្ទះសរសៃឈាមក្នុងបេះដូងស្រួចស្រាវ។
-
ផលរំខាន
ផលរំខានរួមមាន ឡើងកន្ទួលក្រហម ងាយប្រតិកម្មទៅនឹងពន្លឺព្រះអាទិត្យ ទល់លាមក ក្រហាយទ្រូង ស្ងួតក សម្ពាធឈាមធ្លាក់ចុះ ជីពចរដើរញាប់ វិលមុខ ឈឺសាច់ដុំឬសន្លាក់ ហើម បញ្ហាមករដូវ ហើមពោះ ភ្នែកមើលមិនសូវច្បាស់ ភ្នែកលៀន ជ្រុះរោមឬដុះរោមច្រើន ស្នាមជាំលើស្បែក របួសក្រជា មុខមូល តឹងច្រមុះ នោមមិនសូវចេញ។ល។
ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។
- ក្ដៅខ្លួន អាការៈស្រដៀងផ្ដាសាយ អស់កម្លាំង (ជំងឺឆ្លងបណ្ដាលមកពីវីរុស បាក់តេរី មេរោគផ្សិត។ល។)
- ស្ងួតក ផឹកទឹកច្រើន នោមច្រើន (ជំងឺទឹកនោមផ្អែម)
- ចង់ក្អួត លាមកមានពណ៌ខ្មៅ ឈឺពោះ (ដំបៅក្រពះឬពោះវៀន ធ្លាយក្រពះឬពោះវៀន)
- ឈឺផ្នែកខាងលើនៃពោះ ឈឺផ្នែកចង្កេះនិងខ្នង ក្ដៅខ្លួន (រលាកលំពែង)
- អារម្មណ៍ធ្លាក់ទឹកចិត្ត ស្មារតីមិននឹងនរ (ជំងឺផ្នែកស្មារតី)
- ឈឺនៅផ្នែកចង្កេះនិងខ្នង ឈឺសន្លាក់នៅគល់ភ្លៅ សាច់ដុំរឹងនិងស្ពឹក (ជំងឺពុកឆ្អឹង ជំងឺខូចក្បាលឆ្អឹងនៃឆ្អឹងដើមដៃនិងឆ្អឹងភ្លៅ ជំងឺទាក់ទងនឹងសាច់ដុំជាដើម)
- ស្រវាំងភ្នែក ទំហំនៃគំហើញរួមតូច ឈឺភ្នែក ចាំងភ្នែក(ជំងឺក្លូកូម(Glaucoma) ជំងឺភ្នែកឡើងបាយប្រភេទPosterior capsular cataract ជាដើម)
- ហើមនិងឈឺជើង ដង្ហក់ ឈឺទ្រូងនិងក្បាល (ជំងឺកំណកឈាម(Thrombosis))
- ឈឺបំពង់ក អាការៈខ្វះឈាម ងាយហូរឈាមតាមច្រមុះឬតាមអញ្ចាញធ្មេញ ក្ដៅខ្លួនខ្លាំង រងាញាក់ (ជំងឺខ្វះឈាមប្រភេទAplastic anemia ជំងឺAgranulocytosis)
- ក្មេងមិនលូតលាស់។
-
អន្តរប្រតិកម្ម
ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។
・ឱសថដែលទប់ស្កាត់សកម្មភាពប្រព័ន្ធសរសៃប្រសាទក្នុងខួរក្បាល, គ្រឿងស្រវឹង, ឱសថប្រភេទMAO inhibitors, ឱសថដែលមានសកម្មភាពប្រឆាំងនឹងសារធាតុCholine(Anticholinergic effect) - អាចធ្វើអោយសកម្មភាពនៃឱសថទាំងសងខាងកើនឡើង។
・ឱសថDroxidopa, Noradrenaline - អាចធ្វើអោយសម្ពាធឈាមកើនឡើងខ្លាំង។
・ឱសថPhenobarbital, Phenytoin, Rifampicin, Ephedrine - អាចធ្វើអោយប្រសិទ្ធិភាពនៃBetamethasoneថយចុះ។
・ឱសថប្រភេទSalicylic acid (Aspirin, Aspirin dialuminate, Sasapyrineជាដើម) - អាចធ្វើអោយផលរំខាននៃឱសថទាំងនេះកើតឡើង។
・ឱសថប្រឆាំងកំណកឈាមWarfarin - អាចធ្វើអោយប្រសិទ្ធិភាពប្រឆាំងកំណកឈាមនៃWarfarinថយចុះ។
・ឱសថបញ្ចុះជាតិស្ករក្នុងឈាម(Buformin, Chlorpropamide, Acetohexamideជាដើម) ថ្នាំចាក់អាំងស៊ុយលីន - អាចធ្វើអោយប្រសិទ្ធិភាពបញ្ចុះជាតិស្ករក្នុងឈាមថយចុះ។
・ឱសថបញ្ចុះទឹកនោម(លើកលែងប្រភេទរក្សាកម្រិតប៉ូតាស្យូម)(Trichlormethiazide, Hydrochlorothiazide, Furosemide, Acetazolamideជាដើម) - អាចធ្វើអោយកម្រិតប៉ូតាស្យូមក្នុងឈាមធ្លាក់ចុះ។
・ឱសថSomatropin - អាចធ្វើអោយប្រសិទ្ធិភាពនៃSomatropinថយចុះ
・ឱសថCiclosporin - អាចធ្វើអោយកំហាប់ក្នុងឈាមនៃCiclosporinកើនឡើង។
・ឱសថVecuronium bromide, Pancuronium bromide - អាចធ្វើអោយប្រសិទ្ធិភាពនៃឱសថទាំងនេះប្រែប្រួល។
・ឱសថRitodrine hydrochloride - អាចធ្វើអោយកើតមានជំងឺទឹកដក់ក្នុងសួត។
-
ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ គួរប្រើឱសថនេះក្នុងករណីចាំបាច់តែប៉ុណ្ណោះ។
・ស្ត្រីបំបៅដោះកូន មិនគួរប្រើប្រាស់ឱសថនេះទេ ព្រោះសារធាតុឱសថអាចជ្រៀតចូលក្នុងទឹកដោះម្តាយ។ ប្រសិនបើចាំបាច់ត្រូវប្រើឱសថនេះ ស្ត្រីគួរផ្អាកការបំបៅបណ្តោះអាសន្នក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។
-
ការប្រុងប្រយ័ត្នជាពិសេស
・នៅក្នុងការប្រើឱសថនេះ ត្រូវប្រុងប្រយ័ត្នជាពិសេសចំពោះការកើតឡើងនៃជំងឺអុតស្វាយឬកញ្ច្រិល ព្រោះវាអាចបណ្ដាលអោយមានគ្រោះថ្នាក់ដល់ជីវិតរបស់អ្នកជំងឺ។
・ឱសថនេះអាចផ្ដល់ផលរំខានដូចជា ងងុយគេង ឬ វិលមុខ ដូច្នេះ ក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ អ្នកជំងឺគួរចៀសវាងការបើកបរឬការបញ្ជាម៉ាស៊ីនដែលមានគ្រោះថ្នាក់។ ម្យ៉ាងទៀត គ្រឿងស្រវឹងអាចមានឥទ្ធិពលទៅលើប្រសិទ្ធិភាពនៃឱសថនេះនិងធ្វើអោយមានផលរំខានផ្សេងៗកើតឡើង ដូច្នេះ គួរចៀសវាងពិសាគ្រឿងស្រវឹង ក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។
-
សកម្មភាពឱសថ
ឱសថនេះផ្សំឡើងពីសារធាតុសកម្មចំនួន2ប្រភេទ។
- Betamethasone:មានសកម្មភាពដូចទៅនឹងអរម៉ូនAdrenocortical hormonesនៅក្នុងរាងកាយ ដោយមានប្រសិទ្ធិភាពទប់ស្កាត់អាការៈរលាក អាការៈប្រតិកម្ម។ល។
- d-Chlorpheniramine maleate:មានប្រសិទ្ធិភាពបង្អាក់សកម្មភាពនៃសារធាតុហ៊ីស្តាមីន(Histamine) ដែលជាសារធាតុបង្កអោយមានអាការៈប្រតិកម្ម(Allergic reaction)នៅក្នុងរាងកាយ។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp