Cefpirome sulfate

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ផលរំខាន
    • អន្តរប្រតិកម្ម
    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
    • ការប្រុងប្រយ័ត្នជាពិសេស
    • សកម្មភាពឱសថ
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺបណ្តាលមកពីបាក់តេរី ដូចជា អាការៈប្រតិកម្មធ្ងន់ធ្ងរប្រឆាំងនឹងការឆ្លងមេរោគចូលក្នុងឈាម(Sepsis) ជំងឺរលាកភ្នាសខាងក្នុងនៃបេះដូងដោយសារមេរោគ(Infective endocarditis) ជំងឺឆ្លងនៅស្រទាប់ជ្រៅនៃស្បែក ជំងឺរលាកកូនកណ្ដុរនិងសរសៃទឹករងៃ ជំងឺឆ្លងមេរោគបណ្ដាលមកពីរបួសក្រៅឬការរលាកភ្លើងឬការវះកាត់ ជំងឺខ្ទុះនៅទ្វារធំ ជំងឺរលាកបំពង់កនិងបំពង់សម្លេង ជំងឺរលាកក្រពេញអាមីដាល់(រួមទាំង រលាកផ្នែកជុំវិញក្រពេញអាមីដាល់និងជំងឺខ្ទុះជុំវិញក្រពេញអាមីដាល់) ជំងឺរលាកទងសួតស្រួចស្រាវ ជំងឺរលាកសួត ជំងឺខ្ទុះក្នុងសួត(Lung abscess) ជំងឺខ្ទុះក្នុងទ្រូង ជំងឺឆ្លងមេរោគដោយសារជំងឺផ្លូវដង្ហើមរ៉ាំរ៉ៃ ជំងឺរលាកប្លោកនោម ជំងឺរលាកតម្រងនោមប្រភេទPyelonephritis ជំងឺរលាកក្រពេញប្រូស្តាតស្រួចស្រាវឬរ៉ាំរ៉ៃ ជំងឺរលាកស្រោមពោះ ជំងឺខ្ទុះក្នុងប្រហោងពោះ ជំងឺរលាកថង់ទឹកប្រមាត់ ជំងឺរលាកបំពង់ទឹកប្រមាត់ ជំងឺរលាកក្រពេញបាល់តូលីន(Bartholinitis) ជំងឺឆ្លងមេរោគក្នុងស្បូន ជំងឺរលាកដៃស្បូននិងក្រពេញអូវែរ(Adnexitis) ជំងឺរលាកជាលិកាជុំវិញស្បូន ជំងឺរលាកស្រោមខួរមានខ្ទុះ។

    • កម្រិតប្រើប្រាស់

      ថ្នាំចាក់:

      - មនុស្សពេញវ័យ:ប្រើ1ថ្ងៃ1~2g បែងចែកជា2ដងក្នុង1ថ្ងៃ ចាក់តាមសរសៃវ៉ែន។ ករណីរោគសញ្ញាធ្ងន់ធ្ងរឬពិបាកព្យាបាល អាចបង្កើនកម្រិតដល់1ថ្ងៃ4g បែងចែកជា2~4ដងក្នុង1ថ្ងៃ ចាក់តាមសរសៃវ៉ែន។

      - កុមារ:ប្រើ1ថ្ងៃ60~80mg/kg បែងចែកជា3~4ដងក្នុង1ថ្ងៃ ចាក់តាមសរសៃវ៉ែន។ ករណីរោគសញ្ញាធ្ងន់ធ្ងរឬពិបាកព្យាបាល អាចបង្កើនកម្រិតដល់1ថ្ងៃ160mg/kg បែងចែកជា3~4ដងក្នុង1ថ្ងៃ ចាក់តាមសរសៃវ៉ែន។ ចំពោះជំងឺរលាកស្រោមខួរមានខ្ទុះ អាចបង្កើនកម្រិតដល់1ថ្ងៃ 200mg/kg។

    • ហាមប្រើ

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។

      ជាគោលការណ៍ អ្នកជំងឺដូចខាងក្រោមនេះមិនគួរប្រើឱសថនេះទេ។ ប្រសិនបើចាំបាច់ត្រូវប្រើ ត្រូវតាមដានផលរំខានឱសថអោយបានដិតដល់។

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងឱសថប្រឆាំងបាក់តេរីប្រភេទសេហ្វេម (Cephem antibiotics)។

    • ផលរំខាន

      ផលរំខានរួមមាន រាករូស ឡើងកន្ទួលក្រហមឬស្នាមក្រហមលើស្បែក ក្តៅខ្លួន រមាស់ បាត់បង់វីតាមីនBនិងK ។ល។

      ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។

      - ពិបាកដកដង្ហើម ឡើងកន្តួលក្រហម ឈឺទ្រូង (រោគប្រតិកម្មធ្ងន់ធ្ងរ)

      - ហើម បរិមាណទឹកនោមថយចុះ ឈឺក្បាល (មុខងារតម្រងនោមថយចុះ)

      - ងាយមានស្នាមជាំ ងាយហូរឈាម ក្តៅខ្លួន រងាញាក់ (ជំងឺប្លាកែតថយចុះ ជំងឺគ្រាប់ឈាមសថយចុះ ជំងឺខ្វះឈាមប្រភេទHemolytic anemia)

      - ឈឺពោះ រាករូសច្រើនដង (រលាកពោះរៀនធំប្រភេទMembranous croup)

      - ស្បែកឡើងក្រហម ភ្នែកឬបបូរមាត់ហើមឬរលាត់ ភ្នែកក្រហម ក្តៅខ្លួន(ជំងឺនៃបណ្តុំរោគសញ្ញាលើស្បែកភ្នាសនិងភ្នែក(Muco-cutaneo-ocular syndrome) ជំងឺស្លាប់កោសិកាស្បែក(TEN)) ជាដើម)

      - ប្រកាច់

      - ស្បែកនិងភ្នែកឡើងពណ៌លឿង (ខាន់លឿង មុខងារថ្លើមចុះថយ)

    • អន្តរប្រតិកម្ម

      ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។

      ・ថ្នាំបញ្ចុះទឹកនោមFurosemide - ហានិភ័យនៃការកើតមានបញ្ហាតម្រងនោមកើនឡើង

    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន

      ・ស្ត្រីមានផ្ទៃពោះ គួរប្រើឱសថនេះក្នុងករណីចាំបាច់តែប៉ុណ្ណោះ។

      ・ស្ត្រីបំបៅដោះកូន មិនគួរប្រើប្រាស់ឱសថនេះទេ ព្រោះសារធាតុឱសថអាចជ្រៀតចូលក្នុងទឹកដោះម្តាយ។ ប្រសិនបើចាំបាច់ត្រូវប្រើឱសថនេះ ស្ត្រីគួរផ្អាកការបំបៅបណ្តោះអាសន្នក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។

    • ការប្រុងប្រយ័ត្នជាពិសេស

      ・ការលាយថ្នាំត្រូវប្រព្រឹត្តទៅតាមការណែនាំអោយបានត្រឹមត្រូវ។

    • សកម្មភាពឱសថ

      ជាឱសថប្រឆាំងបាក់តេរីប្រភេទសេហ្វេម(Cephem antibiotics) ដោយមានប្រសិទ្ធិភាពបង្អាក់សកម្មភាពបង្កើតភ្នាសកោសិការបស់បាក់តេរី ធ្វើអោយបាក់តេរីមិនអាចកើនចំនួនបាន។

      ម្យ៉ាងទៀត មានប្រសិទ្ធិភាពទប់ទល់នឹងសកម្មភាពរបស់អង់ស៊ីមβ-lactamase ធ្វើអោយប្រសិទ្ធិភាពរបស់ឱសថមានលំនឹង មិនងាយបាត់បង់ប្រសិទ្ធិភាព។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp